(វីដេអូ)-ទ័ព​អាកាស​របស់​ អ៊ុយ​ក្រែ​ន ទំនង​ជា​បាន​ចូល​ «វាយប្រហារ​សំដៅ​ឃ្លាំង​ប្រេង​ក្នុង​ទឹកដី​រុស្ស៊ី»

មន្ត្រី​ក្នុង​ខេត្ត Belgorod ភាគ​ខាងលិច​របស់ ប្រទេស​រុស្ស៊ី និយាយថា ឧទ្ធម្ភាគចក្រ​របស់ អ៊ុយ​ក្រែ​ន បាន​បាញ់​ចូល​ទឹកដី​របស់ រុស្ស៊ី និង​វាយប្រហារ​សំដៅលើ​ឃ្លាំង​ប្រេង នៅក្នុង​ការវាយប្រហារ​ជា​លើកដំបូង​ទៅក្នុង​ទឹកដី​របស់ រុស្ស៊ី។

«អគ្គិភ័យ​នៅឯ​ឃ្លាំង​ប្រេង គឹជា​លទ្ធផល​នៃ​ការវាយប្រហារ​តាម​អាកាស​ដោយ​ឧទ្ធម្ភាគចក្រ​ប្រដាប់អាវុធ​របស់ កងទ័ព​អ៊ុយ​ក្រែ​ន។ ឧទ្ធម្ភាគចក្រ​ទាំងនោះ​បាន​ចូល​ឈ្លានពាន​ដែនអាកាស​របស់ រុស្ស៊ី ក្នុង​កម្ពស់​ទាប។ កម្មករ ២ នាក់ បាន​រងរបួស​ក្នុង​ហេតុការណ៍​ន​នោះ មិនមាន​អ្នកស្លាប់» Vyacheslav Gladkov អភិបាលខេត្ត Belgorod សរសេរ​នៅលើ​បណ្ដាញ​សង្គម​នា​ថ្ងៃនេះ។

វីដេអូ​ដែល​បាន​ចែករំលែក​នៅលើ​បណ្ដាញ​សង្គម​បង្ហាញថា ឧទ្ធម្ភាគចក្រ​បំពាក់អាវុធ Mi-២៤ ហោះ​ក្នុង​កម្ពស់​ទាប និង​បាញ់​គ្រាប់​រ៉ុក្កែត បង្កឱ្យមាន​ការផ្ទុះ​ខ្លាំង។

តំបន់ Belgorod

ក្រុមមន្ត្រី​ក្នុង​តំបន់​ឱ្យដឹងថា កំពុង​ប្រមូល​កម្លាំង​ដើម្បី​គ្រប់គ្រង​អគ្គិភ័យ ខណៈដែល​ប្រជាជន​ក្បែរ​កន្លែងកើតហេតុ​ត្រូវបាន​ឈ្លៀស​ចេញ។

ក្រសួងការពារជាតិរ​បស់ ប្រទេស​រុស្ស៊ី ក៏ដូចជា​របស់ ប្រទេស​អ៊ុយ​ក្រែ​ន មិនទាន់មាន​ការអធិប្បាយ​អ្វី​នៅឡើយ​ចំពោះ​ហេតុ​ការណ៍​នេះ។

Belgorod ស្ថិត​នៅក្បែរ​ព្រំដែន​ជាមួយ អ៊ុយ​ក្រែ​ន និង​ក្បែរ Kharkov ដែលជា​ទីក្រុង​ធំ​ទី​ពីរ​របស់ អ៊ុយ​ក្រែ​ន។ តំបន់ Belgorod ធ្លាប់​ត្រូវបាន​ប្រើប្រាស់​ជាទី​តាំង​ប្រមូល​ទ័ព​របស់ រុស្ស៊ី មុនពេល​ប្រទេស​នេះ​បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។

នេះ​មិនមែនជា​លើកដំបូង​នោះទេ ដែល​ទឹកដី​របស់ រុស្ស៊ី ត្រូវបាន​វាយប្រហារ​ចាប់តាំងពី រុស្ស៊ី បាន​បើក​ការឈ្លានពាន​លើ អ៊ុយ​ក្រែ​ន ប៉ុន្តែ​វា​ជា​លើកដំបូង​ដែល កងទ័ព​អ៊ុយ​ក្រែ​ន រង​ការចោទប្រកាន់។ ហេតុការណ៍​វាយប្រហារ​មុន​នោះ សុទ្ធតែ​ត្រូវបាន​ចាត់ទុកថា ជាការ​វាយប្រហារ​ដោយ​កាំភ្លើង​ធំ ឬ​កាំជ្រួច​ផ្លោង ពី អ៊ុយ​ក្រែ​ន។

Advertisement