Author: សឿន សំណាង

  • តម្លៃ​មាស​កើនឡើង​ខ្ពស់​ដោយសារ កូ​វីដ-១៩ ប្រភេទ​អូ​មី​ក្រុង

    តម្លៃ​មាស​កើនឡើង​ខ្ពស់​ដោយសារ កូ​វីដ-១៩ ប្រភេទ​អូ​មី​ក្រុង

    តម្រូវ​ការទិញ​មាស​ដើម្បី​រក្សាទ្រព្យ​បាន​កើនឡើង​ខ្ពស់​នៅពេល​អ្នកវិនិយោគ​មានការ​ព្រួយបារម្ភ​អំពី​ល្បឿន​នៃ​ការ​ងើបឡើង​របស់​សេដ្ឋកិច្ច​សកល​ត្រូវបាន​គំរាមកំហែង​ដោយ​ករណី​ឆ្លង វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង។

    ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ៤ មករា មាស​ពិភពលោក​ប្រគល់​ភ្លាម មានតម្លៃ ១,៨១៤ ដុល្លារ​អាម៉េរិក ឡើងថ្លៃ ១៣ ដុល្លារ/អោន។ កាលពី​ម្សិលមិញ មានពេលខ្លះ មាស​ឡើងថ្លៃ​ដល់ ១,៨១៦ ដុល្លារ/អោន។ ព្រឹក​នេះ មាស​នៅតែ​មានតម្លៃ​ក្នុង​រង្វង់ ១,៨១៣ ដុល្លារ/អោន។

    ដើមឆ្នាំ ២០២២ ទីផ្សារ​មូល​ប​ត្រ​បាន​ងើបក្បាលឡើង​ខ្ពស់ ប៉ុន្តែ នៅពេល​អ្នកវិនិយោគ​មានការ​ពិបាក​ក្នុងការ​វាយតម្លៃ​លើ​ល្បឿន​នៃ​កំណើន ពួកគេ​ក៏​ងាក​មករ​កមាស ដែលជា​ទ្រព្យ​សុវត្ថិភាព។ «ឥទ្ធិពល​របស់ អូ​មី​ក្រុង នឹង​ស្ដែង​ឱ្យឃើញ​ច្បាស់​បំផុត​នៅលើ​បញ្ហា​អតិផរណា និង​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច» Ed Moya អ្នកវិភាគ​ទីផ្សារ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន​ជើងសា OANDA អះអាង​ដូច្នេះ។

    Wall Street កាលពី​ម្សិលមិញ​បាន​ដាំ​ក្បាល​ចុះ បន្ទាប់ពី​ការចាប់ផ្ដើម​ដ៏​គួរ​ឱ្យមាន​ក្ដីសង្ឃឹម ដោយសារតែ​វិស័យ​ផលិតកម្ម​នៅ សហរដ្ឋ​អាម៉េរិក ដើរ​យឺត​មកវិញ​ក្នុង​ខែ​មុន ចំណែក​អ្នកវិនិយោគ​ក៏​នៅតែ​ព្រួយបារម្ភ​អំពី​បញ្ហា កូ​វីដ-១៩ ខណៈ ប្រទេស​ជាច្រើន​បាន និង​កំពុង​ចាត់វិធានការ​បន្ថែម​ដើម្បី​ទប់ទល់​នឹង​ការឆ្លង​រាលដាល​របស់ អូ​មី​ក្រុង។

    TD Securities យល់ថា ការ​ព្រួយ​ភ័យ​អំពី អូ​មី​ក្រុង បាន​ផ្ដើម​ធ្វើឱ្យ​តម្រូវ​ការទិញ​មាស​កើនឡើង។ ទោះជា​យ៉ាងនេះ​ក៏ដោយ «កំណើន​នេះ​ត្រូវបាន​កាត់បន្ថយ​បន្ទាប់ពី Fed បាន​ដំឡើង​ការប្រាក់​កាលពី​ខែមីនា។ មាស​មិន​តម្រូវឱ្យ​បង់​ការប្រាក់​ថេរ ទើប​វា​មិនសូវ​ទាក់ទាញ​ចំណាប់អារម្មណ៍​នៅពេល​ការប្រាក់​ឡើង​ខ្ពស់។

