ក្នុងចំណោម ៣៤ នាក់នោះ មានករណីឆ្លងក្នុងសហគមន៍ចំនួន ១០ នាក់ និងអ្នកដំណើរពីបរទេសចំនួន ២៤ នាក់។


ក្នុងចំណោម ៣៤ នាក់នោះ មានករណីឆ្លងក្នុងសហគមន៍ចំនួន ១០ នាក់ និងអ្នកដំណើរពីបរទេសចំនួន ២៤ នាក់។


ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃទី ១០ មករា បានបញ្ជាក់ថា លោកបានឆ្លង វីរុសកូវីដ-១៩ ជាលើកទីពីរ។
«បើទោះជាមានរោគសញ្ញាស្រាល ប៉ុន្តែ ខ្ញុំនៅតែធ្វើចត្តាឡីស័ក និងធ្វើការ ហើយពិភាក្សាគ្នាតាមប្រព័ន្ធអ៊ីនធើណិត រហូតដល់បានជាសះស្បើយ» ប្រធានាធិបតី Lopez Obrador ឱ្យដឹងដូច្នេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអង់គ្លេស Reuters។
ប្រធានាធិបតី Lopez Obrador ធ្លាប់បានឆ្លង វីរុសកូវីដ-១៩ ម្ដងរួចហើយកាលពីខែមករា ឆ្នាំ ២០២។ មុនពេលប្រកាសដំណឹងថា បានឆ្លងជាលើកទីពីរ លោក ត្រូវបានគេកត់សម្គាល់ឃើញថា មានសំឡេងស្អកខ្លាំងនៅពេលលោកថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកម្សិលមិញ។

ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាប័ណ្ណមានបុគ្គលធានា ដើម្បីលក់ និងទិញមូលបត្របំណុល ក្នុងទឹកប្រាក់ចំនួន ៣០ លានដុល្លារអាម៉េរិក នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។
ពិធីចុះហត្ថលេខារវាងលោក ឆារស៍ វ៉ាន់ (Charles Vann) អគ្គនាយករងរបស់ CAIC និងលោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ ACLEDA ត្រូវបានធ្វើឡើងដោយមានការចូលរួមពីអ្នកឧកញ៉ា ពុង ឃាវសែ កាលពីថ្ងៃទី ១០ មករា នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកាណាឌីយ៉ា។

អគ្គនាយករងរបស់ CAIC លោក Charles Vann បានថ្លែងថា ខ្ទង់វិនិយោគនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល ដែលបច្ចុប្បន្ន ការសាងសង់សម្រេចបានប្រមាណ ៣០%។

ក្រុមវេជ្ជបណ្ឌិតនៅ Maryland (សហរដ្ឋអាម៉េរិក) បានធ្វើការវះកាត់ភ្ជាប់បេះដូងជ្រូកដែលត្រូវបានកែប្រែ ហ្សែន ទៅក្នុងរាងកាយរបស់អ្នកជំងឺម្នាក់ដែលកំពុងប្រឈមនឹងការបាត់បង់ជីវិត។
សារព័ត៌មានអង់គ្លេស Guardian ដកស្រង់សម្ដីរបស់ក្រុមវេជ្ជបណ្ឌិតប្រចាំមជ្ឈមណ្ឌលសុខាភិបាលនៃសាកលវិទ្យាល័យ Maryland កាលពីថ្ងៃទី ១០ មករា បានឱ្យដឹងថា ក្រោយការវះកាត់បាន ៣ ថ្ងៃ អ្នកជំងឺក៏បានប្រសើរឡើង ប៉ុន្តែ ត្រូវការពេលបន្ថែមទៀតដើម្បីអាចអះអាងថា ករណីវះកាត់នេះជោគជ័យ ឬយ៉ាងណា។
ករណីវះកាត់នេះត្រូវបានគេចាត់ទុកថាជាការបោះជំហានទៅមុខ ឆ្លើយតបទៅនឹងការព្រួយបារម្ភដែលបានអូសបន្លាយពេលអស់ច្រើនទសវត្សរ៍ ទាក់ទិននឹងការប្រើប្រាស់គ្រឿងក្នុងរបស់សត្វ នៅក្នុងការវះកាត់សង្គ្រោះជីវិតមនុស្ស។

