Author: សឿន សំណាង

  • កូ​វីដ-១៩ បង្កើត​មហាសេដ្ឋី ២០ នាក់ និង​អ្នកក្រ ១៤០ លាន​នាក់​ថែមទៀត នៅ អាស៊ី

    កូ​វីដ-១៩ បង្កើត​មហាសេដ្ឋី ២០ នាក់ និង​អ្នកក្រ ១៤០ លាន​នាក់​ថែមទៀត នៅ អាស៊ី

    Oxfam ឱ្យដឹងថា ជំងឺ​រាតត្បាត​សកល បាន​បង្កើត​មហាសេដ្ឋី​ថ្មី​ចំនួន ២០ នាក់​ទៀត នៅ ទ្វីបអាស៊ី ទន្ទឹមនឹងនេះ​ក៏បាន​រុញច្រាន​មនុស្ស​ប្រមាណ ១៤០ លាន​នាក់ ឱ្យ​ធ្លាក់​ទៅក្នុង​ភាពក្រីក្រ ដោយសារតែ​បាត់បង់​ការងារ។

    ដោយ​ដកស្រង់​របាយការណ៍រ​បស់ Oxfam សារព័ត៌មាន The Guardian បានឱ្យដឹងថា គិត​ត្រឹម​ខែមីនា ២០២១ ប្រាក់ចំណេញ​ដែល​បានមកពី​ឱសថ សម្ភារៈ​វេជ្ជសាស្ត្រ សេវា​ចាំបាច់​ដើម្បី​ទប់ទល់​នឹង កូ​វីដ-១៩ បាន​ជួយ​ឱ្យ​មនុស្ស​ចំនួន ២០ នាក់ ក្លាយជា​មហាសេដ្ឋី​ថ្មី។ ពួកគេ​មកពី ចិនដីគោក ហុងកុង ឥណ្ឌា ជប៉ុន។

    ចំនួន​មហាសេដ្ឋី​សរុប​នៅ​តំបន់ អាស៊ី-ប៉ាស៊ីហ្វិក បាន​កើនឡើង​ជិត ៣០% ពី ៨០៣ នាក់​កាលពី​ខែមីនា ២០២០ ឡើងដល់ ១,០៨៧ នាក់ នៅ​ខែវិច្ឆិកា ២០២១។ បរិមាណ​នៃ​ទ្រព្យ​របស់​ក្រុម​មហាសេដ្ឋី​នេះ ក៏​កើន ៧៤%។

    ទិន្នន័យ​របស់ Oxfam ក៏បាន​បង្ហាញថា អ្នកមាន​បំផុត ១% មានទ្រព្យ​ច្រើនជាង​អ្នកក្រ​បំផុត​ដែលមាន​ចំនួន ៩០% ទឿ​ទៀត នៅក្នុង​តំបន់។ Mustafa Talpur មេដឹកនាំ​នៃ​យុទ្ធនាការ​នានា​នៅ Oxfam អាស៊ី បានឱ្យដឹងថា ប្រការនេះ​ពិតជា​គួរឱ្យ​ខឹង និង​មិនអាច​ទទួលយកបាន។

    «អ្នកក្រីក្រ​ជាច្រើន​នៅ អាស៊ី ត្រូវគេ​បោះបង់ចោល​នៅក្នុង​វិបត្តិ​ជំងឺ​រាតត្បាត។ ពួកគេ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ​ផ្នែក​សុខភាព ការងារ និង​ត្រូវបាន​រុញច្រាន​ដល់​ផ្លូវ​ទាល់ ហើយ​សមិទ្ធិផល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​កន្លងមក​ក៏ត្រូវ​បាត់បង់។ ក្នុង​គ្រា​ដូចគ្នានេះ ទ្រព្យសម្បត្តិ​របស់​ក្រុម​អ្នកមាន ចេះតែ​កើនឡើង» លោក Mustafa Talpur និយាយ​ដូច្នេះ។

    ឆ្នាំ ២០២០ អង្គការ​ពលកម្ម​អន្តរជាតិ (ILO) គណនា​ឃើញថា ការងារ​ប្រហែល ៨១ លាន ត្រូវបាន​បាត់បង់ ធ្វើឱ្យ​មនុស្ស​ពី ២២ ទៅ ២៥ លាន​នាក់ ធ្លាក់​ក្នុង​ភាពក្រីក្រ។ ផ្ទុយទៅវិញ មហាសេដ្ឋី​នានា​នៅ អាស៊ី-ប៉ា​ស៊ី​ហ្វ្រិ បានឃើញ​ទ្រព្យ​របស់ខ្លួន​កើន ១.៤៦ ពាន់​លាន​ដុល្លារ។ តួលេខ​នេះ​គ្រប់គ្រាន់​សម្រាប់​ផ្ដល់ប្រាក់​បៀវត្សរ៍​ជិត ១០,០០០ ដុល្លារ ដល់​អ្នក​ទាំងឡាយ​ដែល​បាន​បាត់បង់​ការងារ។

    គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ ចេះតែ​កើនឡើង​ពីមួយថ្ងៃ ទៅមួយថ្ងៃ។ Credit Suisse បាន​ព្យាករ​ថា ដល់​ឆ្នាំ ២០២៥ អាស៊ី-ប៉ាស៊ីហ្វិក នឹងមាន​មនុស្ស​ចំនួន ៤២,០០០ នាក់​ទៀត ដែលមាន​ទ្រព្យ​ច្រើនជាង ៥០ លាន​ដុល្លារ​អាម៉េរិក ខណៈដែល​មហាសេដ្ឋី​មាន​ចំនួន ៩៩,០០០ នាក់។ IMF និង World Bank សុទ្ធតែ​យល់ថា កូ​វីដ-១៩ នឹង​បង្កឱ្យមាន​វិសមភាព​ផ្នែក​សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក។

