Category: អន្តរជាតិ

  • រាជទាយាទ​អង់គ្លេស «ទទួលយក​ប្រាក់​បរិច្ចាគ​ពី​គ្រួសារ​អតីត​មេ​ភេរ​វករ bin Laden»

    រាជទាយាទ​អង់គ្លេស «ទទួលយក​ប្រាក់​បរិច្ចាគ​ពី​គ្រួសារ​អតីត​មេ​ភេរ​វករ bin Laden»

    សារព័ត៌មាន​អង់គ្លេស បាន​ចុះផ្សាយ​ថា ព្រះអង្គម្ចាស់ Charles យល់ព្រម​ទទួលយក​ខ្ទង់​ប្រាក់​បរិច្ចាគ ១.១៩ លាន​ដុល្លារ​អាម៉េរិក ពី​គ្រួសារ​របស់​អតីត​មេ​ភេរ​វករ Osama bin Laden និង​ដាក់បញ្ចូល​ទៅក្នុង​មូលនិធិ​មនុស្សធម៌​របស់​ទ្រង់។

    រាជទាយាទ Charles ព្រះជន្ម ៧៣ វស្សា បានទទួល​ជួប Bakr និង Shafiq bin Laden ដែលជា​បងប្អូន​ឪពុក​ជាមួយ ម្ដាយ​ទីទៃ​របស់​អតីត​មេ​ភេរ​វករ Osama bin Laden នៅឯ​រាជវាំង Clarence House កាលពី​ឆ្នាំ ២០១៣ ២ ឆ្នាំ​បន្ទាប់ពី​មេ​ភេរ​វករ​នេះ​ត្រូវបាន​សម្លាប់។ ព្រះអង្គ​បាន​សព្វ​ព្រះ​ហរ​ទ័យ​ទទួលយក​ប្រាក់​បរិច្ចាគ ១ លាន​ផោន (១.១៩ លាន​ដុល្លារ​អាម៉េរិក) ដាក់បញ្ចូល​ទៅក្នុង​មូល​និ​ធី PWCF។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Times របស់ ចក្រភព​អង់គ្លេស ចុះផ្សាយ​កាលពី​ថ្ងៃទី ៣១ កក្កដា។

    Times បានឱ្យដឹងថា ព្រះអង្គម្ចាស់ Charles បាន «ចាត់ចែង​ខ្ទង់​ប្រាក់​បរិច្ចាគ​នេះ​ដោយផ្ទាល់​ព្រះហស្ត បើទោះជា​មានការ​ជំទាស់​ពី​ទីប្រឹក្សា​មួយចំនួន។ ទីប្រឹក្សា​មួយរូប​បាន​សូមឱ្យ​ព្រះអង្គ​សង​ប្រាក់​នោះ​ត្រលប់​ទៅវិញ ប៉ុន្តែ ទ្រង់​មិន​យល់ស្រប។ បុគ្គលិក​របស់​រាជទាយាទ​អង់គ្លេស មានការ​បារម្ភ​ថា ដំណឹង​នេះ​នឹង​នាំឱ្យមាន​ការមិន​ពេញចិត្ត បើសិនជា​បាន​បែកធ្លាយ។

    អតីតមេភេរវករ Osama bin Laden (ឆ្វេង) និង ព្រះអង្គម្ចាស់ Charles

    បន្ទាប់ពី​ព័ត៌មាន​ត្រូវបាន​ចុះផ្សាយ lan Cheshire ដែលជា​ប្រធាន PWCF បានឱ្យដឹងថា ខ្ទង់​ប្រាក់​បរិច្ចាគ​នោះ​ត្រូវបាន​សមាជិក ៥ រូប​នៃ​ក្រុមប្រឹក្សាភិបាល របស់ PWCF ជំនាន់​នោះ យល់ព្រម​ទទួលយក។ រាជទាយាទ​អង់គ្លេស គឺជា​ស្ថាបនិក ប៉ុន្តែ ទ្រង់​មិន​ស្ថិតនៅក្នុង​ក្រុមប្រឹក្សាភិបាល​របស់ PWCF។

    រាជវាំង Clarence House ក្រោយមក​ក៏បាន​ប្រកាសថា ការសម្រេចចិត្ត​ទទួលយក​ខ្ទង់​ប្រាក់​បរិច្ចាគ​នោះ គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​សមាជិក​ទាំងឡាយ​នៃ​ក្រុមប្រឹក្សាភិបាល។

    លោក Osama bin Laden គឺជា​ស្ថាបនិក​នៃ​ក្រុម​ភេរវ​ករ​អ៊ីស្លាម al-Qaeda ដែល​បាន​បើក​ការវាយប្រហារ​ភេរវកម្ម​ទៅលើ ទឹកដី​សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ១១ កញ្ញា ២០០១ បណ្ដាលឱ្យ​មនុស្ស​ជិត ៣,០០០ នាក់​បាត់​បង់ជីវិត។ មេ​ភេរ​វករ​នេះ​ត្រូវបាន​កម្លាំង​ពិសេស​របស់ សហរដ្ឋ​អាម៉េរិក កម្ចាត់​ចោល​កាលពី​ខែឧសភា ២០១១ នៅក្នុង​បេសកកម្ម​ឆ្មក់​ចូល​កន្លែង​លាក់ខ្លួន នៅក្នុង​តំបន់ Abbottabad នៃ ប្រទេស​ប៉ា​គី​ស្ថាន៕

