Category: អន្តរជាតិ

  • យានអវកាស​របស់ Blue Origin ដឹក​អ្នក​ទេសចរណ៍ ៦នាក់ ឡើងទៅ​កាន់​កម្ពស់ ១០០ គីឡូម៉ែត្រ ដោយ​​ជោគ​ជ័យ

    យានអវកាស​របស់ Blue Origin ដឹក​អ្នក​ទេសចរណ៍ ៦នាក់ ឡើងទៅ​កាន់​កម្ពស់ ១០០ គីឡូម៉ែត្រ ដោយ​​ជោគ​ជ័យ

    ប្រព័ន្ធ​រ៉ុក្កែត និង​យាន New Shepard ហោះ​ឡើង​ដោយ​ជោគជ័យ​ពី​ព្រលាន​បាញ់​បង្ហោះ Launch Site One របស់ Blue Origin ក្នុង​រដ្ឋ Texas ខាងលិច នៅវេលា​ម៉ោង ២០និង៥៨នាទី ថ្ងៃទី ៣១ មីនា (ម៉ោង​នៅ​ភ្នំពេញ)។

    ប្រព័ន្ធ​រ៉ុក្កែត និង​យាន New Shepard បាន​នាំ​អ្នក​ទេសចរណ៍ ៦ នាក់ ឡើងទៅ​កាន់​កម្ពស់​ប្រហែល ១០០ គីឡូម៉ែត្រ ក្នុង​តំបន់​អវកាស​ក្រោម​គន្លង​គោចរ។ ប្រហែល ១០ នាទី​ក្រោយ​ការហោះ​ឡើង ក្រុម​ហោះហើរ​ក៏បាន​ត្រលប់​មកកាន់​ផែនដី។ ទូ​សម្រាប់​ក្រុម​ហោះហើរ​បាន​ចុះចត​លើ​វាល​ខ្សាច់ Texas ដោយមាន​ជំនួយ​ពី​ឆត្រយោង។

    បេសកកម្ម​ខាងលើ​ដែលមាន​ឈ្មោះថា NS-២០ គឺជា​ជើងហោះហើរ​ទី ២០ របស់ រ៉ុក្កែត New Shepard ​និង​​ជា​​ជើង​ហោះ​ហើរ​​ដឹក​មនុស្ស​ទី ៤ របស់ Blue Origin ហើយក៏​ជា​ជើងហោះហើរ​ទីមួយ​ដែល​មិនមាន​អ្នកល្បីឈ្មោះ​ចូលរួម។

  • (វីដេអូ)-ទ័ព​អាកាស​របស់​ អ៊ុយ​ក្រែ​ន ទំនង​ជា​បាន​ចូល​ «វាយប្រហារ​សំដៅ​ឃ្លាំង​ប្រេង​ក្នុង​ទឹកដី​រុស្ស៊ី»

    (វីដេអូ)-ទ័ព​អាកាស​របស់​ អ៊ុយ​ក្រែ​ន ទំនង​ជា​បាន​ចូល​ «វាយប្រហារ​សំដៅ​ឃ្លាំង​ប្រេង​ក្នុង​ទឹកដី​រុស្ស៊ី»

    មន្ត្រី​ក្នុង​ខេត្ត Belgorod ភាគ​ខាងលិច​របស់ ប្រទេស​រុស្ស៊ី និយាយថា ឧទ្ធម្ភាគចក្រ​របស់ អ៊ុយ​ក្រែ​ន បាន​បាញ់​ចូល​ទឹកដី​របស់ រុស្ស៊ី និង​វាយប្រហារ​សំដៅលើ​ឃ្លាំង​ប្រេង នៅក្នុង​ការវាយប្រហារ​ជា​លើកដំបូង​ទៅក្នុង​ទឹកដី​របស់ រុស្ស៊ី។

    «អគ្គិភ័យ​នៅឯ​ឃ្លាំង​ប្រេង គឹជា​លទ្ធផល​នៃ​ការវាយប្រហារ​តាម​អាកាស​ដោយ​ឧទ្ធម្ភាគចក្រ​ប្រដាប់អាវុធ​របស់ កងទ័ព​អ៊ុយ​ក្រែ​ន។ ឧទ្ធម្ភាគចក្រ​ទាំងនោះ​បាន​ចូល​ឈ្លានពាន​ដែនអាកាស​របស់ រុស្ស៊ី ក្នុង​កម្ពស់​ទាប។ កម្មករ ២ នាក់ បាន​រងរបួស​ក្នុង​ហេតុការណ៍​ន​នោះ មិនមាន​អ្នកស្លាប់» Vyacheslav Gladkov អភិបាលខេត្ត Belgorod សរសេរ​នៅលើ​បណ្ដាញ​សង្គម​នា​ថ្ងៃនេះ។

    វីដេអូ​ដែល​បាន​ចែករំលែក​នៅលើ​បណ្ដាញ​សង្គម​បង្ហាញថា ឧទ្ធម្ភាគចក្រ​បំពាក់អាវុធ Mi-២៤ ហោះ​ក្នុង​កម្ពស់​ទាប និង​បាញ់​គ្រាប់​រ៉ុក្កែត បង្កឱ្យមាន​ការផ្ទុះ​ខ្លាំង។

