Author: ធឿន មករា

  • វិធីស្ងោរស៊ុតឱ្យនៅជ័រព្នៅតាមចិត្តចង់

    វិធីស្ងោរស៊ុតឱ្យនៅជ័រព្នៅតាមចិត្តចង់

    អ្នកណាថា ការស្ងោស៊ុតឱ្យស៊ុតក្រហមនៅជ័រព្នៅតាមចិត្តចង់បានជារឿងពិបាកនោះ ថ្ងៃនេះយើងមាន វិធីងាយៗមកជម្រាបជូនដូចខាងក្រោម ៖

    គ្រាន់តែយកអំបិល-ស មួយស្លាបព្រាបាយមកដាក់ក្នុងទឹកដែលត្រូវស្ងោរស៊ុតនោះ ហើយដាក់ដាំលើភ្លើងឱ្យក្តៅ បន្ទាប់ពីនោះក៏ដាក់ស៊ុតចូលទៅ ហើយចាប់ផ្តើមរាប់នាទី គឺ 2នាទី ស៊ុតក្រហមនៅជ័រព្នៅបែបរាវ 4នាទី ស៊ុតក្រហមនៅជ័រព្នៅបែបខាប់ 6 នាទី ស៊ុតក្រហមនៅជ័រព្នៅបែបទន់។ នៅពេលចង់បានបែបណាហើយ សូមស្រង់ឡើង ហើយយកទៅត្រាំក្នុងទឹកត្រជាក់ភ្លាមតែប៉ុណ្ណឹង យើងនឹងបានស៊ុតស្ងោរដែលស៊ុតក្រហមនៅជ័រព្នៅតាមចិត្តចង់បាន​មក​ញ៉ាំមិនខាន៕

  • វិធី 7 យ៉ាងបញ្ចុះជាតិស្ករ បន្ថយរោគា

    វិធី 7 យ៉ាងបញ្ចុះជាតិស្ករ បន្ថយរោគា

    ទោះជារសជាតិផ្អែមជួយបង្កើនភាពឈ្ងុយឆ្ងាញ់ដល់ម្ហូបអាហារក៏ដោយ តែបើបរិភោគក្នុងបរិមាណច្រើននឹងធ្វើឱ្យកើតរោគធាត់ រោគបេះដូង និងរោគលើសឈាមបាន ដូច្នេះវិធីងាយបំផុត និងឃើញលទ្ធផលល្អបំផុតក្នុងការសម្រកទម្ងន់ និងថាមពលគឺកាត់បន្ថយការទទួលទានស្ករចុះបន្តិចម្តងៗ ដូចជា បន្ថយបរិមាណស្ករនៅក្នុងទឹកតែ កាហ្វេ ឬអាចប្រើស្ករសិប្បនិមិត្ត និងចៀសវាងអាហារដែលមានស្ករច្រើន ដោយវិធីដូចខាងក្រោមនេះ៖

    1. កុំភ្លេចខ្លួនជឿពាក្យឃោសនាថា វាជា “ស្ករសុខភាព” ព្រោះមិនថាជាស្ករប្រភេទណាក៏ដោយ ក៏សុទ្ធតែផ្តល់នូវថាមពលស្មើគ្នាទាំងអស់ ។
    2. ទទួលទានផ្លែឈើជំនួសនំ ឬបង្អែម ព្រោះផ្លែឈើមានវិតាមីន សារធាតុរ៉ែ និងមានកាកសរសៃដែលជួយ ឬពន្យារការបឺតជ្រាបជាតិស្ករទៅក្នុងរាងកាយ និងខាបូហាយដ្រេតដែលជាមូលហេតុរបស់រោគធាត់ និងគួរចៀសវាងញ៉ាំទឹកផ្លែឈើកំប៉ុង ព្រោះនឹងទទួលបានជាតិស្ករលើសពីតម្រូវការ ។
    3. បន្ថយ ឬកម្ចាត់ខាបូហាយដ្រេតបំប្លែង ពពួកនំប៉័ង និងនំបេឃើរីដែលនឹងប្រែក្លាយទៅជាស្ករនៅក្នុងឈាមបានលឿនប្រហាក់ប្រហែលគ្នានឹងការញ៉ាំ គ្លុយខូសដែរ ក្រៅពីនេះខាបូហាយដ្រេតដែលសល់ពីការប្រើប្រាស់នឹងត្រូវប្រមូលសន្សំជា Triglyceride ជាខ្លាញ់ដែលរាងកាយរក្សាទុកជាស្បៀង ។
    4. ប្រយ័ត្នអាហារចម្អាបគ្មានជាតិខ្លាញ់ តាមរយៈការជឿខុសៗដែលថា បើអាហារគ្មានជាតិខ្លាញ់ នឹងមិនធ្វើឱ្យធាត់ទេការពិតវិញ អាហារគ្មានជាតិខ្លាញ់ នៅមានស្ករ និងបរិមាណកាឡូរីខ្ពស់ផងដែរ ។
    5. អានស្លាកណែនាំរបស់អាហារដើម្បីរកមើលជាតិស្ករ និងជាតិខ្លាញ់មិនល្អ សម្រាប់អ្នកដែលកើតរោគទឹកនោមផ្អែម អាចប្រើប្រាស់សារធាតុផ្អែមប្រភេទផ្តល់ថាមពលតិច ដែលច្រើនមានបញ្ជាក់នៅលើស្លាកអាហារថា “គ្មានជាតិស្ករ” ឬ “Sugar free” ។
    6. ប្រយ័ត្នការប្រើសារធាតុផ្តល់ជាតិផ្អែមសិប្បនិមិត្ត ឬសារធាតុជំនួសភាពផ្អែមច្រើនលើសកំណត់ ព្រោះអាចធ្វើឱ្យរាងកាយកើតមានភាពចង់ញ៉ាំស្ករ ឬខាបូហាយដ្រេតកាន់តែខ្លាំងឡើង ។
    7. គណនាបរិមាណជាតិស្ករដោយអានព័ត៌មានភោជនាហារដែលបង្ហាញពីបរិមាណជាតិស្ករទាំងអស់ជាក្រាម រួចចែកជា 4 នឹងបានស្មើនឹងចំនួនជាតិស្ករដែលយើងញ៉ាំចូលទៅជារង្វាស់ស្លាបព្រាកាហ្វេ៕

