កូរ៉េខាងជើង ប្រកាស​បន្ត​អភិវឌ្ឍ​កម្លាំង​វាយប្រហារ​យុទ្ធសាស្ត្រ​ដ៏គួរ​ឱ្យ​ញញើត

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ឱ្យដឹងថា ប្រទេស​នេះ​នឹង​បន្ត​ការអភិវឌ្ឍ «កម្លាំង​វាយប្រហារ​ដ៏​គួរឱ្យ​ញញើត» ដែល​មិនអាច​ដោះដូរ និង​ទិញ​បាន។

«មានតែ​បំពាក់អាវុធ​វាយប្រហារ​ដែល​គួរឱ្យ​ញញើត កម្លាំងយោធា​ខ្លាំងក្លា​គ្មាន​នគរ​ទប់ទល់​បាន ទើប​យើង​អាច​ទប់ស្កាត់​សង្គ្រាម ធានា​សន្តិភាព​ជូន​ប្រទេសជាតិ និង​គ្រប់គ្រង​រាល់​ការគំរាមកំហែង» ទីភ្នាក់ងារសារព័ត៌មាន KCNA ដកស្រង់​សម្ដី​របស់លោក គីម ជុង​អ៊ុន ថ្លែង​នៅក្នុង​ពិធី​ជួបជុំ​ក្រុមមន្ត្រី អ្នកវិទ្យាសាស្ត្រ វិស្វករ និង​បុគ្គលិក​ដែល​បាន​ចូលរួម​ត្រៀម​សម្រាប់​ការបាញ់​មី​ស៊ី​ល​អន្តរទ្វីប (ICBM) កាលពី​ថ្ងៃទី ២៤ មីនា។

មេដឹកនាំ​កូរ៉េខាងជើង ឱ្យដឹងថា ការសាកល្បង​បច្ចេកវិទ្យា ICBM ថ្មី​បំផុត​របស់​ប្រទេស​នេះ គឺមាន​បំណង​ទប់ស្កាត់​រាល់​សកម្មភាព​យោធា​របស់ សហរដ្ឋ​អាម៉េរិក។

ទីក្រុង​វ៉ា​ស៊ី​ង​តោន បាន​ស្វែងរក​វិធី​ដាក់​សម្ពាធ​លើ ទីក្រុង​ព្យុងយ៉ាង ក្នុង​បំណង​បង្ខំ​ឱ្យ កូរ៉េខាងជើង បោះបង់ ឬ​កាត់បន្ថយ​ចំនួន​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ និង ICBM ដែលមាន​លទ្ធភាព​អាច​បាញ់​ដល់​គោលដៅ​នានា​នៅ សហរដ្ឋ​អាម៉េរិក។ ក៏ប៉ុន្តែ លោក គីម ជុង​អ៊ុន បាន​អះអាងថា កម្លាំង​ការពារជាតិ​របស់ កូរ៉េខាងជើង «មិនអាច​ត្រូវបាន​ដោះដូរ ឬ​ទិញ​ដោយ​ប្រការ​ណាមួយ​ឡើយ» ហើយ​ថា នឹង​រក្សា​ឱ្យបាន បើទោះជា​រង​ទណ្ឌកម្ម​ខ្លាំងក្លា​យ៉ាងណាក៏ដោយ។

លោក គីម ជុងអ៊ុន

អំពី​កម្លាំង​នុយ​ក្លេ​អែរ លោក គីម ថ្លែងថា កូរ៉េខាងជើង នឹង​បន្ត​កសាង «កម្លាំង​យុទ្ធសាស្ត្រ​ល្អឥតខ្ចោះ និង​ខ្លាំងក្លា​ជាង​មុន»។

សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃ​ទិ ២៥ មីនា បានឱ្យដឹងថា នឹង​ជំរុញ​ឱ្យ អង្គការសហប្រជាជាតិ បង្កើន​ការដាក់ទណ្ឌកម្ម​លើ កូរ៉េខាងជើង ទាក់ទិន​នឹង​ការបាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប កាលពី​សប្ដាហ៍​មុន របស់​ប្រទេស​នេះ។ ក៏ប៉ុន្តែ ប្រទេស​ចិន និង រុស្ស៊ី បា​នប​ញ្ជេ​ញ​សញ្ញា​បដិសេធ​រួចទៅហើយ។

មី​ស៊ី​ល Hwasong-១៧ ជា​កំណែ ICBM ដំបូង​របស់ កូរ៉េខាងជើង ដែល​បានចាប់ផ្ដើម​បាញ់​សាកល្បង​តាំងពី​ឆ្នាំ ២០១៧ អាច​ហោះ​ឡើងដល់​រយៈកម្ពស់​ជាង ៦,២០០ គីឡូម៉ែត្រ និង​ធ្វើដំណើរ​បាន​ជិត ១,១០០ គីឡូម៉ែត្រ មុនពេល​ធ្លា​ក់នៅ សមុទ្រ​ជប៉ុន។ ក្រុម​អ្នកជំនាញ​អះអាងថា បើសិន​ត្រូវបាន​បាញ់​ទៅតាម​គន្លង​គោចរ​ស្ដង់ដា នោះ Hwasong-១៧ អាច​បាញ់​ដល់​រយៈ​ចម្ងាយ ១៣,០០០ គីឡូម៉ែត្រ គ្រប់គ្រាន់​សម្រាប់​បន្តក់​លើ​គោលដៅ​នានា​នៅ​ទូទាំង សហរដ្ឋ​អាម៉េរិក៕

Advertisement