នយោបាយ វាយប្រហារចិន របស់លោក ត្រាំ ជួបផ្លូវទ័ល នៅពេលអឺរ៉ុប មិនសហការ (តពីម្សិលមិញ)

នយោបាយ វាយប្រហារចិន របស់លោក ត្រាំ ជួបផ្លូវទ័ល នៅពេលអឺរ៉ុប មិនសហការ (តពីម្សិលមិញ)

គំនិតដ៏មហាអស្ចារ្យដែលបង្ហាញឡើងយ៉ាងឆាប់រហ័សបែបនេះ គឺជាក្ដីស្រមើស្រមៃ ដែលមិនអាចទៅរួចបានឡើយ និងមានតែសាងភាពខូចខាតបន្ថែមច្រើនឡើងក្នុងវិស័យការទូត និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក។ សមាជិកដែលនៅសល់ ៦ប្រទេសទៀតរបស់ G7 គឺចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុន នៅតែមានការសង្ស័យនៅក្នុងចិត្ត ក្នុងរឿងដែលចង់យកប្រទេសរុស្ស៊ីមកចូលរួម 1ទៀត ក្រោយពីដែនដីខ្លាឃ្មុំសមួយនេះ ត្រូវបានបណ្ដេញចេញនៅឆ្នាំ2014 ដោយសារករណី ចូលទៅឈ្លានពាន និងរំលោភយកដែនដីឆក ខ្រៃមៀរ។

ក្រៅពីនោះ អឺរ៉ុបត្រូវការដឹងមុនគេបំផុតថា តើលោកត្រាំ នឹងធ្វើអ្វីជាមួយឋានៈនៃភាពជាអ្នកដឹកនាំរបស់អាមេរិកក្នុងរបៀបរបបអន្តរជាតិ បែបសេរីនិយមនៃយុគសម័យក្រោយសង្គ្រាមលោកលើកទី2?។ វាមិនមែនត្រឹមតែថា ពួកប្រទេសសមាជិកផ្សេងៗទៀតរបស់ G7 មានអារម្មណ៍ធុញទ្រាន់តិចៗ ពីសំណើតាមអំពើចិត្តតែម្នាក់ឯងក្នុងរឿងការពង្រីកវង់(G7)ជាផ្លូវការរបស់លោកត្រាំប៉ុណ្ណោះទេ តែពួកអឺរ៉ុបថែមទាំងបានសម្រេចចិត្តរួចហើយទៀតផងថា ពួកត្រូវការថែរក្សាការសហការជាមួយចិនតទៅទៀត។

ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងរុស្ស៊ី ក៏ដូចគ្នាដែរ សុទ្ធតែមានផលប្រយោជន៍ក្នុងការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចលំដាប់ភូមិភាគ ដោយមានចិនចូលមករួមជាមួយដែរ និងទាំងអស់គ្នាសុទ្ធតែត្រូវការឱ្យការស្ដារ និងអភិវឌ្ឍន៍នេះឱ្យរឹតតែស៊ីជម្រៅ ស្ថិតស្ថេរខ្លាំងឡើងទៀត។

នយោបាយ វាយប្រហារចិន របស់លោក ត្រាំ ជួបផ្លូវទ័ល នៅពេលអឺរ៉ុប មិនសហការភាពបាក់បែករ៉ៅឆានផ្ទៃក្នុងរបស់ក្រុមប្រទេសលោកខាងលិច ក្នុងរឿងសម្ព័ន្ធភាពជាមួយចិន បានទទួលការបញ្ជាក់បន្ថែមដោយលោកស្រី មើកែល ក្នុងចំណុចសង្កេតផ្សេងៗ ដែលលោកស្រីបាននិយាយកាលពីសប្ដាហ៍កន្លងទៅ នៅពេលដែលលោកស្រីបានអះអាងថា បណ្ដាប្រទេសអឺរ៉ុបមាន “ផលប្រយោជន៍ខាងយុទ្ធសាស្ត្រដ៏ធំសម្បើម” ក្នុងការមានបដិសម្ព័ន្ធបែបចម្រើនជាមួយចិន បើទោះជាក្នុងពេលជាមួយគ្នានោះ នៅត្រូវខំព្យាយាមតាំងចិត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីឱ្យបានឆ្ពោះទៅដល់ភាពជាភាគហ៊ុន ដែលមានភាពស្មើភាគគ្នាជាមួយចិនក៏ដោយ។

នៅក្នុងការជួបប្រាស្រ័យដ៏សំខាន់មួយដែលលោកស្រី មើរកែល បានទៅថ្លែងជាមួយមូលនិធិ Konrad-Adenauer Stiftung ក្រុមបណ្ដុំគំនិត ដែលមានសម្ព័ន្ធភាពជាមួយបក្ស គ្រីស្ទាន ដេម៉ូខ្រេទិក យូនៀន របស់លោកស្រី នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃទី27 ឧសភានោះ លោកស្រីបានប្រាប់ថា ចិននឹងក្លាយជារឿងមានកម្រិតភាពសំខាន់ខ្ពស់បំផុតមួយ នៅពេលរដ្ឋបាលរបស់លោកស្រីចូលទទួលតំណែងជាប្រធានរបស់សហភាពអឺរ៉ុបវិលជុំ 6ខែ ចាប់ពីថ្ងៃទី1 ខែកក្កដាខាងមុខ។

