Category: អន្តរជាតិ

  • ទៀតហើយ! ផ្ទុះអាវុធ​​នៅឯ​តំបន់ Oklahoma នៃ​ សហរដ្ឋ​អាម៉េរិក បណ្ដាលឱ្យ​មនុស្ស ៨ នាក់​ស្លាប់ និង​រងរបួស

    ទៀតហើយ! ផ្ទុះអាវុធ​​នៅឯ​តំបន់ Oklahoma នៃ​ សហរដ្ឋ​អាម៉េរិក បណ្ដាលឱ្យ​មនុស្ស ៨ នាក់​ស្លាប់ និង​រងរបួស

    យ៉ាងហោចណាស់​មាន​មនុស្ស​ម្នាក់​បាត់បង់​ជីវិត និង ៧ នាក់​ទៀត​រងរបួស​នៅ​ក្នុងករណី​ផ្ទុះអាវុធ​ដែល​បាន​កើតឡើង​នៅក្នុង​ពិធីបុណ្យ​មួយ​នៅក្បែរ​ទីក្រុង Tulsa នៃ​រដ្ឋ Oklahoma របស់ សហរដ្ឋ​អាម៉េរិក កាលពី​ព្រឹក​ថ្ងៃទី ២៩ ឧសភា (ពេលវេលា​ក្នុង​តំបន់)។

    យោងតាម​ក្រុមមន្ត្រី​របស់​រដ្ឋ Oklahoma ហេតុការណ៍​ផ្ទុះអាវុធ​នេះ​កើតឡើង​នៅក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​នៅក្នុង​តំបន់ ដែលមាន​មនុស្ស​ចូលរួម​ប្រហែល ១,៥០០ នាក់។ បន្ទាប់ពី​ហេតុការណ៍​នេះ​កើតឡើង មិនទាន់មាន​ជនសង្ស័យ​ណា​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅឡើយ។

    ក្នុង​រយៈពេល ៥ ខែ​កន្លង ប្រជាជន​អាម៉េរិក ជាង ១៧,០០០ នាក់ បាន​ស្លាប់​នៅក្នុង​បណ្ដា​ករណី​ដែល​ទាក់ទិន​នឹង​អាវុធ ក្នុងនោះ​មាន​កុមារ និង​ក្មេង​ចំទង់​ប្រហែល ៦៤០ នាក់។

    បញ្ហា​ហិង្សា​ពាក់ព័ន្ធ​នឹង​កាំភ្លើង​កំពុងតែ​ក​ក្រើន​ឡើងជា​ថ្មី​នៅ សហរដ្ឋ​អាម៉េរិក បន្ទាប់ពី​កើតមាន​ករណី​បាញ់សម្លាប់​មនុស្ស​នៅឯ​សាលារៀន​មួយ​នៅ​ទីរួមស្រុក Uvalde ក្នុង​រដ្ឋ Texas បណ្ដាលឱ្យ​សិស្ស​ចំនួន ១៩ នាក់ និង​គ្រូបង្រៀន ២ នាក់​បាន​បាត់​បង់ជីវិត​កាលពី​ថ្ងៃទី ២៤ ឧសភា​កន្លងទៅ

  • ណា​តូ (NATO) ប្រកាសថា មាន​សិទ្ធិ​ដាក់ពង្រាយ​កម្លាំង​នៅ អឺរ៉ុប​ខាងកើត

    ណា​តូ (NATO) ប្រកាសថា មាន​សិទ្ធិ​ដាក់ពង្រាយ​កម្លាំង​នៅ អឺរ៉ុប​ខាងកើត

    អគ្គលេខាធិការរងរ​បស់ ណា​តូ ប្រកាសថា សម្ព័ន្ធ​យោធា​នេះ​លែង​ស្ថិតនៅក្រោម​ចំណង​នៃ​បណ្ដា​កិច្ចសន្យា​រឹតត្បិត​លើ​ការដាក់​ពង្រាយ​កងទ័ព​នៅ អឺរ៉ុប​ខាងកើត ទៀតហើយ។

    អគ្គលេខាធិការរងរ​បស់ ណា​តូ Mircea Geoana កាលពី​ថ្ងៃទី ២៩ ឧសភា បាន​ចោទប្រកាន់ រុស្ស៊ី ថា បាន​លុបចោល​រាល់​ខ្លឹមសារ​ដែលមាន​នៅក្នុង​ច្បាប់​ស្ដីពី​ការបង្កើត​ទំនាក់ទំនង ណា​តូ-រុស្ស៊ី ដោយ​ការបើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន និង​ការឈប់​ចរចា​ជាមួយ ណា​តូ។

    យោងតាម​ច្បាប់​ស្ដីពី​ការបង្កើត​ទំនាក់ទំនង ណា​តូ-រុស្ស៊ី ឆ្នាំ ១៩៩៧ ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ស្ដារ​ទំនាក់ទំនង​រវាង ណា​តូ និង រុស្ស៊ី ភាគី​ទាំង​ពីរបាន​យល់​ព្រមធ្វើ​សកម្មភាព​ដើម្បី «ទប់ស្កាត់​រាល់​ហានិភ័យ​នៃ​ការគំរាមកំហែង​ចំពោះ​ការដាក់​ពង្រាយ​កម្លាំង​នៅក្នុង​បណ្ដា​តំបន់​ដែលមាន​កិច្ចព្រមព្រៀង​របស់ អឺរ៉ុប រួមមាន អឺរ៉ុប​កណ្ដាល និង អឺរ៉ុប​ខាងកើត»។

