Category: អន្តរជាតិ

  • យន្តហោះ​ដឹក​អ្នក​ដំណើរ​ ១២៦ នាក់ ត្រូវ​ឆាប​ឆេះ​សន្ធៅសន្ធៅ ពេល​កំពុង​ចុះ​ចត

    យន្តហោះ​ដឹក​អ្នក​ដំណើរ​ ១២៦ នាក់ ត្រូវ​ឆាប​ឆេះ​សន្ធៅសន្ធៅ ពេល​កំពុង​ចុះ​ចត

    (សហរដ្ឋ​អាម៉េរិក)-យន្តហោះ​ដឹក​អ្នកដំណើរ ១២៦ នាក់ ជួប​ហេតុការណ៍​បាក់ស្រុត​ប្រព័ន្ធ​កង់​ចុះចត បណ្ដាលឱ្យ​យន្តហោះ​ឆាបឆេះ​លើផ្លូវ​រត់ នាំឱ្យ​មនុស្ស ៣ នាក់​រងរបួស។

    នៅពេល​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Red Air ដែល​ហោះ​ពី សាធារណរដ្ឋដូមីនីក (Dominica) កំពុង​ចុះចត​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Miami កាលពី​ថ្ងៃទី ២១ មិថុនា ក៏​ស្រាប់តែ​បាក់​ប្រព័ន្ធ​កង់​ចុះចត បណ្ដាលឱ្យ​កើតមាន​អគ្គិភ័យ នេះ​បើតាម​អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​អាម៉េរិក (FAA)។

    បណ្ដា​វីដេអូ​នៅលើ​បណ្ដាញ​សង្គម បាន​បង្ហាញថា អណ្ដាតភ្លើង​ដែល​ឆេះ​លើ​យន្តហោះ​នេះ​ត្រូវបាន​ពន្លត់​យ៉ាង​ឆាប់រហ័ស។

    ប្រធាន​ផ្នែក​ព័ត៌មាន​របស់ នាយកដ្ឋាន​អាកាសចរណ៍ Miami បានឱ្យដឹងថា ហេតុការណ៍​នេះ​បាន​បណ្ដាលឱ្យ​មនុស្ស ៣ នាក់ ក្នុងចំណោម​អ្នកដំណើរ ១២៦ នាក់​លើ​យន្តហោះ​នេះ ត្រូវ​រងរបួស និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

    FAA និង​ស្ថាប័ន​សុវត្ថិភាព​ចរាចរណ៍​អាម៉េរិក កំពុង​បន្ត​ស្រាវជ្រាវ​លើ​ករណី​គ្រោះថ្នាក់ និង​អគ្គិភ័យ​នេះ។

    កាលពី​ខែតុលា ២០២១ យន្តហោះ McDonnell Douglas MD-87 មួយគ្រឿង​ក៏បាន​ជួប​គ្រោះថ្នាក់ និង​ឆាបឆេះ​នៅពេល​ហោះ​ឡើង​ពី​ព្រលានយន្តហោះ Houston Executive ក្នុង​តំបន់ Waller រដ្ឋ Texas។ មនុស្ស​ទាំង ២១ នាក់​នៅលើ​យន្តហោះ​នេះ បាន​រួច​ពី​ការស្លាប់។

  • យន្ត​ហោះ​ចម្បាំង​ចិនដីគោក រាប់​​សិប​គ្រឿង បន្ត​ហោះចូល​ក្បែរ​កោះ​តៃវ៉ាន់

    យន្ត​ហោះ​ចម្បាំង​ចិនដីគោក រាប់​​សិប​គ្រឿង បន្ត​ហោះចូល​ក្បែរ​កោះ​តៃវ៉ាន់

    អាជ្ញាធរ​កោះ​តៃវ៉ាន់ បាន​និយាយថា យន្តហោះ​យោធា​របស់ ចិន ចំនួន ២៩ គ្រឿង បាន​ហោះចូល​តំបន់​កំណត់​អត្តសញ្ញាណ​ដែនអាកាស​របស់​កោះ​នេះ ដែល​នេះ​គឺជា​ការ​ហោះចូល​ក្បែរ​ដ៏​ធំ​លើក​ទី​បី​ក្នុង​ឆ្នាំ ២០២។

    កងកម្លាំង​ការពារ​កោះ​តៃវ៉ាន់ ឱ្យដឹងថា យន្តហោះ​ចម្បាំង​ចំនួន ១៧ គ្រឿង, យន្តហោះ​ទម្លាក់​គ្រាប់បែក ៦ គ្រឿង និង​យន្តហោះ​គាំទ្រ​ចំនួន ៦ គ្រឿង​របស់ ចិនដីគោក កាលពី​ម្សិលមិញ (២១ មិថុនា) បាន​ហោះចូល​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស (ADIZ) របស់ តៃវ៉ាន់ បង្ខំ​ឱ្យ​កងកម្លាំង​របស់​កោះ​នេះ បញ្ចេញ​យន្តហោះ​ចម្បាំង​ទៅ​បណ្ដេញ និង​បើក​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដើម្បី​តាមដាន។