    ចំណែក Jim Wyckoff អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន Kitco Metals វិញ យល់ថា ការបារម្ភ​អំពី​បញ្ហា​អតិផរណា អាច​កើត​ឡើងវិញ​នៅលើ​ទីផ្សារ​ក្នុង​រយៈពេល​ខ្លី ធ្វើឱ្យ​ការវិនិយោគ​លើ​ទ្រព្យ​ហានិភ័យ​មានការ​ថយចុះ។ តម្លៃ​របស់​មាស​កើនឡើង​បើទោះជា​ប្រាក់ចំណេញ​នៃ​មូល​ប​ត្រ​បំណុល​របស់​រដ្ឋាភិបាល​អាម៉េរិក កើនឡើង និង «អំណាច» នៃ​ប្រាក់​ដុល្លារ​កើនឡើង។ Fed អាច​នឹង​ដំឡើង​ការប្រាក់ ៣ ដង ក្នុង​ឆ្នាំ ២០២២ នេះ៕

  • កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី កូវីដ-១៩ ចំនួន​ ៩ នាក់ទៀត ខណៈ​អ្នក​ជាសះស្បើយមាន​ ៨ នាក់

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី កូវីដ-១៩ ចំនួន​ ៩ នាក់ទៀត ខណៈ​អ្នក​ជាសះស្បើយមាន​ ៨ នាក់

    ​អ្នក​វិជ្ជមាន​ថ្មី​នឹង​ កូវីដ-១៩ ដែល​ត្រូវ​បាន​រកឃើញ​កាលពី​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ៤ មករា គឺ​សុទ្ធតែជា​ករណី​ អូមីក្រុង ដែល​នាំ​ចូល​ពី​បរទេស​ ចំណែក​តួលេខ​អ្នក​ស្លាប់​ថ្មី​ដោយ​សារ​ជំងឺ​កូវីដ-១៩ «ពុំមាន»។

  • មូលហេតុ​ដែល​នាំ​ឱ្យ​ ចិន និង រុស្ស៊ី សហការគ្នា​បង្កើត​មូលដ្ឋាន​យូរអង្វែង នៅលើ​ឋាន​ព្រះ​ចន្ទ

    មូលហេតុ​ដែល​នាំ​ឱ្យ​ ចិន និង រុស្ស៊ី សហការគ្នា​បង្កើត​មូលដ្ឋាន​យូរអង្វែង នៅលើ​ឋាន​ព្រះ​ចន្ទ

    គម្រោង​សាងសង់​មូលដ្ឋាន​លើ​ឋាន​ព្រះ​ចន្ទ​រួម​របស់ ចិន និង រុស្ស៊ី ត្រូវបាន​រៀបចំឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​បម្រាម​របស់ សហរដ្ឋ​អាម៉េរិក និង​ក្នុង​បំណង​មានប្រៀប​ជាងគេ​នៅក្នុង​ការដណ្ដើម​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ។

    ខាងលើនេះ​គឺជា​ការអះអាង​របស់​អ្នកវិភាគ​ផ្នែក​សន្តិសុខ​សកល Gabriel Honrada នៅលើ​ទំព័រសារព័ត៌មាន​អាស៊ី Asiatimes.com ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី ៣ មករា។

    អ្នកជំនាញ Honrada បានឱ្យដឹងថា ចិន និង រុស្ស៊ី មាន​ផែនការ​សាងសង់​មូលដ្ឋាន​រួម​នៅលើ​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ ២០២៧ លឿន​ជាង ៨ ឆ្នាំ ធៀប​នឹង​គម្រោង​ដំបូង។ មូលដ្ឋាន​ដែល​ត្រូវបាន​ហៅថា ស្ថានីយ​ស្រាវជ្រាវ​ព្រះ​ចន្ទ​អន្តរជាតិ (ILRS) នេះ នឹង​រួមមាន ផ្នែក​ស្រាវជ្រាវ​ទាំងឡាយ​ដែល​រចនា​ឡើង​សម្រាប់​សកម្មភាព​វិទ្យាសាស្ត្រ​មួយចំនួន​ដូចជា ការរុករក ការសង្កេត ការពិសោធ​ជាក់ស្ដែង និង​ការផ្ទៀងផ្ទាត់​បច្ចេកវិទ្យា​នៅលើ​ឋាន​ព្រះ​ចន្ទ។

    ប្រទេស​ចិន កំពុងមាន​គម្រោង​បាញ់​បង្ហោះ​យានអវកាស​ស្រាវជ្រាវ​ព្រះ​ចន្ទ Chang’e 8 ដែលជា​ផ្នែក​មួយ​នៃ​ការចាប់ផ្ដើម​បង្កើត ILRS។ បច្ចុប្បន្ន វត្តមាន​របស់ ចិន នៅលើ​ឋាន​ព្រះ​ចន្ទ រួមមាន យាន​ចុះចត Chang’e 4 និង​យាន​រុករក Yutu 2 ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ឆ្នាំ ២០១៩ ដែលជា​ការចូល​ទៅកាន់​តំបន់​ងងឹត​នៅលើ​ឋាន​ព្រះ​ចន្ទ​ជា​លើកដំបូង​របស់​មនុស្ស​ជាតិ។

