Category: អន្តរជាតិ

  • ក្រុម​ពលរដ្ឋ​ «ភេទ​ទី​បី​» នៅ ប្រទេស​ថៃ នឹង​អាច «​រៀបការ​ជាមួយគ្នា​ដោយ​ស្របច្បាប់»

    ក្រុម​ពលរដ្ឋ​ «ភេទ​ទី​បី​» នៅ ប្រទេស​ថៃ នឹង​អាច «​រៀបការ​ជាមួយគ្នា​ដោយ​ស្របច្បាប់»

    រដ្ឋាភិបាល​ថៃ បានអនុម័ត​លើ​សេចក្ដីព្រាងច្បាប់​ដៃគូ​ស៊ីវិល (Civil Partnership Bill) ដែលមាន​មាត្រា​ជាច្រើន​អនុញ្ញាតឱ្យ​គូស្នេហ៍​ភេទ​ដូចគ្នា​ទទួលបាន​ការ​គាំពារ​ដោយ​ច្បាប់ មាន​សិទ្ធិ​រៀបការ មាន​សិទ្ធិ​និង​ភារកិច្ច​ដូច​ទៅនឹង​បណ្ដា​គូស្រករ​ធម្មតា​ដទៃទៀត។

    នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់ អូ​ចា (Prayut Chan-o-cha) កាលពី​ម្សិលមិញ​បាន​អះអាងថា សេចក្ដីព្រាងច្បាប់​ដៃគូ​ស៊ីវិល​គឺជា​ច្បាប់​ថ្មី​ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​ជាស​កល ពិសេស​គឺ​សមភាព​យេនឌ័រ និង​ពហុ​ភេទ។ នេះ​គឺជា​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្សជាតិ​ដែល​ត្រូវតែ​ទទួលបាន​ការការពារ​ទៅតាម​ច្បាប់​អន្តរជាតិ។

    ទំនាក់ទំនង​របស់​ម​នុស្ស​ភេទ​ដូចគ្នា និង​អាពាហ៍ពិពាហ៍​របស់​មនុស្ស​ភេទ​ដូចគ្នា បាន​នាំឱ្យមាន​សំណើ​ស្ដីពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​មួយចំនួន​របស់ ប្រទេស​ថៃ ព្រោះតែ​សមាជិកគ្រួសារ​នានា​មាន​បញ្ហា​ផ្លូវច្បាប់​ដែល​ទាក់ទិន​នឹង​ការ​ស្នង​មរតក ទ្រព្យសម្បត្តិ ការធ្វើ​បណ្ដាំមរតក ការ​ពពោះ​ជំនួស ការទទួល​កូន​អ្នកដទៃ​មក​ចិញ្ចឹម និង​បញ្ហា​សង្គម​ជាច្រើន​ផ្សេងទៀត។

    លោក ប្រា​យុទ្ធ ចាន់ អូ​ចា ឱ្យដឹងថា រដ្ឋាភិបាល​បានស្នើ​ឱ្យ ក្រសួងយុត្តិធម៌​សិក្សា​ស្រាវជ្រាវ​ឱ្យបាន​ស៊ីជម្រៅ​លើ​សេចក្ដីព្រាងច្បាប់​នេះ និង​សួរ​យោបល់​គ្រប់​ស្ថាប័ន ទាំង​រដ្ឋ ទាំង​តំណាង​បណ្ដា​សាសនា ដើម្បី​កែសម្រួល​នូវ​បញ្ហា​ចន្លោះប្រហោង​នានា។

    ក្រុម​មនុស្ស​ភេទ​ទីបី

    សេចក្ដីព្រាងច្បាប់​ខាងលើ​ត្រូវបាន​អនុម័ត​កាលពី​ខែកក្កដា ២០២។ ដោយសារតែ រដ្ឋាភិបាល​ថៃ យល់ថា សេចក្ដីព្រាងច្បាប់​នេះ​ត្រូវការ​សិក្សា​បន្ថែម​ដើម្បី​ពិចារណា​អំពី​ភាពចាំបាច់ និង​សុំ​យោបល់​ពី​សាធារណជន វា​ក៏​ត្រូវបាន​ក្រុម​ប្រឹក្សាជាតិ ដែលជា​ទីប្រឹក្សា​របស់ រដ្ឋាភិបាល​ថៃ ពិនិត្យឡើងវិញ​មុនពេល​បញ្ជូនទៅឱ្យ គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី ៧ មិថុនា​កន្លងទៅ។

    ខ្លឹមសារ​នៃ​សេចក្ដីព្រាងច្បាប់​នេះ អនុញ្ញាតឱ្យ​គូស្នេហ៍​ភេទ​ដូចគ្នា​ចុះបញ្ជី​អាពាហ៍ពិពាហ៍, សុំ​កូន​គេ​មក​ចិញ្ចឹម, មាន​សិទ្ធិ​ទាមទារ​មរតក និង​ឈរឈ្មោះ​កាន់កាប់​ទ្រព្យសម្បត្តិ។ សេចក្ដីព្រាងច្បាប់​នេះ​កំណត់ថា ដើម្បី​អាច​រៀបការ​បាន គូស្រករ​ភេទ​ដូចគ្នា​ត្រូវតែមាន​អាយុ​ចាប់ពី ១៧ ឆ្នាំ​ឡើងទៅ ហើយ​យ៉ាងតិច​ម្នាក់​ក្នុងចំណោម​ពួកគេ​ត្រូវតែ​ជា​ពលរដ្ឋ​ថៃ រួម​នឹង​ប្រការ​ជាច្រើន​ផ្សេងទៀត។