    នេះ​គឺជា​ហោះ​ការ​ចូលមក​កៀក​ដ៏​ធំ​លើក​ទី​បី​ក្នុង​ឆ្នាំ ២០២២ របស់ ទ័ពអាកាស​ចិន បន្ទាប់ពី​ករណី​យន្តហោះ ៣៩ គ្រឿង​បាន​ចូលមក​កាន់ ADIZ របស់ តៃវ៉ាន់ កាលពី​ថ្ងៃទី ២៣ មករា និង​ករណី​យន្តហោះ ៣០ គ្រឿង​កាលពី​ថ្ងៃទី ៣០ ឧសភា។

    ករណី​ចូលមកក្នុង​តំបន់ ADIZ របស់ តៃវ៉ាន់ ពី​សំណាក់ ទ័ពអាកាស​ចិនដីគោក បាន​កើនឡើង​យ៉ាងគំហុក​ក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ២០២១ ក្នុងនោះ ករណី​ធំ​បំផុត​គឺមាន​យន្តហោះ​ចម្បាំង​ទំនើប ៥៦ គ្រឿង បាន​ចូលមក​កាន់​តំបន់ ADIZ កាលពី​ថ្ងៃទី ៤ តុលា ២០២១។

    ពេញ​មួយឆ្នាំ ២០២១ កោះ​តៃវ៉ាន់ បាន​រកឃើញថា យន្តហោះ​ចម្បាំង​របស់ ចិនដីគោក បាន​ចូលមកក្នុង​តំបន់ ADIZ ចំនួន ៩៦០ លើក ច្រើនជាង​ទ្វេដង ធៀប​នឹង ៣៨០ លើក ក្នុង​ឆ្នាំ ២០២០។

    ប្រទេស​ចិន តែង​ចាត់ទុក កោះ​តៃវ៉ាន់ ជា​ខេត្ត​មួយ​របស់ខ្លួន​ដែល​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ និង​បានប្រកាសថា នឹង​ប្រើ​កម្លាំងបាយ បើសិនជា​ចាំបាច់៕

  • ដំណើរ​វិវត្តន៍សំខាន់ៗនៅក្នុង​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន ក្នុង​ថ្ងៃទី ២១ មិថុនា

    ដំណើរ​វិវត្តន៍សំខាន់ៗនៅក្នុង​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន ក្នុង​ថ្ងៃទី ២១ មិថុនា

    ខាងក្រោម​នេះ​គឺជា​ដំណើរ​វិវត្តន៍សំខាន់ៗដែល​គួរឱ្យ​យកចិត្តទុកដាក់ ទាក់ទិន​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ក្នុងអំឡុង ២៤ ម៉ោង នៃ​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២។

    -រុស្ស៊ី និយាយថា សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន នឹង​អូស​បន្លាយពេល​យូរ និង​ប្រកាសថា លែង​ទុកចិត្ត​បស្ចិម​លោក​ទៀតហើយ។

    -រុស្ស៊ី មិន​ធានាថា ទាហាន​ស៊ីឈ្នួល​អាម៉េរិក ២ រូប នឹង​អាច​រួច​ពី​ទោស​ប្រហារជីវិត៖ អ្នកនាំពាក្យ​របស់ វិមាន​ក្រឹម​ឡាំង កាលពី​ថ្ងៃទី ២០ មិថុនា បានឱ្យដឹងថា ភាគី​ខាង​រុស្ស៊ី មិន​ធានាថា ទាហាន​អាម៉េរិក ២ រូប ដែល​ទើបតែ​ត្រូវបាន​ចាប់ខ្លួន​នៅ អ៊ុយ​ក្រែ​ន នឹង​រួច​ផុតពី​ទោស​ប្រហារជីវិត​ឡើយ។ ប្រការនេះ​គឺ​អាស្រ័យទៅលើ​លទ្ធផល​នៃ​ការស៊ើបអង្កេត។

    -ទាហាន​ស្ម័គ្រចិត្ត (រុស្ស៊ី ហៅថា ទាហាន​ស៊ីឈ្នួល) ជនជាតិ​អាម៉េរិក ២ នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ កម្លាំង​រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន កំពុងស្ថិត​នៅក្នុង​តំបន់ Donetsk។

    -អ៊ុយ​ក្រែ​ន ចោទប្រកាន់ រុស្ស៊ី ថា ផ្គុំ​កម្លាំង​នាវាចម្បាំង​នៅ សមុទ្រ​ខ្មៅ ដើម្បី​ត្រៀម​វាយប្រហារ​ដោយ​ប្រើប្រាស់​មី​ស៊ី​ល៖ ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និយាយថា «នាវាចម្បាំង​ទាំង ៦ គ្រឿង​ដែលមាន​បំពាក់​មី​ស៊ី​ល​មាន​ស្លាប (Cruise missile គឺជា​មី​ស៊ី​ល​ដែល​ហោះ​សំដៅ​គោលដៅ​តាម​កម្មវិធី​កុំព្យូទ័រ ឬ​តាម​ការបញ្ជា​ពី​ទាហាន)។

