Author: សឿន សំណាង

  • Delta កំពុង​ក្លាយជា​​វ៉ារ្យ៉ង់​​ស្នូល​​ ​ក្នុង​​ការឆ្លង​រាលដាល COVID-19 នៅ​ប្រទេស​ថៃ

    Delta កំពុង​ក្លាយជា​​វ៉ារ្យ៉ង់​​ស្នូល​​ ​ក្នុង​​ការឆ្លង​រាលដាល COVID-19 នៅ​ប្រទេស​ថៃ

    វីរុស​បំប្លែង​ថ្មី Delta របស់ COVID-19 កំពុងតែ​ក្លាយជា​វ៉ា​រ្យ៉​ង់​ចម្បង​នៅ​ប្រទេស​ថៃ ដោយមាន​អ្នកជំងឺ COVID-19 ជាង 90% វិជ្ជមាន​នឹង​វ៉ា​រ្យ៉​ង់​នេះ។

    ប្រ​ធានា​នាយកដ្ឋាន​វិទ្យាសាស្ត្រ​សុខាភិបាល វេជ្ជបណ្ឌិត Supphakit Siriluck ថ្ងៃទី 10 សីហា បានឱ្យដឹងថា ក្នុងចំណោម​សំណាក​ចំនួន 1,632 ដែល​ត្រូវបាន​ស្រង់​ស្ថិតិ​កាលពី​សប្ដាហ៍​មុន មាន 1,499 សំណាក (ប្រហែល 91.9%) ផ្ទុក​វីរុស​បំប្លែង​ថ្មី Delta (វ៉ា​រ្យ៉​ង់​ដែល​រកឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា), 129 សំណាក (7.9%) ផ្ទុក Alpha (រកឃើញ​ដំបូង​នៅ អង់គ្លេស), និង 4 សំណាក (0.2%) ផ្ទុក Beta (រកឃើញ​ដំបូង​នៅ អាហ្វ្រិក​ខាងត្បូង)។ ក្រៅពី​វ៉ា​រ្យ៉​ង់​ចំនួន 3 ខាងលើនេះ មិនទាន់មាន​វ៉ា​រ្យ៉​ង់​ណា​ផ្សេងទៀត​ត្រូវបាន​រកឃើញ​នៅ​ប្រទេស​ថៃ​នៅឡើយ។

    ក្នុងចំណោម​សំណាក​ចំនួន 1,632 ខាងលើ មាន 1,157 សំណាក​ត្រូវបាន​យក​ពី​ទីក្រុង​បាងកក ក្នុងនោះ មាន 95.4% ផ្ទុក​វ៉ា​រ្យ៉​ង់ Delta ខណៈ​ក្រៅពីនេះ​គឺ​វ៉ា​រ្យ៉​ង់ Alpha។ សំណាក​ចំនួន 475 ដែល​យក​ពី​បណ្ដា​ខេត្ត​គឺ មាន 83.2% មាន​ផ្ទុក Delta និង 16% ផ្ទុក Alpha។

    វេជ្ជបណ្ឌិត Supphakit និយាយថា និន្នាការ​នៃ​ការឆ្លង COVID-19 នៅ​ប្រទេស​ថៃ បង្ហាញថា វ៉ា​រ្យ៉​ង់ Delta កំពុង​ក្លាយជា​វីរុស​បំប្លែង​ថ្មី​ចម្បង​ជាងគេ ដោយ​ឆ្លង​យ៉ាង​ឆាប់រហ័ស​ជាងគេ ខណៈ Alpha អាច​នឹង​លែងមាន​តទៅទៀត។ ចំណែក Beta វិញ នឹង​នៅតែ​មាននៅ​ភាគខាងត្បូង​ប្រទេស​នេះ។ វ៉ា​រ្យ៉​ង់ Beta ឆ្លង​រាលដាល​យឺត​ជាង​វ៉ា​រ្យ៉​ង់ Delta ដូច្នេះ ងាយស្រួល​ក្នុងការ​គ្រប់គ្រង។

    ក្នុង​រយៈពេល 24 ម៉ោង ប្រទេស​ថៃ បាន​រកឃើញ​អ្នកជំងឺ​ថ្មី​ចំនួន​ជិត 20,000 នាក់ និង 235 នាក់​បាន​ស្លាប់​ដោយសារ COVID-19។ បច្ចុប្បន្ន ប្រទេស​ថៃ បាន​រកឃើញ​អ្នកជំងឺ COVID-19 សរុប​ចំនួន​ជាង 795.900 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ជិត 6,600 នាក់៕

  • វៀតណាម ជោគជ័យ​ជំហាន​ដំបូង ក្នុងការ​អភិវឌ្ឍ​ថ្នាំ​ព្យាបាល COVID-19

    វៀតណាម ជោគជ័យ​ជំហាន​ដំបូង ក្នុងការ​អភិវឌ្ឍ​ថ្នាំ​ព្យាបាល COVID-19

    ថ្នាំ​ផ្សំ​ឡើង​ពី​ឱសថ​បុរាណ ដែល វៀតណាម ទើបតែ​បានប្រកាសថា ជោគជ័យ​ជំហាន​ដំបូង និង​មាន​សមត្ថភាព​ទប់ស្កាត់​ការកើនឡើង​នៃ​បរិមាណ​វីរុស COVID-19 នៅក្នុង​កោសិកា នេះ កំពុង​រង់ចាំ​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ដើម្បី​ធ្វើការ​ពិសោធ​លើ​អ្នកជំងឺ។

    ព្រឹក​ថ្ងៃទី 10 សីហា នេះ បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា វៀតណាម បានប្រកាស​បង្ហាញ​ឱសថ​ឈ្មោះ Vipdervir ដែល​ប្រើ​សម្រាប់​បង្ការ និង​ព្យាបាល​ជំងឺ​ដែល​កើត​ដោយសារ​វីរុស RNA (ribonucleic acid) ពិសេស​គឺ COVID-19។ លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ ទទួលបាន​ការយល់ព្រម​ពី​ក្រុមប្រឹក្សា​ជាតិ​ស្តីពី​ក្រមសីលធម៌​ក្នុងការ​ស្រាវជ្រាវ​ជីវសាស្ត្រ នៃ​ក្រសួងសុខាភិបាល ក្នុង​ការដាក់​សំណើសុំ​ពិសោធ​លើ​មនុស្ស ដើម្បី​វាយតម្លៃ​ប្រសិទ្ធភាព​លើ​ការព្យាបាល COVID-19។

