ក្រុមហ៊ុន​មួយ​របស់ ​អាម៉េរិក កំពុង​ជួយ អ៊ុយ​ក្រែ​ន អភិវឌ្ឍ​ខែល​ការពារ​ដែនអាកាស​ដូច​ទៅនឹង Iron Dome របស់ ​អ៊ីស្រាអែល

ប្រព័ន្ធខែល Iron Dome របស់ អ៊ីស្រាអែល កាលពីឆ្នាំ ២០២១

ក្រុមហ៊ុន​មួយ​របស់ អាម៉េរិក កំពុង​ចូលរួម​ជួយ អ៊ុយ​ក្រែ​ន ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដែល​ដូច​ទៅនឹង​ខែល Iron Dom របស់ អ៊ីស្រាអែល ដើម្បី​ទប់ទល់​នឹង​មី​ស៊ី​ល​របស់ រុស្ស៊ី។

ក្រុមហ៊ុន JustAnswer ដែលមាន​មូលដ្ឋាន​នៅក្នុង​រដ្ឋ California សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ២០ មិថុនា បានឱ្យដឹងថា គម្រោង​ដែលមាន​ឈ្មោះថា «គម្រោង​ដែនអាកាស» កំពុង​ត្រូវបាន​អនុវត្ត ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់ អ៊ុយ​ក្រែ​ន។ ពួកគេ​ដាក់​គោលដៅ​អភិវឌ្ឍ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដែល​អាច​ប្រតិបត្តិការ​នៅក្នុង​គ្រប់​ស្ថានភាព​អាកាសធាតុ ដើម្បី​ស្កាត់​ចាប់ និង​កម្ទេច​មី​ស៊ី​ល ឬ​គ្រាប់កាំភ្លើង​ធំ ដែល​ដូច​ទៅនឹង Iron Dome របស់ ប្រទេស​អ៊ីស្រាអែល ក្នុង​បំណង​ការពារ​ខេត្ត​ទាំង ៨ របស់ អ៊ុយ​ក្រែ​ន ដែល​កំពុង​រង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​ពី​មី​ស៊ី​ល​របស់ កងទ័ព​រុស្ស៊ី។

គម្រោង​នេះ​គឺជា​គំនិត​ផ្ដួចផ្ដើម​រួម​រវាង បញ្ជាការដ្ឋាន​កងទ័ព​នៃ​ខេត្ត Lviv, បញ្ជាការដ្ឋាន​ទ័ពអាកាស​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន, សមាគម​សប​វ៉ែ​រ​ជប៉ុន និង​បណ្ដា​ដៃគូ​សហការ​ជាច្រើន​ផ្សេងទៀត ក្នុងនោះ​មាន​ទាំង JustAnswer ផងដែរ។

Andy Kurtzig នាយក​ប្រតិបត្តិ​របស់ JustAnswer បាន​និយាយថា អ៊ុយ​ក្រែ​ន មានឱកាស​ដណ្ដើមបាន​ជ័យជម្នះ បើសិន​អាច​បិទ​ខ្ទប់​ដែនអាកាស​របស់​ប្រទេស​នេះ។ «បច្ចេកវិទ្យា​របស់ អ៊ុយ​ក្រែ​ន បាន​ហួស​សម័យ និង​យឺតយ៉ាវ។ នៅពេល​មី​ស៊ី​ល​កំពុង​ហោះ​សំដៅ​មក កុំព្យូទ័រ​ដំណើរការ​យឺត​នឹងមិន​អាចជួយ​អ្វី​បានឡើយ» Kurtzig បកស្រាយ​ដូច្នេះ។

«យើង​កំពុង​ជួយ អ៊ុយ​ក្រែ​ន ក្នុង​ការធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​កុំព្យូទ័រ បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត និង​សប​វ៉ែ​រ ដើម្បីឱ្យ​ពួកគេ​អាច​កំណត់​គោលដៅ​បាន​រហ័ស និង​ត្រឹមត្រូវ​ជាង​មុន នៅក្នុង​ការស្វែងរក​វិធី​កម្ទេច​មី​ស៊ី​ល​របស់ រុស្ស៊ី» Andy Kurtzig បញ្ជាក់​ដូច្នេះ។

ចាប់តាំងពី​បាន​បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន កងកម្លាំង​របស់ រុស្ស៊ី តែងតែ​ប្រើប្រាស់​មី​ស៊ី​ល​កម្ទេច​គោលដៅ​របស់ខ្លួន។ ចំណែក​ក្រុមមន្ត្រី​របស់ អ៊ុយ​ក្រែ​ន បាន​បង្ហើប​ឱ្យដឹងថា ប្រព័ន្ធ​ការពារ​របស់​ប្រទេស​នេះ អាច​រាំងខ្ទប់​មី​ស៊ី​ល​របស់ រុស្ស៊ី បាន​ប្រហែល​តែ ២០% ប៉ុណ្ណោះ។ ដោយឡែក ក្រុមមន្ត្រី​របស់ អ៊ីស្រាអែល វិញ​បាន​អះអាងថា ប្រព័ន្ធ​ខែល Iron Dome របស់​ពួកគេ​អាច​បាញ់​ទម្លាក់​មី​ស៊ី​ល​របស់​សត្រូវ​បាន​រហូត​ដល់ ៩០% ឯណោះ។

ប្រព័ន្ធខែល Iron Dome របស់ អ៊ីស្រាអែល
Advertisement