Author: សឿន សំណាង

  • (វីដេអូ) ចិន​​លើកនិង​ប្ដូរ​ទីតាំង​​​​​វិហារ​​បុរាណ​​ដ៏​ធំមួយ​ ទៅ​ដាក់​កន្លែង​ថ្មី​ ដោយ​ចំណាយ​​​​ពេលតែ​​ 82​នាទីប៉ុណ្ណោះ

    (វីដេអូ) ចិន​​លើកនិង​ប្ដូរ​ទីតាំង​​​​​វិហារ​​បុរាណ​​ដ៏​ធំមួយ​ ទៅ​ដាក់​កន្លែង​ថ្មី​ ដោយ​ចំណាយ​​​​ពេលតែ​​ 82​នាទីប៉ុណ្ណោះ

    ក្រុម​កម្មករ​ចិន​បានលើក​វិហារ​ប្រវត្តិសាស្ត្រ​ដ៏​ធំ​មួយ​ខ្នង​​ដែល​មាន​ទម្ងន់​ 2,360​តោន​ យក​ទៅ​ដាក់​នៅ​ទីតាំង​ថ្មី​​ដែល​មាន​ចម្ងាយ​76​ម៉ែត្រពី​ទីតាំង​ចាស់​។

    វិហារ​សាសនា​វ័យ​ចំណាស់​មួយ​ខ្នង​ធំ​ដែល​មាន​អាយុ​កាល​127​ឆ្នាំ​ នៅក្នុង​ទីក្រុង​ Jinan ប្រទេស​ចិន​ ត្រូវ​បាន​​ផ្លាស់​ទី​ទៅ​កាន់​កន្លែង​​ថ្មី​កាល​ពី​ថ្ងៃទី​10​មិថុនា​កន្លង​ទៅ។

    (វីដេអូ) ចិន​​លើកនិង​ប្ដូរ​ទីតាំង​​​​​វិហារ​​បុរាណ​​ដ៏​ធំមួយ​ ទៅ​ដាក់​កន្លែង​ថ្មី​ ដោយ​ចំណាយ​​​​ពេលតែ​​ 82​នាទីប៉ុណ្ណោះវិហារ​​ដែល​​មាន​ទម្ងន់​2,360​តោន​​នេះ​ ត្រូវ​បាន​លើក​ខ្ពស់​ពី​ដី​1.65​ម៉ែត្រ រួច​ហើយ​ដាក់​ទៅ​លើ​រឺម៉ក​រថយន្ត​ធំៗ​ចំនួន​10​គ្រឿង​។ ក្រុម​កម្មករ​នាំ​គ្នា​ផ្លាស់​ទីតាំង​​របស់​វិហារ​នេះ​ទៅ​កន្លែង​ថ្មី​ដែល​មាន​ចម្ងាយ​ពី​ទី​តាំង​ចាស់​​76​ម៉ែត្រ​ ដោយ​ឆ្លង​កាត់​កំណាត់​ផ្លូវ​កែងធំ​មួយ​។

    វិហារ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​កាល​ពី​ឆ្នាំ​1893 ដែល​ជា​ស្ថាបត្យកម្ម​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​ និង​លេច​ធ្លោ​របស់​ទីក្រុង​ Jinan នៃ​ប្រទេស​ចិន។

    (វីដេអូ) ចិន​​លើកនិង​ប្ដូរ​ទីតាំង​​​​​វិហារ​​បុរាណ​​ដ៏​ធំមួយ​ ទៅ​ដាក់​កន្លែង​ថ្មី​ ដោយ​ចំណាយ​​​​ពេលតែ​​ 82​នាទីប៉ុណ្ណោះវិហារ​នេះ​មាន​កម្ពស់​3​ជាន់​ បណ្ដោយ​36​ម៉ែត្រ​ និង​ទទឹង​15​ម៉ែត្រ មាន​ជញ្ជាំង​ធ្វើ​អំពី​ឥដ្ឋ ហើយ​ជាន់​នីមួយ​ៗ​ត្រូវ​បាន​ក្រាល​ដោយ​បន្ទះ​ឈើ​។

    ការ​​ផ្លាស់​ទី​តាំង​របស់​វិហារ​ខាងលើ​ ត្រូវ​ចំណាយ​ពេល​ត្រឹម​តែ​​ 82​នាទី​ប៉ុណ្ណោះ​។

    ប្រភព​៖ SCMP

  • ដៃស្ដាំ​របស់​មហា​សេដ្ឋី​មាន​ទ្រព្យ​ច្រើន​​​បំផុត​នៅ​ទ្វីប​អាស៊ី​ បាន​ធ្វើ​អ្វី​ខ្លះជូន​ក្រុម​ហ៊ុន​?

    ដៃស្ដាំ​របស់​មហា​សេដ្ឋី​មាន​ទ្រព្យ​ច្រើន​​​បំផុត​នៅ​ទ្វីប​អាស៊ី​ បាន​ធ្វើ​អ្វី​ខ្លះជូន​ក្រុម​ហ៊ុន​?

    Manoj Modi មិន​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នោះ​ឡើយ​ ប៉ុន្តែ​លោក​គឺជា​មនុស្ស​មាន​អំណាច​បំផុត​នៅក្នុង​ក្រុម​ហ៊ុន​ Reliance Industries របស់​មហា​សេដ្ឋី​ឥណ្ឌា Mukesh Ambani។

    ជាមនុស្ស​មិន​សូវ​បញ្ចេញ​មតិ​ និង​ស្ទើរ​តែ​មិន​បង្ហាញ​ខ្លួន​នៅ​លើ​ទំព័រ​សារ​ព័ត៌មាន​ ក៏ប៉ុន្តែ​ លោក Manoj Modi ត្រូវ​បាន​អ្នក​រកស៊ី​ជា​ច្រើន​នៅ​ប្រទេស​ឥណ្ឌា​ចាត់​​ទុក​ថា​ជា​ដៃ​ស្ដាំ​របស់មហា​សេដ្ឋី​​ Mukesh Ambani ដែល​ជា​អ្នក​មាន​​បំផុត​នៅ​អាស៊ី​។ លោក​ Manoj Modi ដើរតួនាទី​សំខាន់​បំផុត​នៅ​ក្នុង​ជំនួញ​ដែល​មាន​តម្លៃ​ 5.7​ពាន់​លាន​ដុល្លារ​រវាង​ក្រុម​ហ៊ុន​ Reliance Industries និង​ Facebook កាល​ពី​ខែ​មេសា​កន្លង​ទៅ​ នៅ​ពេល​ដែល​​បាន​ជួយ​មហាសេដ្ឋី Ambani និង​កូន​ៗ​របស់​លោក​ ចរចា​ជាមួយ​បណ្ដាញ​សង្គម​ Facebook។

    ក្រោយ​ពី​លោក​ Ambani បាន​ប្ដូរ​ទិស​ដៅ​អាទិភាព​របស់​ក្រុម​ហ៊ុន​ពី​ឥទ្ទនៈគីមី​ (Petrochemistry/ផលិត​ផល​គីមី​ដែល​ធ្វើ​អំពី​ប្រេង​ឥន្ទនៈ) ទៅ​កាន់​អ៊ីនធើណិត​ លោក Modi ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​មនុស្ស​មាន​ “ទឹកមាត់​ប្រៃ​” បំផុត​។ ខ្ទង់​វិនិយោគ​របស់​ Facebook ទៅ​ក្នុង​ Jio Platforms បាន​បើក​ផ្លូវ​ឱ្យ​មាន​ជំនួញ​ជា​ច្រើន​ពី​បណ្ដា​អ្នក​​វិនិយោគ​ឯកជន​។ ជា​សរុប​ Jio Platforms បាន​ទាក់​ទាញ​ខ្ទង់​វិនិយោគ​ចំនួន​ 13​ពាន់​លាន​ដុល្លារ​ ដែល​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​រកស៊ី​នៅ​​​ជ្រលងភ្នំ​ស៊ីលីកុន (Silicon valley)។

    លោក​ Modi ឆ្នាំ​នេះ​មាន​អាយុ​ជាង​60​ ប៉ុន្តែ​លោក​មិន​មាន​ទំនាក់​ទំនង​អ្វី​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ លោក Narenda Modi នោះ​ទេ​ ថ្វី​បើ​មាន​ត្រកូល​ដូច​គ្នា​។ លោក Manoj Modi កម្រ​នឹង​ទទួល​កិច្ច​សម្ភាស​​ជាមួយ​សារ​ព័ត៌មាន​ ដូច្នេះ​លោក​ក៏​មិន​ត្រូវ​បាន​សាធារណជន​ស្គាល់​ច្រើន​ដែរ​។ យ៉ាង​នេះ​ក្ដី លោក​គឺជា​ “ភ័ស្ដុតាង​” មួយ​បញ្ជាក់​ថា អ្នក​ដែល​មិន​សូវ​បញ្ចេញ​សម្លេង​ (មតិ) និងបាន​ខំ​​ប្រឹង​ប្រែង​បញ្ចេញ​កម្លាំង​ជា​ច្រើន​ឆ្នាំ​ជាមួយ​នឹង​បណ្ដា​ក្រុម​ហ៊ុន​ធំៗ​នៅ​ឥណ្ឌា​ អាច​បង្កើត​បាន​ឥទ្ធិពល​ធំ​កម្រិត​ណា​។

    ដៃស្ដាំ​របស់​មហា​សេដ្ឋី​មាន​ទ្រព្យ​ច្រើន​​​បំផុត​នៅ​ទ្វីប​អាស៊ី​ បាន​ធ្វើ​អ្វី​ខ្លះជូន​ក្រុម​ហ៊ុន​?
    លោក Manoj Modi គឺជា​នាយក​ក្រុម​ហ៊ុន​ Reliance Retail និង​ Reliance Jio Infocomm ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ Jio Platforms

    “ក្រុម​អ្នក​ជំនួញ​សុទ្ធ​តែ​ដឹង​ថា មហា​សេដ្ឋី Ambani និង​លោក Modi មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា​។ ពួក​​​គេ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ជំរុញ​ការ​ចរចា និង​ដោះ​ស្រាយ​បញ្ហា​តូច​-ធំ​ជាមួយ​គ្នា​” នេះ​បើ​តាម​ Vani Kola ដែល​ជា​នាយក​របស់​ក្រុម​ហ៊ុន​ Kalaari Capital Partners។ Kola គឺជា​អ្នក​ដែល​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​លោក​ Modi ចូល​រួម​កិច្ច​ប្រជុំ​ដ៏កម្រ​មួយ​កាល​ពី​ឆ្នាំ​ទៅ​។

