Author: សឿន សំណាង

  • (វីដេអូ)-ថៃ​សាក​ល្បង​វ៉ាក់​សាំង​ប្រឆាំង​​ COVID-19 នៅ​លើ​ស្វា ខណៈ​វ៉ាក់​សាំង​សម្រាប់​សាក​ល្បង​លើ​មនុស្ស​ក៏កំពុង​…

    (វីដេអូ)-ថៃ​សាក​ល្បង​វ៉ាក់​សាំង​ប្រឆាំង​​ COVID-19 នៅ​លើ​ស្វា ខណៈ​វ៉ាក់​សាំង​សម្រាប់​សាក​ល្បង​លើ​មនុស្ស​ក៏កំពុង​…

    វិទ្យាស្ថាន​វ៉ាក់​សាំង​ជាតិ​របស់​ប្រទេស​ថៃ​ បាន​ធ្វើ​ការ​សាកល្បង​វ៉ាក់សាំង​ប្រឆាំង​ COVID-19 នៅ​លើ​សត្វ​ស្វា​កន្ទុយ​វែង​ចំនួន​13​ក្បាល​ និង​តាម​ដានបរិមាណ​អង្គ​បដិប្រាណ​​ក្នុង​រយៈ​ពេល​3ខែ។

    ក្រុមអ្នកវិទ្យាសាស្ត្រថៃ ចាប់ផ្ដើមសាកល្បងវ៉ាក់សាំង COVID-19 នៅលើសត្វស្វា នៅក្នុងពិសោធន៍ដោយឡែកមួយ។ អ្នកវេជ្ជសាស្ត្របានចាក់ថ្នាំវ៉ាក់សាំងទៅក្នុងរាងកាយរបស់សត្វស្វាកន្ទុយវែងចំនួន13ក្បាល ហើយក្រោយមក ពួកគេ​នឹង​ចាប់​ផ្ដើម​​តាម​ដាន​ និង​វិភាគទៅលើកម្រិត ឬបរិមាណ​នៃអង្គបដិប្រាណដែលកើតឡើងក្នុងរាងកាយសត្វស្វានៅ​ពេលពួកវា​មានផ្ទុក​COVID-19។

    សត្វស្វាទាំងនោះនឹងត្រូវបានចាក់វ៉ាក់សាំងCOVID-19 ចំនួនពីរលើកទៀតក្នុងរយៈពេល3ខែនៃការពិសោធនេះ។ ប្រភេទវ៉ាក់សាំងដែលអ្នកវិទ្យាសាស្ត្រថៃយកមកធ្វើតេស្តនេះ គឺមានប្រើប្រាស់ផ្នែកមួយនៃកូដហ្សែនរបស់វីរុសដើម្បីបង្កើតបានជាអង្គបដិប្រាណនៅខាងក្នុងរាងកាយ។

    សូមបញ្ជាក់ថា ប្រទេសថៃកំពុងតែអនុវត្តគម្រោងអភិវឌ្ឍវ៉ាក់សាំងមួយចំនួនសម្រាប់ប្រឆាំងនឹងCOVID-19។ ក្រុមអ្នកវិទ្យាសាស្រឱ្យដឹងថា នៅពេលកំពុងសាកល្បងនៅលើសត្វ ពួកគេក៏កំពុងតែត្រៀមវ៉ាក់សាំងសម្រាប់ធ្វើការសាកល្បងនៅលើមនុស្សផងដែរ៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស

  • ចិន​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្ត្រ​សម្រាប់​រយៈ​ពេល​5​ឆ្នាំ​ខាងមុខ

    ចិន​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្ត្រ​សម្រាប់​រយៈ​ពេល​5​ឆ្នាំ​ខាងមុខ

    ផែន​ការ​5ឆ្នាំ​បន្ទាប់​កំពុង​ត្រូវ​បាន​ប្រទេស​ចិន​រៀប​ចំ​ធ្វើ​ឡើង​ដោយ​មាន​ការ​ដាក់​គោលដៅ​ “ម្ចាស់​ការ​ និង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ទៅ​លើ​បច្ចេក​វិទ្យា​សហរដ្ឋ​អាមេរិក”។

    ផែន​ការ​រយៈ​ពេល​5​ឆ្នាំ​ជា​លើក​ទី​14​របស់​ប្រទេស​ចិន​ ដែលនឹង​ដាក់​ចេញ​​គោលដៅ​នយោបាយ​ និងសេដ្ឋកិច្ច​សម្រាប់​ដំណាក់​កាល​​ឆ្នាំ​2021-2025 បង្ហាញ​អំពី​ការ​ផ្លាស់​ប្ដូរគោលនយោបាយ​របស់​ទីក្រុង​ប៉េកាំង​ក្នុង​កាលៈ​ទេសៈ​ប្រទេស​ចិន​​និង​សហរដ្ឋ​អាមេរិក​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ប្រកប​ដោយ​ភាព​តាន​តឹង​ទាក់​ទិន​នឹង​បញ្ហា​ជា​ច្រើន​​ ក៏ដូចជា​បញ្ហា​ដែល​ចិន​ត្រូវ​ប្រឈម​នឹង​គូ​ប្រជែង​ផ្សេង​ៗ​នៅ​ទូទាំង​ពិភពលោក​។ នេះ​បើ​តាម​ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ដែល​កំពុង​ចូល​រួម​រៀប​ចំ​ផែន​ការ​ខាង​លើ។

    កំណែ​ចុង​ក្រោយ​របស់​ផែន​ការ​នេះ​នឹង​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​​នៅ​ក្នុង​ខែ​មីនា​ ឆ្នាំ​2021​ ប៉ុន្តែ​ការ​វិភាគ​បឋម​បាន​បង្ហាញ​ថា ប្រទេស​ចិន​នឹង​បង្កើន​ភាព​ម្ចាស់​ការ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​​ ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ទៅ​លើ​​សហរដ្ឋ​អាមេរិក​។

    ទន្ទឹម​នឹង​នោះ ទីក្រុង​ប៉េកាំង​ក៏នឹង​នៅ​តែ​រក្សា​គោល​នយោបាល​ “បើក​ចំហ​ទ្វារ និង​រៀបចំរចនាសម្ព័ន្ធឡើងវិញ” ដើម្បី​រក្សា​តួនាទី​ជា​ចំណុច​កណ្ដាល​របស់​ខ្លួន​ក្នុង​ការ​ផ្គត់​ផ្គង់​ផលិត​ផល​សម្រាប់​ពិភពលោក​ ពិសេស​គឺ​សម្រាប់​បណ្ដា​ប្រទេស​នៅ​អាស៊ី និង​អឺរ៉ុប​ ព្រម​ទាំង​កាត់​បន្ថយ​ឥទ្ធិ​ពល​នៃ​ “ហានិភ័យ​នៃ​ការ​ឃ្លាតឃ្លា​” កាន់​តែ​ឆ្ងាយ​ពី​ទីក្រុង​វ៉ាស៊ីង​តោន​។

    គំនិតខាង​លើ​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជីន​ភីង​ ផងដែរ​។ តាម​រយៈ​ផែន​ការ​ខាងលើ​នេះ​ ទីក្រុង​ប៉េកាំង​នឹង​អនុវត្ត​រូប​មន្ត​អភិវឌ្ឍ​ថ្មី​ “រួម​មាន​ទាំង​បណ្ដាញ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ទ្រង់​ទ្រាយ​ធំ និង​បណ្ដាញ​សេដ្ឋ​កិច្ច​អន្តរ​ជាតិ​” ដើម្បី​ជំនួស​ឱ្យ​ការ​ពឹង​ផ្អែក​ទៅ​លើ​តែ​ទីផ្សារ​ក្រៅ​ស្រុក​។