  • ករណី​ឃាតកម្ម​លើ​លោក អា​បេ (Abe) ៖ ជនសង្ស័យ​បង្ហើប​អំពី​គោលបំណង​លើ Twitter តាំងពី​ឆ្នាំ ២០១៩

    ករណី​ឃាតកម្ម​លើ​លោក អា​បេ (Abe) ៖ ជនសង្ស័យ​បង្ហើប​អំពី​គោលបំណង​លើ Twitter តាំងពី​ឆ្នាំ ២០១៩

    ជនសង្ស័យ Tetsuya Yamagami ធ្លាប់បាន​បង្ហោះ​សារ​​មួយ​នៅលើ​បណ្ដាញ​សង្គម Twitter និយាយ​អំពី​គោលបំណង​ធ្វើឃាត អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក អា​បេ ក្នុងពេល​លោក​កំពុងកាន់​អំណាច។

    Twitter កាលពី​ថ្ងៃទី ១៩ កក្កដា បាន​បង្កក​គណនី​រប​ស់ Yamagami ដែល​បង្កើតឡើង​តាំងពី​ខែតុលា ២០១៩ និង​ត្រូវបាន​ដាក់ឈ្មោះថា «silent hill 333»។ ប៉ុន្តែ Twitter បានឱ្យដឹងថា Yamagami បាន​បង្កើត​គណនី​មួយ​ផ្សេងទៀត នៅមុន​អំឡុង​ខែតុលា ២០១៩។ គណនី​នេះ​ត្រូវបាន​បិទ ដោយសារតែ​បាន​រំលោភ​លើ​គោលការណ៍ «ហាមឃាត់​ខ្លឹមសារ​ដែលមាន​លក្ខណៈ​គំរាមកំហែង​ដោយ​ហិង្សា​ចំពោះ​គោលដៅ​ជាក់លាក់​មួយ ក្នុង​បំណង​សម្លាប់​មនុស្ស»។

    Twitter បានឱ្យដឹងថា បណ្ដាញ​សង្គម​នេះ​​​មិនអាច​បញ្ចេញ​ខ្លឹមសារ​របស់​អត្ថបទ​ដែល​អ្នកប្រើប្រាស់​បាន​បង្ហោះ ក៏​ប៉ុន្តែ បើ​យោងតាម​ប្រភពព័ត៌មាន​មួយចំនួន ខ្លឹមសារ​នោះ​បង្ហាញថា Yamagami មានបំណង​ធ្វើឃាត អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហី​ន​ហ្សូ អា​បេ យ៉ាងហោច​ក៏​តាំងពី ៣ ឆ្នាំ មុន ជា​​ពេលដែល​លោក​កំពុង​កាន់អំណាច។

    អតីតនាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហីនហ្សូ អាបេ ( Shinzo Abe ) ត្រូវ​បានបុរស​ជា​​ជនសង្ស័យ​ម្នាក់​បាញ់​ប្រហារ​​ដោយ​ប្រើប្រាស់កាំភ្លើង​កែច្នៃ​កាលពី​ព្រឹក​ថ្ងៃ​ទី ៨ កក្កដា​នេះ​ នៅ​ពេលលោកកំពុង​ថ្លែង​សុន្ទរកសំឡេង​ឆ្នោត​ជូន​សមាជិក​បក្ស​ប្រជាធិបតេយ្យ​សេរី (LDP) នៅ​ចំពោះ​មុខ​​ប្រជាពលរដ្ឋ​ជា​ច្រើន​សិប​នាក់​។

    យោងតាម​ប្រភពព័ត៌មាន​ពី តួ​ក្យូ នៅ​ថ្ងៃទី ៨ កក្កដា​ ២០២២ Tetsuya Yamagami ដែលជា​ជនសង្ស័យ​ក្នុងករណី​ឃាតកម្ម​លើ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ​នៅ​ទីក្រុង Nara ភាគ​ខាងលិច​ប្រទេស​ជប៉ុន បាន​សារភាពថា ខ្លួន​ជា​មេគំនិត។

    ទូរទស្សន៍ NHK ដកស្រង់​ប្រភពព័ត៌មាន​ពី​ប៉ូលិស បានឱ្យដឹងថា ជនសង្ស័យ​បាន​សារភាពថា ខ្លួន​មិន​ពេញចិត្ត​នឹង អតីត​នាយករដ្ឋមន្ត្រី Abe និង​មានបំណង​ធ្វើឃាត​អ្នកនយោបាយ​នេះ។ សមត្ថកិច្ច​ប្រមូលបាន​កាំភ្លើង​មួយ​ដើម​នៅ​កន្លែងកើតហេតុ ដែល​ហាក់ជា​កាំភ្លើង​កែច្នៃ​ដោយ​ខ្លួនឯង។

    NHK ឱ្យដឹងថា ជនសង្ស័យ​ធ្លាប់​បម្រើការ​នៅក្នុង​ជួរ​កងទ័ព​ជប៉ុន ក្នុង​រយៈពេល ៣ ឆ្នាំ ហើយ​បច្ចុប្បន្ន​រស់នៅក្នុង​ទីក្រុង Nara៕