    បច្ចុប្បន្ន លោក Modi គឺជា​នាយក​ក្រុម​ហ៊ុន​ Reliance Retail និង​ Reliance Jio Infocomm ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ Jio Platforms។ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​របស់​ Kola លោក Modi នៅ​តែ​ដាក់​ខ្លួន​ដដែល​នៅ​ពេល​និយាយ​ដល់​សមត្ថ​ភាព​របស់​ខ្លួន​ក្នុង​ការ​ចរចា​ និង​ការ​បំពេញ​ការ​ងារ​។

    “ខ្ញុំ​មិន​បាន​ចរចា​អ្វី​ឱ្យ​ជា​ដុំ​កំភួន​នោះ​ទេ​។ ខ្ញុំ​មិន​យល់​អំពី​យុទ្ធ​សាស្ត្រ​អ្វី​ឡើយ​។ ជាក់​ស្ដែង​ អ្នក​រាល់​គ្នា​នៅ​ក្នុង​ក្រុម​ហ៊ុន​ សុទ្ធ​តែ​ដឹង​ថា ខ្ញុំ​មិន​មាន​ចក្ខុវិស័យ​​អ្វី​នោះ​ដែរ​” លោក Modi ថ្លែង​បែប​នេះ​នៅ​ក្នុង​​ព្រឹត្តិ​ការណ៍​របស់​ Kola ពេល​​និយាយ​អំពី​តួនាទី​របស់​លោក​។​ លោក​បន្ថែម​ថា “ខ្ញុំ​ធ្វើ​ការ​ជាមួយ​បុគ្គលិក​​ក្នុង​ក្រុម​ហ៊ុន​ និង​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​ ណែនាំ​ពួកគេ​អំពី​របៀប​ធ្វើ​ការ​។ គោល​ការ​ណ៍​នៅ​ Reliance ពិត​ជា​សាមញ្ញ​៖ លើក​លែង​តែ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​រក​លុយ​បាន​នៅ​ពេល​ធ្វើ​ការ​ជាមួយ​យើង​ខ្ញុំ មិន​ដូច្នោះ​ទេ​ អាជីវកម្ម​នឹង​មិន​ប្រកបដោយនិរន្តរភាពនោះ​ឡើយ​”។

    ក្នុងកិច្ច​សម្ភាស​នានា​ ក្រុម​មេដឹក​នាំ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ដែល​ធ្លាប់​​មាន​ទំនាក់​ទំនង​រកស៊ី​ជាមួយ​ក្រុម​ហ៊ុន​ Reliance សុទ្ធ​តែ​យល់​​ថា លោក Modi ជាអ្នក​ចរចា​ប្រកប​ដោយ​ភាព​ម៉ឺងម៉ាត់​ដើម្បី​នាំ​យក​ផល​ប្រយោជន៍​ជូន​ក្រុម​ហ៊ុន​។ នៅ​ពេល​ចរចា​ជាមួយ​បណ្ដា​ក្រុម​ហ៊ុន​ថ្មី​ៗ លោក​ Modi តែង​នៅ​ឈរ​ពី​ក្រោយ​ដើម្បី​ណែនាំ​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​ថា​ត្រូវ​ពិភាក្សា​កម្រិត​ណា​ទើប​ទទួល​បាន​ជោគ​ជ័យ​។

    លោក Manoj (ស្ដាំ) និង​មហាសេដ្ឋី​ឥណ្ឌា

    បើ​ទោះ​ជា​ថ្មី​ៗ​នេះ Reliance ទើប​តែ​ទទួល​បាន​ចំណាប់​អារម្មណ៍​ច្រើន​ដោយ​សារ​ការ​ជួញ​ដូរ​ធំៗ​ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ចាប់​ផ្ដើម​ទិញ​ក្រុម​ហ៊ុន​តូច​ៗ​តាំង​ពី​ច្រើន​ឆ្នាំ​មុន​មក​ម្លេះ ដើម្បី​បង្កើត​បាន​ជា​ខឿន​ដ៏រឹង​មាំ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ថ្មី​ ចាប់​ពី​បញ្ញា​​សិប្ប​និម្មិត​ រហូត​ដល់​ Blockchain (Blockchain គឺជាប្រព័ន្ធទិន្នន័យ (Database) មួយប្រភេទដែលមានតួនាទី​បែប​វិមជ្ឈការ​ (Decentralized)។ ប្រព័ន្ធ Blockchain អាចរក្សាទិន្នន័យប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់​ ដោយ​សារ​ទិន្នន័យ​​ដែល​ដូចគ្នា​ត្រូវបាន​គេរក្សា​ទុក​នៅ​ច្រើនកន្លែង និង​ត្រូវ​បាន​តភ្ជាប់​ជាមួយ​គ្នា​ដោយ​ encode ហើយ​វា​ពង្រីក​វិសាល​ភាព​ទៅ​តាម​ពេល​វេលា​)។ ពួកគេ​មាន​បំណង​បង្កើត​ក្រុម​ហ៊ុន​ឌីជីថល​មួយ​ដែល​មានអំណាច​គ្រប​ដណ្ដប់​តាំង​ពី​ការ​លក់​រាយតាម​​អន​ឡាញ​ រហូត​ដល់​វិស័យ​កម្សាន្ត​ និង​ការ​ទូទាត់​តាម​អ៊ីនធើណិត​។

    “លោក Modi គឺ​ជា​មនុស្ស​មាន​អំណាច​ខ្លាំង​នៅក្នុង​ការ​ជួញ​ដូរ​ធំៗ ហើយ​ជំនួប​ជាមួយ​លោក​ ក៏ជា​សញ្ញា​ដែល​បញ្ជាក់​ថា ការ​ជួញ​ដូរ​ត្រូវ​បាន​យល់​ព្រម​” នេះ​បើ​តាម​ការ​ឱ្យ​ពី​បណ្ដា​ថ្នាក់​ដឹក​នាំ​​ក្រុមហ៊ុន​ថ្មី​ៗ​។ G. R. Gopinath ដែល​ជា​ស្ថាបនិក​ក្រុម​ហ៊ុន​អាកាស​ចរណ៍​តម្លៃ​ទាប​ Air Deccan បាន​ឱ្យ​ដឹង​ថា “លោក Modi មាន​អំណាច​ក្នុង​ក្រុម​ហ៊ុន​ មិនមែន​ត្រឹម​តែ​ភាព​ស្មោះ​ត្រង់​នោះ​ទេ តែ​លោក​ក៏​មាន​បញ្ញាខ្ពស់​ និង​ជំនាញ​ខាង​ចរចា​”។ Air Deccan ត្រូវ​បាន​លក់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ Reliance កាល​ពី​ឆ្នាំ​2010​។ លោក G. R. Gopinath​ បន្ត​ថា “បើ​ទោះ​ជា​មិន​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​ពី​មហាវិទ្យា​ល័យ​កំពូល​ៗ​នៅ​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ លោក Modi នៅ​តែ​មាន​ការ​គិត​ប្រកប​ដោយ​ភាព​មោះ​​មុត​ និង​ចក្ខុវិស័យ​វែង​ឆ្ងាយ​​កម្រ​បាន​ជួប​​ ក្នុងការ​ចាប់​យក​បច្ចេក​វិទ្យា​ទំនើប​​ៗនៅ​ឥណ្ឌា​”។

    ច្រើន​ឆ្នាំ​កន្លង​ទៅ​ លោក Modi កាន់​តែ​ល្បី​ឈ្មោះ​​ជាមួយ​នឹង​តួនាទី​ជា​អ្នក​អនុវត្ត​ និង​តាម​ដាន​គម្រោង​ធំៗ​របស់​ក្រុម​ហ៊ុន​។ លោក​បាន​រក​ទីផ្សារ​ថ្មី​ៗ​សម្រាប់​ Reliance ខណៈ​ដែល​បាន​នាំ​យក​បណ្ដាញ​លក់​រាយ​​ទៅដល់​បណ្ដា​ទីក្រុង​តូច​ៗ ទន្ទឹម​នឹង​នេះ​ លោក​ក៏បាន​ជួយ​ឱ្យ​ Reliance ក្លាយ​ជា​ក្រុម​ហ៊ុន​លក់​រាយ​ធំជាង​គេ​បង្អស់​នៅ​លើ​ទឹក​ដី​ឥណ្ឌា​ផងដែរ​។ ក៏ប៉ុន្តែ ទូរគមនាគមន៍​ឯណោះ​វិញ​ទេ​ ទើប​ជា​វិស័យ​ដែល​ជួយ​ឱ្យ​លោក Modi បង្កើត​បាន​ចំណាប់​អារម្មណ៍​ដ៏​អស្ចារ្យ​។

    លោក Manoj Modi (ស្ដាំ) ជាមួយ​នឹង​មហាសេដ្ឋី​ Mukesh Ambani​​ និង​កូន​ប្រុស​

    សមត្ថភាព​ចរចា​របស់​លោក Modi បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ពេល​ Reliance Jio ដាក់​ដំណើរ​ការ​សេវា​កម្មទូរគមនា​គមន៍​ឆ្នាំ​2016 និង​បង្កើត​ប្រព័ន្ធ​ខ្សែ​កាប​អ៊ីនធើណិត​។ មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែ​ល​បាន​ចូល​រួម​ក្នុង​កិច្ច​ការ​ចរចា​ បាន​រៀប​រាប់​​ប្រាប់​អំពី​ករណី​មួយ​ដែល​បណ្ដា​ដៃ​គូ​ជំនួញ​ត្រូវ​បាន​អញ្ជើញ​មក​កាន់​ទីស្នាក់​ងារ​ដើម្បី​ជជែក​គ្នា​។ “ចំណី” ដ៏ធំ​ត្រូវ​បាន​បង្ហាញ​នៅ​ចំពោះ​មុខ​​ពួក​គេ​ នោះ​គឺ​ទំហំ​ដ៏​មហិមា​​របស់​គម្រោង​។ ប៉ុន្តែ ពួក​គេ​មិន​ដឹង​ថា មុន​នោះ​បន្តិច​ ក្រុម​ “សកម្ម​ជន​” របស់​ Reliance ក៏ត្រូវ​បាន​ហៅ​ចូល​បន្ទប់​​របស់​លោក Modi ដើម្បី​ទទួល​ការ​ណែ​នាំ​អំពី​កិច្ចការ​ចរចានេះ​​​​ឡើយ​”។