    «Vipdervir ត្រូវបាន​ផលិតឡើង​ពី​ឱសថ​បុរាណ មាន​ផ្ទុក​សមាសធាតុ​ដែល​អាច​គ្រប់គ្រង​ម៉ូលេគុល​គោលដៅ​ដែល​ទាក់ទិន​នឹង​ដំណើរការ​នៃ​ការ​លុកលុយ និង​ការកកើត​កូនចៅ​របស់ COVID-19។ ទន្ទឹមនឹងនេះ ឱសថ​នេះ​ក៏មាន​សមាសធាតុ​ដែល​ជួយ​រំញោច​ទៅលើ​បណ្ដា​កោសិកា​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ ជួយ​បង្កើន​សមត្ថភាព​ប្រឆាំងនឹង​វីរុស​របស់​អ្នកជំងឺ» នេះ​បើតាម​វេជ្ជបណ្ឌិត Le Quang Huan សាស្ត្រាចារ្យ​រង និង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ។

    លោក Quang អនុប្រធាននាយកដ្ឋាន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​បណ្ដុះបណ្ដាល នៃ​ក្រសួងសុខាភិបាល វៀតណាម បាន​និយាយថា៖ «ក្រសួងសុខាភិបាល​សង្ឃឹម​ថា ចាប់ពីពេលនេះ​ដល់​ចុងឆ្នាំ ការពិសោធ​លើ​មនុស្ស​នឹងត្រូវ​បានធ្វើ​ឡើង​រួចរាល់។

    ឱសថ​ Vipdervir

    បច្ចុប្បន្ន Vipdervir ត្រូវបាន​ផលិត​ឡើងជា​ទម្រង់​គ្រាប់​រឹង។ ក្រុម​ស្រាវជ្រាវ​នឹង​អាច​ចាប់ផ្ដើម​ពិសោធ​លើ​អ្នកជំងឺ COVID-19 ក្នុងពេលឆាប់ៗនេះ ដោយសារ​វា​ជា​ថ្នាំ​រុក្ខជាតិ។ លោក Quang និយាយថា៖ «តាម​ផែនការ នៅ​ចុងឆ្នាំ 2021 អាច​ផ្ដល់​ការអនុញ្ញាតឱ្យ​ចរាចរណ៍​ថ្នាំ នេះ បន្ទាប់ពី​លទ្ធផល​នៃ​ការពិសោធ​លើ​មនុស្ស​ទទួលបាន​ជោគជ័យ»។

    ក្រុម​អ្នកវិទ្យាសាស្ត្រ វៀតណាម បានចាប់ផ្ដើម​ស្រាវជ្រាវ​លើ​ឱសថ​បុរាណ​ដែល​អាចជួយ​ព្យាបាល COVID-19 តាំងពី​ដើមឆ្នាំ 2020 ដោយយោង​ទៅលើ​បទពិសោធន៍​នៃ​ការស្រាវជ្រាវ និង​ការ​ផ្សំ​ឱសថ​បុរាណ​ព្យាបាល​ជំងឺមហារីក រួម​នឹង​ថ្នាំ​ជួយ​ព្យាបាល​ជំងឺ​ច្រើន​មុខ​ផ្សេងទៀត។ លទ្ធផល​នៃ​ការពិសោធន៍​លើស​ត្វ​កន្លងមក បាន​បង្ហាញថា Vipdervir មាន​សុវត្ថិភាព។

    លោក Quang បានឱ្យដឹងថា ក្រុម​ស្រាវជ្រាវ​កំពុង​រង់ចាំ​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ដើម្បី​អាច​ពិសោធ​ថ្នាំ​នេះ​នៅលើ​អ្នកជំងឺ COVID-19។ តាម​គម្រោង ក្រោយពី​ទទួលបាន​ការអនុញ្ញាត ឱសថ​នេះ​នឹងត្រូវ​បាន​យកទៅ​ពិសោធ​នៅក្នុង​មន្ទីរពេទ្យ National Hospital of Tropical Diseases នា​រដ្ឋធានី​ហាណូយ៕

  • NASA ជ្រើសរើស​មនុស្ស​ទៅ​រស់​នៅលើ​ភព​ព្រះ​អង្គារ​សិប្បនិម្មិត

    NASA ជ្រើសរើស​មនុស្ស​ទៅ​រស់​នៅលើ​ភព​ព្រះ​អង្គារ​សិប្បនិម្មិត

    សហរដ្ឋអាមេរិក៖ ដើម្បី​ត្រៀមខ្លួន​សម្រាប់​បញ្ជូន​មនុស្ស​ទៅកាន់​ពិភព​ព្រះ​អង្គារ ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) ចាប់ផ្ដើម​ទទួល​ពាក្យ​ពី​បេក្ខភាព​ទាំងឡាយ បំណង​ជ្រើសរើស​មនុស្ស​ចំនួន 4 នាក់ ឱ្យទៅ​រស់នៅ​រយៈពេល 1 ឆ្នាំ នៅលើ​ភព​អង្គារ​សិប្បនិម្មិត Mars Dune Alpha។