អ្នកជំងឺដែលទទួលបានការវះកាត់ដាក់បេះដូងជ្រូកដែលបានកែប្រែ ហ្សែន នេះ គឺលោក David Bennett អាយុ ៥៧ ឆ្នាំ។ កូនប្រុសរបស់លោក David Bennett បាននិយាយថា បើទោះជាមិនមានការធានាថា ការវះកាត់នឹងជោគជ័យ ប៉ុន្តែ ឪពុករបស់គាត់កំពុងមានជំងឺធ្ងន់ធ្ងរ ដូច្នេះ គឺមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលយកការវះកាត់ ហើយបច្ចុប្បន្នក៏មិនមានវិធីព្យាបាលផ្សេងទៀតដែរ។
មកដល់ថ្ងៃទី ១០ មករា លោក David Bennett អាចដកដង្ហើមបានដោយខ្លួនឯង ប៉ុន្តែ នៅតែត្រូវភ្ជាប់ជាមួយម៉ាស៊ីនជំនួយបេះដូង និងសួត។

សហរដ្ឋអាម៉េរិក កំពុងប្រឈមនឹងបញ្ហាខ្វះអ្នកបរិច្ចាគអវយវៈក្នុងរាងកាយសម្រាប់ការវះកាត់ប្ដូរអវយវៈដល់អ្នកជំងឺ។ ប្រការនេះនាំឱ្យក្រុមអ្នកវិទ្យាសាស្ត្រត្រូវប្រើប្រាស់គ្រឿងក្នុងរបស់សត្វដើម្បីជំនួស។ ឆ្នាំ ២០២១ មានការវះកាត់បែបនេះតែជាង ៣,៨០០ ករណីប៉ុណ្ណោះ ដែលត្រូវបានធ្វើឡើងនៅ សហរដ្ឋអាម៉េរិក៕

បុគ្គលិករបស់ក្រុមហ៊ុន Panasonic អាចទទួលយកការងារបន្ថែមទៅធ្វើ ឬចំណាយពេលវេលាក្នុងថ្ងៃសម្រាករបស់ពួកគេ ទៅធ្វើជាអ្នកស្ម័គ្រចិត្តនៅតាមអង្គការនានាក៏បាន។
ថ្មីៗនេះ ក្រុមហ៊ុន Panasonic បានឱ្យដឹងថា ពួកគេទើបតែបានផ្ដល់ជម្រើសស្ដីពីការធ្វើការ ៤ ថ្ងៃ/សប្ដាហ៍ សម្រាប់បុគ្គលិក។ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីសប្ដាហ៍មុន CEO Yuki Kusumi ឱ្យដឹងថា បុគ្គលិករបស់ក្រុមហ៊ុន Panasonic អាចទទួលយកការងារបន្ថែមទៅធ្វើ ឬចំណាយពេលវេលាដើម្បីធ្វើជាអ្នកស្ម័គ្រចិត្តនៅក្នុងអង្គការនានានៅថ្ងៃដែលពេលគេត្រូវបានអនុញ្ញាតឱ្យសម្រាក។
មូលហេតុនៃការសម្រេចចិត្តនេះត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺដើម្បីធ្វើឱ្យមានតុល្យភាពរវាងការងារ និងការរស់នៅសម្រាប់បុគ្គលិករបស់ពួកគេ។ ជាងនេះ Panasonic ក៏នឹងអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីចម្ងាយ បើសិនបុគ្គលិករើទៅរស់នៅកន្លែងផ្សេងដែលឆ្ងាយពីក្រុមហ៊ុនជាងបច្ចុប្បន្ន។
កាយវិការរបស់ Panasonic ត្រូវបានគេចាត់ទុកថា ជាការ «ដើរតាមនិន្នាការថ្មី» នាបច្ចុប្បន្ន ដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗក្នុងពិភពលោក បាន និងកំពុងធ្វើ ក្នុងបំណងទាក់ទាញមនុស្សពូកែ។