    អគ្គលេខាធិការរងរ​បស់ ណា​តូ បាន​ចោទថា រុស្ស៊ី កំពុង​បង្កជម្លោះ​ជាមួយ​ប្រទេសជិតខាង និង​មិនបាន​សួរ​យោបល់ ណា​តូ ឱ្យបាន​ញឹកញាប់។ «ដូច្នេះ ខ្ញុំ​យល់ថា ជាក់ស្ដែង ច្បាប់​បង្កើត (ទំនាក់ទំនង) នេះ​លែងមាន​សុពលភាព​ទៀត​ហើយ​ ដោយ​សារ​តែ រុស្ស៊ី» លោក Mircea Geoana បញ្ជាក់​ដូច្នេះ។

    ទឹក​ដី​របស់ ណាតូ-មិន​ទាន់​និយាយ​ដល់ សហរដ្ឋ​អាម៉េរិក និង​ កាណាដា (ពណ៌​លឿង គឺ​ជា​ប្រទេស​ដែល​កំពុង​មាន​បំណង​ចូល​ជា​សមាជិក​របស់​ណាតូ)

    Geoana ប្រកាសថា ណា​តូ លែងមាន​ឧបសគ្គ​ណាមួយ​ចំពោះ​ការដាក់​កម្លាំង​រឹងមាំ​នៅក្នុង​តំបន់​ភាគ​ខាងកើត​នៃ​ទឹកដី​របស់​សម្ព័ន្ធ​យោធា​នេះ និង​ការធានា​លើ​ការការពារ​ទឹកដី​ទៅតាម​មាត្រា​ទី ៥ នៃ​កតិកាសញ្ញា។

    មាត្រា​ទី ៥ នៃ​កតិកាសញ្ញា​ណា​តូ កំណត់ថា រាល់​ការវាយប្រហារ​ណាមួយ​ម​កលើ​សមាជិក​របស់​ស​ម្ព័​ន្ធ​យោធា​នេះ សុទ្ធតែ​ត្រូវបាន​ចាត់ទុកថា ជាការ​វាយប្រហារ​លើ ណា​តូ ទាំងមូល ហើយ អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង នេះ​នឹង​សហការគ្នា​ដើម្បី​ឆ្លើយតប។

    ទាក់ទិន​នឹង​ការលើកឡើង​របស់ អគ្គលេខាធិការរងរ​បស់ ណា​តូ ខាងលើ ភាគី​ខាង រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​នៅឡើយ។ មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​ណា​តូ នឹងចូលរួម​កិច្ចប្រជុំ​កំពូល​នៅ Madrid នៃ ប្រទេស​អេ​ស្ប៉ា​ញ នៅ​ចុងខែ​មិថុនា ដើម្បី​អនុម័ត​លើ​ការផ្លាស់ប្ដូរ​ទាំងឡាយ​នៅក្នុង សម្ព័ន្ធភាព​យោធា​នេះ។

  • ស្វាមី​របស់ ប្រធានសភា​ជាន់​ទាប​អាម៉េរិក ត្រូវ​ប៉ូលិស​ចាប់ខ្លួន

    ស្វាមី​របស់ ប្រធានសភា​ជាន់​ទាប​អាម៉េរិក ត្រូវ​ប៉ូលិស​ចាប់ខ្លួន

    Paul Pelosi អាយុ ៨២ ឆ្នាំ ដែលជា​ស្វាមី​របស់ ប្រធានសភា​ជាន់​ទាប​អាម៉េរិក លោកស្រី Nancy Pelosi កាលពី​ចុង​សប្ដាហ៍​កន្លង​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ព្រោះតែ​ការបើកបរ​បន្ទាប់ពី​ផឹកស្រា។

    យោងតាម​ព័ត៌មាន​ពី​ស្រុក Napa រដ្ឋ California លោក Paul Pelosi ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ២៨ ឧសភា ដោយ​ត្រូវបាន​ចោទថា បើកបរ​បន្ទាប់ពី​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​មាន​អាល់កុល​ក្នុង​ឈាន​លើសពី ០.០៨%។

    ទោស​ទាំងពីរ​ករណី​ខាងលើ ធ្វើឱ្យ​លោក Paul Pelosi ត្រូវ​បង់ប្រាក់​ពិន័យ ៥,០០០ ដុល្លារ ហើយក៏​ត្រូវបាន​ដោះលែង​កាលពី​ព្រឹក​ថ្ងៃទី ២៩ ឧសភា។