    សេចក្ដីព្រាងច្បាប់​ខាងលើ​នឹង​ត្រូវបាន​បញ្ជូន​ឡើងទៅ​កាន់​សភា​ដើម្បី​អនុម័ត មុនពេល​មាន​សុពល​ភាពជា​ផ្លូវការ។

  • ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប្រកាសថា «នឹង​ដណ្ដើម​ទឹកដី​ទាំងអស់​ត្រលប់​មកវិញ»

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប្រកាសថា «នឹង​ដណ្ដើម​ទឹកដី​ទាំងអស់​ត្រលប់​មកវិញ»

    ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ប្រកាសថា អ៊ុយ​ក្រែ​ន នឹង​ដណ្ដើម​មកវិញ​ទាំងអស់​នូវ​ទឹកដី​របស់ខ្លួន​ដែល រុស្ស៊ី កំពុង​កាន់កាប់ ក្នុង​គ្រា​ដែល​ស្ថានការណ៍​នៅ​ភាគ​ខាងកើត​មានការ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ក្លា។

    «យើង​ត្រូវតែ​ដណ្ដើម​មកវិញ​នូវ​ទឹកដី​ទាំងអស់​របស់​យើង» លោក ហ្សេ​ឡែ​ន​ស្គី ឆ្លើយតប​នឹង​សំណួរ​របស់​ទីភ្នាក់ងារសារព័ត៌មាន Financial Times របស់ អង់គ្លេស កាលពី​ថ្ងៃទី ៧ មិថុនា។

    លោក ហ្សេ​ឡែ​ន​ស្គី ថា រុស្ស៊ី បច្ចុប្បន្ន​កាន់កាប់​ទឹក​ទី ២០% របស់ អ៊ុយ​ក្រែ​ន។ លោក​ក៏​ធ្លាប់បាន​អះអាង​ជាច្រើនលើក​មកហើយ​ថា អ៊ុយ​ក្រែ​ន ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការចរចា​ជាមួយ រុស្ស៊ី ប៉ុន្តែ ប្ដេជ្ញា​មិន​ធ្វើ​សម្បទាន​ទឹកដី​ឱ្យ រុស្ស៊ី ជាដាច់ខាត។

    បន្ទាប់ពី​បាន​ដកថយ​ពី ទីក្រុង​កៀវ កងទ័ព​របស់ រុស្ស៊ី បាន​ប្រមូល​កម្លាំង​នៅ​តំបន់ Donbass ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន ដែល​រួមមាន​ខេត្ត Luhansk (Lugansk) និង​ខេត្ត Donetsk រួម​នឹង​បណ្ដា​តំបន់​ដែល​នៅក្បែរ រុស្ស៊ី បំផុត។

    ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ឱ្យដឹងថា Severodonetsk, Lysychansk, Popasna នៅតែ​ជា​តំបន់​ដែលមាន​ការលំបាក​ជាង​គេ។

    ប្រកាស​របស់លោក ហ្សេ​ឡែ​ន​ស្គី ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​មានមតិ​ខ្លះ​យល់ថា អ៊ុយ​ក្រែ​ន គួរតែ​បញ្ចប់សង្គ្រាម​ដោយ​ការធ្វើសម្បទាន​ទឹកដី​ទៅឱ្យ រុស្ស៊ី ខណៈដែល​តំបន់​មួយចំនួន​ដូចជា Kherson ជាដើម កំពុងតែ​ត្រៀម​ធ្វើ​ប្រជាមតិ​ស្ដីពី​ការច្របាច់បញ្ចូល​ខ្លួន​ទៅក្នុង សហព័ន្ធរុស្ស៊ី

  • ទីក្រុង​របស់ អ៊ុយ​ក្រែ​ន ត្រៀម​​ធ្វើ​​ប្រជា​មតិ​​បញ្ចូល​​ខ្លួន​​ទៅ​ក្នុង​ សហព័ន្ធ​រុស្ស៊ី

    ទីក្រុង​របស់ អ៊ុយ​ក្រែ​ន ត្រៀម​​ធ្វើ​​ប្រជា​មតិ​​បញ្ចូល​​ខ្លួន​​ទៅ​ក្នុង​ សហព័ន្ធ​រុស្ស៊ី

    មេដឹកនាំ​អាជ្ញាធរ​យោធា-ស៊ីវិល នៃ​ទីក្រុង Melitopol លោកស្រី Galina Danilchenko ប្រកាស​ចាប់ផ្ដើម​ត្រៀម​សម្រាប់​ការធ្វើប្រជាមតិ​ស្ដីពី​ការបង្រួបបង្រួម​ទឹកដី​ទៅក្នុង សហព័ន្ធរុស្ស៊ី។

    «យើង​ដឹងថា អនាគត​របស់ពួក​​យើង​គឺ​នៅ​ជាមួយនឹង រុស្ស៊ី។ យើង​បានចាប់ផ្ដើម​ត្រៀម​សម្រាប់​ការធ្វើប្រជាមតិ» លោកស្រី Danilchenko ថ្លែង​នៅលើ​ទំព័រ​បណ្ដាញ​សង្គម Telegram របស់​អាជ្ញាធរ​ក្រុង​ដូច្នេះ។

    លោកស្រី Danilchenko បានឱ្យដឹងថា លោក Sergey Kiriyenko អនុប្រធាន​ការិយាល័យ​ទីមួយ​របស់ វិមាន​ក្រឹម​ឡាំង ក៏​បានមក​ធ្វើ​ទស្សនកិច្ច Melitopol។

