Author: សឿន សំណាង

  • មន្ត្រី​អាម៉េរិក ថា កងទ័ពជើងគោក​រុស្ស៊ី ចូលដល់​ក្បែរ រដ្ឋធានី​កៀវ

    មន្ត្រី​អាម៉េរិក ថា កងទ័ពជើងគោក​រុស្ស៊ី ចូលដល់​ក្បែរ រដ្ឋធានី​កៀវ

    ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុមតំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក យប់​នេះ (ព្រឹក​នេះ នៅ ភ្នំពេញ) មន្ត្រី​កំពូល​របស់​រដ្ឋាភិបាល​លោក ចូ បៃ​ដិ​ន បានឱ្យដឹងថា កងទ័ព​ថ្មើរជើង​រុស្ស៊ី អាច​ផ្ដួលរំលំ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន។

    កម្លាំង​ស្រួច​រថពាសដែក​របស់ រុស្ស៊ី ដែល​បញ្ជូន​ចេញពី ប្រទេស​បេឡា​រូស កំពុង​ស្ថិតនៅ​ចម្ងាយ​ប្រហែល ៣០ គីឡូម៉ែត្រ ពី រដ្ឋធានី​កៀវ របស់ អ៊ុយ​ក្រែ​ន នេះ​បើតាម​មន្ត្រី​អាម៉េរិក។

    មន្ត្រី​អាម៉េរិក ខាងលើ បាន​និយាយ​បន្ថែមថា «ចំណែក​កម្លាំង​ស្រួច​ដែល​បញ្ជូន​ចេញពី ទឹកដី​រុស្ស៊ី កំពុង​ស្ថិតនៅ​ឆ្ងាយ»។ មន្ត្រី​រូបនេះ​សន្និដ្ឋានថា «កម្លាំង​ស្រួច​ទាំងពីរ​របស់ រុស្ស៊ី កំពុង​ឆ្ពោះ​មកកាន់ រដ្ឋធានី​កៀវ ដើម្បី​ឡោមព័ទ្ធ​ទីក្រុង​នេះ និង​អាច​ផ្ដួលរំលំ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន»។

  • អ៊ុយ​ក្រែ​ន ថា បាន​បាញ់​​ទម្លាក់​​យន្ត​ហោះ​​ចម្បាំង​​របស់​ រុស្ស៊ី នៅ​ រដ្ឋធានីកៀវ

    អ៊ុយ​ក្រែ​ន ថា បាន​បាញ់​​ទម្លាក់​​យន្ត​ហោះ​​ចម្បាំង​​របស់​ រុស្ស៊ី នៅ​ រដ្ឋធានីកៀវ

    ក្រសួងមហាផ្ទៃ​របស់ អ៊ុយ​ក្រែ​ន បានប្រកាសថា កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​នេះ បាន​បាញ់​ទម្លាក់​យន្តហោះ ១ គ្រឿង របស់ កងទ័ព​រុស្ស៊ី នៅ រដ្ឋធានី​កៀវ។

    Anton Gerahschenko ដែលជា​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ​របស់ អ៊ុយ​ក្រែ​ន បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​នៅលើ Telegram ក្នុងនោះ​មាន​ទាំង​រូបថត​ដែល​លោក​អះអាងថា ជា​អគារ ៩ ជាន់ មួយកន្លែង កំពុង​ឆាប់ឆេះ។

    វីដេអូ ១ ផ្សេងទៀត​ដែល​ត្រូវ​បង្ហោះ​លើ​បណ្ដាញ​សង្គម ក៏បាន​បង្ហាញថា មាន​ករណី​ផ្ទុះ​ធំ​មួយ​នៅលើ​អាកាស​នៃ រដ្ឋធានី​កៀវ ដែល​ទំនងជា​យន្តហោះ​ត្រូវបាន​គេ​បាញ់​ទម្លាក់។