    លោក Paul Pelosi គឺជា​អ្នកវិនិយោគ​ស្ងាត់ស្ងៀម​មួយរូប។ លោក​គ្រប់គ្រង​ក្រុមហ៊ុន​វិនិយោគ​មួយ​នៅ San Francisco។ ប្រធានសភា​អាម៉េរិក និង​លោក Paul Pelosi បាន​ជួបគ្នា​នៅឯ​សាកលវិទ្យាល័យ Georgetown និង​បាន​រៀបការ​ជាមួយគ្នា​កាលពី​ឆ្នាំ ១៩៦៣។

  • «ថូផ្កា​បុរាណ» ​ដែល​ធ្លាប់​ត្រូវគេ​ដាក់​ចោល​ក្នុង​ផ្ទះបាយ ត្រូវបាន​លក់​ដេញថ្លៃ រហូតដល់ ១.៨ លាន​ដុល្លារ​​សហរដ្ឋ​អាម៉េរិក

    «ថូផ្កា​បុរាណ» ​ដែល​ធ្លាប់​ត្រូវគេ​ដាក់​ចោល​ក្នុង​ផ្ទះបាយ ត្រូវបាន​លក់​ដេញថ្លៃ រហូតដល់ ១.៨ លាន​ដុល្លារ​​សហរដ្ឋ​អាម៉េរិក

    ថូផ្កា​របស់​រាជវាំង​ដែលមាន​ជាប់ទាក់ទង​នឹង​ស្ដេច ឆៀន​ឡុង (Qianlong) ដែលមាន​ពណ៌​យ៉ាង​ស្រស់ស្អាត និង​យ៉ាង​ពិសិដ្ឋ ត្រូវបាន​លក់​ក្នុងតម្លៃ​ខ្ពស់ជាង ១០ ដង ធៀប​នឹង​ការគ្រោងទុក។

    យោងតាម​ការរំពឹងទុក​ដំបូង​របស់​អ្នករៀបចំ​ព្រឹត្តិការណ៍​លក់​ដេញថ្លៃ Dreweatts ដែលមាន​មូលដ្ឋាន​នៅ ចក្រភព​អង់គ្លេស ថូផ្កា​បុរាណ​នេះ​អាចមាន​តម្លៃ​ចន្លោះ​ពី ១០០,០០០ ទៅ ១៥០,០០០ ផោន ប្រហែល​ពី១២៦,០០០ ទៅ ១៨៩,០០០ ដុល្លារ​អាម៉េរិក។ ប៉ុន្តែ ចុងក្រោយ វត្ថុ​បុរាណ​មួយ​នេះ​ត្រូវបាន​លក់​ក្នុងតម្លៃ​រហូតដល់ ១.៨ លាន​ដុល្លារ​អាម៉េរិក។ ព្រឹត្តិការណ៍​លក់​ដេញថ្លៃ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ១៨ ឧសភា ២០២២ ប៉ុន្តែ អត្តសញ្ញាណ​អ្នកទិញ មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​នោះទេ។

    Dreweatts ឱ្យដឹងថា ថូផ្កា​ធ្វើ​អំពី​សេ​រ៉ា​មិ​ក កាលពី​សតវត្សរ៍​ទី ១៨ នេះ មាន​កម្ពស់ ៦១.៥ សម និង​ទទឹង ៤២ សម, ត្រូវបាន​លាប​ពណ៌​ខៀវ​យ៉ាង​ពិសិដ្ឋ អម​ជាមួយនឹង​រចនា​លម្អ​ដោយ​មាស និង​ប្រាក់ ដែល​រៀបរាប់​អំពី​ពពក សត្វ​ក្រៀល, ក្អែក, សារិកា និង​ប្រចៀវ។

    ការរួម​ផ្សំ​របស់​រចនា រូបភាព​ដែល​លម្អ​ដោយ​មាស ប្រាក់​នៅលើ​ថូផ្កា​នេះ «ពិតជា​ពិបាកធ្វើ​ឱ្យបាន​សម្រេច ហើយ​នោះ​គឺជា​ប្រកា​រដែ​លវា​ពិសេស និង​ខុសពី​ធម្មតា» Mark Newstead អ្នកជំនាញ​ផ្នែក​សេ​រ៉ា​មិ​ក និង​សិល្ប​អាស៊ី នៃ​ក្រុមហ៊ុន Dreweatts បញ្ជាក់​ដូច្នេះ។

    យោងតាម Dreaweatts ថូន​ផ្កា​នេះ​ទំនងជា​ធ្លាប់បាន​ដាក់តាំង​នៅក្នុង​រាជវាំង Zijincheng (紫禁城 / Forbidden City) ឬ​រាជវាំង​មួយ​ផ្សេងទៀត​របស់​អធិរាជ ឆៀន​ឡុង(១៧១១-១៧៩៩) ជា​ស្ដេច​ជំនា​ន់ទី ៦ របស់​រាជវង្ស​ឈី​ង ដែលជា​រាជវង្ស​សក្តិភូមិ​ចុងក្រោយ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន។