    -ឧ​ត្ត​ម​សេនីយ៍​របស់ ប៉ូឡូញ ថា ណា​តូ គួរតែ​ចេញ​ឱសានវាទ​ដល់ រុស្ស៊ី ដើម្បី​រារាំង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ទៅលើ​តំបន់​ភាគ​ខាងលិច​របស់ អ៊ុយ​ក្រែ​ន ដែល​ជាប់​នឹង​ព្រំដែន​ជាមួយ ណា​តូ ឬថា សម្ព័ន្ធមិត្ត​យោធា​នេះ​ត្រូវ​ចាត់វិធានការ​ដើម្បី «ទប់ទល់​នឹង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​នៅ អ៊ុយ​ក្រែ​ន»។

    -វិវត្តន៍​នៃ​ដំណើរ​ចូល​ជា​សមាជិក​ណា​តូ របស់ ហ្វាំ​ង​ឡង់ និង ស៊ុយអែត នៅ​ទ្រឹង​មួយកន្លែង៖ តួ​ក​គី ប្រកាសថា ការពិភាក្សា​រវាង​ប្រទេស​នេះ ជាមួយនឹង ហ្វាំ​ង​ឡង់ និង ស៊ុយអែត ស្ដីពី​ការចូល​ជា​សមាជិក​ណា​តូ នៅតែ​បន្ត ប៉ុន្តែ លុះណាតែ​បញ្ហា​ដែលជា​ក្ដីបារម្ភ​របស់ខ្លួន​ត្រូវបាន​ដោះស្រាយ ទើប​ដំណើរ​ការចរចា​អាចមាន​វិវឌ្ឍន៍​ល្អ។

    -សហភាព​អឺរ៉ុប ពន្យារ​សុពលភាព​ទណ្ឌកម្ម​ទាក់​ទិន​នឹង​បញ្ហា​ដែល រុស្ស៊ី រឹបអូស​យក ឧ​ទ្វីប​គ្រី​មៀ (Krym/Crimea) និង Sevastopol ៖ ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប បានសម្រេច​ចិត្ត​ពន្យារ​សុពលភាព​ទណ្ឌកម្ម​នេះរ​ហូត​ដល់​ថ្ងៃទី ២៣ មិថុនា ២០២៣។

    -រុស្ស៊ី គំរាម ប្រទេស​លី​ទុយ​អា​នី (Lithuania/Litva) ថា នឹង​ជួប​ផលវិបាក​ធ្ងន់ធ្ងរ​ពី​ការឆ្លើយតប​របស់ រុស្ស៊ី បន្ទាប់ពី លី​ទុយ​អា​នី បិទ​ខ្ទប់​ការដឹកជញ្ជូន​ចំពោះ​តំបន់ Kaliningrad។

  • ក្រុមហ៊ុន​មួយ​របស់ ​អាម៉េរិក កំពុង​ជួយ អ៊ុយ​ក្រែ​ន អភិវឌ្ឍ​ខែល​ការពារ​ដែនអាកាស​ដូច​ទៅនឹង Iron Dome របស់ ​អ៊ីស្រាអែល

    ក្រុមហ៊ុន​មួយ​របស់ ​អាម៉េរិក កំពុង​ជួយ អ៊ុយ​ក្រែ​ន អភិវឌ្ឍ​ខែល​ការពារ​ដែនអាកាស​ដូច​ទៅនឹង Iron Dome របស់ ​អ៊ីស្រាអែល

    ក្រុមហ៊ុន​មួយ​របស់ អាម៉េរិក កំពុង​ចូលរួម​ជួយ អ៊ុយ​ក្រែ​ន ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដែល​ដូច​ទៅនឹង​ខែល Iron Dom របស់ អ៊ីស្រាអែល ដើម្បី​ទប់ទល់​នឹង​មី​ស៊ី​ល​របស់ រុស្ស៊ី។

    ក្រុមហ៊ុន JustAnswer ដែលមាន​មូលដ្ឋាន​នៅក្នុង​រដ្ឋ California សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ២០ មិថុនា បានឱ្យដឹងថា គម្រោង​ដែលមាន​ឈ្មោះថា «គម្រោង​ដែនអាកាស» កំពុង​ត្រូវបាន​អនុវត្ត ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់ អ៊ុយ​ក្រែ​ន។ ពួកគេ​ដាក់​គោលដៅ​អភិវឌ្ឍ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដែល​អាច​ប្រតិបត្តិការ​នៅក្នុង​គ្រប់​ស្ថានភាព​អាកាសធាតុ ដើម្បី​ស្កាត់​ចាប់ និង​កម្ទេច​មី​ស៊ី​ល ឬ​គ្រាប់កាំភ្លើង​ធំ ដែល​ដូច​ទៅនឹង Iron Dome របស់ ប្រទេស​អ៊ីស្រាអែល ក្នុង​បំណង​ការពារ​ខេត្ត​ទាំង ៨ របស់ អ៊ុយ​ក្រែ​ន ដែល​កំពុង​រង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​ពី​មី​ស៊ី​ល​របស់ កងទ័ព​រុស្ស៊ី។

    គម្រោង​នេះ​គឺជា​គំនិត​ផ្ដួចផ្ដើម​រួម​រវាង បញ្ជាការដ្ឋាន​កងទ័ព​នៃ​ខេត្ត Lviv, បញ្ជាការដ្ឋាន​ទ័ពអាកាស​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន, សមាគម​សប​វ៉ែ​រ​ជប៉ុន និង​បណ្ដា​ដៃគូ​សហការ​ជាច្រើន​ផ្សេងទៀត ក្នុងនោះ​មាន​ទាំង JustAnswer ផងដែរ។