    មុន​នោះ មេដឹកនាំ​រង​នៃ អាជ្ញាធរ​យោធា-ស៊ីវិល Kherson លោក Kirill Stremousov កាលពី​ថ្ងៃទី ៧ មិថុនា និយាយថា តំបន់​នេះ​អាច​នឹងត្រូវ​សម្រេចចិត្ត​ដើរ​តាម​សេណារីយោ​របស់ Crimea ទាក់ទង​នឹង​ការច្របាច់បញ្ចូល​ទៅក្នុង​ទឹកដី​របស់ រុស្ស៊ី។ Kherson ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ រុស្ស៊ី ចាប់តាំងពី​ដំណាក់កាល​ដំបូង​នៃ​យុទ្ធនាការ​យោធា​ដែល មូ​ស្គូ បានធ្វើ​ឡើង​នៅ អ៊ុយ​ក្រែ​ន កាលពី​ជាង ៣ ខែ​មុន។

    តំបន់ Crimea កាលពី​ឆ្នាំ​ ២០១៤ ត្រូវ​បាន​ច្របាច់​បញ្ចូល​ទៅ​ក្នុង​ សហព័ន្ធ​រុស្ស៊ី តាម​រយៈ​ការ​ធ្វើ​ប្រជាមតិ​។

  • ភ្ញៀវ​ទេសចរណ៍​បរទេស​ទៅកាន់ ជប៉ុន ត្រូវតែ​ពាក់​ម៉ាស និង​មាន​ប័ណ្ណធានា​រ៉ាប់រង

    ភ្ញៀវ​ទេសចរណ៍​បរទេស​ទៅកាន់ ជប៉ុន ត្រូវតែ​ពាក់​ម៉ាស និង​មាន​ប័ណ្ណធានា​រ៉ាប់រង

    ប្រភពព័ត៌មាន​ពី តូ​ក្យូ ឱ្យដឹងថា ចាប់ពី​ថ្ងៃទី ១០ មិថុនា ភ្ញៀវ​ទេសចរណ៍​បរទេស​ទាំងអស់​ដែល​ចូលមក​កាន់ ប្រទេស​ជប៉ុន គឺ​ត្រូវតែ​ពាក់​ម៉ាស និង​ត្រូវមាន​ប័ណ្ណធានា​រ៉ាប់រង​ដើម្បី​ទូទាត់​ថ្លៃ​សេវា​សុខាភិបាល ក្នុងករណី​ពួកគេ​វិជ្ជមាន​នឹង កូ​វីដ-១៩។

    ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍ របស់ ប្រទេស​ជប៉ុន (MLIT) ទើបតែ​បានធ្វើ​សេចក្ដីព្រាង​ការណែនាំ​មួយ ក្នុងនោះ​សង្កត់ធ្ងន់ថា ភ្ញៀវ​ទេសចរណ៍​បរទេស​ត្រូវតែ​គោរព​តាម​ការកំណត់​ដូច​បាន​និយាយ​ពី​ខាងដើម មុនពេល​ធ្វើដំណើរ​ទេស​ចរណ៍​នៅ ជប៉ុន។ ក្នុងករណី​រកឃើញថា ភ្ញៀវ​បរទេស​ណា​ម្នាក់​វិជ្ជមាន​នឹង កូ​វីដ-១៩ ក្រុមហ៊ុន​ដឹកជញ្ជូន​នឹងមាន​ភារកិច្ច​នាំ​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ និង​ជួយ​ជ្រោមជ្រែង​រហូតដល់​ពេល​ពួកគេ​ចាកចេញ​ផុតពី ជប៉ុន។

    មុន​នោះ កាលពី​ថ្ងៃទី ២៦ ឧសភា នាយករដ្ឋមន្ត្រី Kishida Fumio ប្រកាសថា ប្រទេស​នេះ​នឹង​បើកទ្វារ​ទទួលភ្ញៀវ​ទេសច​រណ៍​បរទេស​ដោយមាន​លក្ខខណ្ឌ ចាប់ពី​ថ្ងៃទី ១០ មិថុនា។ ប៉ុន្តែ ជប៉ុន នឹង​ទទួល​តែ​ភ្ញៀវ​ទាំងឡាយណា​ដែល​មកពី​ដែនដី/តំបន់​ដែល​ស្ថិតក្នុង​បញ្ជី​ដែលមាន​អត្រា​វិជ្ជមាន​នឹង​កូ​វីដ-១៩ កម្រិត​ទាប​ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ភ្ញៀវ​ទេសចរណ៍​ត្រូវតែ​ចុះឈ្មោះ​តាមរយៈ​ក្រុមហ៊ុន​ទេសចរណ៍ និង​មាន​មគ្គទេសក៍​អមដំណើ​រ។

  • អ៊ីស្រាអែល វាយប្រហារ​ដោយ​ប្រើ​មី​ស៊ី​ល សំដៅ រដ្ឋធានី​ដា​ម៉ាស របស់ ស៊ី​រី

    អ៊ីស្រាអែល វាយប្រហារ​ដោយ​ប្រើ​មី​ស៊ី​ល សំដៅ រដ្ឋធានី​ដា​ម៉ាស របស់ ស៊ី​រី

    ប្រភពព័ត៌មាន​ពី​កងទ័ព​របស់ ស៊ី​រី ឱ្យដឹងថា ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់ អ៊ីស្រាអែល បង្ក​ការខូចខាត​ទ្រព្យសម្បត្តិ​តិចតួច​ប៉ុណ្ណោះ។

