Category: អន្តរជាតិ

  • សហរដ្ឋ​អាម៉េរិក ដាស់តឿន​ពលរដ្ឋ​រប​ស់​ខ្លួន ឱ្យ​ចាក​ចេញពី បេឡា​រូស ជាបន្ទាន់

    សហរដ្ឋ​អាម៉េរិក ដាស់តឿន​ពលរដ្ឋ​រប​ស់​ខ្លួន ឱ្យ​ចាក​ចេញពី បេឡា​រូស ជាបន្ទាន់

    កាលពី​ថ្ងៃទី ១៤ កុម្ភៈ សារព័ត៌មាន​អាម៉េរិក ដកស្រង់​សម្ដី​របស់​ក្រុមមន្ត្រី​ប្រទេស​នេះ ឱ្យដឹងថា ក្រសួងការបរទេស​អា​ម៉េ​រិ​ក ប្រចាំ​រដ្ឋធានី​មីន​ស្កិ៍ (Minsk) បានប្រកាស​តឿន​ពលរដ្ឋ​អាម៉េរិក ឱ្យ​ចាក​ចេញពី ប្រទេស​បេឡា​រូស ជាបន្ទាន់។

    យោងតាម NBC News ប្រកាស​ដែល​បាន​ចុះផ្សាយ​លើ​ទំព័រ​របស់​ស្ថានទូត​អាម៉េរិក នៅ ទីក្រុង​មីន​ស្កិ៍ លើកឡើងថា៖ «ពលរដ្ឋ​អាម៉េរិក មិនត្រូវ​ទៅកាន់ បេឡា​រូស ព្រោះថា មានការ​អនុវត្ត​ច្បាប់​យ៉ាង​អនាធិបតេយ្យ ហានិភ័យ​ត្រូវ​ចាប់ខ្លួន និង​ការបង្កើន​ចំនួន​ទាហាន​ខុសពី​ធម្មតា គួរឱ្យ​ព្រួយបារម្ភ របស់ ប្រទេស​រុស្ស៊ី នៅតាម​បណ្ដោយ​ព្រំដែន​របស់ បេឡា​រូស ដែល​ជាប់​នឹង ប្រទេស​អ៊ុយ​ក្រែ​ន។ល។ ពលរដ្ឋ​អាម៉េរិក ដែល​កំពុង​ស្ថិតនៅក្នុង ប្រទេស​បេឡា​រូស គួរ​ចាកចេញ​ជាបន្ទាន់ ដោយ​ប្រើប្រាស់​មធ្យោបាយ​ពាណិជ្ជកម្ម ឬ​ឯកជន»។

    សារព័ត៌មាន Wall Street Journal ដកស្រង់​សម្ដី​របស់​ក្រុមមន្ត្រី​ជំនាញ​អាម៉េរិក សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យដឹងថា ក្រសួងការបរទេស​អា​ម៉េ​រិ​ក បាន​បញ្ជា​ឱ្យ​បំផ្លាញ​ឧបករណ៍​អ៊ី​ន​ធើ​ណិ​ត និង​កុំព្យូទ័រ ទន្ទឹមនឹង​ការផ្ដាច់​ប្រព័ន្ធ​ទូរស័ព្ទ​នៅក្នុង​ស្ថានទូត​នៅ ទីក្រុង​កៀវ ប្រទេស​អ៊ុយ​ក្រែ​ន។

    ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក Ned Price ថ្លែងថា សួន​របស់​ស្ថានទូត​អាម៉េរិក នៅ ទីក្រុង​កៀវ កំពុង​ត្រូវបាន​ការពារ​ដោយ​កងកម្លាំង​ការពារជាតិ​អ៊ុយ​ក្រែ​ន ចំណែក សហរដ្ឋ​អាម៉េរិក មានបំណង​ត្រលប់​មកកាន់​ស្ថានទូត​វិញ «នៅពេល​យល់ថា មាន​សុវត្ថិភាព»។

    ការសម្រេច​នានា​ខាងលើ​របស់ សហរដ្ឋ​អាម៉េរិក ត្រូវបាន​ធ្វើឡើង​នៅពេល​ស្ថានការណ៍​តានតឹង​កំពុង​កើនឡើង​នៅក្នុង​តំបន់។ កាលពី​ថ្ងៃទី ១០ កុម្ភៈ រុស្ស៊ី និង បេឡា​រូស បានធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​មួយ​ដែលមាន​ឈ្មោះថា «Allied Resolve-២០២២» នៅ បេឡា​រូស។

    សមយុទ្ធ​របស់ រុស្ស៊ី និង បេឡា​រូស នេះ បានធ្វើឱ្យ​បណ្ដា​ប្រទេស​លោកខាងលិច មានការ​ព្រួយបារម្ភ​ថា ទីក្រុង​មូ​ស្គូ កំពុងមាន​ផែនការ​បង្កើន​ភាព​តានតឹង​នៅក្នុង​ជម្លោះ​ប្រដាប់អាវុធ​នៅ អ៊ុយ​ក្រែ​ន។ សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ភាព​តានតឹង​រវាង​លោកខាងលិច និង រុស្ស៊ី កើតមានឡើង​នៅក្នុង​ប៉ុន្មាន​ខែ​មកនេះ ទាក់ទិន​នឹង​បញ្ហា​សន្តិសុខ​នៅ អ៊ុយ​ក្រែ​ន ដែលជា​ប្រទេសជិតខាង​របស់ បេឡា​រូស និង រុស្ស៊ី៕

  • (វីដេអូ)-ផ្ទុះ​ភ្នំភ្លើង​នៅ អឺរ៉ុប​ខាងត្បូង បង្ក​ឱ្យ​មាន​​ព្យុះ​រន្ទះ​គួរឱ្យខ្លាច