    Andy Kurtzig នាយក​ប្រតិបត្តិ​របស់ JustAnswer បាន​និយាយថា អ៊ុយ​ក្រែ​ន មានឱកាស​ដណ្ដើមបាន​ជ័យជម្នះ បើសិន​អាច​បិទ​ខ្ទប់​ដែនអាកាស​របស់​ប្រទេស​នេះ។ «បច្ចេកវិទ្យា​របស់ អ៊ុយ​ក្រែ​ន បាន​ហួស​សម័យ និង​យឺតយ៉ាវ។ នៅពេល​មី​ស៊ី​ល​កំពុង​ហោះ​សំដៅ​មក កុំព្យូទ័រ​ដំណើរការ​យឺត​នឹងមិន​អាចជួយ​អ្វី​បានឡើយ» Kurtzig បកស្រាយ​ដូច្នេះ។

    «យើង​កំពុង​ជួយ អ៊ុយ​ក្រែ​ន ក្នុង​ការធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​កុំព្យូទ័រ បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត និង​សប​វ៉ែ​រ ដើម្បីឱ្យ​ពួកគេ​អាច​កំណត់​គោលដៅ​បាន​រហ័ស និង​ត្រឹមត្រូវ​ជាង​មុន នៅក្នុង​ការស្វែងរក​វិធី​កម្ទេច​មី​ស៊ី​ល​របស់ រុស្ស៊ី» Andy Kurtzig បញ្ជាក់​ដូច្នេះ។

    ចាប់តាំងពី​បាន​បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន កងកម្លាំង​របស់ រុស្ស៊ី តែងតែ​ប្រើប្រាស់​មី​ស៊ី​ល​កម្ទេច​គោលដៅ​របស់ខ្លួន។ ចំណែក​ក្រុមមន្ត្រី​របស់ អ៊ុយ​ក្រែ​ន បាន​បង្ហើប​ឱ្យដឹងថា ប្រព័ន្ធ​ការពារ​របស់​ប្រទេស​នេះ អាច​រាំងខ្ទប់​មី​ស៊ី​ល​របស់ រុស្ស៊ី បាន​ប្រហែល​តែ ២០% ប៉ុណ្ណោះ។ ដោយឡែក ក្រុមមន្ត្រី​របស់ អ៊ីស្រាអែល វិញ​បាន​អះអាងថា ប្រព័ន្ធ​ខែល Iron Dome របស់​ពួកគេ​អាច​បាញ់​ទម្លាក់​មី​ស៊ី​ល​របស់​សត្រូវ​បាន​រហូត​ដល់ ៩០% ឯណោះ។

    ប្រព័ន្ធខែល Iron Dome របស់ អ៊ីស្រាអែល
  • ប្រធានាធិបតីជាប់​ឆ្នោត​ថ្មី​របស់ ហ្វ៊ី​លី​ពី​ន នឹង​កាន់តំណែង​រដ្ឋមន្ត្រីក្រសួង​កសិកម្ម

    ប្រធានាធិបតីជាប់​ឆ្នោត​ថ្មី​របស់ ហ្វ៊ី​លី​ពី​ន នឹង​កាន់តំណែង​រដ្ឋមន្ត្រីក្រសួង​កសិកម្ម

    ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​របស់ ប្រទេស​ហ្វ៊ី​លី​ពី​ន ដែលមាន​ការបារម្ភ​អំពី​តម្លៃ​ស្បៀងអាហារ​ដែល​ចេះតែ​កើនឡើង បានប្រកាសថា នឹង​កាន់តំណែង​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ទន្ទឹមនឹង​តំណែង​ប្រធានាធិបតី ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​បន្ទាន់។

    ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​របស់ ហ្វ៊ី​លី​ពី​ន លោក Ferdinand Marcos Jr. កាលពី​ថ្ងៃទី ២០ មិថុនា បានឱ្យដឹងថា នឹង​កាន់កាប់​តំណែង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ជា​បណ្ដោះអាសន្ន និង​កែទម្រង់​ក្រសួង​នេះ​ឡើងវិញ ដើម្បី​ជំរុញ​ការស្ដារ​សេដ្ឋកិច្ច ក្រោយពី​កូ​វីដ-១៩ បាន​រាតត្បាត​អស់​រយៈពេល ២ ឆ្នាំ។ លោក Marcos Jr. នឹង​កាន់តំណែង​ប្រធានាធិបតី និង​រដ្ឋមន្ត្រី បន្ទាប់ពី​ពិធី​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី ៣០ មិថុនា​ខាងមុខ។

    «ខ្ញុំ​យល់ថា បញ្ហា​មាន​សភាព​ធ្ងន់ធ្ងរ​គ្រប់គ្រាន់ ទើប​សម្រេចចិត្ត​កាន់តំណែង​រដ្ឋមន្ត្រី​កសិកម្ម យ៉ាងហោច​នៅក្នុង​ដំណាក់កាល​នេះ» លោក Marcos Jr. ថ្លែង​ដូច្នេះ និង​បន្ថែមថា លោក​បាន​ស្នើឱ្យ​ទីប្រឹក្សា​ទាំងឡាយ​របស់លោក ព្យាករ​អំពី «ស្ថានភាព​បន្ទាន់ ពិសេស​គឺ​ទាក់ទិន​នឹង​ប្រភព​ផ្គត់ផ្គង់​ស្បៀងអាហារ»។

    ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ ហ្វ៊ីលីពីន លោក Ferdinand Marcos Jr. និង​លោក​ស្រី Sara Duterte អនុប្រធានាធិបតី​ដែល​ទើប​ជាប់​ឆ្នោត

    ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​របស់ ហ្វ៊ី​លី​ពី​ន និយាយថា តម្លៃ​ប្រេង​កើនឡើង​ខ្ពស់ ប្រភព​ផ្គត់ផ្គង់​អាហារ​ក្នុងការ​ចិញ្ចឹមសត្វ​ត្រូវ​រអាក់រអួល អាច​នាំឱ្យ​តម្លៃ​ស្បៀងអាហារ​កើនឡើង​ខ្ពស់ជាង​បច្ចុប្បន្ន។

    លោក Marcos Jr. បានតែងតាំង​សមាជិក​គណៈរដ្ឋមន្ត្រី​ប្រហែល ២០ រូប ក្នុងនោះ​មាន​ទាំង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ ផងដែរ។

  • ប្រទេស​កូ​ឡុំ​ប៊ី មាន​អនុ​ប្រធានាធិបតី​ជា​ស្ត្រី​ស្បែក​ខ្មៅ​ជា​លើកដំបូងក្នុង​ប្រវត្តិសាស្ត្រ

    ប្រទេស​កូ​ឡុំ​ប៊ី មាន​អនុ​ប្រធានាធិបតី​ជា​ស្ត្រី​ស្បែក​ខ្មៅ​ជា​លើកដំបូងក្នុង​ប្រវត្តិសាស្ត្រ

    ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កូ​ឡុំ​ប៊ី ដែលមាន​អនុ​ប្រធានាធិបតី​ជា​ស្ត្រីភេទ​ស្បែក​ខ្មៅ បន្ទាប់ពី​លោកស្រី Francia Marquez សហការគ្នាជាមួយ​លោក Gustavo Petro ដែលជា​តំណាងឱ្យ​សម្ព័ន្ធមិត្ត Pacto Historico យកឈ្នះ​នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី ១៩ មិថុនា ដោយ​ទទួលបាន​សំឡេងគាំទ្រ ៥០.៤%។

    លោកស្រី Marquez គឺជា​សកម្មជន​បរិស្ថាន​ដ៏​ល្បីឈ្មោះ ពិសេស​គឺ​សកម្មភាព​ប្រឆាំងនឹង​ការរុករក​រ៉ែ​មាស​នៅឯ​ស្រុកកំណើត​ក្នុង​ខេត្ត Cauca នៅ​ភាគ​និរតី​ប្រទេស​កូ​ឡុំ​ប៊ី។ លោកស្រី​ទទួលបាន​ពានរង្វាន់ Goldman ស្ដីពី​បរិស្ថាន​កាលពី​ឆ្នាំ ២០១៨។

    ថ្លែងការណ៍​ក្រោយពី​ទទួលបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត​កន្លងទៅ លោកស្រី Marquez អះអាងថា ក្រោយ​រយៈពេល ២១៤ ឆ្នាំ ប្រទេស​កូ​ឡុំ​ប៊ី ក៏មាន​រដ្ឋាភិបាល​មួយ​របស់​ប្រជាជន ជា​រដ្ឋាភិបាល​សម្រាប់​ជួយ​ដល់​ប្រជាជន​ក្រីក្រ នៅក្នុង​តំបន់ អាម៉េរិក​ខាងត្បូង នេះ។ ក្រៅពី​មាន​តួនាទី​ជា​អនុ​ប្រធានាធិបតី តាម​គម្រោង លោកស្រី Marquez ក៏​នឹងត្រូវ​ដឹកនាំ​ក្រសួង​ថ្មី​មួយ​ទាក់ទិន​នឹង​សមភាព​យេនឌ័រ ដើម្បី​ស្ដារ​ផលប្រយោជន៍​សម្រាប់​ស្ត្រី ក៏ដូចជា​ជួយ​ដល់​ក្រុម​ពលរដ្ឋ​ក្រីក្រ​ក្នុងការ​ប្រើប្រាស់​សេវា​សុខាភិបាល និង​អប់រំ។

    លោកស្រី Francia Marquez

    ក្រៅពី​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ មេដឹកនាំ​ប្រទេស​មួយចំនួន​ក៏បាន​ចាប់ផ្ដើម​ផ្ញើរ​សារ​ចូលរួម​អបអរសាទរ​ដល់​លោក Petro និង​លោកស្រី Marquez ផងដែរ។

  • សហភាព​អឺរ៉ុប បន្ត​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ព្រោះតែ​បាន​រឹបអូស​យក​ឧបទ្វីប Krym និង Sevastopol របស់ អ៊ុយ​ក្រែ​ន

