Category: អន្តរជាតិ

  • រុស្ស៊ី អាច​នឹង «កាត់​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ជា​ពីរ» ដូច​ទៅនឹង ឧបទ្វីប​កូរ៉េ

    រុស្ស៊ី អាច​នឹង «កាត់​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ជា​ពីរ» ដូច​ទៅនឹង ឧបទ្វីប​កូរ៉េ

    មេដឹកនាំ​អង្គភាព​ស៊ើបការណ៍​សម្ងាត់​ផ្នែក​យោធា​របស់ អ៊ុយ​ក្រែ​ន នា​ថ្ងៃទី ២៨ មីនា បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​ថា រុស្ស៊ី អាចបង្កើត​ព្រំដែន​រវាង​តំបន់​ដែល​គ្រប់គ្រង​ដោយ ទីក្រុង​មូ​ស្គូ និង​តំបន់​ដែល​កាន់កាប់​ដោយ អ៊ុយ​ក្រែ​ន ដើម្បី «កាត់ អ៊ុយ​ក្រែ​ន ជា ២ ដូច​ទៅនឹង កូរ៉េខាងត្បូង និង កូរ៉េខាងជើង»។

    លោក Kyrylo Budanov ដែលជា​មេដឹកនាំ​អង្គភាព​ស៊ើបការណ៍​សម្ងាត់​ផ្នែក​យោធា​របស់ អ៊ុយ​ក្រែ​ន បន្ថែមថា យុទ្ធសាស្ត្រ​ខាងលើនេះ​អាចជា​លទ្ធផល​នៃ​ការដែល រុស្ស៊ី «មិនអាច​ចូលកាន់​កាប់ រដ្ឋធានី​កៀវ»។

    នៅ ឧបទ្វីប​កូរ៉េ អំពី​ទ្រឹស្ដី កូរ៉េខាងជើង និង កូរ៉េខាងត្បូង បច្ចុប្បន្ន​ស្ថិតក្នុង​ស្ថានភាព​សង្គ្រាម​នៅឡើយ ក្រោយពី​ការប្រយុទ្ធ​គ្នា​អំឡុង​ឆ្នាំ ១៩៥០-១៩៥៣ ត្រូវបាន​បញ្ចប់​ដោយ​កិច្ចព្រមព្រៀង​ឈប់​បាញ់ ពោលគឺ​មិនមែនជា​សន្ធិសញ្ញា​សន្តិភាព​នោះទេ។ តំបន់​ខណ្ឌ​ចែក កូរ៉េ ទាំង ២ មាន​ទទឹង ៤ គីឡូម៉ែត្រ និង​បណ្ដោយ ២៤៨ គីឡូម៉ែត្រ ដែល​ត្រូវបាន​គេ​ហៅថា តំបន់​គ្មាន​កងទ័ព (DMZ)។

    ឧបទ្វីបកូរ៉េ

    ទាក់ទង​នឹង​ការអះអាង​របស់ មេដឹកនាំ​អង្គភាព​ស៊ើបការណ៍​សម្ងាត់​ផ្នែក​យោធា​របស់ អ៊ុយ​ក្រែ​ន នេះ ភាគី​ខាង រុស្ស៊ី មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ៕

  • កូរ៉េខាងជើង ប្រកាស​បន្ត​អភិវឌ្ឍ​កម្លាំង​វាយប្រហារ​យុទ្ធសាស្ត្រ​ដ៏គួរ​ឱ្យ​ញញើត

    កូរ៉េខាងជើង ប្រកាស​បន្ត​អភិវឌ្ឍ​កម្លាំង​វាយប្រហារ​យុទ្ធសាស្ត្រ​ដ៏គួរ​ឱ្យ​ញញើត

    មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ឱ្យដឹងថា ប្រទេស​នេះ​នឹង​បន្ត​ការអភិវឌ្ឍ «កម្លាំង​វាយប្រហារ​ដ៏​គួរឱ្យ​ញញើត» ដែល​មិនអាច​ដោះដូរ និង​ទិញ​បាន។

    «មានតែ​បំពាក់អាវុធ​វាយប្រហារ​ដែល​គួរឱ្យ​ញញើត កម្លាំងយោធា​ខ្លាំងក្លា​គ្មាន​នគរ​ទប់ទល់​បាន ទើប​យើង​អាច​ទប់ស្កាត់​សង្គ្រាម ធានា​សន្តិភាព​ជូន​ប្រទេសជាតិ និង​គ្រប់គ្រង​រាល់​ការគំរាមកំហែង» ទីភ្នាក់ងារសារព័ត៌មាន KCNA ដកស្រង់​សម្ដី​របស់លោក គីម ជុង​អ៊ុន ថ្លែង​នៅក្នុង​ពិធី​ជួបជុំ​ក្រុមមន្ត្រី អ្នកវិទ្យាសាស្ត្រ វិស្វករ និង​បុគ្គលិក​ដែល​បាន​ចូលរួម​ត្រៀម​សម្រាប់​ការបាញ់​មី​ស៊ី​ល​អន្តរទ្វីប (ICBM) កាលពី​ថ្ងៃទី ២៤ មីនា។