    (វីដេអូ)-ផ្ទុះ​ភ្នំភ្លើង​នៅ អឺរ៉ុប​ខាងត្បូង បង្ក​ឱ្យ​មាន​​ព្យុះ​រន្ទះ​គួរឱ្យខ្លាច

    (អ៊ីតាលី)-ភ្នំភ្លើង Etna បាន​ផ្ទុះ​យ៉ាងខ្លាំង​ក្លាភ្លាមៗកាលពី​សប្ដាហ៍​កន្លង បណ្ដាលឱ្យមាន​ព្យុះ​រន្ទះ​នៅលើ​មេឃ​ភាគខាងត្បូង​របស់​កោះ Sicily។

    យោងតាម​វិទ្យាស្ថាន​ជាតិ​ភូគព្ភសាស្ត្រ និង​ភ្នំភ្លើង របស់ អ៊ីតាលី (INGV) ភ្នំភ្លើង​នេះ​បាន​ផ្ទុះឡើង​កាលពី​ពាក់​​ជិត​​កណ្ដាល​យប់​នៃ​​ថ្ងៃទី ១០ កុម្ភៈ និង​មិនបាន​បង្កឱ្យមាន​ការខូចខាត​ណាមួយ​ឡើយ។ ក៏ប៉ុន្តែ វា​បានធ្វើ​ឱ្យមាន​ផេះ​កម្ពស់​រហូតដល់ ១០ គីឡូម៉ែត្រ។

    Etna គឺជា​ភ្នំភ្លើង​មួយ​ដែលមាន​សកម្មភាព​ខ្លាំង​ក្លា​បំផុត​នៅ អឺរ៉ុប ប៉ុន្តែ វា​កម្រ​នឹងមាន​ការផ្ទុះ​ខ្លាំង​ដូច​លើក​នេះ។ ប៉ុន្តែ កាលពី​ឆ្នាំ ២០១៥ និង ២០២១ ភ្នំភ្លើង Etna មានការ​ផ្ទុះ​ស្រដៀង​គ្នា​នេះដែរ។

    រន្ទះ​ក្នុង​ប​ន្ទុះ​ភ្នំភ្លើង និង​រន្ទះ​ក្នុង​ភ្លៀង​សុទ្ធតែ​កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​រវាង​គ្រាប់​ល្អិត​នានា ប៉ុន្តែ ជំនួស​ឱ្យ​ការបង្កើតឡើង​ដោយ​គ្រាប់​ទឹកកក​ក្នុង​ភ្លៀង​ធម្មតា រន្ទះ​នៅក្នុង​ប​ន្ទុះ​ភ្នំភ្លើង​គឺ​កើតឡើង​ដោយសារ​គ្រាប់​នៃ​កំ​អែរ​ម៉ាក់​ម៉ា។ នេះ​បើតាម Adam Varbel អ្នកស្រាវជ្រាវ​អំពី​ព្យុះ​នៅឯ​បន្ទប់ពិសោធន៍​ជាតិ ប៉ាស៊ីហ្វិក​ភាគ​ពាយព្យ។

    https://www.youtube.com/watch?v=fXQfL77Om8U

    ភ្នំភ្លើង Etna ស្ថិតនៅលើ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​កោះ Sicily ដែល​នៅក្នុង​តំបន់​កណ្ដាល​នៃ​សមុទ្រ មេ​ឌី​ទែ​រ៉ា​ណេ។ ដោយមាន​កម្ពស់ ៣,៣៥៧ ម៉ែត្រ និង​ទំហំ ១,១៩០ គីឡូម៉ែត្រ​ក្រឡា នេះ​គឺជា​ភ្នំភ្លើង​សកម្ម​ធំ​បំផុត​នៅ អ៊ីតាលី៕

  • ប៉ូលិស​ចាក់​ចម្រៀង​ដើម្បី​ដេញ​ហ្វូង​បាតុករ​ប្រឆាំង​វ៉ាក់សាំង ដែល​ជួបជុំគ្នា​នៅ​សួន​វិមាន​សភា

    ប៉ូលិស​ចាក់​ចម្រៀង​ដើម្បី​ដេញ​ហ្វូង​បាតុករ​ប្រឆាំង​វ៉ាក់សាំង ដែល​ជួបជុំគ្នា​នៅ​សួន​វិមាន​សភា

    (នូ​វែ​ល​សេ​ឡង់)-ក្រុមមន្ត្រី​នៅ វែ​លីង​តោន បាន​ចាក់​បទ​ចម្រៀង​របស់ Manilow ដើម្បី​ទប់ទល់​នឹង​បាតុករ​រាប់រយ​នាក់​ដែល​បោះជំរំ​នៅ​សួន​របស់​វិមាន​សភា ដើម្បី​សម្ដែង​ការប្រឆាំង​ទៅនឹង​ការតម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១។

    បាតុកម្ម​ប្រឆាំង​វ៉ាក់សាំង និង​ជំទាស់​ចំពោះ​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩ បាន​ផ្ទុះឡើង​នៅ នូ​វែ​ល​សេ​ឡង់ បន្ទាប់ពី​ក្បួន​រថយន្ត បាន​ឆ្ពោះទៅ​ខាងមុខ​វិមាន​សភា នៅក្នុង រដ្ឋធានី​វែ​លីង​តោន ដែល​យកតម្រាប់​តាម​បាតុកម្ម «ក្បួន​រថយន្ត​សេរីភាព» នៅ កាណាដា។