    គម្រោង​សាងសង់​មូលដ្ឋាន​លើ​ឋាន​ព្រះ​ចន្ទ​រួម​របស់ ចិន និង រុស្ស៊ី អាច​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រតិកម្ម​ចំពោះ​ការដែល សហរដ្ឋ​អាម៉េរិក ហាម​មិនឱ្យ ចិន ចូលរួម​ក្នុង​បេសកកម្ម​អវកាស Artemis របស់ អាម៉េរិក។ គោលដៅ​នៃ​បេសកកម្ម Artemis គឺ​ដើម្បី​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែលមាន​វត្តមាន​យូរ​អ​ង្វេ​ង​នៅលើ​ឋាន​ព្រះ​ចន្ទ។

    សហរដ្ឋ​អាម៉េរិក គឺជា​ប្រទេស​ដំបូង​គេ​ដែល​បាន​បញ្ជូន​មនុស្ស​ទៅ​ជាន់​ដី​ឋាន​ព្រះចន្ទ​

    ប្រទេស​ចិន ត្រូវបាន​ហាម​មិនឱ្យ​ចូលរួម​ក្នុង​គម្រោង​អវកាស​នានា​ជាមួយនឹង សហរដ្ឋ​អាម៉េរិក បន្ទាប់ពី ទីក្រុង​វ៉ា​ស៊ី​ង​តោន ហាម NASA សហការ​ជាមួយ ចិន ដោយ​មិនមាន​ការអនុញ្ញាត​ជាពិសេស​របស់​សភា កាលពី​ឆ្នាំ ២០១១។​ ដូច្នេះ ប្រទេស​ចិន ត្រូវមាន​ម្ចាស់ការ​នៅក្នុង​កម្មវិធី​អវកាស​របស់ខ្លួន។

    ចំណែក រុស្ស៊ី វិញ បាន​បដិសេធ​ការចុះ​កិច្ចព្រមព្រៀង Artemis ដោយ​យល់ថា កម្មវិធី​អវកាស​នេះ​មានការ​ផ្ដោត​សំខាន់​ខ្លាំងពេក​ទៅលើ សហរដ្ឋ​អាម៉េរិក។

    ក្នុង​គ្រា​បច្ចុប្បន្ន ការរត់​ប្រណាំង​ដើម្បី​បង្កើត​វត្តមាន​យូរអង្វែង​លើ​ឋាន​ព្រះ​ចន្ទ រវាង រុស្ស៊ី ចិន និង អាម៉េរិក ត្រូវបាន​បែងចែក​ដោយ​កត្តានយោបាយ សេដ្ឋកិច្ច និង​យោធា៕

  • ត្រូវដាក់​ពន្ធនាគារ​ជិត ២០០ ឆ្នាំ ដោយសារតែ​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ពេល​បើកបរ​រថយន្តក្រុង

    ត្រូវដាក់​ពន្ធនាគារ​ជិត ២០០ ឆ្នាំ ដោយសារតែ​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ពេល​បើកបរ​រថយន្តក្រុង

    (ឥណ្ឌា)-អ្នកបើកបរ​រថយន្ត​ក្រុង​ម្នាក់ នៅ​ប្រទេស ឥណ្ឌា ត្រូវបាន​កាត់ទោស​ដាក់​ពន្ធនាគារ​រយៈពេល ១៩០ ឆ្នាំ ព្រោះតែ​បាន​បង្កឱ្យមាន​មនុស្ស​ស្លាប់​ចំនួន ១៩ នាក់ កាលពី​ខែឧសភា ឆ្នាំ ២០២១។

    កាលពី​ចុង​សប្ដាហ៍​កន្លង តុលាការ​ខណ្ឌ Panna ក្នុង​រដ្ឋ Madhya Pradesh នៃ​ប្រទេស ឥណ្ឌា បាន​កាត់ទោស​ដាក់ពន្ធនាគា​រ​ចំពោះ​ជនល្មើស ឈ្មោះ Mohammad Shamshuddin អាយុ ៤៧ ឆ្នាំ រយៈពេល ១៩០ ឆ្នាំ ដែល​ស្មើនឹង ១០ ឆ្នាំ លើ​ជនរងគ្រោះម្នាក់។

