Category: អន្តរជាតិ

  • វៀតណាម រកឃើញ​អ្នក​ឆ្លង វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង (Omicron) ករណី​ដំបូង

    វៀតណាម រកឃើញ​អ្នក​ឆ្លង វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង (Omicron) ករណី​ដំបូង

    ថ្ងៃទី ២៨ ធ្នូ នេះ អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​របស់ វៀតណាម បានឱ្យដឹងថា ប្រទេស​នេះ​បាន​រកឃើញ​ករណី​ឆ្លង អូ​មី​ក្រុង ដំបូង លើ​អ្នកដំណើរ​ម្នាក់​ដែល​បាន​ត្រលប់​ពី ប្រទេស​អង់គ្លេស កាលពី ៩ ថ្ងៃមុន។

    នេះ​គឺជា​ករណី​ឆ្លង កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ដំបូងបង្អស់​នៅ វៀតណាម ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅឯ​មន្ទីរពេទ្យ​យោធា 108 Military Central Hospital។

    បច្ចុប្បន្ន វៀតណាម កំពុង​បង្កើនល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ កូ​វីដ-១៩ ដូ​ស​ទី ២ និង​ដូ​ស​ជំរុញ (ដូ​ស​ទី ៣)។

    គិត​ត្រឹម​ថ្ងៃទី ២៧ ធ្នូ វៀតណាម មាន​អ្នក​វិជ្ជមាន​នឹង កូ​វីដ-១៩ សរុប​ចំនួន ១.៦ លាន​នាក់, ស្លាប់​សរុប​ជាង ៣ ម៉ឺន​នាក់ និង​ជាសះស្បើយ​ជាង ១.២ លាន​នាក់៕

  • ផ្កាយរណប​របស់​មហា​សេដ្ឋី​ Elon Musk ត្រូវគេ​សង្ស័យថា គំរាមកំហែង​ស្ថានីយ​អវកាស​របស់​ប្រទេស​ចិន

    ផ្កាយរណប​របស់​មហា​សេដ្ឋី​ Elon Musk ត្រូវគេ​សង្ស័យថា គំរាមកំហែង​ស្ថានីយ​អវកាស​របស់​ប្រទេស​ចិន

    ក្រុមមន្ត្រី​របស់​ប្រទេស​ចិន បាន​ចោទថា ផ្កាយរណប Starlink មួយចំនួន​របស់​ក្រុមហ៊ុន SpaceX ប៊ិះ​ប៉ះទង្គិច​ជាមួយនឹង​ស្ថានីយ​អវកាស Tiangong របស់ ប្រទេស​ចិន ចំនួន ២ លើក ក្នុងអំឡុង​ប៉ុន្មាន​ខែ​កន្លង។

    ក្រុមមន្ត្រី​ចិន កាលពីដើម​ខែធ្នូ ២០២១ បាន​បញ្ជូន​ឯកសារ​ទៅកាន់​ការិយាល័យ​គ្រប់គ្រង​សកម្មភាព​អវកាស​របស់​អង្គ​ការ​សហប្រជាជាតិ (UNOOSA)។ ឯកសារ​នេះ​ឱ្យដឹងថា ផ្កាយរណប​នៃ​សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត Starlink របស់​ក្រុមហ៊ុន​អាម៉េរិក SpaceX បាន​ហោះ​មក​ក្បែរ​ស្ថានីយ​អវកាស Tiangong កាលពី​ថ្ងៃទី ១ កក្កដា និង​ថ្ងៃទី ២១ តុលា ឆ្នាំ ២០២១។

    «ដើម្បី​សុវត្ថិភាព ស្ថានីយ​អវកាស​របស់​ប្រទេស​ចិន ត្រូវអនុវត្ត​វិធានការ​ចល័ត​ដើម្បី​បញ្ចៀស​ការប៉ះទង្គិច» ឯកសារ​ដែល​បានប្រកាស​នៅលើ​គេហទំព័រ UNOOSA នា​ថ្ងៃនេះ មាន​ឃ្លា​សរសេរ​ដូច្នេះ។

    ព័ត៌មាន​ខាងលើ មិនទាន់​ត្រូវបាន UNOOSA ឬ​ស្ថាប័ន​ឯករាជ្យ​ណាមួយ​ទទួលស្គាល់​នៅឡើយ។ ចំណែក​ក្រុមហ៊ុន SpaceX ដែល​គ្រប់គ្រង​ដោយ Elon Musk ក៏​មិនទាន់មាន​ប្រតិកម្ម​អ្វី​ដែរ ទាក់ទង​នឹង​បញ្ហា​នេះ។

    ប្រព័ន្ធ​ផ្កាយរណប Starlink របស់ SpaceX ជិត ១,៩០០០ គ្រឿង ត្រូវបាន​បាញ់​បង្ហោះ​ឡើងទៅ​កាន់​គន្លង​គោចរ​ដើម្បី​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​តដល់​អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក ពិសេស​គឺ​តំបន់​ដាច់ស្រយាល​ដែល​មិនអាច​ភ្ជាប់​អ៊ី​ន​ធើ​ណិ​ត​តាម​វិធី​ធម្មតា​បាន។