  • អ៊ុយ​ក្រែ​ន ថា រុស្ស៊ី កំពុងបើក​ការវាយប្រហារ​សំដៅ រដ្ឋធានី​កៀវ

    អ៊ុយ​ក្រែ​ន ថា រុស្ស៊ី កំពុងបើក​ការវាយប្រហារ​សំដៅ រដ្ឋធានី​កៀវ

    មន្ត្រី​របស់ អ៊ុយ​ក្រែ​ន បានឱ្យដឹងថា កងទ័ព​រុស្ស៊ី កំពុងបើក​ការវាយលុក​ចូល រដ្ឋធានី​កៀវ របស់ ប្រទេស​នេះ ដោយ​ប្រើប្រាស់​កាំជ្រួច​កំណត់​ទិស ឬ​កាំជ្រួច​ផ្លោង។

    ការវាយប្រហារ​ទៅលើ រដ្ឋធានី​កៀវ ភាគច្រើន​ត្រូវបាន​ធ្វើឡើង​តាមផ្លូវ​អាកាស ដោយ​ប្រើប្រាស់​គ្រាប់ រ៉ុក្កែត ដូច្នេះ ទីក្រុង​កៀវ ត្រូវការ​អាវុធ​ការពារ​ដែនអាកាស​បន្ថែ​ម​ទៀត។

    ពី ប្រទេស​ជប៉ុន ឯកអគ្គរដ្ឋទូត​រប​ស់ អ៊ុយ​ក្រែ​ន បានឱ្យដឹងថា៖ «អ៊ុយ​ក្រែ​ន មាន​សមត្ថភាព​ទប់ទល់​ប្រឆាំងនឹង​ការវាយប្រហារ​ដោយ​រថក្រោះ ប៉ុន្តែ យើង​ត្រូវការ​កាំជ្រួច​បំពាក់​លើ​ស្មា Stinger និង​អាវុធ​ការពារ​ដែនអាកាសផ្សេងៗថែមទៀត ដើម្បី​ប្រឆាំងនឹង កាំជ្រួច​កំណត់​ទិស ដែល​កំពុង​ស្រោច​មកលើ​ទឹកដី»។

  • រដ្ឋធានី​កៀវ របស់ ​ប្រទេស​អ៊ុយ​ក្រែ​ន រង​កា​វាយប្រហារធំៗ នៅ​ព្រឹក​នេះ

    រដ្ឋធានី​កៀវ របស់ ​ប្រទេស​អ៊ុយ​ក្រែ​ន រង​កា​វាយប្រហារធំៗ នៅ​ព្រឹក​នេះ

    សាក្សី​បាន​ប្រាប់ថា មាន​ករណី​ផ្ទុះ​ធំ​ជាច្រើនលើក នៅក្នុង រដ្ឋធានី​កៀវ របស់ អ៊ុយ​ក្រែ​ន នៅ​ព្រឹក​ថ្ងៃទី ២៥ កុម្ភៈ​នេះ ក្រោយ​រយៈពេល ១ ថ្ងៃ ដែល រុស្ស៊ី បាន​បើក​ការឈ្លានពាន​ប្រទេស​នេះ។

    អ្នកយកព័ត៌មាន​រប​ស់ CNN នៅ រដ្ឋធានី​កៀវ បានឱ្យដឹងថា មាន​ស្នូរ​ផ្ទុះ​យ៉ាង​ធំ​ចំនួន ២ នៅ​កណ្ដាល​រដ្ឋធានី​របស់ អ៊ុយ​ក្រែ​ន និង​ស្នូរ​ផ្ទុះ​ធំ ១ ករណី​ទៀត នៅ​ខាងក្រៅ​រដ្ឋធានី។

    អគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន ប្រចាំ ប្រទេស​អូទ្រីស លោក Olexander Scherba ក៏​ឱ្យដឹងថា លោក​បានឮ​ស្នូរ​ផ្ទុះ​ធំ​ចំនួន ២ លើក នៅវេលា​ម៉ោង​ប្រហែល ៤និង២៥ នាទី (ម៉ោង ៩និង២៥ នៅ ភ្នំពេញ)។

  • ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ៖ «ខ្ញុំ​នឹង​ស្ថិតនៅក្នុង រដ្ឋធានី​កៀវ ជានិច្ច»

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ៖ «ខ្ញុំ​នឹង​ស្ថិតនៅក្នុង រដ្ឋធានី​កៀវ ជានិច្ច»

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky យល់ថា លោក​គឺជា​គោលដៅ​ចម្បង​នៅក្នុង​សង្គ្រាម​បច្ចុប្បន្ន និង​បាន​សង្កត់ធ្ងន់ថា លោក និង​គ្រួសារ​នឹងមិន​ចាកចេញ​ពី​ប្រទេស​ឡើយ។

    «សត្រូវ​ចាត់ទុក​ខ្ញុំ​ជា​គោលដៅ​ទី ១, គ្រួសារ​របស់ខ្ញុំ​គឺជា​គោលដៅ​ទី ។ សត្រូវ​ចង់​បំផ្លាញ អ៊ុយ​ក្រែ​ន ផ្នែក​នយោបាយ ដោយ​កម្ចាត់​ចោល​មេដឹកនាំ​ប្រទេស។ ខ្ញុំ​នឹង​នៅក្នុង​រដ្ឋធានី ហើយ​គ្រួសារ​របស់ខ្ញុំ​នៅតែ​ស្ថិតក្នុង ប្រទេស​អ៊ុយ​ក្រែ​ន» លោក Volodymyr Zelensky ថ្ងៃនេះ ២៥ កុម្ភៈ បានប្រកាស​ដូច្នេះ។

    រដ្ឋធានីកៀវ

    ប្រកាស​របស់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន នេះ ត្រូវបាន​ធ្វើឡើង​នៅពេល​សង្គ្រាម​កំពុង​វិ​វត្ត​ទៅមុខ ខណៈ​ព្រឹត្តិការណ៍សំខាន់ៗដែល​ទាក់ទង​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ក៏ត្រូវ​បានធ្វើ​ឡើង​ជាប​ន្ត​បន្ទាប់ រួមមាន​ដូចខាងក្រោម៖

    សហរដ្ឋ​អាម៉េរិក លើ រុស្ស៊ី និង បេឡា​រូស, អ៊ុយ​ក្រែ​ន ចេញ​បទបញ្ជា​លើកទឹកចិត្ត​ពលរដ្ឋ​ទូទាំងប្រទេស ឱ្យ​ចូលរួម​ការពារ​ទឹកដី, សហរដ្ឋ​អាម៉េរិក បញ្ជូនទាហាន ៧,០០០ នាក់​ទៀត ទៅកាន់ អឺរ៉ុប ប៉ុន្តែ មិន​ចូលរួម​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន, រុស្ស៊ី គ្រប់គ្រង​រោងចក្រ​ថាមពល​នុយ​ក្លេ​អែរ Chernobyl នៅ អ៊ុយ​ក្រែ​ន, រុស្ស៊ី បាន​បើក​ការវាយប្រហារ ២០៣ លើក ក្នុង​ថ្ងៃ​ឈ្លានពាន​ដំបូង​របស់ខ្លួន។ល។

  • ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ៖ ទាហាន​ទាំងអស់​ដែល​ការពារ​កោះ Zmiinyi បាន​បាត់​បង់ជីវិត

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ៖ ទាហាន​ទាំងអស់​ដែល​ការពារ​កោះ Zmiinyi បាន​បាត់​បង់ជីវិត