    Mars Dune Alpha គឺជា​ទីតាំង​ទំហំ 158 ម៉ែត្រក្រឡា និង​មាន​បរិយាកាស​ដូច​ទៅនឹង​ពិភព​ព្រះ​អង្គារ ដែល​ត្រូវបាន​​សាង​សង់​ឡើង​ដោយ​គ្រឿងចក្រ​បោះ​ពុ​ម្ភ 3D។ Mars Dune Alpha មាន​ទីតាំង​នៅក្នុង​អគារ​មួយ​ដែល​ស្ថិតក្នុង​មជ្ឈមណ្ឌល​អវកាស Johnson នាទី​ក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក។ ក្រុម​អ្នកស្ម័គ្រចិត្ត​ដែល​ទទួលបាន​ប្រាក់ខែ នឹងធ្វើ​ការ​ក្នុង​បេសកកម្ម​ស្រាវជ្រាវ​ភព​អង្គារ​សិប្បនិម្មិត រួមមាន ការដើរ​ក្នុង​បរិវេណ​នៃ​ទី​តាំង​​ពិសោធ ការកាត់បន្ថយ​ទំនាក់ទំនង​ជាមួយ​គ្រួសារ ប្រភព​អាហារ​និង​ធនធាន​មានកំណត់ រួម​នឹង​ស្ថានភាព​ឧបករណ៍​បច្ចេកវិទ្យា​ត្រូវ​ខូច។

    NASA កំពុង​រៀបចំ​គម្រោង​សម្រាប់​ការពិសោធ​ចំនួន 3 ក្នុងចំណោម​ការពិសោធ​ទាំងឡាយ​ខាងលើ។ ការពិសោធ​ដំបូង​នឹង​ចាប់ផ្ដើម​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំក្រោយ។ អាហារ​ទាំងអស់ សុទ្ធតែ​អាហារ​ឆ្អិន​ស្រាប់។ អ្នកស្ម័គ្រចិត្ត​នឹង​ដាំ​រុក្ខជាតិ​មួយចំនួន។

    ការ​ជ្រើស​អ្នកស្ម័គ្រចិត្ត​ដែល​ត្រូវបាន​ធ្វើឡើង​ចាប់តាំងពី​ចុង​សប្ដាហ៍​មុននេះ ពិត​ជាមាន​លក្ខខណ្ឌ​តឹងរ៉ឹង ក្នុងនោះ បេក្ខភាព​ត្រូវតែមាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកទេស គណិត ឬ​មានបទពិសោធន៍​ជា​អ្នកបើកបរ​យន្តហោះ។ អ្នក​មិនអាច​មានឱកាស​ទទួល​បានការ​ជ្រើសរើស​នោះទេ បើសិន​មិនមែនជា​ពលរដ្ឋ​អាមេរិក។ អ្នកស្ម័គ្រចិត្ត ក៏ត្រូវ​មាន​វ័យ​ចាប់ពី 30-55 ឆ្នាំ មាន​សុខ​ភាពល្អ មិនមាន​បញ្ហា​ក្នុងការ​ហូបចុក និង​មិនមាន​បញ្ហា​ពុល​ឡាន ឬ​យានជំនិះផ្សេងៗ។

    ជ្រុងមួយនៃទិដ្ឋភាពខាងក្នុងរបស់ទីតាំងពិសោធន៍ Mars Dune Alpha

    គម្រោង​ខាងលើ​បង្ហាញថា NASA កំពុង​ស្វែងរក​មនុស្ស​ដែលមាន​សមត្ថភាព​ជិត​ស្មើនឹង​អ្នក​អវកាស។ ការពិសោធ​នឹង​ផ្ដល់​លទ្ធផល​ល្អ បើសិន​អ្នកស្ម័គ្រចិត្ត​មាន​លក្ខណៈ​ដូច​ទៅនឹង​មនុស្ស​ដែល​ជិត​បាន​ហោះ​ទៅកាន់​ភព​ព្រះ​អង្គារ។

    កន្លងមក រុស្ស៊ី ក៏​ធ្លាប់ធ្វើ​ការពិសោធ​មួយ​ដូចគ្នានេះដែរ ប៉ុន្តែ បេសកកម្ម​ដែលមាន​ឈ្មោះថា Mars 500 របស់​ពួកគេ បាន​បរាជ័យ ព្រោះតែ​អ្នកស្ម័គ្រចិត្ត មាន​លក្ខណៈ​ដូច​ទៅនឹង​មនុស្ស​សាមញ្ញ​ខ្លាំងពេក។

    អតីត​អ្នក​អវកាស​ជនជាតិ កាណាដា ឈ្មោះ Chris Hadfield ដែល​ធ្លាប់បាន​ស្ថិតនៅលើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) រយៈពេល 5 ខែ កាលពី​ឆ្នាំ 2013 បានឱ្យដឹងថា ឥរិយាបថ​ពិតជា​សំខាន់​ខ្លាំងណាស់។ អ្នក​ដែល​សមស្រប​ជាមួយនឹង​បេសកកម្ម​គឺ ត្រូវតែមាន​សមត្ថភាព​គ្រប់គ្រាន់ ពូកែ​ដោះស្រាយ​បញ្ហា និង​ជាម​នុស្ស​ដែល​មិន​អាស្រ័យ​លើ​អារម្មណ៍​អ្នកដទៃ៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 10 ​ខែសីហា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 10 ​ខែសីហា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 499 នាក់, អ្នកជា​ចំនួន 882 នាក់ និង​អ្នកស្លាប់​ចំនួន 17 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 09 ខែសីហា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 10 ខែសីហា​ ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 82,898 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង 77,030 នាក់ និងអ្នកស្លាប់ 1,602 នាក់។

    ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹម​ព្រឹក​ព្រលឹម​ថ្ងៃទី 10 ខែសីហា ឆ្នាំ 2021 នេះ រួម​មាន​៖ អាយុ 18 ឆ្នាំឡើងទៅ (ពលរដ្ឋ​គោលដៅ 10​ លាន​នាក់​) ចាក់​បាន​ 79.54% ​ ចំណែក​​ពលរដ្ឋ​ អាយុ 12-17 ឆ្នាំ (ពលរដ្ឋ​គោល​ដៅ​ ជិត​ 2​ លាន​នាក់​) ចាក់បាន​ 16.04%​។ ជាសរុប​ ការ​ចាក់វ៉ាក់សាំង​ជូន​ពលរដ្ឋ​គោល​ដៅ​ 16 លាន​នាក់​ នៅ​ទូទាំង​ប្រទេស​ សម្រេច​បាន​ 51.69%។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 204,151,650​ ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មានជាង​ 183,346,470 ​​​នាក់​បានជា, 4,316,303 នាក់​បាន​ស្លាប់ និង​ជាង 16,488,870 នាក់ កំពុង​ព្យាបាល៕

