Category: អន្តរជាតិ

  • អ៊ុយ​ក្រែ​ន ស្នើឱ្យ​បង្កើត​តំបន់​ហាម​ហោះហើរ​ទាំងស្រុង​ចំពោះ រុស្ស៊ី

    អ៊ុយ​ក្រែ​ន ស្នើឱ្យ​បង្កើត​តំបន់​ហាម​ហោះហើរ​ទាំងស្រុង​ចំពោះ រុស្ស៊ី

    អ៊ុយ​ក្រែ​ន បាន​អំពាវនាវ​ឱ្យមាន «ការបិទ​ទាំងស្រុង​នូវ​ដែនអាកាស ចំពោះ​មី​ស៊ី​ល យន្តហោះ និង​ឧទ្ធម្ភាគចក្រ​របស់ រុស្ស៊ី» នោះ​បើតាម Ukrinform។

    «យើង​ត្រូវការ​ពិនិត្យ​លទ្ធភាព​នៃ​ការបង្កើត​តំបន់​ហាម​ហោះហើរ​ទាំងស្រុង​ចំពោះ មី​ស៊ី​ល យន្តហោះ និង​ឧទ្ធម្ភាគចក្រ​របស់ រុស្ស៊ី» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ថ្លែង​ដូច្នេះ។

    សហរដ្ឋ​អាម៉េរិក បាន​ដកចេញ​នូវ​លទ្ធភាព​នៃ​ការបញ្ជូន​ទ័ព​ទៅកាន់ អ៊ុយ​ក្រែ​ន ដើម្បី​តតាំង​នឹង កងទ័ព​រុស្ស៊ី។ ក្រុមមន្ត្រី​អាម៉េរិក ក៏មាន​ការបារម្ភ​អំពី​ភាព​តានតឹង​រវាង អាម៉េរិក និង រុស្ស៊ី ដែលជា​មហា​អំ​ណាយ​នុយ​ក្លេ​អែរ ធំជាងគេ​បំផុត​ក្នុង​ពិភពលោក។

    ​ទីប្រឹក្សា​ផ្នែក​សារព័ត៌មាន​របស់ សេតវិមាន​ លោកស្រី Jen Psaki បាន​ថ្លែងថា ការបង្កើត​តំបន់​ហាម​ហោះហើរ​នៅ អ៊ុយ​ក្រែ​ន ទាមទារ​ឱ្យ អាម៉េរិក បញ្ជូន​ទ័ព​ទៅ​អនុវត្ត ប៉ុន្តែ ប្រការនេះ​អាចជា​ការប្រយុទ្ធ​ផ្ទាល់ ហើយ​អាចមាន​ហានិភ័យ​ក្លាយជា​សង្គ្រាម​ធំ​រវាង រុស្ស៊ី និង អាម៉េរិក។ ប្រការនេះ​គឺជា​រឿង​ដែល អាម៉េរិក មិនមាន​ផែនការ​ចូលរួម​នោះទេ។

    ប៉ុន្មាន​ថ្ងៃ​មកនេះ សហភាព​អឺរ៉ុប បាន​ហាម​ការហោះហើរ​នៅលើ​ដែនអាកាស​របស់​ពួកគេ ចំពោះ​យន្តហោះ​របស់ រុស្ស៊ី ក្រោយពី​ប្រទេស​នេះ បាន​ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន។ សហភាព​អឺរ៉ុប ក៏​ហាម​បណ្ដា​ក្រុមហ៊ុន​របស់ EU ផ្គត់ផ្គង់​យន្តហោះ​ស៊ីវិល និង​គ្រឿងបន្លាស់​ដល់ សហព័ន្ធរុស្ស៊ី ផងដែរ។

    ឆ្លើយតប​នឹង EU អាជ្ញាធរ​រុស្ស៊ី បាន​កាត់បន្ថយ​សកម្ម​ភាព​របស់​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រទេស​ចំនួន ៣៦ ដែល​ហោះហើ​ក្នុង​ទឹកដី រុស្ស៊ី។

  • ៨ ប្រទេស​ក្នុង​សហភាព​អឺរ៉ុប ស្នើឱ្យ​ផ្ដល់​ឋានៈ​ជា​បេក្ខភាព​សមាជិក​ដល់ អ៊ុយ​ក្រែ​ន

    ៨ ប្រទេស​ក្នុង​សហភាព​អឺរ៉ុប ស្នើឱ្យ​ផ្ដល់​ឋានៈ​ជា​បេក្ខភាព​សមាជិក​ដល់ អ៊ុយ​ក្រែ​ន

    ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ចំនួន ៨ នៃ សហភាព​អឺរ៉ុប (EU) ក្នុងនោះ​ក៏មាន សាធារណរដ្ឋ​ឆែក ផងដែរ កាលពី​ម្សិលមិញ បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​របស់ EU ផ្ដល់​ឋានៈ​ជា​បេក្ខភាព​សមាជិក​ដល់ ប្រទេស​អ៊ុយ​ក្រែ​ន ជាបន្ទាន់ និង​ចាប់ផ្ដើម​កិច្ចចរចា​ជំហាន​បន្ទាន់។