    ក្រោយ​ពី​បាន​ផ្ដួល​គូប្រជែង​នានា​ Jio បាន​ក្លាយ​ជា​ក្រុម​ហ៊ុន​អ៊ីនធើណិត​ធំជាង​គេ​នៅ​ប្រទេស​ឥណ្ឌា​ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ជិត​400​លាន​នាក់​។ ពួក​គេ​ក៏កាន់​តែ​មាន​សារ​សំខាន់​សម្រាប់​បណ្ដា​ក្រុម​ហ៊ុន​អន្តរ​ជាតិ​ ដូច​ជា Facebook និង​ WhatsApp ជា​ដើម ក្នុង​ការ​​ជៀត​ចូល​រកស៊ី​នៅ​ឥណ្ឌា​​។

    លោក Modi ក៏​នៅ​មាន​សមត្ថភាព​ពិសេស​ផ្សេង​មួយ​ទៀត​ នោះ​គឺ​ការ​ធ្វើ​ការ​បាន​យ៉ាង​ល្អ​ជាមួយ​ក្រុម​មេដឹក​នាំ​ជាន់​ខ្ពស់​ក្នុងក្រុម​ហ៊ុន​ Reliance ដូច​ជា Anshuman Thakur (នាយក​ផ្នែក​យុទ្ធសាស្ត្រ​របស់​ Reliance Jio Infocomm)។ Thakur ធ្លាប់​ធ្វើ​ការ​នៅ​ធនាគារ​ និង​ដើរ​តួនាទី​សំខាន់​ក្នុង​ជំនួញ​ ក៏ដូចជា​សន្និសីទសារ​ព័ត៌មាន​​របស់​ក្រុម​ហ៊ុន​។ នៅ​ពេល​ដែល​​មហា​សេដ្ឋី Ambani យល់​ព្រម​ជាមួយ​នឹង​ការ​ទិញ​ដូរក្រុម​ហ៊ុន​ណា​​​មួយ​ Thakur នឹង​ទទួល​ខុស​ត្រូវក្នុង​ការ​បង្កើត​រចនា​សម្ព័ន្ធ​នៃ​​កិច្ច​ព្រម​ព្រៀង​។

    លោក Manoj Modi

    នៅ​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ បញ្ជី​អ្នក​វិនិយោគ​របស់​ Jio មានឈ្មោះ​ក្រុម​ហ៊ុន​ធំៗ ដូច​ជា KKR & Co., Silver Lake Partners, Vista Equity Partners និង General Atlantic ជា​ដើម​។ ប៉ុន្តែ COVID-19 បាន​រុញ​ច្រាន​ឥណ្ឌា​ទៅ​ជិត​ដល់​មាត់​ជ្រោះ​នៃ​វិបត្តិ​សេដ្ឋ​កិច្ច​។ ប្រការ​នេះ​មាន​ន័យ​ថា Modi និង Ambani នឹង​ត្រូវ​កែ​សម្រួល​យុទ្ធ​សាស្ត្រ​របស់​ខ្លួន​ដើម្បី​បង្កើន​ប្រាក់​ចំណូល​​តាម​អនឡាញ​នៅ​ពេល​ការ​ចាយ​វាយ​ទូទាំង​ប្រទេស​ ដំណើរ​ការ​ដោយ​យឺត​ៗ​។

    នៅក្នុង​គ្រា​នេះ​ដែរ តម្លៃ​ប្រេង​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​ កំពុង​បង្កជា​ឧបសគ្គ​ដល់​កិច្ច​ការ​ចរចា​លក់​ភាគ​ហ៊ុន​តម្លៃ​ 15​ពាន់​លាន​ដុល្លារ​​នៅក្នុង​ផ្នែក​ឥន្ទនៈគីមី​របស់​ Reliance Industries ទៅ​ឱ្យ​ Saudi Aramco។ ប៉ុន្តែ ក្រុម​ហ៊ុន​របស់​ Modi បាន​ឱ្យ​ដឹង​ថា​ ពួកគេ​នៅ​តែ​បន្ត​ការ​ចរចា៕

    ប្រភព៖ Bloomberg

  • ភរិយា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែន​ ឆ្លង​វីរុស​COVID-19 ខណៈ​​ដែល​ពិភពលោក​មាន​អ្នក​ជំងឺ​ជាង​​7.7​លាន​នាក់

    ភរិយា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែន​ ឆ្លង​វីរុស​COVID-19 ខណៈ​​ដែល​ពិភពលោក​មាន​អ្នក​ជំងឺ​ជាង​​7.7​លាន​នាក់

    លោក​ស្រី​ Olena ភរិយា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែន​ Zelenskiy កាល​ពី​ម្សិល​មិញ​បាន​​ប្រាប់​ឱ្យ​ដឹង​អំពី​​លទ្ធ​ផល​វិជ្ជ​មាន​ជាមួយ​នឹង​វីរុស​COVID-19 ដែល​លោក​ស្រី​ទទួល​បាន​ក្រោយ​ពី​ការ​ធ្វើតេស្ត​ ប៉ុន្តែស្វាមី​និង​កូន​ៗ​របស់​លោក​ស្រី​​ទទួល​បាន​លទ្ធ​ផល​អវិជ្ជ​មាន​​ជាមួយ​នឹង​មេរោគ​នេះ​។

    “ថ្ងៃនេះ​ខ្ញុំ​បាន​ទទួល​លទ្ធ​ផលធ្វើ​តេស្ត​​វិជ្ជមាន​ជាមួយ​នឹង​ COVID-19។ ជា​ដំណឹង​ដែល​ខ្ញុំ​មិន​បាន​រំពឹង​ទុក​ទាល់​តែ​សោះ​។ ពិសេស​គឺ​នៅ​ពេល​ដែល​ខ្ញុំ​និង​គ្រួ​សារ​តែង​តែ​គោរព​គោល​ការ​ទាក់​ទិន​នឹង​ការ​ពាក់​ម៉ាស់​ ពាក់​ស្រោម​ដៃ​ និង​កាត់​បន្ថយ​ការ​ទាក់​ទង​ផ្ទាល់​” លោក​ស្រី​ Olena Zelenska ភរិយា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែន​ សរសេរ​បែប​នេះ​នៅ​លើ​ Facebook។

    លោក​ស្រី​ Olena បាន​ឱ្យ​ដឹង​ថា លោក​ស្រី​នៅ​មាន​សុខ​ភាព​ល្អ​ និង​មិន​បាច់​ចូល​ពេទ្យ​ ប៉ុន្តែ​បាន​រក្សា​គម្លាត​ជាមួយ​នឹង​គ្រួសារ​ទាំង​មូល​។

    សូម​រំឭក​ថា កន្លង​មក​ក៏​មាន​មន្ត្រី​ជាន់​ខ្ពស់​របស់​បណ្ដា​ប្រទេស​ជា​ច្រើន​បាន​ឆ្លង​វីរុស​COVID-19នេះ​ ក្នុង​នោះ​មាន​ដូច​ជា​ នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ (Boris Johnson) អនុប្រធានាធិបតី​​ទីមួយ​របស់​អ៊ីរ៉ង់ (Eshaq Jahangiri) និង​ឧបនាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ (Carmen Calvo) ចំណែកលោក​ស្រី​​ Sophie Gregoire ដែល​ជា​ភរិយា​របស់​ប្រធានាធិបតី​​កាណាដា​​ក៏ត្រូវ​បាន​បញ្ជាក់​ថា​បាន​ឆ្លង​វីរុស​នេះ​ដែរ​។ ក្រៅ​ពី​នេះ​​​នៅ​មាន​រដ្ឋ​មន្ត្រី​ អនុរដ្ឋមន្ត្រី​ និង​មន្ត្រី​ជាន់​ខ្ពស់នៃ​​​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ក៏​ធ្លាប់​បាន​ឆ្លង​ COVID-19។

    លោក​ស្រី​ Olena Zelenska

    ប្រទេស​អ៊ុយ​ក្រែន​បាន​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​​នានា​ទាក់​ទង​នឹង​ COVID-19 ចាប់​ពី​ចុង​ខែ​ឧសភា​ ក្នុង​នោះ​ក៏​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រកួត​បាល់​ទាត់​ឡើង​វិញ​ផងដែរ​។ ចំណែក​បណ្ដាញ​រថភ្លើង​ក្រោម​ដី​នៅ​ក្នុង​រដ្ឋ​ធានី​ Kiev ក៏​បាន​ដំណើរ​ការ​ឡើង​វិញ​ក្រោយ​ពី​បាន​ផ្អាក​អស់​រយៈ​ពេល​2​ខែ​ដោយ​សារ​វិបត្តិ​សុខភាព​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅក្នុង​ប្រទេស​និង​ដែន​ដី​ចំនួន​221​ក្នុង​ពិភពលោក​ បណ្ដាល​ឱ្យ​មនុស្ស​ជាង​7.7​លាន​នាក់​​បាន​ឆ្លង​វីរុស​ និង​ជាង​428,000​នាក់​បានស្លាប់​។ ប្រទេស​អ៊ុយ​ក្រែន​ បច្ចុប្បន្ន​មាន​អ្នកជំងឺ​COVID-19 ជិត​ 30,000​នាក់​ និង​ជាង​870​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ទិដ្ឋ​ភាព​ទឹក​ជំនន់​វាយ​ប្រហារ​​តំបន់​ភាគ​​ខាង​​ត្បូង​​ប្រទេស​ចិន​! សណ្ឋាគារ​និង​ផ្ទះ​រាប់​ពាន់​ខ្នងរង​ការ​ខូច​ខាត

    ទិដ្ឋ​ភាព​ទឹក​ជំនន់​វាយ​ប្រហារ​​តំបន់​ភាគ​​ខាង​​ត្បូង​​ប្រទេស​ចិន​! សណ្ឋាគារ​និង​ផ្ទះ​រាប់​ពាន់​ខ្នងរង​ការ​ខូច​ខាត

    ទឹក​ជំនន់​និង​បាក់​ដី​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ បណ្ដាល​ឱ្យ​មនុស្ស​រាប់​សែន​នាក់​បាត់​បង់​ផ្ទះ​សម្បែង​ មនុស្ស​រាប់​សិប​នាក់​ស្លាប់​ និង​បាត់ខ្លួន ខណៈ​ទំហំ​ការ​ខូច​ខាត​បាន​ឡើង​ដល់​រាប់​រយ​លាន​ដុល្លារ​អាមេរិក​។