    Mustafa Talpur វាយតម្លៃថា ប្រព័ន្ធ​នយោបាយ​កំពុងតែ​ការពារ​ផលប្រយោជន៍​របស់​អ្នកមាន​មួយក្រុម​តូច។ រដ្ឋាភិបាល​ជាច្រើន​បាន​បរាជ័យ​ជា​បន្តបន្ទាប់​ក្នុងការ​ធានា​លើ​ការរក្សា​ការងារ​របស់​ពលករ​ភាគច្រើន​នៅក្នុង​វិបត្តិ​កូ​វីដ-១។ លោក​ថា «នេះ​គឺជា​ពេលដែល​ត្រូវមាន​សាមគ្គីភាព​សកល ក៏ប៉ុន្តែ បណ្ដា​ប្រទេស​អ្នកមាន និង​បណ្ដា​ក្រុមហ៊ុន​ផលិត​ឱសថធំៗ បាន​បែរខ្នង​ធ្វើ​ព្រងើយ»៕

  • (វីដេអូ)-យន្តហោះ​អគ្គិសនី​ហោះឡើង​ និង​ចុះ​ចត​ត្រង់​ ​តូច​បំផុត​ក្នុង​ពិភពលោក​របស់ SkyDrive នឹងដាក់​លក់​នៅ ៤ ឆ្នាំ​ខាងមុខ

    (វីដេអូ)-យន្តហោះ​អគ្គិសនី​ហោះឡើង​ និង​ចុះ​ចត​ត្រង់​ ​តូច​បំផុត​ក្នុង​ពិភពលោក​របស់ SkyDrive នឹងដាក់​លក់​នៅ ៤ ឆ្នាំ​ខាងមុខ

    (ជប៉ុន)-ក្រុមហ៊ុន SkyDrive អភិវឌ្ឍ​មធ្យោបាយ​ហោះហើរ​លក្ខណៈ​បុគ្គល​ដែល​អាច​ហោះ​ចម្ងាយ ១៩ គីឡូម៉ែត្រ ក្រោយពី​បញ្ចូល​ថាមពល​ពេញ ជួយ​ឱ្យ​អ្នកប្រើប្រាស់​អាច​បញ្ចៀស​កា​រកក​ស្ទះចរាចរណ៍​នៅតាម​ដងផ្លូវ​លើដី។

    នឹង​ជា​ប្រការ​ដ៏​អស្ចារ្យ បើសិនជា​អ្នក​អាច​ហោះ​ពី​ខាងលើ​យន្ត​រថយន្ត​ទាំងឡាយ​ដែល​កំពុងស្ថិត​ក្នុងស្ថានភាព​កកស្ទះ​ចរាចរណ៍។ ក្រុម​វិស្វករ​របស់​ក្រុមហ៊ុន​ជប៉ុន SkyDrive ក៏​គិត​ដូច្នេះ។ ក្នុង​អនាគត អាកាស​នឹង​ក្លាយជា​ផ្លូវ​ថ្មី​ដែល​ពេញនិយម​ជាងគេ។

    នៅឯ​ព្រឹត្តិការណ៍​ពិព័រណ៍​ឧបករណ៍​អេឡិចត្រូនិក (CES) ២០២២ ក្រុមហ៊ុន SkyDrive បានប្រកាស​គម្រោង​ថ្មី​របស់ខ្លួន។ នោះ​គឺ​ម៉ូ​ដែល​គំរូ​នៃ​ឧទ្ធម្ភាគចក្រ ២ កៅអី​ថ្មី​ដែលមាន​ឈ្មោះថា SD-០។

    Keisuke Yasukochi មកពី​ក្រុមហ៊ុន SkyDrive ឱ្យដឹងថា «នេះ​គឺជា​ម៉ូ​ដែល​គំរូ​ដែល​អាច​ដំណើរការបាន និង​មាន​ឈ្មោះថា SD-០។ យើង​បាន​សាកល្បង​ហោះហើរ​មាន​មនុស្ស​បើក​កាលពី ១៨ ខែ​មុន។ យើង​កំពុងស្ថិត​ក្នុងដំណាក់កាល​អភិវឌ្ឍ​ម៉ូ​ដែល​បន្ទាប់ និង​កំពុង​ស្វែងរក​វិធី​ដើម្បី​ដាក់លក់​យន្តហោះ​នេះ​នៅលើ​ទីផ្សារ​ចាប់ពី​ឆ្នាំ ២០២៥»។

    https://www.youtube.com/watch?v=YrUZ54r0Alw

    ជា​មូលដ្ឋាន វា​គឺជា​ម៉ូ​ដែល​ឧទ្ធម្ភាគចក្រ​អគ្គិសនី​ខ្នាតតូច។ អ្នកប្រើប្រាស់​មិន​ត្រូវការ​កន្លែង​ធំ​ទូលាយ​ដើម្បី​ហោះ​ឡើង ឬ​ចុះចត។ SD-០៣ គឺជា​យន្តហោះ​ដែល​ហោះ​ឡើង និង​ចុះចត​ត្រង់។ មធ្យោបាយ​ធ្វើដំណើរ​នេះ​នាំមក​នូវ​បទពិសោធន៍​នៃ​ការហោះហើរ​យ៉ាង​ស្រួល និង​មិន​បញ្ចេញ​ឧស្ម័ន​ពុល។