  • សេដ្ឋី​អ៊ុយ​ក្រែ​ន និង​ភរិយា បាត់បង់​ជីវិត នៅពេល រុស្ស៊ី បាញ់​ប្លោង​តាមផ្លូវ​អាកាស

    សេដ្ឋី​អ៊ុយ​ក្រែ​ន និង​ភរិយា បាត់បង់​ជីវិត នៅពេល រុស្ស៊ី បាញ់​ប្លោង​តាមផ្លូវ​អាកាស

    ការបាញ់​គ្រាប់ផ្លោង​វាយប្រហារ​របស់ រុស្ស៊ី ទៅលើ​ទីក្រុង Mykolaiv ត្រូវបាន​គេ​ជឿថា បាន​បណ្ដាលឱ្យ​ស្វាមី-ភរិយា​មួយគូ​ដែលជា​ម្ចាស់​ក្រុមហ៊ុននាំចេញ​ធញ្ញជាតិ​ធំជាងគេ​នៅ អ៊ុយ​ក្រែ​ន បាត់បង់​ជីវិត។

    សំឡេង​ប្រកាសអាសន្ន​ថា​មាន​ការបាញ់​ប្លោង​ដំបូង​បាន​បន្លឺឡើង​នៅ​ទីក្រុង​កំពង់ផែ Mykolaiv ភាគខាងត្បូង​នៃ ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ម៉ោង ១ និង ១ នាទី ព្រឹក​ថ្ងៃទី ៣១ កក្កដា និង​អូសបន្លាយ​រយៈពេល ៤ ម៉ោង​ពេញ នេះ​បើតាម​ន្ត្រី​មូលដ្ឋាន។

    មកដល់​វេលា​ទៀបភ្លឺ សណ្ឋាគារ​មួយកន្លែង តំបន់​កីឡដ្ឋាន​មួយកន្លែង សាលារៀន​ពីរ​កន្លែង មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​មួយកន្លែង និង​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវបាន​បំផ្លាញ​ដោយ​គ្រាប់​ប្លោង​របស់ រុស្ស៊ី។ កំពូល​អ្នកមាន​ម្នាក់​របស់ អ៊ុយ​ក្រែ​ន គឺ​លោក Oleksiy Vadatursky និង​ភរិយា​របស់គាត់ ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត នៅក្នុង​អ្វីដែល ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ហៅថា ជា «ការវាយប្រហារ​ដ៏​ខ្លាំងក្លា​បំផុត​មួយ» រាប់​ចាប់ពី​ពេល​សង្គ្រាម​បាន​ផ្ទុះឡើង។

    Nibulon ដែលជា​ក្រុមហ៊ុន​របស់លោក Vadatursky បាន​បញ្ជាក់ថា មហាសេដ្ឋី​រូបនេះ និង​ភរិយា​របស់គាត់ បាន​បាត់​បង់ជីវិត​នៅក្នុង​គេហដ្ឋាន​របស់​ពួកគាត់។

    លោក Vadatursky មានទ្រព្យ ៤៥០ លាន​ដុល្លារ​អាម៉េរិក នេះ​បើតាម​ការ​គណនា​កាលពី​ឆ្នាំ ២០២០ របស់ Forbes។ ក្រុមហ៊ុន Nibulon របស់​សេដ្ឋី​រូបនេះ​គឺជា​អ្នក​ផលិត និង​នាំចេញ​ធញ្ញជាតិ ដូចជា ស្រូវ​សាលី និង​ពោត​ជាដើម និង​មាន​ក្រុម​កប៉ាល់​ដឹកជញ្ជូន ព្រមទាំង​មាន​រោងចក្រ​ផលិត​កប៉ាល់​ផងដែរ។

    ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បាន​អធិប្បាយ​អំពី​ការស្លាប់​របស់លោក Vadatursky ថា ជាការ «បាត់បង់​ដ៏​ធំ​ចំពោះ ប្រទេសជាតិ​អ៊ុយ​ក្រែ​ន ទាំងមូល»។

    ភាគី​ខាង រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​អ្វី​ទៅនឹង​ការស្លាប់​របស់ សេដ្ឋី​អ៊ុយ​ក្រែ​ន និង​ការចោទប្រកាន់​របស់ ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ខាងលើនេះ​នៅឡើយ៕

  • បុគ្គលិក​ពន្លត់​អគ្គិភ័យ​បារាំង ដុត​ព្រៃ​ច្រើន​ករណី​ដើម្បីឱ្យ​សង្គម​ទទួលស្គាល់

    បុគ្គលិក​ពន្លត់​អគ្គិភ័យ​បារាំង ដុត​ព្រៃ​ច្រើន​ករណី​ដើម្បីឱ្យ​សង្គម​ទទួលស្គាល់

    បុគ្គលិក​ពន្លត់​អគ្គិភ័យ​ម្នាក់​នៅ​ភាគខាងត្បូង​នៃ ប្រទេស​បារាំង បាន​បង្កឱ្យមាន​ករណី​ភ្លើង​ឆេះ​ព្រៃ​ជាច្រើន​កន្លែង ក្នុង​បំណង​ស្វែងរក​ភាព​រំជើបរំជួល និង «ត្រូវបាន​សង្គម​ទទួលស្គាល់»។

