Category: អន្តរជាតិ

  • ទិដ្ឋភាព​ភ្លើង​ឆេះ​ព្រៃ​នៅ​ពាសពេញ​ពិភពលោក ដែល​ថត​​បាន​​ដោយ​​ផ្កាយ​រណប

    ទិដ្ឋភាព​ភ្លើង​ឆេះ​ព្រៃ​នៅ​ពាសពេញ​ពិភពលោក ដែល​ថត​​បាន​​ដោយ​​ផ្កាយ​រណប

    រូបភាព​ពី​ផ្កាយរណប​បង្ហាញថា រលក​កម្ដៅ​បាន​បង្កឱ្យមាន​ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​ពាសពេញ​ពិភពលោក ដែល​បាតុភូត​នេះ​អាច​នឹង​កើតឡើង​កាន់តែច្រើន​ដោយសារតែ​បម្រែបម្រួល​អាកាសធាតុ នេះ​បើតាម​អ្នកវិទ្យាសាស្ត្រ។

    ខាងក្រោម​នេះ​គឺជា​បណ្ដា​រូបភាព​ស្ដីពី​ភ្លើងព្រៃ​នៅ​ពាសពេញ​ពិភពលោក ដែល​ថត​ដោយ​ផ្កាយរណប ៖

    ១-រូបភាព​ផ្កាយរណប Landsat ថត​បាន​កាលពី​ថ្ងៃទី ២៤ កក្កដា បង្ហាញ​អំពី​ភ្លើងព្រៃ Oak Fire កំពុង​បំផ្លាញ California សហរដ្ឋ​អាម៉េរិក ៖

    ២-ករណី​ភ្លើងព្រៃ (ក្នុង​រង្វង់​ពណ៌​ក្រហម) កើតមាន​ក្នុង​តំបន់​ជាច្រើន​នៅ ព័រ​ទុយ​ហ្គា​ល និង អេ​ស្ប៉ា​ញ ដែល​ថត​បាន​ដោយ​ផ្កាយរណប Suomi NPP របស់ ណា​សា ៖

    ៣-រូបថត​ពី​ផ្កាយរណប​បង្ហាញ​អំពី​ផ្សែង​កំពុង​បាញ់​ឡើង​ពី​តំបន់​ភ្លើងព្រៃ​នៅក្នុង​ខេត្ត Salamanca និង Caceres របស់ ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃទី ១៤ កក្កដា ៖

    ៤-តំបន់ Leiria របស់ ព័រ​ទុយ​ហ្គា​ល ត្រូវបាន​បំផ្លាញ​ស្ទើរតែ​ទាំងស្រុង​ដោយ​ភ្លើងព្រៃ​កាលពី​ថ្ងៃទី ១៥ កក្កដា ដោយមាន​ស្នាម​ផេះ​ដ៏​ធំ​ជាច្រើន​កន្លែង​នៅក្នុង​រូបភាព​នេះ ៖

    ៥-ផ្សែង​បាញ់​ឡើង​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ La Teste-de-Buch ក្នុង​តំបន់ Gironde ភាគ​និរតី​នៃ ប្រទេស​បារាំង នៅក្នុង​រូបថត​ផ្កាយរណប​កាលពី​ថ្ងៃទី ១៨ កក្កដា ៖

  • អាវ​អ្នក​អវកាស Apollo 11 លក់​ដេញថ្លៃ​បាន​ជិត ៣ លាន​ដុល្លារ​អាម៉េរិក

    អាវ​អ្នក​អវកាស Apollo 11 លក់​ដេញថ្លៃ​បាន​ជិត ៣ លាន​ដុល្លារ​អាម៉េរិក

    អាវ​មួយ​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​អ្នក​អវកាស Buzz Aldrin ក្នុងពេល​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​កាលពី​ឆ្នាំ ១៩៦៩ រកបាន​ប្រាក់​ជិត ៣ លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ព្រឹត្តិការណ៍​លក់​ដេញថ្លៃ​កាលពី​ថ្ងៃទី ២៦ កក្កដា។

    នៅក្នុង​ព្រឹត្តិការណ៍​នៅ New York ដែល​ប្រារព្ធ​ឡើង​ដោយ Sotherby’s អាវធំ​ក្រៅ​ពណ៌​ស ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​អ្នក​អវកាស Buzz Aldrin នៅក្នុង​បេសកកម្ម Apollo 11 ត្រូវបាន​ក្រុមហ៊ុន​ម៉ៅការ​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ទិញ​ក្នុងតម្លៃ ២,៧៧២,៥០០ ដុល្លារ​អាម៉េរិក ខ្ពស់ជាង​ការរំពឹងទុក​ប្រហែល ១ លាន​ដុល្លារ ដែល​នេះ​ធ្វើឱ្យ​វា​ក្លាយជា​សម្ភារ​អវកាស​ដែលមាន​តម្លៃ​ខ្ពស់បំផុត​របស់ សហរដ្ឋ​អាម៉េរិក។