    នៅក្នុង​លិខិត​រួមមួយ មេដឹកនាំ​របស់​ប្រទេស​ចំនួន ៨ រួមមាន ប៊ុលហ្គារី ឆែក អេ​ស្តូ​នី លេ​ទុយ​អា​នី ប៉ូឡូញ ស្លូ​វ៉ា​គី និង ស្លូ​វេ​នី បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​របស់ សហភាព​អឺរ៉ុប បង្ហាញ​ការគាំទ្រ​ផ្នែក​នយោបាយ​ចំពោះ អ៊ុយ​ក្រែ​ន និង​អនុញ្ញាតឱ្យ​ប្រទេស​ជា​សមាជិក អនុវត្ត​ជំហាន​បន្ទាប់​ដើម្បី​ប្រគល់​ឋានៈ​ជា​បេក្ខភាព​ដល់ អ៊ុយ​ក្រែ​ន ជាបន្ទាន់ ហើយ​ចាប់ផ្ដើម​ដំណាក់កាល​ចរចា​នៅក្នុង​ការដាក់បញ្ចូល អ៊ុយ​ក្រែ​ន ទៅក្នុង​សម្ព័ន្ធភាព​នេះ។

    មុន​នោះ ក្នុង​ថ្ងៃ​ដដែល ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី បានស្នើ​ឱ្យ EU ធ្វើការ​ទទួលយក អ៊ុយ​ក្រែ​ន ជាបន្ទាន់ តាមរយៈ​លិខិតស្នើ​សុំចូល​ជា​សមាជិក​របស់ EU។ លោក ហ្សេ​ឡែ​ន​ស្គី យល់ថា «អ៊ុយ​ក្រែ​ន ស័ក្ដិសម ហើយ​ប្រការ​នោះ​ពិតជា​អាច​កើតឡើង»។

    នាយករដ្ឋមន្ត្រី​របស់ ប្រទេស​ឆែក Petr Fiala បាន​គាំទ្រ​ការស្នើសុំ​របស់ អ៊ុយ​ក្រែ​ន ប៉ុន្តែ នោះ​គ្រាន់តែ​ជា​ម្ចាស់ឆ្នោត​មួយ​ប៉ុណ្ណោះ​នៅក្នុង សហភាព​អឺរ៉ុប។ ក្រុម​អ្នកជំនាញ​យល់ថា អ៊ុយ​ក្រែ​ន មិនទាន់មាន​លក្ខណៈ​គ្រប់គ្រាន់​ដែល​អាចឆ្លើយតប​នឹង​លក្ខខណ្ឌ​របស់ EU ក្នុងនោះ​មាន​ទាំង​អំពើពុករលួយ​ជាដើម។

  • ក្បួន​រថយន្តយោធា​ប្រវែង​ប្រហែល​ ៦៤ គីឡូម៉ែត្រ របស់ រុស្ស៊ី កំពុង​ចូលមក​កៀក​រដ្ឋធានី​របស់ អ៊ុយ​ក្រែ​ន

    ក្បួន​រថយន្តយោធា​ប្រវែង​ប្រហែល​ ៦៤ គីឡូម៉ែត្រ របស់ រុស្ស៊ី កំពុង​ចូលមក​កៀក​រដ្ឋធានី​របស់ អ៊ុយ​ក្រែ​ន

    រូបភាព​ពី​ផ្កាយរណប​បង្ហាញថា ក្បួន​រថយន្តយោធា​រុស្ស៊ី បន្ត​ប​ន្ទុ​យ​គ្នា​ប្រវែង​ប្រហែល ៦៤ គីឡូម៉ែត្រ កំពុង​ចូលមក​ជិត រដ្ឋធានី​កៀវ វែង​ជាង ២ ដង ធៀប​នឹង​ប្រវែង​នៅក្នុង​រូប​ដែល​ថត​បាន​មុន​នោះ។

    Maxar Technologies កាលពី​ចុង​ថ្ងៃទី ២៨ កុម្ភៈ បាន​បង្ហោះ​រូបថត​ពី​ផ្កាយរណប​បង្ហាញថា ក្បួន​រថយន្តយោធា​រុស្ស៊ី ដែល​រួមមាន រថពាសដែក រថក្រោះ កាំភ្លើង​ធំ រួម​នឹង​សម្ភារៈ​យោធាផ្សេងៗ បាន​ចល័ត​មកដល់​ជាយក្រុង​កៀវ របស់ អ៊ុយ​ក្រែ​ន។

    Maxar ឱ្យដឹងថា រូបភាព​ពី​ផ្កាយរណប​ដែល​ពួកគេ​ថត​បាន​នាពេលថ្មីៗបំផុត​នេះ បង្ហាញថា ក្បួន​រថយន្តយោធា​រុស្ស៊ី បន្តកន្ទុយ​គ្នា​ប្រវែង ៦៤ គីឡូម៉ែត្រ ក្នុងនោះ ក្បាល​របស់​វា​ស្ថិតនៅ​មូលដ្ឋាន​ទ័ពអាកាស Antonov ដែលមាន​ចម្ងាយ​ប្រហែល ២៧ គីឡូម៉ែត្រ ពី រដ្ឋធានី​កៀវ ខណៈដែល​កន្ទុយ​របស់​វា​នៅឯ​ភាគ​ខាងជើង​នៃ​តំបន់ Pribyrsk។