    ចិន​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្ត្រ​សម្រាប់​រយៈ​ពេល​5​ឆ្នាំ​ខាងមុខ
    ប្រធានាធិបតី​ចិន លោក​​ ស៊ី ជីនភីង ដើរ​កាត់​ក្រុម​អ្នក​តំណាង​រាស្ត្រ​នៅក្នុង​ពិធីបើក​កិច្ច​ប្រជុំ​សភា​ចិន​កាលពី​ថ្ងៃទី​​21 ឧសភា​ ឆ្នាំ2020។ រូប​ថត​៖ AFP

    បច្ចេកវិទ្យា​ក៏​ជា​វិស័យ​សំខាន់​មួយ​ដែល​ត្រូវ​បាន​ចិន​សង្ឃឹម​ថា​នឹង​មាន​ភាព​អស្ចារ្យ​ជាង​នេះ​​នៅក្នុង​រយៈ​ពេល​5ឆ្នាំ​ទៅ​មុខ​​។​ ការ​ដែល​ទីក្រុង​វ៉ាស៊ីង​តោន​កៀប​សង្កត់​ទៅ​លើ​ក្រុម​ហ៊ុន Huawei និង​កាត់​បន្ថយ​ការ​នាំ​ចេញ​ផលិត​ផល​បច្ចេក​វិទ្យា​ខ្ពស់​ទៅកាន់​ប្រទេស​ចិន​ ក៏​បាន​ជំរុញ​ឱ្យ​ទីក្រុង​ប៉េកាំង​ស្វែង​រក​គ្រប់​មធ្យោបាយ​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ទៅ​លើ​បច្ចេកវិទ្យា​បរទេស​។

    បណ្ដា​ផែន​ការ​5​ឆ្នាំ​របស់​ប្រទេស​ចិន​ ចាប់​ពី​ឆ្នាំ​1981​ រហូត​ដល់​បច្ចុប្បន្ន គឺ​សុទ្ធ​សឹង​តែ​ផ្ដល់​អាទិភាព​ទៅលើ​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ ​ការ​ការ​ពារ​បរិស្ថាន​ និង​របប​សន្តិសុខ​សង្គម​។ ទាំង​នេះ​គឺជា​គ្រឹះ​សម្រាប់​ផែន​ការ​5ឆ្នាំចំនួន​រាប់​រយ​នៅ​​ថ្នាក់​ខេត្ត​​ ក្រុង​ និង​វិស័យ​ឧស្សាហ​កម្ម​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​រីកចម្រើន​ស្រប​គ្នា​នៅ​ទូទាំង​ប្រទេស​។

    ក្នុង​ផែន​ការ​5ឆ្នាំ​ ដំណាក់​កាល​​ឆ្នាំ​2016-2020​ ប្រទេស​ចិន​បាន​ដាក់​ចេញ​​គោល​ដៅ​សំខាន់​ចំនួន​25​ ក្នុង​នោះ​មាន​គោល​ដៅ​ចំនួន​13​​ត្រូវ​បាន​កំណត់​ឱ្យ​សម្រេច​បាន​ជា​ដាច់​ខាត ដូច​ជា​កាត់បន្ថយ​ភាព​ក្រីក្រ និង​ធានា​ឱ្យ​មាន​ដី​គ្រប់​គ្រាន់​សម្រាប់​បង្ក​បង្កើន​ផល​។

    លទ្ធ​ផល​នៃ​ការ​វាយ​តម្លៃ​ទៅលើ​ផែន​ការ​5​ឆ្នាំ សម្រាប់​ឆ្នាំ​2016-2020​ បាន​បង្ហាញ​ថា មានគោល​ដៅ​ចំនួន​4​បាន​យឺត​យ៉ាវ​ ក្នុង​នោះ​មាន​ថវិកា​សម្រាប់​ការ​អភិវឌ្ឍ និង​ស្រាវ​ជ្រាវ​បច្ចេកវិទ្យា​ថ្មី ក៏ដូចជា​គុណ​ភាព​ទឹក។ល​។

    មេរោគ​រាត​ត្បាត​COVID-19 ក៏​បាន​​គំរាម​កំហែង​ដល់​គោល​ដៅ​បង្កើន​ទំហំ​សេដ្ឋ​កិច្ច​ទ្វេដង​ដែល​ជា​គោល​ដៅ​សំខាន់​បំផុត​​នៅក្នុង​ផែន​ការ​​ចាប់​ពី​ឆ្នាំ​2010-2020 បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​ចិន​ធ្លាក់​ចុះ​6.8​%​ក្នុង​ត្រី​មាស​ទី​មួយ​នៃ​ឆ្នាំ2020​ ព្រម​ទាំង​បាន​កាត់​ផ្ដាច់​ក្ដី​សង្ឃឹម​ចំពោះ​កំណើន​ប្រាក់​ចំណូល​ជា​អប្ប​បរមា​ 6.5​% សម្រាប់​មនុស្ស​ម្នាក់​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស

  • ពលរដ្ឋអាមេរិកាំង នាំគ្នាហែទៅលេងសមុទ្រ ថ្ងៃឈប់សម្រាកយ៉ាងកកកុញ មិនខ្វល់នឹងចំនួន​ស្លាប់​ដោយ​សារ​​វីរុស​កូវីដ-19 ឡើងដល់សែននាក់

    ពលរដ្ឋអាមេរិកាំង នាំគ្នាហែទៅលេងសមុទ្រ ថ្ងៃឈប់សម្រាកយ៉ាងកកកុញ មិនខ្វល់នឹងចំនួន​ស្លាប់​ដោយ​សារ​​វីរុស​កូវីដ-19 ឡើងដល់សែននាក់

    កាលពីថ្ងៃទី24 ឧសភា ម្សិលមិញ ទីភ្នាក់ងារព័ត៌មានAP បានរាយការណ៍ពីបរិយាកាសនៃការសម្រាកលម្ហែរបស់ពលរដ្ឋអាមេរិកាំង ក្នុងអំឡុងថ្ងៃឈប់សម្រាកចុងសប្ដាហ៍ Memorial Day ត្រូវនឹងថ្ងៃដែលបង្ហាញពីសញ្ញានៃការឈានចូលដល់រដូវក្ដៅ យ៉ាងមិនទាន់ផ្លូវការនៅក្នុងសហរដ្ឋអាមេរិកថា នៅតាមឆ្នេរសមុទ្រជាច្រើនកន្លែង ពេញទៅដោយមនុស្សម្នាចំនួនដ៏ច្រើន ដែលទោះជាសហរដ្ឋអាមេរិកនៅតែមានចំនួនអ្នកឆ្លងមេរោគកូវីដ-19 កើនឡើងជារឿយៗ និងមានចំនួនអ្នកស្លាប់ឡើងជិតដល់ 100,000នាក់ហើយក៏ដោយ។

    បណ្ដាអាជ្ញាធរតំបន់ និងអង្គភាពការពារតាមឆ្នេរសមុទ្រ ត្រូវនៅចាំដាស់តឿនប្រជាជនឱ្យរក្សាគម្លាតរវាងគ្នានឹងគ្នា តែក៏ជារឿងមួយ ពិបាកខ្លាំងណាស់ដែរ ដូចជានៅឆ្នេរ ដេយ៍ថូណា ប៊ីជឆ៍ រដ្ឋហ្វ្លរីដាជាដើម នៅទីនោះពេញទៅដោយមនុស្សម្នា មានទាំងធ្វើផារធីជប់លៀងនៅលើឆ្នេរសមុទ្រ ដែលមានមនុស្សចូលរួមជាង 200នាក់ និងថែមទាំងនៅពេលព្រលប់ មានកើតហេតុប៉ះទង្គិចគ្នា មានស្នូរកាំភ្លើងលាន់ឮឡើងនៅក្នុងពិធី និងមានមនុស្សរងរបួស ត្រូវបញ្ជូនទៅមន្ទីរពេទ្យទៀតផង។