  • អ្នក​បាន​ចាក់​វ៉ាក់សាំង COVID-19 រួចរាល់ មិនចាំបាច់​ចាក់​ដូ​ស​បន្ថែម​ក្នុងអំឡុង​មួយឆ្នាំ

    អ្នក​បាន​ចាក់​វ៉ាក់សាំង COVID-19 រួចរាល់ មិនចាំបាច់​ចាក់​ដូ​ស​បន្ថែម​ក្នុងអំឡុង​មួយឆ្នាំ

    អ្នកជំនាញ​កម្រិត​កំពូល​ម្នាក់​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) នៃ​ប្រទេស​ចិន ទើបតែ​បានឱ្យដឹងថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង COVID-19 រួចរាល់​ហើយ មិនចាំបាច់​ចាក់​ដូ​ស​បន្ថែម​នោះទេ ក្នុង​រយៈពេល​មួយឆ្នាំ។

    ប្រការ​ខាងលើនេះ ត្រូវបាន​លើកឡើង​នៅក្នុង​គ្រា​ដែល​សាធារណជន​មានការ​ព្រួយបារម្ភ​ចំពោះ​ការផ្ទុះ​ឆ្លង​រាលដាល​ជាថ្មី​ចាប់តាំងពី​ពាក់កណ្ដាល​ខែកក្កដា ពិសេស​គឺ COVID-19 ប្រភេទ​បំប្លែង​ខ្លួន​ថ្មី ឬ​ហៅថា វ៉ា​រ្យ៉​ង់ Delta ដែល​ត្រូវបាន​ចាត់ទុកថា មានលទ្ធភាព​ឆ្លង​រាលដាល​ខ្លាំងក្លា​ជាង​ប្រភេទ​ដំបូង។

    ឆ្លើយ​នឹង​សំណួរ​របស់​ទូរទស្សន៍​ចិន CCTV កាលពី​ថ្ងៃទី 08 សីហា លោក Shao Yiming ដែលជា​វេជ្ជបណ្ឌិត​លំដាប់​កំពូល និង​ជា​អ្នកឯកទេស​ផ្នែក​ជំងឺឆ្លង​របស់ CDC ចិន បាន​និយាយថា កំហាប់​នៃ អង់​ទី​ហ្សែ​ន ក្នុង​រាងកាយ​មនុស្ស ថយចុះ​ទៅតាម​ពេលវេលា បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង។ ប៉ុន្តែ អង់​ទី​ហ្សែ​ន នេះ នៅតែ​អាច​ជំរុញ​ការ​ប្រតិកម្ម​ខ្លាំងក្លា ដើម្បី​បង្កើន​បរិមាណ​នៃ​អង្គ​ប​ដិ​ប្រាណ​ក្នុង​រយៈពេល​ខ្លី​បាន។

    វេជ្ជបណ្ឌិត Shao Yiming

    យោងតាម​វេជ្ជបណ្ឌិត Shao Yiming ក្រុម​អ្នកវិទ្យាសាស្ត្រ​ទូទាំង​សកលលោក កំពុង​ស្រាវជ្រាវ​រក​វិធី​ដើម្បី​បង្កើន​ថាមពល​ឱ្យ​កងការពារ​រាងកាយ។ បច្ចុប្បន្ន មិនទាន់មាន​ភស្ដុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា គួរ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី 3 ដល់​គ្រប់គ្នា ឬ​អត់​នៅឡើយ។ យោងតាម​ការស្រាវជ្រាវ​បឋម អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ស្ទើរតែ​ទាំងអស់ មិនចាំបាច់​ចាក់​ដូ​ស​ទី 3 នោះទេ។

    ទោះជា​យ៉ាងនេះ​ក្ដី លោក Shao Yiming ក៏បាន​ឱ្យដឹងថា ប្រទេស​ចិន កំពុងតែ​សិក្សា​ស្រាវជ្រាវ​បន្ថែម ដើម្បីឱ្យ​ប្រាកដថា គួរ​ចាក់​រំលឹក​ឡើងវិញ​ដែរ ឬ​យ៉ាងណា ចំពោះ​មនុស្ស​វ័យ​ចំណាស់​ដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ និង​អ្នកមាន​ជំងឺ​ប្រចាំកាយ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ចាប់ពី 6-12 ខែ ក៏ដូចជា​ពលរដ្ឋ​ដែល​ធ្វើការ​ក្នុង​តំបន់​ដែលមាន​ហានិភ័យ​ឆ្លង COVID-19 ខ្ពស់។ ពេលវេលា​ជាក់លាក់​ដើម្បី​អាច​ចាក់​ដូ​ស​ទី 3 ឬ​ដូ​ស​បន្ថែម ក៏​កំពុង​ត្រូវបាន​សិក្សា។

    ក្រុម​អ្នកជំនាញ​បានឱ្យដឹងថា បើទោះជា​ការស្រាវជ្រាវ​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​គឺជា​វិធី​ដែលមាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​បង្ការ​ការឆ្លង COVID-19 ប៉ុន្តែ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ នៅតែ​ត្រូវការ​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ជាប្រចាំ ដើម្បី​ប៉ះប៉ូវ​ឱ្យ​ការ​ថមថយ​ទៅតាម​ពេលវេលា​នៃ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង៕

  • ក្រសួងសុខាភិបាល ជូនដំណឹង​ស្ដីពី​ការព្យាបាល​អ្នក​​វិជ្ជមាន​នឹង​ COVID-19 ប្រភេទ Delta

    ក្រសួងសុខាភិបាល ជូនដំណឹង​ស្ដីពី​ការព្យាបាល​អ្នក​​វិជ្ជមាន​នឹង​ COVID-19 ប្រភេទ Delta