    លោក Buzz​ Aldrin បានពាក់​​ពា​វ​អាវ​នេះ​នៅក្នុង​បេសកកម្ម​រយៈពេល ៦ ថ្ងៃ​របស់ខ្លួន និង​បាន​ដោះ​វា​ចេញ​នៅ​មុនពេល​ពាក់អាវ​ពិសេស​ដែល​ស៊ូទ្រាំ​បាន​ជាមួយនឹង​សម្ពាធ មុនពេល​ឈាន​ជើង​ចុះ​ជាន់ដី​របស់​ឋាន​ព្រះ​ចន្ទ ជា​មួយនឹងលោក​ Neil Armstrong។

    ក្រោយ​រយៈពេល​ជាង ២១ ម៉ោង​នៅលើ​ឋាន​ព្រះ​ចន្ទ អវកាស​ចរ​ទាំងពីរ​រូបនេះ​បាន​ត្រលប់​មកកាន់​យាន Apollo និង​ពាក់អាវ​ធម្មតា​ខាងលើ​ឡើងវិញ មុននឹង​ត្រលប់​មកកាន់​ផែនដី។

    ត្រូវបាន​ផលិត​ពី​ក្រណាត់ Beta ដែល​អាច​ទប់​ទល់នឹង​​ភ្លើង អាវ​ពណ៌​ស​ស្រោប​ជ័រ Teflon នេះ គឺជា​អាវ​អវកាស​​តែ​មួយ​គត់​​ពី​បេសកកម្ម Apollo 11 ដែល​អាច​ទិញ​បាន ដូច្នេះ អាវ​នេះ​គឺ​​ពិតជា​របស់​កម្រ នេះ​បើតាម Cassandra Hatton ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ និង​វប្បធម៌​ប្រជាប្រិយ​សកល​របស់ Sotheby’s។

    ក្រៅពី​អាវ​​ដែល​បាន​និយាយ​​ខាងលើ ឯកសារ​ស្ដីពី​ផែនការ​ហោះហើរ​របស់​បេសកកម្ម Apollo 11 និង​មេដាយ​សេរីភាព​ប្រធានាធិបតី ដែល Aldrin បានទទួល​កាលពី​ឆ្នាំ ១៩៦៩ ក៏​រកបាន​ប្រាក់​ច្រើន​ផងដែរ គឺ ៨១៩,០០០ ដុល្លារ សម្រាប់​ឯកសារ និង ២៧៧,២០០ ដុល្លារ សម្រាប់​មេដាយ​ នៅក្នុង​ការលក់​ដេញថ្លៃ​កាលពី​ថ្ងៃទី ២៦ កក្កដា​កន្លងទៅ៕

    អាវធំក្រៅ​របស់អ្នកអវកាស Buzz Aldrin ក្នុង​បេសកកម្ម​ Apollo 11
    អ្នកអវកាស Buzz Aldrin
  • កូរ៉េខាងជើង ប្រកាសថា បាន​ត្រៀម​រួចរាល់​សម្រាប់​ការពង្រាយ​កម្លាំង​នុយ​ក្លេ​អែរ

    កូរ៉េខាងជើង ប្រកាសថា បាន​ត្រៀម​រួចរាល់​សម្រាប់​ការពង្រាយ​កម្លាំង​នុយ​ក្លេ​អែរ

    មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អុន បានឱ្យដឹងថា ទីក្រុង​ព្យុងយ៉ាង បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ប្រមូល និង​ពង្រាយ​កម្លាំង​នុយ​ក្លេ​អែរ ដើម្បី​ប្រឈមមុខ​នឹង​ការផ្ទុះ​សង្គ្រាម​ជាមួយ សហរដ្ឋ​អាម៉េរិក និង កូរ៉េខាងត្បូង។

    «ជាថ្មី​ម្ដងទៀត ខ្ញុំ​អះអាងថា កូរ៉េខាងជើង តែងតែ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការពង្រាយ​កម្លាំង​កំញើញ​ដោយ​អាវុធ​នុយ​ក្លេ​អែរ ចំពោះ​ការប្រឈមមុខ​ជាមួយ សហរដ្ឋ​អាម៉េរិក» ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ថ្ងៃនេះ ដកស្រង់​សម្ដី​របស់លោក គីម ជុង​អុន ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​រម្លឹក​ខួប ៦៩ ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាម​កូរ៉េ។

    លោក គីម ជុង​អុន ក៏បាន​ព្រមាន​ដល់ អាជ្ញាធរ​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk-yeol ដោយបាន​ឱ្យដឹងថា រាល់​ការប្រឹងប្រែង​ក្នុងការ​វាយប្រហារ​លើ កូរ៉េខាងជើង នឹង​ត្រូវបាន​ឆ្លើយតប​ដោយ «ការ​ប្រល័យ»។ លោក​បន្តថា «អាជ្ញាធរ និង កងទ័ព​កូរ៉េខាងត្បូង ពិតជា​ខុស​ធ្ងន់ បើសិន​ពួកគេ​ជឿថា អាច​បិទ​ដំណើរការ ឬ​កម្ទេច​មួយផ្នែក​នៃ​កងទ័ព​របស់ កូរ៉េខាងជើង ដោយ​វិធានការ​យោធា»។