នៅ ប្រទេសជប៉ុន អ្នកធ្វើច្បាប់មួយក្រុមកំពុងពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ដែលអនុញ្ញាតឱ្យបុគ្គលិកក្រុមហ៊ុនបានសម្រាកថែម ១ ថ្ងៃទៀត ក្រៅពី ២ ថ្ងៃនៅចុងសប្ដាហ៍ ដើម្បីលើកកម្ពស់ការថែរក្សាសុខភាព។
ក៏ប៉ុន្តែ បច្ចុប្បន្ន បណ្ដាក្រុមហ៊ុនដែលអនុវត្ត «១ សប្ដាហ៍ ធ្វើការ ៤ ថ្ងៃ» នៅតែជាក្រុមភាគតិចនៅឡើយ នៅ ប្រទេសជប៉ុន។ ការស្រាវជ្រាវរបស់ក្រសួងការងារជប៉ុន កាលពីឆ្នាំ ២០២០ បង្ហាញថា មានក្រុមហ៊ុនជប៉ុន ប្រហែល ៨% ប៉ុណ្ណោះដែលអនុញ្ញាតឱ្យបុគ្គលិកសម្រាកលើសពី ២ ថ្ងៃ/សប្ដាហ៍។
ទោះជាយ៉ាងណាក៏ដោយ ប្រការខាងលើទំនងជាកំពុងប្ដូរផ្លាស់។ យោងតាមសារព័ត៌មាន Nikkei ក្រុមហ៊ុនផលិតឱសថ Shionogi ដែលកំពុងអភិវឌ្ឍថ្នាំលេបព្យាបាលជំងឺកូវីដ-១៩ នឹងអនុញ្ញាតឱ្យបុគ្គលិកសម្រាក ៣ ថ្ងៃ/សប្ដាហ៍ ចាប់ពីខែមេសា ២០២២ តទៅ។ ចំណែក Yahoo Japan និង Sompo Himawari Life Insurance ក៏អនុញ្ញាតឱ្យបុគ្គលិកដែលត្រូវមើលថែកូនតូច ឬមើលថែអាណាព្យាបាលវ័យចំណាស់ ធ្វើការ ៤ ថ្ងៃ/សប្ដាហ៍ផងដែរ៕

