សេដ្ឋី​អ៊ុយ​ក្រែ​ន និង​ភរិយា បាត់បង់​ជីវិត នៅពេល រុស្ស៊ី បាញ់​ប្លោង​តាមផ្លូវ​អាកាស

មហា​សេដ្ឋី​អ៊ុយក្រែន លោក Oleksiy Vadatursky

ការបាញ់​គ្រាប់ផ្លោង​វាយប្រហារ​របស់ រុស្ស៊ី ទៅលើ​ទីក្រុង Mykolaiv ត្រូវបាន​គេ​ជឿថា បាន​បណ្ដាលឱ្យ​ស្វាមី-ភរិយា​មួយគូ​ដែលជា​ម្ចាស់​ក្រុមហ៊ុននាំចេញ​ធញ្ញជាតិ​ធំជាងគេ​នៅ អ៊ុយ​ក្រែ​ន បាត់បង់​ជីវិត។

សំឡេង​ប្រកាសអាសន្ន​ថា​មាន​ការបាញ់​ប្លោង​ដំបូង​បាន​បន្លឺឡើង​នៅ​ទីក្រុង​កំពង់ផែ Mykolaiv ភាគខាងត្បូង​នៃ ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ម៉ោង ១ និង ១ នាទី ព្រឹក​ថ្ងៃទី ៣១ កក្កដា និង​អូសបន្លាយ​រយៈពេល ៤ ម៉ោង​ពេញ នេះ​បើតាម​ន្ត្រី​មូលដ្ឋាន។

មកដល់​វេលា​ទៀបភ្លឺ សណ្ឋាគារ​មួយកន្លែង តំបន់​កីឡដ្ឋាន​មួយកន្លែង សាលារៀន​ពីរ​កន្លែង មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​មួយកន្លែង និង​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវបាន​បំផ្លាញ​ដោយ​គ្រាប់​ប្លោង​របស់ រុស្ស៊ី។ កំពូល​អ្នកមាន​ម្នាក់​របស់ អ៊ុយ​ក្រែ​ន គឺ​លោក Oleksiy Vadatursky និង​ភរិយា​របស់គាត់ ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត នៅក្នុង​អ្វីដែល ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ហៅថា ជា «ការវាយប្រហារ​ដ៏​ខ្លាំងក្លា​បំផុត​មួយ» រាប់​ចាប់ពី​ពេល​សង្គ្រាម​បាន​ផ្ទុះឡើង។

Nibulon ដែលជា​ក្រុមហ៊ុន​របស់លោក Vadatursky បាន​បញ្ជាក់ថា មហាសេដ្ឋី​រូបនេះ និង​ភរិយា​របស់គាត់ បាន​បាត់​បង់ជីវិត​នៅក្នុង​គេហដ្ឋាន​របស់​ពួកគាត់។

លោក Vadatursky មានទ្រព្យ ៤៥០ លាន​ដុល្លារ​អាម៉េរិក នេះ​បើតាម​ការ​គណនា​កាលពី​ឆ្នាំ ២០២០ របស់ Forbes។ ក្រុមហ៊ុន Nibulon របស់​សេដ្ឋី​រូបនេះ​គឺជា​អ្នក​ផលិត និង​នាំចេញ​ធញ្ញជាតិ ដូចជា ស្រូវ​សាលី និង​ពោត​ជាដើម និង​មាន​ក្រុម​កប៉ាល់​ដឹកជញ្ជូន ព្រមទាំង​មាន​រោងចក្រ​ផលិត​កប៉ាល់​ផងដែរ។

ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បាន​អធិប្បាយ​អំពី​ការស្លាប់​របស់លោក Vadatursky ថា ជាការ «បាត់បង់​ដ៏​ធំ​ចំពោះ ប្រទេសជាតិ​អ៊ុយ​ក្រែ​ន ទាំងមូល»។

ភាគី​ខាង រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​អ្វី​ទៅនឹង​ការស្លាប់​របស់ សេដ្ឋី​អ៊ុយ​ក្រែ​ន និង​ការចោទប្រកាន់​របស់ ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ខាងលើនេះ​នៅឡើយ៕

Advertisement