    People visit Pensacola Beach in Pensacola, Fla., Saturday, May 23, 2020, during the coronavirus pandemic. (David Grunfeld/The Advocate via AP)

    ដូចគ្នានឹងទីក្រុងធែមប៉ា រដ្ឋហ្វ្លរីដាដដែលដែរ នៅទីនោះមានប្រជាជនចំនួនដ៏ច្រើនបាននាំគ្នាហែទៅលេងមាត់សមុទ្រ រហូតដល់កន្លែងចតរថយន្ត ពេញណែន។ ចំពោះស្ថានការណ៍នេះ ធ្វើឱ្យលោកស្រីវេជ្ជបណ្ឌិត ដេប្រាហ៍ ប៊ើកស៍ អ្នកទំនាក់ទំនងក្រុមប្រតិបត្តិការទប់ទល់នឹងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ប្រចាំសេតវិមាន និយាយថា ជារឿងដែលគួរឱ្យវិតក្កកង្វល់ជាទីបំផុត។

    People enjoy Pensacola Beach in Pensacola, Fla., Saturday, May 23, 2020, during the coronavirus pandemic. (David Grunfeld/The Advocate via AP)

    លោកស្រីវេជ្ជបណ្ឌិត ថ្លែងថា “យើងចង់ឱ្យច្បាស់លាស់ថា ការរក្សាគម្លាតរវាងគ្នានឹងគ្នា គឺជារឿងសំខាន់ខ្លាំងណាស់ បើអ្នកមិនអាចរក្សាគម្លាតឆ្ងាយពីគ្នាបាន ហើយចេញក្រៅផ្ទះនោះ យ៉ាងហោចណាស់ ក៏ត្រូវពាក់ម៉ាស់អនាម័យការពារដែរ”។

    Revelers celebrate Memorial Day weekend at Osage Beach of the Lake of the Ozarks, Missouri, U.S., May 23, 2020 in this screen grab taken from social media video and obtained by Reuters on May 24, 2020. Twitter/Lawler50/via REUTERS

    នៅឯទីក្រុងនីវយ៉ក ស្ថានការណ៍ការឆ្លងរាលដាលរបស់មេរោគកូវីដ-19 បានធូរស្រាលខ្លះហើយ មានមនុស្សម្នាចេញមកគេងសំដិលថ្ងៃ នៅក្នុងសួនច្បារសាធារណៈ ដែលមានគូសរង្វង់ទុកគម្លាតឆ្ងាយពីគ្នា ដោយអ្នកដែលមកទីនោះបាននាំគ្នានិយាយថា មានអារម្មណ៍ល្អ ដែលបានចេញមកទទួលយកខ្យល់អាកាសក្រៅផ្ទះបែបនេះខ្លះ។

    People in Domino Park are seen in circles painted as guidelines for social distancing during the outbreak of the coronavirus disease (COVID-19) in Brooklyn, New York City, U.S., May 24, 2020. REUTERS/Andrew Kelly

    សម្រាប់សហរដ្ឋអាមេរិក មានអ្នកឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីនេះរួចហើយចំនួន 1.6លាននាក់ មានអ្នកស្លាប់ចូលជិតដល់ 1សែននាក់ហើយ បើប្រៀបធៀបនឹងទ្វីបអឺរ៉ុបទាំងមូល ដែលមានអ្នកស្លាប់ 169,000នាក់។ នីវយ៉ក ថាមស៍ សាព័ត៌មានដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក បានចំណាយផ្ទៃនៅលើទំព័រ1 បោះពុម្ពផ្សាយពីបញ្ជីឈ្មោះអ្នកស្លាប់នៅក្នុងសហរដ្ឋអាមេរិក ព្រមទាំងដាក់ចំណងជើងធំៗថា “ការបាត់បង់ដែលមិនអាចគណនាបាន”។

    The cover of The New York Times, featuring a headline regarding the approaching 100,000th death of the coronavirus disease (COVID-19), is seen for sale in Manhattan, New York City, U.S., May 24, 2020. REUTERS/Andrew Kelly

    ចំណែកលោកប្រធានាធិបតីដូណាល់ ត្រាំ វិញ បានចំណាយពេលវេលានៃថ្ងៃឈប់សម្រាក ទៅវាយកូនហ្គោល ជាប់ៗគ្នា 2ថ្ងៃនៅឯក្លិបផ្ទាល់ខ្លួនរបស់លោក នៅក្នុងរដ្ឋវើជីនៀ ក្រោយពីមិនបានលេងកីឡានេះជាយូរមកហើយ។

    Second to left: U.S. President Donald Trump participates in a round of golf amid the coronavirus disease (COVID-19) outbreak, in Sterling, Virginia, U.S., May 24, 2020. REUTERS/Tom Brenner

    កាលពីពេលមុននេះ លោកត្រាំ បានបង្ហើបឱ្យដឹងថា លោកខ្លួនឯងបានលេបថ្នាំ ហាយដ្រុកស៊ី ក្លូរ៉ូគីន និងហ្ស៊ិង ដើម្បីការពារមេរោគវីរុសមួយនេះ ដែលធ្វើឱ្យកើតមានការរិះគន់យ៉ាងសន្ធឹកថា តើវាជាវិធីដែលមានសុវត្ថិភាពដែរឬ? ព្រោះថ្នាំមួយនេះ ប្រើសម្រាប់តែការព្យាបាលជំងឺគ្រុនចាញ់(ម៉ាឡារៀ) និងនៅមិនទាន់ការធានារ៉ាប់រងថា វាអាចការពារមេរោគកូវីដ-19 បាននៅឡើយ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ​ចិន​ប្រកាស​ថា​នឹងអនុម័ត​ ហើយ​អនុវត្តច្បាប់​សន្តិសុខ​ហុង​កុង​ “​ឱ្យ​ទាល់​តែ​បាន​”

    ​ចិន​ប្រកាស​ថា​នឹងអនុម័ត​ ហើយ​អនុវត្តច្បាប់​សន្តិសុខ​ហុង​កុង​ “​ឱ្យ​ទាល់​តែ​បាន​”

    ឧបនាយក​រដ្ឋ​មន្ត្រី​ចិន​ លោក Han Zheng បាន​ថ្លែង​ប្រាប់​ប្រតិភូ​ហុង​កុង​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​​របស់​សភា​​ជាតិ​ថា ទីក្រុង​ប៉េកាំង​នឹង​ “ធ្វើ​ឱ្យ​ទាល់​តែ​បាន​”​ នូវ​ច្បាប់​សន្តិសុខ​ហុង​កុង​។

    លោក Han Zheng មេដឹក​នាំ​ចិន​ដែល​ទទួល​បន្ទុក​គ្រប់​គ្រង​បញ្ហា​ហុង​កុង​ និង​ម៉ាកៅ​ បាន​ជួប​ពិភាក្សា​ជា​មួយ​ប្រតិភូ​​មក​ពី​ហុង​កុង​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​នៅ​មហាសាល​ប្រជាជន​ (Great Hall of the People) នា​រដ្ឋ​ធានី​ប៉េកាំង​កាល​ពីម្សិល​មិញ(24​ឧសភា)​។