    បុរស​វ័យ​ជាង ៣០ ឆ្នាំ ដែល​មិនទាន់​ត្រូវបាន​ប្រកាស​អំពី​អត្តសញ្ញាណ និង​ជា​បុគ្គលិក​ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត​នៅ​តំបន់ Herault ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ២៧ កក្កដា និង​កំពុង​រង់ចាំ​ពេល​ឡើង​តុលាការ។ រដ្ឋអាជ្ញា នៅ​ទីក្រុង Montpellier លោក Fabrice Belargent បានឱ្យដឹង​ដា បុរស​នេះ​បាន​សារភាពថា បាន​ប្រើប្រាស់​ដែកកេះ​ដុត​ព្រៃ​កាលពី​ថ្ងៃទី ២៦ ឧសភា, ២១ កក្កដា និងថ្មីៗនេះ​គឺ​នៅ​យប់​ថ្ងៃទី ២៦-២៧ កក្កដា។

    «នៅពេល​ត្រូវបាន​សួរ​អំពី​មូលហេតុ ជននេះ​សារភាពថា ធ្វើឡើង​ក្នុង​បំណង​ធ្វើឱ្យ​ក្រុមហ៊ុន​ពន្លត់​អគ្គិភ័យ​ចេញ​ធ្វើ​អន្តរាគមន៍ ដើម្បី​សង្គ្រោះ​ខ្លួនគេ​ពី​បរិស្ថាន​គ្រួសារ​ដ៏​ស្មុគស្មាញ និង​ដើម្បី​ភាព​រំជើបរំជួល​ដែល​ការអន្តរាគមន៍​នេះ​នាំ​មកឱ្យ​ខ្លួន» លោក Belargent ឱ្យដឹង​ដូច្នេះ។

    បុរស​ខាងលើនេះ ធ្វើការ​ពេញ​ម៉ោង​ក្នុងតួនាទី​ជា​មន្ត្រី​អនុរក្ស​ព្រៃឈើ ទទួលខុសត្រូវ​ចម្បង​ក្នុងការ​ទប់ស្កាត់ និង​ពន្លត់​អគ្គិភ័យ។

    មេធាវី​របស់​ជនសង្ស័យ​នេះ​បានឱ្យដឹងថា ពេល​ត្រូវបាន​សួរនាំ កូនក្ដី​របស់គាត់ «បានបង្ហាញ​អំពី​វិប្បដិសារី និង​មានការ​ខ្មាស់អៀន​ខ្លាំងណាស់។ គាត់​មាន​អារម្មណ៍​ធូរស្រាល​ក្នុង​ចិត្ត​ព្រោះតែ​ត្រូវ​ចាប់ខ្លួន ហើយ​បាន​និយាយថា នោះ (អំពើ​ដុត​ព្រៃ) គឺជា​អាការរោគ​ញៀន»។

    សារព័ត៌មាន​នានា​របស់ បារាំង បាន​ហៅ​ករណីនេះ​ថា «បុគ្គលិក​ពន្លត់​អគ្គិភ័យ ឆ្កួត​នឹង​ការបង្ក​អគ្គិភ័យ»។ បើសិនជា​ត្រូវបាន​កាត់ទោស បុរស​នេះ​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ ១៥ ឆ្នាំ និង​ត្រូវ​បង់ប្រាក់​ពិន័យ​ជាង ១៥០,០០០ ដុល្លារ​អាម៉េរិក៕

  • នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ អំពាវនាវ​ឱ្យ​បោះបង់​ក្រវាត់ក ដើម្បី​ចូល​រួម​សំច័យ​ថាមពល​អគ្គិសនី

    នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ អំពាវនាវ​ឱ្យ​បោះបង់​ក្រវាត់ក ដើម្បី​ចូល​រួម​សំច័យ​ថាមពល​អគ្គិសនី

    នាយករដ្ឋមន្ត្រី Sanchez បាន​បង្ហើប​ឱ្យដឹងថា លោក​ផ្អាក​ការប្រើប្រាស់​ក្រវាត់ក ដើម្បី​សំច័យ​ថាមពល​អគ្គិសនី និង​អំពាវនាវ​​ដល់​​ក្រុម​រដ្ឋមន្ត្រី បុគ្គលិក​ការិយាល័យ ​ឱ្យ​យកតម្រាប់​តាម។

    នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ លោក Pedro Sanchez កាលពី​ថ្ងៃទី ២៩ កក្កដា បានបង្ហាញ​វត្តមាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​គម្រោង​សន្សំសំច័យ​ថាមពល​របស់​រាជរដ្ឋាភិបាល។ លោក Sanchez ពាក់អាវ​ក្នុង​ពណ៌​ស មិន​បិទ​ឡេវ​កអាវ និង​ពាក់​​អាវធំ​ក្រៅ។

