សភា​អ៊ីរ៉ាក់ អនុម័ត​ច្បាប់ «ហាម​ធ្វើ​ប្រក្រតីភាព» ឡើងវិញ ​ជាមួយ ប្រទេស​អ៊ីស្រាអែល

សភា​អ៊ីរ៉ាក់

កាលពី​ថ្ងៃទី ២៦ ឧសភា សភា​របស់ ប្រទេស​អ៊ីរ៉ាក់ បានអនុម័ត​សេចក្ដីព្រាងច្បាប់​មួយ​ដែល​ហាម​អាជ្ញាធរ​ប្រទេស​នេះ ធ្វើ​ប្រក្រតីភាព​ឡើងវិញ​លើ​ទំនាក់ទំនង​ជាមួយនឹង ប្រទេស​អ៊ីស្រាអែល។ ឥរិយាបថ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​ប្រទេសមួយ​ចំនួន​ក្នុង ពិភព​អារ៉ាប់ បានធ្វើ​ប្រក្រតីភាព​ទំនាក់ទំនង​ជាមួយ អ៊ីស្រាអែល ដោយមាន អាម៉េរិក ជា​អ្នក​ផ្សះផ្សា។

ចាប់តាំងពី អ៊ីស្រាអែល ប្រកាស​ឯករាជ្យ​កាលពី​ឆ្នាំ ១៩៤៨ មកដល់​បច្ចុប្បន្ន ប្រទេស​អ៊ីរ៉ាក់ មិន​ធ្លាប់បាន​ទទួលស្គាល់ រដ្ឋ​ជ្វី​ហ្វ ម្ដងណា​ឡើយ ហើយ​ពលរដ្ឋ និង​ក្រុមហ៊ុន​របស់ អ៊ីរ៉ាក់ ក៏​មិនត្រូវ​បានអនុញ្ញាត​ឱ្យទៅ​កាន់ ប្រទេស​អ៊ីស្រាអែល និង​សហ​ការណ៍​ជាមួយ​ប្រទេស​នេះ។ ប៉ុន្តែ ច្បាប់​ថ្មី​ដែល​ទើប​ត្រូវបាន សភា​អ៊ីរ៉ាក់ អនុម័ត​នេះ រឹតតែ​មាន​ភាព​តឹងរឹង​បន្ថែមទៀត ដោយ​អនុញ្ញាត​ឱ្យមាន​ការដាក់​ទោសទណ្ឌ​លើ​កិច្ចប្រឹងប្រែង​ទាំងឡាយ​ដែល​ចង់​ធ្វើ​ប្រក្រតីភាព​ទំនាក់ទំនង​រវាង ប្រទេស​អ៊ីរ៉ាក់ និង ប្រទេស​អ៊ីស្រាអែល។

ច្បាប់​ខាងលើនេះ​ត្រូវបាន​ស្នើ​ដោយ Moqtada al-Sadr ដែលជា​អាចារ្យ​អ៊ីស្លាម និកាយ Shi’ite ក្នុងពេលដែល​សម្ព័ន្ធមិត្ត​របស់​អាចារ្យ​រូបនេះ កំពុងកាន់​កាប់​សំឡេង​ភាគច្រើន​នៅ​សភា ដែល​បាន​បោះឆ្នោត​កាលពី​ខែតុលា ២០២១។ សម្ព័ន្ធមិត្ត​នេះ​មាន​និន្នាការ​ប្រឆាំងនឹង​ទំនាក់ទំនង​ជាមួយ អាម៉េរិក និង អ៊ីស្រាអែល។

គិត​មកដល់​បច្ចុប្បន្ន ប្រទេស​អារ៉ាប់ មួយចំនួន ក្នុងនោះ​រួម​មាន​ទាំង អារ៉ាប់​រួម (United Arab Emirates) និង បា​រ៉ែ​ន ផងដែរ​ កំពុង​លើកកម្ពស់​ទំនាក់ទំនង​ជាមួយ អ៊ីស្រាអែល។ ចំណែក អា​រ៉ា​ប៊ី​សា​អូឌីត វិញ បានលើកឡើង​នូវ​លក្ខខណ្ឌ​ជា​ថ្នូរ​នឹង​ការធ្វើ​ប្រក្រតីភាព​ជាមួយ អ៊ីស្រាអែល ដោយ​ស្នើឱ្យ​ដោះស្រាយ​សំណើ​បង្កើត​រដ្ឋ​របស់​ជនជាតិ ប៉ា​លេ​ស្ទី​ន នៅលើ​ដែនដី​ដែល​ត្រូវបាន អ៊ីស្រាអែល កាន់កាប់​ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​នៅ ជ​ម្ឈិ​ម​បូព៌ា កាលពី​ឆ្នាំ ១៩៦៧។

Advertisement