    ប្រទេស​ចិន ចាប់ផ្ដើម​សាងសង់​ស្ថានីយ​អវកាស Tiangong កាលពី​ខែមីនា ២០២១។ តាម​ផែនការ គម្រោង​នេះ​នឹងត្រូវ​ធ្វើ​រួចរាល់​នៅ​ចុងឆ្នាំ ២០២២៕

  • អ៊ីស្រាអែល ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ កូ​វីដ-១៩ ដូ​ស​ទី ៤ (ដូ​ស​ជំរុញ​ទី ២)

    អ៊ីស្រាអែល ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ កូ​វីដ-១៩ ដូ​ស​ទី ៤ (ដូ​ស​ជំរុញ​ទី ២)

    មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស អ៊ីស្រាអែល ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ កូ​វីដ-១៩ ដូ​ស​ទី ៤ ដល់​ក្រុមមនុស្ស​ដែល​ត្រូវ​ពិសោធន៍ រួមមាន បុគ្គលិក​សុខាភិបាល​ជាដើម នៅក្នុង​ស្ថានភាព​ដែល អូ​មី​ក្រុង នៅតែ​បន្ត​រាតត្បាត។

    មជ្ឈមណ្ឌល​សុខាភិបាល Sheba នៅក្បែរ​ទីក្រុង តែ​ល អា​វីវ របស់​ប្រទេស អ៊ីស្រាអែល កាលពី​ម្សិលមិញ បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី ៤ សម្រាប់​បុគ្គលិក​សុខាភិបាល និង​បាន​ហៅ​យុទ្ធនាការ​នេះ​ថា​ជាការ​ស្រាវជ្រាវ​ធំ​ដំបូង​ស្ដីពី​សមត្ថភាព​ទប់ទល់​នឹង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង នៅលើ​អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ទី ២ (ដូ​ស​ទី ៤)។

    «ការពិសោធ​នៅលើ​មនុស្ស​ចំនួន ១៥០ នាក់ នឹង​កំណត់​បាន​នូវ​ប្រសិទ្ធភាព​ក្នុងការ​បង្កើត​អង្គ​ប​ដិ​ប្រាណ​របស់ វ៉ាក់សាំង ក៏ដូចជា​កម្រិត​សុវត្ថិភាព ដើម្បី​វាយតម្លៃ​ឱ្យបាន​ច្បាស់​ថា ត្រូវ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី ៤ ដែរ ឬ​អត់។ លទ្ធផល​នៃ​ការពិសោធ​នឹងត្រូវ​បានដាក់​ជូន​ក្រសួងសុខាភិបាល នៅ​ប្រមាណ ២ សប្ដាហ៍​ខាងមុខ» អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​សុខាភិបាល Sheba បានឱ្យដឹង​ដូច្នេះ។

    ក្រុមមន្ត្រី​របស់ អ៊ីស្រាអែល ក៏បាន​ប្រកាស​កាត់បន្ថយ​ពេលវេលា​ចន្លោះ​ពី​ដូ​ស​ទី ២ ទៅ​ដូ​ស​ជំរុញ ពី ៥ ខែ មក​នៅត្រឹម ៣ ខែ ដើម្បី​ទប់ទល់​នឹង អូ​មី​ក្រុង។

    អ៊ីស្រាអែល គឺជា​ប្រទេស​នាំមុខគេ​មួយ ក្នុងចំណោម​ប្រទេស​ដែល​បានធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​មុនគេ។ ពលរដ្ឋ ៦៣% ក្នុងចំណោម ៩.៤ លាន​នាក់​របស់ អ៊ីស្រាអែល បានទទួល​ការចាក់​វ៉ាក់សាំង ២ ដូ​ស​រួចហើយ ខណៈដែល​ពលរដ្ឋ​ជិត ៤៥% ត្រូវបាន​ចាក់​ដូ​ស​ទី ។ ប្រទេស​នេះ បាន​រកឃើញ​ករណី​ឆ្លង ឬ​សង្ស័យថា​ឆ្លង អូ​មី​ក្រុង ជិត ២,០០០ នាក់ ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​សរុប​ដែល​បាន​កើនឡើង​ក្នុង​សប្ដាហ៍​កន្លង៕

  • ត្រូវ​ឪពុកម្ដាយ​បោះបង់ចោល​​ឱ្យ​នៅ​កណ្ដាលវាល ទារក​ទើប​កើត​ម្នា​ក់នៅ ឥណ្ឌា រស់រានមានជីវិត​ព្រោះ​ភាពកក់ក្ដៅ​​បាន​ពី​សុនក