    ភ្លៀង​​ធំ​បណ្ដាល​ឱ្យ​មាន​ទឹក​ជំនន់ និងបាក់​ដី​​ជា​ច្រើន​ថ្ងៃ​មក​នេះ​នៅ​តំបន់​ស្វយ័ត​​របស់​ជនជាតិ​ Zhuang (Guangxi Zhuang Autonomous Region) ក្នុង​ខេត្ត​ក្វាងស៊ី បាន​បំផ្លាញ​ផ្ទះ​សម្បែក​​ជាង​1,300​ខ្នង នាំ​ឱ្យ​មនុស្ស​ប្រមាណ​ជា​ 230,000​នាក់​ត្រូវ​ជម្លៀស​ខ្លួ​ន និង​6​នាក់​បាន​ស្លាប់​ ម្នាក់​​​បាត់​ខ្លួន​។

    នៅ​ក្នុង​តំបន់​ Yangshuo ដែលជា​ទីតាំង​ទេសចរណ៍​ដ៏​ល្បី​ឈ្មោះ​ ស្ថិត​ក្នុង​ទីក្រុង​ Guilin​ ខេត្ត​ក្វាងស៊ី ត្រូវ​បាន​លិច​លុង​ក្នុង​ទឹក​ជំនន់​ បណ្ដាល​ឱ្យ​អ្នក​ទេសចរ​ និង​ពលរដ្ឋ​ត្រូវ​ជម្លៀស​ខ្លួន​តាម​ក្បូនឫស្សី​​។ អាជ្ញាធរ​បាន​ឱ្យ​ដឹង​ថា សណ្ឋាគារ​ជាង​1,000​ កំពុង​លិច​ទឹក​ និង​តំបន់​ទេសចរណ៍​​ជាង​30​កន្លែង​ផ្សេងទៀត​រង​ការ​ខូច​ខាត​។

    ក្រសួង​គ្រប់​គ្រង​គ្រោះ​អាសន្ន​ចិន​ (Ministry of Emergency Management) វាយ​តម្លៃ​ថា ការ​ខូច​ខាត​ផ្នែក​សេដ្ឋកិច្ច​ អាច​ឡើង​ដល់​550​លាន​ដុល្លារ​អាមេរិក​។

    ចំណែក​នៅ​ខេត្ត​ Hunan យ៉ាង​ហោច​ណាស់​មាន​មនុស្ស​13​នាក់​បាន​ស្លាប់​ដោយសារ​ភ្លៀង​ធំ​។ នៅ​ខេត្ត​ Guizhou វិញ មាន​មនុស្ស​ចំនួន​8​នាក់​បាន​បាត់​ខ្លួន​។

    ភ្លៀង​ធំ​បាន​​ផ្ដើម​ធ្លាក់​ចាប់​ពី​ដើម​ខែ​មិថុនា​ នាំ​ឱ្យ​ទឹក​ទន្លេ​ចំនួន​110​នៅ​ប្រទេស​ចិន​ “កើន​ឡើង​ខ្ពស់​ដល់​កម្រិត​គ្រោះ​ថ្នាក់​”។ តាម​ការ​ព្យាករ ភ្លៀង​នឹង​បន្ត​ធ្លាក់​​ក្នុង​រយៈ​ពេល​ច្រើន​ថ្ងៃ​ទៀត​ នៅ​ទូទាំង​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​។

    ប្រភព៖ AFP

  • មន្ត្រី​យោធា​​ថ្នាក់​​វរសេនីយ៍​​ម្នាក់​​របស់​ចិន​ ត្រូវ​អាមេរិក​ចាប់​ខ្លួន​នៅ​ពេល​ត្រៀម​ឡើង​យន្ត​ហោះ​ត្រលប់​មក​​ស្រុក

    មន្ត្រី​យោធា​​ថ្នាក់​​វរសេនីយ៍​​ម្នាក់​​របស់​ចិន​ ត្រូវ​អាមេរិក​ចាប់​ខ្លួន​នៅ​ពេល​ត្រៀម​ឡើង​យន្ត​ហោះ​ត្រលប់​មក​​ស្រុក

    Xin Wang ដែល​ជា​​មន្ត្រី​យោធា​ចិន​ម្នាក់​មាន​​ឋានន្តរសក្ដិ​ថ្នាក់​វរសេនីយ៍ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​នាំយក​ការ​សិក្សា​ស្រាវ​ជ្រាវ​ចាក​ចេញ​ពី​សហរដ្ឋ​អាមេរិក​ ព្រម​ទាំង​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ក្លែង​បន្លំ​ទិដ្ឋាការ​ផងដែរ​។

    មន្ត្រី​ទាហាន​ថ្នាក់​វរសេនីយ៍​ ឈ្មោះ Xin Wang នេះ​ ត្រូវ​បាន​​អង្គ​ភាព​ស៊ើប​ការណ៍​សម្ងាត់​អាមេរិកាំង​ (FBI) ចាប់​ខ្លួន​ខណៈ​ត្រៀម​ចេញ​ដំណើរ​ពី​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ Los Angeles ត្រលប់​​មក​កាន់​តំបន់​ Tianjin ប្រទេស​ចិន​កាល​ពីថ្ងៃទី​7​មិថុនា​។ ព័ត៌មាន​ខាង​លើ​នេះ​ត្រូវ​បាន​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ប្រកាស​កាល​ពី​ម្សិលមិញ​។

    យោង​តាម​កំណត់​ហេតុ​របស់​ FBI លោក​ Wang កំពុង​កាន់កាប់​តំណែង​ប្រហាក់​ប្រហែល​នឹង​វរសេនីយ៍ទោក្នុង​ជួរ​កង​ទ័ព​រំដោះ​ប្រជា​ជន​​ចិន​ (PLA) និង​នៅ​តែ​ទទួល​ប្រាក់​ខែ​ពី​កង​ទ័ព​ចិន​។

    ប៉ុន្តែ នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​ទិដ្ឋាការ​ចូល​ទឹក​ដី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ2018​ លោក​ Wang បាន​សរសេរ​ថា ខ្លួន​គ្រាន់​តែ​ជា​សាស្ត្រាចារ្យ​រង​ផ្នែកវេជ្ជសាស្ត្រ​នៅ​ PLA ចាប់​ពី​ឆ្នាំ​2002 ដល់​2016 ហើយ​មក​កាន់​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ​ California នា​ទីក្រុង​​ San Francisco (UCSF)។

    Wang បាន​សារ​ភាព​ថា “មាន​ចេតនា​កុហក​អំពី​ដំណាក់​កាល​បម្រើ​ការ​ក្នុង​ជួរ​កង​ទ័ព​នៅ​ក្នុង​លិខិត​ស្នើ​សុំ​ទិដ្ឋាការ​គឺ​គ្រាន់​តែ​ដើម្បី​បង្កើន​លទ្ធ​ភាព​ទទួល​បាន​ទិដ្ឋាការ​តែប៉ុណ្ណោះ”។

    នៅ​ពេល​ត្រៀម​ចាក​ចេញពី​ព្រលាន​យន្ត​ហោះ​ Los Angeles កាល​ពី​ថ្ងៃទី​អាទិត្យ​ Wang បាន​និយាយ​ជាមួយ​មន្ត្រី​អាមេរិកាំង​ប្រចាំ​ការ​នៅ​អាកាស​យាន​ដ្ឋាន​ថា “បាន​ទទួល​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ​ គឺ​ប្រធាន​មន្ទីរ​ពិសោធន៍​នៅ​សាកល​វិទ្យា​ល័យ​យោធា​ចិន​ ណែ​នាំ​ឱ្យ​​សង្កេត​មើល​​របៀប​រៀប​ចំ​បន្ទប់​ពិសោធន៍នៅ​​ UCSF ហើយ​នាំ​យក​ព័ត៌មាន​នេះ​ត្រលប់​ទៅ​ប្រទេស​ចិន​”។

    មន្ត្រី​យោធា​​ថ្នាក់​​វរសេនីយ៍​​ម្នាក់​​របស់​ចិន​ ត្រូវ​អាមេរិក​ចាប់​ខ្លួន​នៅ​ពេល​ត្រៀម​ឡើង​យន្ត​ហោះ​ត្រលប់​មក​​ស្រុក
    មន្ត្រី​ទាហាន​ថ្នាក់​វរសេនីយ៍​ ឈ្មោះ Xin Wang នេះ​ ត្រូវ​បាន​​អង្គ​ភាព​ស៊ើប​ការណ៍​សម្ងាត់​អាមេរិកាំង​ (FBI) ចាប់​ខ្លួន​ខណៈ​ត្រៀម​ចេញ​ដំណើរ​ពី​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ Los Angeles

    ក្រុម​មន្ត្រី​គយអាមេរិកាំង​​ប្រចាំ​នៅ​ព្រលាន​យន្ត​ហោះ​ទទួលបាន​ព័ត៌មាន​ថា “Wang នាំ​យក​ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​ពី​ UCSF ដើម្បី​ចែក​រំលែក​ទៅ​ឱ្យ​អ្នក​រួម​ការ​ងារ​នៅ​ PLA និង​ថែម​ទាំង​បាន​ផ្ញើ​លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ទៅកាន់​មន្ទីរ​ពិសោធន៍​របស់​ខ្លួន​នៅ​ប្រទេស​ចិន​តាម​រយៈ​អ៊ីម៉ែល” នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​យុត្តិ​ធម៌​សហរដ្ឋ​អាមេរិក​។

    លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ UCSF ដែល​ Wang យក​តាម​ខ្លួន​នោះ​ ទទួល​បាន​ឧបត្ថម្ភ​ពី​ក្រសួង​សុខាភិបាល​​អាមេរិកាំង​ (United States Department of Health and Human Services) និង​មន្ទីរ​សុខាភិបាល​ជាតិ​អាមេរិកាំង​ (National Institutes of Health)។ Wang ក៏​បាន​លុប​ចោល​សារ​ក្នុង​កម្ម​វិធី​ WeChat នៅ​លើ​ទូរស័ព្ទ​​របស់​ខ្លួន​នៅមុន​ពេល​មក​កាន់​ព្រលាន​យន្ត​ហោះ​ដើម្បី​ធ្វើ​ដំណើរ​ត្រលប់​មក​ប្រទេស​ចិន​។

    លោក​ Wang អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​10​ឆ្នាំ និង​បង់​ប្រាក់​ពិន័យ​ចំនួន​ 250,000​ដុល្លារ​ បើ​សិន​​ត្រូវ​បាន​កាត់​ទោស​។