    មេដឹកនាំ​កូរ៉េខាងជើង ឱ្យដឹងថា ការសាកល្បង​បច្ចេកវិទ្យា ICBM ថ្មី​បំផុត​របស់​ប្រទេស​នេះ គឺមាន​បំណង​ទប់ស្កាត់​រាល់​សកម្មភាព​យោធា​របស់ សហរដ្ឋ​អាម៉េរិក។

    ទីក្រុង​វ៉ា​ស៊ី​ង​តោន បាន​ស្វែងរក​វិធី​ដាក់​សម្ពាធ​លើ ទីក្រុង​ព្យុងយ៉ាង ក្នុង​បំណង​បង្ខំ​ឱ្យ កូរ៉េខាងជើង បោះបង់ ឬ​កាត់បន្ថយ​ចំនួន​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ និង ICBM ដែលមាន​លទ្ធភាព​អាច​បាញ់​ដល់​គោលដៅ​នានា​នៅ សហរដ្ឋ​អាម៉េរិក។ ក៏ប៉ុន្តែ លោក គីម ជុង​អ៊ុន បាន​អះអាងថា កម្លាំង​ការពារជាតិ​របស់ កូរ៉េខាងជើង «មិនអាច​ត្រូវបាន​ដោះដូរ ឬ​ទិញ​ដោយ​ប្រការ​ណាមួយ​ឡើយ» ហើយ​ថា នឹង​រក្សា​ឱ្យបាន បើទោះជា​រង​ទណ្ឌកម្ម​ខ្លាំងក្លា​យ៉ាងណាក៏ដោយ។

    លោក គីម ជុងអ៊ុន

    អំពី​កម្លាំង​នុយ​ក្លេ​អែរ លោក គីម ថ្លែងថា កូរ៉េខាងជើង នឹង​បន្ត​កសាង «កម្លាំង​យុទ្ធសាស្ត្រ​ល្អឥតខ្ចោះ និង​ខ្លាំងក្លា​ជាង​មុន»។

    សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃ​ទិ ២៥ មីនា បានឱ្យដឹងថា នឹង​ជំរុញ​ឱ្យ អង្គការសហប្រជាជាតិ បង្កើន​ការដាក់ទណ្ឌកម្ម​លើ កូរ៉េខាងជើង ទាក់ទិន​នឹង​ការបាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប កាលពី​សប្ដាហ៍​មុន របស់​ប្រទេស​នេះ។ ក៏ប៉ុន្តែ ប្រទេស​ចិន និង រុស្ស៊ី បា​នប​ញ្ជេ​ញ​សញ្ញា​បដិសេធ​រួចទៅហើយ។

    មី​ស៊ី​ល Hwasong-១៧ ជា​កំណែ ICBM ដំបូង​របស់ កូរ៉េខាងជើង ដែល​បានចាប់ផ្ដើម​បាញ់​សាកល្បង​តាំងពី​ឆ្នាំ ២០១៧ អាច​ហោះ​ឡើងដល់​រយៈកម្ពស់​ជាង ៦,២០០ គីឡូម៉ែត្រ និង​ធ្វើដំណើរ​បាន​ជិត ១,១០០ គីឡូម៉ែត្រ មុនពេល​ធ្លា​ក់នៅ សមុទ្រ​ជប៉ុន។ ក្រុម​អ្នកជំនាញ​អះអាងថា បើសិន​ត្រូវបាន​បាញ់​ទៅតាម​គន្លង​គោចរ​ស្ដង់ដា នោះ Hwasong-១៧ អាច​បាញ់​ដល់​រយៈ​ចម្ងាយ ១៣,០០០ គីឡូម៉ែត្រ គ្រប់គ្រាន់​សម្រាប់​បន្តក់​លើ​គោលដៅ​នានា​នៅ​ទូទាំង សហរដ្ឋ​អាម៉េរិក៕

  • មាស​នៅ​ទូទាំង​ពិភពផែនដី មានចំនួន​​ប៉ុន្មាន​តោន?

    មាស​នៅ​ទូទាំង​ពិភពផែនដី មានចំនួន​​ប៉ុន្មាន​តោន?

    ក្រុម​អ្នកជំនាញ​ផ្នែក​ភូគព្ភសាស្ត្រ​បាន​គណនា​ឃើញថា មាស​នៅក្នុង​ដី​នៅមាន​ប្រហែល ៥០,០០០ តោន​ទៀត ខណៈ ១៩០,០០០ តោន ត្រូវបាន​ទាញយក​រួចហើយ​ក្នុង​ប្រវត្តិសាស្ត្រ។

    នៅក្នុង​ជ្រុង​ណាមួយ​នោះ ពិភពលោក​បច្ចុប្បន្ន​ត្រូវបាន​កសាង​ដោយយោង​ទៅលើ​មាស។ មាស​នៅក្នុង​ឧបករណ៍​បច្ចេកវិទ្យា​ទាំងឡាយ​ដែល​មនុស្ស​កំពុង​ប្រើប្រាស់​ប្រចាំថ្ងៃ។ កុំព្យូទ័រ ទូរស័ព្ទ ទូរទស្សន៍ សុទ្ធតែ​ត្រូវការ​មាស​ក្នុងដំណាក់កាល​នៃ​ការផលិត។ សូម្បីតែ​គ្រឿង​ម៉ាស៊ីន​ដែល​ផលិត​ឧបករណ៍​បច្ចេកវិទ្យា​ក៏មាន​មាស។