    Wong Yuk-shan អនុប្រធាន​នៃ​ប្រតិ​ភូ​ហុងកុង​​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​សភា​​ចិន បាន​ដក​ស្រង់​សម្ដី​របស់​ឧបនាយក​រដ្ឋ​មន្ត្រី​ចិន​ លោក Han Zheng បាន​ឱ្យ​ដឹង​ថា “កុំវាយ​តម្លៃ​ទាប​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ទីក្រុង​ប៉េកាំង​ឱ្យសោះ​។ នៅ​ពេល​សេចក្ដី​សម្រេច​បាន​ដាក់​ចេញ យើង​នឹង​អនុវត្ត​វា​ឱ្យ​ខាង​តែ​បាន​”។ លោក Han Zheng សង្កត់​ធ្ងន់​ថា សេចក្ដី​សម្រេច​​ត្រូវ​បាន​លើក​ឡើង​ក្រោយពី​ទីក្រុង​ប៉េកាំង​បាន​ពិចារណា​យ៉ាង​ល្អិត​ល្អន់​​ ដោយ​គិត​ទៅ​លើ​ផល​ប្រយោជន៍​យូរ​អង្វែង​របស់​ហុង​កុង​ ហើយ​សំខាន់​ជាង​នេះ​ គឺ​ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិទាំង​មូល​​។

    សេចក្ដី​ប្រកាសខាងលើ​​ត្រូវ​បាន​ឧបនាយក​រដ្ឋ​មន្ត្រី​ចិន​លើក​ឡើង​​ក្នុង​គ្រា​ដែល​សាធារណមតិ​កំពុង​​ផ្ដោត​ទៅ​លើ​ដែន​ដី​ពិសេស​ នៅ​ប៉ុន្មាន​ម៉ោង​មុន​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​ប៉ូលិស​ហុង​កុង និង​ក្រុម​បាតករ​រាប់​ពាន់​នាក់​ដែល​តវ៉ា​ប្រឆាំង​នឹង​សេចក្ដីព្រាង​ច្បាប់​សន្តិសុខហុងកុង​នេះ។

    លោក Han Zheng ក៏​បាន​ធានា​ថា “​ប្រទេស​មួយ របបពីរ​” គឺជា​ច្បាប់​មូលដ្ឋាន​ដើម្បី​កែ​លម្អ​ទំនាក់​ទំនង​រវាង​ទីក្រុង​ហុង​កុង​ និង​រដ្ឋាភិបាល​ចិន​ ក្នុង​នោះ​ទីក្រុង​ប៉េកាំង​នឹង​អនុវត្ត​ពេញ​លេញ​នូវ​គោលនយោបាយ​នានា និង​គោរព​ដល់​គោលការណ៍​ “អ្នក​ហុងកុង​គ្រប់​គ្រង​​អ្នក​ហុង​កុង​” ផងដែរ​។

    សេចក្ដី​ព្រាង​ច្បាប់​សន្តិសុខ​ហុង​កុង​នេះ​ តាម​គម្រោង​នឹង​ត្រូវ​អនុម័ត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទៅ​28​ឧសភា​ខាង​មុខ​ ដែល​ជា​ថ្ងៃ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សភា​ចិន​។ គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃ​​​សភា​ចិន បាន​ទទួល​សិទ្ធិ​ក្នុងការ​តាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​លម្អិត​ និង​អនុវត្ត​នៅ​ទីក្រុង​ហុង​កុង​ដោយ​មិនចាំបាច់​ឆ្លងកាត់​សភានីតិប្បញ្ញត្តិ​របស់​​ហុង​កុង​នោះឡើយ​។ សភានីតិប្បញ្ញត្តិ​នឹង​ពិភាក្សា​អំពី​សេចក្ដី​ព្រាងច្បាប់​សន្តិ​សុខ​ហុង​កុង​នេះ​នៅ​ថ្ងៃទី​27​ឧសភា​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • កូរ៉េខាងជើង ពិភាក្សាគ្នា លើកកម្ពស់ការការពារសង្គ្រាមនុយក្លេអ៊ែរ ក្រោយមានដំណឹងថា សហរដ្ឋត្រៀម​សាក​ល្បង​នុយក្លែ​អ៊ែរ

    កូរ៉េខាងជើង ពិភាក្សាគ្នា លើកកម្ពស់ការការពារសង្គ្រាមនុយក្លេអ៊ែរ ក្រោយមានដំណឹងថា សហរដ្ឋត្រៀម​សាក​ល្បង​នុយក្លែ​អ៊ែរ

    ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងAFP បានរាយការណ៍ថា កាលពីថ្ងៃទី24 ឧសភា ទីភ្នាក់ងារព័ត៌មានមជ្ឈិម KCNA របស់ប្រទេសកូរ៉េខាងជើង បានរាយការណ៍ថា លោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើង បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរបស់កងទ័ព ដើម្បីពិភាក្សាពាក់ព័ន្ធនឹងនយោបាយថ្មីរបស់ប្រទេសកូរ៉េខាងជើង ក្នុងការបង្កើនសមត្ថភាពផ្នែកនុយក្លេអ៊ែររបស់ខ្លួន លើកកម្ពស់ការការពារសង្គ្រាមនុយក្លេអ៊ែរ ក្នុងខណៈដែលការចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានជាប់គាំងកាលពីពេលកន្លងមក។

    ព័ត៌មានបានបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការយោធាមជ្ឈិម របស់បក្សពលករកូរ៉េ អាចនិយាយបានថា ជាការបង្ហាញខ្លួនដល់សាធារណជន ជាលើកដំបូងក្នុងជុំ 3សប្ដាហ៍ របស់លោក គីម ជុង អ៊ុន ដែលមិនសូវបានបង្ហាញវត្តមានញឹកញាប់ប៉ុន្មាន ក្នុងអំឡុងពេល 2ខែកន្លងទៅ ក្រោមក្ដីបារម្ភកង្វល់ ពាក់ព័ន្ធនឹងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 និងមានការលើកឡើងថា លោក គីម អាចនឹងឈឺធ្ងន់ទៀតផង។

    AFP បានរាយការណ៍ថា កិច្ចប្រជុំនោះ បានកើតឡើង ក្រោយពីចុងសប្ដាហ៍កន្លងទៅ សារព័ត៌មានរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា រដ្ឋបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានពិភាក្សាគ្នាថា សហរដ្ឋអាមេរិកនឹងធ្វើការសាកល្បងនុយក្លេអ៊ែរ និងកំណត់យុទ្ធសាស្ត្ររបស់កងទ័ពជាថ្មី ក្នុងអំឡុងពេលច្រើនសិបឆ្នាំកន្លងមកនេះ។

    KCNA បានរាយការណ៍ថា កិច្ចប្រជុំលើកនេះ គឺជាការពិភាក្សាគ្នា ដើម្បីលើកកម្ពស់កងទ័ព និងរិះរកវិធីគ្រប់គ្រងការឈ្លានពានពីកងកម្លាំងរបស់សត្រូវ រួមទាំងការចាត់តាំងគោលនយោបាយថ្មី ដើម្បីលើកកម្ពស់ការការពារសង្គ្រាមនុយក្លេអ៊ែរ និងកំណត់កលយុទ្ធរបស់កងទ័ព ឱ្យស្ថិតក្នុងការប្រុងជើងការកម្រិតខ្ពស់បំផុត។

    យ៉ាងណាក៏ដោយ រូបភាពនៅក្នុងសារព័ត៌មាន រ៉ូដុង ស៊ីនមុន របស់កូរ៉េខាងជើង ដែលបានផ្សព្វផ្សាយ មិនបង្ហាញថា មាននរណាម្នាក់ពាក់ម៉ាស់អនាម័យការពារការឆ្លងមេរោគវីរុសឡើយ ដោយទាំងអស់នេះ រដ្ឋបាលកូរ៉េខាងជើង បានអះអាងថា មិនមានអ្នកជំងឺកូវីដ-19 ឡើយនៅក្នុងប្រទេសរបស់ខ្លួន តែអ្នកជំនាញការមិនជឿថា នេះជាការពិតឡើយ៕