    មុនពេល​ត្រូវបាន​យកមក​ដាក់លក់​ដេញថ្លៃ «វត្ថុ​បុរាណ​របស់​រាជវង្ស​ឈី​ង» បាន​ឆ្លងកាត់​ដំណាក់កាល​ត្រូវគេ​បំភ្លេចចោល​នៅក្នុង​ផ្ទះបាយ​មួយ​នៅ ចក្រភព​អង់គ្លេស។ ក្រុម​អ្នកប្រវត្តិសាស្ត្រ​បច្ចុប្បន្ន មិនទាន់​ប្រាកដ​អំពី​ប្រវត្តិ​របស់​ថូផ្កា​នេះ​នៅឡើយ។

  • អ៊ុយ​ក្រែ​ន ប្រកាសថា បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង Su-៣៥S របស់ រុស្ស៊ី

    អ៊ុយ​ក្រែ​ន ប្រកាសថា បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង Su-៣៥S របស់ រុស្ស៊ី

    ទ័ពអាកាស​របស់ អ៊ុយ​ក្រែ​ន ប្រកាសថា យន្តហោះ​ចម្បាំង MiG-២៩ របស់ខ្លួន បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង Su-៣៥S នៅលើ​អាកាស Kherson ប៉ុន្តែ មិនទាន់​បញ្ចេញ​ព័ត៌មាន​លម្អិត។

    «ថ្ងៃនេះ នៅវេលា​ម៉ោង ១៤ នៃ​ថ្ងៃទី ២៧ ឧសភា យន្តហោះ​ចម្បាំង MiG-២៩ របស់ ទ័ពអាកាស​អ៊ុយ​ក្រែ​ន បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង Su-៣៥S របស់ រុស្ស៊ី នៅក្នុង​ខេត្ត Kherson នៅពេល​វា​កំពុង​ស្វែងរក​យន្តហោះ​ចម្បាំង​របស់​យើង» ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន ប្រកាស​នៅលើ​គេហទំព័រ​ដូច្នេះ។

    ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន បង្ហោះ​សារ​ខាងលើ អម​ជាមួយនឹង​រូប​ដែល​សាក្សី​បាន​ថត​ពី​ដី ដែល​ត្រូវបាន​គេ​ជឿថា​ជាការ​បង្ហាញ​នូវ​ស្ថាន​ករ​ណ៍​ប្រយុទ្ធ​លើ​អាកាស។

    ស្ថាប័ន​ខាងលើ​របស់ អ៊ុយ​ក្រែ​ន មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​ស្ដីពី​ការប្រយុទ្ធ​គ្នា​នៅលើ​អាកាស​ក្នុងករណីនេះ ក៏ដូចជា​មិនទាន់​ប្រកា​សប​ង្ហ​ញ​រូបថត ឬ​វីដេអូ​ដែល​ទាក់ទិន​នឹង​សាកសព​យន្តហោះ Su-៣៥S នៅលើ​ដី។

    ក្រសួងការពារជាតិរ​បស់ រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​អ្វី​ទៅនឹង​ព័ត៌មាន​ខាងលើនេះ​នៅឡើយ។

    រូបថតនេះត្រូវបានគេជឿថា ជាស្ថានការណ៍ចុងក្រោយនៃការប្រឈមមុខដាក់គ្នារវាង MiG-២៩ របស់ អ៊ុយក្រែន និង Su-៣៥S របស់ រុស្ស៊ី នៅលើអាកាស Kherson
    Su-៣៥S របស់ រុស្ស៊ី ចេញដំណើរ​ទៅ​ប្រយុទ្ធ​នៅ​ សមរភូមិ​អ៊ុយក្រែន កាលពី​ខែ​មេសា ២០២២​
  • សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ថ្ងៃទី ៩៣ ៖ រុស្ស៊ី មានប្រៀប​លើសលុប​លើ​គូសត្រូវ

    សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ថ្ងៃទី ៩៣ ៖ រុស្ស៊ី មានប្រៀប​លើសលុប​លើ​គូសត្រូវ

    ក្រុមមន្ត្រី​របស់ អ៊ុយ​ក្រែ​ន បាន​ទទួលស្គាល់ថា កងកម្លាំង​របស់​ប្រទេស​នេះ​អាច​នឹងត្រូវ​ដកថយ​ពី​ទីតាំង​មួយចំនួន​នៅ​តំបន់ Donbass ដោយសារតែ រុស្ស៊ី មានប្រៀប​លើសលុប ទាំង​ចំនួន​ទាហាន ទាំង​ចំនួន​សព្វាវុធ។

    កងទ័ព​រុស្ស៊ី និង​ក្រុម​ផ្ដាច់ខ្លួន ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​បាន​ប្រើប្រាស់​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី កាំជ្រួច​ហ្វោ​ង កាំភ្លើង​ធំ​ធុន​ធ្ងន់ និង​រថក្រោះ ក្នុងការ​វាយ​សម្រុក​យ៉ាងខ្លាំង​ក្លា​ទៅលើ​ទីរួមស្រុក និង​ទីក្រុង​នៅក្នុង​ខេត្ត Lugansk និង Donetsk ជាទី​ដែល អ៊ុយ​ក្រែ​ន កំពុង​គ្រប់គ្រង នេះ​បើតាម​ក្រុមមន្ត្រី​របស់ អ៊ុយ​ក្រែ​ន។