    សហភាព​អឺរ៉ុប បន្ត​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ព្រោះតែ​បាន​រឹបអូស​យក​ឧបទ្វីប Krym និង Sevastopol របស់ អ៊ុយ​ក្រែ​ន

    កាលពី​ថ្ងៃទី ២០ មិថុនា ឆ្នាំ​ ២០២២​ ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប បានសម្រេច​ចិត្ត​បន្ត​អនុវត្ត​វិធានការ​ដាក់ទណ្ឌកម្ម​ចំពោះ រុស្ស៊ី រហូតដល់​ថ្ងៃទី ២៣ មិថុនា ២០២៣ ទាក់ទិន​នឹង​រឿង រុស្ស៊ី រឹបអូស និង​បញ្ចូល​ឧបទ្វីប Krym (គ្រីមៀ​/​Crimea) និង​ទីក្រុង Sevastopol ទៅក្នុង ទឹកដី​រុស្ស៊ី។

    កាលពី​ខែមិថុនា ២០១៤ ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប បានអនុម័ត​វិធានការ​ដាក់ទណ្ឌកម្ម ដើម្បី​ឆ្លើយតប​នឹង​រឿង  រុស្ស៊ី រឹបអូស​យក គ្រីមៀ និង​ទីក្រុង Sevastopol។ ចាប់តាំងពី​ពេលនោះ​មក ទណ្ឌកម្ម​ទាក់ទង​នឹង​បញ្ហា​នេះ​ក៏ត្រូវ​បាន​ពន្យារ​សុពល​ភាពជា​បន្តបន្ទាប់។

    ទណ្ឌកម្ម​ទាក់ទិន​នឹង​បញ្ហា​ខាងលើ​រួមមាន ការហាមឃាត់​លើ​ការនាំ​ផលិតផល​ពី ​ឧបទ្វី​គ្រីមៀ​ និង Sevastopol ចូលមក សហភាព​អឺរ៉ុប (EU), ហាម​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​ទេសចរណ៍ នៅ គ្រីមៀ​ និង Sevastopol។ EU ក៏​ហាម​នាំចេញ​ទំនិញ និង​ផលិតផល​បច្ចេកវិទ្យា​ទៅកាន់ គ្រីមៀ​ ផងដែរ។

  • ទីតាំង​ខួង​យក​ប្រេង​របស់ រុស្ស៊ី នៅ Crimea រង​ការវាយប្រហារ ៖ ច្រើន​នាក់​រងរបួស

    ទីតាំង​ខួង​យក​ប្រេង​របស់ រុស្ស៊ី នៅ Crimea រង​ការវាយប្រហារ ៖ ច្រើន​នាក់​រងរបួស

    កាលពី​ថ្ងៃទី ២០ មិថុនា មានការ​វាយប្រហារ​មួយ​ទៅលើ​ទីតាំង​ខួង​យក​រ៉ែ​របស់ រុស្ស៊ី នៅលើ​សមុទ្រ​នៃ​ឧបទ្វីប Crimea ក្នុង​តំបន់​សមុទ្រ​ខ្មៅ បណ្ដាលឱ្យ​មនុស្ស ៣ នាក់ ត្រូវ​រងរបួស។

    សារព័ត៌មាន RT របស់ រុស្ស៊ី ដកស្រង់​សម្ដី​របស់​មេដឹកនាំ​តំបន់ Crimea បានឱ្យដឹងថា ការវាយប្រហារ​ដែល​ស​ង្ស័​យ​ថា​ធ្វើឡើង​ដោយ​កងកម្លាំង​របស់ អ៊ុយ​ក្រែ​ន សំដៅលើ​បណ្ដុំ​នៃ​គ្រឿងចក្រ​ខួង​យក​រ៉ែ​នៅក្បែរ​ឆ្នេរ Crimea ក្នុង​សមុទ្រ​ខ្មៅ ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ព្រលឹម​នៃ​ថ្ងៃទី ២០ មិថុនា (ម៉ោង​ក្នុងស្រុក) បណ្ដាលឱ្យ​មនុស្ស ៣ នាក់​រងរបួស។

    មេដឹកនាំ Crimea លោក Sergey Aksyonov មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ទីតាំង​ជាក់លាក់​ដែល​បាន​រង​ការវាយប្រហារ ប៉ុន្តែ និយាយថា វា​ជា​ទ្រព្យសម្បត្តិ​របស់ Chernomorneftegaz ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​អណ្ដូងរ៉ែ​ប្រេង និង​ឧស្ម័ន​នៅលើ​សមុទ្រ។ ក្រុមហ៊ុន​ថាមពល Naftogaz របស់ អ៊ុយ​ក្រែ​ន កំពុង​ទាមទារ​កម្មសិទ្ធិ​លើ​ក្រុមហ៊ុន​ខាងលើ​ចាប់តាំងពី​ឆ្នាំ ២០១៤ ជា​ពេលដែល​ក្រុមហ៊ុន Chernomorneftegaz ត្រូវបាន​ដាក់ចូល​ជា​សម្បត្តិ​រដ្ឋ ក្រោយពេល រុស្ស៊ី បាន​រឹបអូស​យក​ឧបទ្វីប Crimea ពី អ៊ុយ​ក្រែ​ន។