    តំបន់ Belgorod

    ក្រុមមន្ត្រី​ក្នុង​តំបន់​ឱ្យដឹងថា កំពុង​ប្រមូល​កម្លាំង​ដើម្បី​គ្រប់គ្រង​អគ្គិភ័យ ខណៈដែល​ប្រជាជន​ក្បែរ​កន្លែងកើតហេតុ​ត្រូវបាន​ឈ្លៀស​ចេញ។

    ក្រសួងការពារជាតិរ​បស់ ប្រទេស​រុស្ស៊ី ក៏ដូចជា​របស់ ប្រទេស​អ៊ុយ​ក្រែ​ន មិនទាន់មាន​ការអធិប្បាយ​អ្វី​នៅឡើយ​ចំពោះ​ហេតុ​ការណ៍​នេះ។

    Belgorod ស្ថិត​នៅក្បែរ​ព្រំដែន​ជាមួយ អ៊ុយ​ក្រែ​ន និង​ក្បែរ Kharkov ដែលជា​ទីក្រុង​ធំ​ទី​ពីរ​របស់ អ៊ុយ​ក្រែ​ន។ តំបន់ Belgorod ធ្លាប់​ត្រូវបាន​ប្រើប្រាស់​ជាទី​តាំង​ប្រមូល​ទ័ព​របស់ រុស្ស៊ី មុនពេល​ប្រទេស​នេះ​បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។

    នេះ​មិនមែនជា​លើកដំបូង​នោះទេ ដែល​ទឹកដី​របស់ រុស្ស៊ី ត្រូវបាន​វាយប្រហារ​ចាប់តាំងពី រុស្ស៊ី បាន​បើក​ការឈ្លានពាន​លើ អ៊ុយ​ក្រែ​ន ប៉ុន្តែ​វា​ជា​លើកដំបូង​ដែល កងទ័ព​អ៊ុយ​ក្រែ​ន រង​ការចោទប្រកាន់។ ហេតុការណ៍​វាយប្រហារ​មុន​នោះ សុទ្ធតែ​ត្រូវបាន​ចាត់ទុកថា ជាការ​វាយប្រហារ​ដោយ​កាំភ្លើង​ធំ ឬ​កាំជ្រួច​ផ្លោង ពី អ៊ុយ​ក្រែ​ន។

  • យន្តហោះ​យោធា​របស់ កូរ៉េខាងត្បូង ប៉ះគ្នា​នៅលើ​អាកាស! មនុស្ស​ច្រើន​នាក់​បាន​បាត់​បង់ជីវិត

    យន្តហោះ​យោធា​របស់ កូរ៉េខាងត្បូង ប៉ះគ្នា​នៅលើ​អាកាស! មនុស្ស​ច្រើន​នាក់​បាន​បាត់​បង់ជីវិត

    យន្តហោះ​សម្រាប់​ហ្វឹកហ្វឺន ២ គ្រឿង របស់​ទ័ពអាកាស​នៃ ប្រទេស​កូរ៉េខាងត្បូង បាន​ហោះ​បុក​គ្នា​នៅលើ​មេឃ​ពេល​កំពុង​ហ្វឹកហាត់ បណ្ដាលឱ្យ​អ្នកបើកបរ ៣ នាក់ ត្រូវ​បាត់បង់​ជីវិត និង​ម្នាក់​បាត់​ខ្លួន។

    ទ័ពអាកាស​កូរ៉េខាងត្បូង បានឱ្យដឹងថា ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃត្រង់​ទី ១ មេសា នៅពេល​យន្តហោះ​សម្រាប់​ការហ្វឹកហាត់ KT-១ ចំនួន ២ គ្រឿង ហោះ​ប៉ះគ្នា​នៅលើ​អាកាស​ក្បែរ​ទីក្រុង Sacheon ភាគ​អាគ្នេយ៍​ប្រទេស​នេះ ដែលមាន​ចម្ងាយ​ប្រហែល ៦ គីឡូម៉ែត្រ ពី​មូលដ្ឋាន​របស់​ក្រុម​ហោះហើរ។

    «ទោះជា​បាន​ប្រឹងប្រែង​ដើម្បី​គេច​ពី​គ្រោះថ្នាក់ ប៉ុន្តែ អ្នកបើកបរ ៣ នាក់ នៅតែ​បាត់​បង់ជីវិត និង​ម្នាក់​ត្រូវ​បាត់​ខ្លួន។ សមត្ថកិច្ច​បាន​បង្កើត​ក្រុម​ស៊ើបអង្កេត និង​វាយតម្លៃ​ការខូចខាត» ប្រកាស​របស់​ទ័ពអាកាស​កូរ៉េខាងត្បូង ឱ្យដឹង​ដូច្នេះ។