    អេក្រង់​របស់​យន្តហោះ​នេះ​នឹង​ផ្ដល់ឱ្យ​អ្នកប្រើប្រាស់​នូវ​ការឆ្លើយតប​ជាក់ស្ដែង និងភ្លាម។ SD-០៣ ត្រូវបាន​បំពាក់​ប្រព័ន្ធ​កំណត់​ទិស (GPS)។ អ្នកប្រើប្រាស់​អាច​ហោះ​ឡើងដល់​កម្ពស់ ៤៨៨ ម៉ែត្រ និង​ហោះ​ក្នុង​រយៈ​ចម្ងាយ ១៩ គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាមពល​ពេញ។

    តាម​គម្រោង SD-០៣ នឹង​ក្លាយជា​យន្តហោះ​អគ្គិសនី​ដែល​ហោះ​ឡើង និង​ចុះចត​ត្រង់​តូច​បំផុត​ក្នុង​ពិភពលោក។ យន្តហោះ​នេះ​មាន​កម្ពស់ ១.៨ ម៉ែត្រ និង​ទទឹង ៣.៧ ម៉ែត្រ។ ក្រុមហ៊ុន SkyDrive រំពឹងថា នឹង​អាច​ដាក់លក់ SD-០៣ ចាប់ពី​ឆ្នាំ ២០២៥៕

     

  • កូវីដ-១៩ នៅ​ កម្ពុជា​! ករណី​ឆ្លង​ថ្មី​ ២៩ នាក់ទៀត ខណៈ​អ្នក​​ជាសះស្បើយ​មាន ១៦ នាក់ និងស្លាប់ «គ្មាន»

    កូវីដ-១៩ នៅ​ កម្ពុជា​! ករណី​ឆ្លង​ថ្មី​ ២៩ នាក់ទៀត ខណៈ​អ្នក​​ជាសះស្បើយ​មាន ១៦ នាក់ និងស្លាប់ «គ្មាន»

    ក្នុង​ចំណោម​អ្នកវិជ្ជមាន​ថ្មី​ទាំង​ ២៩ នាក់ មាន​​ករណីឆ្លង​ក្នុង​សហគមន៍ ១១ នាក់ និង​អ្នកដំណើរពីបរទេស ១៨ នាក់ ដែល​​ទាំង​អស់​សុទ្ធ​តែ​ជា​ករណី​ អូមីក្រុង។

  • ក្រុម​បុរាណ​វិទូ​បាន​​រកឃើញ​បណ្ដាញ​សង្គម «បុព្វបុរស» ដែល​មាន​អាយុកាល ៥០,០០០ ឆ្នាំ របស់ Facebook, TikTok នៅ ទ្វីបអាហ្វ្រិក

    ក្រុម​បុរាណ​វិទូ​បាន​​រកឃើញ​បណ្ដាញ​សង្គម «បុព្វបុរស» ដែល​មាន​អាយុកាល ៥០,០០០ ឆ្នាំ របស់ Facebook, TikTok នៅ ទ្វីបអាហ្វ្រិក

    ទំនងជា​តាំងពី​រាប់ម៉ឺន​ឆ្នាំមុន ប្រជាជន​នៅ អាហ្វ្រិក បាន​បង្កើត​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដោយ​មិនបាច់​មាន Facebook, Twitter, TikTok ឬ​ថ្នាល​ទំនាក់ទំនង​ទំនើប​ណា​ទាំងអស់។ ទំព័រ Sputniknews បានឱ្យដឹងថា ក្រុម​បុរាណ​វិទូ ប្រកាសថា បាន​រកឃើញ​អ្វីមួយ​ដែល​ពួកគេ​ហៅថា «បណ្ដាញ​សង្គម​ដែលមាន​អាយុកាល​ចំណាស់​ជាងគេ​ក្នុង​ពិភពលោក» ដែល​បានធ្វើ​សកម្មភាព​រាប់ពាន់​គីឡូម៉ែត្រ លាតសន្ធឹង​ចន្លោះ​ពី​ភាគខាងត្បូង ទៅ​ភាគ​ខាងកើត​នៃ​ទ្វីបអាហ្វរិក។ បណ្ដាញ​ទំនាក់ទំនង​នេះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជួញដូរ​គ្រាប់​ដែល​ធ្វើ​អំពី​សម្បក​ស៊ុត​របស់​សត្វ​អូទ្រីស (OES)។

    ក្រុម​អ្នកស្រាវជ្រាវ​ប្រចាំ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ប្រវត្តិសាស្ត្រ​មនុស្សជាតិ Max Planck (អាល្លឺម៉ង់) បានធ្វើការ​ស្រាវជ្រាវរ​យៈ​ពេល ១ ទសវត្សរ៍​អំពី​គ្រាប់ OES បុរាណ ជាង ១,៥០០ គ្រាប់ ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង​ចំនួន ៣០ របស់ ទ្វីបអាហ្វ្រិក។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​ទំព័រ​ទស្សនាវដ្ដី Nature កាលពីពេលថ្មីៗនេះ បាន​បង្ហាញថា ក្រុមមនុស្ស​ដែល​បាន​បង្កើត​គ្រាប់ OES កាលពី ៥០,០០០ ឆ្នាំមុន បាន​ជួញដូរ​វា​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ដូច្នេះ បាន​ជួយ​ដល់​គ្រប់គ្នា​​ចែក​រំលែក​​ព័ត៌មាន​ដែលមាន​លក្ខណៈ​ជា​និមិត្តរូប ក៏ដូចជា​ដើម្បី​ស្ដារ​ទំនាក់ទំនង​នៃ​សម្ព័ន្ធភាព​របស់​ពួកគេ​កាលពី​យុគសម័យ​នោះ។

