អ៊ីស្រាអែល ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ កូ​វីដ-១៩ ដូ​ស​ទី ៤ (ដូ​ស​ជំរុញ​ទី ២)

មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស អ៊ីស្រាអែល ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ កូ​វីដ-១៩ ដូ​ស​ទី ៤ ដល់​ក្រុមមនុស្ស​ដែល​ត្រូវ​ពិសោធន៍ រួមមាន បុគ្គលិក​សុខាភិបាល​ជាដើម នៅក្នុង​ស្ថានភាព​ដែល អូ​មី​ក្រុង នៅតែ​បន្ត​រាតត្បាត។

មជ្ឈមណ្ឌល​សុខាភិបាល Sheba នៅក្បែរ​ទីក្រុង តែ​ល អា​វីវ របស់​ប្រទេស អ៊ីស្រាអែល កាលពី​ម្សិលមិញ បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី ៤ សម្រាប់​បុគ្គលិក​សុខាភិបាល និង​បាន​ហៅ​យុទ្ធនាការ​នេះ​ថា​ជាការ​ស្រាវជ្រាវ​ធំ​ដំបូង​ស្ដីពី​សមត្ថភាព​ទប់ទល់​នឹង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង នៅលើ​អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ទី ២ (ដូ​ស​ទី ៤)។

«ការពិសោធ​នៅលើ​មនុស្ស​ចំនួន ១៥០ នាក់ នឹង​កំណត់​បាន​នូវ​ប្រសិទ្ធភាព​ក្នុងការ​បង្កើត​អង្គ​ប​ដិ​ប្រាណ​របស់ វ៉ាក់សាំង ក៏ដូចជា​កម្រិត​សុវត្ថិភាព ដើម្បី​វាយតម្លៃ​ឱ្យបាន​ច្បាស់​ថា ត្រូវ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី ៤ ដែរ ឬ​អត់។ លទ្ធផល​នៃ​ការពិសោធ​នឹងត្រូវ​បានដាក់​ជូន​ក្រសួងសុខាភិបាល នៅ​ប្រមាណ ២ សប្ដាហ៍​ខាងមុខ» អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​សុខាភិបាល Sheba បានឱ្យដឹង​ដូច្នេះ។

ក្រុមមន្ត្រី​របស់ អ៊ីស្រាអែល ក៏បាន​ប្រកាស​កាត់បន្ថយ​ពេលវេលា​ចន្លោះ​ពី​ដូ​ស​ទី ២ ទៅ​ដូ​ស​ជំរុញ ពី ៥ ខែ មក​នៅត្រឹម ៣ ខែ ដើម្បី​ទប់ទល់​នឹង អូ​មី​ក្រុង។

អ៊ីស្រាអែល គឺជា​ប្រទេស​នាំមុខគេ​មួយ ក្នុងចំណោម​ប្រទេស​ដែល​បានធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​មុនគេ។ ពលរដ្ឋ ៦៣% ក្នុងចំណោម ៩.៤ លាន​នាក់​របស់ អ៊ីស្រាអែល បានទទួល​ការចាក់​វ៉ាក់សាំង ២ ដូ​ស​រួចហើយ ខណៈដែល​ពលរដ្ឋ​ជិត ៤៥% ត្រូវបាន​ចាក់​ដូ​ស​ទី ។ ប្រទេស​នេះ បាន​រកឃើញ​ករណី​ឆ្លង ឬ​សង្ស័យថា​ឆ្លង អូ​មី​ក្រុង ជិត ២,០០០ នាក់ ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​សរុប​ដែល​បាន​កើនឡើង​ក្នុង​សប្ដាហ៍​កន្លង៕

Advertisement