    ជាមួយនឹង​មាស​ដែល​វិស័យ​ឧស្សាហកម្ម​ទាំងឡាយ​ក្នុង​ពិភពលោក​ប្រើប្រាស់ យើង​ងាយ​នឹង​ភ្លេច​នឹក​ដល់​ប្រភព​ដែលមាន​កំណត់​របស់​វា។ សម្រាប់​វិស័យ​រ៉ែ ការទាញយក​មាស​បាន ១ ក្រាម ពី​ដី ១ តោន គឺជា​លទ្ធផល​ល្អ។ ប៉ុន្តែ ដោយសារ​មាស​មានតម្លៃ​ខ្ពស់ ក្រុមហ៊ុន​ទាញយក​រ៉ែ​ប្រភេទ​នេះ នៅតែ​ចំណេញ។

    នៅក្នុង​អំឡុង​ពាក់កណ្ដាល​ខែមីនា ២០២២ មាស ១ ដុំ ទម្ងន់ ១២.៥ គីឡូក្រាម មានតម្លៃ​រហូតដល់ ៨០០,០០០ ដុល្លារ​អាម៉េរិក។

    ដូច្នេះ តើ​ពិភពលោក​ទាំងមូល​មាន​មាស​ចំនួន​ប៉ុន្មាន​តោន?

    មាស​នៅក្នុង​ដី ត្រូវបាន​ចែកចេញជា ២ ក្រុម៖ រ៉ែ​មាស (មាស​ដែល​រង​កម្ដៅ​គ្រប់គ្រាន់​ដល់​ថ្នាក់​រលាយ​ដាច់ដោយឡែក) និង​រ៉ែ​លោហ​មាស (គឺជា​រ៉ែ​មាស​ដែល​នៅ​លា​ឡំ​ជាមួយ​លោហធាតុផ្សេង)។

    មាស ៣១ ក្រាម (ជាង ១ តម្លឹង) ត្រូវការ​ចំណាយ​ប្រាក់​ទាញយក​ប្រហែល​ពី ៧០០ ទៅ ១,៤០០ ដុល្លារ​អាម៉េរិក អាស្រ័យ​លើ​ទំហំ​នៃ​ការចំណាយ​សម្រាប់​ដំណើរការ​សកម្មភាព​រុក​រក និង​ទីតាំង​រុករក។

    ក្រុម​អ្នកជំនាញ​ផ្នែក​ភូគព្ភសាស្ត្រ គណនា​ឃើញថា មាស​ប្រហែល ៥០,០០០ តោន កំពុងស្ថិត​នៅក្រោម​ដី រង់ចាំ​ការទាញយក។ ចំណែក​មាស​ដែល​ត្រូវបាន​ទាញយក​រួចហើយ មាន​ចំនួន​ជាង ១៩០,០០០ តោន នៅ​ទូទាំង​សកលលោក។

    យោងតាម​តួលេខ​ខាងលើ ប្រភព​ផ្គត់ផ្គង់​មាស​ឆៅ​នៅលើ​ពិភពលោក នៅសល់តែ​ប្រហែល ២០% ទៀត​ប៉ុណ្ណោះ។ នៅពេល​រ៉ែ​មាស​ឈានដល់​ដំណាក់កាល «ខ្សោះ» មនុស្ស​មានតែ​កែច្នៃ និង​ប្រើប្រាស់​វា​ឡើងវិញ។

  • អ៊ុយ​ក្រែ​ន ស្នើឱ្យ អាម៉េរិក ផ្ដល់ជំនួយ​ជា​គ្រាប់​រ៉ុក្កែត ១,០០០ គ្រាប់/ថ្ងៃ

    អ៊ុយ​ក្រែ​ន ស្នើឱ្យ អាម៉េរិក ផ្ដល់ជំនួយ​ជា​គ្រាប់​រ៉ុក្កែត ១,០០០ គ្រាប់/ថ្ងៃ

    ទីក្រុង​កៀវ បានស្នើ​សុំ​ជំនួយ​ជា​គ្រាប់​រ៉ុក្កែត​ប្រឆាំង​រថក្រោះ Javelin ចំនួន ៥០០ គ្រាប់ និង​រ៉ុក្កែត​ការពារ​ដែនអាកាស Stinger ៥០០ គ្រាប់​ជា​រៀងរាល់ថ្ងៃ ដើម្បី​ជួយ​ប្រទេស​នេះ ទប់ទល់​នឹង កងទ័ព​រុស្ស៊ី។

    ព័ត៌មាន​ពី RT ឱ្យដឹងថា ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ បណ្ដា​ប្រទេស​លោកខាងលិច បានផ្ដល់​អាវុធ និង​សម្ភារៈ​យោធា​ជាច្រើន​ដល់ អ៊ុយ​ក្រែ​ន។ ក៏ប៉ុន្តែ ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី យល់ថា ការផ្ដល់​ជំនួយ​នោះ​មិនទាន់​គ្រប់គ្រាន់។