    Jennifer Miller ដែលជា​អ្នកស្រាវជ្រាវ​មួយរូប​ប្រចាំ Max Planck និយាយថា គ្រាប់​ដែល​ធ្វើ​អំពី​សម្បក​ស៊ុត​នេះ​គឺជា​វត្ថុ​ដែល​ផ្ទុក​រឿងរ៉ាវ​កាលពី​អតីតកាល​របស់​មនុស្ស។ ប៉ុន្តែ មកដល់ពេលនេះ មិនទាន់មាន​ភ័ស្ដុតាង​ផ្នែក​វប្បធម៌​ណាមួយ​បញ្ជាក់​អំពី​ប្រការនេះ​នៅឡើយ។

    អ្នកស្រាវជ្រាវ Jennifer Miller បាន​ឱ្យដឹងថា «ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ណាស់​ នៅពេល​​បានដឹង​អំពី​មនុស្ស​ដែល​រស់នៅ​កាលពី ៤០,០០០ ទៅ ៥០,០០០ ឆ្នាំមុន បែរ​ជាមាន​បណ្ដាញ​សង្គម​មួយ​ប្រភេទ​ដែល​លាតសន្ធឹង​យ៉ាង​ឆ្ងាយ​ដូច្នេះ»។

    Yimming Wang ដែលជា​អ្នកស្រាវជ្រាវ​របស់​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ប្រវត្តិសាស្ត្រ​មនុស្សជាតិ Max Planck ដែរនោះ ក៏បាន​ឱ្យដឹងថា «ក្នុង​រយៈពេល ៥០,០០០ ឆ្នាំ (នៃ​ប្រវត្តិសាស្ត្រ) ដែល​យើង​បាន​ស្រាវជ្រាវ នេះ​គឺជា​អំឡុងពេល​តែមួយគត់​ដែល​បណ្ដា​គ្រាប់​មាន​លក្ខណៈ​ដូចគ្នា»។

    លោក Yimming Wang កំពុងនិយាយ​អំពី​ការរកឃើញ​ដែល​បង្ហាញ​អំពី​វត្តមាន​របស់​បណ្ដាញ​សង្គម​បុរាណ​មួយ​ដែល​លាន​សន្ធឹង​ជាង ៣,០០០ គីឡូម៉ែត្រ និង​ភ្ជាប់​ទំនាក់ទំនង​រវាង​តំបន់​ទាំងពីរ​របស់ ទ្វីបអាហ្វ្រិក ជាទី​ដែល​ប្រើប្រាស់​គ្រាប់ OES ស្ទើរតែ​ដូចគ្នា​ទាំងស្រុង។

    ប៉ុន្តែ សំណាង​មិនល្អ យោងតាម​អ្នកស្រាវជ្រាវ បណ្ដាញ​សង្គម​នេះ​ចុងក្រោយ​ក៏បាន​បាត់បង់​នៅឯ តំបន់​អា​ហ្វ្រិ​ខាងត្បូង កាល​ពី ៣៣,០០០ ឆ្នាំមុន។ ការបាត់បង់​នេះ​អាច​បណ្ដាលមកពី​កត្តា​ប្រែប្រួល​នៃ​អាកាសធាតុ​សកល។

    សព្វថ្ងៃ ក្រុម​ប្រជាជន​ដែល​រស់​ដោយ​ពឹង​លើ​ការ​បរបាញ់​សត្វព្រៃ និង​រើស​គ្រាប់​ឈើ នៅ ទ្វីបអាហ្វ្រិក នៅតែ​ពាក់​ខ្សែ.ក​ដែល​ធ្វើ​អំពី​សម្បក​ស៊ុត​អូទ្រីស ប៉ុន្តែ មិនមែន​ក្នុង​បំណង​ផ្លាស់ប្ដូរ​ព័ត៌មាន​នោះទេ៕

  • (វីដេអូ)-សំឡេង​ផ្ទុះ​របស់​ភ្នំភ្លើង តុង​ហ្គា (Tonga) លាន់ឮ​ឆ្ងាយ​​​​​ជិត​ ១០,០០០​ គីឡូម៉ែត្រ

    (វីដេអូ)-សំឡេង​ផ្ទុះ​របស់​ភ្នំភ្លើង តុង​ហ្គា (Tonga) លាន់ឮ​ឆ្ងាយ​​​​​ជិត​ ១០,០០០​ គីឡូម៉ែត្រ

    សំឡេង​ផ្ទុះ​របស់​ភ្នំភ្លើង​នៅ ប្រទេស​តុង​ហ្គា លាន់ឮ​ដល់ សហរដ្ឋ​អាម៉េរិក ខណៈដែល​រលក​កញ្ឆក់ (Shockwave) របស់​វា ចល័ត​ជុំវិញ​ពិភពលោក និង​ត្រូវបាន​រកឃើញ​នៅ ប្រទេស​អង់គ្លេស។