    នា​ព្រឹក​ថ្ងៃទី 10 សីហា នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដីពី​លក្ខខណ្ឌ​នៃ​ការបញ្ចប់​ការព្យាបាល​ជំងឺ COVID-19 ប្រភេទ Delta ចំពោះ​អ្នកជំងឺ​ដែល​ត្រូវបាន​បញ្ជាក់​ពី​មន្ទីរពិសោធន៍ ឬ​ស្ថិត​ក្នុងករណី​សង្ស័យ។

    ក្នុង​សេចក្ដីប្រកាស​នេះ ក្រសួងសុខាភិបាល ក៏បាន​ឱ្យដឹងថា អ្នកជំងឺ​ដែល​វិជ្ជមាន​នឹង COVID-19 ប្រភេទ Delta ទាំងអស់ នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ព្យាបាល​នៅតាម​ផ្ទះ​នោះទេ ពោលគឺ​ត្រូវ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល COVID-19 ដែល​រដ្ឋ​បានកំណត់។

    មូលហេតុ​ដែលមាន​ការ​កំណត់​ខាងលើ ត្រូវបាន​ក្រសួងសុខាភិបាល បញ្ជាក់ថា គឺ​ដើម្បី​គ្រប់គ្រង​ការព្យាបាល និង​យោងទៅតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ លើ​ការឆ្លង​រាលដាល​របស់ វីរុស​បំប្លែង​ខ្លួន​ថ្មី របស់ COVID-19 ពិសេស​គឺ​វ៉ា​រ្យ៉​ង់ Delta ដែល​កំពុង​រាតត្បាត​ពិភពលោក។

    សម្រាប់​​​ការបញ្ចប់​ការព្យាបាល​ជំងឺ COVID-19 ប្រភេទ Delta ចំពោះ​អ្នកជំងឺ​ដែល​ត្រូវបាន​បញ្ជាក់​ពី​មន្ទីរពិសោធន៍ ឬ​ស្ថិត​ក្នុងករណី​សង្ស័យ សូម​​អាន​​សេចក្ដី​ជូន​ដំណឹង​ និង​លក្ខខណ្ឌ​ខាង​ក្រោម​៖

  • «អ្នក​ស្នង​មរតក» របស់ Samsung ត្រូវបាន​លើកលែងទោស

    «អ្នក​ស្នង​មរតក» របស់ Samsung ត្រូវបាន​លើកលែងទោស

    កាលពី​ថ្ងៃទី 09 ខែសីហា ក្រសួងយុត្តិធម៌ កូរ៉េខាងត្បូង បានប្រកាសថា នឹង​លើកលែងទោស​ដល់​អនុប្រធាន និង​ជា «អ្នក​ស្នង​មរតក» នៃ​ក្រុមហ៊ុន Samsung លោក Lee Jae-yong នៅ​ចុង​សប្ដាហ៍​នេះ។

    នៅក្នុង​ប្រកាស​មួយ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ Park Beom-kye បាន​លើកឡើងថា លោក Lee Jae-yong នឹង​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​នៅ​ថ្ងៃទី 13 សីហា ក្នុងឱកាស​ទិវា​រំដោះជាតិ 15 សីហា។ រដ្ឋាភិបាល កូរ៉េខាងត្បូង តែងតែ​ដោះលែង​អ្នកទោស​ដោយមាន​លក្ខខណ្ឌ ឬ​លើកលែងទោស​នៅក្នុង​ទិវា​នេះ ដើម្បី​លើកកម្ពស់​ស្មារតី​សាមគ្គី​ជាតិ។ ការសម្រេច​នេះ ត្រូវបានធ្វើ​លើកឡើង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​មួយ​របស់​គណៈកម្មការ​លើកលែងទោស​នៃ​ក្រសួងយុត្តិធម៌ កូរ៉េខាងត្បូង។ លោក Lee Jae-yong បាន​បំពេញ​កាតព្វកិច្ច​តាម​ការណែនាំ​នានា​ដើម្បី​អាច​ទទួលបាន​ការលើក​លែង​ទោស ក្រោយពី​ការអនុវត្ត​ទោស​រួចរាល់​បាន 60%។

    លោក Park Beom-kye បានឱ្យដឹងថា ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ បញ្ហា​សេដ្ឋកិច្ច​ទូទាំង​សកលលោក រួម​នឹង​វិបត្តិ COVID-19 ត្រូវបាន​ចាត់ទុកថា​ជា​កត្តា​រួមចំណែក​នាំឱ្យមាន​ការចេញ​សេចក្ដីសម្រេច​នេះ។

    លោក Lee Jae-yong (កណ្ដាល)

    ប៉ុន្តែ យោងតាម​ច្បាប់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ លោក Lee Jae-yong នឹង​មិនអាច​ត្រលប់​ចូលធ្វើការ​នៅ​ក្រុមហ៊ុន Samsung ក្នុង​រយៈពេល 5 ឆ្នាំ។ ច្បាប់​នេះ ហាម​មិនឱ្យ​បុគ្គល​ដែល​ត្រូវបាន​កាត់ទោស​ពីបទ​ពុករលួយ ឬ​ខ្វះ​ការទទួលខុសត្រូវ​លើទឹក​ប្រាក់​ដែល​លើសពី 500 លាន​វ៉ុ​ន (436,300 ដុល្លារ​អាមេរិក) ធ្វើការ​ក្នុង​ក្រុមហ៊ុន​ដែល​ជាប់ទាក់ទង​នឹង​អំពើ​ខុសច្បាប់​របស់​ពួកគេ ក្នុង​រយៈពេល 5 ឆ្នាំ រាប់​ចាប់​ពីថ្ងៃ​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ។