    ត្រូវ​ឪពុកម្ដាយ​បោះបង់ចោល​​ឱ្យ​នៅ​កណ្ដាលវាល ទារក​ទើប​កើត​ម្នា​ក់នៅ ឥណ្ឌា រស់រានមានជីវិត​ព្រោះ​ភាពកក់ក្ដៅ​​បាន​ពី​សុនក

    ទារិកា​ទើប​កើត​ម្នា​ក់នៅ ប្រទេស​ឥណ្ឌា ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​នៅ​កណ្ដាល​វាលស្រែ ហើយ​នៅ​ជុំវិញ​មាន​សត្វ​សុនក ១ ក្រុម កំពុងផ្ដល់​ភាពកក់ក្ដៅ។

    សារព័ត៌មាន​របស់ ឥណ្ឌា សប្ដាហ៍​នេះ​បាន​រាយការណ៍​ថា ទារិកា​ទើប​កើត​ម្នាក់​ត្រូវបាន​អ្នកភូមិ Saristal ក្នុង​ខេត្ត Chhattisgarh រកឃើញ ដោយសារតែ​សំឡេង​យំ។ ទារិកា​នេះ​ត្រូវគេ​ទុកចោល​លើ​វាលស្រែ ក្នុង​សភាព​គ្មានអ្វី​ដណ្ដប់​កាយ ប៉ុន្តែ មិនមាន​របួសស្នាម និង​មាន​សុនក​តូច​ប៉ុន្មាន​ក្បាល​នៅ​ជុំវិញ។

    មេ​សុនក​ត្រូវគេ​ជឿថា ជា​អ្នក​ដែល​បានឃើញ​ទារិកា​នេះ​មុនគេ ហើយក៏​ដេក​នៅក្បែរនោះ នាំឱ្យ​កូន​សុនក​ធ្វើតាម។ អ្នកភូមិ​និយាយថា ទារិកា​នេះ​នៅមាន​ជីវិត​ក៏​ប្រហែលជា​ដោយសារ​ទទួលបាន​ភាព​កក់ក្ដៅ​ពី​សុនក នៅក្នុង​គ្រា​ដែល​សីតុណ្ហភាព​ក្នុង​តំបន់​នេះ ថយចុះ​ទាប​ខ្លាំង​នៅពេល​យប់។

    ទារិកា​ទើប​កើត​នេះ ត្រូវបាន​គេ​ដាក់ឈ្មោះ​ឱ្យ​ថា Akanksha។ អ្នកភូមិ និង​មន្ត្រី​មូលដ្ឋាន​បាន​រាយការណ៍​ដល់​ប៉ូលិស និង​ទាក់ទង​មន្ត្រី​សុខាភិបាល ដើម្បី​នាំ Akanksha ទៅកាន់​មន្ទីរពេទ្យ។

    អ្នកភូមិ​ម្នាក់​ឈ្មោះ Premnath ឱ្យដឹងថា ក្មេង​ទើប​កើត​ដែល​អាច​នៅមាន​ជីវិត​ឆ្លង​រាត្រី​បាន គឺជា «អព្ភូតហេតុ» ព្រោះថា ឆ្កែព្រៃ​ជាច្រើន​ក្បាល​អាចមាន​ភាព​សាហាវ និង​ស្រេកឃ្លាន។

    «ពួកគេ​មិនមែនជា​ឪពុកម្ដាយ​ទេ ពួកគេ​គឺជា​ជនល្មើស» Premnath ថ្កោលទោស​អ្នក​ដែល​បាន​បោះបង់ចោល​ទារិកា​ទើប​កើត​នេះ។

    ក្រុមមន្ត្រី​មាន​សមត្ថកិច្ច​ក្នុង​តំបន់ បានប្រកាសថា កំពុង​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រក​ឪពុកម្ដាយ​របស់​ទារិកា​រូបនេះ ដើម្បី​យកមក​ផ្ដន្ទាទោស​តាមច្បាប់៕

  • អ្នកជំនាញ​នៅ អាហ្វ្រិក​ខាងត្បូង ថ្លែង​ថា ករណី​ឆ្លង អូ​មី​ក្រុង ស្ទើរតែ​ទាំងអស់ អាច​ត្រូវបាន​ព្យាបាល​ដោយ​វិធីងាយៗ

    អ្នកជំនាញ​នៅ អាហ្វ្រិក​ខាងត្បូង ថ្លែង​ថា ករណី​ឆ្លង អូ​មី​ក្រុង ស្ទើរតែ​ទាំងអស់ អាច​ត្រូវបាន​ព្យាបាល​ដោយ​វិធីងាយៗ

    ប្រធាន​សមាគម​វេជ្ជសាស្ត្រ​អាហ្វ្រិក​ខាងត្បូង ឱ្យដឹងថា ស្ទើរតែ​ទាំង​អស់នៃ​ករណី​ឆ្លង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង នៅ​ប្រទេស​នេះ សុទ្ធតែ​បានជា​សះស្បើយ​បន្ទាប់ពី​ទទួល​ការព្យាបាល​តាម​វិធី​សាមញ្ញ។