    ប្រភព៖ សាព័ត៌មានបរទេស

  • ចិនថា សហរដ្ឋអាមេរិក​កំពុង​រុញ​សម្ព័ន្ធ​ភាពឱ្យ​ចូលឆ្ពោះទៅរក “មាត់ជ្រោះនៃសង្គ្រាមត្រជាក់ជាថ្មី”

    ចិនថា សហរដ្ឋអាមេរិក​កំពុង​រុញ​សម្ព័ន្ធ​ភាពឱ្យ​ចូលឆ្ពោះទៅរក “មាត់ជ្រោះនៃសង្គ្រាមត្រជាក់ជាថ្មី”

    លោក វ៉ាង ដែលមានតំណែងបន្ថែមជា មន្ត្រីនៃរដ្ឋ(state Councillor)ដែលតាមប្រព័ន្ធឋានានុក្រមរបស់ចិន មានឋានៈស្មើនឹងឧបនាយករដ្ឋមន្ត្រីនោះ បានថ្លែងថា សហរដ្ឋអាមេរិកកំពុងមានផ្ទុកមេរោគ “វីរុសខាងនយោបាយ” ដែលកំពុងចម្លងទៅទូទាំងប្រទេស ដែលបង្ហាញអាការដោយការជំរុញឱ្យពួកបុគ្គលខាងនយោបាយក្នុងប្រទេស ចាំតែវាយប្រហារចិនជាបន្តបន្ទាប់ ឥតស្រាកស្រាន្ត។

    “វីរុសខាងនយោបាយនេះ ប្រើឱកាស គ្រប់ៗឱកាស ដើម្បីវាយប្រហារ និងលាបពណ៌ចិន។ អ្នកនយោបាយមួយចំនួន ដល់ថ្នាក់លែងរវីរវល់ចំពោះរឿងពិតកាលពីដំបូងៗទាំងឡាយ និងគូសវាសច្នៃប្រឌិត តែងរឿងកុហកផ្សេងៗជាច្រើន ដើម្បីចាត់ការប្រទេសចិន រួមទាំងរៀបផែនការឧបាយកល បែបទ្រឹស្ដីសមគំនិតដ៏ច្រើនលើសលប់”

    លោក វ៉ាង បានប្រាប់ទៅក្រុមអ្នកយកព័ត៌មានក្នុងអំឡុងការថ្លែងការណ៍ ក្នុងឱកាសការប្រជុំពេញអង្គនៃសភាប្រជា​ជន​ចិន​(រដ្ឋសភាចិន) ដែលជាធម្មតាតែងរៀបចំឡើង 1ឆ្នាំម្ដង និងប្រើរយៈពេលប្រមាណ 1សប្ដាហ៍នោះថា “វាធ្វើឱ្យយើងចាប់អារម្មណ៍មើលឃើញថា មានក្រុមកម្លាំងខាងនយោបាយជាច្រើនក្រុមនៅក្នុងសហរដ្ឋអាមេរិក កំពុងចាប់យកសម្ព័ន្ធភាពចិន-អាមេរិក ទៅធ្វើជាចំណាប់ខ្មាំង និងកំពុងរុញច្រានប្រទេសទាំង2 របស់យើង ឱ្យចូលឆ្ពោះទៅរកមាត់ជ្រោះនៃសង្គ្រាមត្រជាក់ជាថ្មី”

    លោក វ់ាង មិនបានបញ្ជាក់ថា “ក្រុមកម្លាំង” ដែលលោកបានលើកឡើងនោះជាអ្វីឡើយ តែតាមរយៈរឿងរ៉ាវកន្លងមក លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ រួមទាំងរដ្ឋមន្ត្រីការបរទេស ម៉ៃក៍ ប៉ុមប៉េអូ ផងនោះ គឺជាអ្នកដឹកនាំការរិះគន់វាយប្រហារប្រទេសចិន មានតាំងពីចោទប្រកាន់ក្នុងលក្ខណៈបង្ហាញពីទ្រឹស្ដីសមគំនិត ដោយមិនដែលបានបង្ហាញភ័ស្តុតាងអះអាងឡើយថា វីរុសនេះចេញមកពីបន្ទប់ពិសោធន៍ក្នុងទីក្រុងវូហានរបស់ចិន រហូតទៅដល់ការថ្កោលទោសថា ក្រុងប៉េកាំងលាក់បាំងព័ត៌មានក្នុងអំឡុងពេលដំបូងៗ ដែលកើតការឆ្លងរាលដាល ដែលរហូតមកដល់ពេលនេះជាហេតុធ្វើឱ្យមានមនុស្សស្លាប់ជាង 340,000នាក់ និងសេដ្ឋកិច្ចធ្លាក់ក្នុងសភាពយ៉ាប់យ៉ឺនទាំងអស់គ្នា។

    ទោះជាសំឡេងរិះគន់ទាំងអស់នេះរបស់ក្រុងវ៉ាស៊ីនតោន ត្រូវបានគេតាមដានសម្លឹងមើលយ៉ាងទូលំទូលាយនៅក្នុងសហរដ្ឋអាមេរិកថា ជាការព្យាយាមរបស់លោកប្រធានាធិបតី ត្រាំ ក្នុងការបង្វែរចំណាប់អារម្មណ៍ចេញពីកំហុសឆ្គង និងការបរាជ័យរបស់សេតវិមានខ្លួនឯង ក្នុងការទប់ទល់នឹងមេរោគកូវីដ-19 រួមទាំងការរំពឹងទុក ក្នុងការរកសំឡេងឆ្នោតចេញពីអារម្មណ៍នាពេលបច្ចុប្បន្នរបស់ពលរដ្ឋអាមេរិកាំង ដែលផូលធ្វើប្រជាមតិ បានចង្អុលបង្ហាញថា សញ្ញាក្នុងការមើលប្រទេសចិនក្នុងន័យអវិជ្ជមាន បានកើនឡើងច្រើនក៏ដោយ។

    នៅក្នុងសេចក្ដីថ្លែងការណ៍លើកនេះ លោកវ៉ាង មើលទៅហាក់ដូចជាវាយសំពងទៅលើសហរដ្ឋអាមេរិក ដែលនៅតែត្រូវរើបម្រះយ៉ាងខ្លាំងក្លាក្នុងការគ្រប់គ្រងវីរុសកូវីដ-19 ឱ្យស្ថិតក្នុងកណ្ដាប់ដៃឱ្យបាន ខណៈដែលចំនួនអ្នកឆ្លង និងចំនួនអ្នកស្លាប់​ដោយ​សារ​មេរោគ​មួយនេះនៅក្នុងប្រទេសអាមេរិក សុទ្ធតែជាប់លេខ1 លើពិភពលោកទាំងអស់។

    ចិនថា សហរដ្ឋអាមេរិកកំពុងរុញសម្ព័ន្ធភាពឱ្យចូលឆ្ពោះទៅរក “មាត់ជ្រោះនៃសង្គ្រាមត្រជាក់ជាថ្មី”លោក វ៉ាង ថ្លែងថា “ខ្ញុំសំណូមពរដល់សហរដ្ឋអាមេរិក ឱ្យបញ្ឈប់ការបំផ្លាញពេលវេលាដោយឥតប្រយោជន៍នេះទៅ និងបញ្ឈប់ការបណ្ដោយឱ្យជីវិតដ៏មានតម្លៃរបស់មនុស្សលោក ត្រូវបាត់បង់ដោយទទេៗ”

    លោកបានបន្តទៀតថា ចិន “បើកទូលាយ” សម្រាប់ការរួមសហការលំដាប់អន្តរជាតិលើផ្នែកវិទ្យាសាស្ត្រ ដើម្បីបញ្ជាក់បង្ហាញពីដើមកំណើតរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះ តែលោកបានបញ្ជាក់ថា ការស៊ើបអង្កេតណាមួយក្នុងរឿងនេះ ត្រូវតែ “គ្មានការជ្រៀតជ្រែកខាងនយោបាយ” ត្រូវអាងលើវិទ្យាសាស្ត្រ និងដឹកនាំដោយអង្គការសុខភាពពិភពលោក។