    នៅពេល​បាតុករ​ប្រមាណ ១,០០០ នាក់ បោះតង់​ជា​មូលដ្ឋាន​ស្នាក់នៅ​ច្រើន​ថ្ងៃ នៅលើ​សួន​នៃ​វិមាន​រដ្ឋសភា Trevor Mallard ដែលជា​ប្រធានសភា​របស់ នូ​វែ​ល​សេ​ឡង់ កាលពី​ថ្ងៃទី ១២ កុម្ភៈ បាន​អនុញ្ញាតឱ្យ​អាជ្ញាធរ​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង ដើម្បី​បញ្ជូន​សារ​ស្ដីពី​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដល់​ហ្វូង​បាតុករ។

    ប្រព័ន្ធ​បំពង​សំឡេង​នេះ ក៏​ចាក់​ចម្រៀង​របស់​តារាចម្រៀង​អាម៉េរិក Barry Manilow ជា​បន្តបន្ទាប់ ក្នុងនោះ​ក៏មាន​បទ​ញាក់​កន្ត្រាក់​អារម្មណ៍ Macarena នៃ​ទសវត្សរ៍​ឆ្នាំ ១៩៩០ ផងដែរ ដើម្បី​ទប់ទល់​នឹង​បាតុករ។

    មុន​នោះ សមត្ថកិច្ច​របស់ នូ​វែ​ល​សែ​ឡង់ បាន​ស្វែងរក​វិធី​ដើម្បី​ដេញ​បាតុករ​ចេញពី​សួន​របស់​វិមាន​សភា។ Mallard កាលពី​ថ្ងៃទី ១១ មិថុនា ២០២១ ក៏​ធ្លាប់​បានចេញ​បញ្ជា​ឱ្យ​បុគ្គលិក​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​បំបែកហ្វូង​បាតុករ​ផងដែរ។

    មនុស្ស​ជាច្រើន​នាក់​បានចេញ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ការតម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ចំពោះ​បុគ្គលិក​នៅក្នុង​វិស័យ​មួយចំនួន ក្នុងនោះ​មាន គ្រូបង្រៀន វេជ្ជបណ្ឌិត បុគ្គលិក​ថែ​អ្នកជំងឺ ប៉ូលិស និង​ទាហាន។ ក្រៅពីនេះ​ក៏មាន​អ្នកខ្លះ​ប្រឆាំងនឹង​ការកំណត់​ស្ដីពី​ការពាក់​ម៉ាស នៅ នូ​វែ​ល​សែ​ឡង់៕

  • ត្រូវគេ​គប់​នឹង​ដុំថ្ម​រហូតដល់​ស្លាប់ ព្រោះតែ​ដុត គម្ពីរ​កូ​រ៉ា​ន (Qu’ran)

    ត្រូវគេ​គប់​នឹង​ដុំថ្ម​រហូតដល់​ស្លាប់ ព្រោះតែ​ដុត គម្ពីរ​កូ​រ៉ា​ន (Qu’ran)

    (ប៉ា​គី​ស្ថាន)-មនុស្ស​ម្នាក់​ដែលមាន​បញ្ហា​សតិ​អារ​មណ៍ នៅក្នុង​ខេត្ត Punjab ត្រូវបាន​ក្រុមមនុស្ស​ដែល​កំពុង​ខឹង​ខ្លាំង នាំគ្នា​យក​ដុំថ្ម​គប់​រហូតដល់​បាត់បង់​ជីវិត ដោយ​ចោទថា បាន​ប្រមាថ​លើ គម្ពីរ​កូ​រ៉ា​ន (Qu’ran ឬ Koran)។

    Mian Mohammad Ramzan អ្នកគ្រប់គ្រង​វិហារ​អ៊ីស្លាម​មួយ​នៅ​ក្នុងភូមិ​ដាច់ស្រយាល Tulamba ក្នុង​ខណ្ឌ Khanewal ខេត្ត Punjab បានឱ្យដឹងថា គាត់​បានឃើញ​បុរស​ម្នាក់​ដុត គម្ពីរ​កូ​រ៉ា​ន កាលពី​ព្រលប់​ថ្ងៃទី ១២ កុម្ភៈ និង​បាន​ប្រាប់​ដល់​អ្នកផ្សេង មុននឹង​រាយការណ៍​ប្រាប់​សមត្ថកិច្ច។

    ប៉ូលិស​បាន​ប្រញាប់​ទៅកាន់​កន្លែងកើតហេតុ និង​បានឃើញ​បុរស​ម្នាក់​កំពុង​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​ហ្វូងមនុស្ស​ដែល​កំពុង​ខឹង​ខ្លាំង។ ប៉ូលិស​ឈ្មោះ Mo ammad Iqbal រួម​នឹង​ថ្នាក់ក្រោម ២ នាក់ បាន​ព្យាយាម​ចូលទៅ​ជួយ​ជនរងគ្រោះ ប៉ុន្តែ ក៏ត្រូវ​ហ្វូងមនុស្ស​ចោល​នឹង​ដុំថ្ម ធ្វើឱ្យ Iqbal ត្រូវ​រងរបួស​ធ្ងន់ និង​ប៉ូលិស ២ នាក់​ទៀត រងរបួស​ស្រាល។

    Munawar Gujjar ប្រធានការិយាល័យ​នគរបាល Tulamba ឱ្យដឹងថា លោក​បាន​ប្រញាប់​បញ្ជូន​កម្លាំង​បន្ថែម​ទៅកាន់​កន្លែងកើតហេតុ ប៉ុន្តែ ហ្វូងមនុស្ស​នោះបាន​សម្លាប់ និង​ចង​ព្យួរ​សាកសព​ជនរងគ្រោះ​ទៅលើ​ដើមឈើ​ទៅហើយ។