    «ក្រោយពី​បានធ្វើ​រោគវិនិច្ឆ័យ​ភ្លាម យើង​ចាប់ផ្ដើម​ព្យាបាល​ដោយ​ប្រើ​ថ្នាំ cortisone និង​ថ្នាំ​ប្រភេទ ibuprofen កម្រិត​ស្រាល​ជាដើម ដើម្បី​ជួយ​កាត់បន្ថយ​ការឈឺចាប់​សាច់ដុំ និង​ឈឺក្បាល។ ទាំងអស់​គឺមាន​តែ​ប៉ុណ្ណឹង។ មិនចាំបាច់​ប្រើប្រាស់​អុកស៊ីសែន និង​ថ្នាំ​ប្រឆាំង​វីរុស» វេជ្ជបណ្ឌិត Angelique Coetzee ប្រធាន​សមាគម​វិ​ជ្ជ​សាស្ត្រ​អាហ្វ្រិក​ខាងត្បូង ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ២១ ធ្នូ ២០២១។

    ក្រោយ​ការតាមដាន​ករណី​ឆ្លង អូ​មី​ក្រុង នៅ អាហ្វ្រិក​ខាងត្បូង អស់​រយៈពេល ៥ សប្ដាហ៍ អ្នកស្រី Coetzee បង្ហើប​ឱ្យដឹងថា អ្នកជំងឺ​សុទ្ធ​តែមាន​រោគសញ្ញា​ឈឺ​សាច់ដុំ ឈឺក្បាល និង​អស់កម្លាំង។

    «ពួកគេ​អាចមាន ឬ​មិនមាន​រោគសញ្ញា​ក្អក។ បើសិនជា​ក្អក គឺ​ក្អក​ស្ងួត អម​ជាមួយនឹង​អាការ​ឈឺបំពង់ក» អ្នកស្រី Coetzee ថ្លែង​ដូច្នេះ និង​បន្ថែមថា «យោងតាម​ការស្រាវជ្រាវថ្មីៗនេះ អូ​មី​ក្រុង បង្ក​ផលប៉ះពាល់​ដល់​ផ្លូវដង្ហើម​ផ្នែក​ខាងលើ​ប៉ុណ្ណោះ ពោលគឺ​មិនមែន​បង្ក​គ្រោះថ្នាក់​ដល់​ផ្លូវដង្ហើម​ផ្នែក​ខាងក្រោម​ដូច ដេ​លតា»។

    ករណី​ឆ្លង​ថ្មី កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង នៅ អាហ្វ្រិក​ខាងត្បូង នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ បានចាប់ផ្ដើម​មាន​សញ្ញា​ថយចុះ។ ជាក់ស្ដែង ករណី​ឆ្លង​ប្រចាំថ្ងៃ កាលពី​ថ្ងៃទី ១៦ ធ្នូ បាន​ឡើងដល់​ជិត ២៧,០០០ នាក់ ចំណែក​ថ្ងៃទី ២១ ធ្នូ បាន​ថយ​មក​នៅត្រឹម ១៥,៤២៤ នាក់។ ប្រការនេះ​ធ្វើឱ្យ​សហគមន៍​អ្នក​វេជ្ជសាស្ត្រ​អះអាងថា អូ​មី​ក្រុង បាន​ឆ្លង​ផុត​ដំណាក់កាល​កំពូល​រួចហើយ នៅ អាហ្វ្រិក​ខាងត្បូង។

    បច្ចុប្បន្ន អូ​មី​ក្រុង កំពុង​ឆ្លង​រាលដាល​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​ធ្លាប់មាន និង​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន ១០៦ នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​មិនទាន់​អាច​កំណត់​បានជា​ក់លាក់ និង​ជា​ផ្លូវការ​នៅឡើយ អំពី​ភាព​សាហាវ ឬ​សមត្ថភាព​នៃ​ការ​គេច​ពី​វ៉ាក់សាំង​របស់​វា៕

  • ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​ប្រទេស​មួយចំនួន​និយាយថា អូ​មី​ក្រុង (Omicron) មិនសូវ​បង្ក​អាការ​ធ្ងន់ធ្ងរ​ដល់​អ្នកជំងឺ

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​ប្រទេស​មួយចំនួន​និយាយថា អូ​មី​ក្រុង (Omicron) មិនសូវ​បង្ក​អាការ​ធ្ងន់ធ្ងរ​ដល់​អ្នកជំងឺ