    លោក វ៉ាង បានបញ្ជាក់ច្បាស់ថា “បុគ្គលក្នុងពិភពនយោបាយមួយចំនួននៅក្នុងសហរដ្ឋអាមេរិក ប្រញាប់វាយត្រាអះអាងពីវីរុសមួយនេះ និងព្យាយាមធ្វើឱ្យដើមកំណើតនៃប្រភពរបស់វា ក្លាយជារឿងនយោបាយ ដោយការវាយត្រាបាបទម្លាក់កំហុសលើប្រទេសចិន”។ មន្ត្រីនៃរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសចិន បានប្រាប់ ព្រមទាំងបន្ថែមទៀតថា ការស៊ើបអង្កេតណាមួយក៏ដោយ របស់អន្តរជាតិចំពោះរឿងនេះ នឹងត្រូវ “ផ្ទុយនឹងការសន្និដ្ឋានទុកជាមុនថា អ្នកណាបានធ្វើខុស”។

    ក្រៅពីរឿងវីរុសកូរ៉ូណាហើយ ការដែលចិនបានលើកឡើងពីសេចក្ដីព្រាងច្បាប់ថ្មី ដាក់ជូនសភាប្រជាជនចិន កាលពីថ្ងៃសុក្រ(ទី22 ឧសភា) ដែលមានខ្លឹមសារបញ្ជាឱ្យប្រើច្បាប់សន្តិសុខជាតិនៅក្នុងទីក្រុងហុងកុងនោះ ក៏កំពុងត្រូវបានសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចថ្កោលទោសដែរ ដោយបានប្រាប់ថា មានចេតនាក្នុងការប្រើច្បាប់នេះមកបង្ក្រាបដំណើរការទាមទារប្រជាធិបតេយ្យ ក្នុងតំបន់គ្រប់គ្រងពិសេសរបស់ចិនមួយនេះ។

    តែលោក វ៉ាង បានថ្លែងការពារផែនការនេះ ដោយបានអះអាងថា ត្រូវតែនាំយកច្បាប់មួយនេះមកប្រើប្រាស់ “យ៉ាងគ្មានការស្ទាក់ស្ទើរ សូម្បីតែបន្តិច” ព្រមទាំងបានបន្ថែមថា ការតវ៉ាទាមទារដែលកំពុងដំណើរការអស់ជាច្រើនខែ និងតែងតែកើតមានអំពើហិង្សានៅក្នុងទីក្រុងហុងកុងកាលពីឆ្នាំកន្លងទៅ គឺដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិនលើមជ្ឈមណ្ឌលកណ្ដាលខាងហិរញ្ញវត្ថុមួយនេះ និងបានបង្កឱ្យកើត “គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពរបស់ប្រទេសចិន”៕

    ប្រភព៖ សារព័ត៌មានបរទេស

    ប្រែសម្រួលដោយ តាវ៉ែនតា

  • សេតវិមាន​​នឹង​ដាក់​ទណ្ឌ​កម្ម​ចិន​ ព្រោះតែ​ “សេចក្ដី​ព្រាង​​ច្បាប់​សន្តិសុខ​ហុង​កុង”

    សេតវិមាន​​នឹង​ដាក់​ទណ្ឌ​កម្ម​ចិន​ ព្រោះតែ​ “សេចក្ដី​ព្រាង​​ច្បាប់​សន្តិសុខ​ហុង​កុង”

    សេត​វិមាន​បាន​ព្រមាន​ថា សេចក្ដី​ព្រាង​ច្បាប់​សន្តិសុខ​ហុងកុង​អាច​នាំ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​ពី​សហរដ្ឋ​អាមេរិក​ ព្រោះ​ច្បាប់​នេះ​នឹង​គំរាម​កំហែង​ដល់​ស្ថាន​ភាព​ហិរញ្ញវត្ថុ​របស់​ទីក្រុង​ហុង​កុង​។

    ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិកាំង​ លោក Robert O’Brien បាន​ថ្លែង​ប្រាប់ NBC កាលពីថ្ងៃទី​24​កន្លង​ទៅ​ថា “ជាមូល​ដ្ឋាន ជាមួយ​នឹង​ច្បាប់​នេះ​ ប្រទេស​ចិន​នឹង​គ្រប់​គ្រង​ហុង​កុង​​ទាំង​មូល​។ ហើយ​បើ​សិន​ពួកគេ​ធ្វើ​ដូច្នេះ រដ្ឋ​មន្ត្រី​ការ​បរទេស​ Mike Pompeo អាច​នឹង​មិន​ទទួល​ស្គាល់​ហុង​កុង​ថា​នៅ​តែ​រក្សា​សិទ្ធិ​គ្រប់​គ្រង​ដោយ​ស្វ័យ​ភាព​ខ្ពស់​ទៀត​នោះ​ទេ​ ហើយ​អាច​នឹង​មាន​វិធានការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ទីក្រុង​ហុង​ និង​ប្រទេស​ចិន​ដីគោក”។

    ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិកាំង​ លោក Robert O'Brien
    ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិកាំង​ លោក Robert O’Brien

    មន្ត្រី​អាមេរិកាំង​បាន​ឱ្យដឹង​ថា ច្បាប់​សន្តិសុខ​ហុងកុង នៅ​ពេល​ត្រូវ​បាន​ដាក់​ជា​ធរមាន​ វា​នឹង​កាត់ផ្ដាច់​សិទ្ធិ​គ្រប់​គ្រង​ដោយ​ស្វ័យ​ភាព​ ព្រម​ទាំង​បង្ក​ការ​ខូច​ខាត​ដល់​សេដ្ឋ​កិច្ច​ហុង​កុង​ និង​ប្រទេស​ចិន​ដីគោក​។ លោក Robert O’Brien​ ថ្លែង​ថា​ ច្បាប់​ថ្មី​នេះ​ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ស្ថាន​ភាព​ពិសេស​របស់​ទីក្រុង​ហុង​កុង​នៅក្នុង​ច្បាប់​សហរដ្ឋ​អាមេរិក​ ដែល​ជា​មូលដ្ឋាន​មួយបាន​​ជួយ​ឱ្យ​ហុងកុង​រក្សា​តួនាទី​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោកនា​ពេល​កន្លង​ទៅ​នេះ​​។

    លោក Robert O’Brien សង្កត់​ធ្ងន់​ថា “វា​ពិត​ជា​ពិបាក​មើល​ នៅ​ពេល​ឃើញ​ហុង​កុង​នៅ​តែ​ជា​មជ្ឈមណ្ឌល​​ហិរញ្ញវត្ថុ​របស់​ទ្វីប​អាស៊ី​ ប្រសិន​ជា​ប្រទេស​ចិន​បាន​ចូល​មក​គ្រប់គ្រង​។ ក្រុម​ហ៊ុន​ធំៗ​ក្នុង​ពិភពលោក​នឹង​មិន​មាន​មូលហេតុអ្វី​ដែល​ធ្វើ​ឱ្យ​ពួកគេ​នៅ​ទីនោះ​ទៀត​នោះ​ទេ​។ មូលហេតុ​សំខាន់មួយ​ដែល​នាំ​ឱ្យ​ពួក​គេ​មក​កាន់​ទីក្រុង​ហុង​កុង​ នោះ​គឺ​​ទីក្រុង​នេះ​មាន​ការ​គោរព​ច្បាប់​បាន​ល្អ​ និង​មាន​ប្រព័ន្ធ​គ្រប់​គ្រង​ជំនួញ​បែប​សេរី​ ប្រព័ន្ធ​មូលធន​និយម​ ប្រជាធិបតេយ្យ​ និង​មាន​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ​។ បើ​សិន​ជា​ទាំង​អស់​នេះ​ត្រូវ​បាត់​បង់​ ខ្ញុំ​មិន​ប្រាកដ​ថា ទីក្រុង​នេះ​អាច​រក្សា​សហគមន៍​ហិរញ្ញវត្ថុ​ឱ្យ​នៅ​ទី​​នេះ​ទៀត​នោះ​ឡើយ​”។