យានចុះចត Chang’e ៥ របស់ ប្រទេសចិន បានរកឃើញសញ្ញារបស់ទឹកនៅក្នុងសំណាកដី និងថ្ម ដែល បានយកពីទីតាំងចុះចតលើឋានព្រះចន្ទ។
ក្រុមអ្នកវិទ្យាសាស្ត្ររបស់ ប្រទេសចិន បានប្រកាសលទ្ធផលនៃការស្រាវជ្រាវរបស់ពួកគេ បង្ហាញថា យានចុះចតលើឋានព្រះចន្ទ Change’e ៥ បានរកឃើញសញ្ញារបស់ទឹកនៅត្រង់កន្លែងចុះចត។ យាននេះបានចុះចតលើឋានព្រះចន្ទកាលពីថ្ងៃទី ១ ធ្នូ ២០២០ ដើម្បីយកសំណាកថ្ម និងដីមកពិសោធ។ សំណាកនេះ ក្រោយមកក៏ត្រូវបានបញ្ជូនឡើងទៅឱ្យយានមួយគ្រឿងដែលកំពុងគោចរជុំវិញឋានព្រះចន្ទ ហើយក៏ត្រូវបានបញ្ជូនបន្តមកកាន់ផែនដីកាលពីថ្ងៃទី ១៧ ធ្នូ ២០២០។ យានអវកាសចិន បាននាំយកសំណាកដី និងថ្មពីឋានព្រះចន្ទ ទម្ងន់សរុប ១,៧៣១ ក្រាម មកកាន់ផែនដី។
យោងតាមលទ្ធផលនៃការស្រាវជ្រាវថ្មីបំផុតដែលត្រូវបានចុះផ្សាយលើទស្សនាវដ្ដី Science Advances កាលពីថ្ងៃទី ៨ មករា ២០២២ ដីរបស់ព្រះចន្ទត្រង់តំបន់ចុះចតរបស់យានអវកាសចិន មានផ្ទុកទឹកមិនដល់ ១២០ ppm (ឬស្មើនឹង ១២០ ក្រាម/ដី ១ តោន) ចំណែកដុំថ្មស្រាល ១ ដុំ នៅទីនោះ មានផ្ទុកទឹក ១៨០ ppm ដែលនេះស្ងួតជាងឆ្ងាយធៀបនឹងផែនដី។
Lin Honglei ដែលជាអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានភូគព្ភសាស្ត្រនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បានឱ្យដឹងថា ការរកឃើញថ្មីនេះគឺជាការផ្ដល់ទិន្នន័យបន្ថែមសម្រាប់បេសកកម្ម Chang’e ៦ និង Chang’e ៧ របស់ ចិន នាពេលអនគត៕

អង្គការ CSTO (Collective Security Treaty Organization) ដែលជាសម្ព័ន្ធភាពយោធាមានសមាជិក ៦ ប្រទេស ដោយនាំមុខដោយ ប្រទេសរុស្ស៊ី គឺជាយន្តការស្របច្បាប់ដែលអនុញ្ញាតឱ្យ រុស្ស៊ី ដាក់ពង្រាយកងទ័ព និងគ្រប់គ្រងស្ថានការណ៍នៅ កាហ្សាក់ស្ថាន បានយ៉ាងឆាប់រហ័ស។
អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) កាលពីថ្ងៃទី ៥ មករា បានយល់ព្រមបញ្ជូនកម្លាំងរក្សាសន្តិសុខទៅជួយរដ្ឋាភិបាលនៃ ប្រទេសកាហ្សាក់ស្ថាន ទៅតាមសំណើរបស់ប្រធានាធិបតីប្រទេសនេះ ដើម្បីកែប្រែស្ថានការណ៍ បន្ទាប់ពីបាតុកម្មប្រឆាំងប្រេងឡើងថ្លៃ បានក្លាយជាអំពើហិង្សា។
ក្រោយពី រុស្ស៊ី បានបញ្ជូនទ័ពទៅកាន់ កាហ្សាក់ស្ថាន ក្នុងនាម CSTO ភាពវឹកវរនៅប្រទេសនេះក៏មានសញ្ញាល្អប្រសើរឡើងវិញ ជួយឱ្យកងកម្លាំងរបស់រដ្ឋាភិបាលកាហ្សាក់ស្ថាន ក្រឡាស់ស្ថានការណ៍ បើកយុទ្ធនាការបង្ក្រាបទូទាំងប្រទេស កម្ចាត់ក្រុមប្រដាប់អាវុធរាប់សិបនាក់ និងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ។
ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃទី ៧ មករា និយាយថា កងកម្លាំង CSTO បំពេញបេសកកម្មការពារព្រលានយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតនៅ កាហ្សាក់ស្ថាន។