    កាលពី​ព្រលប់​ថ្ងៃទី ៦ មិថុនា (ម៉ោង​ក្នុងស្រុក) អ៊ីស្រាអែល បាន​បើក​​ការ​វាយប្រហារ​ដោយ​ប្រើប្រាស់​មី​ស៊ី​ល ​សំដៅ​លើ​ រដ្ឋធានី​ដា​ម៉ាស (Damascus) របស់ ប្រទេស​ស៊ី​រី។ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ស៊ី​រី (SANA) ឱ្យដឹងថា កងកម្លាំង​ការពារ​ដែនអាកាស​រប​ស់​ប្រទេស​នេះ បាន​ប្រឈមមុខ​នឹង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ថ្មី​របស់ អ៊ីស្រាអែល។

    ការវាយប្រហារ​ខាងលើ​ត្រូវបាន​ធ្វើឡើង​ចេញពី​តំបន់​ខ្ពង់រាប Golan សំដៅលើ​គោលដៅ​នានា​នៅ​ជនបទ​ភាគខាងត្បូង​របស់ រដ្ឋធានី​ដា​ម៉ាស។ ក៏ប៉ុន្តែ កងកម្លាំង​ការពារ​ដែនអាកាស​រប​ស់ ស៊ី​រី បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​ទាំងនេះ​ស្ទើរតែ​ទាំងអស់។ ប្រភពព័ត៌មាន​ពី​កងទ័ព​របស់ ស៊ី​រី ឱ្យដឹងថា ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់ អ៊ីស្រាអែល បង្ក​ការខូចខាត​ទ្រព្យសម្បត្តិ​តិចតួច​ប៉ុណ្ណោះ។

    កាលពី​ប៉ុន្មាន​សប្ដាហ៍​កន្លង ក្រសួងការពារជាតិ​ស៊ី​រី ប្រកាសថា មនុស្ស ៣ នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​ចេញពី​តំបន់​ខ្ពង់រាប Golan របស់ អ៊ីស្រាអែល សំដៅលើ​គោលដៅ​មួយ​នៅក្នុង រដ្ឋធានី​ដា​ម៉ាស។

  • អាម៉េរិក ចេញ​បញ្ជា​ឱ្យ​រឹបអូស​យក​យន្តហោះ​របស់​មហាសេដ្ឋី Roman Abramovich

    អាម៉េរិក ចេញ​បញ្ជា​ឱ្យ​រឹបអូស​យក​យន្តហោះ​របស់​មហាសេដ្ឋី Roman Abramovich

    ក្រសួងយុត្តិធម៌​អាម៉េរិក បានចេញ​បញ្ជា​ឱ្យ​រឹបអូស​យន្តហោះ ២ គ្រឿង​របស់​មហាសេដ្ឋី Abramovich ដោយ​ចោទថា ពួកវា​ត្រូវបាន​ប្រើប្រាស់​ដោយ​រំលោភ​លើ​ទណ្ឌកម្ម​ដែល​ដាក់​លើ រុស្ស៊ី។

    ឯកសារ​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ៦ មិថុនា របស់ ក្រសួងយុត្តិធម៌​អាម៉េរិក បានឱ្យដឹងថា យន្តហោះ ២ គ្រឿង​របស់​មហាសេដ្ឋី Roman Abramovich រួមមាន Boeing ៧៨៧-៨ Dreamliner និង Gulfstream G៦៥០ER ដែល​បាន​ហោះចូល​ដែនដី​របស់ រុស្ស៊ី កាលពីដើមឆ្នាំ បាន​រំលោភ​លើ​ការកំណត់​ក្នុងការ​គ្រប់គ្រង​ការនាំចេញ​របស់ អាម៉េរិក ចំពោះ​យន្តហោះ​ផលិត​ដោយ​ប្រទេស​នេះ ដែល​បាន​ដាក់ចេញ​កាលពី​ថ្ងៃទី ២ មីនា។

    Andrew Adams ប្រធាន​អង្គភាព KleptoCapTure របស់ ក្រសួងយុត្តិធម៌​អាម៉េរិក ដែល​ទទួល​ភារកិច្ច​ក្នុងការ​តាមរក​ទ្រព្យសម្បត្តិ​របស់​បណ្ដា​មហាសេដ្ឋី​របស់ រុស្ស៊ី ឱ្យដឹងថា ការសម្រេចចិត្ត​រឹបអូស​យន្តហោះ​របស់លោក Abramovich ត្រូវបាន​ដាក់ចេញ​ដើម្បី «បង្ខំ​ឱ្យ​ក្រុមមនុស្ស​ដែល​ស្និទ្ធ​នឹង រដ្ឋាភិបាល​រុស្ស៊ី គេចចេញ​ឆ្ងាយ​ពី វិមាន​ក្រឹម​ឡាំង និង​ក្រុមមន្ត្រី​ប្រទេស​នេះ ក្នុង​គ្រា​ដែល កងកម្លាំង​របស់ រុស្ស៊ី បន្ត​វាយប្រហារ​លើ អ៊ុយ​ក្រែ​ន។

    ក្រសួងយុត្តិធម៌​អាម៉េរិក បញ្ជាក់ថា យន្តហោះ​ទាំង ២ គ្រឿង​ខាងលើ​មានតម្លៃ ៤០០ លាន​ដុល្លារ​អាម៉េរិក។ ក៏ប៉ុន្តែ ក្រុមមន្ត្រី​អាម៉េរិក ទំនងជា​ពិបាក​ក្នុងការ​រឹបអូស​យក​យន្តហោះ​ទាំងនេះ ដោយសារ​ពួកវា​កំពុងស្ថិត​នៅក្នុង ប្រទេស​រុស្ស៊ី ឬ ឌូ​បៃ របស់ អេ​មី​រ៉ា​ត​អារ៉ាប់​រួម។