    Maxar ក៏បាន​មើលឃើញ​ផ្សែង​បាញ់​ចេញពីផ្ទះ និង​អគារ​ជាច្រើន​នៅ​ភាគ​ខាងជើង និង​ភាគ​ពាយព្យ​របស់ Ivankiv ដែល​ស្ថិត​នៅក្បែរ​ដងផ្លូវ​នានា​ដែល​ក្បួនទ័ព​រុស្ស៊ី កំពុង​ឆ្លងកាត់។ ប៉ុន្តែ មិនទាន់​ដឹង​អំពី​មូល​ហេតុដែល​នាំឱ្យមាន​ផ្សែង​ទាំងនោះ​នៅឡើយ។

    អង្គភាព​ទ័ពជើងគោក​មួយចំនួន រួម​នឹង​បណ្ដា​ឧទ្ធម្ភាគចក្រ​វាយប្រហារ ក៏​បង្ហាញខ្លួន​នៅឯ​ភាគខាងត្បូង​នៃ ប្រទេស​បេឡា​រូស ចម្ងាយ​ពី​ព្រំដែន​អ៊ុយ​ក្រែ​ន មិន​ដល់ ៣២ គីឡូម៉ែត្រ។

    CNN ដកស្រង់​សម្ដី​របស់​ក្រុមមន្ត្រី​សេត​វិមាន ឱ្យដឹងថា ពួកគេ​កំពុង​តាមដាន​ស្ថានការណ៍​យ៉ាង​យកចិត្តទុកដាក់ និង​មានការ​ព្រួយបារម្ភ​អំពី​ការកើនឡើង​នៃ​អំពើហិង្សា ក៏ដូចជា​ការខាតបង់​អាយុជីវិត​ប្រជាជន​ស៊ីវិល​ផងដែរ។

  • អ៊ុយ​ក្រែ​ន អនុញ្ញាតឱ្យ​អ្នកទោស​ចូលរួម​ប្រយុទ្ធ ដើម្បី​លុបលាង​ទោស

    អ៊ុយ​ក្រែ​ន អនុញ្ញាតឱ្យ​អ្នកទោស​ចូលរួម​ប្រយុទ្ធ ដើម្បី​លុបលាង​ទោស

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី បានឱ្យដឹងថា អ្នកទោស​ដែលមាន​ជំនាញ​ផ្នែក​យោធា​នឹង​ត្រូវបាន​លើកលែងទោស បើសិនជា​យល់ព្រម​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការឈ្លានពាន​របស់ រុស្ស៊ី។

    «ជនជាតិ​អ៊ុយ​ក្រែ​ន ដែលមាន​បទពិសោធន៍​ក្នុងការ​ប្រយុទ្ធ​នឹងត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ ហើយ​អាច​លុបលាង​ទោស​របស់ខ្លួន​នៅឯ​សមរភូមិ​ដែល​ក្ដៅ​បំផុត។ ប្រការ​ដែល​សំខាន់បំផុត​នៅពេលនេះ​គឺ​ការការពារ»។ លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី បាន​ថ្លែង​កាលពី​ថ្ងៃទី ២៨ កុម្ភៈ​ដូច្នេះ។

    លោក ហ្សេ​ឡែ​ន​ស្គី ថា នេះ​គឺជា​ការសម្រេចចិត្ត​ដ៏​លំបាក បើ​និយាយ​អំពី​សីលធម៌ ប៉ុន្តែ អ្វីដែល​ចាំបាច់​នាបច្ចុប្បន្ន នោះ​គឺ​ការការពារ អ៊ុយ​ក្រែ​ន។ លោក​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ទាំងអស់ «លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​ប្រទេសជាតិ»។

    សមរភូមិ​ក្ដៅ​នៅ​ អ៊ុយក្រែន

    «ពេលនេះ យើងម្នាក់ៗគឺជា​ទាហាន។ ហើយ​ខ្ញុំ​ជឿជាក់ថា យើង​នឹង​ដណ្ដើមបាន​ជ័យជំនះ» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន អះអាង​បន្ថែម។

    ជាង​នេះ លោក ហ្សេ​ឡែ​ន​ស្គី ក៏បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​លើកលែង​ទិដ្ឋាការ​ទាំងអស់ សម្រាប់​ជនបរទេស​​ទាំង​ឡាយ​ណា​​ដែលមាន​បំណង​ចូលរួម​ជាមួយ «អង្គភាព​ការពារ​អន្តរជាតិ» ដែល​ទើប​ត្រូវបាន អ៊ុយ​ក្រែ​ន បង្កើតឡើង ដើម្បី​ប្រយុទ្ធ​តតាំង​ប្រឆាំង រុស្ស៊ី។ បទបញ្ជា​នេះ​មាន​សុពលភាព​ចាប់ពី​ថ្ងៃទី ១ មីនា និង​អូសបន្លាយ​រហូតដល់​ពេល អ៊ុយ​ក្រែ​ន បញ្ចប់​ការអនុវត្ត​ច្បាប់អាជ្ញាសឹក។