    បុគ្គលិក​ពន្លត់​អគ្គិភ័យ​ប្រហែល ៣០ នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ ដើម្បី​ស្វែងរក​ជនរងគ្រោះ​ដែល​បាន​បាត់​ខ្លួន​នៅ​ទីតាំង​យន្តហោះ​ធ្លាក់។

    KT-១ គឺជា​យន្តហោះ​សម្រាប់​ហ្វឹកហ្វឺន​កម្រិត​បឋម​ដែលមាន​កៅអី​ចំនួន ២ និង​អាច​វាយប្រហារ​គោលដៅ​នៅលើ​ដី។ យន្ត​ហោះ​​នេះ​​ត្រូវបាន​សហការ​ផលិត​ដោយ​ស្ថាប័ន​អភិវឌ្ឍ​វិស័យ​ការពារជាតិ និង​ក្រុមហ៊ុន​ឧស្សាហកម្ម​អាកាសចរណ៍​កូរ៉េខាងត្បូង។

    យន្តហោះ​នេះ​បាន​ហោះហើរ​សាកល្បង​លើកដំបូង​កាលពី​ឆ្នាំ ១៩៩១ និង​ត្រូវបាន​ផលិត​ចាប់ពី​ឆ្នាំ ១៩៩៩ ក្នុងនោះ​មាន​ជាង ១៧០ គ្រឿង​ត្រូវបាន​នាំចេញ និង​ប្រើប្រាស់​នៅក្នុង​ជួរ​ទ័ពអាកាស​របស់ កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី ប៉េ​រូ សេ​ណេ​ហ្គា​ល់ និង តួ​ក​គី។

  • ប្រធានាធិបតី​អ៊ុយ​ក្រែ​ន កាត់​តំណែង​មន្ត្រី​សន្តិសុខ​ពីររូប ដែល​លោក​​ហៅ​ថា ​«មន្ត្រី​ក្បត់»

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន កាត់​តំណែង​មន្ត្រី​សន្តិសុខ​ពីររូប ដែល​លោក​​ហៅ​ថា ​«មន្ត្រី​ក្បត់»

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី បាន​កាត់​តំណែង​របស់​មន្ត្រី​សន្តិសុខ​ពីររូប ដែល​ត្រូវបាន​ចោទប្រកាន់ថា មាន​សកម្មភាព​ក្បត់ និង​រំលោភ​លើ​ពាក្យសម្បថ​ដែលថា ស្មោះត្រង់​នឹង អ៊ុយ​ក្រែ​ន។

    «ថ្ងៃនេះ ការសម្រេចចិត្ត​មួយទៀត​ត្រូវបាន​ធ្វើឡើង​ទាក់ទង​នឹង​ពួកក្បត់។ ពេលនេះ ខ្ញុំ​មិនមាន​ពេល​ដើម្បី​ទប់​ទល់នឹង​ពួកក្បត់​ទាំងអស់ ប៉ុន្តែ ពួកវា​នឹងត្រូវ​បានដាក់​ទោស​ជា​បន្តបន្ទាប់» ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី កាលពី​ថ្ងៃទី ៣១ មីនា ឱ្យដឹង​ដូច្នេះ ទាក់ទង​នឹង​ការសម្រេច​កាត់​តំណែង​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​ពីររូប​របស់​ប្រទេស​អ៊ុយ​ក្រែ​ន។

    មន្ត្រី​ដែល​ត្រូវបាន​ទម្លាក់​ពី​តំណែង​ខាងលើ​រួមមាន លោក Naumov Olehovych ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ អគ្គនាយកដ្ឋាន​សន្តិសុខ​ជាតិ​អ៊ុយ​ក្រែ​ន (SBU) និង​លោក Kryvoruchko Oleksandrovych អតីត​ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ខេត្ត Kherson។

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន មិនបាន​លើកឡើង​ច្បាស់​អំពី​សកម្មភាព​ដែល​លោក​ហៅថា «អំពើ​ក្បត់» របស់​មន្ត្រី​ទាំងពីរ​រូបនេះ​ទេ។

    រុស្ស៊ី បាន​បើក​ការឈ្លានពាន​ចូល​ទឹកដី​របស់ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២ ដើម្បី បំបាត់​ការពង្រីក​កម្លាំងយោធារ​បស់ អ៊ុយ​ក្រែ​ន។ ក្រោយ​ការប្រយុទ្ធ​គ្នា​រយៈពេល ៣៥ ថ្ងៃ រុស្ស៊ី បាន​ដកទ័ព​ចេញពី​រោងចក្រ Chernobyl ហើយ​ប្រគល់​​​មក​ អ៊ុយ​ក្រែ​ន ​វិញ។

    មន្ត្រី​តួ​ក​គី ឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស​របស់ រុស្ស៊ី និង អ៊ុយ​ក្រែ​ន អាច​នឹង​ជួបចរចា​ក្នុង​រង្វង់ ១ ឬ ២ សប្ដាហ៍​ខាងមុខ ដើម្បី​ជំរុញឱ្យមាន​ការបញ្ចប់​សង្គ្រាម។