    កាលពី​ថ្ងៃទី 18 មករា ឆ្នាំ 2021 តុលាការ​កំពូល​របស់​ទីក្រុង​សេ​អ៊ូ​ល នៃ​ប្រទេស​កូរ៉េខាងត្បូង បានប្រកាសថា លោក Lee Jae-yong (អាយុ 52 ឆ្នាំ) ដែលជា​អនុប្រធាន​នៃ​ក្រុមហ៊ុន Samsung បាន​ប្រព្រឹត្ត​អំពើ​សូកប៉ាន់​អតីត​ប្រធានាធិបតី Park Geun-hye ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​នៅក្នុង​ការ​ស្នង​មរតក និង​ដើម្បី​ទទួលបាន​ការធានា​លើ​សិទ្ធិ​គ្រប់គ្រង Samsung។ តុលាការ​ក៏បាន​កាត់ទោស​បុគ្គល​ដែលមាន​អំណាច​ខ្លាំង​របស់ Samsung រូបនេះ ឱ្យ​ជាប់ពន្ធនាគារ​រយៈ 2 ឆ្នាំកន្លះ។

    មុននេះ ក្រុមហ៊ុន Samsung រួម​នឹង​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម របស់ កូរ៉េខាងត្បូង (Korea Chamber of Commerce and Industry) បានស្នើ​ឱ្យមាន​ការដោះលែង​បណ្ដោះអាសន្ន ឬ​ការលើកលែងទោស​ដោយ​ប្រធានាធិបតី ដើម្បី​ជួយ​ឱ្យ​លោក Lee Jae-yong អាច​ផ្ដោតលើ​ការគ្រប់គ្រង​ក្រុមហ៊ុន​ធំ​បំផុត​របស់​ប្រទេស​នេះ ក្នុង​គ្រា​ដែល​សេដ្ឋកិច្ច​ក្នុងស្រុក និង​ពិភពលោក កំពុង​ជួប​បញ្ហា​ដោយសារ COVID-19៕

  • ទិដ្ឋភាព​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សាហាវ គួរ​ឱ្យ​ខ្លាច​ នៅ​ប្រទេស​ក្រិ​ក

    ទិដ្ឋភាព​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សាហាវ គួរ​ឱ្យ​ខ្លាច​ នៅ​ប្រទេស​ក្រិ​ក

    បុគ្គលិក​ពន្លត់​អគ្គិភ័យ និង​ប្រជាជន​រាប់រយ​នាក់​នៅ​ប្រទេស​ក្រិ​ក កំពុងតែ​ប្រយុទ្ធ​ប្រឆាំងនឹង​អណ្ដាតភ្លើង​ដែល​កំពុង​ឆាបឆេះ​ព្រៃ​ដ៏​ធំ​នៅលើ​កោះ Evia។

    ភ្លើង​ឆេះ​ព្រៃ​ជាច្រើន​កន្លែង បាន និង​កំពុង​កើតឡើង​នៅក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ បន្ទាប់ពី​ប្រទេស​ក្រិ​ក រង​រលក​កំដៅ​ដ៏​ខ្លាំង​ពី​ព្រះអាទិត្យ។

    ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ Evia ដែលជា​កោះធំ​បំផុត​លំដាប់​ទី​ពីរ​របស់ ក្រិ​ក និង​ស្ថិតនៅ​ទិសខាងកើត​នៃ​រដ្ឋធានី Athens នេះ បាន​ដុត​កម្ទេច​ព្រៃឈើ​រាប់ពាន់​ហិកតា និង​បំផ្លាញ​ផ្ទះសម្បែង​ជាច្រើន​ខ្នង​ផងដែរ។ ពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍ ត្រូវបាន​ជម្លៀស​ទៅរក​ទី​សុវត្ថិភាព​ដោយ​ស្រឡាង។

    ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​ក្រិ​ក បានសម្លាប់​មនុស្ស​ចំនួន 2 នាក់ និង​បណ្ដាលឱ្យ​មនុស្ស​រាប់សិប​នាក់​ត្រូវ​ចូល​ពេទ្យ។ ប្រទេស​នេះ​បាន​បញ្ជូន​បុគ្គលិក​ពន្លត់​អគ្គិភ័យ​ចំនួន 260 និង​មធ្យោបាយ​ពន្លត់ភ្លើង​ចំនួន 66 គ្រឿង​ទៅកាន់​កន្លែងកើតហេតុ។ ប្រទេស​អ៊ុយ​ក្រែ​ន និង រ៉ូ​ម៉ា​នី ក៏បាន​បញ្ជូន​បុគ្គលិក​ពន្លត់​អគ្គិភ័យ​ចំនួន 200 នាក់ និង​ឧបករណ៍​ពន្លត់​អគ្គិភ័យ​ចំនួន 23 គ្រឿង រួម​នឹង​យន្តហោះ 7 គ្រឿង ទៅ​ជួយ​ក្រិ​ក​ផងដែរ។

    ក្រិ​ក ក៏បាន​បញ្ជូន​ស្រឡាង និង​កប៉ាល់​យោធា​ជាច្រើន​គ្រឿង​ទៅ​ជម្លៀស​ប្រជាជន​ចេញពី​តំបន់​រងគ្រោះ និង​តំបន់​រង​ផលប៉ះពាល់​ពី​ភ្លើងព្រៃ​នៅលើ​កោះ Evia។ ប៉ុន្តែ ក្រុមកំលោះៗ ស្ម័គ្រចិត្ត​នៅ​ជួយ​ទប់​ទល់នឹង​ភ្លើងព្រៃ​ដែល​កំពុង​លេប​ត្របាក់​ភូមិឋាន​របស់​ពួកគេ៕

  • ទស្សនា​បណ្ដា​ផលិតផល​​របស់ Apple ដែល​​បាន​បរាជ័យ​​កន្លង​មក

    ទស្សនា​បណ្ដា​ផលិតផល​​របស់ Apple ដែល​​បាន​បរាជ័យ​​កន្លង​មក

    ទន្ទឹមនឹង​កំពូល​ផលិតផល​ដែល​ទទួលបាន​ជោគជ័យ​ខ្លាំង ដូចជា iPhone, iPad ក្រុមហ៊ុន Apple កន្លងមក​ក៏មាន​ផលិតផល​ជាច្រើន​ដែល​បាន​បរាជ័យ ក្នុងនោះ​ក៏មាន HomePod កុំព្យូទ័រ និង​ម៉ាស៊ីន​លេង​ហ្គេម​ផងដែរ។

