ក្រពើ​ខ្នាត​យក្ស​ស៊ីសាច់​អ្នកនេសាទ ត្រូវ​ប៉ូលិស និង​ប្រជាពលរដ្ឋ​ចាប់បាន

(ឥណ្ឌូណេស៊ី)-សាកសព​របស់​អ្នកនេសាទ​ម្នាក់​ឈ្មោះ Samsul Bahri ត្រូវបាន​រកឃើញ​នៅក្នុង​ពោះ​របស់​សត្វ​ក្រពើ​មួយ​ក្បាល​ប្រវែង ៨ មែត្រ នៅក្នុង​ខេត្ត Kalimantan ខាងជើង កាលពី​ថ្ងៃទី ២២ កក្កដា។

សត្វ​ក្រពើ​ខ្នាត​ធំ​នេះ​ត្រូវ​ក្រុមប៉ូលិស និង​ប្រជាពលរដ្ឋ​ចាប់បាន ក្រោយពី​វា​បាន​ស៊ីសាច់​អ្នកនេសាទ​ម្នាក់​អាយុ ៤៥ ឆ្នាំ នៅ ឥណ្ឌូណេស៊ី។ Samsul Bahri ត្រូវបាន​ក្រពើ​លប​ខាំ និង​ស៊ី​ជា​អាហារ​កាលពី​ថ្ងៃទី ១៩ កក្កដា ពេល​កំពុង​រក​បង្គា​នៅលើ​ទន្លេ Semaja ក្នុងស្រុក Nunukan នៃ​ខេត្ត Kalimantan ខាងជើង នេះ​បើតាម Daily Star។

សមត្ថកិច្ច​ក្នុង​តំបន់ បាន​តាមរក​សត្វ​ក្រពើ​ខាងលើ​អស់ ៣ ថ្ងៃ​មកហើយ បន្ទាប់ពី​ជនរងគ្រោះ​បាន​បាត់​ខ្លួន។ ក្រុមប៉ូលិស​បាន​រកឃើញ និង​ចាប់បាន​សត្វ​ក្រពើ​មួយ​ក្បាល​ប្រវែង ៤.៩ ម៉ែត្រ និង​មួយ​ក្បាល​ទៀត​ប្រវែង ៤ ម៉ែត្រ។ ប៉ុន្តែ ក្រោយ​ការពិនិត្យ សមត្ថកិច្ច​មិនបាន​ឃើញ​សាកសព​ជនរងគ្រោះ​ក្នុង​ពោះ​ក្រពើ​ទាំង​នេះឡើយ។

ថ្ងៃទី ២២ កក្កដា ក្រុម​បុគ្គលិក​ស្វែងរក​ក៏បាន​ដាក់​អន្ទាក់ និង​ចាប់បាន​ក្រពើ​មួយ​ក្បាល​ប្រវែង​ជិត ៨ ម៉ែត្រ ហើយ​ក៏បាន​បាញ់ថ្នាំ​សណ្ដំ។ ពួកគេ​រកឃើញ​ដៃជើង និង​ឆ្អឹង​មនុស្ស​នៅក្នុង​ពោះ​ក្រពើ​នេះ ដូច្នេះ សមត្ថកិច្ច​ក៏បាន​សន្និដ្ឋានថា សាកសព​នេះ​គឺជា​របស់ Samsul។

ទន្លេ Semaja ក៏ដូចជា​ប្រជុំ​កោះ ឥណ្ឌូណេស៊ី ទាំងមូល គឺជា​ជម្រក​របស់​សត្វ​ក្រពើ​ចំនួន ១៤ ប្រភេទ។ ក្រពើ​នៅក្នុង​តំបន់​ច្រក​ទន្លេ ភាគច្រើន​ជា​ប្រភេទធំៗ និង​កាច​សាហាវ។ Dede Hariana ប្រធាន​អង្គភាព​សង្គ្រោះ Tarakan ឱ្យដឹងថា ករណី​មនុស្ស​ត្រូវ​ក្រពើ​វាយប្រហារ​កំពុងតែ​កើនឡើង​នៅក្នុង​តំបន់ ភាគច្រើន​គឺ​នៅក្នុង​បណ្ដា​ភូមិ​ជាប់​មាត់ទន្លេ។ លោក​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាជន​បង្កើន​ការប្រុងប្រយ័ត្ន៕

Advertisement