    ក្រុមមន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ប្រកាសថា រុស្ស៊ី សម្រេចបាន​គោលដៅ​តូចតាច​នៅលើ​សមរភូមិ​ជាក់ស្ដែង ប៉ុន្តែ បាន​ទទួលស្គាល់ថា ស្ថានការណ៍ «លំបាក​ខ្លាំងណាស់» ហើយ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន ត្រូវ​ដកថយ​ពី​ទីកន្លែង​មួយចំនួន។

    កម្លាំង​រុស្ស៊ី ហាក់​កំពុង​ប្រើប្រាស់​កាំភ្លើង​ធំ​ធន់​ធ្ងន់ បាញ់​ទៅលើ​ទីរួមស្រុក​នានា​នៅ​តំបន់ Donbass ដើម្បី​កម្ទេច​ខ្សែការពារ និង​កាត់ផ្ដាច់​ផ្លូវ​ផ្គត់ផ្គង់​របស់ អ៊ុយ​ក្រែ​ន។

    កងកម្លាំង​រុស្ស៊ី កំពុង​ពង្រីក​ការឡោមព័ទ្ធ​ទីក្រុង Severodonetsk ក្នុង​បំណង​គ្រប់គ្រង​ទាំងស្រុង​ទៅលើ​ខេត្ត Lugansk។ អភិបាលខេត្ត​នេះ​ឱ្យដឹងថា កងកម្លាំង​រុស្ស៊ី បាន​ឡោមព័ទ្ធ និង​គ្រប់គ្រង​ប្រមាណ ២/៣ នៃ​ទឹកដី​របស់ Severodonetsk និង ៩០% នៃ​អគារ​ក្នុង​ទីក្រុង​នេះ ត្រូវបាន​បំផ្លាញ។

    ក្នុង​គ្រា​ដែល​ការប្រយុទ្ធ​គ្នា​កំពុង​កើតឡើង​នៅ​តំបន់ Donbass ការចរចា​សន្តិភាពរ​វាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន នៅតែ​ត្រូវបាន​ពន្យារពេល ហើយ​ភាគី​ទាំងពីរ​ទម្លាក់កំហុស​លើ​គ្នា។

    ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) ឱ្យដឹងថា មកដល់​បច្ចុប្បន្ន ប្រជាជន​អ៊ុយ​ក្រែ​ន ចំនួន ៦.៧ លាន​នាក់ បាន​ចាក​ចេញពី​ប្រទេស បន្ទាប់ពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២។ ឧ​ត្ត​ម​ស្នងការ​នៃ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស (OHCHR) រកឃើញថា សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បាន​បណ្ដាលឱ្យមាន​ប្រជាជន​សាមញ្ញ​យ៉ាងហោច ៤,០៣១ នាក់​បាត់​បង់ជីវិត និង ៤,៧៣៥ នាក់ រង​រូស ប៉ុន្តែ បាន​ព្រមាន​ថា តួលេខ​ពិត​អាច​ខ្ពស់ជាង​នេះ។

  • អ៊ុយ​ក្រែ​ន អាច​នឹង​បិទ​បណ្ដាញ​បង្ហូរ​ប្រេង បើសិន សមាជិក​ណាតូ មួយ​នេះ នៅតែ​រារាំង​ទណ្ឌកម្ម​ប្រឆាំង​នឹង រុស្ស៊ី

    រដ្ឋមន្ត្រីក្រសួង​ថាមពល​អ៊ុយ​ក្រែ​ន ព្រមាន​ថា អាច​នឹង​ប្រើប្រាស់​បណ្ដាញ​បំពង់​បង្ហូរ​ប្រេង Druzhba ដើម្បី​ដាក់​សម្ពាធ​លើ ប្រទេស​ហុង​គ្រី នៅពេល ទីក្រុង​ប៊ុ​យ​ដា​ប៉ែស (Budapest) រារាំង​ការដាក់ទណ្ឌកម្ម​របស់ សហភាព​អឺរ៉ុប (EU) ប្រឆាំងនឹង រុស្ស៊ី។

    «អ៊ុយ​ក្រែ​ន មាន​ឧបករណ៍​ដាក់​សម្ពាធ​យ៉ាង​ខ្លាំងក្លា នោះ​គឺ​ផ្លូវ​បំពង់​បង្ហូរ Druzhba» រដ្ឋមន្ត្រីក្រសួង​ថាមពល​អ៊ុយ​ក្រែ​ន Lana Zerkal បាន​ថ្លែង​កាលពី​ថ្ងៃទី ២៦ ឧសភា ទាក់ទង​នឹង​ការដែល ហុង​គ្រី រារាំង​ទណ្ឌកម្ម​របស់ អឺរ៉ុប និង​ប្រព័ន្ធ​បំពង់​បង្ហូរ​ប្រេង​ប្រវែង​ប្រហែល ៤,០០០ គីឡូម៉ែត្រ ដែល​រត់​ពី រុស្ស៊ី ទៅកាន់ អឺរ៉ុប។