    ការព្រមាន​របស់លោក គីម ជុង​អុន ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល ក្រុមមន្ត្រី​អាម៉េរិក និង កូរ៉េខាងត្បូង ច្រើន​ខែ​មកនេះ យល់ថា កូរ៉េខាងជើង បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការសាកល្បង​អាវុធ​នុយ​ក្លេ​អែរ​លើក​ទី ៧ នៅ​វាល​តេស្ត​នុយ​ក្លេ​អែរ​ក្រោម​ដី Punggye-ri។ នេះ​នឹង​ក្លាយជា​ការសាកល្បង​នុយ​ក្លេ​អែរ​ដំបូង​របស់ ទីក្រុង​ព្យុងយ៉ាង រាប់​ចាប់តាំងពី​ខែកញ្ញា ២០១៧។

    «ពិបាក​ក្នុង​ការរកឃើញ​តួលេខ​ច្បាស់លាស់ ប៉ុន្តែ យើង​យល់ថា កូរ៉េខាងជើង ចម្រាញ់​សារធាតុ ប្លា​តូ​នី​ញ៉ូ​ម និង​អ៊ុយ​រ៉ា​ញ៉ូ​ម (plutonium and uranium) បាន​ប្រហែល ១០% បន្ថែមទៀត» រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង លោក Lee Jong-sup ថ្លែង​នៅក្នុង​សភា​កាលពី​ថ្ងៃទី ២៦ កក្កដា បន្ទាប់ពី​ត្រូវបាន​សួរថា កូរ៉េខាងជើង ផលិត​អាវុធ​នុយ​ក្លេ​អែរ បាន​ប៉ុន្មាន​ហើយ រាប់​ចាប់​ពីក្រោយ​សន្និសីទ​កំពូល​កូរ៉េខាងត្បូង-កូរ៉េខាងជើង កាលពី​ខែមេសា ២០១៨។

    លោក Lee ជឿថា កូរ៉េខាងជើង អាច​សាកល្បង​អាវុធ​នុយ​ក្លេ​អែរ គ្រប់ពេល អាស្រ័យ​លើ​មេដឹកនាំ គីម ជុង​អុន។ លោក​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង អធិប្បាយ​ថា កម្មវិធី​នុយ​ក្លេ​អែរ របស់ កូរ៉េខាងជើង គឺជា «ការគំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​ចំពោះ កូរ៉េខាងត្បូង និង​សហគមន៍​អន្តរជាតិ»៕

  • កូរ៉េខាងត្បូង នឹង​បាញ់​បង្ហោះ​យានអវកាស​ដំបូង ឡើងទៅ​ឋាន​ព្រះ​ចន្ទ

    កូរ៉េខាងត្បូង នឹង​បាញ់​បង្ហោះ​យានអវកាស​ដំបូង ឡើងទៅ​ឋាន​ព្រះ​ចន្ទ

    កូរ៉េខាងត្បូង ជិត​បាន​ក្លាយជា​ប្រទេស​ទី ៧ ក្នុង​ពិភពលោក​ដែល​បាញ់​បង្ហោះ​យានអវកាស​ស្រាវជ្រាវ​ឋាន​ព្រះ​ចន្ទ​ដំបូង​របស់ខ្លួន ដែល​គ្រោង​នឹង​គោចរ​ជុំវិញ​ភព​រណប​នេះ​យ៉ាងតិច ១ ឆ្នាំ។

    Korea Pathfinder Lunar Orbiter (KPLO) ដែលជា​យានអវកាស​គោចរ​ជុំវិញ​ព្រះ​ចន្ទ​ដំបូង​របស់ កូរ៉េខាងត្បូង គ្រោង​នឹង​ហោះ​ឡើងទៅ​កាន់​ទី​អវកាស​ដោយ​ប្រើប្រាស់​រ៉ុក្កែត Falcon 9 របស់ SpaceX ពី​មូលដ្ឋាន​ទ័ពអាកាស Cape Canaveral នៅ Florida សហរដ្ឋ​អាម៉េរិក ក្នុង​ថ្ងៃទី ២ សីហា​ខាងមុខ។

    កាលពី​ខែឧសភា​ឆ្នាំនេះ KPLO ត្រូវបាន​ដាក់ឈ្មោះថា Danuri ដែលជា​ពាក្យ​រួមផ្សំ​ពី​ពាក្យ «ព្រះ​ចន្ទ» និង «រីករាយ» ក្នុង​ភាសា​កូរ៉េ។ បេសកកម្ម​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​ជំហាន​ដំបូង​ក្នុង​កម្មវិធី​អវកាស​ឆ្ងាយ​របស់ កូរ៉េខាងត្បូង ដែល​រួមមាន ការនាំ​រ៉ូ​បូត​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ ២០៣០ និង​បេសកកម្ម​នាំយក​សំណាក​ដី​ព្រះ​ចន្ទ​មកកាន់​ផែនដី។

    Danuri មាន​ទម្ងន់​ប្រហែល ៤១៨ គីឡូក្រាម, ទទឹង ១.៨២ ម៉ែត្រ, បណ្ដោយ ២.១៤ ម៉ែត្រ និង​កម្ពស់ ២.២៩ ម៉ែត្រ។ វិទ្យាស្ថាន​ស្រាវជ្រាវ​អវកាស​ចរណ៍​កូរ៉េខាងត្បូង (KARI) បានឱ្យដឹងថា Danuri ស្រាល​ជាង​យានអវកាស​របស់​ប្រទេស​ដទៃ។