    ការសិក្សា​ស្រាវជ្រាវ​ទ្រង់ទ្រាយ​តូច និង​បឋម​មួយចំនួន​បានបង្ហាញ​ថា កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង បង្ក​អាការ​ស្រាល​ជាង ធៀប​នឹង វីរុស​បំប្លែង​ខ្លួនមុនៗ បើទោះជា​តួលេខ​នៃ​ករណី​ឆ្លង​កំពុង​កើនឡើង​យ៉ាង​លឿន​នៅ​តំបន់​ជាច្រើន​ក្នុង​ពិភពលោក។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រចាំ​ស្ថាប័ន​សុខាភិបាល​សាធារណៈ របស់​ប្រទេស​ស្កុ​តឡែ​ន (PHS) នៃ ចក្រភព​អង់គ្លេស បង្ហាញថា អត្រា​នៃ​អ្នកជំងឺ​ដែល​ឆ្លង អូ​មី​ក្រុង ត្រូវ​ចូល​ពេទ្យ គឺមាន​ភាគរយ​ទាប ពោលគឺ ទាប​ជាង ២/៣ ធៀប​នឹង វ៉ា​រ្យ៉​ង់ ដេ​លតា។ នេះ​បើតាម​សម្ដី​របស់​វេជ្ជបណ្ឌិត Jim McMenamin ប្រធាន​ផ្នែក​គ្រប់គ្រង​ករណី​អាសន្ន​របស់ PHS។

    ក៏ប៉ុន្តែ ក្រុម​របស់ McMenamin នៅតែ​ព្រមាន​ថា ប្រព័ន្ធ​មន្ទីរពេទ្យ​នៅតែ​អាច​ប្រឈម​នឹង​ការរង​សម្ពាធ​ធ្ងន់ធ្ងរ​ពី អូ​មី​ក្រុង ព្រោះថា វីរុស​បំប្លែង​ខ្លួន​នេះ ឆ្លង​រាលដាល​លឿន​ជាង វ៉ា​រ្យ៉​ង់ មុន។

    ក្នុង​ថ្ងៃ​ដដែល​នោះដែរ ក្រុម​អ្នកស្រាវជ្រាវ​ប្រចាំ​សាកលវិទ្យាល័យ Imperial College London របស់ អង់គ្លេស ក៏បាន​ប្រកាស​លទ្ធផល​ដូច​ទៅនឹង ក្រុម​របស់ McMenamin។ ពួកគេ​រកឃើញថា អ្នក​ឆ្លង អូ​មី​ក្រុង មាន​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ​ទាប​ជាង​ពី ១៥ ទៅ ២០% និង​បង្ក​អាការ​ធ្ងន់ធ្ងរ​ទាប​ជាង ធៀប​នឹង ដេ​លតា។

    ក្រៅពីនេះ លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​ដែល​មិនទាន់​ត្រូវបាន​ផ្ទៀងផ្ទាត់ របស់​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ជំងឺឆ្លង​នៃ ប្រទេស​អាហ្វ្រិក​ខាងត្បូង ចុះផ្សាយ​នៅលើ​ទំព័រ MedRxiv កាលពី​ថ្ងៃទី ២១ ធ្នូ បានឱ្យដឹង​ដែរ​ថា អ្នកជំងឺ​ទាំងឡាយ​ដែល​ឆ្លង អូ​មី​ក្រុង មាន​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ​ទាប​ជាង ៨០% ធៀប​នឹង​អ្នក​ដែល​ឆ្លង វ៉ា​រ្យ៉​ង់ ដទៃ។

    ទោះជា​យ៉ាងនេះ​ក្ដី ក្រុម​ស្រាវជ្រាវ​ខាងលើ​ក៏បាន​ព្រមាន​ថា នេះ​គ្រាន់តែ​ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​បឋម​ប៉ុណ្ណោះ។

    មកដល់​បច្ចុប្បន្ន ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅតែ​មិនទាន់​អាច​កំណត់​បានជា​ក់លាក់ និង​ជា​ផ្លូវការ​នៅឡើយ អំពី​ភាព​សាហាវ ឬ​សមត្ថភាព​នៃ​ការ​គេច​ពី​វ៉ាក់សាំង​របស់ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ខណៈដែល​វា​កំពុង​ឆ្លង​រាលដាល​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​ធ្លាប់មាន និង​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន ១០៦ រួចហើយ នេះ​បើតាម WHO៕

     

  • WHO និយាយថា ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ អាច​នាំឱ្យ​ជំងឺ​រាតត្បាត​សកល អូសបន្លាយ​ពេល​កាន់តែ​យូរ

    WHO និយាយថា ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ អាច​នាំឱ្យ​ជំងឺ​រាតត្បាត​សកល អូសបន្លាយ​ពេល​កាន់តែ​យូរ

    ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​ថា និន្នាការ​រក្សាទុក​វ៉ាក់សាំង​សម្រាប់​ចាក់​ដូ​ស​ជំរុញ​ក្នុង​ទ្រង់ទ្រាយ​ធំ​របស់​បណ្ដា​ប្រទេស​អ្នកមាន នឹង​បណ្ដាលឱ្យ​ជំងឺ​រាតត្បាត​សកល អាច​អូស​បន្លាយពេល​យូរ ជាជាង​ការបញ្ចប់។