    អ៊ុយក្រែន ថា ទាហានរុស្ស៊ី ជាង ៥,០០០ នាក់ បានស្លាប់

    ប្រកាស​ទាំងឡាយ​ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅពេល​កម្លាំង​ទ័ព​របស់ រុស្ស៊ី កំពុង​បង្កើន​ការឡោមព័ទ្ធ​បណ្ដា​ទីក្រុងធំៗរបស់ អ៊ុយ​ក្រែ​ន និង​ចូល​ក្បែរ រដ្ឋធានី​កៀវ ខណៈ​កិច្ចចរចា​លើកដំបូង​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន ត្រូវបាន​បញ្ចប់​ដោយ​មានការ​សន្យាថា នឹង​បន្ត​ការចរចា គ្រា​ដែល អ៊ុយ​ក្រែ​ន ថា ទាហាន​រុស្ស៊ី ជាង ៥,០០០ នាក់ បាន​ស្លាប់ និង រថក្រោះ​ជិត ២០០ គ្រឿង, យន្តហោះ​ចម្បាំង ២៩ គ្រឿង, ឧទ្ធម្ភាគចក្រ​ជិត ៣០ គ្រឿង រួម​នឹង​រថពាសដែក​ជាង ៨០០ គ្រឿង របស់ កងទ័ព​រុស្ស៊ី ត្រូវបាន​កម្ទេច​នៅ​សមរភូមិ។

  • រុស្ស៊ី ប្រកាសថា ខ្លួន​វាយយក​បាន​ទីក្រុង​ចំនួន ២ និង​មានប្រៀប​ជាង អ៊ុយ​ក្រែ​ន នៅលើ​ផ្ទៃ​អាកាស

    រុស្ស៊ី ប្រកាសថា ខ្លួន​វាយយក​បាន​ទីក្រុង​ចំនួន ២ និង​មានប្រៀប​ជាង អ៊ុយ​ក្រែ​ន នៅលើ​ផ្ទៃ​អាកាស

    ក្រសួងការពារជាតិ​រុស្ស៊ី បានប្រកាសថា កងទ័ព​រុស្ស៊ី បច្ចុប្បន្ន​វាយយក​បាន​ទីក្រុង Berdyansk និង Enerhodar ព្រមទាំង​មានប្រៀប​ជាង កងទ័ព​អ៊ុយ​ក្រែ​ន នៅលើ​អាកាស។

    ព័ត៌មាន​ខាងលើ​គឺជា​ប្រកាស​នា​ថ្ងៃនេះ​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី Igor Konashenkov។ អ្នកនាំពាក្យ​នេះ​ក៏បាន​និយាយថា ពួកគេ​បាន​គ្រប់គ្រង​តំបន់​ជុំវិញ​រោងចក្រ​ថាមពល​នុយ​ក្លេ​អែរ Zaporizhzhya ប៉ុន្តែ ភាគី​ខាង​អ៊ុយ​ក្រែ​ន ភ្លាមនោះ​ក៏បាន​បដិសេធ។

    រុស្ស៊ី ថែមទាំង​ប្រកាសថា ប្រជាជន​ក្នុង រដ្ឋធានី​កៀវ អាច​ចាក​ចេញពី​ទីក្រុង​ដោយ​សេរី។ ប៉ុន្តែ ក្រសួងមហាផ្ទៃ​របស់ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៧ កុម្ភៈ រាយការណ៍​ថា ប្រជាជន​ប្រមាណ ៣៥២ នាក់ បាន​ស្លាប់ ក្នុងនោះ​មាន​កុមារ ១៤ នាក់ និង​មនុស្ស​ជាង ១,៦៨0 នាក់ បាន​រងរបួស ក្នុងនោះ​មាន​ក្មេង​ចំនួន ១១៦ នាក់ ក្រោយពី រុស្ស៊ី បាន​បញ្ឆេះ​សង្គ្រាម។

    ទាហានរុស្ស៊ី នៅ​រោង​ចក្រ​ថាមពល​នុយក្លេអែរ Chernomyl ក្នុងតំបន់ Pripyat កាលពីថ្ងៃទី ២៦ កុម្ភៈ

    សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត បានដាក់​ទណ្ឌកម្ម​លើ រុស្ស៊ី និង​កំពុង​ញាប់ដៃ ញាប់ជើង ក្នុងការ​ផ្ដល់​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន។ កាលពី​ថ្ងៃទី ២៦ កុម្ភៈ បស្ចិម​លោក​បានសម្រេច​កាត់ផ្ដាច់​ធនា​ការធំៗមួយចំនួន​របស់ រុស្ស៊ី ចេញពី​ប្រព័ន្ធ​ទូរគមនាគមន៍​ហិរញ្ញវត្ថុ​នៃ​ធានា​គារ​ទូទាំង​សកលលោក (SWIFT) ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ។

    រុស្ស៊ី ឈ្លានពាន​ អ៊ុយក្រែន ពី​ច្រើន​ទិស

    ថ្ងៃនេះ គណៈប្រតិភូ​របស់ អ៊ុយ​ក្រែ​ន បានធ្វើ​ដំណើរ​ទៅដល់ ប្រទេស​បេឡា​រូស ដើម្បី​ចាប់ផ្ដើម​កិច្ចចរចា​ជាមួយ ភាគី​រុស្ស៊ី។ តំណាង​របស់ រុស្ស៊ី និយាយថា រាល់​ការព្រមព្រៀង​គឺ​សុទ្ធតែ​ត្រូវ​ផ្អែកលើ​ផលប្រយោជន៍​របស់​ប្រទេស​ទាំងពីរ។

  • បស្ចិម​លោក កំពុង​ «ដុត​ដៃ ដុត​ជើង» ​ផ្ដល់​អាវុធ​ដល់ អ៊ុយ​ក្រែ​ន ដើម្បី​ប្រឆាំង​ការឈ្លានពាន​របស់ រុស្ស៊ី

    បស្ចិម​លោក កំពុង​ «ដុត​ដៃ ដុត​ជើង» ​ផ្ដល់​អាវុធ​ដល់ អ៊ុយ​ក្រែ​ន ដើម្បី​ប្រឆាំង​ការឈ្លានពាន​របស់ រុស្ស៊ី