    យោងតាម​បទ​ចោទ រថយន្តក្រុង​ដឹក​អ្នកដំណើរ ៦៥ នាក់ ដែល​បើកបរ​ដោយ​ឈ្មោះ​ Shamshuddin បាន​ធ្លាក់​ពីលើ​ស្ពាន ចូលទៅក្នុង​ព្រែក​គោក​មួយ​ដែល​នៅ​ខាងក្រោម។ រថយន្ត​ត្រូវ​ភ្លើង​ឆាបឆេះ ហើយ​អណ្ដាតភ្លើង​សន្ធោសន្ធៅ​បានធ្វើឱ្យ​មនុស្ស​ចំនួន ១៩ នាក់ ត្រូវ​បាត់បង់​ជីវិត និង​ជាង ១០ នាក់​ផ្សេង​ទៀត ត្រូវ​រងរបួស។ លទ្ធផល​នៃ​ការស៊ើបអង្កេត​បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាលមកពី​ការបើកបរ​ធ្វេសប្រហែស​របស់ Shamshuddin ការផ្លាស់ប្ដូរ​ទ្រង់ទ្រាយ​នៃ​ច្រកចេញ​បន្ទាន់ ការ​ចងខ្សែ នាំ​ឱ្យ​អ្នកដំណើរ​លើ​រថយន្ត​ត្រូវ​ជាប់គាំង មិនអាច​រំដោះខ្លួន​ចេញ​បាន នៅពេល​ភ្លើង​ឆេះ។

    ឥណ្ឌា គឺជា​ប្រទេស​ដែលមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក។ ជា​រៀងរាល់​ឆ្នាំមាន​មនុស្ស​រាប់ម៉ឺន​នាក់​បាន​បាត់បង់​ជីវិត​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារតែ​ការធ្វេសប្រហែស កំហុស​នៃ​ការសាងសង់​ផ្លូវ កត្តា​ផ្លូវច្បាប់ និង​អំពើពុករលួយ។ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ស្ថិតក្នុង​ក្រុម​ដែល​បង្ក​ការស្លាប់​ខ្ពស់បំផុត​នៅ ឥណ្ឌា។

    យោងតាម​ការិយាល័យ​ទិន្នន័យ​ជាតិ​ស្ដីពី​បទល្មើស​របស់ ឥណ្ឌា យ៉ាងហោចណាស់​មាន​ប្រជាជន​ចំនួន ១៣៣,៧១៥ នាក់ បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​ឆ្នាំ ២០២០ ក្នុងនោះ ប្រហែល ៧៩,០០០ ករណី កើតឡើង​ដោយសារ​ការបើកបរ​ធ្វេសប្រហែស ប៉ុន្តែ ការប្ដឹង​ឡើង​តុលាការ​គឺមាន​កម្រិត​ទាប៕

  • គម្រោង​សាងសង់​ស្ពាន​ព្រែក​តា​ឡុង (ចាក់អង្រែ​ក្រោម-ព្រែកប្រា) ឆ្លងកាត់​ទន្លេបាសាក់ នៅ ភ្នំពេញ កំពុង​ត្រូវបាន​ពិភាក្សាបន្ត

    គម្រោង​សាងសង់​ស្ពាន​ព្រែក​តា​ឡុង (ចាក់អង្រែ​ក្រោម-ព្រែកប្រា) ឆ្លងកាត់​ទន្លេបាសាក់ នៅ ភ្នំពេញ កំពុង​ត្រូវបាន​ពិភាក្សាបន្ត

    កិច្ចប្រជុំ​ស្ដីពី​គម្រោង​សាងសង់​ស្ពាន​ព្រែក​តា​ឡុង (ចាក់អង្រែ​ក្រោម-ព្រែកប្រា) ដែល​ឆ្លងកាត់​ទន្លេបាសាក់ ក្នុង រាជធានី​ភ្នំពេញ ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃ ៤ ខែមករា ឆ្នាំ ២០២២ នៅ​ទីស្តីការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ក្រោម​វត្តមាន​របស់ ឯកឧត្តម លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង និង​ថ្នាក់ដឹកនាំ​ក្រសួង​ទទួលបន្ទុក ក្រុមការងារ​ជំនាញ​បច្ចេកទេស​របស់​ក្រុមហ៊ុន Shanghai Construction Group Co., Ltd. (SCG) រួម​នឹង​វត្តមាន​របស់​ក្រុមមន្ត្រី​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត កិច្ចប្រជុំ​នេះ ផ្តោត​សំខាន់​លើ​ការ​រចនា​ប្លង់​លម្អិត​នៃ​គម្រោង លំហូរ​ចរាចរណ៍​បច្ចុប្បន្ន និង​លំហូរ​ចរាចរណ៍ ព្យាករណ៍​ក្នុងពេល​អនាគត បណ្តាញ​ផ្លូវ​ត​ភ្ជាប់​សងខាង​ស្ពាន​ជាមួយនឹង​បណ្តាញ​ផ្លូវ​ពាក់ព័ន្ធ​ចំណុច ប្រសព្វ រួម​នឹង​បញ្ហា​តម្លៃ​ប៉ាន់ស្មាន​សរុប​លើ​គម្រោង​សាងសង់ ជម្រើស​រចនា​ប្លង់​លម្អិត និង​បទដ្ឋាន​បច្ចេកទេស នៃ​ការសាងសង់។