  • បាតុករ​រាប់រយ​នាក់​នៅ ស្រីលង្កា វាយប្រហារ​វិមាន​ប្រធានាធិបតី

    បាតុករ​រាប់រយ​នាក់​នៅ ស្រីលង្កា វាយប្រហារ​វិមាន​ប្រធានាធិបតី

    បាតុករ​រាប់រយ​នាក់​បាន​រក​វិធី​វាយប្រហារ​ទៅលើ​វិមាន​ប្រធានាធិបតី​របស់ ស្រីលង្កា ជា​ប្រទេស​កោះ​នៅ មហាសមុទ្រ​ឥណ្ឌា នាំឱ្យ​អាជ្ញាធរ​រដ្ឋធានី ដាក់​បម្រាម​គោចរ។

    រលក​នៃ​បាតុកម្ម​ដោយសារ​បញ្ហា​ខ្វះ​ប្រេងឥន្ធនៈ និង​អតិផរណា​កើនឡើង​ក្នុង​រយៈពេល​ច្រើន​សប្ដាហ៍​នៅ ប្រទេស​ស្រីលង្កា បាន​ប្រែ​ទៅជា​អំពើហិង្សា​នៅ​យប់​ថ្ងៃទី ៣១ មីនា នៅ កូឡុំបូ (Colombo) រដ្ឋធានី​របស់ ស្រីលង្កា ក្នុង​គ្រា​ដែល​ក្រុមបាតុករ​បាន​រក​វិធី​ដើម្បី​វាយប្រហារ​ទៅលើ​វិមាន​របស់​ប្រធានាធិបតី និង​ទាមទារ​ឱ្យ​លោក Gotabaya Rajapaksa ចុះ​ចេញពី​តំណែង។

    កងកម្លាំង​សន្តិសុខ បាន​ប្រើប្រាស់​គ្រាប់​បែកផ្សែង​បង្ហូរទឹកភ្នែក និង​បាញ់​ទឹក ដើម្បី​បំបែ​ង​ហ្វូង​បាតុករ ដែលមាន​គ្នា​រាប់រយ​នាក់។ សាក្សី​បានឱ្យដឹងថា កម្លាំង​សន្តិសុខ​បាន​បាញ់កាំភ្លើង ប៉ុន្តែ មិន​ច្បាស់​ថា ពួកគេ​ប្រើ​គ្រាប់​ពិត ឬ​គ្រាប់​កៅស៊ូ​នោះទេ។ ការប៉ះទង្គិច​រវាង​ក្រុមបាតុករ និង​ក្រុមប៉ូលិស​កាលពី​យប់មិញ បាន​បណ្ដាលឱ្យមាន​អ្នករងរបួស​ធ្ងន់​យ៉ាងតិច ១ នាក់។

    ក្រុមបាតុករ​បាន​ដុតបំផ្លាញ​រថយន្ត​ប៉ូលិស ១ គ្រឿង និង​រថយន្តយោធា ១ គ្រឿង ដែល​ចត​នៅលើ​ដងផ្លូវ​ទៅកាន់​វិមាន​ប្រធានាធិបតី Gotabaya Rajapaksa។ ពួកគេ​បាន​ផ្ដួលរំលំ​ជញ្ជាំង​មួយ​នៅក្នុង​តំបន់ ហើយ​យក​ដុំថ្ម​គប់​ទៅលើ​ក្រុមប៉ូលិស និង​ទាហាន។

    ហេតុការណ៍​ខាងលើ​នាំឱ្យ​ក្រុមមន្ត្រី​យោធា​ជាន់ខ្ពស់ បើក​កិច្ចប្រជុំ​បន្ទាន់​ដើម្បី​រក​វិធី​ទប់​ទល់នឹង​វិបត្តិ។ រដ្ឋធានី​កូឡុំបូ ក៏ត្រូវ​បានដាក់​ក្នុង​បម្រាម​គោចរ​ដោយ​គ្មាន​កាលកំណត់។

  • មេដឹកនាំក្រុម​​ផ្ដាច់ខ្លួន​នៅ អ៊ុយ​ក្រែ​ន បញ្ជា​ឱ្យ​បង្កើត​រដ្ឋបាល​នៅ ទីក្រុង​ម៉ា​រី​ប៉ូល

    មេដឹកនាំក្រុម​​ផ្ដាច់ខ្លួន​នៅ អ៊ុយ​ក្រែ​ន បញ្ជា​ឱ្យ​បង្កើត​រដ្ឋបាល​នៅ ទីក្រុង​ម៉ា​រី​ប៉ូល

    មេដឹកនាំ​របស់ សាធារណរដ្ឋ​ប្រជាមានិត ដូ​ណេ​ត​ស្ក៍ (Donetsk) (ស្វ័យ​ប្រកាស) បានចេញ​បញ្ជា​ឱ្យ​បង្កើត​រដ្ឋបាល​នៅ ម៉ា​រី​ប៉ូល ដែលជា​ទីក្រុង​របស់ អ៊ុយ​ក្រែ​ន កំពុង​ត្រូវបាន​ឡោមព័ទ្ធ​ដោយ កងទ័ព​រុស្ស៊ី។