    «យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម ឬ​ដូ​ស​ជំរុញ​ក្នុង​ទ្រង់ទ្រាយ​ធំ​នានា អាចធ្វើឱ្យ​ប្រភព​ផ្គត់ផ្គង់​វ៉ាក់សាំង ត្រូវ​បង្វែរ​ទិស​ទៅរក​បណ្ដា​ប្រទេស​ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ខ្ពស់ ដែល​នេះ​នឹង​ផ្ដល់​ឱកាសល្អ​ដល់​ការឆ្លង​រាលដាល និង​បំប្លែង​ខ្លួន​របស់​វីរុស (នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ ដែល​មិនមាន​លទ្ធភាព​ទិញ​វ៉ាក់សាំង)» ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus (WHO) ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ២២ ធ្នូ។

    ស្ថាប័ន​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ តាំងពី​យូរ​មកហើយ បាន​ព្រមាន​ថា បញ្ហា​វិសមភាព​នៅក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង នឹង​ធ្វើឱ្យ​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ជាច្រើន​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ មិន​ទទួលបាន​ការចាក់​វ៉ាក់សាំង​យ៉ាងតិច ១ ដូ​ស ស្រប​ពេលដែល​បណ្ដា​ប្រទេស​អ្នកមាន បង្កើន​យុទ្ធនា​ការចាក់​វ៉ា់ក់សាំង​ដូ​ស​ជំរុញ​ទ្រង់ទ្រាយ​ធំ។

    «ពុំមាន​ប្រទេស​ណាមួយ​អាច​បន្ថែម​កម្លាំង​តែឯង​ដើម្បី​ចាក​ផុតពី​ជំងឺ​រាតត្បាត​សកល​ឡើយ» លោក Tedros បញ្ជាក់​ដូច្នេះ។

    ប្រសាសន៍​របស់​មេដឹកនាំ WHO នេះ ត្រូវបាន​លើកឡើង​នៅពេល កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង កំពុង​ក្លាយជា​ឧបសគ្គ​ចំពោះ​ក្ដីសង្ឃឹម​ដែលថា «ប្រការ​អាក្រក់​បំផុតរ​បស់​ជំងឺ​រាតត្បាត​សកល បាន​កន្លងផុតទៅ»។ WHO បានឱ្យដឹងថា អូ​មី​ក្រុង កំពុង​ឆ្លង​រាលដាល​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​ធ្លាប់មាន និង​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន ១០៦ រួចហើយ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅតែ​មិនទាន់​អាច​កំណត់​បានជា​ក់លាក់ និង​ជា​ផ្លូវការ​នូវ​ភាព​សាហាវ ឬ​សមត្ថភាព​នៃ​ការ​គេច​ពី​វ៉ាក់សាំង​របស់ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង នៅឡើយ៕

  • រថក្រោះ​របស់ តៃវ៉ាន់ បាញ់ប្រហារ​គោលដៅ​ដោយ​ប្រើ​គ្រាប់​ពិត ក្នុង​សមយុទ្ធ​ប្រឆាំង​ការ​វាយ​ឡើង​ច្រាំង (វីដេអូ)

    រថក្រោះ​របស់ តៃវ៉ាន់ បាញ់ប្រហារ​គោលដៅ​ដោយ​ប្រើ​គ្រាប់​ពិត ក្នុង​សមយុទ្ធ​ប្រឆាំង​ការ​វាយ​ឡើង​ច្រាំង (វីដេអូ)

    កងអនុសេនាធំ​រថក្រោះ​យុទ្ធសាស្ត្រ​ចំនួន ២ ក្រុម​របស់ កងទ័ព​តៃវ៉ាន់ ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ប្រឆាំងនឹង​ការវាយប្រហារ​ឡើង​ច្រាំង នៅ​ភាគ​ពាយព្យ​នៃ​កោះ​នេះ។

    កងរថក្រោះ​ចម្បាំង​យុទ្ធសាស្ត្រ CM-11 និង M60A3 របស់ កងទ័ព​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី ២១ ធ្នូ បាន​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​ប្រឆាំង​ការ​វាយ​ឡើង​ច្រាំង នៅឯ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន Kengzikou ភាគ​ពាយព្យ​នៃ កោះ​តៃវ៉ាន់។

    មន្ត្រី​យោធា​តៃវ៉ាន់ ឱ្យដឹងថា សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​សហការ​រវាង​កងកម្លាំង​រថក្រោះ កែលម្អ​យុទ្ធវិធី​ក្នុង​បេសកកម្ម​ប្រយុទ្ធ​រវាង​ក្រុម​រថក្រោះ ទីបញ្ជាការ និង​កងអនុសេនាធំ។

    សកម្មភាព​ក្នុង​វីដេអូ បង្ហាញថា ក្រុម​រថក្រោះ​របស់ កងទ័ព​តៃវ៉ាន់ ត្រូវបាន​បញ្ជា​ឱ្យចូល​កាន់​ទីតាំង និង​បើក​ការវាយប្រហារ​ទៅលើ​គោលដៅ​ដែលជា «កងកម្លាំង​វាយ​ឡើង​ច្រាំង» រួម​នឹង​វិញ្ញាសា​ស្ដីពី​យុទ្ធវិធី​ជាច្រើន​ផ្សេងទៀត​ផងដែរ។