    «ខ្ញុំ​ចង់ឱ្យ​គ្រប់គ្នា​ចាប់អារម្មណ៍​ថា ខ្ញុំ​មិន​ពាក់​ក្រវាត់ក។ ប្រការនេះ​មានន័យថា យើងទាំងអស់គ្នា​សុទ្ធតែ​អាច​សន្សំសំច័យ​ថាមពល» លោក Sanchez ថ្លែង​ដូច្នេះ។ «ខ្ញុំ​បាន​ស្នើឱ្យ​រដ្ឋមន្ត្រី មន្ត្រីរាជការ ហើយ​ខ្ញុំ​ចង់ឱ្យ​បុគ្គលិក​ការិយាល័យ​ឯកជន ចូលរួម​អនុវត្ត មិន​ពាក់​ក្រវាត់ក បើសិន​មិនចាំបាច់»។

    ការអំពាវនាវ​របស់ នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​អេ​ស្ប៉ា​ញ បាន​អំពាវនាវ​ឱ្យ​បើក​ម៉ាស៊ីនត្រជាក់​ត្រឹម ២៧ អង្សា​សេ ខ្ពស់ជាង​ឆ្ងាយ ធៀប​នឹង​គ្រប់គ្នា​តែងតែ​ប្រើប្រាស់។ ក្រសួងបរិស្ថាន​អេ​ស្ប៉ា​ញ បានឱ្យដឹងថា «បើសិន​ប្រើប្រាស់​រួមផ្សំ​ជា​មួយ​នឹង​កង្ហារ អ្នកនឹង​កាត់បន្ថយ​អគ្គិសនី​បាន​ពាក់កណ្ដាល»។

    នាយករដ្ឋមន្ត្រី Sanchez បញ្ជាក់ថា រាជធានី​ម៉ា​ឌ្រី​ដ នឹង​ប្រកាស​វិធានការ​បន្ទាន់​នៅ​ដើម​សប្ដាហ៍​ក្រោយ ដើម្បី​កែលម្អ​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់ និង​សន្សំសំច័យ​ថាមពល ក្នុង​គ្រា​ដែល​ប្រទេស​នេះ និង សហភាព​អឺរ៉ុប ក៏ដូចជា​ពិភពលោក កំពុង​ប្រឈម​នឹង​បញ្ហា​ឡើងថ្លៃ និង​កង្វះ​ឧស្ម័ន និង​ឧ​ន្ធ​នៈ​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ៕

  • សភា​ជាន់​ទាប​អាម៉េរិក អនុម័ត​សេចក្ដីព្រាងច្បាប់ «​ហាម​ឃាត់​​កាំភ្លើង​វែង»

    សភា​ជាន់​ទាប​អាម៉េរិក អនុម័ត​សេចក្ដីព្រាងច្បាប់ «​ហាម​ឃាត់​​កាំភ្លើង​វែង»

    សភា​ជាន់​ទាប​អាម៉េរិក បោះឆ្នោត​អនុម័ត​សេចក្ដីព្រាងច្បាប់​ហាមឃាត់​កាំភ្លើង​វែង (rifles) គ្រា​ដែល​ប្រទេស​នេះ​កំពុងតែ​ប្រឈម​នឹង​អំពើ​បាញ់ប្រហារ​ដោយ​ខ្មាន់កាំភ្លើង។

    កាលពី​ថ្ងៃទី ២៩ កក្កដា សភា​ជាន់​ទាប​អាម៉េរិក បាន​បោះឆ្នោត​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ហាមឃាត់​កាំភ្លើង​វែង​វាយប្រហារ ដោយមាន​សន្លឹកឆ្នោត​គាំទ្រ​ចំនួន ២១៧ សំឡេង និង​ប្រឆាំង ២១៤ សំឡេង។ សេចក្ដីព្រាងច្បាប់​នេះ​ត្រូវបាន​បញ្ជូន​ឡើងទៅ​កាន់ សភា​ជាន់ខ្ពស់​អាម៉េរិក ដើម្បី​អនុម័ត​បន្ត។

    ការកែទម្រង់​ក្នុងការ​គ្រប់គ្រង​កាំភ្លើង​នៅតែមាន​ភាពចម្រូងចម្រាស​នៅ សហរដ្ឋ​អាម៉េរិក បើទោះជា​ធ្លាប់មាន​ករណី​បាញ់ប្រហារ​ជា​បន្តបន្ទាប់។ ក្នុងការ​បោះឆ្នោត​អនុម័ត​នៅ​សភា​ជាន់​ទាប​កាលពី​ម្សិលមិញ មាន​តំណាងរាស្ត្រ​មកពី​បក្ស​សាធារណរដ្ឋ តែ ២ រូប​ប៉ុណ្ណោះ ដែល​បាន​បោះឆ្នោត​គាំទ្រ។

    កាំភ្លើង​វែង​ Springfield Saint Victor AR-15 មួយ​ដើម​ ដែល​ដាក់​តាំង​បង្ហាញ​នៅ​ក្នុងសាល​នៃ​​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ សមាគម​ជាតិ​កាំភ្លើង​វែង​​អាម៉េរិក កាលពី​ខែ​ឧសភា ២០២២

    នៅ សភា​ជាន់ខ្ពស់​អាម៉េរិក បក្ស​ប្រជាធិបតេយ្យ​កាន់កាប់​តែ ៥០ កៅអី​ប៉ុណ្ណោះ ហើយ​ត្រូវការ​សន្លឹកឆ្នោត​គាំទ្រ​ពី​បក្ស​សាធារណរដ្ឋ ចំនួន ១០ សំឡេង​ទៀត ដើម្បី​អាច​យក​សេចក្ដីព្រាងច្បាប់​នេះ​ ឡើង​ទៅ​​​ពិនិត្យ។