    ផ្នែក​ខាងត្បូង​នៃ​ប្រព័ន្ធ​បំពង់​បង្ហូរ​ប្រេង Druzhba រត់​ឆ្លងកាត់​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ទៅកាន់ ហុង​គ្រី និង ស្លូ​វ៉ា​គី។ រដ្ឋមន្ត្រី Zerkal យល់ថា នឹង​ងាយ​យល់​ណាស់ «បើសិន​ជាមាន​បញ្ហា​អ្វីមួយ​កើតឡើង» ចំពោះ​បំពង់​បង្ហូរ​ប្រេង Druzhba ដែល​ឆ្ពោះទៅកាន់ ហុង​គ្រី ប៉ុន្តែ មិនបាន​និយាយ​លម្អិត​ថា នោះ​នឹង​ជា​បញ្ហា​អ្វី។

    រដ្ឋមន្ត្រី Zerkal បាន​រិះគន់​លើ រដ្ឋាភិបាល​ហុង​គ្រី ដែល​ចេះតែ​រារាំង​ការអនុម័ត​លើ​បទបញ្ជា​ស្ដីពី​ការដាក់ទណ្ឌកម្ម​របស់ សហភាព​អឺរ៉ុប ទៅលើ ទីក្រុង​មូ​ស្គូ ក្នុងនោះ​មានការ​ហាមឃាត់​ប្រេង​របស់ រុស្ស៊ី ផងដែរ។

    រដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែន លោក​ស្រី Lana Zerkal
    បណ្ដាញបំពង់បង្ហូរប្រេង Druzhba
  • អាម៉េរិក ថា រុស្ស៊ី បាត់បង់​រថក្រោះ​ប្រហែល ១,០០០ គ្រឿង នៅ អ៊ុយ​ក្រែ​ន

    អាម៉េរិក ថា រុស្ស៊ី បាត់បង់​រថក្រោះ​ប្រហែល ១,០០០ គ្រឿង នៅ អ៊ុយ​ក្រែ​ន

    មន្ត្រី​អាម៉េរិក បានឱ្យដឹងថា កងទ័ព​រុស្ស៊ី បាន​បាត់បង់​រថក្រោះ​ជិត ១,០០០ គ្រឿង និង​កាំភ្លើង​ធំ​ជាង ៣៥០ ដើម ប៉ុន្តែ នៅតែមាន​ប្រៀប​ជាង​បើ​ធៀប​នឹង​កងទ័ព​របស់ អ៊ុយ​ក្រែ​ន។

    «រហូតដល់​បច្ចុប្បន្ន កងកម្លាំង​រុស្ស៊ី បាន​បាត់បង់​រថក្រោះ​ជិត ១,០០០ គ្រឿង, កាំភ្លើង​ធំ​ជាង ៣៥០ ដើម, យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់បែក​ជិត ៣០ គ្រឿង និង​ឧទ្ធម្ភាគចក្រ​ជាង ៥០ គ្រឿង ក្នុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន» មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​អាម៉េរិក បង្ហើប​ឱ្យដឹង​ដូច្នេះ​កាលពី​ថ្ងៃទី ២៦ ឧសភា។

    មន្ត្រី​អាម៉េរិក ខាងលើ​ក៏បាន​បញ្ជាក់ថា បើទោះជា​ទទួលរង​ការខាតបង់​ច្រើន ប៉ុន្តែ កងកម្លាំង​រុស្ស៊ី នៅមាន​សមត្ថភាព​ខ្លាំង​ក្លា​នៅឡើយ។ «រុស្ស៊ី ចំណាយ​យ៉ាងច្រើន​ទៅលើ​សព្វាវុធ និង​បុគ្គលិក​សម្រាប់​យុទ្ធនាការ​នេះ ពួកគេ​រង​ការខាតបង់ ហើយ​ភាគី​ខាង អ៊ុយ​ក្រែ​ន ក៏​ដូច្នេះ​ដែរ» មន្ត្រី​អាម៉េរិក អះអាង​ដូច្នេះ។

    រថក្រោះរបស់ រុស្ស៊ី ត្រូវបានកម្ទេចនៅក្នុងភូមិ Dmytrivka ក្បែររដ្ឋធានីកៀវ របស់ អ៊ុយក្រែន កាលពីថ្ងៃទី ២៣ ឧសភា ២០២២
    យន្តហោះ​ចម្បាំង​របស់ រុស្ស៊ី ត្រូវ​បាន​កម្លាំង​របស់ អ៊ុយក្រែន បាញ់​ទម្លាក់​ពី​លើ​អាកាស​នៃ​តំបន់ Odesa នេះ​បើ​តាម​គណនី​បណ្ដាញ​សង្គម​របស់​ កងទ័ព​ទឹក​ទឹក​អ៊ុយក្រែន
  • សភា​អ៊ីរ៉ាក់ អនុម័ត​ច្បាប់ «ហាម​ធ្វើ​ប្រក្រតីភាព» ឡើងវិញ ​ជាមួយ ប្រទេស​អ៊ីស្រាអែល

    សភា​អ៊ីរ៉ាក់ អនុម័ត​ច្បាប់ «ហាម​ធ្វើ​ប្រក្រតីភាព» ឡើងវិញ ​ជាមួយ ប្រទេស​អ៊ីស្រាអែល