  • ហេតុ​អី​បាន​សត្វ​ពស់​ចូលចិត្ត​លាន​អណ្តាត​ភ្លែតៗ​?

    ហេតុ​អី​បាន​សត្វ​ពស់​ចូលចិត្ត​លាន​អណ្តាត​ភ្លែតៗ​?

    អ្នក​ប្រហែលជា​ធ្លាប់​បាន​ឃើញ​សត្វ​ពស់​នៅតាម​សួនសត្វ​ទាំងឡាយ ច្រើន​តែ​នឹក​ស្រៀវ​ស្ញើប​នៅពេល​មើល​ឃើញ​សត្វ​ល្មូ​ន​ប្រភេទ​នេះ ​ចូល​ចិត្ត​តែ​លាន​អណ្តាត​ចេញមក ព្រមទាំងរ​លាស់​ភ្លែតៗ​នោះ និង​ប្រហែលជា​នាំគ្នា​គិតថា ច្បាស់​ជា​វា​កំពុង​ត្រៀម​ខ្លួន​ប្រុង​ចឹក​អ្វីមួយ​ដែល​មិន​បាន​ប្រយ័ត្ន​ខ្លួន​ហើយ​មើលទៅ​។​

    ​តែ​លោក​អ្នកដឹង​ទេ​ថា ទោះ​ជា​អណ្តាត​របស់​វា​ដែល​លាន​ចេញមក​ភ្លែតៗ​រហ័ស​គួរឱ្យខ្លាច​បែបនេះ​មែន តែ​គ្មាន​ពិសពុល ឬ​គ្រោះថ្នាក់​អ្វី​ទាំងអស់ ព្រោះ​សត្វ​ពស់​មិនមែន​ប្រើ​អណ្តាត​ដែល​ខាងចុង​បែក​ចេញ​ជា​ពីរ​នោះ​ធ្វើ​ជា​អាវុធ​នោះទេ​។​ ការពិត​សម្រាប់​សត្វ​ពស់ អណ្តាត​គឺជា​អវយវៈ​ដែល​ផ្តល់​ឱ្យ​វា​នូវ​អារម្មណ៍ អណ្តាត​ជួយ​ឱ្យ​ពស់​ស្វែងរក​ប្រភព​អាហារ​ ខណៈពេល​ដែល​វា​លូន​វារ​ទៅ​តាម​ផ្លូវ អណ្តាត​ដែល​លាន​ចេញ​ទៅ​នោះ​នឹង​នាំ​កម្ទេចតូចៗ​របស់​សារធាតុ​ម្យ៉ាង​ចេញទៅ​ដែល​ធ្វើឱ្យ​ពស់​អាច​ហឹតក្លិន ឬ​ភ្លក់​រសជាតិ​ត្រឡប់​មក​វិញ​ដើម្បី​ជំរុញ​ឱ្យ​វា​ដឹងថា តើ​មាន​ប្រភព​អាហារ​នៅក្បែរ​នោះ​ឬ​​ក៏​អត់​?

  • តិកនិកជ្រើសរើសក្រុមឱ្យបានត្រឹមត្រូវ ដើម្បីធ្វើជំនួញឱ្យទទួលបានជោគជ័យ

    តិកនិកជ្រើសរើសក្រុមឱ្យបានត្រឹមត្រូវ ដើម្បីធ្វើជំនួញឱ្យទទួលបានជោគជ័យ

    ការចាប់ផ្ដើមធ្វើអាជីវកម្មមួយ មិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះវាមានធាតុផ្សំជាច្រើនរួមចូលគ្នា។ អ្វីដែលពិសេសនោះគឺថាប្រសិនបើអ្នកចាប់ដៃគូខុស នោះអាជីវកម្មរបស់អ្នកប្រាកដជាដួលរលំជាមិនខាន់។

    ខាងក្រោមនេះគឺជាតិកនិកក្នុងការជួយអ្នកឱ្យជ្រើសរើសដៃគូអាជីវកម្មបានល្អ និងត្រឹមត្រូវ៖

    ១) មនុស្សដែលធ្លាប់មានបទពិសោធធ្វើអាជីវកម្ម វាពិតជាមានថាមពលនៅពេលដែលក្រុមការមួយទើបតែចាប់ផ្ដើមអាជីវកម្មថ្មី មានសមាជិកក្រុមដែលមានបទពិសោធក្នុងការជួយប្រតិបត្តិការនៅក្នុងអាជីវកម្មនោះ ហើយវានឹងមានហានិភ័យកាន់តែតិចផងដែរ។

    ២) មនុស្សដែលមានទេពកោសល្យ នៅពេលដែលចាប់ផ្ដើមដំបូងក្រុមហ៊ុនត្រូវតែមានសមាជិកដែលមានសមត្ថភាពក្នុងការជួយជ្រោមជ្រែងដើម្បីធ្វើឱ្យជីវកម្មមួយនេះអាចដំណើរការទៅមុខបាន។ អ្វីដែលពិសេសនោះគឺសមាជិកក្រុមម្នាក់ៗ ត្រូវតែជាមនុស្សដែលមានទេពកោសល្យក្នុងការធ្វើការងាររបស់ខ្លួន នោះទើបក្រុមហ៊ុនអាចរីកចម្រើនលូតលាស់ទៅមុខបាន។