    សេតវិមាន​​នឹង​ដាក់​ទណ្ឌ​កម្ម​ចិន​ ព្រោះតែ​ "សេចក្ដី​ព្រាង​​ច្បាប់​សន្តិសុខ​ហុង​កុង"
    ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុង​កុង​ លោកស្រី Carrie Lam

    ទោះជា​យ៉ាង​ណា​ក៏ដោយ ទីក្រុង​ប៉េកាំង​បាន​អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ ជាក់​ស្ដែង​គឺ​ដើម្បី​កែ​លម្អ​គោល​ការណ៍​ “ប្រទេស​មួយ របបពីរ​” តែ​ប៉ុណ្ណោះ​ ហើយ​វា​នឹង​ផ្ដល់​ផល​ប្រយោជន៍​ និង​គាំទ្រ​ដល់ការ​រីក​ចម្រើន​នៃ​ទីក្រុង​​ហុង​កុង​​។ ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុង​កុង​ លោកស្រី Carrie Lam បាន​ប្រកាស​ថា នឹង​ “សហការ​គ្រប់​វិស័យ​” ជាមួយ​សភា​ចិន​ ដើម្បី​សម្រេច​បាន​ច្បាប់​ថ្មី​នេះ​។ លោក​ស្រី​បន្ត​ថា​ ច្បាប់​សន្តិសុខ​ហុង​កុង​នេះ​នឹង​មិន​ប៉ះពាល់​ដល់​សិទ្ធិ​ សេរី​ភាព​ និង​ភាព​ឯក​រាជ្យ​នៃ​រដ្ឋធម្មនុញ្ញ​របស់​តំបន់​ពិសេស​នេះ​នោះ​ទេ​៕

    ប្រភព​៖​ សារ​ព័ត៌មានបរទេស​

  • សេចក្ដី​ព្រាង​ច្បាប់​សន្តិសុខ​ហុង​កុង! ពលរដ្ឋ​ក្នុងស្រុក​ធ្វើ​បាតុកម្ម ខណៈ​តំណាង​រាស្ត្រ​ជាង​20​ប្រទេស​ជំទាស់​

    សេចក្ដី​ព្រាង​ច្បាប់​សន្តិសុខ​ហុង​កុង! ពលរដ្ឋ​ក្នុងស្រុក​ធ្វើ​បាតុកម្ម ខណៈ​តំណាង​រាស្ត្រ​ជាង​20​ប្រទេស​ជំទាស់​

    តំណាង​រាស្ត្រ​ជាង​200​នាក់​មក​ពី​ប្រទេស​ចំនួន​23​ក្នុង​ពិភពលោក បាន​ចេញ​សេចក្ដី​ប្រកាស​រួម​ ថ្កោល​ទោស​រដ្ឋាភិបាល​ចិន​ដែល​បាន​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​សន្តិសុខ​ហុងកុង​ ខណៈ​ដែល​ពលរដ្ឋ​រាប់​ពាន់​នាក់​នៅ​ទីក្រុង​នេះ​នាំ​គ្នា​ចេញ​តវ៉ា។

    នៅក្នុង​សេចក្ដី​ប្រកាស​រួម​មួយ​កាល​ពី​ម្សិល​មិញ​ ក្រុម​តំណាង​រាស្ត្រ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​ដែល​ទីក្រុង​ប៉េកាំង​ “ស្នើឱ្យ​មាន​ច្បាប់​សន្តិសុខ​ដោយ​ឯកតោ​ភាគី” សម្រាប់​​ទីក្រុង​ហុង​កុង​។ “នេះ​គឺជា​ការ​វាយលុក​គ្រប់​ច្រក​ល្ហក​ទៅលើ​សិទ្ធិ​គ្រប់​គ្រង​ដោយ​ស្វ័យ​ភាព​ និង​សេរី​ភាព​ជា​មូល​ដ្ឋាន​របស់​ទីក្រុង​។ សុចរិត​ភាព​​នៃ​ “ប្រទេស​មួយ​ របប​ពីរ​” កំពុង​ត្រូវ​បាន​គំរាម​កំហែង​”។

    តំណាង​រាស្ត្រ​ដែល​បាន​ចូល​រួម​ចុះ​ហត្ថ​លេខា​លើ​សេចក្ដី​ប្រកាស​ថ្កោល​ទោស​ខាង​លើ​ រួម​មាន​ Chris Patten(អភិបាល​ក្រុង​ជន​ជាតិ​អង់គ្លេស​ចុងក្រោយ​របស់​ទីក្រុង​ហុងកុង)​ Malcolm Rifkind(អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​អង់គ្លេស) ក្រុម​តំណាង​រាស្ត្រ​មក​ពី​សភា​អាមេរិកាំង​ ក្រុម​តំណាង​រាស្ត្រ​អង់គ្លេស​ ក៏ដូចជា​ក្រុម​តំណាង​រាស្ត្រ​មក​ពី​អឺរ៉ុប នូវែលហ្សេឡង់​កាណាដា អូស្ត្រាលី​ ឥណ្ឌា​ ឥណ្ឌូនេស៊ី​ កូរ៉េខាង​ត្បូង​ និង​ម៉ាឡេស៊ី​។

    Elsie Leung Oi-sie​ អនុប្រធាន​គណៈកម្មធិការច្បាប់​រដ្ឋ​ធម្មនុញ្ញហុងកុង​ បាន​ច្រាន​ចោល​ការ​រិះ​គន់​ ក៏ដូចជា​ការ​ប្រកាស​ថ្កោល​ទោស​ពី​សំណាក់​ក្រុម​តំណាង​រាស្ត្រ​បរទេស​។ លោក​ស្រី​បាន​ឱ្យ​ដឹង​ថា សិទ្ធិ​គ្រប់​គ្រង​ដោយ​ស្វ័យ​ភាព​របស់​ទីក្រុង​ហុង​កុង​នឹង​មិន​មាន​ការ​ប្ដូរ​ផ្លាស់​អ្វី​នោះ​ទេ​​ ហើយ​វា​ត្រូវ​បាន​ការ​ពារ​ដោយ​ច្បាប់​មូលដ្ឋាន​ដែល​ជា​ច្បាប់​កំពូល​របស់​ទីក្រុង​នេះ​។

    ចំណែក​ឧបនាយក​រដ្ឋ​មន្ត្រី​ចិន​ លោក Han Zheng ក៏​បាន​ថ្លែង​សង្កត់​ធ្ងន់​ថា ច្បាប់​សន្តិ​សុខ​ថ្មី​នេះ​នឹង​ផ្ដោត​ទៅលើ​តែ​ “មនុស្ស​មួយ​ក្ដាប់​តូច​” ប៉ុណ្ណោះ ដើម្បី​បិទ​ប្រហោង​តូច​មួយ​នៃ​ច្បាប់​ដែល​កើត​មាន​ឡើង​ក្រោយ​បាតុកម្ម​ផ្ទុះ​ឡើង​នៅហុង​កុង​កាល​ពី​ឆ្នាំមុន​។​