    ឯកឧត្តម ឯកឧត្តម លឹម ស៊ី​ដេ​នី​ន បាន​ស្នើឱ្យ​អង្គប្រជុំ​ផ្តល់​មតិយោបល់​បន្ថែម ដើម្បី​ជួយ​ឱ្យ​របាយការណ៍​ពាក់ព័ន្ធ​មាន​ភាពល្អប្រសើរ មុននឹង​ដាក់ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ និង​អនុម័ត។

    ក្រោយ​ការសាងសង់​រួចរាល់ ស្ពាន​ព្រែក​តា​ឡុង នេះ នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ត្រង់ចំណុច​ស្ពាន​ព្រះមុនីវង្ស​ឆ្លងកាត់​ទន្លេបាសាក់ ទៅកាន់​ផ្លូវជាតិ​លេខ១ នៅ​ច្បារអំពៅ ព្រមទាំង​ជួយ​ដល់​វិស័យសេដ្ឋកិច្ច សង្គម នៅក្នុង​តំបន់​រាជធានី​ភ្នំពេញ​ប៉ែក​ខាងត្បូង និង​តំបន់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅ​ទីក្រុង តាខ្មៅ ផងដែរ។

  • មហាក្សត្រ និង​ម្ចាស់​ក្ស​ត្រី​នៃ​ប្រទេស ស៊ុយអែត ឆ្លង កូ​វីដ-១៩

    មហាក្សត្រ និង​ម្ចាស់​ក្ស​ត្រី​នៃ​ប្រទេស ស៊ុយអែត ឆ្លង កូ​វីដ-១៩

    ព្រះបរមរាជវាំង​រប​ស់​ប្រទេស ស៊ី​យ​អែ​ត បានឱ្យដឹងថា មហាក្សត្រ Carl XVI Gustaf និង​ម្ចាស់​ក្ស​ត្រី Silvia បានទទួល​លទ្ធផល​តេស្ត​វិជ្ជមាន​នឹង វីរុស​កូ​វីដ-១៩ ក្នុង​គ្រា​ដែល វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង កំពុង​រាតត្បាត​ប្រទេស​នេះ។

    «មហាក្សត្រ និង​មហាក្សត្រី ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ កូ​វីដ-១៩ ចំនួន ៣ ដូ​ស មាន​អាការរោគ​ស្រាល និង​នៅតែមាន​ព្រះរាជសុខភាព​ល្អ» ព្រះបរមរាជវាំង ស៊ុយអែត បានប្រកាស​ដូច្នេះ​កាលពី​ថ្ងៃទី ៤ មករា ២០២២។

    ប្រភពព័ត៌មាន​ក៏បាន​បន្ថែមថា មហាក្សត្រ Carl XVI Gustaf ព្រះជន្ម ៧៥ វស្សា និង​មហាក្សត្រី Silvia ព្រះជន្ម ៧៨ វស្សា កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក។ បេសកកម្ម​ស្វែងរក​អ្នក​ទាំងឡាយ​ដែល​បាន​ប៉ះពាល់​ក្សត្រ​ទាំងពីរ​អង្គ​នេះ​ក៏​កំពុង​ត្រូវបាន​ស្រាវជ្រាវ។

    ព្រះ​នាង Victoria ដែលជា​រាជបុត្រី​ច្បង​របស់​មហាក្សត្រ ស៊ុយអែត និង​ជា​រាជទាយាទ រួម​នឹង​ស្វាមី Daniel ក៏​ធ្លាប់បាន​ឆ្លង កូ​វីដ-១៩ កាលពី​ខែមីនា ឆ្នាំ ២០២១ ផងដែរ។ ព្រះ​នាង និង​ស្វាមី បានជា​សះស្បើយ បន្ទាប់ពី​មាន​អាការរោគ​ស្រាល។

  • ឆ្នាំ ២០២១ គឺជា​ឆ្នាំ​ដែល​ខ្លី​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