    ៣) មនុស្សដែលមានទំនាក់ទំនងល្អ អាជីវកម្មមួយអាចរីកចម្រើនបានលុះត្រាតែក្រុមការងារមានមនុស្សដែលពូកែខាងផ្នែកទំនាក់ទំនង ពីព្រោះការដែលមានទំនាក់ទំនងល្អជាមួយនឹងអ្នកដទៃនឹងជួយឱ្យជីវកម្មរបស់អ្នករីកចម្រើនបានលឿនដោយសារតែមានគេស្គាល់ច្រើន។

    ៤) ការលះបង់ សមាជិកក្រុមការងាររបស់អ្នកត្រូវតែជាមនុស្សដែលមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការ ពីព្រោះការដែលមានប្ដេជ្ញាចិត្តខ្ពស់នឹងជួយធ្វើឱ្យអាជីវកម្មរបស់អ្នករីកចម្រើន។

    ៥) ទស្សនៈវិស័យវែងឆ្ងាយ អាជីវកម្មរបស់អ្នកមិនអាចរីកចម្រើនទៅមុនបាននោះទេ ប្រសិនបើមិនមានទស្សនៈវិស័យមួយច្បាស់លាស់ និងវែងឆ្ងាយ៕

  • រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយព្រះមហាក្សត្រ

    រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយព្រះមហាក្សត្រ


    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរម សិរីរាជសម្បត្តិ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ គឺថ្ងៃទី២៨ ទី២៩ និងទី៣០ ខែតុលា ឆ្នាំ២០២៤ នៅព្រះបរមរាជវាំង និងសួនចន្ទឆាយ៉ា ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    ដោយឡែកនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៨៖០០នាទី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីមិទ្ទិញមហាជន នៅសួនចន្ទឆាយ៉ា មុខព្រះបរមរាជវាំង។
    ដើម្បីឲ្យព្រះរាជពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរ ឆ្លងកាត់ជុំវិញទីតាំងប្រារព្ធព្រះរាជពិធីខាងលើមេត្តាយោគយល់ អធ្យាស្រ័យ ធ្វើការពង្វាងចរាចរ ដោយអនុគ្រោះ៕

    រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយព្រះមហាក្សត្រ
  • ជនសង្ស័យ​ឆបោកប្រជាជនថៃនៅក្នុងក្រុមហ៊ុន​ ដឺ អាយ​ខុន​ គ្រុប (The iCon Group) ចំនួន១៨​នាក់​ ត្រូវបានប៉ូលីស​បញ្ជូន​ទៅ​ពន្ធនាគារ​ជាផ្លូវការហើយ

    ជនសង្ស័យ​ឆបោកប្រជាជនថៃនៅក្នុងក្រុមហ៊ុន​ ដឺ អាយ​ខុន​ គ្រុប (The iCon Group) ចំនួន១៨​នាក់​ ត្រូវបានប៉ូលីស​បញ្ជូន​ទៅ​ពន្ធនាគារ​ជាផ្លូវការហើយ

    តើប្រិយមិត្តអ្នកអានទាំងអស់បានតាមដានដែរឬទេ នូវរឿងដ៏កក្រើកមួយនៅក្នុងប្រទេសថៃដែលជាប្រទេសជិតខាងរបស់ប្រទេសកម្ពុជាយើង? នោះគឺរឿងដ៏ចម្រូងចម្រាសរបស់ក្រុមហ៊ុនដ៏ល្បីឈ្មោះ និងធំមួយរបស់ប្រទេសថៃ ដែលមានឈ្មោះថា “ដឺ អាយ​ខុន​ គ្រុប” (The iCon Group) ដែលទទួលបាននូវពាក្យបណ្តឹងពីសំណាក់ប្រជាជនថៃរាប់ពាន់នាក់ថា ជាក្រុមហ៊ុនឆបោក និងបានបោកប្រាស់លុយកាក់របស់ប្រជាជនថៃរហូតដល់ជាង១.៦១ពានលានបាត។

    នៅពេលថ្មីៗនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុន​ ដឺ អាយ​ខុន​ គ្រុប លោក Warathaphon Waratyaworrakul “ហៅ Boss Paul” បានបង្ហាញខ្លួននៅតុលាការជាលើកដំបូងនៅថ្ងៃសុក្រ ទី១៨ ខែតុលាកន្លងទៅថ្មីៗនេះ ដើម្បីវែកមុខរកអ្នកចូលរួមឆបោកប្រជាជនថៃនៅក្នុងគម្រោង ដឺ អាយ​ខុន​ គ្រុប បន្ថែមទៀត។

    ប៉ូលីសក៏បាននាំខ្លួនជនសង្ស័យចំនួន១៧នាក់ផ្សេងទៀតទៅកាន់តុលាការកាលពីរសៀលថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការសាកសួរស៊ើបអង្កេត និងធ្វើការឃុំខ្លួន ខណៈដែលស្ថាបនិក និងជានាយកប្រតិបត្តិ ដឺ អាយ​ខុន​ គ្រុប លោក Warathaphon Waratyaworrakul “Boss Paul” កំពុងត្រូវបានសាកសួរដោយក្រុមស៊ើបអង្កេតនៅឡើយ។