    ក្រោយ​មានការ​រិះគន់​ច្រើន​ថា «បោះបង់» អ៊ុយ​ក្រែ​ន ប្រទេស​ជាច្រើន​នៅ​លោកខាងលិច បាននាំគ្នា​ផ្ដល់ជំនួយ​ជា​អាវុធ​ដល់ រដ្ឋធានី​កៀវ ជា​បន្តបន្ទាប់ ក្នុង​គ្រា​ដែល រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ជិត​បើក​កិច្ចចរចា។

    ប្រធាន​គណៈកម្មការ​អឺរ៉ុប Ursula von der Leyen កាលពី​ថ្ងៃទី ២៧ កុម្ភៈ ប្រកាសថា សហភាព​អឺរ៉ុប (EU) បានសម្រេច​ថា​នឹង​ចំណាយ ៥០០ លាន​ដុល្លារ ដើម្បីឱ្យ​សមាជិក​ទាំងឡាយ ទិញ និង​ប្រគល់​អាវុធ​ដល់ អ៊ុយ​ក្រែ​ន។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល EU បានសម្រេច​ដូច្នេះ​នៅក្នុង​ប្រវត្តិសាស្ត្រ។

    តំណាង​ជាន់ខ្ពស់​ផ្នែក​គោលនយោបាយ​ការបរទេស និង​សន្តិសុខ​របស់ EU លោក Josep Borrell ក៏បាន​ឱ្យដឹងថា សហភាព​អឺរ៉ុប នឹង​បញ្ជូន​យន្តហោះ​ចម្បាំង​ឱ្យទៅ កងទ័ព​អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​នឹង កងទ័ព​ឈ្លានពាន​រុស្ស៊ី។

    ដា​ណឺ​ម៉ាក និង ស្វ៊ី​ស ប្រកាសថា នឹង​ផ្ដល់​អាវុធ​ប្រឆាំង​រថក្រោះ ជិត ៨,០០០ ដើម រួម​នឹង​សម្ភារៈ​យោធា​ជាច្រើន​ទៀត ដល់ អ៊ុយ​ក្រែ​ន។ ការផ្ដល់​ជំនួយ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី អាល្លឺម៉ង់ កាលពី​ដើមខែ​នេះ​ត្រូវបាន​រិះគន់ថា បានផ្ដល់​ជំនួយ​ជា​មួក​ដែក​ប្រហែល​តែ ៥,០០០ ដល់ អ៊ុយ​ក្រែ​ន ធ្វើឱ្យ Vitali Klitschko ដែលជា​អភិបាលរដ្ឋ​ធានី​កៀវ «មិនអាច​ចេញ​ស្ដី​បាន»។

    ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​នោះ នៅពេល​មានការ​ប្រឹងប្រែង​ផ្នែក​ការទូត បារាំង អាល្លឺម៉ង់ និង​ប្រទេស​ជាច្រើន​នៅ​បស្ចិម​លោក នៅតែមាន​ការរារែក​ក្នុងការ​បញ្ជូន​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន ព្រោះ​ខ្លាច​ធ្វើឱ្យ វិមាន​ក្រឹម​ឡាំង កាន់តែ​ក្ដៅក្រហាយ។

    ក៏ប៉ុន្តែ ក្រោយពី​លោក ពូ​ទីន បានប្រកាស​សង្គ្រាម គ្រប់យ៉ាង​ក៏បាន​ប្ដូរផ្លាស់។ កាលពី​ថ្ងៃទី ២៦ កុម្ភៈ អាល្លឺម៉ង់ និយាយថា នឹង​ផ្ដល់​អាវុធ​ប្រឆាំង​រថក្រោះ​ចំនួន ១,០០០ ដើម និង មី​ស៊ី​ល ស្ពាយ​លើ​ស្មា ៥០០ ដើម ដល់ អ៊ុយ​ក្រែ​ន។ បារាំង ក៏​កំពុងផ្ដល់​អាវុធ​ការពារ​បន្ថែមទៀត ដល់ ទីក្រុង​កៀវ។

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ហ្សេ​ឡែ​ន​ស្គី ថ្លែងថា ប្រទេស​ជា​ដៃគូ កំពុង​បញ្ជូន​អាវុធ​មកឱ្យ អ៊ុយ​ក្រែ​ន ដើម្បី​ប្រឆាំងនឹង​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី។ «អាវុធ និង​សម្ភារៈ​យោធា​ពី​បណ្ដា​ដៃ​ជា​គូ​សហការ កំពុងធ្វើដំណើរ​មកកាន់ អ៊ុយ​ក្រែ​ន។ សម្ព័ន្ធមិត្ត​ប្រឆាំង​សង្គ្រាម​កំពុងដំណើរការ»។

    បែលហ្ស៊ិក ក្រោយមក​ក៏បាន​ប្រកាស​ជញ្ជូន​កាំភ្លើងយន្ត ២,០០០ ដើម និង​ឥន្ធនៈ ៣,៨០០ តោន ដល់​កងទ័ព​អ៊ុយ​ក្រែ​ន។ ចំណែក ហូ​ឡង់ ក៏បានផ្ដល់​កាំភ្លើង​បាញ់រះ និង​មួក​ដែក ខណៈដែល មី​ស៊ី​ល​ស្ពាយ​លើ​ស្មា Stinger នឹងត្រូវ​បានប្រគល់​ក្នុង​ពេកឆាប់ៗនេះ។