    ស្ថាប័ន​ឧតុនិយម​ជាតិ​របស់ អាម៉េរិក កាលពី​ម្សិលមិញ បានប្រកាសថា ស្ថានីយ​តាមដាន​ភ្នំភ្លើង Alaska បាន​កត់ត្រា​ឮ​សំឡេង​ផ្ទុះ​ពី​ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង​នៅ តុង​ហ្គា កាលពី​ថ្ងៃទី ១៥ មករា។ ចម្ងាយ​ពី​ភ្នំភ្លើង​ដែល​កំពុង​ផ្ទុះ ទៅកាន់​ស្ថានីយ​តាមដាន​ភ្នំភ្លើង Alaska គឺ​ប្រមាណ​ជិត ១០,០០០ គីឡូម៉ែត្រ។ ស្ថាប័ន​ភូគព្ភសាស្ត្រ​អាម៉េរិក ឱ្យដឹងថា ករណី​ផ្ទុះ​ភ្នំភ្លើង​នេះ មាន​កម្លាំង​ប្រហាក់ប្រហែល​នឹង​ហេតុការណ៍​រញ្ជួយ​ដី​កម្លាំង ៥.៨ រិច​ទ័​រ។

    ស្ថានីយឧតុនិយម Fife នៅ ស្កុ​តឡែ​ន ក៏បាន​ឱ្យដឹងថា ករណី​ផ្ទុះ​ភ្នំភ្លើង​នេះ​ធ្វើឱ្យ​សម្ពាធ​ខ្យល់​កើនឡើង​ខ្ពស់។ «ពិតជា​គួរឱ្យភ្ញាក់ផ្អើល នៅពេល​គិតដល់​កម្លាំង​ដែល​អាច​បង្ក​រលក​កញ្ឆក់​ចល័ត​ជុំវិញ​ពិភពលោក» ស្ថាប័ន​នេះ​បង្ហោះ​សារ​ដូច្នេះ​នៅលើ Twitter កាលពីពេលថ្មីៗនេះ។

    ក្រោយ​ការផ្ទុះ​កាលពី​ថ្ងៃទី ១៤ មករា ភ្នំភ្លើង Hunga Tonga-Hunag Ha’apai បន្ត​ផ្ទុះ​កាលពី​ថ្ងៃទី ១៥ មករា ហើយ​ប៉ុន្មាន​នាទី​ក្រោយមក វា​ក៏បាន​បង្ក​ជា​រលក​យក្ស​កម្ពស់​ប្រហែល ១.២ ម៉ែត្រ វាយលុក​រដ្ឋធានី Nuku’alofa របស់ តុង​ហ្គា។

    រដ្ឋាភិបាល​តុង​ហ្គា មិនទាន់​បញ្ចេញ​របាយ​ការណ៍​ស្ដីពី​ការខូចខាត​ដោយសារ​ហេតុការណ៍​នេះ​នៅឡើយ ប៉ុន្តែ នៅលើ​បណ្ដាញ​សង្គម គេ​ឃើញថា ទឹកបាន​ឡើង​លិច​ផ្លូវ​ក្បែរ​ឆ្នេរសមុទ្រ ហូរ​ចូល​ផ្ទះសម្បែង និង​បាន​កួច​យក​រថយន្ត​ផងដែរ។ តំបន់​ជាច្រើន​នៅលើ​កោះ Tongatapu របស់ ប្រទេស​តុង​ហ្គា ត្រូវ​ដាច់​ចរន្តអគ្គិសនី ខណៈដែល​ប្រព័ន្ធ​ទំនាក់ទំនង​ក៏​រអាក់រអួល។

    បណ្ដា​ប្រទេស​នៅលើ​ឆ្នេរ​ទាំង ២ របស់​មហាសមុទ្រ​ប៉ាស៊ីហ្វិក បាន​ព្រមាន​អំពី​រលក​យក្ស ក្នុងនោះ​មាន សហរដ្ឋ​អាម៉េរិក នូ​វែ​ល​សេ​ឡង់ និង កាណាដា​ផងដែរ។ ចំណែក​ស្ថាប័ន​ឧតុនិយម​របស់ ជប៉ុន ក៏បាន​ឱ្យដឹងថា រលក​យក្ស​បាន​មកដល់​ប្រទេស​នេះ​នៅ​យប់​ថ្ងៃទី ១៥ មករា និង​វេលា​ទៀបភ្លឺ​នៃ​ថ្ងៃទី ១៦ មករា ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង​នៅ តុង​ហ្គា។

  • ភ្នំភ្លើង តុង​ហ្គា (Tonga) នៅតែ​បន្ត​ផ្ទុះ​ក​ម្អែ និង​អាច​បង្ក​ការខូចខាត​ក្នុង​រង្វង់​អង្កត់ផ្ចិត ៦០ គីឡូម៉ែត្រ

    ភ្នំភ្លើង តុង​ហ្គា (Tonga) នៅតែ​បន្ត​ផ្ទុះ​ក​ម្អែ និង​អាច​បង្ក​ការខូចខាត​ក្នុង​រង្វង់​អង្កត់ផ្ចិត ៦០ គីឡូម៉ែត្រ