    ជនរងគ្រោះ​មានឈ្មោះ​ថា Mushtaq Ahmed អាយុ ៤១ ឆ្នាំ រស់នៅក្នុង​ភូមិ​ក្បែរ​នោះ។ ជនរងគ្រោះ​មាន​បញ្ហា​សតិអារម្មណ៍​អស់​រយៈពេល ១៥ ឆ្នាំ​មកហើយ។ បើតាម​ក្រុមគ្រួសារ បុរស​នេះ​តែង​បាត់​ខ្លួន​ជា​ញឹកញាប់ និង​ដើរ​សុំទាន និង​ហូប​គ្រប់យ៉ាង​ដែល​គាត់​បាន​រកឃើញ» ប៉ូលិស Gujjar ប្រាប់​ដូច្នេះ។

    Ramzan ដែលជា​អ្នកគ្រប់គ្រង​វិហារ​អ៊ីស្លាម នៅ​កន្លែងកើតហេតុ​នោះ បាន​ប្រាប់ថា គាត់​បានឃើញ​ផ្សែង​បាញ់​ចេញពី​ខាងក្នុង​វិហារ ហើយ​គាត់​បានឃើញ គម្ពីរ​កូ​រ៉ា​ន មួយ​ក្បាល​កំពុង​ឆេះ ចំណែក Ahmed ក៏​កំពុង​ព្យាយាម​ដុត​គម្ពីរ​មួយ​ក្បាល​ទៀត។ Ramzan ស្រែក​ឱ្យ​ឈប់ ក្នុងពេលដែល​ប្រជាជន​ក្នុងភូមិ​កំពុង​នាំគ្នា​មក​វិហារ​ដើម្បី​បួងសួង។

    សាក្សី​បានឱ្យដឹងថា ហ្វូងមនុស្ស​បាន​រារាំង​ក្រុមប៉ូលិស​ចូលទៅ​ជួយ​ជនរងគ្រោះ។ ក្រោយ​ហេតុការណ៍​នេះ ប៉ូលិស​ក៏បាន​មកកាន់​កន្លែងកើតហេតុ ដើម្បី​នាំយក​សាកសព​ជនរងគ្រោះ។

    សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជនដៃដល់​ទាំងឡាយ​នៅក្នុង​ករណីនេះ ដោយ​ពិនិត្យ​វីដេអូ​ដែល​ថត​បាន​ពី​កាមេរ៉ា​សុវត្ថិភាព។ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ប្រហែល ៨០ នាក់ ដែល​រស់នៅ​ក្បែរ​ទីតាំង​កើតហេតុ ប៉ុន្តែ តាម​ការស្រាវជ្រាវ ជនសង្ស័យ​ប្រហែល ៣០០ នាក់ បាន​ចូលរួម​គប់​ដុំថ្ម​សម្លាប់​បុរស​ខាងលើ។

    នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Imran Khan បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​ហេតុការណ៍​នេះ និង​បាន​ថ្លែងថា លោក​កំពុង​ស្នើឱ្យ​អភិបាលខេត្ត Punjab រាយការណ៍​អំពី​វិធី​ដែល​ក្រុមប៉ូលិស​ដោះស្រាយ​បញ្ហា​នេះ។ លោក​ថា ប៉ូលិស​បាន «បរាជ័យ​ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន» ក្នុងករណីនេះ៕

  • ភាព​តានតឹង​រវាង អ៊ុយ​ក្រែ​ន និង រុស្ស៊ី! ប្រទេស​នានា​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចាក​ចេញពី អ៊ុយ​ក្រែ​ន

    ភាព​តានតឹង​រវាង អ៊ុយ​ក្រែ​ន និង រុស្ស៊ី! ប្រទេស​នានា​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចាក​ចេញពី អ៊ុយ​ក្រែ​ន

    ដោយសារតែ​ការព្រួយបារម្ភ​អំពី​ជម្លោះ​ប្រដាប់អាវុធ​រវាង អ៊ុយ​ក្រែ​ន និង​រុស្ស៊ី យ៉ាងហោចណាស់​មាន​ប្រទេស​ចំនួន ១៩ ហើយ ដែល​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់ខ្លួន ចាក​ចេញពី ប្រទេស​អ៊ុយ​ក្រែ​ន និង​កាត់បន្ថយ​បុគ្គលិក​ការទូត​នៅ​ប្រទេស​នេះ។

    គិត​មកដល់​បច្ចុប្បន្ន ប្រទេសមួយ​ចំនួន​ដែល​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ចាកចេញ​ពី អ៊ុយ​ក្រែ​ន រួមមាន សហរដ្ឋ​អាម៉េរិក អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស អៀឡង់ បែ​ហ្ស៊ិ​ក លុច​សំបួ ហូ​ឡង់ កាណាដា ន័​រ​វែ​ស អេ​ស្តូ​នី លី​ទុយ​អា​នី ប៊ុលហ្គារី ស្លូ​វេ​នី  អូស្ត្រាលី ជប៉ុន អ៊ីស្រាអែល អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត និង អេ​មី​រ៉ា​ត​អារ៉ាប់​រួម។

    ប្រទេស​បារាំង បាន​ណែនាំ​ថា មិនគួរ​ទៅកាន់​បណ្ដា​តំបន់​ព្រំដែន​ភាគ​ខាងជើង និង​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ មិនទាន់បាន​ស្នើឱ្យ​ពលរដ្ឋ​របស់ខ្លួន​ចាក​ចេញពី​ប្រទេស​នេះ​នៅឡើយ។

    ប្រទេស​រ៉ូ​ម៉ា​នី ដែលមាន​ព្រំដែន​ជាប់​នឹង អ៊ុយ​ក្រែ​ន បាន​ណែនាំ​ជាពិសេស​ដល់​ពលរដ្ឋ ឱ្យ​ចៀសវាង ប្រទេស​អ៊ុយ​ក្រែ​ន និង «ពិនិត្យ​លើ​តម្រូវការ​ស្នាក់នៅ​ទីនោះ» បើសិនជា​បាន​ជ្រុល​ធ្វើដំណើរ​ទៅដល់។