    «អាជ្ញាធរ​ក្នុង​តំបន់​មួយ​របស់ សាធារណរដ្ឋ​ប្រជាមានិត ដូ​ណេ​ត​ស្ក៍ (DPR) នឹង​ត្រូវបាន​បង្កើតឡើង​នៅ ទីក្រុង​ម៉ា​រី​ប៉ូល» សារព័ត៌មាន TASS ដកស្រង់​បទបញ្ជា​ដែល​ត្រូវ​បានប្រកាស​លើ​គេហទំព័រ​របស់ Denis Pushilin ដែលជា​មេដឹកនាំ​របស់ DPR កាលពី​ថ្ងៃទី ៣១ មីនា ឱ្យដឹង​ដូច្នេះ។

    បទបញ្ជា​ដែលមាន​សុពលភាព​ចាប់ពី​ថ្ងៃទី ៣១ មីនា ណែ​នាំឱ្យ​មេដឹកនាំ​រដ្ឋបាល​ទីក្រុង​ម៉ា​រី​ប៉ូល ធានា​នូវ​ការកសាង និង​អនុម័ត​សេចក្ដីសម្រេច​ដែល​ទាក់ទង​នឹង​ការគ្រប់គ្រង រចនាសម្ព័ន្ធ និង​ធនធានមនុស្ស​របស់​ទីក្រុង បង្កើត​ស្ថាន​ប័ន​ថ្នាក់​ខណ្ឌ​នៅ ម៉ា​រី​ប៉ូល ក្នុងនោះ​មាន​ទាំង​ការជ្រើសតាំង​មេដឹកនាំ​នានា​ផងដែរ។ ជំហាន​ទាំងនេះ​ត្រូវអនុវត្ត​ដោយមាន​ការសហការ​ពី​អាជ្ញាធរ DPR។

    បច្ចុប្បន្ន ភាគី​ខាង​អ៊ុយ​ក្រែ​ន មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទង​នឹង​បញ្ហា​ខាងលើ។

    លោក Pushilin កាលពី​ថ្ងៃទី ៣០ មីនា ឱ្យដឹងថា អាច​ពិចារណា​អំពី​លទ្ធភាព​នៃ​ការ​បម្រួបបម្រួម​ជាមួយ រុស្ស៊ី នៅពេល​ពួកគេ​គ្រប់គ្រង​តំបន់​ដូ​ណេ​ត​ស្ក៍ បាន​ទាំងមូល ក្នុងនោះ​មាន​ទាំង ទីក្រុង​ម៉ា​រី​ប៉ូល នៅ​ភាគ​ខាងកើត​របស់ ប្រទេស​អ៊ុយ​ក្រែ​ន ផងដែរ។ មេដឹកនាំ​របស់ សាធារណរដ្ឋ​ប្រជាមានិត លូ​ហាន​ស្ក៍ (Luhansk ឬ Lugansk-LPR) (ស្វ័យ​ប្រកាស) Leonid Pasechnik មុន​នោះ​ក៏បាន​និយាយថា តំបន់​នេះ​អាច​នឹងមាន​ការធ្វើប្រជាមតិឆាប់ៗខាងមុខ ស្ដីពី​លទ្ធភាព​នៃ​ការច្របាច់បញ្ចូល​ទៅក្នុង សហព័ន្ធរុស្ស៊ី។

    អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន Oleg Nikolenko អះអាងថា ជា​រឿង​មិន​សមស្រប​តាមច្បាប់​នៅពេល​ធ្វើ​ប្រជាមតិ​ដូច្នេះ។

  • លោក បៃ​ដិ​ន ចេញ​បញ្ជា​ឱ្យ​បញ្ចេញ​ប្រេង​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​ក្នុង​រយៈពេល ៦ ខែ

    លោក បៃ​ដិ​ន ចេញ​បញ្ជា​ឱ្យ​បញ្ចេញ​ប្រេង​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​ក្នុង​រយៈពេល ៦ ខែ

    ប្រធានាធិបតី​អាម៉េរិក លោក បៃ​ដិ​ន បានចេញ​បញ្ជា​ឱ្យ​បើក​ឃ្លាំង​យុទ្ធសាស្ត្រ បញ្ចេញ​ប្រេង​ចំនួន ១ លាន​ធុង​ជា​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល ៦ ខែ ដើម្បី​ជួយ​រក្សា​ស្ថិរភាព​ទីផ្សារ នៅពេលដែល​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន កំពុង​បន្ត​ទៅមុខ។

    បទបញ្ជា​នេះ «នឹង​ជួយ​បន្ធូរបន្ថយ​ការលំបាក​របស់​បណ្ដា​គ្រួសារ​អាម៉េរិក បញ្ចប់​ដំណាក់កាល​ពឹងផ្អែក និង​ស្រ​ពេ​ច ស្រពិល​នាបច្ចុប្បន្ន បង្កើតបានជា​គ្រឹះ​ថ្មី​សម្រាប់​ទឹកដី​អាម៉េរិក ដែល​ឯករាជ្យ​ផ្នែក​ថាមពល​ពិតប្រាកដ និង​យូរអង្វែង» ប្រធានាធិបតី​អាម៉េរិក លោក ចូ​បៃ​ដិ​ន ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ៣១ មីនា នៅពេល​ប្រកាស​ផែនការ​ថាមពល​ដើម្បី​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន។