    មជ្ឈមណ្ឌល​ព្រមាន​អំពី​ធូលី​ភ្នំភ្លើង Darwin នៅ Darwin នៃ ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃទី ១៧ មករា​នេះ​បានប្រកាសថា មានការ​ផ្ទុះ​មួយទៀត​របស់​ភ្នំភ្លើង​នៅ ប្រទេស​តុង​ហ្គា បន្ទាប់ពី​មានការ​ផ្ទុះធំៗចំនួន ២ ករណី កាលពី ២ ថ្ងៃមុន ដែល​បាន​បង្កឱ្យមាន​រលក​យក្ស​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

    មជ្ឈមណ្ឌល​ព្រមាន​អំពី​រលក​យក្ស​ប៉ាស៊ីហ្វិក ក៏បាន​ឱ្យដឹងថា រលកធំៗបាន​កើតឡើង​ក្នុង​តំបន់ ហើយ​វា​អាច​បណ្ដាលមកពី​ការផ្ទុះ​មួយចំនួនទៀត​របស់​ភ្នំភ្លើង​នៅ តុង​ហ្គា។ ពុំមាន​ហេតុការណ៍​រញ្ជួយ​ដី​ណាមួយ​ត្រូវបាន​រកឃើញថា បណ្ដាលឱ្យមាន​រលកធំៗទាំង​នោះទេ។

    ភ្នំភ្លើង​នៅលើ​កោះ Hunga Ha’apai របស់​ប្រទេស​កោះ តុង​ហ្គា កាលពី​ថ្ងៃទី ១៤ មករា បាន​ផ្ទុះ និង​បញ្ចេញ​ផ្សែង​ធូលី ចំហាយ​ទឹក និង​សារធាតុពុល​ចូលទៅក្នុង​បរិយាកាស។ ភ្នំភ្លើង​ដែល​ស្ថិតនៅ​ចម្ងាយ ៦៥ គីឡូម៉ែត្រ​ទៅ​ទិស​ខាងជើង​នៃ​តំបន់ Nukualofa នេះ បាន​ផ្ទុះ​ក​ម្អែ​ជា​បន្តបន្ទាប់​ចាប់ពី​ព្រឹក​ថ្ងៃ​ដដែល បង្កើតបានជា​ផ្សែង​ធូលី​កម្ពស់​ពី ៥ ទៅ ២០ គីឡូម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ។

    ប្រធាន​មន្ទីរ​ស្រាវជ្រាវ​ភូ​គ​ម្ភ​សាស្ត្រ របស់ តុង​ហ្គា បានឱ្យដឹងថា ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង​នេះ​អាច​បង្ក​ការខូចខាត​ក្នុង​រង្វង់​អង្កត់ផ្ចិត ៦០ គីឡូម៉ែត្រ ខ្លាំង​ជាង​ប្រហែល ៧ ដង ធៀប​នឹង​ករណី​ផ្ទុះ​របស់​ភ្នំភ្លើង Hunga Ha’apai កាលពី​ចុងឆ្នាំ ២០២១។

  • អាជ្ញាធរ​នឹង​ផាកពិន័យ​ចំពោះ​អ្នក​បញ្ចេញ​សំរាម​ខុសពេល​វេលា ចាប់ពី​ខែក្រោយ

    អាជ្ញាធរ​នឹង​ផាកពិន័យ​ចំពោះ​អ្នក​បញ្ចេញ​សំរាម​ខុសពេល​វេលា ចាប់ពី​ខែក្រោយ

    ចាប់ពី​ខែកុម្ភៈ ឆ្នាំ ២០២២ តទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ផាកពិន័យ​ចំពោះ​អ្នក​ទាំងឡាយណា​ដែល​ទុកដាក់​សំណល់​រឹង មិនបាន​បែងចែក​ឱ្យបាន​ត្រឹមត្រូវ និង​អ្នក​បញ្ចេញ​សំរាម​ខុសពេល​វេលា​ដែល​បានកំណត់។

    ខ្លឹមសារ​ខាងលើ​ត្រូវបាន​លើកឡើង​ដោយ ឯកឧត្តម ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាក្រុង​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី ១៤ មករា។

    លោក​អភិបាលរង​រាជធានី បាន​មានប្រសាសន៍ថា សេវា​គ្រប់គ្រង​សំរាម​នឹងត្រូវ​បានធ្វើ​ឡើង​ឱ្យបាន​ល្អប្រសើរ​ជាង​មុន មុននឹង​ឈានដល់​ដំណាក់កាល​ផាកពិន័យ​ចំពោះ​អ្នក​ល្មើ​សនឹង​ការកំណត់ ទាក់ទិន​នឹង​ការ​ចោល​សំរាម។

    លោក​ក៏បាន​បន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុន​ចំនួន ៣ ដែល​ត្រូវបាន​ជ្រើសរើស​នៅក្នុង​ការដេញថ្លៃ បានចាប់ផ្ដើម​ការងារ​របស់​ពួកគេ​កាលពី​ខែកក្កដា ២០២១ ដើម្បី​ផ្ដល់​សេវា សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំណល់​រឹង​នៅ ភ្នំពេញ។ ក្រុមហ៊ុន​ទាំង ៣ នេះ រួមមាន ក្រុមហ៊ុន 800Super GAEA, ក្រុមហ៊ុន Mizuda Sanitation និង​ក្រុមហ៊ុន Cintri។

  • កូ​វីដ-១៩! កម្ពុជា រកឃើញ​អ្នក​ឆ្លង​ថ្មី ៤៥ នាក់​ទៀត ដែល​សុទ្ធតែជា​ករណី អូ​មី​ក្រុង