    រុស្ស៊ី បាន​កោះហៅ​បុគ្គលិក​មួយចំនួន​ត្រលប់​មកវិញ ព្រោះតែ​ព្រួយបារម្ភ​ចំពោះ​អ្វីដែល​ពួកគេ​ហៅថា «សកម្មភាព​បង្កហេតុ»។

    សហរដ្ឋ​អាម៉េរិក បានចេញ​បទបញ្ជា​ដក​បុគ្គលិក​ស្ទើរតែ​ទាំងអស់​ចេញពី​ទីក្រុង Kiev ដោយ​យល់ថា រុស្ស៊ី អាច​ផ្ទុះអាវុធ​ដាក់ អ៊ុយ​ក្រែ​ន គ្រប់ពេល។ ទីក្រុង​វ៉ា​ស៊ី​ង​តោន នឹង​រក្សា​បុគ្គលិក​កុងស៊ុល នៅក្នុង​ទីក្រុង Lviv ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន។

    កាណាដា និង អូស្ត្រាលី ក៏​បិទទ្វារ​ស្ថានទូត​នៅ ទីក្រុង​កៀវ ខណៈដែល​បណ្ដា​ប្រទេស​របស់ សហភាព​អឺរ៉ុប ក៏បាន​ស្នើឱ្យ​បុគ្គលិក​ការទូត​មិនចាំបាច់​នៅ ទីក្រុង​កៀវ ចាក​ចេញពី អ៊ុយ​ក្រែ​ន។

    អាម៉េរិក និង​បណ្ដា​ប្រទេស​លោកខាងលិច បាន​ចោទថា រុស្ស៊ី មាន​ផែនការ​វាយប្រហារ អ៊ុយ​ក្រែ​ន បន្ទាប់ពី​ប្រទេស​នេះ​បាន​បញ្ជូនទាហាន​ជាង ១០០,០០០ នាក់ រួម​នឹង​សព្វាវុធទំនើបៗ ចូលទៅ​ក្បែរ ព្រំដែន​អ៊ុយ​ក្រែ​ន។ រុស្ស៊ី វិញ អះអាងថា សកម្មភាព​នេះ​របស់ខ្លួន គ្រាន់តែ​ជា​បញ្ហា​ផ្ទៃក្នុង និង​ដើម្បី​ធ្វើ​សមយុទ្ធ នៅ​ចំពោះមុខ​ការគំរាមកំហែង​ពី សេណា​រី​យ៉ោ «ណា​តូ (NATO) ពង្រីក​ទឹកដី​មក​ភាគ​ខាងកើត ព្រមទាំង​បាន​ចោទ អាម៉េរិក និង​សម្ព័ន្ធមិត្ត​ថា បាន​បំប៉ោង​ហានិភ័យ​នៃ​ការកើតមាន​សង្គ្រាម។

    បន្ទាប់ពី រុស្ស៊ី បាន​ចល័ត​ទ័ព សហរដ្ឋ​អា​ម៉​រិ​ក ក៏បាន​បញ្ជូន​នាវាចម្បាំង យន្តហោះ​ទម្លាក់​គ្រាប់បែក ទៅកាន់ សមុទ្រ​ខ្មៅ ដើម្បី​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយនឹង ប្រទេស​អ៊ុយ​ក្រែ​ន និង​ប្រទេស​ជា​សមាជិក​ណា​តូ ចំនួន ២ គឺ រ៉ូ​ម៉ា​នី និង តួ​ក​គី។

    ក្រៅពីនេះ អាម៉េរិក និង​ប្រទេស​មួយចំនួន​របស់ ណា​តូ ក៏​បន្ត​លក់​អាវុធ និង​ផ្ដល់ជំនួយ​ជា​អាវុធ​ដល់ អ៊ុយ​ក្រែ​ន ផងដែរ។ ជាមួយនឹង​ការគាំទ្រ​ពី អាម៉េរិក ប្រទេស​អ៊ុយ​ក្រែ​ន បាន​បង្កើន​ការប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត​ប្រទេស ដែល​បាន​ថយកំដៅ​ក្នុងអំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ៕

  • ថវិកា ៧ ពាន់​លាន​ដុល្លារ របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​បង្ក​កនៅ​ធនាគារ​អាម៉េរិក ត្រូវបាន​លោក ចូ បៃ​ដិ​ន បញ្ជា​ឱ្យ​ដកយក​មកប្រើប្រាស់

    ថវិកា ៧ ពាន់​លាន​ដុល្លារ របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​បង្ក​កនៅ​ធនាគារ​អាម៉េរិក ត្រូវបាន​លោក ចូ បៃ​ដិ​ន បញ្ជា​ឱ្យ​ដកយក​មកប្រើប្រាស់

    កាលពី​ថ្ងៃទី ១១ កុម្ភៈ ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ដើម្បី​បញ្ចេញ​ខ្ទង់​ថវិកា​ចំនួន ៧ ពាន់​លាន​ដុល្លារ របស់​រដ្ឋាភិបាល​ចាស់​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។

    ខ្ទង់​ប្រាក់​នេះ ក្រោយមក​នឹងត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផ្ដល់​ជា​ជំនួយ​ផ្នែក​មនុស្សធម៌ ដល់​ប្រជា​ជា​អា​ហ្វ​ហ្គា​នី​ស្ថាន ក៏ដូចជា​ផ្ដល់​ជា​សំណង​ដល់​ជនរងគ្រោះ​នៃ​ករណី​ភេរវកម្ម​សំដៅលើ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ១១ កញ្ញា ២០០១។