បច្ចុប្បន្ន អង្គការ CSTO មានសមាជិកចំនួន ៦ ប្រទេស រួមាន រុស្ស៊ី, អាមេនី, បេឡារូស, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន និង តាហ្ស៊ីគីស្ថាន។ អង្គការយោធានេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩២ បន្តពីព្រឹត្តិការណ៍បង្កើតសហគមន៍ប្រទេសឯករាជ្យ (SNG) ក្រោយពី សហភាពសូវៀត បានដួលរលំ។
CSTO មានការិយាល័យកណ្ដាលនៅក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ប៉ុន្តែ កៅអីប្រធានត្រូវបានបណ្ដាប្រទេសជាសមាជិកប្ដូរវេនគ្នាគ្រប់គ្រង ហើយរាល់ការសម្រេចត្រូវបានដាក់ចេញទៅតាមការយល់ស្របពីសមាជិក។ CSTO ធ្វើសមយុទ្ធយោធាជារៀងរាល់ឆ្នាំ និងមិនអនុញ្ញាតឱ្យសមាជិកណាមួយចូលរួមក្នុងអង្គការសម្ព័ន្ធភាពយោធាដទៃ ដូចជា NATO ជាដើម។
CSTO អនុញ្ញាតឱ្យបណ្ដាប្រទេសជាសមាជិក ដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសជាសមាជិករបស់ពួកគេ និងអាចទិញអាវុធទៅតាមតម្លៃក្នុងស្រុករបស់ រុស្ស៊ី ព្រមទាំងបង្កើតប្រព័ន្ធការពារដែនអាកាសរួម៕

កម្ពុជា រកឃើញអ្នកឆ្លងថ្មី កូវីដ-១៩ ១៥ នាក់ទៀត ក្នុងនោះមាន ១២ នាក់ជាករណីនាំចូល និង ៣ នាក់ជាករណីឆ្លងក្នុងសហគមន៍។