    CNN ដកស្រង់​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយចំនួន ឱ្យដឹងថា ឯកសារ​បញ្ជូន​ឡើងទៅ​កាន់​សភា​អាម៉េរិក បង្ហាញថា អ៊ុយ​ក្រែ​ន កំពុង​ស្នើឱ្យ អាម៉េរិក ផ្ដល់​អាវុធ​ច្រើនជាង​បច្ចុប្បន្ន។ សំណើ​នេះ​ត្រូវបាន​លើកឡើង​នៅពេល កងទ័ព​អ៊ុយ​ក្រែ​ន កំពុង​ខ្វះ​អាវុធ​ដើម្បី​ប្រយុទ្ធ​តតាំង​ទល់នឹង​ការឈ្លានពាន​របស់ រុស្ស៊ី។

    មីស៊ីលប្រឆាំងយន្តហោះ Stinger
    រ៉ុក្កែត​ប្រឆាំង​រថក្រោះ Javelin
  • (វីដេអូ)-ឃ្លាំង​ដាក់​ប្រេងសាំង និង​រោងចក្រ​ប្រេង​របស់ អា​រ៉ា​ប៊ី​សា​អូឌីត រង​ការវាយប្រហារ​ដោយ​រ៉ុក្កែត

    (វីដេអូ)-ឃ្លាំង​ដាក់​ប្រេងសាំង និង​រោងចក្រ​ប្រេង​របស់ អា​រ៉ា​ប៊ី​សា​អូឌីត រង​ការវាយប្រហារ​ដោយ​រ៉ុក្កែត

    កងកម្លាំង​បោះ​បោរ Houthi នៅ ប្រទេស​យេ​ម៉ែន បាន «ស្រោច» រ៉ុក្កែត ទៅលើ​ឃ្លាំង​ដាក់​ប្រេងឥន្ធនៈ និង​រោងចក្រ​ចម្រាញ់​ប្រេង​របស់ អា​រ៉ា​ប៊ី​សា​អូឌីត នៅក្បែរ​ទីលានប្រណាំង​រថយន្ត F១ មុនពេល​ការប្រកួត​ចាប់ផ្ដើម។

    កាលពី​ថ្ងៃទី ២៥ មីនា កងកម្លាំងប្រដាប់អាវុធ Houthi នៅ យេ​ម៉ែន បាន​បាញ់​រ៉ុក្កែត​ទៅលើ​ឃ្លាំង​ដាក់​ប្រេង Aramco នៅ​ទីក្រុង Jeddah របស់ អា​រ៉ា​ប៊ី​សា​អូឌីត មុនពេល​ព្រឹត្តិការណ៍​ប្រ​ណែ​ង​រថយន្ត F១ ចាប់ផ្ដើម។ នេះ​គឺជា​សកម្មភាព​ត្រូវបាន​គេ​ជឿថា ដើម្បី​បង្ខំ​ឱ្យ អា​រ៉ា​ប៊ី​សា​អូឌីត បញ្ចប់​ឡោមព័ទ្ធ​លើ យេ​ម៉ែន។ នេះ​បើតាម​ប្រភពព័ត៌មាន​របស់ RT។

    អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុម​បះបោរ បាន​ចេញមក​អះអាង​ទទួលខុសត្រូវ​លើ​ករណី​វាយប្រហារ​នេះ។ ហេដ្ឋារចនាសម្ព័ន្ធ​រប​ស់​ឃ្លាំង​ដាក់​ប្រេង ត្រូវ​រង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត ចំណែក​រោងចក្រ​ចម្រាញ់​ប្រេង Ras Tanura និង Rabigh ដែល​នៅក្បែរនោះ ត្រូវបាន​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក។ គោលដៅ​នៃ​ការវាយប្រហារ​នេះ ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីលានប្រណាំង​រថយន្ត ដែលមាន​ចម្ងាយ​ប្រហែល ១០ គីឡូម៉ែត្រ ពី​ព្រលានយន្តហោះ​របស់​ទីក្រុង Jeddah។

    វីដេអូ​នៅលើ​បណ្ដាញ​សង្គម បង្ហាញថា ផ្សែង និង​ភ្លើង​កំពុង​លេប​ត្របាក់​ឃ្លាំង​ដាក់​ប្រេង និង​រោងចក្រ​ចម្រាញ់​ប្រេង។

    សម្ព័ន្ធ​អារ៉ាប់ បានប្រកាស​អំពី​ការ​វាយ​ប្រហែល​ខាងលើ ប៉ុន្តែ ថា មិន​បង្ក​ផលប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាជន​នៅ​តំបន់​ជុំវិញ​ទីក្រុង Jeddah នោះឡើយ៕

  • ក្រោយ កូរ៉េខាងជើង ថា ​ជោគ​ជ័យ​​ក្នុង​ការ​​សាក​ល្បង​​មី​ស៊ី​ល​​អន្តរ​ទ្វីប​ អាម៉េរិក ​ក៏​​ដាក់​ទណ្ឌ​កម្ម​​លើ​​ក្រុម​ហ៊ុន​រុស្ស៊ី ​និង​​កម្ម​វិធី​​អភិវឌ្ឍ​​មី​ស៊ី​ល​ របស់ ​ទីក្រុង​​ព្យុង​យ៉ាង

    ក្រោយ កូរ៉េខាងជើង ថា ​ជោគ​ជ័យ​​ក្នុង​ការ​​សាក​ល្បង​​មី​ស៊ី​ល​​អន្តរ​ទ្វីប​ អាម៉េរិក ​ក៏​​ដាក់​ទណ្ឌ​កម្ម​​លើ​​ក្រុម​ហ៊ុន​រុស្ស៊ី ​និង​​កម្ម​វិធី​​អភិវឌ្ឍ​​មី​ស៊ី​ល​ របស់ ​ទីក្រុង​​ព្យុង​យ៉ាង