    ជាក់ស្ដែង ខ្ទង់​ថវិកា ៧ ពាន់​លាន​ដុល្លារ​ខាងលើ ត្រូវបាន​បង្កក​នៅក្នុង​ធនាគារកណ្ដាល​របស់​អា​ម៉េ​រិ​ក (FED) បន្ទាប់ពី​រដ្ឋាភិបាល​ចាស់​នៅ កា​ប៊ុល បាន​ដួលរលំ ហើយ​កម្លាំង​តា​លី​បង់ បាន​ត្រលប់មក​កាន់អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ពាក់កណ្ដាល​ឆ្នាំ ២០២១។

    មន្ត្រីជាន់ខ្ពស់​មួយរូប​របស់ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា ប្រធានាធិបតី ចូ បៃ​ដិ​ន គ្រោង​នឹង​ប្រើប្រាស់​ថវិកា ៣.៥ ពាន់​លាន​ដុល្លារ​នៅក្នុង​ខ្ទង់​ប្រាក់​ខាងលើ ដើម្បី​បង្កើត​មូលនិធិ​មួយ​សម្រាប់​ផ្ដល់ជំនួយ​មនុស្សធម៌​ដល់ អា​ហ្វ​ហ្គា​នី​ស្ថាន «ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន និង​អនាគត​របស់​ប្រទេស​នេះ»។

    រដ្ឋាភិបាល​បច្ចុប្បន្ន​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន នឹង​មិនមាន​សិទ្ធិ​គ្រប់គ្រង​មូលនិធិ​ខាងលើ។ ចំណែក ៣.៥ ពាន់​លាន​ដុល្លារ​ទៀត នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ជា​សំណង​ដល់​ជនរងគ្រោះ​នៅក្នុង​អំពើ​ភេរវកម្ម​ថ្ងៃទី ១១ កញ្ញា ២០០១ បើសិន​សំណើ​របស់​ជនរងគ្រោះ​ត្រូវបាន​តុលាការ​អាម៉េរិក យល់ស្រប៕

  • អង្គការ​​សុខភាព​​ពិភព​លោក​ (WHO) ​ថា ​ដំណាក់​កាល​​ស្រួច​ស្រាវ​​របស់​ជំងឺ​រាត​ត្បាត​សកល​​ កូ​វីដ-១៩ ​អាច​នឹង​​​បញ្ចប់​​ក្នុង​ឆ្នាំ​នេះ

    អង្គការ​​សុខភាព​​ពិភព​លោក​ (WHO) ​ថា ​ដំណាក់​កាល​​ស្រួច​ស្រាវ​​របស់​ជំងឺ​រាត​ត្បាត​សកល​​ កូ​វីដ-១៩ ​អាច​នឹង​​​បញ្ចប់​​ក្នុង​ឆ្នាំ​នេះ

    មេដឹកនាំ WHO បានឱ្យដឹងថា ដំណាក់កាល​ធ្ងន់ធ្ងរ​របស់​ជំងឺ​រាតត្បាត​សកល កូ​វីដ-១៩ អាច​បញ្ចប់​នៅក្នុង​ឆ្នាំ ២០២២ នេះ បើសិន​ប្រជាជន​ប្រមាណ ៧០% របស់​ពិភពលោក បានទទួល​ការចាក់​វ៉ាក់សាំង។

    «យើង​រំពឹងថា ដំណាក់កាល​ស្រួចស្រាវ​របស់​ជំងឺ​រាតត្បាត​សកល​នឹង​បញ្ចប់​ក្នុងឆ្នាំនេះ ជាមួយនឹង​លក្ខខណ្ឌ ត្រូវ​សម្រេច​ដល់​គោលដៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន ៧០% នៃ​ចំនួន​ប្រជាជន​សរុប នៅ​ពាក់កណ្ដាល​ឆ្នាំនេះ ខ្ទង់​ខែមិថុនា-កក្កដា» លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ១១ កុម្ភៈ ពេល​កំពុង​ធ្វើ​ទស្សនកិច្ច​ក្រុមហ៊ុន Afrigen Biologics&Vaccines នៅ អាហ្វ្រិក​ខាងត្បូង។

    លោក Tedros បន្ថែមថា៖ «បើសិន​ប្រការ​នោះ​ត្រូវបាន​អនុវត្ត ដំណាក់កាល​ស្រួចស្រាវ​របស់​ជំងឺ​រាតត្បាត​សកល ពិតជា​អាច​ត្រូវបាន​បញ្ចប់ ហើយ​នោះ​គឺជា​ការដែល​យើង​រំពឹងទុក។ វា​ស្ថិតក្នុង​ដៃ​របស់​យើង​គ្រប់គ្នា វា​មិនមែនជា​រឿង​សំណាងល្អ ឬ​សំណាងអាក្រក់ ប៉ុន្តែ វា​គឺជា​បញ្ហា​នៃ​ការជ្រើសរើស»។

    Afrigen គឺជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ ទ្វីបអាហ្វ្រិក ដែល​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា mRNA របស់ Moderna។ ផលិតផល​នេះ​នឹងត្រូវ​ពិសោធ​លើ​មនុស្ស​នៅ​ខែវិច្ឆិកា ២០២២ និង​អនុម័ត​នៅ​ឆ្នាំ ២០២៤។

    ប្រធាន WHO រំពឹងថា វ៉ាក់សាំង​នេះ «សមស្រប​ជាមួយនឹង​ស្ថានការណ៍​ដែល​វា​ត្រូវបាន​ប្រើប្រាស់​ដោយមាន​ឧបសគ្គ​តិចតួច​ទាក់ទង​នឹង​ការ​ទុកដាក់ ហើយ​តម្លៃ​ក៏​ទាប​ជាង​ទីផ្សារ»។