    សូម​រំឭក​ថា ច្បាប់​សន្តិសុខ​ហុងកុង​ត្រូវ​បាន​ស្នើ​ឡើង​រដ្ឋ​សភា​ចិន​កាល​ពីថ្ងៃទី​22​ឧសភា ក្នុង​នោះ​មាន​ការ​ហាម​មិន​ឱ្យ​មាន​សកម្ម​ភាព​ផ្ដាច់​ខ្លួន​ និង​រដ្ឋ​ប្រហារ​ ក៏ដូច​ជា​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ និង​ភេរវកម្ម​ក្នុង​ទីក្រុង​។

    យោង​តាម​កិច្ច​ព្រម​ព្រៀង​​ដែលត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​​​អង់គ្លេស​​​ប្រគល់​ហុង​កុង​ទៅឱ្យ​​ប្រទេស​វិញ​កាលពីឆ្នាំ​1997​ ហុង​កុង​ទទួល​បាន​សិទ្ធិ​គ្រប់​គ្រង​ដោយ​ស្វ័យភាព​ខ្ពស់ ចំណេក​សិទ្ធិ​សេរី​ភាព​ ប្រព័ន្ធ​ច្បាប់​ និង​ប្រព័ន្ធ​គ្រប់​គ្រង​ពាណិជ្ជ​កម្ម​ក៏​មាន​ដោយ​ឡែក​។

    តំណាងរាស្ត្រ​ហុង​កុង​មួយ​ចំនួន​ក៏បាន​រិះ​គន់​ទៅ​លើ​ច្បាប់​ខាងលើ​ផងដែរ​ ដោយ​ពួកគេ​យល់​ថា វា​ដើរ​ផ្ទុយ​ទៅ​នឹង​គោល​ការណ៍ “ប្រទេស​មួយ​ របបពីរ​” ដែល​ប្រទេស​ចិន​បាន​សន្យា​ថា​ នឹង​រក្សា​សិទ្ធិសេរី​ភាព​របស់​ទីក្រុង​ហុង​កុង​។

    ទាក់ទិន​នឹង​ច្បាប់​ខាងលើ​នេះ​ដែរ នៅ​ទីក្រុង​ហុង​កុង​កាល​ពី​ម្សិល​មិញ មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ចេញ​ធ្វើបាតុកម្ម​ដើម្បី​ប្រឆាំង​ទៅ​នឹង​ច្បាប់​នេះ​។ បាតុករ​បាន​ប៉ះទង្គិច​ជាមួយ​កង​កម្លាំង​ប៉ូលិស​។ ក្រុម​សមត្ថកិច្ច​បាន​ប្រើ​ប្រាស់​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ និង​បាញ់​ទិក​បំបែក​ហ្វូង​បាតុករ​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស​

  • ជាង​99,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ធូរ​បន្ថយ​បម្រាម​គោចរ​

    ជាង​99,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ធូរ​បន្ថយ​បម្រាម​គោចរ​

    រដ្ឋ​ចំនួន​50​របស់​សហរដ្ឋ​អាមេរិក​​បាន​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើការ​ដើរ​ហើរ​ដើម្បី​ចាប់​ផ្ដើមបើក​​ដំណើរ​ការ​សេដ្ឋ​កិច្ច​ទាំង​ស្រុង​ឡើង​វិញ​ បើ​ទោះ​ជា​មាន​ការ​ព្រមាន​ពី​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​ក៏ដោយ។

    យោង​តាម​ស្ថិតិ​របស់​គេហទំព័រ​ Worldometer គិត​មក​ដល់​បច្ចុប្បន្ន តួលេខ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ដល់​ជាង​99,200​នាក់​ គឺ​កើន​ជិត​600​នាក់​បើ​ធៀប​ជាមួយ​នឹង​ម្សិល​មិញ​។ ក្នុង​រយៈ​ពេល​24​ម៉ោង​មក​នេះ សហរដ្ឋ​អាមេរិក​​ក៏បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ជិត​18,000​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​កូរ៉ូណា​សរុប​ឡើង​ដល់​ជិត​1.7​លាន​នាក់​។

    សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​គឺជា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​។​ តួលេខ​នៃ​​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ប្រទេស​នេះ​ ត្រូវ​បាន​គេ​ព្យាករ​ថា​នឹងកើន​ដល់​147,000​នាក់​ នៅ​ដើម​ខែ​សីហា​ខាង​មុខ។​

    គិត​មក​ដល់​បច្ចុប្បន្ន រដ្ឋ​ចំនួន​50​របស់​សហរដ្ឋ​អាមេរិក​បាន​បន្ធូរ​បន្ថយ​បម្រាម​គោចរ​ ខណៈ​ដែល​កាល​ពី​សប្ដាហ៍​មុន​ រដ្ឋ​ចំនួន​11​​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19​ច្រើន​បំផុត​មិន​ធ្លាប់​មានពីមុន​មក ក្នុង​នោះ​រួម​មាន​រដ្ឋ​ Alabama, Arkansas, Minnesota, North Dakota, New Hampshire, Maryland, Maine, Nevada, Utah, Virginia និង​រដ្ឋ​ Wisconsin។

    ក្រុម​មន្ត្រី​រដ្ឋ​ការ​នៃ​សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ឱ្យ​ពល​រដ្ឋ​របស់ខ្លួន​ពាក់​ម៉ាស់​នៅ​ពេល​ចេញ​ទៅ​ទី​សាធារណៈ ក៏ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​បាន​ប្រឆាំង​នឹង​ការ​អំពាវ​នាវ​នេះ​។ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ គេ​ឃើញ​មាន​មនុស្ស​តិច​តួច​ណាស់​ដែល​បាន​ពាក់​ម៉ាស់​នៅ​ពេល​ដើរ​លម្ហែ​កាយ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​នៃទីក្រុង​ Ocean City ក្នុង​រដ្ឋ​ Maryland៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស​

  • ជិត​5.5​លាន​នាក់​បាន​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក​

    ជិត​5.5​លាន​នាក់​បាន​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក​

    ពិភពលោក​ទាំង​មូល​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​ចំនួន​ជិត​5.5​លាន​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ជាង​346,000​នាក់​បាន​បាត់​បង់​ជីវិត​។

    ប្រទេស​និង​ដែន​ដី​ចំនួន​213​ក្នុង​ពិភពលោក​ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ បាន​រក​ឃើញ​​អ្នក​ជំងឺ​COVID-19​ចំនួន​94,223​នាក់​ និង​អ្នក​ស្លាប់​2,744​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​តួលេខ​សរុប​នៃ​អ្នក​ជំងឺ​កូរ៉ូណា​កើន​ឡើង​ដល់​5,491,193​នាក់ និង​អ្នក​ស្លាប់​សរុបដោយ​សារ​វីរុស​នេះ​​​ឡើង​ដល់​346,326​នាក់​។ អ្នកជំងឺ​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​2,298,806​នាក់​។

    ទ្វីប​អឺរ៉ុប​មាន​អ្នកជំងឺ​COVID-19សរុប​​1,901,749​នាក់​ ខណៈ​ដែល​តំបន់​អាមេរិក​ខាង​ជើង​មាន​​1,876,231​នាក់​ ទ្វីប​អាស៊ី​មាន​960,418​នាក់​ តំបន់​អាមេរិក​ខាង​ត្បូង​មាន​​630,661នាក់​ និង​ទ្វីប​អាហ្វ្រិក​មាន​​113,653​នាក់​។

    ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​COVID-19ច្រើន​ជាង​គេ​ រួម​មាន​ សហរដ្ឋ​អាមេរិក​(99,286នាក់​) អង់គ្លេស​(36,793នាក់​) អ៊ីតាលី​(32,785នាក់​) អេស្ប៉ាញ​(28,752នាក់​) បារាំង​(28,367នាក់​) និង​ប្រទេស​ប្រេស៊ីល​(22,666​​នាក់​)៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​