    ឆ្នាំ ២០២១ គឺជា​ឆ្នាំ​ដែល​ខ្លី​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

    ល្បឿន​នៃរ​ង្វិ​ល​ជុំ​របស់​ផែនដី លឿន​ជាង​មុន ធ្វើឱ្យ​ឆ្នាំ ២០២១ ក្លាយជា​ឆ្នាំ​ដែល​ខ្លី​ជាង​មធ្យមភាគ ប្រមាណ ៦៥ មិ​ល្លី​វិនាទី។

    មនុស្ស​ជាច្រើន​ប្រហែលជា​មិនបាន​ដឹងថា ឆ្នាំ ២០២១ គឺជា​ឆ្នាំ​ដែលមាន​រយៈពេល​ខ្លី​ជាងគេ ធៀប​នឹង​ធម្មតា។ អ្នកសារព័ត៌មាន​ដែលមាន​ជំនាញ​ខាង​វិទ្យាសាស្ត្រ Graham Jones ធ្វើ​ការឱ្យ​ក្រុមហ៊ុន TimeAndDate បាន​ប្រាប់ Newsweek កាលពី​ថ្ងៃទី ៣១ ធ្នូ ២០២១ ថា ឆ្នាំ ២០២១ ដែល​បាន​កន្លងផុតទៅ មាន​រយៈពេល​ខ្លី​ជាង​មធ្យមភាគ​ប្រហែល ៦៥ មិ​ល្លី​វិនាទី និង​ជា​ឆ្នាំ​ខ្លី​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

    មូល​ហេតុដែល​នាំឱ្យមាន​ប្រការ​ខាងលើ​គឺ​ដោយសារ​ល្បឿន​នៃរ​ង្វិ​ល​ជុំ​របស់​ផែនដី។ ការប្រែប្រួល​យ៉ាងតិច​តួច​បំផុត​នៅក្នុង​ល្បឿន​នៃរ​ង្វិ​ល​ជុំ​របស់​ផែនដី ក៏​អាចធ្វើឱ្យ ១ ថ្ងៃ​មាន​រយៈពេល​វែង ឬ​ខ្លី​ជាង​មួយផ្នែក​តូច​របស់​វិនាទី ធៀប​នឹង​មធ្យមភាគ ៨៦,៤០០ វិនាទី។

    និយាយ​រួម ក្រុម​អ្នកវិទ្យាសាស្ត្រ​យល់ថា ផែនដី បាន​គោចរ​យឺត​ជាមុន​ក្នុង​មួយរយៈ​ពេល​យូរ ធ្វើឱ្យ​ឆ្នាំ​នានា​ចេះតែ​យឺតទៅៗ នេះ​បើតាម Graham។ ពួកគេ​យល់ឃើញ​ដូច្នេះ តាមរយៈ​កត្តា​ជាច្រើន​ដូចជា លក្ខណៈ​ភូមិសាស្ត្រ ឬ​ការសង្កេតមើល​បាតុភូត​សូរ្យគ្រាស។

    «ប្រការ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ចំពោះ​ឆ្នាំ ២០២០ នោះ​គឺ​យើង​សង្កេតឃើញថា ការបង្កើន​ល្បឿន​នៃ​ការ​គោចរ​របស់​ផែនដី​បាន​ថយចុះ ប៉ុន្តែ វា​នៅតែមានរ​ង្វិ​ល​ជុំ​លឿន ទើប​ឆ្នាំ ២០២១ កើតឡើង​លឿន​ជាង​ធម្មតា។ ឆ្នាំនេះ​ក៏​អាច​នឹង​ខ្លី​ជាង​មុន​បន្តិច ប៉ុន្តែ​មិនអាច​អះអាង​ប្រាកដប្រជា​នោះទេ» Graham បកស្រាយ​ដូច្នេះ។

    ទិន្នន័យ​ផ្លូវការ​ស្ដីពី​កម្រិត​នៃ​ភាព​យូរ​របស់ ១ ថ្ងៃ ត្រូវបាន​ប្រកាស​ដោយ​ការិយាល័យរ​ង្វិ​ល​ជុំ​ផែនដី​អន្តរជាតិ (IERS)។ នេះ​ក៏​ជា​អង្គការ​គ្រប់គ្រង​លើ​ការកំណត់​បង្គ្រប់​វិនាទី បើសិនជា​ល្បឿនរ​ង្វិ​ល​ជុំ​របស់​ផែនដី លើស ឬ​យឺត​ជាង​ឆ្ងាយ ធៀប​នឹង​កាលវិភាគ៕

     