    កូ​វីដ-១៩! កម្ពុជា រកឃើញ​អ្នក​ឆ្លង​ថ្មី ៤៥ នាក់​ទៀត ដែល​សុទ្ធតែជា​ករណី អូ​មី​ក្រុង

    ក្នុងអំឡុង ២៤ ម៉ោង នៃ​ថ្ងៃទី ១៤ មករា ២០២២ កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​នឹង​កូ​វីដ-១៩ សរុប ៤៥ នាក់ ដែល​សុទ្ធតែជា​ករណី អូ​មី​ក្រុង។ ទន្ទឹមនឹងនេះ កម្ពុជា ក៏មាន​អ្នកជំងឺ​ជាសះស្បើយ ១៧ នាក់​ថែមទៀត និង​ពុំមាន​ករណី​ស្លាប់​នោះឡើយ។

    ក្នុងចំណោម​ករណី​ឆ្លង​ថ្មី មាន ១៦ នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ និង ២៩ នាក់ ជា​អ្នកដំណើរ​មកពី​បរទេស។

  • អ្នកមាន​ជាងគេ​បំផុត​នៅ ទ្វីបអាស៊ី បោះទុន​ ៦ ទ្រីលាន រ៉ូ​ពី ទៅក្នុង​​វិស័យ​​ថាមពល​បៃតង

    អ្នកមាន​ជាងគេ​បំផុត​នៅ ទ្វីបអាស៊ី បោះទុន​ ៦ ទ្រីលាន រ៉ូ​ពី ទៅក្នុង​​វិស័យ​​ថាមពល​បៃតង

    ក្រុមហ៊ុន Reliance Industries ប្រកាសថា នឹង​ចំណាយ ៦ ទ្រី​លាន (៦,០០០,០០០,០០០,០០០) រ៉ូ​ពី សម្រាប់​គម្រោង​ផលិត​ថាមពល​អគ្គិសនី​កកើតឡើង​វិញ នៅ​ភាគ​ខាងលិច​នៃ ប្រទេស​ឥណ្ឌា។

    មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​នៅក្នុង ទ្វីបអាស៊ី លោក Mukesh Ambani កំពុង​វិនិយោគ​យ៉ាង​សម្បើម​ទៅក្នុង​វិស័យ​ថាមពលបៃតង។ កាលពី​ថ្ងៃទី ១៣ មករា ក្រុមហ៊ុន​របស់លោក គឺ Reliance Industries បានប្រកាសថា នឹង​បោះទុន​វិនិយោគ ៦ លាន​លាន (៦ ទ្រី​លាន) រ៉ូ​ពី (ប្រហែល ៨០.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក) សម្រាប់​បណ្ដា​គម្រោង​ផលិត​ថាមពល​កកើត​ឡើងវិញ នៅក្នុង​រដ្ឋ Gujarat ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា។ Reliance រំពឹងថា គម្រោង​ទាំងនេះ​នឹង​បង្កើត​ការងារ​ថ្មី​ចំនួន ១ លាន​កន្លែង​បន្ថែមទៀត។

    ក្នុងចំណោម​ខ្ទង់​វិនិយោគ​ខាងលើ មាន​ប្រហែល ៦៧.៧ ពាន់​លាន​ដុល្លារ នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ថ្មី និង​ប្រព័ន្ធ​អ៊ីដ្រូសែន។ ក្រុមហ៊ុន Reliance មាន​គម្រោង​វិនិយោគ​សកម្ម​បំផុត​ក្នុងអំឡុងពេល​ពី ១០ ទៅ ១៥ ឆ្នាំ និង​ចាប់ផ្ដើម​ស្វែងរក​ដី​សម្រាប់​រោងចក្រ​ដែល​អាច​ផលិត​អគ្គិសនី ១០០ gigawatt។

    ក្រុមហ៊ុន​នេះ​ក៏មាន​ផែនការ​សាងសង់​រោងចក្រ​ថ្មី​សម្រាប់​ផលិត​ផ្ទាំង​សូ​ឡា បច្ចេកវិទ្យា​ថ្ម និង​ប្រភព​ថាមពល​កកើត​ឡើងវិញ​ដទៃទៀត​ផងដែរ។

    គម្រោង​វិនិយោគ​ដែល​នឹង​បង្កើត​ការងារ​ថ្មី​ចំនួន ១ លាន​កន្លែង របស់ Reliance នឹង​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​ផ្ទាល់ និង​ប្រយោល​នៅក្នុង​រដ្ឋ​ដែលជា​ស្រុកកំណើត​របស់លោក Modi។

    Reliance គឺជា​ក្រុមហ៊ុន​មួយ​ដែលមាន​មូលធន​ទីផ្សារ និង​កេរ្ដិ៍ឈ្មោះ​ល្បី​បំផុត​នៅ ឥណ្ឌា។ ក្រុមហ៊ុន​នេះ បាន​ប្រឹងប្រែង​តាំងពី​យូរ​មកហើយ នៅក្នុង​ការកាត់បន្ថយ​ការពឹង​ផ្អែកទៅលើ​អណ្ដូងប្រេង។ ថ្មីៗនេះ Reliance បាន និង​កំពុង​ចាប់ផ្ដើម​ប្ដូរ​ទិសដៅ​វិនិយោគ នៅពេល​លោក Ambani ស្វែងរក​វិធី​ដើម្បី​រុញច្រាន Reliance ឱ្យ​ក្លាយជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​សកល។