អ្នកវិទ្យាសាស្ត្រជាច្រើនយល់ថា ការរកឃើញ វីរុសកូវីដ-១៩ ប្រភេទកូនកាត់រវាង ដេលតា (Delta) និង អូមីក្រុង (Omicron) អាចជា «កំហុសបច្ចេកទេស» ក្នុងបន្ទប់ពិសោធន៍ ចំណែកសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Cyprus បានច្រានចោលការយល់ឃើញនេះ។
Leondios Kostrikis សាស្ត្រាចារ្យផ្នែកជីវសាស្ត្រប្រចាំសាកលវិទ្យាល័យ Cyprus កាលពីថ្ងៃទី ៧ មករា បានឱ្យដឹងថា លោក និងសហការី បានរកឃើញ វ៉ារ្យ៉ង់ ថ្មីមួយរបស់ កូវីដ-១៩ ដែលក្រុមរបស់លោកបានដាក់ឈ្មោះឱ្យថា ដេលតាក្រុង (Deltacron) ព្រោះវាមាន ហ្សេន ដូច ដេលតា ប៉ុន្តែមានលក្ខណៈនៃការប្រែប្រួលដូចទៅនឹង អូមីក្រុង។ សាស្ត្រាចារ្យ Leondios Kostrikis ប្រកាសថា បានរកឃើញករណីវិជ្ជមាននឹង ដេលតាក្រុង ចំនួន ២៥ នាក់រួចហើយ។
ការប្រកាសរបស់ Leondios Kostrikis ក៏បានធ្វើឱ្យមានមន្ទិលសង្ស័យនៅក្នុងសហគមន៍អ្នកវិទ្យាសាស្ត្រ។ «ការរកឃើញរបស់សាកលវិទ្យាល័យ Cyprus ទំនងជាកើតឡើងដោយសារកំហុសបច្ចេកទេសនៅក្នុងការបែងចែក ហ្សែន របស់ វីរុស» សាស្ត្រាចារ្យ Nick Loman នៃសាកលវិទ្យាល័យ Birmingham របស់ អង់គ្លេស បានថ្លែងដូច្នេះកាលពីថ្ងៃទី ៩ មករា។
វេជ្ជបណ្ឌិត Tom Peacok នៃសាកលវិទ្យាល័យក្រុងឡុងដ៍ (Imperial College London) អះអាងថា បញ្ហាច្រឡំរវាងសំណាក កើតឡើងញឹកញាប់នៅក្នុងដំណើរការនៃការបែងចែក ហ្សែន នៅក្នុងបន្ទប់ពិសោធន៍។ Peacok ក៏បានដាក់ការសង្ស័យទៅលើពេលវេលានៃការកើតមាន ដេលតាក្រុង ផងដែរ «ដោយសារតែបាតុភូតរួមបញ្ចូលគ្នារបស់វីរុស តែងតែមិនកើតឡើងនៅក្នុងរង្វង់ច្រើនសប្ដាហ៍ ដល់ច្រើនខែ បន្ទាប់ពី វ៉ារ្យ៉ង់ ទាំង ២ ប្រភេទ បាននៅជាមួយគ្នា»។
ប្រតិកម្មនឹងការមន្ទិលខាងលើ នៅក្នុងសារអេឡិចត្រូនិកមួយ កាលពីថ្ងៃទី ៩ មករា សាស្ត្រាចារ្យ Kostrikis ឱ្យដឹងថា ករណីវិជ្ជមាននឹង ដេលតាក្រុង ដែលក្រុមរបស់លោកបានរកឃើញ «មិនមែនជាលទ្ធផលនៃបាតុភូតរួមបញ្ចូលគ្នា» ប៉ុន្តែវាជាសញ្ញារបស់ «សម្ពាធនៃវិវត្តន៍ចំពោះ វ៉ារ្យ៉ង មុនៗ នាំឱ្យបង្កើតបានជាប្រភេទនេះ»។
លោក Kostrikis អះអាងថា សំណាកទាំងឡាយរបស់អ្នកជំងឺត្រូវបានពិនិត្យទៅតាមដំណាក់កាលនៃការបែងចែក ហ្សេន នៅក្នុងប្រទេសជាច្រើន ក្នុងនោះក៏មានបន្ទប់ពិសោធន៍នៅ ប្រទេសអ៊ីស្រាអែល ផងដែរ។
សាធារណរដ្ឋស៊ីប ឬសាយប្រឹស (Cyprus) គឺជាប្រទេសកោះមួយដែលស្ថិតនៅក្នុងភាគខាងកើតនៃឈូងសមុទ្រ មេឌីទែរ៉ាណេ និងមានប្រជាជនជាង ១.២ លាននាក់។ ប្រទេសនេះ បានចាក់វ៉ាក់សាំងពេញលេញដល់ប្រជាជនជាង ៥០% រួចហើយ៕

ក្រសួងសុខាភិបាលកម្ពុជា ក្នុងថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២២ បានរកឃើញករណីវិជ្ជមាននឹង វីរុសកូវីដ-១៩ បំប្លែងថ្មី «អូមីក្រុង» ក្នុងសហគមន៍ ចំនួន ៣ នាក់បន្ថែមទៀត។
ព័ត៌មាននេះគឺយោងតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន ដែលបានថ្លែងនៅក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត ៨៥ គីឡូម៉ែត្រ ភ្ជាប់ពី ខេត្តបាត់ដំបង ទៅកាន់ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ១០ មករា ២០២២។
ការរកឃើញនេះ បានធ្វើឱ្យចំនួនករណីឆ្លង វីរុសកូវីដ-១៩ ប្រភេទ អូមីក្រុង នៅក្នុងសហគមន៍កម្ពុជា កើនឡើងដល់ចំនួន ៤ ករណី។
គិតមកដល់ថ្ងៃទី ៨ មករា កម្ពុជា បានរកឃើញករណីឆ្លង អូមីក្រុង សរុបចំនួន ២៩ នាក់ ដែលជាករណីនាំចូល ដូច្នេះ ករណី អូមីក្រុង ដែល កម្ពុជា បានរកឃើញ ទាំងករណីនាំចូល ទាំងករណីក្នុងសហគមន៍ បច្ចុប្បន្ន អាចឡើងដល់ ៣៣ នាក់។