    Danuri នឹង​ត្រូវបាន​បំពាក់​ឧបករណ៍​វិទ្យាសាស្ត្រ​ចំនួន ៦ ក្នុងនោះ ៥ ឧបករណ៍​ត្រូវបាន​អភិវឌ្ឍ​ដោយ​ស្ថាប័ន​ក្នុងស្រុក ខណៈដែល​ឧ​បរ​កណ៍ ១ ទៀត​គឺជា​ការផ្គត់ផ្គង់​របស់ ណា​សា។ ឧបករណ៍​ទាំងនេះ​រួមមាន ម៉ាស៊ីន​ថត​ភូមិសាស្ត្រ​ឋាន​ព្រះ​ចន្ទ (LUTI), កាមេរ៉ា PolCam, ឧបករណ៍​វាស់​ដែនម៉ាញេទិច KMAG, ឧបករណ៍​វាស់​កាំរស្មី​ហ្គា​ម៉ា KGRS, ឧបករណ៍ DTNPL និង កាមេរ៉ា​កម្លាំង​ខ្លាំង ShadowCam របស់ ណា​សា។

    តាម​គម្រោង Danuri នឹង​ហោះ​ទៅដល់​ឋាន​ព្រះ​ចន្ទ​ប្រហែល​ពាក់កណ្ដាល​ខែធ្នូ។ យានអវកាស​នេះ​នឹង​គោចរ​ជុំវិញ​ឋាន​ព្រះ​ចន្ទ​យ៉ាងតិច​មួយឆ្នាំ។ ភារកិច្ច​របស់ Danuri គឺ​ការ​វាស់​ដែន​ម៉ាញេទិក​នៃ​ឋាន​ព្រះ​ចន្ទ និង​វាយតម្លៃ​លើ​ប្រភពធនធាន​ដូចជា ទឹកជា​ដើម និង​គូរផែនទី​ដើម្បី​ជួយ​ដល់​ការជ្រើសរើស​ទីតាំង​ចុះចត​នៅពេល​អនាគត៕

  • ក្រពើ​ខ្នាត​យក្ស​ស៊ីសាច់​អ្នកនេសាទ ត្រូវ​ប៉ូលិស និង​ប្រជាពលរដ្ឋ​ចាប់បាន

    ក្រពើ​ខ្នាត​យក្ស​ស៊ីសាច់​អ្នកនេសាទ ត្រូវ​ប៉ូលិស និង​ប្រជាពលរដ្ឋ​ចាប់បាន

    (ឥណ្ឌូណេស៊ី)-សាកសព​របស់​អ្នកនេសាទ​ម្នាក់​ឈ្មោះ Samsul Bahri ត្រូវបាន​រកឃើញ​នៅក្នុង​ពោះ​របស់​សត្វ​ក្រពើ​មួយ​ក្បាល​ប្រវែង ៨ មែត្រ នៅក្នុង​ខេត្ត Kalimantan ខាងជើង កាលពី​ថ្ងៃទី ២២ កក្កដា។

    សត្វ​ក្រពើ​ខ្នាត​ធំ​នេះ​ត្រូវ​ក្រុមប៉ូលិស និង​ប្រជាពលរដ្ឋ​ចាប់បាន ក្រោយពី​វា​បាន​ស៊ីសាច់​អ្នកនេសាទ​ម្នាក់​អាយុ ៤៥ ឆ្នាំ នៅ ឥណ្ឌូណេស៊ី។ Samsul Bahri ត្រូវបាន​ក្រពើ​លប​ខាំ និង​ស៊ី​ជា​អាហារ​កាលពី​ថ្ងៃទី ១៩ កក្កដា ពេល​កំពុង​រក​បង្គា​នៅលើ​ទន្លេ Semaja ក្នុងស្រុក Nunukan នៃ​ខេត្ត Kalimantan ខាងជើង នេះ​បើតាម Daily Star។

    សមត្ថកិច្ច​ក្នុង​តំបន់ បាន​តាមរក​សត្វ​ក្រពើ​ខាងលើ​អស់ ៣ ថ្ងៃ​មកហើយ បន្ទាប់ពី​ជនរងគ្រោះ​បាន​បាត់​ខ្លួន។ ក្រុមប៉ូលិស​បាន​រកឃើញ និង​ចាប់បាន​សត្វ​ក្រពើ​មួយ​ក្បាល​ប្រវែង ៤.៩ ម៉ែត្រ និង​មួយ​ក្បាល​ទៀត​ប្រវែង ៤ ម៉ែត្រ។ ប៉ុន្តែ ក្រោយ​ការពិនិត្យ សមត្ថកិច្ច​មិនបាន​ឃើញ​សាកសព​ជនរងគ្រោះ​ក្នុង​ពោះ​ក្រពើ​ទាំង​នេះឡើយ។

    ថ្ងៃទី ២២ កក្កដា ក្រុម​បុគ្គលិក​ស្វែងរក​ក៏បាន​ដាក់​អន្ទាក់ និង​ចាប់បាន​ក្រពើ​មួយ​ក្បាល​ប្រវែង​ជិត ៨ ម៉ែត្រ ហើយ​ក៏បាន​បាញ់ថ្នាំ​សណ្ដំ។ ពួកគេ​រកឃើញ​ដៃជើង និង​ឆ្អឹង​មនុស្ស​នៅក្នុង​ពោះ​ក្រពើ​នេះ ដូច្នេះ សមត្ថកិច្ច​ក៏បាន​សន្និដ្ឋានថា សាកសព​នេះ​គឺជា​របស់ Samsul។