    កាលពី​ថ្ងៃទី ២៦ ឧសភា សភា​របស់ ប្រទេស​អ៊ីរ៉ាក់ បានអនុម័ត​សេចក្ដីព្រាងច្បាប់​មួយ​ដែល​ហាម​អាជ្ញាធរ​ប្រទេស​នេះ ធ្វើ​ប្រក្រតីភាព​ឡើងវិញ​លើ​ទំនាក់ទំនង​ជាមួយនឹង ប្រទេស​អ៊ីស្រាអែល។ ឥរិយាបថ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​ប្រទេសមួយ​ចំនួន​ក្នុង ពិភព​អារ៉ាប់ បានធ្វើ​ប្រក្រតីភាព​ទំនាក់ទំនង​ជាមួយ អ៊ីស្រាអែល ដោយមាន អាម៉េរិក ជា​អ្នក​ផ្សះផ្សា។

    ចាប់តាំងពី អ៊ីស្រាអែល ប្រកាស​ឯករាជ្យ​កាលពី​ឆ្នាំ ១៩៤៨ មកដល់​បច្ចុប្បន្ន ប្រទេស​អ៊ីរ៉ាក់ មិន​ធ្លាប់បាន​ទទួលស្គាល់ រដ្ឋ​ជ្វី​ហ្វ ម្ដងណា​ឡើយ ហើយ​ពលរដ្ឋ និង​ក្រុមហ៊ុន​របស់ អ៊ីរ៉ាក់ ក៏​មិនត្រូវ​បានអនុញ្ញាត​ឱ្យទៅ​កាន់ ប្រទេស​អ៊ីស្រាអែល និង​សហ​ការណ៍​ជាមួយ​ប្រទេស​នេះ។ ប៉ុន្តែ ច្បាប់​ថ្មី​ដែល​ទើប​ត្រូវបាន សភា​អ៊ីរ៉ាក់ អនុម័ត​នេះ រឹតតែ​មាន​ភាព​តឹងរឹង​បន្ថែមទៀត ដោយ​អនុញ្ញាត​ឱ្យមាន​ការដាក់​ទោសទណ្ឌ​លើ​កិច្ចប្រឹងប្រែង​ទាំងឡាយ​ដែល​ចង់​ធ្វើ​ប្រក្រតីភាព​ទំនាក់ទំនង​រវាង ប្រទេស​អ៊ីរ៉ាក់ និង ប្រទេស​អ៊ីស្រាអែល។

    ច្បាប់​ខាងលើនេះ​ត្រូវបាន​ស្នើ​ដោយ Moqtada al-Sadr ដែលជា​អាចារ្យ​អ៊ីស្លាម និកាយ Shi’ite ក្នុងពេលដែល​សម្ព័ន្ធមិត្ត​របស់​អាចារ្យ​រូបនេះ កំពុងកាន់​កាប់​សំឡេង​ភាគច្រើន​នៅ​សភា ដែល​បាន​បោះឆ្នោត​កាលពី​ខែតុលា ២០២១។ សម្ព័ន្ធមិត្ត​នេះ​មាន​និន្នាការ​ប្រឆាំងនឹង​ទំនាក់ទំនង​ជាមួយ អាម៉េរិក និង អ៊ីស្រាអែល។

    គិត​មកដល់​បច្ចុប្បន្ន ប្រទេស​អារ៉ាប់ មួយចំនួន ក្នុងនោះ​រួម​មាន​ទាំង អារ៉ាប់​រួម (United Arab Emirates) និង បា​រ៉ែ​ន ផងដែរ​ កំពុង​លើកកម្ពស់​ទំនាក់ទំនង​ជាមួយ អ៊ីស្រាអែល។ ចំណែក អា​រ៉ា​ប៊ី​សា​អូឌីត វិញ បានលើកឡើង​នូវ​លក្ខខណ្ឌ​ជា​ថ្នូរ​នឹង​ការធ្វើ​ប្រក្រតីភាព​ជាមួយ អ៊ីស្រាអែល ដោយ​ស្នើឱ្យ​ដោះស្រាយ​សំណើ​បង្កើត​រដ្ឋ​របស់​ជនជាតិ ប៉ា​លេ​ស្ទី​ន នៅលើ​ដែនដី​ដែល​ត្រូវបាន អ៊ីស្រាអែល កាន់កាប់​ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​នៅ ជ​ម្ឈិ​ម​បូព៌ា កាលពី​ឆ្នាំ ១៩៦៧។

  • តួ​ក​គី ចាប់បាន «មេបញ្ជាការ» ថ្មី​របស់​ក្រុម​ភេរ​វករ រដ្ឋ​អ៊ីស្លាម (Islamic State)

    តួ​ក​គី ចាប់បាន «មេបញ្ជាការ» ថ្មី​របស់​ក្រុម​ភេរ​វករ រដ្ឋ​អ៊ីស្លាម (Islamic State)