    មហាសេដ្ឋី Roman Abramovich

    មហាសេដ្ឋី Abramovich អាយុ ៥៥ ឆ្នាំ មានទ្រព្យ​សម្បត្តិ ១២.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ប្រភព​ចំណូល​របស់​មហាសេដ្ឋី​រូបនេះ​គឺ រ៉ែ​ប្រេង ដែកថែប និង​វិស័យ​ឧស្សាហកម្ម​ដទៃទៀត។ លោក Abramovich ត្រូវបាន​គេ​ជឿថា រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​ក្រុមមន្ត្រី​របស់ រុស្ស៊ី ក្នុងនោះ​មាន​ទាំង​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ផងដែរ។

    លោក Abramovich មាន​សញ្ជាតិ រុស្ស៊ី, អ៊ីស្រាអែល និង ព័រ​ទុយ​ហ្គា​ល់។ បន្ទាប់ពី រុស្ស៊ី បានចាប់ផ្ដើម​ចូលលុកលុយ ប្រទេស​អ៊ុយ​ក្រែ​ន មហាសេដ្ឋី​រូបនេះ​ក៏​ចាប់ផ្ដើម​រង​ផលប៉ះពាល់។ លោក​ត្រូវ​បង្ខំចិត្ត​លក់​ក្លឹប​បាល់ទាត់ Chelsea ដោយ​មិន​ទទួលបាន​ប្រាក់​សូម្បី​តែមួយ​រៀល។ កាលពី​ថ្ងៃទី ១៣ មេសា ដែនដី​កោះ Jersey ដែល​ទទួលខុសត្រូវ​ដោយ ចក្រភព​អង់គ្លេស ប្រកាសថា បាន​បង្កក​ទ្រព្យ​ជាង ៧ ពាន់​លាន​ដុល្លារ ដែល​ទាក់ទង​នឹង​មហាសេដ្ឋី Abramovich។ ប៉ុន្តែ មិន​ដូច​ទៅនឹង​មហាសេដ្ឋី​ដទៃ​របស់ រុស្ស៊ី លោក Abramovich មិនត្រូវ​បាន សហរដ្ឋ​អាម៉េរិក ដាក់ចូល​ក្នុង​បញ្ជី​ទណ្ឌកម្មឡើយ៕

  • អ៊ុយ​ក្រែ​ន កោតសរសើរ​ចំពោះ អង់គ្លេស ដែល​ផ្ដល់​អាវុធ​ត្រូវ​តាម​តម្រូវការ

    អ៊ុយ​ក្រែ​ន កោតសរសើរ​ចំពោះ អង់គ្លេស ដែល​ផ្ដល់​អាវុធ​ត្រូវ​តាម​តម្រូវការ

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី និយាយថា ប្រទេស​អង់គ្លេស ផ្ដល់​អាវុធ​ដែល​ប្រទេស​នេះ​កំពុង​ត្រូវការ​ចាំបាច់​ដើម្បី​ប្រឆាំងនឹង​កងកម្លាំង​របស់ រុស្ស៊ី និង​បាន​អរគុណ​ចំពោះ នាយករដ្ឋមន្ត្រី បូរី​ស ច​ន សុន ដោយសារ «យល់​ពី​តម្រូវការ»។

    «ខ្ញុំ​ដឹងគុណ​ចំពោះ នាយករដ្ឋមន្ត្រី បូរី​ស ច​ន សុន ព្រោះតែ​បាន​យល់​នូវ​តម្រូវការ​របស់​យើង និង​ត្រៀម​ជានិច្ច​ក្នុងការ​ផ្ដល់ឱ្យ អ៊ុយ​ក្រែ​ន នូវ​ប្រភេទ​អាវុធ​ដែល​យើង​ត្រូវការ​ដើម្បី​ការពារ​ប្រជាជន» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី បាន​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ៦ មិថុនា។

    មុន​នោះ ប្រទេស​អង់គ្លេស បានឱ្យដឹងថា នឹង​សហការ​ជាមួយ សហរដ្ឋ​អាម៉េរិក ដើម្បី​បញ្ជូន​កាំជ្រួច​ហ្វូង M២៧០ រយៈ​ចម្ងាយ ៨០ គីឡូម៉ែត្រ ទៅឱ្យ អ៊ុយ​ក្រែ​ន។ ប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បានប្រកាសថា នឹង​វាយប្រហារ​លើ​គោលដៅ​ថ្មី​នៅ អ៊ុយ​ក្រែ​ន បើសិន​លោកខាងលិច ផ្ដល់​អាវុធ​ប្រភេទ​នេះ​ឱ្យ អ៊ុយ​ក្រែ​ន។

    ការប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រប​ស់ អ៊ុយ​ក្រែ​ន និង រុស្ស៊ី កំពុង​កើតឡើង​យ៉ាងខ្លាំង​ក្លា​នៅ​តំបន់ Donbass ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន ពិសេស​គឺ​នៅ Severodonetsk ដែលជា​ទីក្រុង​ធំ​បំផុត​របស់​ខេត្ត Lugansk។ រុស្ស៊ី និង​ក្រុម​ផ្ដាច់ខ្លួន កំពុង​វាយ​សន្ធប់​លើ Severodonetsk បំណង​គ្រប់គ្រង​ខេត្ត Lugansk ទាំងមូល។

    អ៊ុយ​ក្រែ​ន ទទួលស្គាល់ថា កម្លាំង​របស់ រុស្ស៊ី មានប្រៀប​ជាង និង​កំពុង​ដាក់​សម្ពាធ​ធ្ងន់ធ្ងរ​លើ​អង្គភាព​នានា​របស់ អ៊ុយ​ក្រែ​ន ដែល​នៅ​ការពារ​ទីក្រុង Severodonetsk។