    លោក បៃ​ដិ​ន ក៏បាន​ចោទប្រកាន់​លើ ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន ថា «រុញច្រាន​តម្លៃ​ថាមពល​សកល​ឱ្យ​ឡើងថ្លៃ» និង «កំពុង​វាយ​សំដៅលើ​ប្រជាជន​អាម៉េរិក នៅតាម​ស្ថានីយ​ប្រេង»។ ដើម្បី​ដោះស្រាយ​ស្ថានភាព​ប្រេង​ឡើងថ្លៃ ចាប់ពី​ខែឧសភា រដ្ឋាភិបាល​អាម៉េរិក នឹង​បញ្ចេញ​ប្រេង​ពី​ឃ្លាំង​យុទ្ធសាស្ត្រ ចំនួន ១ លាន​ធុង ជា​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល ៦ ខែ។

    តាម​ការ​គណនា ប្រេងសាំង​ប្រមាណ ១៨០ លាន​ធុង​ដែល​នឹង​ត្រូវបាន​បញ្ចេញ​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់ អាម៉េរិក គឺ​ស្មើនឹង​តម្រូវការ​ប្រេង​ក្នុង​រយៈពេល ២ ថ្ងៃ របស់​ពិភពលោក​ទាំងមូល។ នេះ​គឺជា​លើក​ទី ៣ ហើយ ដែល វ៉ា​ស៊ី​ង​តោន បញ្ចេញ​ប្រេង​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​ក្នុងអំឡុង​កន្លះ​ឆ្នាំ​មកនេះ។

  • តំបន់​ផ្ដាច់ខ្លួន​នៅ​ ប្រទេស​​ហ្ស​ក​ហ្ស៊ី​ នឹង​ធ្វើ​​ប្រជា​មតិ​​ស្ដី​ពី​​ការ​​បម្រួប​បម្រួម​​ចូល​ក្នុង​​សហ​ព័ន្ធ​រុស្ស៊ី

    តំបន់​ផ្ដាច់ខ្លួន​នៅ​ ប្រទេស​​ហ្ស​ក​ហ្ស៊ី​ នឹង​ធ្វើ​​ប្រជា​មតិ​​ស្ដី​ពី​​ការ​​បម្រួប​បម្រួម​​ចូល​ក្នុង​​សហ​ព័ន្ធ​រុស្ស៊ី

    មេដឹកនាំ អូ​សេ​ទី​ខាងត្បូង (South Ossetia)  ដែលជា​តំបន់​ផ្ដាច់ខ្លួន​នៅ ហ្ស​ក​ហ្ស៊ី (Georgia) ប្រកាសថា​ នឹងធ្វើ​ប្រជាមតិ​ស្ដីពី​ការច្របាច់បញ្ចូល​ទៅក្នុង សហព័ន្ធរុស្ស៊ី។

    «យើង​មាន​មូលហេតុ​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ក្នុង​សហព័ន្ធរុស្ស៊ី និង​មិន​ជួប​ឧបសគ្គ​ផ្លូវច្បាប់​ណាមួយ​ឡើយ» Alan Tadtaev អ្នកតាក់តែង​ច្បាប់កំពូល​មួយរូប​របស់ អូ​សេ​ទី​ខាងត្បូង កាលពី​ថ្ងៃទី ៣០ មីនា បានឱ្យដឹង​ដូច្នេះ។

    «ខ្ញុំ​យល់​ឃើញ​ថា ការ​បម្រួបបម្រួម​ជាមួយ រុស្ស៊ី គឺជា​គោលដៅ​យុទ្ធសាស្ត្រ និង​ជា​ជម្រើស​របស់​យើង ជា​បំណងប្រាថ្នា​របស់​ប្រជាជន» Anatoly Bibilov មេដឹកនាំ​របស់ សាធារណរដ្ឋ​ស្វ័យ​ប្រកាស អូ​សេ​ទី​ខាងត្បូង ថ្លែង​ដូច្នេះ។ «យើង​នឹង​អនុវត្ត​ទៅតាម​ជំហាន​នៃ​ផ្លូវច្បាប់​នាពេល​ដ៏​ខ្លី​ខាងមុខ។ អូ​សេ​ទី​ខាងត្បូង នឹង​ក្លាយជា​ផ្នែក​មួយ​របស់ រុស្ស៊ី ជា​ទឹកដី​កំណើត​ប្រវត្តិ​សាស្ត្រ»។

    បែបបទ​ផ្លូវច្បាប់​​ដែល​ចាំបាច់​ដើម្បីឱ្យ អូ​សេ​ទី​ខាងត្បូង អាច​បម្រួបបម្រួម​ជាមួយ រុស្ស៊ី នឹង​រួចរាល់​នៅ​ថ្ងៃទី ១០ មេសា ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​របស់​តំបន់​នេះ។