    ក្រុមមន្ត្រី​នៃ ប្រទេស​តួ​ក​គី បានឱ្យដឹងថា អាជ្ញាធរ​ប្រទេស​នេះ​បាន​ចាប់ខ្លួន​មេបញ្ជាការ​ថ្មី​របស់​ក្រុម​ភេរ​វករ រដ្ឋ​អ៊ីស្លាម (IS) នៅក្នុង​ការ​ឆ្មក់​ចូលចាប់​ខ្លួន​នៅឯ ទីក្រុង​អ៊ី​ស្តង់​ប៊ុល (Istanbul)។

    ក្រុមមន្ត្រី​ជាន់ខ្ពស់​រប​ស់ តួ​ក​គី សុំ​មិន​បញ្ចេញ​ឈ្មោះ កាលពី​ថ្ងៃទី ២៦ ឧសភា បាន​បង្ហើប​ឱ្យដឹងថា កម្លាំង​ចារកម្ម និង​ប៉ូលិស​ប្រឆាំង​ភេរវកម្ម​របស់​ប្រទេស​នេះ បាន​ឆ្មក់​ចូលចាប់​ខ្លួន​បុរស​ម្នា​ក់នៅ អ៊ី​ស្តង់​ប៊ុល ដែល​ពួកគេ​ជឿថា ជា​មេបញ្ជាការ​ថ្មី​របស់​ក្រុម​ភេរ​វករ អង្គការ​រដ្ឋ​អ៊ីស្លាម (IS) ក្រោយពី​មេ​ភេរ​វករ Abu Ibrahim al-Qurashi ត្រូវបាន អាម៉េរិក កម្ចាត់​កាលពី​ខែកុម្ភៈ។

    គេហទំព័រ OdaTV របស់ តួ​ក​គី បានឱ្យដឹងថា បុរស​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​គឺ Abu al-Hassan al-Qurayshi ប៉ុន្តែ មិនបាន​ឱ្យដឹង​អំពី​ព័ត៌មាន​លម្អិត។ ព័ត៌មាន​នានា​កន្លងមក​ក៏បាន​បញ្ជាក់ថា មេបញ្ជាការ​ថ្មី​នៃ​ក្រុម​ភេរ​វករ IS មាន​ឈ្មោះថា Abu al-Hassan al-Qurayshi ប៉ុន្តែ មាន​ព័ត៌មាន​តិចតួច​នៅឡើយ​ទាក់ទង​នឹង​បុរស​រូបនេះ។

    ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan ត្រូវបាន​គេ​ជឿថា បានទទួល​របាយការណ៍​ស្ដីពី​យុទ្ធនាការ​ឆ្មក់​ចូលចាប់​ខ្លួន​មេ​ភេរ​វករ​ខាងលើ​កាលពី​ថ្ងៃទី ២៦ ឧសភា ហើយ​គ្រោង​នឹង​ប្រកាស​ព័ត៌មាន​នេះ​ជា​ផ្លូវការ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។

    ក្រុមមន្ត្រី​តួ​ក​គី ឱ្យដឹងថា ការចាប់ខ្លួន​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី​អាជ្ញាធរ​បាន​តាមដាន​ជម្រក​របស់​បុរស​នេះ​អស់​រយៈពេល​យ៉ាងយូរ។ យោងតាម OdaTV ប៉ូលិស​តួ​ក​គី មិនបាន​ផ្ទុះអាវុធ​ឡើយ​នៅ​ក្នុងការ​វាយឆ្មក់​នេះ។

    តួ​ក​គី បាន​ប្រយុទ្ធ​ជាមួយ អង្គការ​រដ្ឋ​អ៊ីស្លាម នៅក្នុង​ប្រទេស​នេះ និង​នៅ ប្រទេស​ស៊ីរី ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ ព័ត៌មាន​ស្ដីពី​ការចាប់ខ្លួន​មេ​ភេរវ​ករ​ថ្មី​នេះ​ត្រូវ​បានលើកឡើង​ក្នុង​គ្រា​ដែល រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា ប្រកាសថា ជិត​បើក​យុទ្ធនាការ​យោធា​ថ្មី​នៅ ស៊ី​រី ដើម្បី​ប្រឆាំងនឹង​ក្រុម​ជនជាតិ Kurd ដែលមាន សហរដ្ឋ​អាម៉េរិក នៅ​ពីក្រោយ ប៉ុន្តែ ត្រូវបាន តួ​ក​គី ចាត់ទុកជា​ក្រុម​ភេរ​វករ។

    អតីត​មេបញ្ជាការ​របស់ ក្រុម​ភេរវ​ករ​រដ្ឋ​អ៊ីស្លាម Abu Ibrahim al-Qurashi ត្រូវបាន​កងកម្លាំង​ពិសេស​របស់ សហរដ្ឋ​អាម៉េរិក វាយឆ្មក់​ចូលក្នុង​ផ្ទះ​នៅ Idlib ភាគ​ពាយព្យ​នៃ ប្រទេស​ស៊ី​រី កាលពី​ថ្ងៃទី ៣ កុម្ភៈ។ យោងតាម មន្ត្រី​សេត​វិមាន និង​ក្រុមមន្ត្រី​ការពារជាតិ​អាម៉េរិក al-Qurashi បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដើម្បី​បញ្ចៀស​ការចាប់ខ្លួន។