    នៅ​ចំពោះ​មុខ​ការ​ព្រួយបារម្ភ​អំពី​សន្តិសុខ​ជាតិ រដ្ឋាភិបាល​អាមេរិកាំង​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ក្រុម​អ្នក​ស្រាវជ្រាវ​ និង​ក្រុម​អ្នកវិទ្យាសាស្ត្រ​ទាំងឡាយ​ណា​ដែល​ទទួល​បាន​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​តែ​ធ្វើ​ការ​ឱ្យ​កង​ទ័ពចិន​​ ឬ​សហការ​ជាមួយ​មន្ទីរ​ស្រាវ​ជ្រាវ​របស់​ចិន​។

    ប្រធានាធិបតី​ Donald Trump កាល​ពី​ថ្ងៃទី​29​ឧសភា​ បាន​ប្រកាស​ថា និសិត្ស​និង​អ្នក​ស្រាវជ្រាវ​ចិន​នឹង​ត្រូវ​ហាម​មិន​ឱ្យ​ចូល​ទឹក​ដី​អាមេរិក បើ​សិន​ពួកគេ​មាន​លទ្ធ​ភាព​ផ្ទេរ​ចំណេះ​ដឹង​ផ្នែក​បច្ចេក​ទេស​ទៅ​ឱ្យ​កង​ទ័ព​ចិន​។ សេចក្ដី​សម្រេច​នេះ​មាន​សុពល​ភាព​ចាប់ពី​ថ្ងៃទី​1​មិថុនា​ឆ្នាំ​2020​​។ បទ​បញ្ជា​នេះ​មិន​បាន​និយាយ​លម្អិត​នោះ​ទេ ប៉ុន្តែ​ទុក​ឱ្យ​ក្រសួង​ការបរទេស​ជា​អ្នកសម្រេច​បន្ថែម៕

    ប្រភព​៖ SCMP

  • ខាង​ក្នុង​ “តំបន់​ស្វយ័ត​” នៅ​កណ្ដាល​ទឹក​ដី​សហរដ្ឋ​អាមេរិក​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​បាតុករ

    ខាង​ក្នុង​ “តំបន់​ស្វយ័ត​” នៅ​កណ្ដាល​ទឹក​ដី​សហរដ្ឋ​អាមេរិក​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​បាតុករ

    នៅ​តំបន់​ប្រជុំ​ជន​​ក្នុង​ទីក្រុង​ Seattle ក្រុម​បាតុករ​បាន​នាំគ្នា​ដាក់​របង​ការ​ពារ​នៅ​ជុំ​វិញ​ ហើយ​ដាក់​ឈ្មោះ​ទី​នេះ​ថាជា​ “តំបន់​ស្វយ័ត​ Capitol Hill” បន្ទាប់​ពី​អង្គ​ភាព​ប៉ូលិស​បាន​ “ចុះ​ចាញ់​”។

    មុន​នោះ​ ការ​ប៉ះទង្គិចគ្នា​​រវាង​​ក្រុម​បាតុករ​ដែល​កើត​ឡើង​ដោយ​សារ​ការ​ស្លាប់​របស់​ George Floyd ជាមួយ​នឹង​ក្រុម​ប៉ូលិស​​នៅ​ទីក្រុង​ Seattle រដ្ឋ​វ៉ាស៊ីង​តោ​ន​​ សហរដ្ឋ​អាមេរិក​ បាន​ធ្លាក់ទៅក្នុង​ស្ថាន​ភាព​ទាល់​ច្រក​អស់​រយៈ​ពេល​មួយ​សប្ដាហ៍​។ ចុងក្រោយ​ ប្រតិកម្ម​កាន់​តែ​ខ្លាំង​ឡើង​ៗ​​របស់​ក្រុម​បាតុករ​ ក៏​បាន​ធ្វើ​ឱ្យ​អង្គ​ភាព​ប៉ូលិសក្នុង​តំបន់​​​Seattle​ ត្រូវ​បង្ខំ​ចិត្ត​ចុះ​ចាញ់​ ដោយ​ការ​ដក​មន្ត្រី​ប៉ូលិស​ទាំង​អស់​ចេញ​ពី​ប៉ូស្តិ៍​​ក្នុង​ទីប្រជុំជន​ Capitol Hill ហើយ​ទុក​ឱ្យ​ក្រុម​បាតុករ​ធ្វើ​សកម្ម​ភាព​តាម​អំពើ​ចិត្ត​។

    “បរិវេណ​នេះ​ បច្ចុប្បន្ន​គឺជា​ទ្រព្យ​របស់​ប្រជា​ជន​ Seattle” បដា​មួយ​មាន​សរសេរ​បែប​នេះ​។ តំបន់​ដែល​នៅ​ជុំ​វិញ​បរិវេណ​នេះ​ មក​ដល់​បច្ចុប្បន្ន​ បាន​ក្លាយ​ជា​កន្លែង​សម្រាប់​ឱ្យ​ប្រជា​ជន​​សាក​ល្បង​រស់​នៅ​ដោយ​គ្មាន​វត្តមាន​របស់​សមត្ថ​កិច្ច​។

    មនុស្ស​រាប់​រយ​នាក់​ដែល​នៅ​ខាង​ក្នុង​ទីប្រជុំ​ជន​នេះ តែង​មក​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ស្ដាប់​សេចក្ដី​ថ្លែង​ការណ៍​​នានា រួម​ទាំង​កំណាព្យ​ និង​ចម្រៀង​ផងដែរ​។ កាល​ពី​យប់​ថ្ងៃទី​9​មិថុនា​កន្លង​ទៅ​ មនុស្ស​រាប់សិប​នាក់​បាន​នាំ​គ្នា​អង្គុយ​​កណ្ដាល​ផ្លូវ​បែក​ជា​មួយ​​ដើម្បី​ទស្សនា​​ខ្សែ​ភាព​យន្ត​ឯកសារ​ រឿង​ “វិសោធនកម្ម​លើកទី13” របស់​អ្នក​ដឹក​នាំ​រឿង​ Ava DuVernay ដែល​និយាយ​អំពី​ឥទ្ធិ​ពល​របស់​ប្រព័ន្ធ​យុត្តិ​ធម៌​ព្រហ្មទណ្ឌ​ចំពោះ​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​។ មួយ​ថ្ងៃ​ក្រោយ​មក​ នៅ​ទីនេះ​គេ​ឃើញ​មាន​ក្មេង​ៗ​ជាច្រើន​នាំ​គ្នា​យក​ដី​ស​ និង​ទឹក​ថ្នាំ​មក​គូស​លេង​នៅ​កណ្ដាល​ផ្លូវ​។

    ខាង​លើ​​​នេះ​គ្រាន់​តែ​ជា​ការ​រៀប​រាប់​អំពី​ទិដ្ឋ​ភាព​ខ្លះ​ៗ​ដែល​បង្ហាញ​អំពី​ការ​រស់​នៅ​ដោយ​គ្មាន​នគរ​បាល នៅ​​​​ក្នុង​តំបន់​Seattle​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • Alibaba អាច​ដើរ​បញ្ច្រាស​​ទិស​ឆ្លង​កាត់​មហា​វិបត្តិ​សុខ​ភាព​ពិភពលោក​​​ដោយ​របៀប​ណា​?

    Alibaba អាច​ដើរ​បញ្ច្រាស​​ទិស​ឆ្លង​កាត់​មហា​វិបត្តិ​សុខ​ភាព​ពិភពលោក​​​ដោយ​របៀប​ណា​?

    SARS បាន​ជាន់​ពន្លិច​ក្រុម​ហ៊ុន​ធំៗ​ជា​ច្រើន​ ប៉ុន្តែ​វា​ក៏​ជា​តំណ​ភ្ជាប់​ដែល​​ជួយ​បង្កើត​បាន​ជា​ “មេមាន់​ពង​មាស​” Taobao ហើយ​ដូច​គ្នា​នេះ​ដែរ Alibaba ក៏កំពុង​តែ​រក​បាន​ប្រាក់​ចំណេញ​រាប់​លាន​ដុល្លារ​នៅក្នុង​សម័យ​ COVID-19។

    កាល​ពី​17​ឆ្នាំ​មុន នៅ​ពេល​ដែល​​រោគ​រាត​ត្បាត​ SARS ឆ្លង​រាល​ដាល​ពេញ​ទឹក​ដី​ចិន​ បុគ្គលិក​ទាំង​អស់របស់​ Alibaba ត្រូវ​បាន​តម្រូវ​ឱ្យ​រក្សា​គម្លាត​សង្គម និង​យក​ការ​​ងារ​ក្រុម​ហ៊ុន​ទៅ​ធ្វើ​នៅ​ឯផ្ទះ​។ ដំណាក់​កាល​នោះ​ ក្រុម​ហ៊ុន​​ Alibaba ទើប​តែ​មាន​អាយុ​​4​ឆ្នាំ​ប៉ុណ្ណោះ​ និង​ត្រូវ​ប្រឹង​ប្រែង​គិត​គូរ​អំពី​ប្រាក់​ចំណេញ​តាម​បែប​​ក្រុម​ហ៊ុន​ថ្មី​ (startup)។

    ប៉ុន្តែ ដោយ​សារ​តែវិបត្តិ​សុខ​ភាព​ SARS នោះ​ហើយ​ បាន​រុញ​ច្រាន​ Alibaba ឱ្យ​បង្កើត​ Taobao ដែល​ជា​ផ្សារ​អន​ឡាញ​មួយ​​ដើម្បី​ទប់​ទល់​ និង​ប្រើ​ប្រាស់​ប្រយោជន៍​ដែល​បាន​មក​ពី​ SARS។ មក​ដល់​បច្ចុប្បន្ន Taobao គឺជា​ទីផ្សារ​លក់​រាយ​ធំជាង​គេ​មួយ​នៅក្នុង​ពិភពលោក​។

    ចំណែក​ COVID-19 វិញ​ បើ​ទោះ​ជា​បាន​ក្លាយជា​​ក្រុម​ហ៊ុន​ពាណិជ្ជ​កម្ម​​លំដាប់​កំពូល​របស់​ពិភពលោក​ ប៉ុន្តែ​ Alibaba នៅ​តែ​មិន​អាច​គេច​ផុត​ពី​រលក​វិបត្តិ​សុខ​ភាព​ ហើយ​​ត្រូវ​ការ​ចាំបាច់​នូវ​ការ​សម្រប​ខ្លួន​ដើម្បី​ឆ្លង​កាត់​ឧបសគ្គ​នេះ​។ ក្រុម​ហ៊ុន​ “យក្ស” មួយ​នេះ​ បាន​រកឃើញ​ឱកាស​ដើម្បី​ធ្វើ​ឧបនីយកម្ម​​ឌីជីថល​ទៅ​លើ​សកម្ម​ភាព​តាំង​ពិព័រណ៍វិស័យ​ពាណិជ្ជ​កម្ម​​នៅ​ក្នុង​ពេល​ដែលគម្រោង​​​តាំង​ពិព័រណ៍​បែប​បុរាណ​នានា​ត្រូវ​បាន​ពន្យារ​ពេល​ ឬ​លុប​ចោល​ ដោយ​សារ​វីរុស​COVID-19។ យោង​តាម​ Alibaba សកម្ម​ភាព​ខាង​លើ​នេះ​អាច​ជួយ​ធ្វើ​ឱ្យ​​ “ផ្លូវដើរ​” របស់​បណ្ដា​ក្រុម​ហ៊ុន​តូច​ៗ មាន​ភាព​រាប​ស្មើ​ល្អ​ជាង​មុន​។