    កងទ័ព​តៃវ៉ាន់ មាន​រថក្រោះ​ប្រភេទ M60A3 ប្រមាណ ៤៨០ គ្រឿង, ប្រភេទ CM-11 ចំនួន ៤៥០ គ្រឿង និង CM-12 ចំនួន ២៥០ គ្រឿង។

    តៃវ៉ាន់ បានអនុម័ត​ថវិកា​ប្រមាណ ១.៤៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ទិញ​រថក្រោះ​យុទ្ធសាស្ត្រ M1A2T Abrams របស់ សហរដ្ឋ​អាម៉េរិក ចំនួន ១០៨ គ្រឿង ដើម្បី​បន្ថែម​ទៅលើ​ចំនួន​រថក្រោះ រថពាសដែក​ជាង ១,០០០ គ្រឿង​ដែល កោះ​នេះ​កំពុង​ប្រើប្រាស់ ក្នុង​បំណង​បង្កើន​កម្លាំង​ការពារ​ខ្លួន​ពី​ការវាយលុក​ណាមួយ​ពី​ខាងក្រៅ៕

  • បាក់ស្រុត​អណ្ដូងរ៉ែ​ត្បូង បណ្ដាលឱ្យមាន​មនុស្ស​បាត់​ខ្លួន​យ៉ាងហោច ៧០ នាក់ (វីដេអូ)

    បាក់ស្រុត​អណ្ដូងរ៉ែ​ត្បូង បណ្ដាលឱ្យមាន​មនុស្ស​បាត់​ខ្លួន​យ៉ាងហោច ៧០ នាក់ (វីដេអូ)

    (មី​យ៉ាន​ម៉ា)-ហេតុការណ៍​បាក់​ដី​ដែល​កើតឡើង​នៅឯ​អណ្ដូងរ៉ែ​ត្បូង​មួយ​ក្នុង​រដ្ឋ Kachin ប្រទេស​មី​យ៉ាន​ម៉ា (ភូមា) នៅថ្ងៃនេះ បណ្ដាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ប្រមាណ​ពី ៧០ ទៅ ១០០ នាក់ កំពុង​បាត់​ខ្លួន។

    «ពួកគេ​បាន​បាត់​ខ្លួន​នៅក្នុង​ហេតុការណ៍​បាក់​ស្រុតដី​កាលពី​វេលា​ម៉ោង ៤ ទៀបភ្លឺ​ថ្ងៃនេះ នៅឯ​អណ្ដូងរ៉ែ​ត្បូង Hpakant ក្នុង​រដ្ឋ Kachin» សមាជិក​ម្នាក់​របស់​ក្រុម​សង្គ្រោះបន្ទាន់ Ko Ny បានបញ្ជាក់​ដូច្នេះ។

    Dashi Naw Lawn ដែលជា​សមាជិក​ម្នាក់​នៃ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​តំបន់ បានឱ្យដឹងថា ក្រុមមន្ត្រី​បាន​មកដល់​កន្លែងកើតហេតុ​នៅវេលា​ម៉ោង​ប្រហែល ៧ ព្រឹក និង​កំពុង​ស្វែងរក ជួយសង្គ្រោះ។ ជនរងគ្រោះ ២៥ នាក់ ដែល​រងរបួស ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

    បុគ្គលិក​សង្គ្រោះបន្ទាន់​ប្រមាណ ២០០ នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​អណ្ដូងរ៉ែ​ត្បូង​ខាងលើ។ កងកម្លាំង​នេះ​ក៏បាន​ប្រើប្រាស់​ទូក​ដើម្បី​ស្វែងរក​អ្នក​ដែល​បាន​ស្លាប់​នៅក្នុង​បឹង​ក្បែរ​អណ្ដូងរ៉ែ​ត្បូង​នេះ​ផងដែរ។

    ប្រទេស​មី​យ៉ាន​ម៉ា ផលិត​ត្បូង​ Jade (អម្បូរ​ត្បូងកណ្តៀង) ប្រហែល ៩០% ធៀប​នឹង​បរិមាណ​សរុប​នៅ​ទូទាំង​ពិភពលោក។ អង្គការ Global Witness បាន​គណនា​ឃើញថា វិស័យ​ឧស្សាហ​កម្មនេះ​មានតម្លៃ​ប្រមាណ ៣១ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៤៕

  • ទារក​ទើប​កើត​ម្នាក់ ត្រូវគេ​យកទៅ​បោះចោល​ក្នុងព្រៃ​ជ្រៅ ២ ថ្ងៃ ប៉ុន្តែ សំណាងល្អ នៅមាន​ជីវិត