    សហរដ្ឋ​អាម៉េរិក សម្រេច​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចំនួន ២ របស់ រុស្ស៊ី និង​ស្ថាប័ន​មួយ​របស់ កូរ៉េខាងជើង ព្រោះ​បានប្រគល់​ទំនិញ​សំខាន់​សម្រាប់​កម្មវិធី​អភិវឌ្ឍ​មី​ស៊ី​ល របស់ ទីក្រុង​ព្យុងយ៉ាង។

    ទណ្ឌកម្ម​ដែល​ត្រូវបាន​ក្រសួងការបរទេស​អាម៉េរិក ប្រកាស​កាលពី​ថ្ងៃទី ២៤ មីនា គឺ​សំដៅលើ​ក្រុមហ៊ុន ២ របស់ រុស្ស៊ី រួមមាន Ardis Group និង PFK Profpodshipnik LLC រួម​នឹង​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ធម្មជាតិ​លេខ​ពីរ​របស់ កូរ៉េខាងជើង។ ទីក្រុង​វ៉ា​ស៊ី​ង​តោន ក៏បាន​ដាក់ទណ្ឌកម្ម​លើ​ពលរដ្ឋ​រុស្ស៊ី Igor Aleksandrovich Michurin និង​ពលរដ្ឋ​កូរ៉េខាងជើង Ri Sung-chol ផងដែរ។

    «ទណ្ឌកម្ម​នេះ​គឺជា​មួយផ្នែក​នៃ​ការប្រឹងប្រែង​ទប់ស្កាត់​លទ្ធភាព​អភិវឌ្ឍ​កម្មវិធី​មី​ស៊ី​ល​របស់ កូរ៉េខាងជើង» អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាម៉េរិក Ned Price បានបញ្ជាក់​ដូច្នេះ។

    ការសម្រេច​ដាក់ទណ្ឌកម្ម​របស់ សហរដ្ឋ​អាម៉េរិក នេះ ត្រូវបាន​លើកឡើង​ក្នុង​ថ្ងៃ​ជាមួយគ្នា​ដែល កូរ៉េខាងជើង ប្រកាសថា បាន​សាកល្បង​បាញ់​កាំជ្រួច​ផ្លោង​អន្តរទ្វីប​ថ្មី Hwasong-១៧ ពី​ព្រលានយន្តហោះ​ព្យុងយ៉ាង ដោយ​ជោគជ័យ ក្រោម​វត្តមាន​តាមដាន​របស់​លោក គីម ជុន​អ៊ុន។

    «មី​ស៊ី​ល ត្រូវបាន​បាញ់​ចេញពី​ព្រលានយន្តហោះ​អន្តរជាតិ​ព្យុងយ៉ាង ហោះ​ដល់​កម្ពស់​អតិបរមា ៦,២៤៨.៥ គីឡូម៉ែត្រ និង​ហោះ​បាន​រយៈ​ចម្ងាយ ១,០៩០ គីឡូម៉ែត្រ ក្នុង​រយៈពេល ៤,០៥២ វិនាទី មុនពេល​សំដៅចំ​គោលដៅ​ដែល​បានកំណត់» នៅឯ​សមុទ្រ​ជប៉ុន នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កូរ៉េខាងជើង (KCNA)។

    នេះ​អាចជា​ការបាញ់​សាកល្បង ICBM ធំ​បំផុត​របស់ កូរ៉េខាងជើង និង​ជា​លើកដំបូង​ដែល ទីក្រុង​ព្យុងយ៉ាង បាន​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​អន្តរទ្វីប រាប់​ចាប់តាំងពី​ឆ្នាំ ២០១៧។

  • ចែវ​ទូក​កៅស៊ូ​ប្រវែង​ជាង ២ម៉ែត្រ ឆ្លងកាត់​សមុទ្រ​​​​ថៃ ទៅកាន់ ​ឥណ្ឌា ដើម្បី​ជួប​ប្រពន្ធ

    ចែវ​ទូក​កៅស៊ូ​ប្រវែង​ជាង ២ម៉ែត្រ ឆ្លងកាត់​សមុទ្រ​​​​ថៃ ទៅកាន់ ​ឥណ្ឌា ដើម្បី​ជួប​ប្រពន្ធ

    នៅពេល​ត្រូវបាន​កងទ័ព​ថៃ រកឃើញ បុរស​ម្នាក់​ដែលជា ជនជាតិ​វៀតណាម អាយុ ៣៧ ឆ្នាំ បាន​ប្រាប់ថា ខ្លួន​ចែវ​ទូក​កៅស៊ូ រយៈពេល ១៨ មកហើយ​នៅលើ​សមុទ្រ បំណង​ឆ្ពោះទៅកាន់ ប្រទេស​ឥណ្ឌា ដើម្បី​ជួប​ប្រពន្ធ។

    កងទ័ព​ថៃ ឱ្យដឹងថា ពួកគេ​ទទួលបាន​របាយការណ៍​ពី​អ្នកនេសាទ​ក្នុង​តំបន់​កាលពី​ថ្ងៃទី ២៣ មីនា អំពី​បុរស​ម្នាក់​កំពុង​ចែវ​ទូក​កៅស៊ូ​សប់​ខ្យល់ នៅ​តំបន់​សមុទ្រ ចម្ងាយ​ប្រហែល ១៤ គីឡូម៉ែត្រ ពី​ប្រជុំ​កោះ Similan។