    • 20th Anniversary Mac

    ម៉ូ​ដែល​នេះ ត្រូវបាន​ផលិត និង​បង្ហាញខ្លួន​ក្នុង​ឆ្នាំ 1997 ដើម្បី​រំលឹក​អនុស្សាវរីយ៍ 20 ឆ្នាំ ដែល Apple បាន​លោត​ចូល​ទីផ្សារ PC។ ប៉ុន្តែ វា​ត្រូវបាន​ផ្អាក​ការផលិត​ទាំងស្រុង ក្រោយ​ការបង្ហាញ​ខ្លួន​បាន 1 ឆ្នាំ។ ផលិតផល​នេះ មានតម្លៃ 7,499 ដុល្លារ​អាមេរិក ប៉ុន្តែ ត្រូវបាន​បញ្ចុះ​រហូតដល់​នៅសល់ 1,995 ដុល្លារ មុននឹង​ត្រូវ​ផ្អាក​ការផលិត ដោយសារតែ​លក់​មិន​ដាច់។

    • Macintosh TV

    ទូរទស្សន៍​នេះ ដែលមាន​តម្លៃ 2,099 ដុល្លារ​អាមេរិក នេះ ថ្វីបើ​មាន CPU ខ្លាំង ប៉ុន្តែ RAM របស់​វា មានតែ 8 MB ប៉ុណ្ណោះ។ Apple សម្រេច​បញ្ឈប់​ការផលិត បើ​ទោះ​ផលិតផល​នេះ​ទើបតែ​បង្ហាញខ្លួន​បាន 5 ខែ។

    • Pinpin

    ម៉ាស៊ីន​លេង​ហ្គេម​នេះ បានចាប់កំណើត​កាលពី​ឆ្នាំ 1994។ វា​ជា​ផលិតផល​ដែល​បង្កើតឡើង​ដើម្បី​ប្រកួតប្រជែង​ជាមួយ Sony PlayStation។ នេះ គឺជា​ផលិតផល​សហការ​រវាង Apple និង Bandai។

    Pinpin ចំនួន 42,000 គ្រឿង ត្រូវបាន​លក់​ចេញ​ទូទាំង​ពិភពលោក។ Apple ឈប់​ផលិត​ចាប់ពី​ឆ្នាំ 1997។

    • Ping

    Ping គឺជា​បណ្ដាញ​សង្គម​ផ្នែក​តន្ត្រី​របស់ Apple ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2010។ Apple ចង់​សហការ​ជាមួយ Facebook ប៉ុន្តែ បរាជ័យ។ វា​បាន​ក្លាយជា​អតីតកាល ចាប់ពី​ឆ្នាំ 2012 ក្រោយ​បង្ហាញ​វត្ត​មានបាន 2 ឆ្នាំ។

    • Newton

    មុនពេល​ទទួលបាន​ជោគជ័យ​ដោយសារ iPhone និង iPad ក្រុមហ៊ុន Apple ក៏​ធ្លាប់បាន​បរាជ័យ​ជាមួយនឹង​ជំនួយការ​ផ្ទាល់ខ្លួន (personal digital assistant / PDA) ដែលមាន​ឈ្មោះថា Newton។

    ឧបករណ៍​នេះ បានបង្ហាញ​ខ្លួន​កាលពី​ឆ្នាំ 1993 ដោយ​លក់​ក្នុងតម្លៃ 699 ដុល្លារ។ Apple លក់​ឧបករណ៍​នេះ​បាន 300,000 គ្រឿង ក្នុងអំឡុង 5 ឆ្នាំ​ដែល​វា​មាន​វត្តមាន​ក្នុង​ទីផ្សារ។

    • Performa x200 Series

    វា​បាន​បង្ហាញខ្លួន​កាលពី​ឆ្នាំ 1995 នៅពេល Apple កាត់បន្ថយ​ចំណាយ​ដើម្បី​ផលិត​ម៉ាស៊ីន Mac ដែលមាន​តម្លៃ​ទាប ប៉ុន្តែ ដោយសារ​វា​ដំណើរការ​យឺត​ពេក វា​ក៏​ទទួល​បរាជ័យ​ក្នុង​ទីផ្សារ។

    • Power Mac G4 Cube

    PC នេះ បង្ហាញខ្លួន​កាលពី​ឆ្នាំ 2000 និង​ឈប់​ផលិត​ទៅវិញ ក្រោយ​ការបង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​បាន 1 ឆ្នាំ។

    • Apple III

    ម៉ូ​ដែល​នេះ ផលិតឡើង​កាលពី​ឆ្នាំ 1980 និង​ត្រូវបាន​ចាត់ទុកថា​ជា​ផលិត​ដែល​បរាជ័យ​ដំបូង​គេ​បង្អស់​របស់ Apple ហើយក៏​ជា​ផលិតផល​ដែល​ស្ទើរតែ​បាន​បំផ្លាញ​ក្រុមហ៊ុន​នេះ​ទាំងស្រុង។ Apple III មានតម្លៃ​ចាប់ពី 4.340 ដុល្លារ ដល់ 7.800 ដុល្លារ។

    • PowerBook 5300

    កុំព្យូទ័រ​យួរដៃ PowerBook 5300 នេះ ផលិតឡើង​កាលពី​ឆ្នាំ 1995។ ផលិតផល​នេះ​មាន​បញ្ហា​ច្រើន ធ្វើឱ្យ​វា​មិនអាច​រកឃើញ​ជោគជ័យ។