    Afrigen កំពុងតែ​នាំមុខគេ​នៅក្នុង​គម្រោង​ពិសោធ​ដែល​ផ្ដល់ជំនួយ​ដោយ WHO និង COVAX។ មជ្ឈមណ្ឌល​ផ្ទេរ​បច្ចេកវិទ្យា​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០២១ នឹង​បណ្ដុះបណ្ដាល​ប្រទេស​មួយចំនួន ហើយ​ផ្ទេរ​បច្ចេកវិទ្យា​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ឱ្យទៅ​បណ្ដា​ប្រទេស​ក្រីក្រ​ដែល​ស្ថិត​នៅក្រោយ​គេ​ក្នុងការ​ប្រកួតប្រជែង​ចាក់​វ៉ាក់សាំង៕

  • អេ​ស្ប៉ា​ញ និង​ អ៊ីតាលី ដក​បទបញ្ជា​តម្រូវឱ្យ​ពាក់​ម៉ាស​នៅ​ទីសាធារណៈ

    អេ​ស្ប៉ា​ញ និង​ អ៊ីតាលី ដក​បទបញ្ជា​តម្រូវឱ្យ​ពាក់​ម៉ាស​នៅ​ទីសាធារណៈ

    លើកដំបូង​ក្នុង​រយៈពេល​ជិត ២ ខែ​កន្លង ប្រជាជន​អេ​ស្ប៉ា​ញ អាច​ទុក​ម៉ាស​ក្នុង​ថង់​ជាថ្មី នៅពេល​រដ្ឋាភិបាល​ប្រទេស​នេះ បាន​ដក​បទបញ្ជា​តម្រូវឱ្យ​ពាក់​ម៉ាស​នៅ​ទីសាធារណៈ កាលពី​ថ្ងៃទី ១០ កុម្ភៈ។

    សារព័ត៌មាន AP (អាម៉េរិក) បាន​រាយការណ៍​ថា ប្រទេស​អ៊ីតាលី ក៏មាន​គម្រោង​អនុវត្តតាម​គំរូ​របស់ អេ​ស្ប៉ា​ញ។ ទាំង អ៊ីតាលី ទាំង អេ​ស្ប៉ា​ញ សុទ្ធ​តែមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ខ្ពស់ ខណៈ​តួលេខ​នៃ​ករណី​ឆ្លង​ថ្មី និង​ចូល​ពេទ្យ​ថ្មី កំពុង​ថយចុះ បើ​ធៀប​នឹង​ដំណាក់កាលមុន។

    Sara de la Rubia ដែលជា​គ្រូពេទ្យ​វ័យ ៤៥ ឆ្នាំ​មួយរូប នៅ ទីក្រុង​ម៉ា​ឌ្រី​ដ ថ្លែងថា ការបោះបង់​ម៉ា​សនឹង​ក្លាយជា​វិធី​ពិសោធ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១។ អេ​ស្ប៉ា​ញ និង អ៊ីតាលី ក៏​សុទ្ធ​តែមាន​ប្រជ​ន​ប្រមាណ​ជា ៨២% បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ។

    យោងតាម​ការកំណត់​ថ្មី​របស់ អេ​ស្ប៉ា​ញ សិស្សានុសិស្ស​នឹងមិន​ត្រូវ​បាន​តម្រូវឱ្យ​ពាក់​ម៉ាស​នៅក្នុង​ម៉ោង​សម្រាក។ ប៉ុន្តែ ការពាក់​ម៉ាស នៅតែ​ត្រូវ​រក្សា​នៅក្នុង​ទីតាំង​បិទ​ជិត​នៃ​ទីសាធារណៈ ដូចជា​យានយន្ត​សាធារណៈ និង​ទីតាំង​ដែល​ពិបាក​ក្នុងការ​រក្សា​គម្លាត ១.៥ ម៉ែត្រ ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់។

    ប្រទេស​អ៊ីតាលី មាន​គម្រោង​ដក​វិធានការ​តម្រូវឱ្យ​ពាក់​ម៉ាស​នៅ​ខាងក្រៅ​ផ្ទះ ចាប់ពី​ថ្ងៃទី ១១ កុម្ភៈ ២០២២ (១២ កុម្ភៈ នៅ កម្ពុជា)។ ក្រៅពីនេះ រដ្ឋាភិបាល​ក៏​កំពុង​ពិភាក្សា​អំពី​ការលុបចោល​ស្ថានភាព​អាសន្ន ចាប់ពី​ថ្ងៃទី ៣១ មីនា ២០២២ ផងដែរ៕

  • ទ្វីបអាហ្វ្រិក ជិត​រួច​ផុតពី​ជំងឺ​រាតត្បាត​សកល កូ​វីដ-១៩! អង្គការ​សុខភាព​ពិភពលោក​ (WHO) អះអាង​ដូច្នេះ

    ទ្វីបអាហ្វ្រិក ជិត​រួច​ផុតពី​ជំងឺ​រាតត្បាត​សកល កូ​វីដ-១៩! អង្គការ​សុខភាព​ពិភពលោក​ (WHO) អះអាង​ដូច្នេះ

    តំណាង​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងថា ទ្វីបអាហ្វ្រិក កំពុង​ឈានទៅរក​ការចាកចេញ​ផុតពី​ជំងឺ​រាតត្បាត​សកល និង​ឆ្ពោះទៅកាន់​ដំណាក់កាល​គ្រប់គ្រង កូ​វីដ-១៩ យូរអង្វែង។

    យោងតាម​សារព័ត៌មាន​អង់គ្លេស The Guardian វេជ្ជបណ្ឌិត Matshidiso Moeti ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ ទ្វីបអាហ្វ្រិក អះអាងថា៖ «ជំងឺ​រាតត្បាត​សកល កំពុង​ងាក​ទៅរក​ដំណាក់កាល​មួយ​ផ្សេងទៀត។ យើង​ជឿថា ទ្វីបអាហ្វ្រិក កំពុង​ឆ្ពោះទៅកាន់​ដំណាក់កាល​រស់នៅ​ជាមួយ កូ​វីដ-១៩ ដូច​ទៅនឹង​ជំងឺ​រាតត្បាត​អសកល ពិសេស​នៅពេល​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​កំពុង​កើន​ឡើងជា​លំដាប់»។