ការឈានដើរ ដែលខ្វះការត្រិះរិះ

លោកស្រី មើរកែល បានបញ្ជាក់ថា “យើងប្រជាពលរដ្ឋអឺរ៉ុប មានភាពចាំបាច់ក្នុងការត្រូវធានាភាពដាច់ខាតពិតប្រាកដរបស់ចិន ក្នុងការប្រកាសអាងឋានៈនៃភាពជាអ្នកដឹកនាំម្នាក់ក្នុងគ្រោងសាងស្ថាបត្យកម្មអន្តរជាតិ ដែលកំពុងមាននាពេលបច្ចុប្បន្ន”។ លោកស្រីបានបន្តទៀតថា បើទោះជាពួករដ្ឋបាលប្រទេសអឺរ៉ុប នឹងសម្លឹងមើលការតាំងជំហរដ៏រឹងមាំក្លៀវក្លារបស់ចិនដោយខ្សែភ្នែករិះគន់ សង្ស័យក៏ដោយចុះ តែលោកស្រី ក៏នឹងនៅតែមានគោលដៅក្នុងការថែរក្សាការសន្ទនា “យ៉ាងរិះគន់ សង្ស័យ និងយ៉ាងរីកចម្រើន” ជាមួយក្រុងប៉េកាំងជានិច្ច។

លោកស្រី មើរកែល បានសង្កត់ធ្ងន់ពីគោលបំណងរបស់លោកស្រី ក្នុងការទៅឱ្យដល់កិច្ចព្រមព្រៀងការវិនិយោគទុនជាមួយចិនឱ្យសម្រេចស្រេចបាច់ រហូតដល់ការស្វែងរកទីតាំងរួមគ្នាក្នុងការតស៊ូជាមួយការប្រែប្រួលនៃអាកាសធាតុ និងហានិភ័យផ្សេងៗខាងផ្នែកសុខភាពសាធារណៈលំដាប់ពិភពលោកទៀតផង។ គោលបំណងទាំងអស់នេះរបស់លោកស្រីមើរកែល គឺជាការពន្លត់ក្ដីសង្ឃឹមរបស់លោកត្រាំ ដែលចង់ប្រើ G7 ឬអ្វីដែលក្នុងពេលនេះ លោកហៅថា G10 ឬ G11 ដើម្បីបង្កើតក្រុមសម្ព័ន្ធមិត្តមួយឡើងមកគាបសង្កត់ចិន។

លោក​ស្រី​ Angela Merkel និង​លោក​ Xi Jinping

បើនិយាយងាយៗ ក៏គឺ ការប្រកាសតាមអំពើចិត្តតែម្នាក់ឯងពាក់ព័ន្ធនឹងការពង្រីក G7 នេះ ត្រូវបានដឹង ត្រូវបានយល់ដឹងទាំងអស់គ្នានៅក្នុងអឺរ៉ុបថា គ្រាន់តែជាការបន្តការឈានដើរ ដែលខ្វះការត្រិះរិះគិតពិចារណារបស់លោក ត្រាំ ក្នុងរយៈពេល 3ឆ្នាំនៃការគ្រងតំណែងប្រធានាធិបតីរបស់ខ្លួន ដែលក្លាយជាការបំផ្លិចបំផ្លាញរបៀបរបបពិភពលោកបែបពហុភាគីដែលពឹងលើច្បាប់វិន័យ ដែលពួកប្រធានាធិបតីរបស់សហរដ្ឋអាមេរិកទាំងឡាយ ដែលចេញមកពីបក្សនយោបាយទាំង2 បានខឹតខំព្យាយាមកសាងឡើងពេញមួយរយៈពេលជាង 70ឆ្នាំកន្លងមក។

ទង្វើបែបអាងវាយ អាងតប់ លើកចុងក្រោយបំផុតរបស់លោកត្រាំ ដែលបានប្រកាសចេតនារម្មណ៍របស់ខ្លួនក្នុងការដឹកនាំសហរដ្ឋអាមេរិក ដកខ្លួនចេញពីអង្គការសុខភាពពិភពលោក បានធ្វើឱ្យលោក Ursula von der Leyen ប្រធានរបស់គណៈកម្មាធិការអឺរ៉ុប (European Commision) និងលោក Josep Borrel អ្នកតំណាងផ្នែកកិច្ចការអន្តរជាតិ និងនយោបាយសន្តិសុខ និងជាអនុប្រធានរបស់គណៈកម្មាធិការអឺរ៉ុប ចេញសេចក្ដីថ្លែងការណ៍មួយ សម្ដែងការមិនយល់ស្រប កាលពីថ្ងៃទី30 ខែឧសភា។

សេចក្ដីថ្លែងការណ៍ច្បាប់នោះ មានខ្លឹមសាររិះគន់លោកប្រធានាធិបតី ដូណាល់ ត្រាំ យ៉ាងបើកចំហថា៖ “ខណៈដែលពិភពលោកនៅតែកំពុងតស៊ូនឹងរោគឆ្លងរាតត្បាតដ៏ធំកូវីដ-19 យ៉ាងឥតឈប់ឈរនេះ ភារកិច្ចចម្បងសម្រាប់គ្រប់ៗភាគីក៏គឺ ត្រូវព្យាយាមថែរក្សាជីវិតមនុស្សឱ្យបានច្រើនបំផុត ត្រូវព្យាយាមគ្រប់គ្រង និងសម្រាលភាពធ្ងន់ធ្ងររបស់រោគឆ្លងរាតត្បាតដ៏ធំនេះឱ្យបាន។ តាមរយៈទស្សនៈមួយនេះ សហភាពអឺរ៉ុបនឹងនៅតែផ្ដល់ការគាំទ្រ WHO បន្តទៅទៀត និងថែមទាំងបានចាត់ចែងរកប្រាក់មកបន្ថែមឱ្យហើយទៀតផង”

…នៅមានត…

ប្រែសម្រួលដោយ តាវ៉ែនតា

Advertisement