  • រដ្ឋមន្ត្រី​របស់ ប្រទេស​ដូមីនីក (Dominica) ត្រូវគេ​លួច​ធ្វើឃាត​នៅក្នុង​ការិយាល័យ

    រដ្ឋមន្ត្រី​របស់ ប្រទេស​ដូមីនីក (Dominica) ត្រូវគេ​លួច​ធ្វើឃាត​នៅក្នុង​ការិយាល័យ

    រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន របស់ សាធារណរដ្ឋ​​ដូមីនីក លោក Orlando Jorge Mera ត្រូវបាន​គេ​លួច​បាញ់សម្លាប់​ក្នុង​ការិយាល័យ ហើយ​ជនសង្ស័យ​គឺ​ត្រូវជា​មិត្ត​ជិតស្និទ្ធ។

    ការិយាល័យ​ប្រធានាធិបតី​នៃ ប្រទេស​ដូមីនីក Luis Abinader កាលពី​ថ្ងៃទី ៦ មិថុនា បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន Orlando Jorge Mera អាយុ ៥៥ ឆ្នាំ ត្រូវ​មិត្ត​ជិតស្និទ្ធ​កាលពី​នៅ​ក្មេង​ឈ្មោះ Miguel Cruz បាញ់សម្លាប់​នៅក្នុង​ការិយាល័យ។

    បុគ្គលិក​នៅ​ក្រសួង​ខាងលើ​ឱ្យដឹងថា ពួកគេ​បានឮ​សំឡេង​គ្រាប់កាំភ្លើង​ផ្ទុះ​ចំនួន ៧ គ្រាប់។ ភ្លាមៗបន្ទាប់​នោះ សមត្ថកិច្ច​ក៏បាន​មកដល់​កន្លែងកើតហេតុ និង​បានដាក់​បម្រាម​គោចរ​នៅក្នុង​អគារ​កើតហេតុ ជាទី​ដែលមាន​ក្រសួងទេសចរណ៍ ផងដែរ។ ជនសង្ស័យ​ឈ្មោះ Cruz ត្រូវបាន​គេ​ជឿថា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅក្នុង​វិហារ​មួយ​នៅក្បែរនោះ។

    លោក Orlando Jorge Mera អតីត​មេធាវី និង​ជា​សមាជិក​នៃ​ត្រកូល​អ្នកនយោបាយ​ដែលមាន​អំណាច​ខ្លាំង​នៅ ប្រទេស​កោះ ដូ​មី​នី​ក។ លោក​បាន​បង្កើត​គណបក្ស​បដិវត្តន៍​ទំនើប និង​ត្រូវបាន​ជ្រើសតាំង​ជា រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន តាំងពី​ខែសីហា ២០២០។

    ឪពុក​របស់លោក​គឺ Salvador Jorge Blanco ជា​អតីត​ប្រធានាធិបតី​របស់ សាធារណរដ្ឋ​ដូ​មី​នី​ក ចាប់ពី​ឆ្នាំ ១៩៨២ ដល់ ១៩៨៦ ខណៈដែល​ប្អូនស្រី​របស់លោក​គឺ Dilia Leticia ជា អនុរដ្ឋមន្ត្រី​នៅក្នុង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Abinader។ កូនប្រុស​របស់លោក Orlando Jorge Mera ឈ្មោះ Orlando Jorge Villegas ក៏​ជា​សមាជិក​បក្ស​បដិវត្តន៍​ទំនើប។ ភរិយា​របស់លោក​ឈ្មោះ Patricia Selma Villegas Garcia គឺជា​ឯកអគ្គរដ្ឋទូត​របស់ សាធារណរដ្ឋ​ដូ​មី​នី​ក ប្រចាំ ប្រទេស​ប្រេ​ស៊ី​ល។

  • មជ្ឈមណ្ឌល​គ្រប់គ្រងជំងឺ​ឆ្លង​​ (CDC) អាម៉េរិក បង្កើន​​កម្រិត​​ប្រុង​ប្រយ័ត្ន​​ចំពោះ ​«ជំងឺ​អុត​ស្វា ​(Monkeypox)»

    មជ្ឈមណ្ឌល​គ្រប់គ្រងជំងឺ​ឆ្លង​​ (CDC) អាម៉េរិក បង្កើន​​កម្រិត​​ប្រុង​ប្រយ័ត្ន​​ចំពោះ ​«ជំងឺ​អុត​ស្វា ​(Monkeypox)»

    មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) អាម៉េរិក បាន​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​អុត​ស្វា ឡើងដល់​កម្រិត​ទី ២ ដោយ​ផ្ដល់​អនុសាសន៍​ឱ្យ​ប្រជាជន​ពាក់​ម៉ាស​នៅពេល​ធ្វើដំណើរ។

    ក្នុងការ​ព្រមាន​ថ្មី​បំផុត កាលពី​ថ្ងៃទី ៦ មិថុនា CDC អាម៉េរិក បានឱ្យដឹងថា បណ្ដា​ករណី​ឆ្លង​ជំងឺ​អុត​ស្វា ត្រូវបាន​រកឃើញ​នៅ អឺរ៉ុប, អាម៉េរិក​ខាងជើង, អាម៉េរិក​ខាងត្បូង, អាហ្វ្រិក, អាស៊ី និង អូស្ត្រាលី។ យោងតាម អង្គការ​សុខភាព​ពិភពលោក (WHO) ករណី​វិជ្ជមាន​នឹង​ជំងឺ​អុត​ស្វា​នេះ​ប្រហែលជា​បាន​ឆ្លងទៅ​ខាងក្រៅ ទ្វីបអាហ្វ្រិក ដោយ​មិនមាន​អ្នកណា​ដឹង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ រហូតដល់​ករណី​ដំបូង​ត្រូវបាន​គេ​បញ្ជាក់​កាលពី​ខែមីនា​កន្លងទៅ។