    ទន្លេ Semaja ក៏ដូចជា​ប្រជុំ​កោះ ឥណ្ឌូណេស៊ី ទាំងមូល គឺជា​ជម្រក​របស់​សត្វ​ក្រពើ​ចំនួន ១៤ ប្រភេទ។ ក្រពើ​នៅក្នុង​តំបន់​ច្រក​ទន្លេ ភាគច្រើន​ជា​ប្រភេទធំៗ និង​កាច​សាហាវ។ Dede Hariana ប្រធាន​អង្គភាព​សង្គ្រោះ Tarakan ឱ្យដឹងថា ករណី​មនុស្ស​ត្រូវ​ក្រពើ​វាយប្រហារ​កំពុងតែ​កើនឡើង​នៅក្នុង​តំបន់ ភាគច្រើន​គឺ​នៅក្នុង​បណ្ដា​ភូមិ​ជាប់​មាត់ទន្លេ។ លោក​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាជន​បង្កើន​ការប្រុងប្រយ័ត្ន៕

  • តំណាងរាស្ត្រ​អាម៉េរិក លើកឡើង​ដំណាក់កាល​សំខាន់បំផុត​សម្រាប់ អ៊ុយ​ក្រែ​ន ក្នុង​សង្គ្រាម​ប្រឆាំង រុស្ស៊ី

    តំណាងរាស្ត្រ​អាម៉េរិក លើកឡើង​ដំណាក់កាល​សំខាន់បំផុត​សម្រាប់ អ៊ុយ​ក្រែ​ន ក្នុង​សង្គ្រាម​ប្រឆាំង រុស្ស៊ី

    តំណាងរាស្ត្រ​នៅ សភា​ជាន់​ទាប​អាម៉េរិក លោក Smith បាន​ថ្លែងថា ពី ៣ ទៅ ៦ សប្ដាហ៍​ខាងមុខ​គឺជា​ពេលវេលា​សំខាន់បំផុត​ចំពោះ អ៊ុយ​ក្រែ​ន មុនពេល​រដូវ​ត្រជាក់​ចូលមក​ដល់ និង​ត្រូវ​ជួយ​ដល់ ទីក្រុង​កៀវ កាន់តែច្រើន កាន់តែ​ល្អ។

    «នៅពេលនេះ ចូរ​ជួយ​ពួកគេ​កាន់តែច្រើន​កាន់តែ​ល្អ ព្រោះ​ពី ៣ ទៅ ៦ សប្ដាហ៍​ខាងមុខ​ពិតជា​សំខាន់​ខ្លាំងណាស់» តំណាងរាស្ត្រ​សភា​ជាន់​ទាប​អាម៉េរិក Adam Smith ប្រធាន​គណៈកម្មការ​យោធា​របស់ សភា​ជាន់​ទាប​អាម៉េរិក កាលពី​ថ្ងៃទី ២៥ កក្កដា បាន​ថ្លែង​អំពី​អ្វីដែល​លោក​បានដឹង​តាមរយៈ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ក្រោយ​ទស្សនកិច្ច រដ្ឋធានី​កៀវ នាពេល​កន្លង។

    «បច្ចុប្បន្ន​គឺជា​រដូវក្ដៅ ប៉ុន្តែ បណ្ដា​ខែ​ក្នុង​រដូវរងា​កំពុងតែ​ចូលមក​យ៉ាង​លឿន។ សីតុណ្ហភាព​ចុះ​ត្រជាក់​ជាង និង​លក្ខខណ្ឌ​មិន​អំណោយផល​ល្អ​នឹង​ប្រែក្លាយ​ការប្រយុទ្ធ​ទៅជា​សង្គ្រាម​ដែល​ត្រូវ​ចំណាយ​ច្រើន ផ្ដល់​ផលប្រយោជន៍​សំខាន់​ដល់ រុស្ស៊ី។ ចូរ​ផ្ដល់​អាទិភាព​ជួយ​ពួកគេ​ឱ្យបាន​ច្រើនជាង​នេះ មុនពេល​កងកម្លាំង​រុស្ស៊ី មានប្រៀប​ជាង» តំណាងរាស្ត្រ​អាម៉េរិក បញ្ជាក់​ដូច្នេះ។

    ការផ្ដល់​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន នៅតែ​ជា​បញ្ហា​ចម្រូងចម្រាស​នៅ សហរដ្ឋ​អាម៉េរិក។ រដ្ឋាភិបាល​លោក បៃ​ដិ​ន បានផ្ដល់​ជំនួយ ៨.២ ពាន់​លាន​ដុល្លារ​ដល់ អ៊ុយ​ក្រែ​ន រួចហើយ រាប់​ចាប់តាំងពី រុស្ស៊ី បើក​ការឈ្លានពាន​កាលពី​ចុងខែ​កុម្ភៈ។