    ក្នុងនោះក៏មានតារាល្បីឈ្មោះ លោក Yuranan Pamornmontri “ហៅ Boss Sam” កញ្ញា Pechaya Wattanamontri “ហៅ Boss Min” និងលោក Kan Kantathavorn “ហៅ Boss Kan” ព្រមទាំងជនសង្ស័យចំនួន១៤នាក់ផ្សេងទៀតនៅក្នុងសំណុំរឿងក្លែងបន្លំ ដឺ អាយ​ខុន​ គ្រុប ត្រូវបានបញ្ជូនទៅតុលាការព្រហ្មទណ្ឌនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលាកន្លងទៅនេះ ដោយអ្នកទាំងអស់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំឃាំងហើយ។

    ជនសង្ស័យចំនួន១៨នាក់នៅក្នុងសំណុំរឿងក្លែងបន្លំ និងឆបោក ដឺ អាយ​ខុន​ គ្រុប ត្រូវបានបញ្ជូនទៅពន្ធនាគារបន្ទាប់ពីតុលាការព្រហ្មទណ្ឌបានបដិសេធសំណើសុំនៅក្រៅឃុំដែលដាក់ដោយតារាល្បីបីនាក់ ដោយលើកឡើងពីហានិភ័យនៃការហោះហើរ ខណៈដែលអ្នកផ្សេងទៀតមិនបានដាក់ពាក្យសុំដោះលែងនោះទេ។

    សេចក្តីសម្រេចនេះបានធ្វើឡើងនៅថ្ងៃដែលនាយកដ្ឋានស៊ើបអង្កេតពិសេស DSI បានកំណត់ទីតាំងម៉ាស៊ីនមេដែលមានកំណត់ត្រាអាជីវកម្មរបស់ក្រុមហ៊ុនលក់អនឡាញ ដែលត្រូវបានចោទប្រកាន់ពីបទដំណើរការគម្រោងពីរ៉ាមីត។ អាជ្ញាធរ​ថៃក៏​បាន​រឹបអូស​ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃសរុប​២២០​លាន​បាត រួម​ទាំង​រថយន្ត​ទំនើបៗ​ជា​ច្រើនគ្រឿងពីជនសង្ស័យទាំងនោះ​ផង​ដែរ។

    ជនសង្ស័យទាំង១៨រូប ដែលត្រូវបានគេហៅថា “ចៅហ្វាយនាយ – The Boss” នៅក្នុងឋានានុក្រមរបស់ ដឺ អាយ​ខុន​ គ្រុប ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការក្លែងបន្លំ និងបញ្ចូលព័ត៌មានមិនពិតទៅទៅដល់ប្រជាជនទូទៅឱ្យជឿស្លុង និងធ្វើការបណ្តាក់ទុនជាមួយក្រុមហ៊ុន ដឺ អាយ​ខុន​ គ្រុប ហើយអ្នកទាំង១៨រូបនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីមនុស្សជាង១,០០០នាក់បានដាក់ពាក្យបណ្តឹងរឿងក្លែងបន្លំប្រឆាំងនឹងក្រុមហ៊ុន ដឺ អាយ​ខុន​ គ្រុប។ ពួកគេនិយាយថា ដឺ អាយ​ខុន​ គ្រុប បានទាក់ទាញពួកគេដោយផ្តល់វគ្គបណ្តុះបណ្តាលលក់អនឡាញថោកៗ ហើយបន្ទាប់មកបានបង្ខិតបង្ខំពួកគេឱ្យធ្វើការប្តេជ្ញាចិត្តក្នុងការកាត់ស្តុកផលិតផលយកទៅលក់បន្ត ដែលនាំឱ្យពួកគេត្រូវខាតបង់ប្រាក់កាសរាប់រយពាន់បាត៕

    អានបន្ត៖ វគ្គបង្ហាញមុខជនសង្ស័យទាំង ១៨រូប នៅក្នុងគម្រោងក្លែងបន្លំ និងឆបោក របស់ក្រុមហ៊ុន ដឺ អាយ​ខុន​ គ្រុប ក្រុមហ៊ុនទីផ្សារបែបពីរ៉ាមីតដ៏ធំរបស់ប្រទេសថៃ

  • ឡាវ កំពុងងាកទៅរកការបង្កើតទីផ្សារជួញដូរមាសទ្រង់ទ្រាយធំ ដើម្បីស្ដារសេដ្ឋកិច្ចដែលកំពុងដាំក្បាល

    ឡាវ កំពុងងាកទៅរកការបង្កើតទីផ្សារជួញដូរមាសទ្រង់ទ្រាយធំ ដើម្បីស្ដារសេដ្ឋកិច្ចដែលកំពុងដាំក្បាល

    បរទេស ៖ រដ្ឋាភិបាលប្រទេសឡាវ បាន និងកំពុងងាកទៅរកការបង្កើតទីផ្សារជួញដូរមាសក្នុងទ្រង់ទ្រាយធំតាមរយៈធនាគារថ្មីមួយរបស់ខ្លួន ដោយរំពឹងថាអាចស្ដារសេដ្ឋកិច្ចរបស់ខ្លួនដែលកំពុងប្រឈមនឹងការដាំក្បាលចុះ។ នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានជប៉ុន នីគីអាស៊ី។

    ឡាវ កំពុងងាកទៅរកការបង្កើតទីផ្សារជួញដូរមាសទ្រង់ទ្រាយធំ ដើម្បីស្ដារសេដ្ឋកិច្ចដែលកំពុងដាំក្បាល