    មួយ​ម៉ោង​ក្រោយមក កម្លាំង​សង្គ្រោះ​របស់ ថៃ ក៏បាន​ទៅដល់​កន្លែងកើតហេតុ និង​បានឃើញ​ទូក​កៅស៊ូ​ត្រូវបាន​ចង​ទៅនឹង​ទូក​នេសាទ​របស់ ប្រជាជន​ថៃ។ បុរស​ដែល​នៅលើ​ទូក​កៅស៊ូ​នោះ ត្រូវបាន​គេ​ដឹងថា មានឈ្មោះ Ho Hoang Hung អាយុ ៣៧ ឆ្នាំ ជា​ជនជាតិ​វៀតណាម។

    នៅលើ​ទូក​តូច​ប្រវែង ២.៥ ម៉ែត្រ របស់​បុរស​នោះ មាន​ធុង​ទឹក​មួយ​ដែល​ជិត​អស់​ទឹក​រលីង រួម​នឹង​មី​ប្រហែល ១០ កញ្ចប់ និង​វ៉ាលិស​មួយ។

    បុរស​ខាងលើ​បាន​ប្រាប់ថា គាត់​កំពុង​ចែវ​ទូក​ទៅកាន់ ប្រទេស​ឥណ្ឌា ដើម្បី​ជួប​ប្រពន្ធ​ដែល​កំពុង​រស់នៅក្នុង​ទីក្រុង Mumbai។ បុរស​នេះ​បន្ថែមថា ពួកគេ​បាន​រៀបការ​កាលពី ២ ឆ្នាំមុន នៅ​មុនពេល​ត្រូវបាន​ឃ្លាត​ពីគ្នា​ដោយសារ​ជំងឺ​រាតត្បាត​សកល កូ​វីដ-១។

    Hung និយាយថា ខ្លួន​បានធ្វើ​ដំណើរ​តាម​យន្តហោះ​ពី ទីក្រុង​ហូជីមិញ ទៅកាន់​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី ២ មីនា ហើយ​គ្រោង​នឹង​បន្តដំណើរ​តាម​យន្តហោះ​ទៅកាន់ ប្រទេស​ឥណ្ឌា ប៉ុន្តែ សុំ​ទិដ្ឋាការ​មិនបាន។

    ក្រោយមក បុរស​នេះ​ក៏បាន​ជិះ​រថយន្តក្រុង​ពី បាងកក ទៅកាន់ ភូ​កេ​ត និង​ទិញ​ទូក​កៅស៊ូ​មួយគ្រឿង ចេញដំណើរ​ពីថ្ងៃ​ទី ៥ មីនា ក្នុង​បំណង​ឆ្លងកាត់​សមុទ្រ​ចម្ងាយ ២,០០០ គីឡូម៉ែត្រ ទៅកាន់ ប្រទេស​ឥណ្ឌា។ គាត់​ត្រូវបាន​ក្រុម​អ្នកនេសាទ​ប្រទះឃើញ បន្ទាប់ពី​ធ្វើដំណើរ​បាន ១៨ ថ្ងៃ នៅលើ​សមុទ្រ។

    សមត្ថកិច្ច​ថៃ បាន​នាំ​បុរស​នេះ​ទៅកាន់​ការិយាល័យ​របស់​ឧទ្យាន​ជាតិ Mu Ko Similan នៅ Phangnga ដើម្បី​សាកសួរ​បន្ថែម៕

  • កូរ៉េខាងត្បូង ថា កូរ៉េខាងជើង ទំនងជា​ទើបបាន​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​អន្តរទ្វីប​ប្រើ​បច្ចេកវិទ្យា ICBM

    កូរ៉េខាងត្បូង ថា កូរ៉េខាងជើង ទំនងជា​ទើបបាន​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​អន្តរទ្វីប​ប្រើ​បច្ចេកវិទ្យា ICBM

    ថ្ងៃទី ២៤ មីនា កងទ័ព​កូរ៉េខាងត្បូង ប្រកាសថា កូរ៉េខាងជើង ទំនងជា​ទើបតែ​បាន​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ ចេញពី​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​ឧបទ្វីប​កូរ៉េ នៅមុននេះ។

    ល្ងាច​ថ្ងៃទី ២៤ មីនា កូរ៉េខាងជើង បាន​បាញ់​កាំជ្រួច​ផ្លោង​យ៉ាងតិច ១ គ្រាប់ ឆ្ពោះទៅកាន់ សមុទ្រ​ជប៉ុន (សមុទ្រ​ខាងកើត​នៃ​ឧបទ្វីប​កូរ៉េ) នេះ​បើតាម​សារព័ត៌មាន Yonhap របស់ កូរ៉េខាងត្បូង ដកស្រង់​ប្រកាស​ពី​ក្រុមប្រឹក្សា​យោធា​ជាតិ​ប្រទេស​នេះ។