    គិត​មកដល់​បច្ចុប្បន្ន សហរដ្ឋ​អាម៉េរិក បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​អុត​ស្វា​ចំនួន ២៥ ករណី ហើយ CDC អាម៉េរិក បាន​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​នេះ​ឡើងដល់​កម្រិត​ទី ២ ដោយ​ណែនាំ​ឱ្យ​ប្រជាជន​ពាក់​ម៉ាស​នៅពេល​ធ្វើដំណើរ។

    CDC អាម៉េរិក បានចាប់ផ្ដើម​បែងចែក​វ៉ាក់សាំង​បង្ការ​វីរុស​បង្ក​ជំងឺ​អុត​ស្វា​ដែលមាន​ឈ្មោះថា Jynneos ចំនួន ១,២០០ ដូ​ស ដើម្បី​ចាក់​ជូន​ប្រជាជន​ដែល​បាន​ប៉ះពាល់ និង​នៅក្បែរ​អ្នកជំងឺ​អុត​ស្វា។ វ៉ាក់សាំង​នេះ​ត្រូវបាន​អនុម័ត​ឱ្យប្រើ​ប្រាស់​នៅ សហរដ្ឋ​អាម៉េរិក កាលពី​ឆ្នាំ ២០១៩ ចំពោះ​មនុស្ស​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ ដើម្បី​បង្ការ​ជំងឺ​អុតធំ (smallpox) និង​ជំងឺ​អុត​ស្វា។

    យោងតាម អង្គការ​សុខភាព​ពិភពលោក (WHO) វីរុស​​បង្ក​ជំងឺ​អុតស្វា​​ឆ្លង​ពីមនុស្ស​ទៅ​មនុស្ស​​នៅពេល​ប៉ះពាល់​គ្នា​យូរ​ជាមួយនឹង​របួស ធាតុ​រាវ​របស់​រាងកាយ តំណក់ទឹក​ផ្លូវដង្ហើម ឬ​ស​ម្ភ​រ​ដែលមាន​ផ្ទុក​វីរុស ដូចជា ភួយ​ខ្នើយ​ជាដើម។ អាការ​ដំបូង​នៃ​ជំងឺ​អុត​ស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើម​កូនកណ្ដុរ ឈឺ​ខ្នង និង​សាច់ដុំ ក្រោយមក​ក៏​ចេញ​ពងមាន​ខ្ទុះ​លើ​ស្បែក​នៅត្រង់​មុខ ដៃ និង​កន្លែង​ជាច្រើន​ទៀត​របស់​រាងកាយ។ រោង​សញ្ញា​ចាប់ផ្ដើម​បង្ហាញខ្លួន​ក្នុង​រង្វង់​ពី ១ ទៅ ២ សប្ដាហ៍ រាប់​ចាប់ពី​ពេល​ឆ្លង​វីរុស។

  • បណ្ដា​ប្រទេស​ដែល​ធ្លាប់បាន​ផ្លាស់ប្ដូរ​ឈ្មោះ​ជា​ផ្លូវការ

    បណ្ដា​ប្រទេស​ដែល​ធ្លាប់បាន​ផ្លាស់ប្ដូរ​ឈ្មោះ​ជា​ផ្លូវការ

    នៅមុន ប្រទេស​តួ​ក​គី (Turkey) មាន​ប្រទេស​មួយចំនួន​ក៏​ធ្លាប់បាន​ប្ដូរ​ឈ្មោះ​ប្រទេស ដោយ​មូលហេតុ​អាច​បណ្ដាលមកពី កត្តានយោបាយ ប្រវត្តិសាស្ត្រ ហើយ​ក៏មាន​ករណីខ្លះ​គឺ​ដើម្បី​ឃោសនា​កេរ្តិ៍ឈ្មោះ​ប្រទេសជាតិ​ផងដែរ។

    កាលពី​ថ្ងៃទី ២ មិថុនា អង្គការសហប្រជាជាតិ (UN) ប្រកាសថា ឈ្មោះ « Türkiye» នឹងត្រូវ​បាន​ហៅ​ជំនួស​ឈ្មោះ «Turkey»។

    «Türkiye គឺជា​ឈ្មោះ​ល្អ​បំផុត​សម្រាប់​វប្បធម៌ និង​តម្លៃ​របស់ ជនជាតិ​តួ​ក​គី» ប្រធានាធិបតី Recep Tayyip Erdogan ថ្លែង​ដូច្នេះ​កាលពី​ខែធ្នូ ២០២១ នៅពេល​រដ្ឋាភិបាល​ប្រកាស​អំពី​ការប្ដូរឈ្មោះ​ប្រទេស។

    ឈ្មោះ Türkiye ត្រូវបាន​ប្រើប្រាស់​នៅ តួ​ក​គី ក្នុង​ឆ្នាំ ១៩២៣ នៅពេលដែល​ដែនដី​នេះ​ក្លាយជា​ប្រទេស​ថ្មី​បន្ទាប់ពី ចក្រភព​អូ​តូ​ម៉​ង់ (Ottoman) បាន​ដួលរលំ។ ប៉ុន្តែ តួ​ក​គី បាន​ប្រើប្រាស់​ឈ្មោះ Turkey នៅលើ​ឆាក​អន្តរជាតិ។ Türkiye និង Turkey មាន​សំឡេង​ស្រដៀង​គ្នា ដោយ Türkiye មាន​ថែម​សំឡេង «yay» នៅ​ខាងចុង។

    ហូ​ឡង់ (Netherlands)