    ប្រភពពីបណ្តាញសារព័ត៌មានខាងលើនេះបានឱ្យថា ៖ បច្ចុប្បន្ននេះ រដ្ឋាភិបាលនៃប្រទេសឡាវ បាន និងកំពុងងាកទៅរកការជួញដូរមាសដែលជាចំណុចស្នូលយុទ្ធសាស្ត្រ ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេស។ គំនិតផ្តួចផ្តើមនេះបានបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់នៃគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសឡាវ ដែលមានបំណងប្រើប្រាស់ធនធានធម្មជាតិរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគពីបរទេស និងបង្កើនទុនបម្រុងប្តូរប្រាក់បរទេស។

    គួរកត់សម្គាល់ថា កាលពីខែកញ្ញាឆ្នាំ២០២៤កន្លងទៅនេះ រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនឯកជនក្នុងស្រុកបានសហការបណ្តាក់ទុនរួមគ្នាដើម្បីបង្កើតធនាគារថ្មីមួយមានឈ្មោះថា Lao Bullion Bank (LBB) ដែលមានប្រតិបត្តិការដូចជា ទិញ-លក់មាសទ្រង់ទ្រាយធំ និងទទួលប្រាក់បញ្ញើ ប៉ុន្តែដំណើរការមិនទាន់បានពេញលេញនោះទេ។ យ៉ាងណាមិញ ការបើកដំណើរការពេញលេញនឹងចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខនេះ ដោយនឹងរួមបញ្ជូលការជួញដូរមាស ការវិភាគភាពសុទ្ធនៃមាស ព្រមទាំងប្រតិបត្តិការផ្សេងទៀត។

    លោក Vathana Dalaloy ទេសាភិបាលធនាគារកណ្តាលស្តីទីបានលើកឡើងថា ប្រតិបត្តិការរបស់ធនាគារដែលប្រើប្រាស់ទុនបម្រុងមាសប្រមាណ ៥០០ ទៅ ១ ០០០ តោនរបស់ប្រទេសនឹងរួមចំណែកដល់ស្ថិរភាពនៃស្ថាប័នហិរញ្ញវត្ថុ និងសារពើពន្ធ។

    ឡាវ កំពុងងាកទៅរកការបង្កើតទីផ្សារជួញដូរមាសទ្រង់ទ្រាយធំ ដើម្បីស្ដារសេដ្ឋកិច្ចដែលកំពុងដាំក្បាល

    ដោយឡែក លោក Kenichiro Yamada ដែលជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច មកពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនបានលើកឡើងថា ការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់ធនាគារ Lao Bullion Bank (LBB) ដែលទើបតែបង្កើតថ្មីខាងលើនេះ អាចទាក់ទាញអតិថិជនស៊ីវិល និងការគ្រប់គ្រងទ្រព្យសម្បត្តិកាន់តែច្រើន ខណៈដែលការ​ចាប់​អារម្មណ៍​លើទីផ្សារ​មាស​កំពុង​កើន​ឡើង​​៕

  • ពិធីសម្ភោធភោជនីយដ្ឋាន Hiko Teppanyaki សាខា Design Village

    ពិធីសម្ភោធភោជនីយដ្ឋាន Hiko Teppanyaki សាខា Design Village

    ក្រុមហ៊ុន ហ្វាន់ ហ្វូដ ឯ.ក គឺជាក្រុមហ៊ុនមួយដែលមានចក្ខុវិស័យ “ក្លាយខ្លួនជាក្រុមហ៊ុនមានភាពនាំមុខគេនៅក្នុងវិស័យម្ហូបអាហារនៅរបស់ប្រទេសកម្ពុជា រួមជាមួយនឹងការផ្តល់ជូននូវម្ហូបអាហារ ប្លែកៗ ក៏ដូចជាសេវាកម្មដ៏ល្អឥតខ្ចោះ”។ សព្វថ្ងៃនេះក្រុមហ៊ុន ហ្វាន់ ហ្វូដ ឯ.ក មានយីហោភោជនីយដ្ឋានចំនួន ៥​ ដូចជា ភោជនីយដ្ឋាន កាពីទែនស៊ីហ្វូត (The Captain Seafood) ភោជនីយដ្ឋាន ហ្វាន់ក្រែប ស៊ីហ្វូត (Fun Crab Seafood) ភោជនីយដ្ឋានម្ហូបខ្មែរ ម្រះព្រៅ​ (Mras Prov), The Cut Steakhouse និង Hiko Teppanyaki។ បន្ថែមលើការទទួលទាននៅក្នុងភោជនីយដ្ឋាន និងតាមរយៈសេវាកម្មដឹកជញ្ជូនដល់ផ្ទះ ក្រុមហ៊ុនក៏មានផ្តល់ជូននូវសេវាកម្មរៀបចំម្ហូបអាហារដល់ទីតាំងរបស់អតិថិជន (Catering Service) ដែលមានម្ហូបច្រើនជម្រើស ដូចជា ម្ហូបខ្មែរ អឺរ៉ុប ជប៉ុន ជាពិសេសគឺម្ហូបជប៉ុនដែលចម្អិនដោយចុងភៅ Hibachi ផ្ទាល់​ ហៅថា “Teppanyaki at Home”។

    ភោជនីយដ្ឋាន Hiko Teppanyaki ជាភោជនីយដ្ឋានបែបជប៉ុន ដែលអតិថិជន អាចបរិភោគអាហារស្រស់ៗ និងទទួលបានបទពិសោធន៍ បរិភោគអាហារដែលចម្អិនដោយផ្ទាល់ពីចុងភៅ Hibachi ដែលមានបទពិសោធន៍ច្រើន។