    លោក Adam Smith ប្រធាន​គណៈកម្មការ​យោធា​របស់ សភា​ជាន់​ទាប​អាម៉េរិក

    ក៏ប៉ុន្តែ រដ្ឋាភិបាល​អាម៉េរិក មិន​ចង់​បញ្ជូន​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅឱ្យ អ៊ុយ​ក្រែ​ន ដោយសារតែ​ការបារម្ភ​អំពី​ការកើនឡើង​នៃ​ភាព​តានតឹង ដែល​អាច​នាំទៅរក​សង្គ្រាម​លោក​លើក​ទី​បី។

  • វេជ្ជបណ្ឌិត​ថៃ ជាង ៨០០ នាក់ អំពាវនាវ​ដល់​រាជរដ្ឋាភិបាល ផ្អាក​ការធ្វើឱ្យ​កញ្ឆា​​ទៅ​ជា​ទំនិញ​ស្របច្បាប់

    វេជ្ជបណ្ឌិត​ថៃ ជាង ៨០០ នាក់ អំពាវនាវ​ដល់​រាជរដ្ឋាភិបាល ផ្អាក​ការធ្វើឱ្យ​កញ្ឆា​​ទៅ​ជា​ទំនិញ​ស្របច្បាប់

    វេជ្ជបណ្ឌិត​ថៃ​ជាង ៨០០ នាក់ បាន​អំពាវនាវ​ឱ្យ រាជរដ្ឋាភិបាល​ប្រទេស​នេះ ផ្អាក​ការ​កំណត់ឱ្យ​កញ្ឆា​ក្លាយជា​ទំនិញ​ស្របច្បាប់ ខណៈដែល​កំពុង​រង់ចាំ​វិធានការ​គ្រប់គ្រង​សមស្រប​ដើម្បី​ការពារ​ក្មេង​មិនទាន់​គ្រប់​អាយុ។

    នៅក្នុង​អត្ថបទ​មួយ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី ២៥ កក្កដា វេជ្ជបណ្ឌិត Smith Srisont ប្រធាន​សមាគម​វេជ្ជបណ្ឌិត​កោ​ល​ស្យ​វិ​ច្ច័​យ​ថៃ បានឱ្យដឹងថា វេជ្ជបណ្ឌិត សាស្ត្រាចារ្យ និង​អតីត​និស្សិត​នៃ​ផ្នែក​វេជ្ជសាស្ត្រ​របស់​មន្ទីរ​ពេទ្យ Ramathibodi នៃ​សាកលវិទ្យាល័យ Mahidol ចំនួន ៨៥១ រូប បាន​ឯកភាពគ្នា​លើក​ញត្តិ​ស្នើ​សូមឱ្យ រាជរដ្ឋាភិបាល ផ្អាក​ជាបន្ទាន់​នូវ​ការធ្វើឱ្យ​កញ្ឆា​ទៅជា​ទំនិញ​ស្របច្បាប់។

    យោងតាម​ក្រុម​វេជ្ជបណ្ឌិត ការធ្វើឱ្យ​កញ្ឆា​ស្របច្បាប់​នៅក្នុង​គ្រា​ដែល​មិនទាន់មាន​វិធានការ និង​គោលនយោបាយ​គ្រប់គ្រង​សមស្រប បាន​នាំឱ្យ​យុវវ័យ​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវ ខណៈដែល​ភស្ដុតាង​ផ្នែក​វិទ្យាសាស្ត្រ​បានបញ្ជាក់​ច្បាស់​ថា កញ្ឆា​បង្ក​ផលប៉ះពាល់​អាក្រក់​ដល់​រាងកាយ និង​ប្រព័ន្ធ​ខួរក្បាល​របស់​យុវវ័យ​មិនទាន់​គ្រប់​អាយុ។

    ក្រុម​វេជ្ជបណ្ឌិត ជំរុញ​ឱ្យ​ផ្អាក​បណ្ដោះអាសន្ន​នូវ​ការកំណត់​ដែល រដ្ឋាភិបាល​ថៃ បានសម្រេច​ចិត្ត​នាពេល​កន្លង រហូតដល់​មានច្បាប់​ការពារ​ក្មេង​ជំទង់​ពី​កញ្ឆា ការកំណត់​ស្ដីពី​ការប្រើប្រាស់​កញ្ឆា​ឱ្យ​ត្រឹមត្រូវ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អាក្រក់​ដល់​សុខភាព៕

  • ផ្ទះ​បី​ជាន់​សាងសង់​ដោយ​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D សម្រាប់​ក្រុម​​អវកាសចរ​ អាច​ដាក់​ចូលក្នុង​យាន SpaceX

    ផ្ទះ​បី​ជាន់​សាងសង់​ដោយ​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D សម្រាប់​ក្រុម​​អវកាសចរ​ អាច​ដាក់​ចូលក្នុង​យាន SpaceX

    ក្រុមហ៊ុន SAGA Space Architects សហការ​ជាមួយ​សិស្ស​នៅ ប្រទេស​ស្វ៊ី​ស ដើម្បី​សាងសង់​ផ្ទះ​សម្រាប់​អវកាស​ចរ​នៅលើ​ឋាន​ព្រះ​ចន្ទ និង​ពិភព​ព្រះ​អង្គារ។