    កាល​ពី​ថ្ងៃទី​9​កន្លង​ទៅ​ Abibaba បាន​ប្រកាស​បញ្ចេញ​មុខ​ងារ​ថ្មី​ៗ​ជា​ច្រើន​សម្រាប់​ Alibaba.com ក្នុង​បំណង​ជំរុញ​ការ​តភ្ជាប់​រវាង​អ្នក​ផ្គត់​ផ្គង់​អន្តរ​ជាតិ​ជាមួយ​នឹង​អតិថិ​ជន​។ ក្នុង​ចំណោម​ផលិត​ផល​ថ្មី​​ជា​ច្រើន​ដែល​ទើប​ត្រូវ​បាន​ឧទ្ទេស​នាម​ក៏មាន​ Online Trade Show USA ផងដែរ​ ដែល​ផ្ដល់​ជូន​បទ​ពិសោធន៍​ជា​ច្រើន​ក្នុង​ការ​តភ្ជាប់​ក្រុម​ហ៊ុន​ជាមួយ​នឹង​ក្រុម​ហ៊ុន​ (B2B) ជា​កន្លែង​ដែល​ក្រុម​អ្នក​លក់​និង​អ្នក​ផលិត​នៅ​សហរដ្ឋ​អាមេរិក​អាច​ចាប់​យក​អតិថិ​ជន​ថ្មី​។

    John Caplan ប្រធាន​ក្រុម​ហ៊ុន​ Alibaba ប្រចាំ​សហរដ្ឋ​អាមេរិក​​និង​អឺរ៉ុប​ បាន​ឱ្យ​ដឹ​ង​ថា “ពិព័រណ៍​ពាណិជ្ជកម្ម​​អនឡាញ​សំដៅ​ទៅ​លើ​បណ្ដា​ក្រុម​ហ៊ុន​ខ្នាត​តូច​។ ដោយ​មាន​ជម្រើស​ផ្នែក​ឌីជីថល​ ពួក​គេ​នឹង​មិន​ចាំបាច់ចំណាយ​ពេល​ច្រើន​ថ្ងៃ និង​ប្រាក់​រាប់​ពាន់​ដុល្លារ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ពិព័រណ៍​ offline នោះ​ឡើយ”។

    Alibaba អាច​ដើរ​បញ្ច្រាស​​ទិស​ឆ្លង​កាត់​មហា​វិបត្តិ​សុខ​ភាព​ពិភពលោក​​​ដោយ​របៀប​ណា​?
    John Caplan ប្រធាន​ក្រុម​ហ៊ុន​ Alibaba ប្រចាំ​សហរដ្ឋ​អាមេរិក​​និង​អឺរ៉ុប​

    ថ្មី​ៗ​នេះ​ ការ​បង្កើន​មុខ​ងារ​ឌីជីថល​សម្រាប់​វេទិកា​ពាណិជ្ជកម្ម​ Alibaba.com បាន​ក្លាយ​ជា​គោលដៅ​យុទ្ធ​សាស្ត្រ​អាទិភាព​​របស់​ក្រុមហ៊ុន​ Alibaba។ ក្រុម​ហ៊ុន​នេះ​មិន​រំលង​ចោល​ទីផ្សារ​ដ៏មាន​សក្ដានុពល​​របស់​វេទិកា​ B2B នៅក្នុង​សម័យ​ COVID-19 នេះ​ឡើយ​ ខណៈ​ដែល​ក្រុម​ហ៊ុន​ខ្នាត​តូច​នាំ​គ្នា​បង្កើន​ការ​ស្វែង​រក​ឧបករណ៍​ឌីជីថល​ដើម្បី​បម្រើ​ និង​ស្វែង​រក​អតិថិ​ជន​។

    ក្រៅ​ពី​នេះ Alibaba បាន​ឱ្យ​ដឹង​ថា ខ្លួន​នឹង​បន្ថែម​មុខ​ងារ​ជា​ច្រើន​ផ្សេង​ទៀត​ទាក់​ទិន​នឹង​ជំនួយ​ផ្នែក​ហិរញ្ញ​វត្ថុ​ពាណិជ្ជ​កម្ម​ និង​ដឹក​ជញ្ជូន​ទំនិញ​ ក្នុង​បំណង​កែលម្អ​សេវា​កម្ម​ និង​ដោះ​ស្រាយ​បញ្ហា​ “ឈឺចាប់” ក្នុង​ទីផ្សារ​ពាណិជ្ជ​កម្ម​របស់​ពិភពលោក​ផងដែរ​។ ជាមួយ​នឹង​ជម្រើស​ជំនួយ​ពាណិជ្ជកម្ម​ អតិថិ​ជន​ដែល​បាន​ឆ្លើយ​តប​នឹង​លក្ខខណ្ឌ​ដែល​បាន​កំណត់​នឹង​អាច​បញ្ជាទិញ​ទំនិញ​តាម​រយៈ​ឧបករណ៍​ឌីជីថល​ និង​ធ្វើ​ការ​ទូទាត់​ក្នុង​រយៈ​ពេល​60​ថ្ងៃ​ ក្រោយ​ពី​ទទួល​បាន​ទំនិញ​។ ជា​ធម្មតា​ ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​ឆ្លង​ព្រំដែន​​រវាង​ក្រុម​ហ៊ុន​ខ្នាត​តូច​ តែង​តម្រូវ​ឱ្យ​ទូទាត់​មុន​100%​ មុន​នឹង​ផ្ញើ​ទំនិញ​ ដែល​នេះ​បង្ក​ជា​ឧបសគ្គ​ធំចំពោះ​ចរន្តសាច់​ប្រាក់​របស់​អ្នក​ទិញ​។

    Alibaba ឱ្យ​ដឹង​ថា ខ្លួន​កំពុងធ្វើ​ការ​ជាមួយ​ MSTS ដែល​ជា​ក្រុម​ហ៊ុន​ឥណទាន​ប្រភេទ​ B2B ដើម្បី​កំណត់​ថា អ្នក​ទិញ​ណា​ខ្លះ​​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​។ ក្រុម​ហ៊ុន​នេះ​ក៏កំពុង​សហការ​ជាមួយ​ Freightos ដែល​មាន​ជំនាញ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ទំនិញ​បែប​ឌីជីថល​ ដើម្បី​ជួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ក្នុងការ​ប្រៀប​ធៀប​តម្លៃ​ និង​គ្រប់​គ្រង​ការ​ដឹក​ជញ្ជូន​សម្រាប់​សកម្ម​ភាព​ដឹក​ទំនិញ​ដោយ​ប្រើ​កម្មវិធី​អនឡាញ​។

    មុន​នោះ​ បន្ទាប់​ពី​ COVID-19 បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​ចិន​ភ្លាម Alibaba ក៏បាន​ប្រកាស​វិធាន​ការ​ជំនួយ​ចំនួន​20​ចំណុច​ដើម្បី​ជួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​​ដែល​រង​ផល​ប៉ះពាល់​ពី​រោគ​រាត​ត្បាត​។ ក្នុង​ពេល​ដែល​ហាង​នានា​នៅ​ចិន​បាន​បិទ​ទ្វារ​ អ្នក​លក់​ក៏​បាន​ងាក​មក​ប្រើ​ Taobao Live ដើម្បី​ស្វែង​រក​អតិថិ​ជន​ និង​ដើម្បី​រក្សា​ចំណូល​។ Taobao Live​ ថែម​ទាំង​បាន​បើក​ទ្វារ​ទទួល​កសិករ​ពី​គ្រប់​ទិស​ទី​ក្នុង​ប្រទេស​ចិន​ ដើម្បី​ជួយ​ពួកគេ​ក្នុង​ការ​ដាក់​លក់​កសិផលតាម​អនឡាញ​ទៀត​ផង​។

    ជាក់​ស្ដែង ជាមួយ​នឹង​កម្ម​វិធី​ “Rural Support Program” ដែល​បាន​បង្ហាញ​វត្តមានចាប់​​​ពី​ខែ​កុម្ភៈ កសិករ​ចិន​អាច​ចូល​ និង​ប្រើ​ប្រាស់​​ឆាណែល​ផ្សាយ​ផ្ទាល់​​របស់​ Taobao Live ដោយ​មិន​គិត​ថ្លៃ​។ Taobao Live ប្រកាស​ថា​ នឹង​ជួយ​​ដល់​ហាង​លក់​រាយ​ offline ចំនួន​ជាង​200,000​កន្លែង​ក្នុង​ការ​បណ្ដុះ​បណ្ដាល​បុគ្គលិក​ជាង​10,000​នាក់​របស់​ហាង​ទាំង​នោះ​ ឱ្យ​ក្លាយ​ជា​អ្នកដឹក​នាំ​ livestream ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។

    Taobao Live បាន​ដាក់​ផែន​ការ​បង្កើត​ប្រាក់​ចំណូល​ 2.1​ពាន់​លាន​ដុល្លារ​ពី​ការ​លក់​កសិផល​​របស់​ខេត្ត​ចំនួន​16​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​នេះ​។

    Alibaba អាច​ដើរ​បញ្ច្រាស​​ទិស​ឆ្លង​កាត់​មហា​វិបត្តិ​សុខ​ភាព​ពិភពលោក​​​ដោយ​របៀប​ណា​?
    លោក Jack Ma ធ្លាប់​បាន​ថ្លែង​ថា អ្នក​ដែល​មាន​ឧបករណ៍​អនឡាញ​ស្រាប់​នឹង​មាន​ប្រៀប​ជាង​អ្នក​ដទៃ​ក្នុងការ​បង្កើន​ការ​លក់​នៅ​ក្នុង​សម័យ​ COVID-19នេះ