    លោក ងន ដេវីដសំបូរ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន ហ្វាន់ ហ្វូដ ឯ.ក មានប្រសាសន៍ថា នៅភោជនីយដ្ឋាន Hiko Teppanyaki អតិថិជន អាចជ្រើសរើសមុខម្ហូបពិសេសៗជាង៩០មុខ ដូចជា សាច់គោអូស្រ្តាលី អាមេរិក ជប៉ុន សាច់ចៀម បង្កងតាកែវ បង្កងកាណាដា ក្តាមថ្ម ក្តាមអាឡាស្កា និងបន្លែស្រស់ៗ។

    ភោជនីយដ្ឋាន Hiko Teppanyaki ថ្មី សាខា Design Village មានអាស័យដ្ឋានផ្ទះលេខ ៦៤៥៣ ផ្លូវលេខ ១០០៣ ភូមិ ទំនប់១ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ ភ្នំពេញ។ សាខាថ្មីនេះ នឹងធ្វើអោយអតិថិជនកាន់តែភ្ញាក់ផ្អើល ជាមួយនឹងទំហំកាន់តែធំ រចនាបថពិសេសជាងមុនដែលលម្អដោយសួនជប៉ុន និងដើមសាគូរ៉ាដ៏ធំ នៅជាន់ផ្ទាល់ដី នៃផ្សារទំនើប Design Village តែម្តង។ ទីតាំងថ្មីនេះមានបន្ទប់ធំៗ និង ឡោញ ដែលអាចទទួលអតិថិជនបានច្រើននាក់ទៀតផងដែរ។

    “ទោះបីជាមានការប្រកួតប្រជែងខ្លាំងក្នុងវិស័យម្ហូបអាហារ ហ្វាន់ ហ្វូដ បានជ្រើសរើសយកយុទ្ធសាស្រ្តផ្តោតលើគុណភាពអាហារ និងសេវាកម្ម ដោយប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពល្អ ក្នុងស្រុក​ និងក្រៅស្រុក” លោក ងន ដេវីដសំបូរ បានបន្ថែម។

    បច្ចុប្បន្ន ក្រុមហ៊ុន ហ្វាន់ ហ្វូដ ឯ.ក មានសាខាភោជនីយដ្ឋានចំនួន ៦ កន្លែងនៅ រាជធានីភ្នំពេញ ដោយរាប់បញ្ចូលទាំងភោជនីយដ្ឋាន Hiko Teppanyaki សាខា Design Village នេះ។ លោកបានបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២២ នេះ ក្រុមហ៊ុន ហ្វាន់ ហ្វូដ មានគម្រោងបើក ភោជនីយដ្ឋាន ៥កន្លែងបន្ថែមទៀតនៅកម្ពុជា ដែលរួមទាំងបង្កើតយីហោ និងរចនាបថថ្មីៗ។

    ទំនាក់ទំនង

    ទីតាំង ១៖ ស្ថិតនៅជាន់ទី១ នៃផ្សារទំនើបChip Mong Noro Mall លេខទូរសព្ទ៖ 023 88 57 67 / 096 767 57 67

    ទីតាំង ១៖ ស្ថិតនៅជាន់ផ្ទាល់ដី Design Village ផ្ទះលេខ ៦៤៥៣ ផ្លូវលេខ ១០០៣ ភូមិ ទំនប់១ សង្កាត់ភ្នំពេញថ្មី លេខទូរសព្ទ៖ 066 60 68 68 / 023 23 83 84

  • ឥឡូវនេះប្រជាជននៅខេត្ត សៀមរាប អាចបន្តទិញទំនិញនៅលើវីងម៉លដូចធម្មតា

    ឥឡូវនេះប្រជាជននៅខេត្ត សៀមរាប អាចបន្តទិញទំនិញនៅលើវីងម៉លដូចធម្មតា

    អតិថិជននៅសៀមរាប នៅតំបន់ក្រហម និងតំបន់លឿងទុំ អាចបន្តទិញអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃពីវីងម៉ល ជាមួយការដឹកជញ្ជូនឥតគិតថ្លៃ។

    វីងម៉ល បន្តប្រតិបត្តិការរបស់ខ្លួនក្នុងការផ្ដល់សេវាដល់សហគមន៍នៅខេត្តសៀមរាប ​ដោយរួមទាំងអ្នករស់នៅក្នុង​តំបន់ក្រហម និងតំបន់លឿងទុំដើម្បីធានាឲ្យបានថា ពួកគេអាចទិញម្ហូបអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដោយអនុលោមទៅតាមការណែនាំរបស់អាជ្ញាធរ។ ដើម្បីបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុដល់អតិថិជន វីងម៉លផ្តល់ជូនការដឹកជញ្ជូនអាហារ និងគ្រឿងទេសផ្សេងៗ​ដោយឥតគិតថ្លៃ ដល់អតិថិជនទំាងអស់។ អតិថិជននៅខេត្តសៀមរាបក៏អាចបន្តរីករាយជាមួយការផ្តល់ជូនដ៏ពិសេសៗច្រើនដែលវីងម៉លបានដំណើរការតាំងពីដើមមក។

    លោក ហាសហ៊ីម អាលកាហ្វ ដែលជានាយកគ្រប់គ្រងទូទាត់ អាជីវកម្មអេឡិចត្រូនិកនៃវីង បានមានប្រសាសន៍ថា៖“ អ្នកដឹកជញ្ជូនរបស់យើងទាំងអស់សុទ្ធតែបានឆ្លងកាត់ការធ្វើតេស្តរកមេរោគកូវីដ ១៩​ ទាំងអស់ ហើយឥឡូវនេះត្រូវបានអនុញ្ញាតឱ្យធ្វើការផ្តល់សេវាដឹកជញ្ជូនដល់សហគមន៍ហើយ ។ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននិងភាគីពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមកាត់បន្ថយបញ្ហាប្រឈមមួយចំនួនដែលសហគមន៍របស់យើងកំពុងជួបប្រទះ តាមរយៈការធានាថាពួកគេអាចទទួលបានផលិតផលដែលជាតំរូវការចាំបាច់ប្រចាំថ្ងៃ ប្រកបដោយសុវត្ថិភាពនិងឆាប់រហ័សក្នុងកំឡុងពេលដ៏លំបាកនេះ។”