    រដ្ឋាភិបាល​ហូ​ឡង់ (Netherlands) ក៏​ធ្លាប់បាន​ប្ដូរ​ឈ្មោះ​ពី Holland ផងដែរ។ មកដល់​ឆ្នាំ ២០២០ ក្រុម​មេដឹកនាំ​ក្រុមហ៊ុន គណៈកម្មការ​ទេសចរ​ណ៍ និង​រដ្ឋាភិបាលកណ្ដាល​របស់ ហូ​ឡង់ សុទ្ធតែ​ប្រើប្រាស់​ឈ្មោះ Netherlands។

    បច្ចុប្បន្ន ហូ​ឡង់​ខាងជើង និង ហូ​ឡង់​ខាងត្បូង គ្រាន់តែ​ជា ២ ក្នុងចំណោម​ខេត្ត​ចំនួន ១២ របស់ ប្រទេស​ហូ​ឡង់ (Netherlands) ប៉ុណ្ណោះ។

    ការប្ដូរឈ្មោះ​នេះ​គឺ​ក្នុង​បំណង​ចាក​ផុតពី​ទំនាក់ទំនង​នៃ​ប្រទេស​នេះ​ជាមួយនឹង​ការប្រើប្រាស់​គ្រឿងញៀន​ជាការ​កម្សាន្ត និង​ពេស្យាចារ​ស្របច្បាប់។

    ម៉ា​សេ​ដ្វា​ន​ខាងជើង (North Macedonia)

    ឆ្នាំ ២០១៩ សាធារណរដ្ឋ​ម៉ា​សេ​ដ្វា​ន ត្រូវបាន​ប្ដូរ​ឈ្មោះ​ជា​ផ្លូវការ​ទៅជា ម៉ា​សេ​ដ្វា​ន​ខាងជើង ដោយសារ​បញ្ហានយោបាយ​ជាមួយនឹង ប្រទេស​ក្រិ​ក។ ប៉ុន្តែ ឈ្មោះ​សម្រាប់​ហៅ​ភាសាផ្លូវការ និង​ពលរដ្ឋ នៅតែ​ជា ម៉ា​សេ​ដ្វា​ន។

    រាជាណាចក្រ​ស្វា​ស៊ី​ឡង់ (Swaziland) បច្ចុប្បន្ន​គឺ រាជាណាចក្រ​អេ​ស្វា​ទី​នី (Eswatini)

    កាលពី​ខែមេសា ២០១៨ មហាក្សត្រ Mswati ទី​បី បាន​ប្ដូរ​ឈ្មោះ​ប្រទេស​ពី ស្វា​ស៊ី​ឡង់ ទៅជា អេ​ស្វា​ទី​នី ដើម្បី​រួចផុត​ពី​អតីតកាល​ដែលជា​ប្រទេស​ស្ថិតក្នុង​អាណានិគម ប្រទេស​ស្វា​ស៊ី​ឡង់។

    សាធារណរដ្ឋ​ឆែក (Czechia/Czech Republic)

    មូលហេតុ​នៃ​ការប្ដូរឈ្មោះ​របស់ សាធារណរដ្ឋ​ឆែក គឺ​ដើម្បី​ឃោសនា​កិត្តិនាម​ប្រទេសជាតិ។ ឆ្នាំ ២០១៦ រដ្ឋាភិបាល​ឆែក សម្រេច​ប្រើប្រាស់​ឈ្មោះ Czechia ជា​ផ្លូវការ។ ដូច​ទៅនឹង សាធារណរដ្ឋ​បារាំង សាធារណរដ្ឋ​ឆែក ក៏​អាច​ត្រូវបាន​គេ​ហៅថា Czechia ដែល​អាន​ថា ឆែ​កៀ។

    កាប់​វែ​រ (Cabo Verde)

    ប្រទេស​កោះ​មួយ​នេះ​បាន​ដាក់សំណើ​ប្ដូរ​ឈ្មោះ​ប្រទេស​ជា​ផ្លូវការ​កាលពី​ឆ្នាំ ២០១៣។ មុន​នោះ Cabo Verde

    ត្រូវបាន​គេ​ហៅថា Cape Verde។ មូលហេតុ​នៃ​ការប្ដូរឈ្មោះ​នេះ​គឺ​គេ​សង្ឃឹមថា Cabo Verde នឹង​នាំមក​នូវ​ការ​ស្រមៃ​វិជ្ជមាន​ចំពោះ​ព្រះអាទិត្យ សមុទ្រ និង​មនុស្ស ប្រកបដោយ​សុភមង្គល។

    ស្រីលង្កា (Sri Lanka)

    ដូច​ទៅនឹង អេ​ស្វា​ទី​នី (Eswatini) ប្រទេស​ស្រីលង្កា (សាធារណរដ្ឋ​សង្គមនិយម​ប្រជាធិបតេយ្យ​ស្រីលង្កា) ប្ដូរ​ឈ្មោះ​ក៏​ព្រោះតែ​ចង់​ចាក​ផុតពី​អតីតកាល​ដែលជា​ទឹកដី​អាណានិគម​របស់​បរទេស។ បើទោះជា​ការប្ដូរឈ្មោះ​ត្រូវបាន​ធ្វើឡើង​តាំងតែ​ពី​ឆ្នាំ ១៩៧២ ក្រោយពី​ដណ្ដើមបាន​ឯករាជ្យ​ពី អង់គ្លេស ប៉ុន្តែ រហូតដល់​ឆ្នាំ ២០១១ ទើប ស្រីលង្កា សម្រេច​លុបឈ្មោះ Ceylon (ស៊ី​ឡុង) ចេញពី​រដ្ឋាភិបាល។