    • កុំព្យូទ័រ PC Lisa

    វា​ត្រូវបាន Apple ដាក់លក់​ចាប់ពី​ឆ្នាំ 1983។ Lisa ជា​ផលិតផល​ទំនើប​បំផុត កាលពី​ជំនាន់​នោះ។ បរាជ័យ​របស់​វា គឺ​ដោយសារ​តម្លៃ​ខ្ពស់កប់ពពក។ PC Lisa 1 គ្រឿង​មានតម្លៃ 9,995 ដុល្លារ ប្រហាក់ប្រហែល​នឹង 25,000 ដុល្លារ បើ​គិត​ក្នុង​សម័យនេះ។ Apple លក់​ផលិតផល​នេះ​បាន​ជិត 100,000 គ្រឿង។

    • HomePod

    ឧបករណ៍​បំពង​សំឡេង​នេះ ត្រូវបាន​ដាក់លក់​កាលពី​ឆ្នាំ 2018។ តម្លៃ 349 ដុល្លារ​របស់​វា ក៏​ជា​កត្តា​សំខាន់​មួយ រួមចំណែក​នាំឱ្យ​វា​បរាជ័យ។ ឆ្នាំ 2021 HomePod ក៏ត្រូវ​បាន​បញ្ឈប់​ការផលិត។

    • iPod Hi-Fi

    ឆ្នាំ 2006 iPod បាន​គ្រប់គ្រង​ទីផ្សារ​តន្ត្រី​ចល័ត ប៉ុន្តែ ម៉ូ​ដែល iPod Hi-Fi របស់ Apple បានទទួល​បរាជ័យ ដោយសារ​តម្លៃ (349 ដុល្លារ) ថ្លៃ​ជាង iPod ដំបូង។ វា​ត្រូវគេ​ឈប់​ផលិត​ចាប់ពី​ឆ្នាំ 2007 ក្រោយ​បង្ហាញ​វត្ត​មានបាន 1 ឆ្នាំ៕

  • រកឃើញ​ភព​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ចំនួន 4 ដែល​កំពុង​ចាប់កំណើត

    រកឃើញ​ភព​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ចំនួន 4 ដែល​កំពុង​ចាប់កំណើត

    ការរកឃើញ​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ចំនួន 4 ដែល​កំពុង​កកើត និង​មាន​ចម្ងាយ​ត្រឹមតែ 130 ឆ្នាំ​ពន្លឺ (1 ឆ្នាំ​ពន្លឺ​ ស្មើ​នឹង​ 9,500,000,000,000 ឬ​ 9.5​ ទ្រី​លាន​ ឬ​ 9.5 លាន​លាន​គីឡូម៉ែត្រ) ​ពី​ផែនដី​នេះ អាចជួយ​ឱ្យ​មនុស្សលោក​យល់​បន្ថែ​មអំ​ពី​ប្រភពដើម​ដំបូង​របស់​ផែនដី។

    បណ្ដា​ភព​ដែល​ត្រូវបាន​ដាក់ឈ្មោះ​ឱ្យ​ថា TOI 2076 b, TOI 2076 c, TOI 2076 d និង TOI 1807 b នេះ វិល​ជុំវិញ​ផ្កាយ​ពណ៌​ទឹកក្រូច​ចំនួន 2 ដួង ដែល​គេ​ហៅថា TOI 2076 និង TOI 1807។ ផ្កាយ​ទាំងនេះ សុទ្ធតែ​កកើត​ចេញពី​ពពក​ឧស្ម័ន​មួយ កាលពី​ប្រហែល 200 លាន​ឆ្នាំមុន។ ដោយមាន​ទំហំ​មធ្យម កំដៅ​សមល្មម និង​មាន​ស្ថិរភាព ផ្កាយ TOI 2076 និង TOI 1807 គឺជា​គោលដៅ​ដ៏​ល្អ​សម្រាប់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ស្វែងរក​ភព​ដែល​អាច​ទ្រទ្រង់​ជីវិត។

    របាយការណ៍​ដែល​ត្រូវបាន​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី Astronomical Journal កាលពី​ថ្ងៃទី 12 កក្កដា បានឱ្យដឹងថា ភព​ទាំង 4 នេះ សុទ្ធតែ​កំពុងស្ថិត​ក្នុងដំណាក់កាល​កកើត។

    TOI 2076 b ដែលជា​ភព​ស្ថិតនៅ​ប៉ែក​ខាងក្នុង​បង្អស់​របស់​ប្រព័ន្ធ​ផ្កាយ​ខាងលើ មាន​ទំហំ​ធំ​ជាង​ផែនដី​របស់​មនុស្ស​ដល់​ទៅ 3 ដង ហើយ 1 ឆ្នាំ​របស់​ភព​នេះ ស្មើនឹង​រយៈពេល 10 ថ្ងៃ។ ចំណែក​ភព​ចំនួន 2 ទៀត ធំ​ជាង​ផែនដី 4 ដង និង​ការវិល​បាន 1 ជុំ​ផ្កាយ​មេ​រប​ស់វា ស្មើនឹង​រយៈពេល 17 ថ្ងៃ។

    ដោយឡែក ផ្កាយ TOI 1807 មាន​ភព​តែ 1 គត់ នោះ​គឺ TOI 1807 b។ វា​ធំ​ជាង​ផែនដី 2 ដង និង​ចំណាយពេល 13 ម៉ោង ដើម្បី​វិល​បាន 1 ជុំ​ផ្កាយ​មេ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏បាន​ឱ្យដឹងថា ភព​ទាំង 4 ខាងលើ សុទ្ធ​តែមាន​បរិយាកាស​ក្រាស់ ដែល​កើតឡើង​ពី​សំណល់​របស់​ថាស​ឧស្ម័ន និង​ធូលី។

    ក្នុងដំណាក់កាល​នៃ​ការវិវឌ្ឍ ភព​ក្មេង​នានា ជួនកាល​ត្រូវ​ខ្យល់​របស់​ផ្កាយ បោកបក បំបាត់ចោល​បរិយាកាស​ដំបូង​របស់​ពួកវា។ ប៉ុន្តែ បរិយាកាស​ទី​ពីរ អាច​កើតឡើង តាមរយៈ​សកម្មភាព​ប​ន្ទុះ​ភ្នំភ្លើង និង​ការប្រែប្រួល​ស្រទាប់ដី។ល។