    Freshippo ដែល​ជាបណ្ដាញ​​ហាង​លក់​រាយ​គ្រឿង​ចាប​ហួយ​​ថ្មី​របស់​ Alibaba ក៏រក​បាន​ចំណេញ​ច្រើន​ក្នុង​សម័យ​ COVID-19 នេះ​ដែរ​។ Freshippo អនុញ្ញាត​ឱ្យ​អតិថិ​ជន​បញ្ជា​ទិញ​ផ្ទាល់​នូវ​អាហារ​ស្រស់​តាម​រយៈ​កម្មវិធី​អនឡាញ​​ជាមួយ​នឹង​ជម្រើស​ប្រគល់​ទំនិញ​ដោយ​មិន​ប៉ះពាល់​គ្នា​។

    ឧបករណ៍​អនឡាញ​ផ្សេង​មួយ​ទៀត​របស់​ Alibaba គឺ DingTalk ក៏​បាន​បន្ថែម​មុខ​ងារ​ថ្មី​ដែល​អនុញ្ញាត​ឱ្យ​​បុគ្គលិក​ជាង​200​លាន​នាក់​មក​ពី​ក្រុម​ហ៊ុន​ជាង​10​លាន​នៅ​ប្រទេស​ចិន​ រក្សា​ទំនាក់​ទំនង​ដើម្បី​រៀន​សូត្រ​ ធ្វើ​ការ​ជាដើម​នៅក្នុង​សម័យ​វិបត្តិ​សុខ​ភាព​នេះ​ដែរ​។

    ប្រតិបត្តិ​ការ​​ជីឌីថល​គឺជា​ឧបករណ៍​​ដ៏​អស្ចារ្យ​​​ក្នុង​សង្គ្រាម​ប្រឆាំង​ COVID-19។ លោក Jack Ma ធ្លាប់​បាន​ថ្លែង​ថា អ្នក​ដែល​មាន​ឧបករណ៍​អនឡាញ​ស្រាប់​នឹង​មាន​ប្រៀប​ជាង​អ្នក​ដទៃ​ក្នុងការ​បង្កើន​ការ​លក់​នៅ​ក្នុង​សម័យ​ COVID-19នេះ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ដំរី​ជាង​3,000​ក្បាល​ កំពុង​ “អត់​ការ​ងារ​ធ្វើ”​ ដោយ​សារ​ COVID-19 (វីដេអូ)

    ដំរី​ជាង​3,000​ក្បាល​ កំពុង​ “អត់​ការ​ងារ​ធ្វើ”​ ដោយ​សារ​ COVID-19 (វីដេអូ)

    ​ឥទ្ធិពល​របស់​ COVID-19 បាន​បណ្ដាល​ឱ្យ​ទីតាំង​គ្រប់​គ្រង​សត្វ​ដំរី​នានា​នៅ​ប្រទេស​ថៃ​ ត្រូវ​បង្ខំ​ចិត្ត​ប្រគល់​ដំរី​​​ដែល​កំពុង​ប្រឈម​នឹង​ហានិភ័​យនៃ​ការ​​ស្លាប់​ដោយ​សារ​អត់​អាហារ​ ទៅ​ឱ្យ​ម្ចាស់​ដើម​វិញ​។

    ដំរីជាង​3,000ក្បាលនៅប្រទេសថៃគឺជាដំរីដែលស្និទ្ធស្នាលជាមួយមនុស្ស ប៉ុន្តែដោយសារតែឥទ្ធិពលរបស់ COVID-19 កន្លែងគ្រប់គ្រងដំរីជាច្រើនត្រូវបាន​បិទទ្វារចាប់ពី​ខែមីនា2020 នាំឱ្យដំរីជាង3,000ក្បាលនេះ​បានធ្លាក់​ទៅ​ក្នុងវិបត្តិ “គ្មានការងារធ្វើ” និងប្រឈមមុខទៅនឹងការបាត់បង់ជីវិតដោយសារដាច់អាហារ។

    “នៅពេលនេះ យើងមិនមានប្រភពចំណូលអ្វីទៀតនោះទេ ប៉ុន្តែ ដំរីទាំងនោះនៅតែត្រូវការចំណីដូចធម្មតា” នេះបើតាមគ្រូបង្វឹកដំរី លោក Sinchai Joroenbunpod។

    ប្រាក់ចំណាយទៅលើការថែទាំដំរីមួយក្បាល អាចឡើងដល់30ដុល្លារសម្រាប់មួយថ្ងៃ។ ប៉ុន្តែ អ្វីដែលជាបញ្ហាគួរឱ្យព្រួយបារម្ភជាងនេះ នោះគឺហានិភ័យនៃការកើត​មាន​ “ជម្លោះ” រវាងដំរីជាមួយនឹងប្រជាជនក្នុងភូមិ។

    ដំរីនានាអាចដើរវង្វេងផ្លូវក្នុងព្រៃ និងចូលដល់ភូមិឋាន ឬចំការរបស់ពលរដ្ឋដើម្បីស្វែងរកអាហារ។ ប្រការនេះអាចបង្កឱ្យកើតមានការប៉ះទង្គិចគ្នាជាមួយនឹងមនុស្ស។

    ប្រភព៖ AFP

  • នយោបាយ វាយប្រហារចិន របស់លោក ត្រាំ ជួបផ្លូវទ័ល នៅពេលអឺរ៉ុប មិនសហការ (តពីម្សិលមិញ)

    នយោបាយ វាយប្រហារចិន របស់លោក ត្រាំ ជួបផ្លូវទ័ល នៅពេលអឺរ៉ុប មិនសហការ (តពីម្សិលមិញ)

    គំនិតដ៏មហាអស្ចារ្យដែលបង្ហាញឡើងយ៉ាងឆាប់រហ័សបែបនេះ គឺជាក្ដីស្រមើស្រមៃ ដែលមិនអាចទៅរួចបានឡើយ និងមានតែសាងភាពខូចខាតបន្ថែមច្រើនឡើងក្នុងវិស័យការទូត និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក។ សមាជិកដែលនៅសល់ ៦ប្រទេសទៀតរបស់ G7 គឺចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុន នៅតែមានការសង្ស័យនៅក្នុងចិត្ត ក្នុងរឿងដែលចង់យកប្រទេសរុស្ស៊ីមកចូលរួម 1ទៀត ក្រោយពីដែនដីខ្លាឃ្មុំសមួយនេះ ត្រូវបានបណ្ដេញចេញនៅឆ្នាំ2014 ដោយសារករណី ចូលទៅឈ្លានពាន និងរំលោភយកដែនដីឆក ខ្រៃមៀរ។

    ក្រៅពីនោះ អឺរ៉ុបត្រូវការដឹងមុនគេបំផុតថា តើលោកត្រាំ នឹងធ្វើអ្វីជាមួយឋានៈនៃភាពជាអ្នកដឹកនាំរបស់អាមេរិកក្នុងរបៀបរបបអន្តរជាតិ បែបសេរីនិយមនៃយុគសម័យក្រោយសង្គ្រាមលោកលើកទី2?។ វាមិនមែនត្រឹមតែថា ពួកប្រទេសសមាជិកផ្សេងៗទៀតរបស់ G7 មានអារម្មណ៍ធុញទ្រាន់តិចៗ ពីសំណើតាមអំពើចិត្តតែម្នាក់ឯងក្នុងរឿងការពង្រីកវង់(G7)ជាផ្លូវការរបស់លោកត្រាំប៉ុណ្ណោះទេ តែពួកអឺរ៉ុបថែមទាំងបានសម្រេចចិត្តរួចហើយទៀតផងថា ពួកត្រូវការថែរក្សាការសហការជាមួយចិនតទៅទៀត។

    ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងរុស្ស៊ី ក៏ដូចគ្នាដែរ សុទ្ធតែមានផលប្រយោជន៍ក្នុងការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចលំដាប់ភូមិភាគ ដោយមានចិនចូលមករួមជាមួយដែរ និងទាំងអស់គ្នាសុទ្ធតែត្រូវការឱ្យការស្ដារ និងអភិវឌ្ឍន៍នេះឱ្យរឹតតែស៊ីជម្រៅ ស្ថិតស្ថេរខ្លាំងឡើងទៀត។

    នយោបាយ វាយប្រហារចិន របស់លោក ត្រាំ ជួបផ្លូវទ័ល នៅពេលអឺរ៉ុប មិនសហការភាពបាក់បែករ៉ៅឆានផ្ទៃក្នុងរបស់ក្រុមប្រទេសលោកខាងលិច ក្នុងរឿងសម្ព័ន្ធភាពជាមួយចិន បានទទួលការបញ្ជាក់បន្ថែមដោយលោកស្រី មើកែល ក្នុងចំណុចសង្កេតផ្សេងៗ ដែលលោកស្រីបាននិយាយកាលពីសប្ដាហ៍កន្លងទៅ នៅពេលដែលលោកស្រីបានអះអាងថា បណ្ដាប្រទេសអឺរ៉ុបមាន “ផលប្រយោជន៍ខាងយុទ្ធសាស្ត្រដ៏ធំសម្បើម” ក្នុងការមានបដិសម្ព័ន្ធបែបចម្រើនជាមួយចិន បើទោះជាក្នុងពេលជាមួយគ្នានោះ នៅត្រូវខំព្យាយាមតាំងចិត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីឱ្យបានឆ្ពោះទៅដល់ភាពជាភាគហ៊ុន ដែលមានភាពស្មើភាគគ្នាជាមួយចិនក៏ដោយ។

    នៅក្នុងការជួបប្រាស្រ័យដ៏សំខាន់មួយដែលលោកស្រី មើរកែល បានទៅថ្លែងជាមួយមូលនិធិ Konrad-Adenauer Stiftung ក្រុមបណ្ដុំគំនិត ដែលមានសម្ព័ន្ធភាពជាមួយបក្ស គ្រីស្ទាន ដេម៉ូខ្រេទិក យូនៀន របស់លោកស្រី នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃទី27 ឧសភានោះ លោកស្រីបានប្រាប់ថា ចិននឹងក្លាយជារឿងមានកម្រិតភាពសំខាន់ខ្ពស់បំផុតមួយ នៅពេលរដ្ឋបាលរបស់លោកស្រីចូលទទួលតំណែងជាប្រធានរបស់សហភាពអឺរ៉ុបវិលជុំ 6ខែ ចាប់ពីថ្ងៃទី1 ខែកក្កដាខាងមុខ។

