អាម៉េរិក ចេញ​បញ្ជា​ឱ្យ​រឹបអូស​យក​យន្តហោះ​របស់​មហាសេដ្ឋី Roman Abramovich

មហាសេដ្ឋី Roman Abramovich និងយន្តហោះរបស់គាត់

ក្រសួងយុត្តិធម៌​អាម៉េរិក បានចេញ​បញ្ជា​ឱ្យ​រឹបអូស​យន្តហោះ ២ គ្រឿង​របស់​មហាសេដ្ឋី Abramovich ដោយ​ចោទថា ពួកវា​ត្រូវបាន​ប្រើប្រាស់​ដោយ​រំលោភ​លើ​ទណ្ឌកម្ម​ដែល​ដាក់​លើ រុស្ស៊ី។

ឯកសារ​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ៦ មិថុនា របស់ ក្រសួងយុត្តិធម៌​អាម៉េរិក បានឱ្យដឹងថា យន្តហោះ ២ គ្រឿង​របស់​មហាសេដ្ឋី Roman Abramovich រួមមាន Boeing ៧៨៧-៨ Dreamliner និង Gulfstream G៦៥០ER ដែល​បាន​ហោះចូល​ដែនដី​របស់ រុស្ស៊ី កាលពីដើមឆ្នាំ បាន​រំលោភ​លើ​ការកំណត់​ក្នុងការ​គ្រប់គ្រង​ការនាំចេញ​របស់ អាម៉េរិក ចំពោះ​យន្តហោះ​ផលិត​ដោយ​ប្រទេស​នេះ ដែល​បាន​ដាក់ចេញ​កាលពី​ថ្ងៃទី ២ មីនា។

Andrew Adams ប្រធាន​អង្គភាព KleptoCapTure របស់ ក្រសួងយុត្តិធម៌​អាម៉េរិក ដែល​ទទួល​ភារកិច្ច​ក្នុងការ​តាមរក​ទ្រព្យសម្បត្តិ​របស់​បណ្ដា​មហាសេដ្ឋី​របស់ រុស្ស៊ី ឱ្យដឹងថា ការសម្រេចចិត្ត​រឹបអូស​យន្តហោះ​របស់លោក Abramovich ត្រូវបាន​ដាក់ចេញ​ដើម្បី «បង្ខំ​ឱ្យ​ក្រុមមនុស្ស​ដែល​ស្និទ្ធ​នឹង រដ្ឋាភិបាល​រុស្ស៊ី គេចចេញ​ឆ្ងាយ​ពី វិមាន​ក្រឹម​ឡាំង និង​ក្រុមមន្ត្រី​ប្រទេស​នេះ ក្នុង​គ្រា​ដែល កងកម្លាំង​របស់ រុស្ស៊ី បន្ត​វាយប្រហារ​លើ អ៊ុយ​ក្រែ​ន។

ក្រសួងយុត្តិធម៌​អាម៉េរិក បញ្ជាក់ថា យន្តហោះ​ទាំង ២ គ្រឿង​ខាងលើ​មានតម្លៃ ៤០០ លាន​ដុល្លារ​អាម៉េរិក។ ក៏ប៉ុន្តែ ក្រុមមន្ត្រី​អាម៉េរិក ទំនងជា​ពិបាក​ក្នុងការ​រឹបអូស​យក​យន្តហោះ​ទាំងនេះ ដោយសារ​ពួកវា​កំពុងស្ថិត​នៅក្នុង ប្រទេស​រុស្ស៊ី ឬ ឌូ​បៃ របស់ អេ​មី​រ៉ា​ត​អារ៉ាប់​រួម។

មហាសេដ្ឋី Roman Abramovich

មហាសេដ្ឋី Abramovich អាយុ ៥៥ ឆ្នាំ មានទ្រព្យ​សម្បត្តិ ១២.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ប្រភព​ចំណូល​របស់​មហាសេដ្ឋី​រូបនេះ​គឺ រ៉ែ​ប្រេង ដែកថែប និង​វិស័យ​ឧស្សាហកម្ម​ដទៃទៀត។ លោក Abramovich ត្រូវបាន​គេ​ជឿថា រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​ក្រុមមន្ត្រី​របស់ រុស្ស៊ី ក្នុងនោះ​មាន​ទាំង​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ផងដែរ។

លោក Abramovich មាន​សញ្ជាតិ រុស្ស៊ី, អ៊ីស្រាអែល និង ព័រ​ទុយ​ហ្គា​ល់។ បន្ទាប់ពី រុស្ស៊ី បានចាប់ផ្ដើម​ចូលលុកលុយ ប្រទេស​អ៊ុយ​ក្រែ​ន មហាសេដ្ឋី​រូបនេះ​ក៏​ចាប់ផ្ដើម​រង​ផលប៉ះពាល់។ លោក​ត្រូវ​បង្ខំចិត្ត​លក់​ក្លឹប​បាល់ទាត់ Chelsea ដោយ​មិន​ទទួលបាន​ប្រាក់​សូម្បី​តែមួយ​រៀល។ កាលពី​ថ្ងៃទី ១៣ មេសា ដែនដី​កោះ Jersey ដែល​ទទួលខុសត្រូវ​ដោយ ចក្រភព​អង់គ្លេស ប្រកាសថា បាន​បង្កក​ទ្រព្យ​ជាង ៧ ពាន់​លាន​ដុល្លារ ដែល​ទាក់ទង​នឹង​មហាសេដ្ឋី Abramovich។ ប៉ុន្តែ មិន​ដូច​ទៅនឹង​មហាសេដ្ឋី​ដទៃ​របស់ រុស្ស៊ី លោក Abramovich មិនត្រូវ​បាន សហរដ្ឋ​អាម៉េរិក ដាក់ចូល​ក្នុង​បញ្ជី​ទណ្ឌកម្មឡើយ៕

Advertisement