តំបន់​ផ្ដាច់ខ្លួន​នៅ​ ប្រទេស​​ហ្ស​ក​ហ្ស៊ី​ នឹង​ធ្វើ​​ប្រជា​មតិ​​ស្ដី​ពី​​ការ​​បម្រួប​បម្រួម​​ចូល​ក្នុង​​សហ​ព័ន្ធ​រុស្ស៊ី

លោក​ ពូទីន និង​លោក​ អាណាតូលី ប៊ីលីឡូវ

មេដឹកនាំ អូ​សេ​ទី​ខាងត្បូង (South Ossetia)  ដែលជា​តំបន់​ផ្ដាច់ខ្លួន​នៅ ហ្ស​ក​ហ្ស៊ី (Georgia) ប្រកាសថា​ នឹងធ្វើ​ប្រជាមតិ​ស្ដីពី​ការច្របាច់បញ្ចូល​ទៅក្នុង សហព័ន្ធរុស្ស៊ី។

«យើង​មាន​មូលហេតុ​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ក្នុង​សហព័ន្ធរុស្ស៊ី និង​មិន​ជួប​ឧបសគ្គ​ផ្លូវច្បាប់​ណាមួយ​ឡើយ» Alan Tadtaev អ្នកតាក់តែង​ច្បាប់កំពូល​មួយរូប​របស់ អូ​សេ​ទី​ខាងត្បូង កាលពី​ថ្ងៃទី ៣០ មីនា បានឱ្យដឹង​ដូច្នេះ។

«ខ្ញុំ​យល់​ឃើញ​ថា ការ​បម្រួបបម្រួម​ជាមួយ រុស្ស៊ី គឺជា​គោលដៅ​យុទ្ធសាស្ត្រ និង​ជា​ជម្រើស​របស់​យើង ជា​បំណងប្រាថ្នា​របស់​ប្រជាជន» Anatoly Bibilov មេដឹកនាំ​របស់ សាធារណរដ្ឋ​ស្វ័យ​ប្រកាស អូ​សេ​ទី​ខាងត្បូង ថ្លែង​ដូច្នេះ។ «យើង​នឹង​អនុវត្ត​ទៅតាម​ជំហាន​នៃ​ផ្លូវច្បាប់​នាពេល​ដ៏​ខ្លី​ខាងមុខ។ អូ​សេ​ទី​ខាងត្បូង នឹង​ក្លាយជា​ផ្នែក​មួយ​របស់ រុស្ស៊ី ជា​ទឹកដី​កំណើត​ប្រវត្តិ​សាស្ត្រ»។

បែបបទ​ផ្លូវច្បាប់​​ដែល​ចាំបាច់​ដើម្បីឱ្យ អូ​សេ​ទី​ខាងត្បូង អាច​បម្រួបបម្រួម​ជាមួយ រុស្ស៊ី នឹង​រួចរាល់​នៅ​ថ្ងៃទី ១០ មេសា ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​របស់​តំបន់​នេះ។

ហ្ស​ក​ហ្ស៊ី គឺជា​ប្រទេស​ដែល​ធ្លាប់​ចំណុះឱ្យ សហភាពសូវៀត នៅ​តំបន់ កៅ​កាស (Kavkaz) ជាប់​ជាមួយ​រុស្ស៊ី នៅ​ភាគ​ខាងជើង។ ទំនាក់ទំនង​រវាង រុស្ស៊ី និង ហ្ស​ក​ហ្ស៊ី តែងតែមាន​ភាព​តានតឹង​រាប់​ចាប់តាំងពី​ជម្លោះ​ប្រដាប់អាវុធ​បាន​កើតឡើង​កាលពី​ខែសីហា ២០០៨ នៅពេល ហ្ស​ក​ហ្ស៊ី វាយប្រហារ​ទៅលើ​តំបន់​ផ្ដាច់ខ្លួន​ចំនួន ២ គឺ អាប​ខា​ហ្ស៊ី (Abkhazia) និង អូ​សេ​ទី​ខាងត្បូង។

រុស្ស៊ី បាន​បើក​យុទ្ធនាការ​អន្តរ​គម​ន៍​យោធា​នៅ ហ្ស​ក​ហ្ស៊ី ចាប់ពី​ថ្ងៃទី ៨ សីហា ២០០៨ និង​បញ្ចប់​ក្រោយ​ការប្រយុទ្ធ​គ្នា ៥ ថ្ងៃ។ ហ្ស​ក​ហ្ស៊ី រង​ការខូចខាត​ធ្ងន់ធ្ងរ​ក្នុង​សង្គ្រាម​ភ្លើងចំបើង​នោះ។ រុស្ស៊ី បានប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់ អាប​ខា​ហ្ស៊ី និង អូ​សេ​ទី​ខាងត្បូង ប៉ុន្តែ អន្តរជាតិ​មិនបាន​ទទួលស្គាល់​ឡើយ។

រុស្ស៊ី រក្សា​វត្ត​មានកងទ័ព​​​របស់ខ្លួន​នៅ អាប​ខា​ហ្ស៊ី និង អូ​សេ​ទី​ខាងត្បូង ដោយ​អះអាងថា នេះ​គឺជា​សកម្ម​ភាពសមស្រប​ទៅតាម​បំណងប្រាថ្នា​របស់​ប្រជាជន​ក្នុង​តំបន់។ ក៏ប៉ុន្តែ អាជ្ញាធរ​ហ្ស​ក​ហ្ស៊ី និង​បស្ចិម​លោក បាន​បដិសេធ ដោយ​ចោទថា នេះ​គឺជា​ការ «រំលោភ​កាន់កាប់​ដោយ​ខុសច្បាប់»។ រុស្ស៊ី និង ហ្ស​ក​ហ្ស៊ី បាន​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​នឹង​គ្នា​រហូតដល់​បច្ចុប្បន្ន៕

Advertisement