    សាធារណរដ្ឋ​ឆែក ក៏​ផ្ដល់​កាំភ្លើងខ្លី ៣០,០០០ ដើម, កាំភ្លើង​វែង ៣,០០០ ដើម, កាំភ្លើងយន្ត ៣,០០០ ដើម រួម​នឹង​កាំភ្លើង​បាញ់រះ​រាប់សិប​ដើម និង​គ្រាប់កាំភ្លើង​ប្រហែល ១ លាន​ប្រអប់​ផងដែរ ដល់ អ៊ុយ​ក្រែ​ន។

    អាម៉េរិក កំពុងផ្ដល់​សម្ភារៈ​យោធា​ដែលមាន​តម្លៃ ៣៥០ លាន​ដុល្លារ ដល់ ទីក្រុង​កៀវ ខណៈដែល អង់គ្លេស ថា បាន​ត្រៀម​ជាស្រេច​ដើម្បី​ផ្ដល់ជំនួយ​យោធា​បន្ថែម​ដល់ អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​អាវុធ​ធុន​ធ្ងន់​ទៀតផង។

  • គណៈ​ប្រតិភូ​អ៊ុយ​ក្រែ​ន ធ្វើដំណើរ​ដល់ បេឡា​រូស ដើម្បី​បើក​កិច្ចចរចា​ជាមួយ រុស្ស៊ី

    គណៈ​ប្រតិភូ​អ៊ុយ​ក្រែ​ន ធ្វើដំណើរ​ដល់ បេឡា​រូស ដើម្បី​បើក​កិច្ចចរចា​ជាមួយ រុស្ស៊ី

    គណៈប្រតិភូ​អ៊ុយ​ក្រែ​ន បានធ្វើ​ដំណោះរ​ទៅដល់​តំបន់ Pripyat ដើម្បី​បើក​កិច្ចចរចា​ជាមួយ រុស្ស៊ី បន្ទាប់ពី​បាន​ប្រយុទ្ធ​គ្នា ៤ ថ្ងៃ ក្នុងពេលដែល កងទ័ព​អ៊ុយ​ក្រែ​ន យល់ថា កងទ័ព​រុស្ស៊ី បាន​បន្ថយល្បឿន​នៃ​ការវាយលុក។

    គណៈប្រតិភូ​រុស្ស៊ី និង អ៊ុយ​ក្រែ​ន ថ្ងៃនេះ​នឹង​ជួបចរចា​គ្នា​នៅឯ Pripyat របស់ បេឡា​រូស នៅពេល​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន បាន​ឈាន​ចូលដល់​ថ្ងៃទី ៥។ មុន​នោះ ភាគី​ខាង​ បេឡារូស​ បាន​ឱ្យ​ដឹង​ថា គ្រប់​យ៉ាង​ដែល​រៀប​ចំសម្រាប់​កិច្ច​ចរចា ត្រូវ​បាន​ត្រៀម​រួច​រាល់​ហើយ​។

    ក្រោយ​ការប្រយុទ្ធ​ច្រើន​ថ្ងៃ បច្ចុប្បន្ន រុស្ស៊ី ទំនងជា​បាន​ប្ដូរ​យុទ្ធសាស្ត្រ ព្រោះតែ​ការ​វាយ​សម្រុក​ត្រូវបាន​ឆ្លើយតប​យ៉ាងខ្លាំង​ក្លា​ពី កងទ័ព​អ៊ុយ​ក្រែ​ន។ ពេលនេះ រុស្ស៊ី កំពុង​ឡោមព័ទ្ធ​ទីក្រុងធំៗ និង​ប្រើប្រាស់​កាំភ្លើង​ធំ​ដើម្បី​បន្តក់​គ្រាប់​លើ​គោលដៅ។

    បន្ទប់​ចរចរ​នៅ​ បេឡារូស បាន​ត្រៀម​រួច​រាល់​ហើយ

    ក្នុង​គ្រា​ដែល​លោកខាងលិច ប្រកាស​ផ្ដល់​អាវុធ​ធុន​ធ្ងន់​បន្តទៀត​ដល់ អ៊ុយ​ក្រែ​ន និង​ដាក់ទណ្ឌកម្ម​នានា​លើ រុស្ស៊ី ទាំង​សម្តេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ទាំង​សម្ដេច​សង្ឃ ដា​ឡៃ ឡា​ម៉ា ក៏​សុទ្ធតែ​បាន​អំពាវនាវ​ឱ្យ​គ្រប់ភាគី​ឈប់​បាញ់ និង​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​សម្រាប់​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន។

  • ពលរដ្ឋ​អាម៉េរិក ចេញ​ធ្វើបាតុកម្ម​នៅ​ទូទាំងប្រទេស ខណៈ ពលរដ្ឋ​អ៊ុយ​ក្រែ​ន ស្ទើរតែ​ទាំងអស់ គាំទ្រ​ប្រធានាធិបតី

    ពលរដ្ឋ​អាម៉េរិក ចេញ​ធ្វើបាតុកម្ម​នៅ​ទូទាំងប្រទេស ខណៈ ពលរដ្ឋ​អ៊ុយ​ក្រែ​ន ស្ទើរតែ​ទាំងអស់ គាំទ្រ​ប្រធានាធិបតី