    លោកស្រី Moeti ឱ្យដឹងថា សមត្ថភាព​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាលដាល​ថ្មី​របស់ ទ្វីបអាហ្វ្រិក បាន​មាន​ប្រសិទ្ធភាព​ជាង​មុន។ ជាក់ស្ដែង ទ្វីបអាហ្វ្រិក បាន​ចំណាយពេល ២៩ សប្ដាហ៍​ដើម្បី​អាច​គ្រប់គ្រង​រលក​នៃ​ការឆ្លង​ដំបូង ប៉ុន្តែ បច្ចុប្បន្ន រយៈពេល​នេះ​បាន​ថយ​ចុះមក​នៅត្រឹម ៦ សប្ដាហ៍​ប៉ុណ្ណោះ ក្នុង​រលក​នៃ​ការឆ្លង​ទី ។

    ទោះជា​យ៉ាងនេះ​ក៏ដោយ លោកស្រី Moeti សង្កត់ធ្ងន់ថា មកដល់ពេលនេះ ប្រជាជន​អាហ្វ្រិក​ប្រមាណ ១១% ប៉ុណ្ណោះ ដែល​បាន​ចាក់​វ៉ាក់សាំង។ លោកស្រី​បង្ហើប​ឱ្យដឹងថា តួលេខ​អ្នក​ឆ្លង កូ​វីដ-១៩ នៅ អាហ្វ្រិក អាច​ខ្ពស់ជាង ៧ ដង ធៀប​នឹង​ទិន្នន័យ​ផ្លូវការ ចំណែក​តួលេខ​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ អាច​ខ្ពស់ជាង​ប្រហែល​ពី ២ ដល់ ៣ ដង។ មូលហេតុ​នៃ​បញ្ហា​នេះ ត្រូវបាន​លោកស្រី Moeti បកស្រាយ​ថា គឺ​ដោយសារ​ប្រព័ន្ធគ្រប់គ្រង​ករណី​ឆ្លង​កំពុង​ជួប​បញ្ហា ការធ្វើ​តេស្ត​នៅមានកម្រិត ធ្វើឱ្យ​ការវាយតម្លៃ​មិនមាន​សុក្រឹតភាព។

    ទិន្នន័យ​ពី​សាកលវិទ្យាល័យ Johns Hopkins ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី ១០ កុម្ភៈ ទ្វីបអាហ្វ្រិក បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ-១៩ សរុប​ចំនួន​ជាង ១១ លាន​នាក់ ក្នុងនោះ​មាន ២៥០,០០០ នាក់ បាន​ស្លាប់។ បើសិន​ជាការ​គណនារ​បស់ WHO គឺជា​រឿង​ពិត នោះ​តួលេខ​នៃ​ករណី​ឆ្លង​សរុប​អាច​ឡើងដល់​ជិត ៧០ លាន​នាក់ និង​ស្លាប់​ជិត ៧៥០,០០០ នាក់៕

  • ឥណ្ឌូណេស៊ី ទិញ​យន្តហោះ​ចម្បាំង​ពី អាម៉េរិក រាប់​សិប​គ្រឿង ក្រោយពី​បាន​បញ្ជា​ទិញយន្ត​ហោះ​ចម្បាំង​​ពី បារាំង

    ឥណ្ឌូណេស៊ី ទិញ​យន្តហោះ​ចម្បាំង​ពី អាម៉េរិក រាប់​សិប​គ្រឿង ក្រោយពី​បាន​បញ្ជា​ទិញយន្ត​ហោះ​ចម្បាំង​​ពី បារាំង

    អាជ្ញាធរ​របស់​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន កាលពី​ថ្ងៃទី ១០ កុម្ភៈ បានអនុម័ត​លើ​កញ្ចប់​អាវុធ​តម្លៃ​ជិត ១៤ ពាន់​លាន​ដុល្លារ ដែល ប្រទេស​ឥណ្ឌូណេស៊ី បានស្នើ​ទិញ ក្នុងនោះ​មាន​យន្តហោះ​ចម្បាំង F-១៥ ចំនួន ៣៦ គ្រឿង​ផងដែរ។

    ក្រៅពី​យន្តហោះ​ចម្បាំង F-១៥ ចំនួន ៣៦ គ្រឿង កញ្ចប់​អាវុធ​នេះ​ក៏មាន​ឧបករណ៍​បច្ចេកវិទ្យា​ជាដើម ដែល​ទាក់ទង​នឹង​អាវុធ មានដូចជា គ្រាប់រំសេវ និង​ប្រព័ន្ធ​ទំនាក់ទំនង។ល។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន AP។

    ប្រទេស​ឥណ្ឌូណេស៊ី ថ្មីៗនេះ​បានប្រកាសថា បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង Rafale របស់ បារាំង ចំនួន ៤២ គ្រឿង បន្ទាប់ពី​បាន​លុបចោល​កុងត្រា​ទិញ​យន្តហោះ​ចម្បាំង​ពី ប្រទេស​រុស្ស៊ី។

    សហរដ្ឋ​អាម៉េរិក បាន​យល់ព្រម​លក់​អាវុធ​ថ្មី​ឱ្យ ឥណ្ឌូណេស៊ី នៅក្នុង​ស្ថានភាព​ដែល​ភាព​តានតឹង​កំពុង​កើតឡើង​នៅលើ​សមុទ្រ​ចិន​ខាងត្បូង និង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក៕