    សភា​អាម៉េរិក កាលពី​ឆ្នាំ ១៩៩៤ បានអនុម័ត​ច្បាប់​ហាមឃាត់​រយៈពេល ១០ ឆ្នាំ ចំពោះ​កាំភ្លើង​វែង​វាយប្រហារ និង​បង់​ដាក់​គ្រាប់​ប្រភេទ​ធំ។ ក៏ប៉ុន្តែ បទបញ្ជា​នេះ​ត្រូវអស់​សុពលភាព​កាលពី​ឆ្នាំ ២០០៤ នាំឱ្យ​ការលក់​អាវុធ​ប្រភេទ​នេះ​កើនឡើង​យ៉ាងគំហុក​ចាប់ពីពេលនោះ​មក។

  • គ្រោះ​ទឹក​ជំនន់​ «ពាន់​ឆ្នាំមាន​ម្ដង» កើតឡើង​នៅ សហរដ្ឋ​អាម៉េរិក

    គ្រោះ​ទឹក​ជំនន់​ «ពាន់​ឆ្នាំមាន​ម្ដង» កើតឡើង​នៅ សហរដ្ឋ​អាម៉េរិក

    រដ្ឋ Kentucky ទទួលរង​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ពី​ជំន​ន់​ទឹកភ្លៀង​ដែល​ត្រូវបាន​គេ​វាយតម្លៃថា «ពាន់​ឆ្នាំមាន​ម្ដង» បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច ១៩ នាក់ និង​រាប់សិប​នាក់​បាត់​ខ្លួន។

    ជំនន់​ទឹកភ្លៀង​កើតឡើង​នៅ Kentucky ភាគ​កណ្ដាល​នៃ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ២៨ កក្កដា បាន​ពន្លិច​តំបន់​ប្រជុំជន​នៅ​ជើងភ្នំ Appalachia បណ្ដាលឱ្យ​មនុស្ស​ជាច្រើន​នាក់​ត្រូវ​ជាប់គាំង និង​បាត់​ខ្លួន។ អភិបាលរដ្ឋ Kentucky លោក Andy Beshear កាលពី​ថ្ងៃទី ២៩ កក្កដា បានប្រកាសថា មាន​មនុស្ស​យ៉ាងហោច ១៦ នាក់ ក្នុងនោះ​មាន​កុមារ​ផងដែរ បាន​បាត់​បង់ជីវិត​នៅក្នុង​គ្រោះទឹកជំនន់ ហើយ​ថា ករណី​ស្លាប់​អាច​នឹង​មាន​បន្ត​ទៀត​។

    ក្រុម​សមត្ថកិច្ច​ កាលពី​ម្សិល​មិញ បាន​រកឃើញ​ករណី​ស្លាប់​ចំនួន​ ៣ នាក់​បន្ថែម​ទៀត ធ្វើ​ឱ្យ​តួលេខ​អ្នក​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​​នៅ​ក្នុង​រដ្ឋ Kentucky កើត​ឡើង​ដល់ ១៩ នាក់​។

    លោក Beshear ថ្លែងថា នេះ​គឺជា «គ្រោះទឹកជំនន់​មួយ​ដ៏​អាក្រក់ និង​មហន្តរាយ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ Kentucky» ដោយមាន​មនុស្ស​ស្លាប់​អាច​ឡើង​រាប់សិប​នាក់។ លោក​បន្តថា ក្រុម​ជួយសង្គ្រោះ​កំពុងតែ​ញាប់ដៃ​ញាប់ជើង​ក្នុងការ​រំដោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់​នៅលើ​ដំបូលផ្ទះ។ មនុស្ស​ប្រហែល​ពី ២០ ទៅ ៣០ នាក់ ត្រូវបាន​នាំទៅ​កាន់​ទី​សុវត្ថិភាព។

     

  • ប៉ូឡូញ ទិញ​រថក្រោះ​របស់ កូរ៉េខាងត្បូង ជិត ១,០០០ គ្រឿង ក្រោយ​ការ​ជួយ​ អ៊ុយក្រែន​ មួយ​ភាគ​ធំ

    ប៉ូឡូញ ទិញ​រថក្រោះ​របស់ កូរ៉េខាងត្បូង ជិត ១,០០០ គ្រឿង ក្រោយ​ការ​ជួយ​ អ៊ុយក្រែន​ មួយ​ភាគ​ធំ

    អាជ្ញាធរ​ប៉ូឡូញ បានបញ្ជាក់​អំពី​គម្រោង​ទិញ​រថក្រោះ K2 របស់ កូរ៉េខាងត្បូង ចំនួន ៩៨០ គ្រឿង រួម​នឹង​យន្តហោះ​ចម្បាំង FA-50 ជិត ៥០ គ្រឿង និង​កាំភ្លើង​ធំចល័ត​ ៤៨ ដើម។

    ប្រកាស​នៅលើ​គេហទំព័រ​របស់ ក្រសួងការពារជាតិ​ប៉ូឡូញ បានឱ្យដឹងថា នេះ​នឹង​ក្លាយជា​ការទិញ​អាវុធ​សំខាន់បំផុត និង​ទ្រង់ទ្រាយ​ធំ​បំផុត​របស់ ប៉ូឡូញ នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