    ហ្ស​ក​ហ្ស៊ី គឺជា​ប្រទេស​ដែល​ធ្លាប់​ចំណុះឱ្យ សហភាពសូវៀត នៅ​តំបន់ កៅ​កាស (Kavkaz) ជាប់​ជាមួយ​រុស្ស៊ី នៅ​ភាគ​ខាងជើង។ ទំនាក់ទំនង​រវាង រុស្ស៊ី និង ហ្ស​ក​ហ្ស៊ី តែងតែមាន​ភាព​តានតឹង​រាប់​ចាប់តាំងពី​ជម្លោះ​ប្រដាប់អាវុធ​បាន​កើតឡើង​កាលពី​ខែសីហា ២០០៨ នៅពេល ហ្ស​ក​ហ្ស៊ី វាយប្រហារ​ទៅលើ​តំបន់​ផ្ដាច់ខ្លួន​ចំនួន ២ គឺ អាប​ខា​ហ្ស៊ី (Abkhazia) និង អូ​សេ​ទី​ខាងត្បូង។

    រុស្ស៊ី បាន​បើក​យុទ្ធនាការ​អន្តរ​គម​ន៍​យោធា​នៅ ហ្ស​ក​ហ្ស៊ី ចាប់ពី​ថ្ងៃទី ៨ សីហា ២០០៨ និង​បញ្ចប់​ក្រោយ​ការប្រយុទ្ធ​គ្នា ៥ ថ្ងៃ។ ហ្ស​ក​ហ្ស៊ី រង​ការខូចខាត​ធ្ងន់ធ្ងរ​ក្នុង​សង្គ្រាម​ភ្លើងចំបើង​នោះ។ រុស្ស៊ី បានប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់ អាប​ខា​ហ្ស៊ី និង អូ​សេ​ទី​ខាងត្បូង ប៉ុន្តែ អន្តរជាតិ​មិនបាន​ទទួលស្គាល់​ឡើយ។

    រុស្ស៊ី រក្សា​វត្ត​មានកងទ័ព​​​របស់ខ្លួន​នៅ អាប​ខា​ហ្ស៊ី និង អូ​សេ​ទី​ខាងត្បូង ដោយ​អះអាងថា នេះ​គឺជា​សកម្ម​ភាពសមស្រប​ទៅតាម​បំណងប្រាថ្នា​របស់​ប្រជាជន​ក្នុង​តំបន់។ ក៏ប៉ុន្តែ អាជ្ញាធរ​ហ្ស​ក​ហ្ស៊ី និង​បស្ចិម​លោក បាន​បដិសេធ ដោយ​ចោទថា នេះ​គឺជា​ការ «រំលោភ​កាន់កាប់​ដោយ​ខុសច្បាប់»។ រុស្ស៊ី និង ហ្ស​ក​ហ្ស៊ី បាន​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​នឹង​គ្នា​រហូតដល់​បច្ចុប្បន្ន៕

  • យន្តហោះ Airbus A៣៨០ ប្រើប្រាស់​ឥន្ធនៈ​ផលិត​ពី​ប្រេងឆា និង​​ខ្លាញ់​ដែល​ប្រើ​រួច​

    យន្តហោះ Airbus A៣៨០ ប្រើប្រាស់​ឥន្ធនៈ​ផលិត​ពី​ប្រេងឆា និង​​ខ្លាញ់​ដែល​ប្រើ​រួច​

    យន្តហោះ Airbus A៣៨០ ហោះហើរ​សាកល្បង​នៅ ប្រទេស​បារាំង ហើយ​ហោះ​ក្នុង​រយៈពេល ៣ ម៉ោង ដោយ​ប្រើប្រាស់​ឥន្ធនៈ​ដែល​កែច្នៃ​ពី​ប្រេងឆា និង​ខ្លាញ់​ដែល​គេ​ប្រើ​រួច។

    យន្តហោះ​ខ្នាត​ធំ Airbus A៣៨០ ទទួលបាន​ជោគជ័យ​ក្នុងការ​ហោះហើរ​សាកល្បង​ជាពិសេស ក្នុង​រយៈពេល ៣ ម៉ោង ដោយ​ហោះ​ពី​អាកាសយានដ្ឋាន Blagnac នៅ​កាន់ Toulouse (បារាំង) កាលពី​ថ្ងៃទី ២៥ មីនា ២០២។ យន្តហោះ​នេះ​ប្រើប្រាស់​ម៉ាស៊ីន Rolls-Royce ៩០០ និង​ឥន្ធនៈ​អាកាសចរណ៍​និរន្តរភាព (Sustainable Aviation Fuel-SAF) ដែល​ភាគច្រើន​ផលិត​អំពី​ប្រេងសណ្ដែក និង​ខ្លាញ់​ដែល​ប្រើ​រួច។