  • ឆ្នាំ២០២១ កម្ពុជា នាំចេញ​កសិផល បាន​ជាង ៧ លាន​តោន ច្រើនជាង ៦៣.៨៣% ធៀប​នឹង​ឆ្នាំ ២០២០

    ឆ្នាំ២០២១ កម្ពុជា នាំចេញ​កសិផល បាន​ជាង ៧ លាន​តោន ច្រើនជាង ៦៣.៨៣% ធៀប​នឹង​ឆ្នាំ ២០២០

    ការនាំចេញ​កសិផលរ​បស់ កម្ពុជា សម្រេចបាន​ជិត ៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយ​បរិមាណ​នាំចេញ​សរុប ជាង ៧ លាន​តោន នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ។

    ប្រភពព័ត៌មាន​ឱ្យដឹងថា ការ​បូកសរុប​ជាបឋម​បង្ហាញថា តម្លៃ​នៃ​ការនាំចេញ​កសិផល​រប​ស់ កម្ពុជា ទៅ​ក្រៅប្រទេស ក្នុង​រយៈពេល ១២ ខែ នៃ​ឆ្នាំ ២០២១ មាន​ចំនួន​ជាង ៤,៩៦៧,៨៥២,០០០ ដុល្លារ​អាមេរិក ក្នុងនោះ​មាន៖ អង្ករ​ជាង ៥០០ លាន​ដុល្លារ​អាមេរិក, ស្រូវ​ជាង ៦៣១ លាន​ដុល្លារ​អាមេរិក, កសិផល​ក្រៅពី​ស្រូវ-អង្ករ ជាង ៣,១៦៤ លាន​ដុល្លារ​អាមេរិក, កៅស៊ូ​ធម្មជាតិ​ជាង ៦០០ លាន​ដុល្លារ​អាមេរិក, ឈើ​កៅស៊ូ​ជាង ១ លាន​ដុល្លារ​អាមេរិក, ឈើ​អារ​និង​សត្វ​ស្វា​ជាង ៣៥ លាន​ដុល្លារ​អាមេរិក ត្រី​គ្រប់​ប្រភេទ​ជាង ៤ លាន​ដុល្លារ​អាមេរិក។

    ការិយាល័យ​ភូតគាម​អនាម័យ​ជាតិ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានឱ្យដឹងថា ឆ្នាំ ២០២១ កម្ពុជា បាន​នាំចេញ​កសិផល​ទៅ​ក្រៅប្រទេស សរុប ៧,៩៨៤,២៥១ តោន កើន ៣,១១០,៧៩០ តោន ដែល​ច្រើនជាង ៦៣.៨៣% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២០។

    អង្ករ​ធម្មតា, អង្ករ​ក្រអូប​គ្រប់​ប្រភេទ, ស្រូវ, ដំឡូង​មី, ដំឡូង​មី, គ្រាប់ស្វាយចន្ទី, គ្រាប់ពោត, គ្រាប់​សណ្ដែកបាយ, គ្រាប់​សណ្តែកសៀង, ផ្លែ​ចេក​ស្រស់, ផ្លែ​ក្រូចថ្លុង, ផ្លែស្វាយ​ស្រស់, ដំណាប់​ស្វាយ, ទឹក​ស៊ី​រ៉ូ​ស្វាយ, ដូងប្រេង, ម្រេច, ថ្នាំជក់, បន្លែ​ចម្រុះ, ម្ទេស រួម​ជាមួយនឹង​ផលិតផល​ចំនួន ៩៥ មុខ​ផ្សេងទៀត​គឺជា​កសិផលសំខាន់ៗដែល កម្ពុជា បាន​នាំ​ចេញទៅ​ក្រៅប្រទេស៕

  • ទារក​ភ្លោះ​មួយគូ កើតមក​ខុស​ថ្ងៃខែ​ឆ្នាំ​គ្នា​ទាំងស្រុង

    ទារក​ភ្លោះ​មួយគូ កើតមក​ខុស​ថ្ងៃខែ​ឆ្នាំ​គ្នា​ទាំងស្រុង

    (សហរដ្ឋ​អាម៉េរិក)-ទារក​ភ្លោះ ក្នុងនោះ​ម្នាក់​ឈ្មោះ Alfredo និង​ម្នាក់ទៀត​ឈ្មោះ Aylin បានចាប់កំណើត​ចំ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ ២០២១ ចូល ២០២២ ទើប​ពួកគេ​មាន​ថ្ងៃខែ​ឆ្នាំ​កំណើត​ខុសគ្នា​ទាំងស្រុង គួរឱ្យ​ចាប់អារម្មណ៍។