    កិច្ចព្រមព្រៀង​ទិញដូរ​អាវុធ​ខាងលើ​នឹង​ត្រូវបាន​អនុវត្ត​ជា​ពីរ​ដំណាក់កាល។ ដំណាក់កាល​ទីមួយ កូរ៉េខាងត្បូង នឹង​ប្រគល់​រថក្រោះ K2 Black Panther ចំនួន ១៨០ គ្រឿង, កាំភ្លើង​ធំ​ចល័ត K9 Thunder ចំនួន ៤៨ គ្រឿង ដោយ​ចាប់ផ្ដើម​ពី​ឆ្នាំនេះ ដើម្បី​ប៉ះប៉ូវ​​កន្លែង​ទំនេរ បន្ទាប់ពី ប៉ូឡូញ បានផ្ដល់​ជំនួយ​ជា​អាវុធ​តម្លៃ​យ៉ាងតិច ១.៧ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន។

    ដំណាក់កាល​ទី​ពីរ ទីក្រុង​វ៉ា​សូវី នឹង​បានទទួល​រថក្រោះ K2 Black Panther​ ចំនួន ៨០០ គ្រឿង​បន្ថែមទៀត។ ប៉ូឡូញ ក៏មាន​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​ធុន​ស្រាល FA-50 ចំនួន ៤៨ គ្រឿង ក្នុងនោះ ១២ គ្រឿង​ដំបូង​នឹងត្រូវ​បានប្រគល់​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០២៣។

    បច្ចុប្បន្ន ​មិនទាន់​ដឹងថា ការ​ទិញដូរ​អាវុធ​នេះ​មានតម្លៃ​ប៉ុន្មាន​​នៅឡើយ។ ប៉ុន្តែ ក្រុមហ៊ុន​ម៉ៅការ​ផ្នែក​ការ​ពារ​ជាតិ Korea Aerospace Industries (KAI) របស់ កូរ៉េខាងត្បូង បានឱ្យដឹងថា យន្តហោះ​ចម្បាំង FA-50 ចំនួន ៤៨ គ្រឿង​នេះ​មានតម្លៃ​ប្រហែល ៣ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ចំណែក​ក្រុមហ៊ុន Forecast International របស់ សហរដ្ឋ​អាម៉េរិក បាន​អះអាងថា កិច្ចព្រមព្រៀង​នេះ​អាចមាន​តម្លៃ​ខ្ពស់ជាង​ថវិកា​ការពារជាតិ​សរុប ១៤.១ ពាន់​លាន​ដុល្លារ​អាម៉េរិក របស់ ប៉ូឡូញ នៅ​ក្នុង​​ឆ្នាំនេះ​ទៅ​ទៀត​៕

    យន្តហោះចម្បាំងធុនស្រាល FA-50
    កាំភ្លើងធំ​ចល័ត ឬ​ហៅ​ថា រថក្រោះ K2 Black Panther
    កាំភ្លើង​ធំ​ចល័ត K9 Thunder
  • ធ្លាក់​យន្តហោះ​នៅ ឥណ្ឌា ​បណ្ដាល​ឱ្យ​​មនុស្ស​ ២ នាក់​បាត់​បង់ជីវិត

    ធ្លាក់​យន្តហោះ​នៅ ឥណ្ឌា ​បណ្ដាល​ឱ្យ​​មនុស្ស​ ២ នាក់​បាត់​បង់ជីវិត

    ក្រុមមន្ត្រី​ឥណ្ឌា កាលពី​ថ្ងៃទី ២៩ កក្កដា បានឱ្យដឹងថា អ្នកបើកបរ​យន្តហោះ ២ រូប នៃ​ទ័ពអាកាស​របស់​ប្រទេស​នេះ បាន​ស្លាប់ នៅពេល​យន្តហោះ​ចម្បាំង MiG-21 របស់​ពួកគេ​បាន​ជួប​គ្រោះថ្នាក់​ក្នុងពេល​ហោះហើរ​ហ្វឹកហាត់​នៅ​តំបន់​ភាគ​ខាងលិច​ប្រទេស។

    យន្តហោះ​ចម្បាំង​ដែល​បាន​ជួប​គ្រោះថ្នាក់​កាលពី​ថ្ងៃទី ២៨ កក្កដា (ម៉ោង​នៅ កម្ពុជា) បាន​ធ្លា​ក់លើ​ទីតាំង​មួយ​ដែលមាន​ចម្ងាយ​ពី​ទីក្រុង Jaipur រដ្ឋ Rajasthan ប្រហែល ៥៣០ គីឡូម៉ែត្រ ទៅ​ទិស​ខាងលិច។

    ទ័ពអាកាស​ឥណ្ឌា IAF បានប្រកាស​ចូលរួម​រំ​លែ​ក​ទុក្ខ​ជាមួយ​គ្រួសារ​សព​អ្នកបើកបរ​យន្តហោះ និង​ប្រកាស​បើក​ការស៊ើបអង្កេត​រក​មូល​ហេតុ​នៃ​គ្រោះថ្នាក់​នេះ៕

