រកឃើញ​ភព​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ចំនួន 4 ដែល​កំពុង​ចាប់កំណើត

ការរកឃើញ​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ចំនួន 4 ដែល​កំពុង​កកើត និង​មាន​ចម្ងាយ​ត្រឹមតែ 130 ឆ្នាំ​ពន្លឺ (1 ឆ្នាំ​ពន្លឺ​ ស្មើ​នឹង​ 9,500,000,000,000 ឬ​ 9.5​ ទ្រី​លាន​ ឬ​ 9.5 លាន​លាន​គីឡូម៉ែត្រ) ​ពី​ផែនដី​នេះ អាចជួយ​ឱ្យ​មនុស្សលោក​យល់​បន្ថែ​មអំ​ពី​ប្រភពដើម​ដំបូង​របស់​ផែនដី។

បណ្ដា​ភព​ដែល​ត្រូវបាន​ដាក់ឈ្មោះ​ឱ្យ​ថា TOI 2076 b, TOI 2076 c, TOI 2076 d និង TOI 1807 b នេះ វិល​ជុំវិញ​ផ្កាយ​ពណ៌​ទឹកក្រូច​ចំនួន 2 ដួង ដែល​គេ​ហៅថា TOI 2076 និង TOI 1807។ ផ្កាយ​ទាំងនេះ សុទ្ធតែ​កកើត​ចេញពី​ពពក​ឧស្ម័ន​មួយ កាលពី​ប្រហែល 200 លាន​ឆ្នាំមុន។ ដោយមាន​ទំហំ​មធ្យម កំដៅ​សមល្មម និង​មាន​ស្ថិរភាព ផ្កាយ TOI 2076 និង TOI 1807 គឺជា​គោលដៅ​ដ៏​ល្អ​សម្រាប់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ស្វែងរក​ភព​ដែល​អាច​ទ្រទ្រង់​ជីវិត។

របាយការណ៍​ដែល​ត្រូវបាន​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី Astronomical Journal កាលពី​ថ្ងៃទី 12 កក្កដា បានឱ្យដឹងថា ភព​ទាំង 4 នេះ សុទ្ធតែ​កំពុងស្ថិត​ក្នុងដំណាក់កាល​កកើត។

TOI 2076 b ដែលជា​ភព​ស្ថិតនៅ​ប៉ែក​ខាងក្នុង​បង្អស់​របស់​ប្រព័ន្ធ​ផ្កាយ​ខាងលើ មាន​ទំហំ​ធំ​ជាង​ផែនដី​របស់​មនុស្ស​ដល់​ទៅ 3 ដង ហើយ 1 ឆ្នាំ​របស់​ភព​នេះ ស្មើនឹង​រយៈពេល 10 ថ្ងៃ។ ចំណែក​ភព​ចំនួន 2 ទៀត ធំ​ជាង​ផែនដី 4 ដង និង​ការវិល​បាន 1 ជុំ​ផ្កាយ​មេ​រប​ស់វា ស្មើនឹង​រយៈពេល 17 ថ្ងៃ។

ដោយឡែក ផ្កាយ TOI 1807 មាន​ភព​តែ 1 គត់ នោះ​គឺ TOI 1807 b។ វា​ធំ​ជាង​ផែនដី 2 ដង និង​ចំណាយពេល 13 ម៉ោង ដើម្បី​វិល​បាន 1 ជុំ​ផ្កាយ​មេ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏បាន​ឱ្យដឹងថា ភព​ទាំង 4 ខាងលើ សុទ្ធ​តែមាន​បរិយាកាស​ក្រាស់ ដែល​កើតឡើង​ពី​សំណល់​របស់​ថាស​ឧស្ម័ន និង​ធូលី។

ក្នុងដំណាក់កាល​នៃ​ការវិវឌ្ឍ ភព​ក្មេង​នានា ជួនកាល​ត្រូវ​ខ្យល់​របស់​ផ្កាយ បោកបក បំបាត់ចោល​បរិយាកាស​ដំបូង​របស់​ពួកវា។ ប៉ុន្តែ បរិយាកាស​ទី​ពីរ អាច​កើតឡើង តាមរយៈ​សកម្មភាព​ប​ន្ទុះ​ភ្នំភ្លើង និង​ការប្រែប្រួល​ស្រទាប់ដី។ល។

Advertisement