    នៅក្នុង​សេចក្ដីប្រកាស​ថ្មី​បំផុត Reliance ឱ្យដឹងថា ពួកគេ​នឹង​ប្រើប្រាស់​ខ្ទង់​វិនិយោគ​ដែល​នៅសល់ ដើម្បី​វិនិយោគ​ទៅលើ​គម្រោង​ដែលមាន​ស្រាប់ និង​គម្រោង​ថ្មី ក្នុង​រង្វង់​ពី ៣ ទៅ ៥ ឆ្នាំ​ទៀត។ ក្នុងអំឡុង​ពេលនោះ ក្រុមហ៊ុន​ក៏​នឹង​ចំណាយ ១,០០០ លាន​ដុល្លារ ដើម្បី​បន្ទាន់​សម័យ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ឡើងទៅ​ជំនា​ន់ទី ៥ ( ៥G) និង​ចំណាយ​ប្រមាណ ៤០៦ លាន​ដុល្លារ សម្រាប់​បណ្ដាញ​លក់រាយ៕

  • «Baby Shark» បទ​ចម្រៀង​ដែល​កុមារ​ស្ទើរ​គ្រប់រូប​ធ្លាប់បាន​ចូល​មើល ក្លាយជា​វីដេអូ​ដំបូង​គេ និង​តែមួយគត់​នៅលើ Youtube មាន​អ្នក​ចូល​មើល «១០,០០០,០០០,០០០ View»

    «Baby Shark» បទ​ចម្រៀង​ដែល​កុមារ​ស្ទើរ​គ្រប់រូប​ធ្លាប់បាន​ចូល​មើល ក្លាយជា​វីដេអូ​ដំបូង​គេ និង​តែមួយគត់​នៅលើ Youtube មាន​អ្នក​ចូល​មើល «១០,០០០,០០០,០០០ View»

    Baby Shark ជា​បទ​ចម្រៀង​សប្បាយរីករាយ ដែល​កុមារ​នៅ​ទូទាំង​ពិភពលោក​ចូលចិត្ត​ទស្សនា ប៉ុន្តែ ធ្វើឱ្យ​អាណាព្យាបាល «ធុញទ្រាន់» ព្រោះតែ​ត្រូវ​ស្ដាប់​ច្រើនដង​ពេក ត្រូវបាន​ទទួលស្គាល់ថា បាន​បង្កើត​កំណត់ត្រា​ដ៏​អស្ចារ្យ។

    Youtube បាន​ទទួលស្គាល់ថា Baby Shark មិន​ត្រឹមតែ​ជា​បទ​ចម្រៀង​ដែលមាន​អ្នក​ចូល​មើល​រហូតដល់ ១ ម៉ឺន​លាន​ (១០,០០០,០០០,០០០) លើក​នោះទេ ប៉ុន្តែ ក៏​ជា​វីដេអូ​តែមួយ​នៅលើ​បណ្ដាញ​សង្គម​នេះ ដែល​បង្កើត​បានកំណត់​ត្រា​អស្ចារ្យ​យ៉ាង​ដូច្នេះ។

    Baby Shark ដែលជា​ផលិតផល​របស់​យីហោ កូរ៉េខាងត្បូង Pinkfong ត្រូវបាន​បង្ហោះ​លើ Youtube កាលពី​ឆ្នាំ ២០១៦ ហើយ​ក៏បាន​ទាក់ទាញ​អ្នក​ចូល​ទស្សនា​យ៉ាងច្រើន​នៅ ទ្វីបអាស៊ី មុនពេល​ទៅដល់ ទ្វីប​អាម៉េរិក អឺរ៉ុប​និង​បណ្ដា​ប្រទេសផ្សេងៗទៀត។ល។

    វីដេអូ​ដែលមាន​លក្ខណៈសាមញ្ញ និង​សប្បាយរីករាយ​នេះ បានទទួល​ជោគជ័យ​លើសពី​ការរំពឹងទុក​របស់ Pinkfong ទៅទៀត។ ក៏ប៉ុន្តែ ការ​ស្ដាប់​ច្រើនដង​ពេក ធ្វើឱ្យ​អាណាព្យាបាល​ខ្លះ​មានការ​ធុញទ្រាន់​នឹង Baby Shark។ យ៉ាងណាក៏ដោយ បទ​ចម្រៀង​កុមារ​នេះ​នៅតែមាន​ភាព​ទាក់ទាញ​ខ្លាំង​ចំពោះ​កុមារតូច។

    Pinkfong គឺជា​ឈ្មោះ​នៃ​យីហោ​ផ្នែក​អប់រំ​កុមារ​មួយ​របស់​ក្រុមហ៊ុន SmartStudy ដែលជា​ក្រុមហ៊ុន​រកស៊ី​ក្នុង​វិស័យ​អប់រំ និង​កម្សាន្ត​របស់ កូរ៉េខាងត្បូង។ SmartStudy គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Samsung Publishing Co Ltd។ ខ្លឹមសារ​របស់ Pinkfong ផ្ដោត​សំខាន់​ទៅលើ​បទ​ចម្រៀង​សម្រាប់​កុមារ ក្នុងនោះ Baby Shark គឺជា​បទ​ចម្រៀង​ល្បីឈ្មោះ​បំផុត​របស់​ក្រុមហ៊ុន។ ឆា​ណែ​ល Youtube ផ្លូវការ​របស់ Pinkfong ក៏មាន​អ្នក​ចុះឈ្មោះ​តាមដាន​ជិត ៥៥ លាន​នាក់​ផងដែរ៕