    សិស្ស​នៅ​វិទ្យាស្ថាន Rosenberg បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​ក្នុងការ​អភិវឌ្ឍ​ផ្ទះ​ស្នាក់នៅ​សម្រាប់​ក្រុម​អ្នក​អវកាស​នាពេល​អនាគត ដែល​ផ្ទះ​នេះ​អាចដាក់​ចូលក្នុង​យានអវកាស Starship របស់ SpaceX។ ផ្ទះ​គំរូ​ដែល​ត្រូវ​បានបង្ហាញ​កាលពី​ថ្ងៃទី ២០ កក្កដា​នេះ គឺជា​លទ្ធផល​នៃ​ការសហការ​រវាង​សិស្ស​នៅ​វិទ្យាស្ថាន Rosenberg និង​ក្រុមហ៊ុន​ស្ថាបត្យកម្ម​របស់ ដា​ណឺ​ម៉ាក SAGA Space Architects នេះ​បើតាម​ទំព័រ Space។

    ផ្ទះ​កម្ពស់ ៣ ជាន់ របស់ វិទ្យាស្ថាន Rosenberg និង ក្រុមហ៊ុន SAGA Space Architects នេះ មាន​ទំហំ​ធំ​ទូលាយ​សម្រាប់​ក្រុម​អ្នក​អវកាស​ធ្វើការ និង​កម្សាន្ត។

    Bernhatd Gademann អគ្គនាយក​នៃ​វិទ្យាស្ថាន Rosenberg បានឱ្យដឹងថា ពួកគេ​ត្រូវ​ចំណាយពេល​អស់ ២ ឆ្នាំ ទើប​ផលិត​បាន​ផ្ទះ​ដែលមាន​ឈ្មោះថា Rosenberg Space Habitat នេះ។ ក្រុម​អ្នក​អវកាស​អាច​រុះផ្ទះ​នេះ ហើយ​ប្រើប្រាស់ polymer ដើម្បី​បង្កើតជា​រចនាសម្ព័ន្ធ​ថ្មី បើសិនជា​ចាំបាច់។ រ៉ូ​បូត​មួយគ្រឿង​ដែលមាន​ឈ្មោះថា Spot រួម​នឹង​គ្រឿងសង្ហារិម​ពហុមុខ​ងារ នឹង​ជួយ​ឱ្យ​ក្រុម​អ្នក​អវកាស​អាច​ប្រើប្រាស់​លម្ហ​ក្នុងផ្ទះ​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

    វិទ្យាស្ថាន Rosenberg បាន​រៀប​គម្រោង​ត្រួតពិនិត្យ​ផ្នែក​រឹង ផ្នែក​ទន់ និង​ប្រព័ន្ធ​បញ្ជា​ពី​ចម្ងាយ​ដែល​ប្រើប្រាស់​សម្រាប់​ផ្ទះ Rosenberg Space Habitat។ ក្រុមសិស្ស​របស់​វិទ្យាស្ថាន​នេះ​នឹងចូលរួម​អនុវត្ត​គម្រោង​ជាច្រើន​ផ្សេងទៀត ដើម្បី​បង្ហាញ​អំពី​របៀប​ដែល​ព័ន្ធ​ដ៏​ស្មុគស្មាញ​នេះ​ធ្វើ​អន្ត​រកម្ម​នឹង​គ្នា និង​ធ្វើការ​ជាមួយ​បញ្ញា​សិប្បនិម្មិត៕

  • ចិន អនុម័ត​ឱ្យប្រើ​ប្រាស់​​ឱសថ​​គ្រាប់​ដែល​ផលិត​ក្នុងស្រុក សម្រាប់​​ការ​ព្យាបាល​ជំងឺ​កូ​វីដ-១៩

    ចិន អនុម័ត​ឱ្យប្រើ​ប្រាស់​​ឱសថ​​គ្រាប់​ដែល​ផលិត​ក្នុងស្រុក សម្រាប់​​ការ​ព្យាបាល​ជំងឺ​កូ​វីដ-១៩

    ថ្នាំ​ប្រភេទ​គ្រាប់​ដែល​ផលិត​ក្នុងស្រុក និង​ទើបតែ​ត្រូវបាន​អនុម័ត​ឱ្យប្រើ​ប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ-១៩ នាពេលថ្មីៗនេះ ត្រូវបាន​អនុញ្ញាត​ឱ្យប្រើ​សម្រាប់​ព្យាបាល​អ្នក​ឆ្លង​វីរុស HIV-1 កាលពី​ខែកក្កដា ២០២១។

    កាលពី​ថ្ងៃទី ២៥ កក្កដា អាជ្ញាធរ​ចិន បាន​យល់ព្រម​ឱ្យធ្វើ​ចរាចរណ៍​ដោយមាន​លក្ខខណ្ឌ​ចំពោះ​ឱសថ​ប្រភេទ​គ្រាប់​សម្រាប់​លេប​ដែល​ផលិត​ក្នុងស្រុក នៅក្នុង​ការព្យាបាល​ជំងឺ​កូ​វីដ-១៩ ចំពោះ​អ្នកជំងឺ​ពេញវ័យ។