  • លោក ស៊ី​ជីន​ពីង ព្រមាន​លោក បៃ​ដិ​ន ថា «កុំ​ប្រលែង​ជាមួយ​ភ្លើង»

    លោក ស៊ី​ជីន​ពីង ព្រមាន​លោក បៃ​ដិ​ន ថា «កុំ​ប្រលែង​ជាមួយ​ភ្លើង»

    ប្រធានាធិបតី​ចិន បាន​ព្រមាន​ដល់ ប្រធានាធិបតី​អាម៉េរិក ថា មិនគួរ «ប្រលែង​ជាមួយ​ភ្លើង» នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជាង ២ ម៉ោង គ្រា​ដែល​ភាព​តានតឹង​កំពុង​កើនឡើង​ជុំវិញ​បញ្ហា កោះ​តៃវ៉ាន់។

    «អ្នក​ដែល​ប្រលែង​ជាមួយនឹង​ភ្លើង នឹងត្រូវ​រលាក។ ខ្ញុំ​សង្ឃឹមថា ភាគី​អាម៉េរិក ពិតជា​យល់ច្បាស់​អំពី​ប្រការ​នោះ» ទីភ្នាក់ងារសារព័ត៌មាន Xinhua ស្រង់​សម្ដី ប្រធានាធិបតី​ចិន ស៊ី ជី​ពីង ថ្លែង​ទៅកាន់ ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ កាលពី​ថ្ងៃទី ២៨ កក្កដា។

    «គោលជំហរ​របស់​រដ្ឋា​ភិ​បាល និង​ប្រជាជន​ចិន ស្ដីពី តៃវ៉ាន់ គឺជា​រឿង​ឯកភាព​ទាំងស្រុង។ ឆន្ទៈ​ដ៏​មោះមុត​របស់ ប្រជាជន​ចិន ជាង ១.៤ ពាន់​លាន​នាក់ គឺ​ការការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់ ចិន» លោក ស៊ី ជី​ពីង បន្ថែម​ដូច្នេះ។

    យោងតាម Xinhua មេដឹកនាំ​ទាំងពីរ​សុទ្ធតែ​បាន​អធិប្បាយ​ថា ការសន្ទនា​តាម​ទូរស័ព្ទ​នេះ «ប្រកបដោយ​ភាព​ត្រង់​ទៅ​ត្រង់​មក និង​ស៊ីជម្រៅ។

    សេត​វិមាន​បានឱ្យដឹងថា ការសន្ទនា​នេះ​ចាប់ផ្ដើម​ពី​ម៉ោង ៨ និង ៣៣ នាទី (ម៉ោង​នៅ កម្ពុជា) និង​បញ្ចប់​ក្រោយ​រយៈពេល ២ ម៉ោង និង ១៧ នាទី។ «ប្រធានាធិបតី បៃ​ដិ​ន សង្កត់ធ្ងន់ថា គោលនយោបាយ​របស់ សហរដ្ឋ​អាម៉េរិក មិន​ផ្លាស់ប្ដូរ ហើយ អាម៉េរិក ប្រឆាំង​យ៉ាងខ្លាំង​ក្លា​ចំពោះ​ការប្រឹងប្រែង​ជា​ឯកតោភាគី​ដើម្បី​ផ្លាស់ប្ដូរ​ស្ថានការណ៍ ឬ​បំផ្លាញ​សន្តិភាព ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់» ប្រកាស​របស់ សេត​វិមាន ស្ដីពី​លទ្ធផល​នៃ​កិច្ចសន្ទនា ឱ្យដឹង​ដូច្នេះ។

    នេះ​គឺជា​កិច្ចសន្ទនា​លើក​ទី​ប្រាំ រវាង​មេដឹកនាំ​របស់ សហរដ្ឋ​អាម៉េរិក និង ចិន រាប់​ចាប់តាំងពី​លោក បៃ​ដិ​ន បាន​ឡើងកាន់​អំណាច​កាលពី​ខែមករា ២០២១។

    កិច្ចសន្ទនា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងពេលដែល​ប្រទេស​ទាំងពីរ​នេះ​ត្រូវ​ប្រឈម​នឹង​ភាព​តានតឹង​ជុំវិញ​បញ្ហា កោះ​តៃវ៉ាន់ និង​ពាណិជ្ជកម្ម។

    ចិន ចាត់ទុក កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​មិនអាច​កាត់ផ្ដាច់​បាន ដោយ​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ ហើយ​ថា នឹង​ប្រើ​កម្លាំងបាយ​បើសិនជា​ចាំបាច់។

    សហរដ្ឋ​អាម៉េរិក មិនបាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយនឹង កោះ​តៃវ៉ាន់ ប៉ុន្តែ គឺជា​ភាគី​ដែល​ផ្គត់ផ្គង់​អាវុធ​ចម្បង​សម្រាប់​កោះ​នេះ។

    ប្រធាន​សភាព​ជាន់​ទាប​អាម៉េរិក លោកស្រី Nancy Pelosi ត្រូវបាន​គេ​ជឿថា មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់ នៅក្នុង​ខែសីហា។ ប្រការនេះ​បានធ្វើឱ្យ អាជ្ញាធរ​ចិនដីគោក មានប្រតិកម្ម​យ៉ាង​ម៉ឺងម៉ាត់៕