    យន្តហោះ​ Airbus A៣៨០ ក្រោយមក​ក៏បាន​ធ្វើការ​ហោះហើរ​សាក​ល្បង​ជា​លើក​ទី​ពីរ ដោយ​ប្រើប្រាស់​ឥន្ធនៈ​ប្រភេទ​ដដែល​នេះ និង​ហោះ​ពី Toulouse ទៅកាន់ Nice ក្នុង​ថ្ងៃទី ២៩ មីនា។ ការហោះហើរ​នេះ​គឺ​ដើម្បី​ពិនិត្យមើល​ការប្រើប្រាស់ SAF ក្នុងដំណាក់កាល​នៃ​ការហោះ​ឡើង និង​ចុះចត។

    ក្រុម​ហ៊ុន​ TotalEnergies ជា​អ្នក​ផ្គត់​ផ្គង់​ប្រេង​ប្រភេទ​ SAF

    ឥន្ធនៈ​ដែល​យន្ត​ហោះ​ Airbus A៣៨០ បាន​ប្រើប្រាស់ ត្រូវបាន​ផ្គត់ផ្គង់​ដោយ TotalEnergies ដែលជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ Normandy របស់ បារាំង។ Airbus បាន​សាកល្បង​ហោះហើរ​ដោយ​ប្រើប្រាស់ SAF តាំងពី​ឆ្នាំ​កន្លង ចំណែក A៣៥០ បាន​សាកល្បង​ហោះហើរ​តាំង​ខែមីនា ២០២១ និង A៣១៩ ហោះ​ហើយ​សាកល្បង​ដោយ​ប្រើ​ប្រេងឆា​កាលពី​ខែតុលា ២០២១។

    ក្រុមហ៊ុន TotalEnergies សង្ឃឹមថា យន្តហោះ​នឹង​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ហោះហើរ​ដោយ​ប្រើប្រាស់​ឥន្ធនៈ​ប្រភេទ SAF នៅ​ចុង​ទសវត្ស​ន៍​នេះ។ បច្ចុប្បន្ន យន្តហោះ Airbus អាច​ដំណើរការបាន​ជាមួយនឹង SAF ៥០% លាយ​ជាមួយនឹង​ប្រេងកាត (kerosene) បុរាណ៕

  • សិង្ហ​បុរី ចាប់ផ្ដើម​បន្ត​អនុវត្ត​​តាម​ច្បាប់​ប្រហារជីវិត ក្រោយ​អាក់ខាន​អស់​រយៈពេល​ជាង ២ឆ្នាំ

    សិង្ហ​បុរី ចាប់ផ្ដើម​បន្ត​អនុវត្ត​​តាម​ច្បាប់​ប្រហារជីវិត ក្រោយ​អាក់ខាន​អស់​រយៈពេល​ជាង ២ឆ្នាំ

    អាជ្ញាធរ​សិង្ហ​បុរី បាន​ប្រហារជីវិត​ដោយ​ការព្យួរ​ក ចំពោះ​ជនល្មើស​គ្រឿងញៀន​ម្នាក់ ដែល​នេះ​គឺជា​ការតភ្ជាប់​ឡើងវិញ​នូវ​ការអនុវត្ត​ច្បាប់​ប្រហារជីវិត​របស់​ប្រទេស​នេះ ក្រោយ​ខកខាន​ជាង ២ ឆ្នាំ បើទោះជា​រង​ការរិះគន់​ពី​សាធារណមតិ។

    Abdul Kahar Othman អាយុ ៦៨ ឆ្នាំ ជា​ពលរដ្ឋ​សិង្ហ​បុរី ត្រូវបាន​កាត់ទោស​ប្រហារជីវិត​កាលពី​ឆ្នាំ ២០១៥ ទាក់ទិន​នឹង​អំពើ​ជួញដូរ​គ្រឿងញៀន។ ការដាក់ទោស​ប្រហារជីវិត​ចំពោះ Kahar ត្រូវបានធ្វើ ឡើង​ក្រោមរូបភាព​ព្យូ​រក កាលពី​ថ្ងៃទី ៣០ មីនា នៅ​ពន្ធនាគារ Changi។

    នេះ​គឺជា​ករណី​ប្រហារជីវិត​ដំបូង​ដែល​ត្រូវបាន​អនុវត្ត​នៅ សិង្ហ​បុរី ក្នុងអំឡុង ២ ឆ្នាំ​កន្លងមកនេះ ក្រោយពី​វា​ត្រូវបាន​ផ្អាក​ដោយសារ កូ​វីដ-១។ ករណី​ប្រហារ​ជីវិតចុងក្រោយ​បំផុត​នៅ សិង្ហ​បុរី មុនពេល កូ​វីដ-១៩ មកដល់ ត្រូវបាន​ធ្វើឡើង​កាលពី​ខែវិច្ឆិកា ២០១៩។

    ករណី​ប្រហារជីវិត​ចំពោះ Kahar ត្រូវបាន​អនុវត្ត​ឡើង បើទោះជា​ក្រុម​សកម្មជន​សិទ្ធិមនុស្ស ក្នុងនោះ​មាន​ទាំង​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ឱ្យ​មានការ​សម្រាលទោស​ម​ក​នៅត្រឹម​ជាប់ពន្ធនាគារ​មួយជីវិត។

    ពន្ធនាគារ​ Changi