    មនុស្ស​រាប់ពាន់នាក់ នៅក្នុង​ទីក្រុង​ជាច្រើន របស់ សហរដ្ឋ​អាម៉េរិក នាំគ្នា​ចេញ​ធ្វើបាតុកម្ម និង​អំពាវនាវ​ឱ្យ​ឈប់​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ក្នុង​គ្រា​ដែល​ពលរដ្ឋ​នៅ អ៊ុយ​ក្រែ​ន ស្ទើរតែ​ទាំងអស់ គាំទ្រ​ចំណាត់ការ​របស់ ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី។

    បាតុកម្ម​ទាំងឡាយ​នៅ សហរដ្ឋ​អាម៉េរិក ត្រូវបាន​ធ្វើឡើង​ក្នុង​ទីក្រុងសំខាន់ៗកាលពី​ថ្ងៃទី ២៧ កុម្ភៈ ក្នុងនោះ មាន​ទាំង​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន និង ឈី​កា​ហ្គោ ផងដែរ។

    ក្នុង​គ្រា​ដែលមាន​បាតុកម្ម​នៅ សហរដ្ឋ​អាម៉េរិក ពលរដ្ឋ​នៅ ប្រទេស​អ៊ុយ​ក្រែ​ន ឯណោះ​វិញ ត្រូវបាន​គេ​ស្ទង់​មតិ​ឃើញថា ៩១% គាំទ្រ​ប្រធានាធិបតី​បច្ចុប្បន្ន គឺ​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រុម​សង្គម​វិទូ​ដែល​ត្រូវបាន​ប្រកាស​កាលពី​ចុង​សប្ដាហ៍​មុន។ តួលេខ​នេះ​កើនឡើង ៣ ដង ធៀប​នឹង​ខែធ្នូ ២០២។ ៦% នៃ​ចំនួន​អ្នក​ដែល​ត្រូវបាន​ស្ទង់​មតិ​សរុប មិន​គាំទ្រ ចំណែក ៣% ទៀត មិនទាន់​សម្រេចចិត្ត។

    នៅពេល​សួរ​អំពី​លទ្ធភាព​ដែល អ៊ុយ​ក្រែ​ន អាច​រុញច្រាន​កងទ័ព​ឈ្លានពាន​ចេញពី​ប្រទេស ពលរដ្ឋ​ចំនួន ៧០% នៃ​ក្រុម​អ្នក​មនុស្ស​ដែល​ត្រូវបាន​ស្ទង់​មតិ​ខាងលើ ឆ្លើយថា «អាច»។

  • មហាសេដ្ឋី​រុស្ស៊ី ២ រូប អំពាវនាវ​ឱ្យ​បញ្ចប់សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    មហាសេដ្ឋី​រុស្ស៊ី ២ រូប អំពាវនាវ​ឱ្យ​បញ្ចប់សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    កំពូល​អ្នកមាន ២ រូប នៅ ប្រទេស​រុស្ស៊ី គឺ Oleg Deripaska និង Mikhail Fridman បាន​អំពាវនាវ​ឱ្យមាន​សន្តិភាព និង​បញ្ចប់​ការប្រយុទ្ធ​គ្នា​នៅ ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ថា នេះ​គឺជា​សោកនាដកម្ម​ចំពោះ​ប្រជាជន​នៅ ប្រទេស​ទាំងពីរ។

    មហាសេដ្ឋី Fridman វ័យ ៥៧ ឆ្នាំ ដែលមាន​ស្រុកកំណើត​នៅ អ៊ុយ​ក្រែ​ន​ខាងលិច នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់​បុគ្គលិក​កាលពី​ថ្ងៃទី ២៧ កុម្ភៈ បានសរសេរថា សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន កំពុង​បំបែកបំបាក់​ទំនាក់ទំនង​រវាង​ប្រជាជន Slav កំពុង​រស់នៅក្នុង ប្រទេស​រុស្ស៊ី និង ប្រទេស​អ៊ុយ​ក្រែ​ន ដែលជា​បងប្អូន​នឹង​គ្នា​ក្នុង​រយៈពេល​ច្រើន​សតវត្សរ៍។

    «ខ្ញុំ​កើត​នៅ​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន និង​រស់នៅ​ទីនោះ​រហូតដល់​មាន​អាយុ ១៧ ឆ្នាំ។ ឪពុក​របស់ខ្ញុំ​គឺជា​ជនជាតិ​អ៊ុយ​ក្រែ​ន និង​រស់នៅក្នុង តំបន់ Lviv ជាទី​ក្រុង​ដែល​ខ្ញុំ​ស្រលាញ់​ចូលចិត្ត» មហាសេដ្ឋី​ទី ១២៨ ក្នុង​ពិភពលោក​នា​ឆ្នាំ ២០២១ របស់ Forbes បច្ចុប្បន្ន​មានទ្រព្យ ១១.៧ ពាន់​លាន​ដុល្លារ បាន​រៀបរាប់​ដូច្នេះ។

