ក្រុមប្រឆាំង​វ៉ាក់សាំង មាន​ផែនការ​ធ្វើឃាត​មេដឹកនាំ​រដ្ឋ​របស់ អាល្លឺម៉ង់ នាំឱ្យ Telegram ប្រឈម​នឹង​បញ្ហា

សមត្ថកិច្ច​ចាប់​ខ្លួន​ជន​ដែល​ចូល​រួម​រៀប​ផែនការ​ធ្វើ​ឃាត​អភិបាល​រដ្ឋ​

សមាជិក​នៃ​ក្រុមប្រឆាំង​វ៉ាក់សាំង​ជ្រុលនិយម នៅក្នុង​រដ្ឋ Sachsen (Saxony) ត្រូវបាន​ចោទប្រកាន់​ពីបទ​មាន​ផែនការ​វាយប្រហារ​ដោយ​ស្នា និង​ការ​គំរាម​ធ្វើឃាត​លោក​អភិបាល Michael Kretschmer។

សមត្ថកិច្ច​រដ្ឋ Sachsen កាលពី​ថ្ងៃទី ១៥ ធ្នូ ឱ្យដឹងថា កងកម្លាំង​សន្តិសុខ ក្នុងនោះ​មាន​អង្គភាព​ពិសេស​ប្រឆាំង​អំពើ​ជ្រុលនិយម Soko Rex បាន​ឆ្មក់​ចូល​ទីតាំង​មួយ ដើម្បី​ជាការ​ប្រតិកម្ម​ទៅនឹង​ការ​គំរាម​ធ្វើឃាត​អភិបាលរដ្ឋ Michael Kretschmer ដែល​ផែនការ​នេះ​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅក្នុង​ខ្សែភាពយន្ត​ឯកសារ​មួយ​ដែល​បាន​ផ្សាយ​តាម​ទូរទស្សន៍​អាល្លឺម៉ង់ កាលពី​សប្ដាហ៍​មុន។

ផែនការ​ធ្វើឃាត​អភិបាលរដ្ឋ Sachsen លោក Kretschmer ត្រូវបាន​ក្រុម​អ្នកយកព័ត៌មាន​របស់ អាល្លឺម៉ង់ លាតត្រដាង បន្ទាប់ពី​ពួកគេ​បាន​ជ្រៀត​ចូលក្នុង​ក្រុម​អ្នកប្រឆាំង​វ៉ាក់សាំង មាន​សមាជិក​ប្រមាណ ១០០ នាក់ ដែល​ទាក់ទង​គ្នា​តាមរយៈ​កម្មវិធី​ផ្ញើ​សារ Telegram។

សមាជិក​ម្នាក់​របស់​ក្រុម​ខាងលើ​បាន​និយាយថា បាន​ត្រៀម​អាវុធ​រួចរាល់​សម្រាប់​ការវាយប្រហារ។ ពួកគេ​បាន​ពិភាក្សា​អំពី​ផែនការ​ធ្វើឃាត​លោក​អភិបាល រួម​នឹង​មន្ត្រី​មួយចំនួន​របស់​រដ្ឋ Sachsen។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​សមត្ថកិច្ច។

ទាក់ទង​នឹង​បញ្ហា កូ​វីដ-១៩ លោក Kretschmer ដំបូង​ឡើយ មានការ​ជំទាស់​ទៅនឹង​វិធានការ​រឹតបន្តឹង​នានា​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល។ ប៉ុន្តែ នៅពេល Sachsen ក្លាយជា​រដ្ឋ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​វីរុស​នេះ លោក Kretschmer ក៏បាន​ផ្លាស់ប្ដូរ​ជំហរ។

លោក Kretschmer ថ្លែងថា ក្រុមមន្ត្រី​កំពុងតែ​រត់ប្រណាំង​ជាមួយនឹង​ពេលវេលា នៅក្នុង​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាជន។

អភិបាលរដ្ឋ Sachsen លោក Kretschmer

នាយ​រដ្ឋមន្ត្រី នៃ​ ប្រទេស​អាល្លឺម៉ង់ លោក​ Olaf Scholz បាន​គាំទ្រ​សំណើ​ដែល​ទាក់ទិន​នឹង​ការតម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង​ចំពោះ​ពលរដ្ឋ​ពេញវ័យ​នៅ អាល្លឺម៉ង់ ចាប់ពី​ដើមឆ្នាំ ២០២១។

បាតុកម្ម​ជាច្រើន​ត្រូវបាន​បង្កើតឡើង​នៅ អាល្លឺម៉ង់ ដើម្បី​ប្រឆាំងនឹង​បម្រាម​គោចរ។ បាតុករ​ប្រមាណ ៣,៥០០ នាក់ បាន​ចូលរួម​ធ្វើបាតុកម្ម​នៅ​ទីក្រុង Magdeburg ភាគ​ខាងកើត​របស់ ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី ១៣ ធ្នូ។

យ៉ាងហោចណាស់ មាន​សំបុត្រ​គំរាម​ចំនួន ១០ ច្បាប់ ដែល​ខាងក្នុង​មាន​ផ្ទុក​សាច់​ស្រស់ ត្រូវបាន​ផ្ញើ​ទៅកាន់​អ្នកនយោបាយ អង្គភាព​សារព័ត៌មាន និង​ស្ថាប័ន​រដ្ឋាភិបាល​អាល្លឺម៉ង់។ សារព័ត៌មាន​ប្រទេស​នេះ​យល់ថា នេះ​គឺជា​ការ​គំរាម​អំពី «ការប្រឆាំង​ប្រកបដោយ​ការបង្ហូរ​ឈាម» តបត​នឹង​បទបញ្ជា​តម្រូវឱ្យ​ចាក់​វ៉ាក់សាំង។

នាយ​រដ្ឋមន្ត្រី Olaf Scholz បាន​ថ្កោលទោស​ចំពោះ​អំពើ​ទាំងឡាយ​របស់​ក្រុម​អ្នកប្រឆាំង​វ៉ាក់សាំង​ខាងលើ។

Telegram កំពុង​ត្រូវបាន​រិះគន់​នៅ ប្រទេស​អាល្លឺម៉ង់ និង​ត្រូវគេ​ចោទថា កំពុង​បិទបាំង​ទោសកំហុស​របស់​ក្រុម​អ្នក​ជ្រុលនិយម​ប្រឆាំង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១។

មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​រដ្ឋ Lower Saxony កាលពី​ថ្ងៃទី ១៤ ធ្នូ ឱ្យដឹងថា ផ្សារ​លក់​កម្មវិធី​រប​ស់ Google និង Apple គួរតែ​លុប Telegram ចេញពី​ថ្នាល​បច្ចេកវិទ្យា​របស់​ពួកគេ បើសិន​ម្ចាស់ Telegram បដិសេធ​ការដោះស្រាយ​ខ្លឹមសារ​ជ្រុលនិយម៕

Advertisement