    ទារក​ទើប​កើត​ម្នាក់ ត្រូវគេ​យកទៅ​បោះចោល​ក្នុងព្រៃ​ជ្រៅ ២ ថ្ងៃ ប៉ុន្តែ សំណាងល្អ នៅមាន​ជីវិត

    (ប្រទេស​ថៃ)-ទារិកា​ទើប​ចាប់កំណើត​ម្នាក់ ត្រូវបាន​ប្រជាជន​ក្នុង​ខេត្ត Krabi ប្រទះឃើញ​នៅមាន​ជីវិត​ក្នុងស្ថានភាព​ត្រូវ​សត្វល្អិត​រោម​ជិត បន្ទាប់ពី​ត្រូវគេ​បោះចោល​ក្នុងព្រៃ​អស់​រយៈពេល ២ ថ្ងៃ។

    ទារិកា​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សភាព​គ្មាន​ខោអាវ ស្ថិតនៅលើ​ស្លឹក និង​មែកឈើ​ក្នុងព្រៃ​ជ្រៅ កាលពី​ចុង​សប្ដាហ៍​មុន។ ពេល​ត្រូវគេ​ចាប់បី ទារិកា​នេះ​ក៏​បើកភ្នែក និង​ស្រែកយំ។ បន្ទាប់មក អ្នក​ដែល​បាន​ប្រទះឃើញ ក៏បាន​ដាក់​ទារិកា​នេះ​ទៅលើ​កន្លែង​ស្អាត និង​រង់ចាំ​ប៉ូលិស និង​រថយន្ត​សង្គ្រោះបន្ទាន់។

    លើ​រាងកាយ​ទារិកា​នេះ គេ​ឃើញ​មាន​ស្នាម​ជាំ​នៅលើ​មុខ និង​ជន្លេន រួម​នឹង​សត្វល្អិតផ្សេងៗជាច្រើន វា​ពាសពេញ​ដងខ្លួន។ បន្ទាប់ពី​ត្រូវបាន​តាមដាន​នៅ​មន្ទីរពេទ្យ ទារិកា​នេះ​ត្រូវបាន​បញ្ជាក់ថា មាន​សុខ​ភាពល្អ និង​ពុំមាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ។

    មនុស្សម្នា​មានការ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ នៅពេល​ឃើញ​ទារិកា​ទើប​កើត​នេះ​នៅមាន​ជីវិត ក្រោយពី​ស្ថិតនៅ​តែម្នាក់ឯង​ក្នុងព្រៃ​ជ្រៅ​ដែល​សម្បូរ​សត្វ​សាហាវ​ដូចជា ពស់ថ្លាន់ ពស់វែក និង​កម្ដៅថ្ងៃ​ខ្លាំង។

    អ្នកនាំពាក្យ​របស់​ប៉ូលិស​ក្នុង​តំបន់​បានឱ្យដឹងថា សមត្ថកិច្ច​កំពុង​តាមរក​ស្ត្រី​ជា​ម្ដាយ​របស់​ទារិកា​នេះ ប៉ុន្តែ ដោយសារ​ក្នុងព្រៃ​ពុំមាន​កាមេរ៉ា ដូច្នេះ​ការកំណត់​អត្តសញ្ញាណ​នឹង​ជា​រឿង​លំបាក។

    ឯកសារ​នៅក្នុង​មន្ទីរពេទ្យ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បំផុត បាន​បង្ហាញថា ថ្មីៗនេះ​មិនមាន​ស្ត្រី​ណា​ម្នាក់​ឆ្លងទន្លេ​នោះទេ។

    «ម្ដាយ​របស់​ទារិកា​នេះ​ទំនងជា​មកពី​តំបន់​ផ្សេង ហើយ​បាន​យក​កូន​មក​ចោល​ក្នុងព្រៃ​នេះ» វរ​សេនី​ឯក​ប៉ូលិស Prasit Yodthong បានបញ្ជាក់​ដូច្នេះ។

    អាជ្ញាធរ​ថៃ បានប្រកាសថា នឹងដាក់​ពាក្យ​ប្ដឹង​ប្រឆាំងនឹង​អ្នក​ដែល​បាន​បោះបង់ចោល​ទារិកា​នេះ។ «អ្នក​ដែល​បាន​បោះបង់​ទារិកា​នេះ​គឺ​ដឹង​ច្បាស់​ថា ក្មេង​ទើប​កើត​នេះ​អាច​បាត់​បង់ជីវិត»។

    ក្រោយពី​ខាង​មន្ទីរពេទ្យ Khao Phanom បញ្ចប់​ការតាមដាន​សុខភាព ពួកគេ​នឹង​ប្រគល់​ទារិកា​នេះ​ឱ្យទៅ​សមត្ថកិច្ច​ខេត្ត Krabi។ ប៉ូលិស​ក្នុង​តំបន់​ឱ្យដឹងថា ទារិកា​នេះ​ប្រហែលជា​អាច​ត្រូវបាន​នាំទៅ​កាន់​មណ្ឌលកុមារ​កំព្រា៕