ចែវ​ទូក​កៅស៊ូ​ប្រវែង​ជាង ២ម៉ែត្រ ឆ្លងកាត់​សមុទ្រ​​​​ថៃ ទៅកាន់ ​ឥណ្ឌា ដើម្បី​ជួប​ប្រពន្ធ

នៅពេល​ត្រូវបាន​កងទ័ព​ថៃ រកឃើញ បុរស​ម្នាក់​ដែលជា ជនជាតិ​វៀតណាម អាយុ ៣៧ ឆ្នាំ បាន​ប្រាប់ថា ខ្លួន​ចែវ​ទូក​កៅស៊ូ រយៈពេល ១៨ មកហើយ​នៅលើ​សមុទ្រ បំណង​ឆ្ពោះទៅកាន់ ប្រទេស​ឥណ្ឌា ដើម្បី​ជួប​ប្រពន្ធ។

កងទ័ព​ថៃ ឱ្យដឹងថា ពួកគេ​ទទួលបាន​របាយការណ៍​ពី​អ្នកនេសាទ​ក្នុង​តំបន់​កាលពី​ថ្ងៃទី ២៣ មីនា អំពី​បុរស​ម្នាក់​កំពុង​ចែវ​ទូក​កៅស៊ូ​សប់​ខ្យល់ នៅ​តំបន់​សមុទ្រ ចម្ងាយ​ប្រហែល ១៤ គីឡូម៉ែត្រ ពី​ប្រជុំ​កោះ Similan។

មួយ​ម៉ោង​ក្រោយមក កម្លាំង​សង្គ្រោះ​របស់ ថៃ ក៏បាន​ទៅដល់​កន្លែងកើតហេតុ និង​បានឃើញ​ទូក​កៅស៊ូ​ត្រូវបាន​ចង​ទៅនឹង​ទូក​នេសាទ​របស់ ប្រជាជន​ថៃ។ បុរស​ដែល​នៅលើ​ទូក​កៅស៊ូ​នោះ ត្រូវបាន​គេ​ដឹងថា មានឈ្មោះ Ho Hoang Hung អាយុ ៣៧ ឆ្នាំ ជា​ជនជាតិ​វៀតណាម។

នៅលើ​ទូក​តូច​ប្រវែង ២.៥ ម៉ែត្រ របស់​បុរស​នោះ មាន​ធុង​ទឹក​មួយ​ដែល​ជិត​អស់​ទឹក​រលីង រួម​នឹង​មី​ប្រហែល ១០ កញ្ចប់ និង​វ៉ាលិស​មួយ។

បុរស​ខាងលើ​បាន​ប្រាប់ថា គាត់​កំពុង​ចែវ​ទូក​ទៅកាន់ ប្រទេស​ឥណ្ឌា ដើម្បី​ជួប​ប្រពន្ធ​ដែល​កំពុង​រស់នៅក្នុង​ទីក្រុង Mumbai។ បុរស​នេះ​បន្ថែមថា ពួកគេ​បាន​រៀបការ​កាលពី ២ ឆ្នាំមុន នៅ​មុនពេល​ត្រូវបាន​ឃ្លាត​ពីគ្នា​ដោយសារ​ជំងឺ​រាតត្បាត​សកល កូ​វីដ-១។

Hung និយាយថា ខ្លួន​បានធ្វើ​ដំណើរ​តាម​យន្តហោះ​ពី ទីក្រុង​ហូជីមិញ ទៅកាន់​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី ២ មីនា ហើយ​គ្រោង​នឹង​បន្តដំណើរ​តាម​យន្តហោះ​ទៅកាន់ ប្រទេស​ឥណ្ឌា ប៉ុន្តែ សុំ​ទិដ្ឋាការ​មិនបាន។

ក្រោយមក បុរស​នេះ​ក៏បាន​ជិះ​រថយន្តក្រុង​ពី បាងកក ទៅកាន់ ភូ​កេ​ត និង​ទិញ​ទូក​កៅស៊ូ​មួយគ្រឿង ចេញដំណើរ​ពីថ្ងៃ​ទី ៥ មីនា ក្នុង​បំណង​ឆ្លងកាត់​សមុទ្រ​ចម្ងាយ ២,០០០ គីឡូម៉ែត្រ ទៅកាន់ ប្រទេស​ឥណ្ឌា។ គាត់​ត្រូវបាន​ក្រុម​អ្នកនេសាទ​ប្រទះឃើញ បន្ទាប់ពី​ធ្វើដំណើរ​បាន ១៨ ថ្ងៃ នៅលើ​សមុទ្រ។

សមត្ថកិច្ច​ថៃ បាន​នាំ​បុរស​នេះ​ទៅកាន់​ការិយាល័យ​របស់​ឧទ្យាន​ជាតិ Mu Ko Similan នៅ Phangnga ដើម្បី​សាកសួរ​បន្ថែម៕

Advertisement