    ប្រកាស​របស់​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​ឱសថ​ចិន បានឱ្យដឹងថា ថ្នាំ​ប្រភេទ​នេះ​មាន​ឈ្មោះថា Azvudine ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ Genuine Biotech។ កាលពី​ឆ្នាំ ២០២១ ថ្នាំ Azvudine ត្រូវបាន​អនុម័ត​ឱ្យប្រើ​ប្រាស់​សម្រាប់​ព្យាបាល​អ្នកជំងឺ​អេដស៍ ប៉ុន្តែ ពេលនេះ​វេជ្ជបណ្ឌិត​អាច​ប្រើប្រាស់​វា​ដើម្បី​ព្យាបាល​ជំងឺ​កូ​វីដ-១៩។

    ថ្នាំ Azvudine

    រាប់​ចាប់តាំង​ពី​​ខែមេសា ២០២០ ថ្នាំ Azvudine ត្រូវបាន​ពិសោធ​ដល់​ដំណាក់​កាលពី​បី នៅក្នុង​ការព្យាបាល​ជំងឺ​កូ​វីដ-១៩ ហើយ​ទទួលបាន​លទ្ធផល​ល្អ ចំពោះ​អ្នកជំងឺ​ដែលមាន​សភាព​ធ្ងន់ធ្ងរ និង​កំពុង​ប្រឈម​នឹង​ការស្លាប់។ ទន្ទឹមនឹងនេះ Azvudine ក្នុង​បរិមាណ​ដ៏​តិច​ក៏​អាច​ព្យាបាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​កាត់បន្ថយ​ចំនួន​វីរុស​បាន​យ៉ាង​លឿន នៅ​ចំពោះមុខ​ជំងឺ​កូ​វីដ-១៩ បង្ក​ឡើង​ដោយ​វីរុស​ SARS-CoV-2 ប្រភេទ Alpha, Beta, Delta និង Omicron។

  • មនុស្ស​រាប់ពាន់នាក់​ត្រូវ​រត់ចោល​ផ្ទះ​ដោយសារ​ភ្លើងព្រៃ​នៅ សហរដ្ឋ​អាម៉េរិក

    មនុស្ស​រាប់ពាន់នាក់​ត្រូវ​រត់ចោល​ផ្ទះ​ដោយសារ​ភ្លើងព្រៃ​នៅ សហរដ្ឋ​អាម៉េរិក

    ភ្លើងព្រៃ​នៅ California សហរដ្ឋ​អា​ម៉​រិ​ក បន្ត​ឆេះ​រាលដាល ដុតបំផ្លាញ​ព្រៃឈើ​រាប់ពាន់​ហិកតា បង្ខំ​ឱ្យ​មនុស្ស​ជាង ៦,០០០ នាក់​ត្រូវ​រត់ចោល​ផ្ទះសំបែង។

    ភ្លើង​ឆេះ​ព្រៃ​ដែល​ត្រូវបាន​គេ​ហៅថា Oak Fire បាន​ឆាបឆេះ​នៅ​ខាងក្រៅ​ឧទ្យាន​ជាតិ Yosemite ក្នុងស្រុក Mariposa ភាគ​កណ្ដាល​នៃ​រដ្ឋ California តាំងពី​ថ្ងៃទី ២២ កក្កដា រហូតដល់​បច្ចុប្បន្ន ដោយ​មិនទាន់​ត្រូវបាន​គ្រប់គ្រង​នៅឡើយ។

    បុគ្គលិក​ពន្លត់​អគ្គិភ័យ​ជាង ២,០០០ នាក់ និង​ឧទ្ធម្ភាគចក្រ ១៧ គ្រឿង កំពុង​ចូលរួម​បេសកកម្ម​ពន្លត់​ភ្លើងព្រៃ Oak Fire នេះ​បើតាម​នាយកដ្ឋាន​ព្រៃឈើ និង​បង្ការ ពន្លត់ភ្លើង​ព្រៃរបស់ រដ្ឋ​កាលីហ្វ័រ​ញ៉ា (CAL FIRE)។ ភ្លើងព្រៃ​បាន​ដុតបំផ្លាញ​ឈើ និង​គ្រប់យ៉ាង ជាង ៦,៣០០ ហិកតា។ អាកាសធាតុ​ក្ដៅ​ខ្លាំង រួម​នឹង​កម្រិត​សំណើម​ទាប បាន​បណ្ដាលឱ្យ​បេសកកម្ម​ពន្លត់​ភ្លើងព្រៃ​ត្រូវ​ជួប​ការលំបាក​ខ្លាំង។

    ភ្លើងព្រៃ Oak Fire បាន​បំផ្លាញ​ផ្ទះ​យ៉ាងតិច ១០ ខ្នង បង្ក​ការខូចខាត​ដល់ផ្ទះ ៥ ខ្នង​ផ្សេងទៀត និង​កំពុង​គំរាមកំហែង​ដល់ផ្ទះ​រាប់ពាន់​ខ្នង​នៅក្បែរនោះ។ មនុស្ស​ជាង ៦,០០០ នាក់​ត្រូវបាន​ជម្លៀស នេះ​បើតាម Hector Vasquez មន្ត្រីជាន់ខ្ពស់​របស់ CAL FIRE។

    អភិបាលរដ្ឋ California កាលពី​ថ្ងៃទី ២៣ កក្កដា បានប្រកាស​អាសន្ន​ចំពោះ​ស្រុក Mariposa ព្រោះតែ «ស្ថានការណ៍​គ្រោះថ្នាក់​ជាទីបំផុត​សម្រាប់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​មនុស្ស»៕