    «ប៉ុន្តែ ខ្ញុំ​បាន​ចំណាយពេល​ភាគច្រើន​នៃ​ជីវិត​របស់ខ្ញុំ រស់នៅ​ក្នុងនាម​ជា​ពលរដ្ឋ​រុស្ស៊ី កសាង និង​អភិវឌ្ឍ​កិច្ចការជំនួញ។ ខ្ញុំ​មានការ​តស៊ូ​យ៉ាង​ជ្រាលជ្រៅ​ជាមួយ ជនជាតិ​អ៊ុយ​ក្រែ​ន និង ជនជាតិ​រុស្ស៊ី។ ខ្ញុំ​យល់ឃើញថា សង្គ្រាម​បច្ចុប្បន្ន​គឺជា​សោកនាដកម្ម​សម្រាប់​ប្រជាជន​របស់​ប្រទេស​ទាំងពីរ»។

    មហាសេដ្ឋី​រុស្ស៊ី Oleg Deripaska វ័យ ៥៤ ឆ្នាំ ក៏បាន​បង្ហោះ​សារ​នៅលើ Telegram ដោយ​អំពាវនាវ​ឱ្យមាន​ការចរចា​រកស​ន្តិ​ភាព «កាន់តែ​ឆាប់ កាន់តែ​ល្អ»។ លោក គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី ៧៧៥ របស​ពិភពលោក នៅក្នុង​តារាង​ចំណាត់ថ្នាក់​ឆ្នាំ ២០២១ របស់ Forbes។ បច្ចុប្បន្ន មហាសេដ្ឋី​រូបនេះ​មានទ្រព្យ​ចំនួន ៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    «សន្តិភាព​មាន​សារសំខាន់​ជាទីបំផុត» ម្ចាស់​ក្រុមហ៊ុន Rusal របស់ រុស្ស៊ី បាន​ថ្លែង​ដូច្នេះ។ កាលពី​ថ្ងៃទី ២១ កុម្ភៈ លោក Oleg ក៏​ធ្លាប់បាន​និយាយថា មិនគួរ​ឱ្យមាន​ជម្លោះ​ប្រដាប់អាវុធ​នៅ អ៊ុយ​ក្រែ​ន។

    ទីក្រុង​វ៉ា​ស៊ី​ង​តោន និង​ប្រទេសធំៗក្នុង​ពិភពលោក បាន និង​កំពុង​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី បន្ទាប់ពី លោក ពូ​ទីន បានប្រកាស​ចូល​ឈ្លានពាន អ៊ុយ​ក្រេ​ន បណ្ដាលឱ្យ​ក្រុម​មហាសេដ្ឋី​របស់ រុស្ស៊ី ទទួលរង​ផល​អាក្រក់​យ៉ាងធ្ងន់ធ្ងរ។

    ចំណែក​មហាសេដ្ឋី​មួយរូប​ផ្សេងទៀត​នៅ មូ​ស្គូ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​សម្ដែង​ការព្រួយបារម្ភ​ថា៖ «ជម្លោះ​ប្រដាប់អាវុធ​នឹង​ជា​សោកនាដកម្ម​ចំពោះ​សេដ្ឋកិច្ច ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក និង​ស្ថានការណ៍​នយោបាយ»។ លោក​បាន​បន្ថែមថា ក្នុងជំនួប​ជាមួយ​លោក ពូ​ទីន កាលពី​ថ្ងៃទី ២៤ កុម្ភៈ គ្រប់គ្នា​សុទ្ធតែ​ស្ងៀមស្ងាត់។ «អ្នកជំនួញ​យល់​យ៉ាងច្បាស់​អំពី​ផលវិបាក។ ប៉ុន្តែ តើ​មាន​អ្នកណា​សួរ​យោបល់​ពួកគេ​អត់?»។

  • មេដឹកនាំ​របស់ ប្រេ​ស៊ី​ល ជំទាស់​នឹង​ការដាក់ទណ្ឌកម្ម​​ប្រឆាំង​នឹង​ រុស្ស៊ី ទាក់ទិន​នឹង​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន

    មេដឹកនាំ​របស់ ប្រេ​ស៊ី​ល ជំទាស់​នឹង​ការដាក់ទណ្ឌកម្ម​​ប្រឆាំង​នឹង​ រុស្ស៊ី ទាក់ទិន​នឹង​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន

    ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក ហ្ស៊ែ​រ បុល​សូ​ណា​រ៉ូ (Jair Bolsonaro) បានឱ្យដឹងថា ប្រទេស​របស់លោក​នឹង «អនុវត្ត​គោលការណ៍​អព្យាក្រឹត​ជាមួយនឹង អ៊ុយ​ក្រែ​ន» និង​មិន​អនុវត្ត​បទបញ្ជា​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ឡើយ។

    លោក ហ្ស៊ែ​រ បុល​សូ​ណា​រ៉ូ ថ្លែងថា វិស័យ​ឧស្សាហកម្ម​ជី​ដាក់​ដំណាំ​របស់ ប្រេ​ស៊ី​ល ពឹង​ផ្អែកលើ រុស្ស៊ី ហើយ​ទណ្ឌកម្ម​លើ ទីក្រុង​មូ​ស្គូ នឹងធ្វើ​ឱ្យមាន​បញ្ហា​កាន់តែច្រើន​ឡើយ។

    មេដឹកនាំ​ប្រទេស​នៅ អាម៉េរិក​ខាងត្បូង រូបនេះ បន្ថែមថា លោក​គាំទ្រ​ការសម្រេច​របស់ រុស្ស៊ី ចំពោះ​ការទទួលស្គាល់​ឯករាជ្យ​នៃ​តំបន់​ចំនួន ២ នៅ​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន និង​ថា ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី គ្រាន់តែ​ជា អ្នកកំប្លែង។