    ច្រកត្រួតពិនិត្យឆ្លងកាត់សម្រាប់ការដឹកបញ្ជូនទៅតំបន់ក្រហម និងតំបន់លឿងទុំ

    អ្នកដឹកជញ្ជូនរបស់​វីងម៉លត្រូវបានធ្វើតេស្តរកមេរោគកូវីដ ១៩ កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ ដើម្បីឲ្យពួកគេអាចផ្តល់សេវាដឹកជញ្ជូនដល់អតិថិជននៅតំបន់ក្រហម និងលឿងទុំ នៅក្នុងខេត្ត សៀមរាប ប្រកប​ដោយ​សុវត្ថិភាពបាន។

    វីងម៉ល កំពុងធ្វើការជាមួយក្រុមអ្នកស្ម័គ្រចិត្តនៅខេត្តសៀមរាបដែលមានឈ្មោះថា “តោះទៅលេង សៀមរាប” ដើម្បីទទួលប័ណ្ណធ្វើដំណើរសម្រាប់អ្នកដឹកជញ្ជូនដែលកំពុងផ្តល់សេវានៅតំបន់ក្រហម និងតំបន់លឿងទុំ។ ប័ណ្ណធ្វើដំណើរទាំងនេះត្រូវបានអនុញ្ញាតដោយអាជ្ញាធរខេត្តសៀមរាបដើម្បីធានាថាមានតែអ្នកដឹកជញ្ជូនដែលត្រូវបានធ្វើតេស្តអវិជ្ជមានប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យបំពេញការងារ។

    អ្នកដឹកជញ្ជូនវីងម៉លនៅខេត្ត សៀមរាប រង់ចាំការធ្វើតេស្តរកមេរោគកូវីដ១៩

    វីងម៉ល លើកទឹកចិត្តអ្នករាល់គ្នាឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងគោរពតាម​ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីការពារខ្លួននិងក្រុមគ្រួសារពីការឆ្លងនៃជំងឺនេះ។

    លោក ហាសហ៊ីម អាលកាហ្វ បាន​មាន​ប្រសាសន៍​ថា​៖​“វា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​អនុវត្ត​នូវ​វិធាន​ការ ៣កុំ និង​៣ការពារ ជារៀងរាល់ថ្ងៃ និងជៀសវាងការចេញទៅខាងក្រៅផ្ទះដោយមិនចាំបាច់” ។

    ដើម្បីធ្វើការបញ្ជាទិញ អតិថិជនគ្រាន់តែបើកកម្មវិធីស្មាតហ្វូនវីង រួចចុចលើរូបសញ្ញា“ វីងម៉ល” រកមើលទំនិញដែលត្រូវការ និងធ្វើការបញ្ជាទិញជាការស្រេច។ បន្ទាប់ពីធ្វើការបញ្ជាទិញ អតិថិជននឹងអាចរីករាយជាមួយអាហារនិងផលិតផលដែលពួកគេចូលចិត្តដោយឥតគិតថ្លៃដឹកជញ្ជូន។

    អ្នកដឹកជញ្ជូនវីងម៉លទទួលបានប័ណ្ណសម្រាប់ការដឹកជញ្ជូន

    ដើម្បីទទួលបានព័ត៌មានថ្មីៗ ក៏ដូចជាការផ្តល់ជូនពិសេសជារៀងរាល់ថ្ងៃពីវីងម៉ល អតិថិជននៅខេត្តសៀមរាបអាចចូលក្នុងឆានែលតេលេក្រាមរបស់វីងម៉លសៀមរាបដោយចុចលើតំណភ្ជាប់នេះ https://t.me/WingMallSR ហើយអតិថិជននៅភ្នំពេញអាចប្រើតំណភ្ជាប់មួយនេះ https://t.me/WingMall ផងដែរ។

    អាជីវកម្មដែលមានប្រជាប្រិយភាពជាច្រើននៅសៀមរាប និងភ្នំពេញ កំពុងលក់ទំនិញ ដែលរួមមានទាំងម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស សម្លៀកបំពាក់​ គ្រឿងអេឡិចត្រូនិក ផលិតផលសម្រាប់ទារក សុខភាព និងសម្រស់ ព្រមទាំងទំនិញជាច្រើនប្រភេទផ្សេងទៀតនៅលើវីងម៉ល។ សម្រាប់អាជីវករដែលចង់លក់ផលិតផល​ដល់សហគមន៍របស់ពួកគេតាមរយៈវីងម៉លអាចទាក់ទង៖ +(៨៥៥) – ០៧៨ ៣១១ ៣១១៕

  • មានតែ $197 ក្នុងមួយខែអាចទិញរថយន្ត SUV ថ្មីបាន!

    មានតែ $197 ក្នុងមួយខែអាចទិញរថយន្ត SUV ថ្មីបាន!