    អ្នក​ម្ដាយ​ឈ្មោះ Fatima Madrigal បាន​បង្កើត Alfredo Antonio Trujillo នៅវេលា​ម៉ោង ២៣និង៤៥នាទី ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ និង Aylin Yolanda Trujillo នៅវេលា​ម៉ោង ០ ថ្ងៃទី ១ មករា ២០២២។ ប្រការនេះ​ធ្វើឱ្យ​ពួកគេ​មាន​ថ្ងៃខែ​ឆ្នាំ​កំណើត​មិន​ខុសគ្នា បើទោះជា​បានចាប់កំណើត​មុន​ក្រោយ​គ្នា ១៥ នាទី។

    ទារក​ឈ្មោះ Aylin មាន​ទម្ងន់​ជាង ២.២ គីឡូក្រាម ចំណែក Alfredo ទម្ងន់​ជាង ២.៧ គីឡូក្រាម។ ពួកគេ​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​ក្រុម​អ្នកយកព័ត៌មាន ក៏ដូចជា​សាធារណជន ដោយសារតែ​កើត​ចំ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ។

    វេជ្ជបណ្ឌិត Ana Abril Arias នៃ​មន្ទីរពេទ្យ Natividad ក្នុង​រដ្ឋ California ជា​កន្លែង​ដែល​ទារក​ភ្លោះ​ខាងលើ​ចាប់កំណើត បាន​និយាយថា នេះ​គឺជា «ករណី​មួយ​ក្នុងចំណោម​ករណី​ឆ្លងទន្លេ​ដែល​គួរឱ្យ​ចងចាំ​បំផុត​នៅក្នុង​អាជីព» របស់គាត់។

  • អនាគត​ «ស្ពានមិត្តភាព​កម្ពុជា-កូរ៉េ​ខាង​ត្បូង» ឆ្លងទន្លេមេគង្គ អាច​ចាត់​ទុកថា​ជា និមិត្តរូប​នៃសាមគ្គីភាព

    អនាគត​ «ស្ពានមិត្តភាព​កម្ពុជា-កូរ៉េ​ខាង​ត្បូង» ឆ្លងទន្លេមេគង្គ អាច​ចាត់​ទុកថា​ជា និមិត្តរូប​នៃសាមគ្គីភាព

    សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាង​ត្បូង ឆ្លងកាត់ទន្លេមេគង្គង តភ្ជាប់​ពី រាជធានីភ្នំពេញ ​ទៅ​កាន់​តំបន់ស្វាយជ្រុំ នឹង​ជានិមិត្តរូបថ្មីមួយទៀតនៃសាមគ្គីភាពរវាង កម្ពុជា និង សាធារណរដ្ឋកូរ៉េ ទន្ទឺម​នឹង​ការ​រីក​ចម្រើន​នៃ​ទំនាក់​ទំនង​ទ្វេភាគី​នា​ពេល​បច្ចុប្បន្ន​។

    នៅ​ក្នុងពីធីប្រកាសបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែង១៤៨ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីសាធារណរដ្ឋកូរ៉េ និង​ថវិកា​បដិភាគ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា នាព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ នៅឯស្រុកស្រែអំបិល ខេត្តកោះកុង ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​ថ្លែង​ថា ក្រោយ​បើក​ឱ្យ​មាន​ទំនាក់​ទំនងនឹង​គ្នា​ កម្ពុជា និង សាធារណរដ្ឋកូរ៉េ រហូត​មក​ដល់​បច្ចុប្បន្ន​ គឺ​មាន​ភាព​ល្អ​ប្រសើរណាស់ ក្នុង​នោះ​ ​ទំហំពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរ បានកើនលើសពីមួយពាន់លានដុល្លារសហរដ្ឋអាមេរិក»។

    ជាង​នេះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ក៏បានបង្ហាញនូវក្ដីសង្ឃឹមថា មិត្តកូរ៉េ នឹងបន្តជួយដល់កម្ពុជា ហើយ​ ​​ស្ពានមិត្តភាព​កម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គ ពីភ្នំពេញទៅកាន់ស្វាយជ្រុំ ដែល​នឹង​ត្រូវ​បាន​សាង​សង់​នា​ពេល​ខាងមុខ​ អាចចាត់ទុកថា​ជានិមិត្តរូបនៃសាមគ្គីភាពរវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េ ថែមទៀត។

    សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃ សាធារណរដ្ឋកូរ៉េ ដែល​បានជួយជ្រោមជ្រែងផ្ដល់ឥណទានសម្បទាន សម្រាប់គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ដើម្បីជួដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងសុខាមាលភាពប្រជាពលរដ្ឋ៕