    ការឈានដើរ ដែលខ្វះការត្រិះរិះ

    លោកស្រី មើរកែល បានបញ្ជាក់ថា “យើងប្រជាពលរដ្ឋអឺរ៉ុប មានភាពចាំបាច់ក្នុងការត្រូវធានាភាពដាច់ខាតពិតប្រាកដរបស់ចិន ក្នុងការប្រកាសអាងឋានៈនៃភាពជាអ្នកដឹកនាំម្នាក់ក្នុងគ្រោងសាងស្ថាបត្យកម្មអន្តរជាតិ ដែលកំពុងមាននាពេលបច្ចុប្បន្ន”។ លោកស្រីបានបន្តទៀតថា បើទោះជាពួករដ្ឋបាលប្រទេសអឺរ៉ុប នឹងសម្លឹងមើលការតាំងជំហរដ៏រឹងមាំក្លៀវក្លារបស់ចិនដោយខ្សែភ្នែករិះគន់ សង្ស័យក៏ដោយចុះ តែលោកស្រី ក៏នឹងនៅតែមានគោលដៅក្នុងការថែរក្សាការសន្ទនា “យ៉ាងរិះគន់ សង្ស័យ និងយ៉ាងរីកចម្រើន” ជាមួយក្រុងប៉េកាំងជានិច្ច។

    លោកស្រី មើរកែល បានសង្កត់ធ្ងន់ពីគោលបំណងរបស់លោកស្រី ក្នុងការទៅឱ្យដល់កិច្ចព្រមព្រៀងការវិនិយោគទុនជាមួយចិនឱ្យសម្រេចស្រេចបាច់ រហូតដល់ការស្វែងរកទីតាំងរួមគ្នាក្នុងការតស៊ូជាមួយការប្រែប្រួលនៃអាកាសធាតុ និងហានិភ័យផ្សេងៗខាងផ្នែកសុខភាពសាធារណៈលំដាប់ពិភពលោកទៀតផង។ គោលបំណងទាំងអស់នេះរបស់លោកស្រីមើរកែល គឺជាការពន្លត់ក្ដីសង្ឃឹមរបស់លោកត្រាំ ដែលចង់ប្រើ G7 ឬអ្វីដែលក្នុងពេលនេះ លោកហៅថា G10 ឬ G11 ដើម្បីបង្កើតក្រុមសម្ព័ន្ធមិត្តមួយឡើងមកគាបសង្កត់ចិន។

    លោក​ស្រី​ Angela Merkel និង​លោក​ Xi Jinping

    បើនិយាយងាយៗ ក៏គឺ ការប្រកាសតាមអំពើចិត្តតែម្នាក់ឯងពាក់ព័ន្ធនឹងការពង្រីក G7 នេះ ត្រូវបានដឹង ត្រូវបានយល់ដឹងទាំងអស់គ្នានៅក្នុងអឺរ៉ុបថា គ្រាន់តែជាការបន្តការឈានដើរ ដែលខ្វះការត្រិះរិះគិតពិចារណារបស់លោក ត្រាំ ក្នុងរយៈពេល 3ឆ្នាំនៃការគ្រងតំណែងប្រធានាធិបតីរបស់ខ្លួន ដែលក្លាយជាការបំផ្លិចបំផ្លាញរបៀបរបបពិភពលោកបែបពហុភាគីដែលពឹងលើច្បាប់វិន័យ ដែលពួកប្រធានាធិបតីរបស់សហរដ្ឋអាមេរិកទាំងឡាយ ដែលចេញមកពីបក្សនយោបាយទាំង2 បានខឹតខំព្យាយាមកសាងឡើងពេញមួយរយៈពេលជាង 70ឆ្នាំកន្លងមក។

    ទង្វើបែបអាងវាយ អាងតប់ លើកចុងក្រោយបំផុតរបស់លោកត្រាំ ដែលបានប្រកាសចេតនារម្មណ៍របស់ខ្លួនក្នុងការដឹកនាំសហរដ្ឋអាមេរិក ដកខ្លួនចេញពីអង្គការសុខភាពពិភពលោក បានធ្វើឱ្យលោក Ursula von der Leyen ប្រធានរបស់គណៈកម្មាធិការអឺរ៉ុប (European Commision) និងលោក Josep Borrel អ្នកតំណាងផ្នែកកិច្ចការអន្តរជាតិ និងនយោបាយសន្តិសុខ និងជាអនុប្រធានរបស់គណៈកម្មាធិការអឺរ៉ុប ចេញសេចក្ដីថ្លែងការណ៍មួយ សម្ដែងការមិនយល់ស្រប កាលពីថ្ងៃទី30 ខែឧសភា។

    សេចក្ដីថ្លែងការណ៍ច្បាប់នោះ មានខ្លឹមសាររិះគន់លោកប្រធានាធិបតី ដូណាល់ ត្រាំ យ៉ាងបើកចំហថា៖ “ខណៈដែលពិភពលោកនៅតែកំពុងតស៊ូនឹងរោគឆ្លងរាតត្បាតដ៏ធំកូវីដ-19 យ៉ាងឥតឈប់ឈរនេះ ភារកិច្ចចម្បងសម្រាប់គ្រប់ៗភាគីក៏គឺ ត្រូវព្យាយាមថែរក្សាជីវិតមនុស្សឱ្យបានច្រើនបំផុត ត្រូវព្យាយាមគ្រប់គ្រង និងសម្រាលភាពធ្ងន់ធ្ងររបស់រោគឆ្លងរាតត្បាតដ៏ធំនេះឱ្យបាន។ តាមរយៈទស្សនៈមួយនេះ សហភាពអឺរ៉ុបនឹងនៅតែផ្ដល់ការគាំទ្រ WHO បន្តទៅទៀត និងថែមទាំងបានចាត់ចែងរកប្រាក់មកបន្ថែមឱ្យហើយទៀតផង”

    …នៅមានត…

    ប្រែសម្រួលដោយ តាវ៉ែនតា

  • Drone តាក់​ស៊ី​ហោះ​145​គម/ម៉ោង​ ​ចាប់ផ្ដើម​ដំណើរ​ការ​ដឹក​ទំនិញ​ហើយ​

    Drone តាក់​ស៊ី​ហោះ​145​គម/ម៉ោង​ ​ចាប់ផ្ដើម​ដំណើរ​ការ​ដឹក​ទំនិញ​ហើយ​

    ម៉ូដែល​តាក់​ស៊ី​ហោះ​ EHang នឹង​អាច​ដឹក​ទំនិញ​​ទៅ​ដល់​ផ្ទះ​របស់​ប្រជា​ជន​ ក្រោយ​ពី​ទទួល​បាន​លិខិត​អនុញ្ញាត​រកស៊ី​ពី​រដ្ឋាភិបាល​ចិន​។

    ម៉ូដែល​តាកស៊ី​ហោះ​គ្មាន​មនុស្ស​បើក​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ EHang នៅក្នុងខេត្ត​ក្វាងចូវ​​ ប្រទេស​ចិន​ បំពាក់​ម៉ាស៊ីន​រុញ​ច្រាន​ចំនួន​16​ ​អាច​ដឹក​ទំនិញ​ទម្ងន់​150​គីឡូក្រាម​​នៅក្នុង​ជើង​ហោះ​ហើរ​នីមួយ​ៗ​ ហើយ​អាច​ហោះ​ហើរ​ទៅ​ដល់​តំបន់​ដាច់​ស្រយាល​ និង​តំបន់​ភ្នំ​ទៀត​ផង​។ ក្រុម​ហ៊ុន​ EHang ឱ្យ​ដឹង​ថា drone ខ្នាត​ធំ​របស់​ពួកគេ​គឺជា​មធ្យោបាយ​ហោះ​ហើរ​ដឹក​អ្នក​ដំណើរ​ដោយ​ស្វ័យ​ប្រវត្ត​ ដែល​ដំណើរ​ការ​ដោយ​អគ្គិសនី​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​។

    កាល​ពី​ថ្ងៃទី​27​ឧសភា​ ក្រុម​ហ៊ុន​ EHang បាន​ប្រកាស​ថា ពួកគេ​ទទួល​បាន​លិខិត​អនុញ្ញាត​ពី​រដ្ឋបាល​អាកាស​ចរណ៍​ស៊ីវិល​ចិន​ (CAAC/Civil Aviation Administration of China) រួច​ហើយ​ ដើម្បី​ប្រើ​ប្រាស់​ drone ដឹក​ទំនិញ​។ ដោយ​មាន​ល្បឿន​ 145​គម/ម៉ោង​​ ម៉ូដែល​តាក់ស៊ី​ហោះ​នេះអាច​ដឹក​ទំនិញ​ឆ្លង​កាត់​រវាង​តំបន់​វាល​រាបជាមួយ​នឹង​តំបន់​ភ្នំ​ ឬ​រវាង​តំបន់​ដី​គោក​ជា​មួយ​នឹង​តំបន់​​កោះ​នៅ​ទី​ក្រុង ​Taizhou នៅ​ក្នុង​ការ​ហោះ​ហើរ​សាកល្បង​កន្លង​មក​។

    ក្រុម​ហ៊ុន​ EHang បាន​ចែក​រំលែកវីដេអូ​បង្ហាញ​អំពី​ម៉ូដែល​តាក់ស៊ី​ហោះ EHang 216 ហោះ​ហើរ​ឆ្លង​កាត់​ផ្ទៃ​សមុទ្រ​ និង​ខ្នង​ភ្នំ​នានា​។ Drone នេះ​ត្រូវ​បាន​ហោះ​ហើរ​សាកល្បង​ជា​លើក​ដំបូង​​នៅ​អឺរ៉ុប​កាល​ពី​ខែ​មេសា​2019​។ EHang 216 អាច​ដឹក​ភ្ញៀវ​ចំនួន​2​នាក់​ក្នុង​ពេល​តែ​មួយ​។

    កាល​ពី​ខែ​ឧសភា​2020 ក្រុម​ហ៊ុន​ EHang បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​សណ្ឋាគារ​ LN Garden Hotel នៅ​ខេត្ត​ក្វាង​ចូវ​ដើម្បី​ផ្ដល់​សេវាកម្ម​ដឹក​អ្នក​ទេសចរ​​​ក្នុង​អនាគត​ដ៏ខ្លី​ខាងមុខ​។ បច្ចុប្បន្ន អាជ្ញាធរ​ចិន​មិន​ទាន់​​ផ្ដល់​​លិខិត​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​នេះ​ដឹក​អ្នក​ដំណើរ​នៅ​ឡើយ​។ ប៉ុន្តែ ការ​ទទួល​បាន​លិខិត​អនុញ្ញាត​ឱ្យ​ដឹក​ទំនិញ​គឺជា​ជំហាន​ដ៏​ជោគ​ជ័យ​មួយ​សម្រាប់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​​ EHang៕

    ប្រភព៖ Fox News