    លោក Aksyonov ឱ្យដឹងថា មី​ស៊ី​ល​ចំនួន ៣ គ្រាប់ បាន​បាញ់​ចាំ​ប្រព័ន្ធ​ខួង​ចំនួន ។ ក្នុងពេល​មានការ​វាយប្រហារ ទីតាំង​ទាំងនេះ​មាន​មនុស្ស ១០៩ នាក់ កំពុងធ្វើការ។ ការ​ឈ្លៀស​កម្មករ​ចេញពី​កន្លែងកើតហេតុ​ត្រូវបាន​ធ្វើឡើង​ជាបន្ទាន់។

    តំណាង​របស់​ឧបទ្វីប Crimea នៅ សភា​រុស្ស៊ី លោកស្រី Olga Kovitidi និយាយថា ទីតាំង​ដែល​បាន​រង​ការវាយប្រហារ​នេះ មាន​ចម្ងាយ​ពី​កំពង់ផែ Odessa របស់ អ៊ុយ​ក្រែ​ន ប្រហែល ៧១ គីឡូម៉ែត្រ។

  • មេទ័ព​របស់ អង់គ្លេស ថា កងទ័ពជើងគោក​ត្រូវតែ​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​សម្រាប់​ចូលរួម​ប្រយុទ្ធប្រឆាំង រុស្ស៊ី ពេល​សង្គ្រាមលោកលើកទី ៣ កើតឡើង

    មេទ័ព​របស់ អង់គ្លេស ថា កងទ័ពជើងគោក​ត្រូវតែ​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​សម្រាប់​ចូលរួម​ប្រយុទ្ធប្រឆាំង រុស្ស៊ី ពេល​សង្គ្រាមលោកលើកទី ៣ កើតឡើង

    អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​ថ្មី របស់ ប្រទេស​អង់គ្លេស ថ្មីៗនេះ​បានប្រកាសថា ទាហាន​អង់គ្លេស​ត្រូវតែ​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​សម្រាប់​លទ្ធភាព​ប្រយុទ្ធ​នៅលើ​ទឹកដី​របស់ អឺរ៉ុប និង​យកឈ្នះ​លើ កងទ័ព​រុស្ស៊ី នៅក្នុង​សង្គ្រាមលោកលើកទី ។

    ក្រោយពី​បាន​ស្បថ​ចូលកាន់​តំណែង​ជា​អគ្គមេបញ្ជាការ ឧ​ត្ត​ម​សេនីយ៍ Patrick Sanders បាន​សរសើរ​លិខិត​ផ្ញើជូន​ទាហាន​ក្រោម​ឱវាទ។ លិខិត​ដែល​បាន​ផ្ញើ​កាលពី​ថ្ងៃទី ១៦ មិថុនា មាន​ឃ្លា​សរសេរថា «បច្ចុប្បន្ន មាន​តម្រូវការ​បន្ទាន់​គឺ ការកសាង​កម្លាំង​ជើងគោ​កមួយ​ដែលមាន​សមត្ថភាព​ប្រយុទ្ធ​ទន្ទឹមគ្នា​នឹង​សម្ព័ន្ធមិត្ត​របស់​យើង និង​ផ្ដួល រុស្ស៊ី នៅលើ​សមរភូមិ។ យើង​គឺជា​ជំនាន់​មនុស្ស​ដែល​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ការធ្វើ​សង្គ្រាម​ជាថ្មី​នៅលើ​ទឹកដី អឺរ៉ុប»។

    ឧ​ត្ត​ម​សេនីយ៍​អង់គ្លេស វ័យ ៥៦ ឆ្នាំ​រូបនេះ យល់ថា សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បាន​បញ្ជាក់ថា «តួនាទី​ស្នូល» នៃ កងទ័ពជើងគោក​អង់គ្លេស គឺ​ការការពារ ប្រទេស​អង់គ្លេស ដោយ​ការត្រៀមខ្លួន​រួចរាល់​សម្រាប់​ការប្រយុទ្ធ និង​ដណ្ដើមយក​ជ័យជម្នះ​នៅលើ​ដីគោក។

    អគ្គមេបញ្ជាការកងទ័ព​របស់ អង់គ្លេស ឧ​ត្ត​ម​សេនីយ៍ Patrick Sanders

    លោក Sanders ឱ្យដឹងថា លោក​គឺជា ប្រធាន​អគ្គសេនាធិការ​ដំបូង​របស់ អង់គ្លេស រាប់​ចាប់តាំងពី​ឆ្នាំ ១៩៤១ ដែល​ទទួលបន្ទុក​គ្រប់គ្រង​កងទ័ពជើងគោក​អង់គ្លេស ក្នុង​ស្ថានការណ៍​សង្គ្រាម​លើដី​គោក​នៅ អឺរ៉ុប មានការ​ចូលរួម​ពី​មហាអំណាច​ដីគោក​មួយ។