    យោងតាម Yonhap ក្រុមមន្ត្រី​យោធា​កូរ៉េខាងត្បូង អះអាងថា នេះ​អាចជា​កាំជ្រួច​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ ប្រើ​បច្ចេកវិទ្យា​កាំជ្រួច​អន្តរទ្វីប (ICBM)។ ក្រុមប្រឹក្សាសន្តិសុខ​កូរ៉េខាងត្បូង កំពុង​ត្រៀម​បើក​កិច្ចប្រជុំ​បន្ទាន់ ស្ដីពី​ករណី​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​របស់ កូរ៉េខាងជើង នេះ។

    ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ បានកំណត់ ហាម កូរ៉េខាងជើង សាកល្បង​កាំជ្រួច​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ និង​អាវុធ​នុយ​ក្លេ​អែរ។

  • រុស្ស៊ី បញ្ចេញ​វីដេអូ ស្ដីពី ប្រព័ន្ធ​មី​ស៊ី​ល S-៣០០ របស់ អ៊ុយ​ក្រែ​ន ត្រូវបាន​កម្ទេច

    រុស្ស៊ី បញ្ចេញ​វីដេអូ ស្ដីពី ប្រព័ន្ធ​មី​ស៊ី​ល S-៣០០ របស់ អ៊ុយ​ក្រែ​ន ត្រូវបាន​កម្ទេច

    រុស្ស៊ី បាន​បញ្ចេញ​វីដេអូ​មួយ ដែល​បង្ហាញ​អំពី​ការវាយប្រហារ​ទៅលើ​មី​ស៊ី​ល​ការពារ​ដែនអាកាស S-៣០០ របស់ អ៊ុយ​ក្រែ​ន នៅ​ភាគ​ខាងជើង​រដ្ឋធានី​កៀវ ដោយ​ប្រើប្រាស់​អាវុធ​បាញ់​ចំ​គោលដៅ​បំផុត។

    «យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) របស់ រុស្ស៊ី បាន​ប្រទះឃើញ​ប្រព័ន្ធ​មី​ស៊ី​ល S-៣០០ របស់ អ៊ុយ​ក្រែ​ន ដែល​ដាក់ពង្រាយ​នៅក្នុង​តំបន់ឧស្សាហកម្ម​ភាគ​ខាងជើង​រដ្ឋធានី​កៀវ។ ប្រព័ន្ធ​មី​ស៊ី​ល​នេះ ត្រូវបាន​កម្ទេច​ទាំងស្រុង​ដោយ​អាវុធ​កំណត់​ទិស​ចំ​គោលដៅ» ក្រសួងការពារជាតិ​រុស្ស៊ី បានប្រកាស​កាលពី​ម្សិលមិញ​ដូច្នេះ ប៉ុន្តែ មិនបាន​និយាយ​ច្បាស់​ថា វីដេអូ​នេះ ត្រូវបាន​ថត​កាលពី​ថ្ងៃ​ណា។

    វីដេអូ​ដែល​ថត​ពី UAV របស់ រុស្ស៊ី បង្ហាញថា រថយន្តយោធា ១ គ្រឿង ដែល​ដឹក​គ្រាប់រំសេវ និង​ជា​ប្រព័ន្ធ​បាញ់​គ្រាប់​មី​ស៊ី​ល​ការពារ​ដែនអាកាស ចល័ត​ចូលទៅក្នុង​តំបន់​ខាងលើ មុនពេល​រថយន្ត ១ គ្រឿង​ទៀត ថយ​ចូលទៅក្នុង​ឃ្លាំង។ គោលដៅ​ដែល​ត្រូវបាន​វាយប្រហារ​ដោយ​អាវុធ​អាថ៌កំបាំង​នេះ បាន​ឆាប់ឆេះ​ខ្ទេច​ទាំងស្រុង។

    ចំណែក​ភាគី​ខាង​កងទ័ព​អ៊ុយ​ក្រែ​ន មិនទាន់មាន​ប្រតិកម្ម​អ្វី​ទៅនឹង​ការលើកឡើង​របស់ ក្រសួងការពារជាតិ​រុស្ស៊ី នៅឡើយ។

  • ទ័ពអាកាស​រុស្ស៊ី «ប្ដូរ​យុទ្ធសាស្ត្រ» សម្រាប់​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    ទ័ពអាកាស​រុស្ស៊ី «ប្ដូរ​យុទ្ធសាស្ត្រ» សម្រាប់​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    សហគមន៍​អ្នកជំនាញ​ផ្នែក​យោធា និង​ក្រុមមន្ត្រី​អាម៉េរិក អះអាងថា ទ័ពអាកាស​របស់ រុស្ស៊ី បង្កើន​ការហោះហើរ​ច្រើនជាង​មុន ៥០% និង​បញ្ជូន UAV និង​អាវុធ​បន្ថែមទៀត ទៅកាន់ អ៊ុយ​ក្រែ​ន។

    Washington Post កាលពី​ថ្ងៃទី ២៣ មីនា ដកស្រង់​សម្ដី​របស់​មន្ត្រី​ការពារជាតិ​អាម៉េរិក រួម​នឹង​ក្រុម​អ្នកជំនាញ​ផ្នែក​យោធា វាយតម្លៃថា រុស្ស៊ី បង្កើន​សកម្មភាព​រប​ស់ទ័ព​អាកាស​នៅ អ៊ុយ​ក្រែ​ន ក្រោយពី​យន្តហោះ​ជាច្រើន​គ្រឿង​ត្រូវបាន អ៊ុយ​ក្រែ​ន បាញ់​ទម្លាក់ ក្នុងពេលដែល សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស MANPADS (Man-portable air-defense systems -MPADS) រាប់ពាន់​ឈុត ទៅឱ្យ ទីក្រុង​កៀវ។

    មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​ស្ថាប័ន​ការពារជាតិ​របស់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ២១ មីនា ឱ្យដឹងថា ទ័ពអាកាស​របស់ រុស្ស៊ី បានធ្វើការ​ហោះហើរ​ប្រហែល ៣០០ លើក ក្នុងអំឡុង ២៤ ម៉ោង កើន ១០០ លើក ធៀប​នឹង​ការហោះហើរ​ប្រចាំ​ថ្ងៃមុន​នោះ។

    «ទ័ពអាកាស​រុស្ស៊ី ទំនងជា​បាន​កែសម្រួល​យុទ្ធសាស្ត្រ​នៃ​ការធ្វើសកម្មភាព» Michael Kofman ប្រធាន​ផ្នែក​ស្រាវជ្រាវ​អំពី រុស្ស៊ី ប្រចាំ​ស្ថាប័ន​ប្រឹក្សា CAN ដែលមាន​មូលដ្ឋាន​នៅ Virginia ថ្លែង​ដូច្នេះ។

    យោងតាម Kofman អ៊ុយ​ក្រែ​ន ហាក់​ប្រមូលផ្ដុំ​ប្រព័ន្ធ​ការពារ​ដែនអាកាស​នៅតាម​តំបន់​សំខាន់​មួយចំនួន ដូចជា រដ្ឋធានី និង​ទីក្រុង​ធំ​ទី​ពីរ ខា​កូវ។ ប្រការនេះ នាំឱ្យ រុស្ស៊ី អាច​បើក​ការវាយប្រហារ​តាម​អាកាស​លើ​តំបន់​ជុំវិញ​ទីក្រុង ម៉ា​រី​ប៉ូឡ (Mariupol) នៅ​ភាគខាងត្បូង​ប្រទេស ជាទី​ដែល​កំពុងមាន​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ក្លា។

    ប្រព័ន្ធ MANPADS ដែល អ៊ុយ​ក្រែ​ន កំពុង​ប្រើប្រាស់ បាន​រារាំង​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​យោធា​របស់ រុស្ស៊ី ប៉ុន្តែ ទីក្រុង​មូ​ស្គូ ទំនងជា​បាន​ទប់​ទល់នឹង​បញ្ហា​នេះ​ដោយ​ការ​គេច​ចេញពី​រង្វង់​ប្រតិបត្តិការ​របស់​មី​ស៊ី​ល​ខាងលើ។ មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់ ១ រូប​របស់ អាម៉េរិក និយាយថា យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​របស់ រុស្ស៊ី មិនដែល​បានចេញ​ផុតពី​ដែនអាកាស​របស់ រុស្ស៊ី ឬ បេឡា​រូស ដោយ​ពួកគេ ភាគច្រើន ធ្វើការ​វាយប្រហារ​ចូល ទឹកដី​អ៊ុយ​ក្រែ​ន ពី​ដែនអាកាស​ខាងក្រៅ។

    ប្រព័ន្ធ​អាវុធ​មួយចំនួន​របស់ រុស្ស៊ី ដើមឡើយ​មិន​បង្ហាញ​វត្តមាន​ក្នុង​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន ប៉ុន្តែ ពេលនេះ​វា​បានបង្ហាញ​ខ្លួន​កាន់តែ​ញឹកញាប់ ក្នុងនោះ​មាន​ទាំង​យន្តហោះ​ឈ្លប​ការណ៍​គ្មាន​មនុស្ស​បើក Orlan-១០ ផងដែរ។

    កាលពី​ថ្ងៃទី ១៩ មីនា រុស្ស៊ី ក៏បាន​ទទួលស្គាល់ថា បាន​ប្រើប្រាស់​កាំជ្រួច​ផ្លោង​ល្បឿន​លឿន​ជាង​សំឡេង Kinzhal ជា​លើកដំបូង វាយប្រហារ​ទៅលើ​មូលដ្ឋាន​មួយ​នៅ​តំបន់ Ivano-Frankivsk ក្នុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន។ មួយថ្ងៃ​ក្រោយមក ទីក្រុង​មូ​ស្គូ ក៏បាន​ប្រកាសថា បាន​បន្ត​បើក​ការវាយប្រហារ​ដោយ Kinzal ទៅលើ​ឃ្លាំង​ដាក់​ប្រេង​នៅក្បែរ​ភូមិ Kostyantynivka ក្នុង​ខេត្ត Mykolaiv ភាគ​ខាងលិច​របស់ អ៊ុយ​ក្រែ​ន។

    យ៉ាងនេះ​ក្ដី ក្រុមមន្ត្រី​ជំនាញ​ឱ្យដឹងថា មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​របស់ រុស្ស៊ី នឹង​មិនអាច​ប្ដូរផ្លាស់​ស្ថានភាព​ប្រយុទ្ធ​បាន​ច្រើន​នោះទេ ដោយសារ​ចំនួន​គ្រាប់​មី​ស៊ី​ល​ប្រភេទ​នេះ មាន​មិន​ច្រើន៕