    តើលោកអ្នកកំពុងតែស្វែងរករថយន្តថ្មីដែលមានតម្លៃសមរម្យ និងងាយស្រួលក្នុងការបង់រំលស់មែនទេ? ប្រាកដណាស់ថ្ងៃនេះដែរយើងខ្ញុំសូមណែនាំរថយន្ត SUV ថ្មីមួយប្រភេទដែលមានវត្តមាននៅទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងត្រូវបានអតិថិជនទទួលស្គាល់ពីសមត្ថភាព ភាពធន់រឹងមាំ ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗនោះគឺរថយន្ត Ford EcoSport ដែលមានតម្លៃត្រឹមតែជាង 2 ម៉ឺនដុល្លាតែប៉ុណ្ណោះ ជាមួយនឹងជម្រើស 7 ពណ៍ដូចជា៖ ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ទឹកក្រូចក្រម៉ៅ និងប្រផេះ។

    ជាពិសេសនោះគឺរថយន្តមាននៅក្នុងស្តុកស្រាប់ ទិញភ្លាមទទួលបានរថយន្តភ្លាម សម្រាប់ការបង់ប្រាក់អាចធ្វើបានតាមរយៈសាច់ប្រាក់ ឬការបង់រំលស់ដែលមានអត្រាការប្រាក់ទាបជាងគេគឺលោកអ្នកអាចបង់ប្រចាំខែត្រឹមតែ $197 ក្នុងមួយខែ ឬបង់ប្រាក់កក់ដំបូងត្រឹមតែ $5,580 តែប៉ុណ្ណោះជាមួយនឹងលក្ខខណ្ឌនៃការបង់រំលស់ងាយៗ និងការអនុម័តឆាប់រហ័សត្រឹមតែ 2-3 ថ្ងៃលោកអ្នកអាចយករថយន្តថ្មីទៅប្រើប្រាស់បានតាមតម្រូវការ។

    រថយន្ត Ford EcoSport ថែមទាំងមានរូបរាងស្រស់ស្អាតខុសប្លែកពីរថយន្តដ៏ទៃដែលស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ និងគ្រប់តម្រូវការដែលរថយន្តនេះមានបណ្តោយ 4325mm ទទឹង 1765mm កម្ពស់ 1656mm និងកម្ពស់ពីដីរហូតដល់ទៅ 209mm ដោយសារតែមានកម្ពស់ខ្ពស់បែបនេះទើបធ្វើឲ្យរថយន្តងាយស្រួលក្នុងការបត់បែនគ្រប់កាលៈទេសៈ ការចូលចតដែលមានកម្ពស់ខ្ពស់ និងអាចបើកបរកាត់ទឹកបានជម្រៅជ្រៅដោយគ្មានបញ្ហា។ ជារួមសម្រាប់រូបរាងផ្នែកខាងក្រៅយើងឃើញថាពិតជាធំជាងរថយន្ត SUV ខ្នាតតូចដ៏ទៃ ចំណែកឯរូបរាងផ្នែកខាងក្នុងវិញក៏មានភាពទូលាយដែរ

    ជាពិសេសនោះគឺនៅត្រង់កាប៊ីនផ្នែកខាងមុខ និងតាបឡូដែលមានភាពស្រឡះងាយស្រួលក្នុងការមើលផ្លូវ និងបើកបរ​ ហើយផ្នែកខាងក្រោយក៏មានភាពធំទូលាយ ហើយកៅអីផ្នែកខាងក្រោយក៏អាចបត់បានដើម្បីងាយស្រួលក្នុងការផ្ទុកនូវអីវ៉ាន់ធំៗផងដែរ។

    រថយន្ត Ford EcoSport ត្រូវបានបំពាក់មកជាមួយម៉ាស៊ីន EcoBoost 1.0L ជំនាន់ថ្មីដែលអាចផលិតបានកម្លាំងសេះរហូតដល់ទៅ 125 PS និងកម្លាំងរមួល 170 Nm បូករួមជាមួយនឹងប្រអប់លេខ 6 វគ្គអូតូដែលអាចប្រើប្រាស់បានទាំងលេខ​អូតូ និងលេខដៃ កាន់តែទំនើបនោះគឺមាន Paddle Shift សម្រាប់បញ្ចូលលេខដៃនៅលើដៃចង្កូតផ្ទាល់តែម្តង រីឯចង្កូតវិញគឺជាចង្កូតបូមអេឡិចត្រូនិចដែលធូរងាយស្រួលបើកបរនៅក្នុងក្រុង និងជួយបន្តឹងឲ្យមានលំនឹងពេលបើកបរល្បឿនលឿន ឬផ្លូវតាមខេត្ត។ ជាប្រព័ន្ធសុវត្ថិភាព​ និងបច្ចេកវិទ្យាទំនើបលើសដៃគូប្រកួតប្រជែងនោះគឺកាមេរ៉ាមានខ្សែគំនូសពណ៍សដែលអាចពង្រីកបង្រួមបាន និងសេនសឺជុំវិញរហូតដល់ទៅ 8 គ្រាប់ មានអេក្រង់កំសាន្តទំហំ 8 អ៊ីញដែលមានភាពរស់រវើកប្រើប្រាស់បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីអាចភ្ជាប់ផ្ទាល់ទៅនឹង Apple CarPlay, Android Auto និង Google Map។

    ក្រៅពីនេះរថយន្ត Ford EcoSport នៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀត ដូច្នេះបើបងប្អូនចង់ជ្រាបច្បាស់បន្ថែមសូមអញ្ជើញមកសាកសួរព័ត៍មានក៏ដូចជា បើកបរសាកល្បងជាមួយរថយន្តនេះនៅតាមបណ្តាអគារតាំងបង្ហាញរថយន្ត Ford គ្រប់សាខាដូចជា៖

    • អគារតាំងបង្ហាញរថយន្ត Ford សាខាព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
    • អគារតាំងបង្ហាញរថយន្ត Ford សាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
    • អគារតាំងបង្ហាញរថយន្ត Ford សាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
    • អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357
    • អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883។