    ឧ​ត្ត​ម​សេនីយ៍ Sanders ធ្លាប់​ដឹកនាំ​បេសកកម្ម​ប្រយុទ្ធ​នៅ អៀឡង់​ខាងជើង, កូ​សូ​វ៉ូ, អ៊ីរ៉ាក់ និង អា​ហ្វ​ហ្គា​នី​ស្ថាន។ លោក​សន្យាថា នឹង​ជំរុញ​ការធ្វើ​ទំនើបកម្ម​យោធា​ក្នុង​ជួរ​កងទ័ពជើងគោករ​បស់ អង់គ្លេស និង​បញ្ជូន​កម្លាំង​ទៅ​បរទេស​ឱ្យបាន​ញឹកញាប់​ជាង​មុន ដើម្បី​អាច​ប្រតិកម្ម​បាន​រហ័ស​នៅ​ចំពោះមុខ​វិបត្តិ​សង្គ្រាម​នានា។

    ព័ត៌មាន​ខាងលើ​ត្រូវ​បានលើកឡើង​បន្ទាប់ពី នាយករដ្ឋមន្ត្រី​អង់គ្លេស លោក ច​ន​សុន ទើបតែ​ត្រលប់​មកពី ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ព្រមាន​ឱ្យ ជនជាតិ​អង់គ្លេស ត្រៀមខ្លួន​សម្រាប់ «សង្គ្រាម​យូរអង្វែង» នៅ អ៊ុយ​ក្រែ​ន៕

  • អូស្ត្រាលី ផ្ដល់ជំនួយ​ជា​រថពាសដែក​ដឹក​ទាហាន ដល់ អ៊ុយ​ក្រែ​ន

    អូស្ត្រាលី ផ្ដល់ជំនួយ​ជា​រថពាសដែក​ដឹក​ទាហាន ដល់ អ៊ុយ​ក្រែ​ន

    រដ្ឋាភិបាល​អូស្ត្រាលី កំពុង​បន្ត​បើក​កញ្ចប់​ជំនួយ​យោធា​សម្រាប់ អ៊ុយ​ក្រែ​ន ខណៈដែល​ជំនួយ​ថ្មី​បំផុត​ត្រូវបាន​ដឹកជញ្ជូន​ទៅដល់​គោលដៅ នោះ​គឺ រថពាសដែក​សម្រាប់​ដឹក​ទាហាន​ចំនួន ៤ គ្រឿង។

    ក្នុង​ប្រកាស​ថ្មី​បំផុត ក្រសួងការពារជាតិ​អូស្ត្រាលី បានឱ្យដឹងថា កញ្ចប់​ជំនួយ​យោធា​ដែល​រួមមាន រថពាសដែក M១១៣AS៤ ចំនួន ៤ គ្រឿង បាន​ចាក​ចេញពី អូស្ត្រាលី កាលពី​សប្ដាហ៍​កន្លង នៅលើ​យន្តហោះ Antonow AN-១២៤ របស់ អ៊ុយ​ក្រែ​ន។ នេះ​គឺជា​ជំនួយ​ដំបូង​ក្នុងចំណោម​រថពាសដែក​សម្រាប់​ដឹក​ទាហាន ១៤ គ្រឿង​ដែល អូស្ត្រាលី គ្រោង​នឹង​ផ្ដល់ឱ្យ ទីក្រុង​កៀវ។

    មកដល់​បច្ចុប្បន្ន រដ្ឋាភិបាល​អូស្ត្រាលី បាន​សន្យា​ផ្ដល់ជំនួយ​ដល់ អ៊ុយ​ក្រែ​ន សរុប ២៨៥ លាន​ដុល្លារ​អូស្ត្រាលី (ប្រហែល ១៩៨ លាន​ដុល្លារ​អាម៉េរិក) រួមមាន រថពាសដែក M១១៣AS៤ ចំនួន ១៤ គ្រឿង, រថពាសដែក Bushmaster ២០ គ្រឿង, កាំភ្លើង​ធំ​ធុន​ស្រាល ១៥៥ M៧៧៧ ចំនួន ៦ ឈុត, អាវុធ​ទម្លុះ​ដែក, យន្តហោះ​គ្មាន​មនុស្ស​បើក, ឧបករណ៍​តាមដាន​វិទ្យុសកម្ម, គ្រាប់រំសេវ និង​អាវុធ​ផ្ទាល់ខ្លួន​ជាច្រើន​ប្រភេទ​ទៀត។

    រថពាសដែក M១១៣AS ដែល​អភិវឌ្ឍ​ដោយ អូស្ត្រាលី នេះ គឺជា​ប្រភេទ​យានពាស​ដែក​​ដែល​អភិវឌ្ឍ​ពី​រថពាសដែក M១១៣ ដែល សហរដ្ឋ​អាម៉េរិក បាន​ប្រើប្រាស់​ចាប់ពី​ឆ្នាំ ១៩៦០ និង​ត្រូវបាន​កែលម្អ​ច្រើនដង​ដើម្បី​សម្រប​ខ្លួន​ទៅតាម​គោលដៅ​នៃ​ការប្រើប្រាស់ និង​ទម្រង់​សមរភូមិ។ រថពាសដែក M១១៣AS មាន​ទម្ងន់ ១៨ តោន អាចធ្វើ​សកម្មភាព​បាន​ក្នុង​រយៈ​ចម្ងាយ ៥៥០ គីឡូម៉ែត្រ និង​អាច​ផ្ទុក​ទាហាន​បាន ១០ នាក់ ក្នុងនោះ​មាន​អ្នកបើកបរ ២ នាក់៕