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky បានឱ្យដឹងថា ទាហាន​ទាំងអស់​ដែល​ការពារ​កោះ Zmiinyi នៅលើ​សមុទ្រ​ខ្មៅ ចម្ងាយ ៣២ គីឡូម៉ែត្រ ពី​ឆ្នេរ​ភាគ​និរតី​របស់ អ៊ុយ​ក្រែ​ន បាន​បាត់​បង់ជីវិត។

    «ទាហាន​ការពារ​ព្រំដែន​ទាំងអស់​បាន​បាត់បង់​ជីវិត​ដោយ​អង់អាច​ក្លាហាន ប៉ុន្តែ ពួកគេ​មិនបាន​ចុះចាញ់​ឡើយ។ ពួកគេ​នឹង​ទទួលបាន​ងារ​ជា​វីរបុរស​របស់ អ៊ុយ​ក្រែ​ន» លោក Zelensky ប្រកាស​ដូច្នេះ។

    មុន​នោះ កម្លាំង​ការពារ​ព្រំដែន​របស់ អ៊ុយ​ក្រែ​ន បាន​រាយការណ៍​ថា កងទ័ព​រុស្ស៊ី បាន​គ្រប់គ្រង​កោះ Zmiinyi ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​លើ​កោះ​នេះ​ត្រូវបាន​កម្ទេច ក្រោយពី​ការវាយប្រហារ​តាមផ្លូវ​អាកាស​ពី​សំណាក់ កងទ័ព​រុស្ស៊ី។ ចំណែក​ប្រព័ន្ធ​ទំនាក់ទំនង​ជាមួយ​កម្លាំង​ការពារ​ព្រំដែន​នៅទីនេះ​ក៏ត្រូវ​បាន​កាត់ផ្ដាច់។

    កោះ Zmiinyi មាន​ផ្ទៃក្រឡា​ប្រហែល ១៧ ហិកតា ជាទី​ដ៏​សំខាន់​មួយ​នៅក្នុង​ការបង្កើត​ព្រំដែន​សមុទ្រ​របស់ អ៊ុយ​ក្រែ​ន។ មនុស្ស​ប្រហែល ១០០ នាក់​រស់​នៅលើ​កោះ​នេះ ដែល​ភាគច្រើន​គឺជា​ទាហាន​របស់ អ៊ុយ​ក្រែ​ន។

  • អ៊ុយ​ក្រែ​ន ហាម​បុរស​អាយុ​ពី ១៨ ដល់ ៦០ ឆ្នាំ ចាក​ចេញពី​ប្រទេស

    អ៊ុយ​ក្រែ​ន ហាម​បុរស​អាយុ​ពី ១៨ ដល់ ៦០ ឆ្នាំ ចាក​ចេញពី​ប្រទេស

    អ៊ុយ​ក្រែ​ន បានចេញ​បញ្ជា​ឱ្យ​លើកទឹកចិត្ត និង​ស្នើ​បុរស​ដែលមាន​អាយុ​ចាប់ពី ១៨ ដល់ ៦០ ឆ្នាំ មិនត្រូវ​ចាកចេញ​ពី​ប្រទេស ក្នុងពេល រុស្ស៊ី បើក​ការឈ្លានពាន។

    បទបញ្ជា​ខាងលើ​ត្រូវបាន​ប្រធានាធិបតី Volodymyr Zelensky ចុះហត្ថលេខា​កាលពី​ចុង​ថ្ងៃទី ២៤ កុម្ភៈ ដើម្បី «ធានា​កម្លាំង​ការពារជាតិ ជួយ​ដល់​សមត្ថភាព​ក្នុងការ​ត្រៀមប្រយុទ្ធ និង​ការប្រមូល​កម្លាំងប្រដាប់អាវុធ​របស់ អ៊ុយ​ក្រែ​ន ក៏ដូចជា​កងកម្លាំង​យោធា​ផ្សេងទៀត»។

    យោងតាម​បទបញ្ជា​ដែលមាន​សុពលភាព ៩០ ថ្ងៃនេះ ទាហាន​កាតព្វកិច្ច និង​ទាហាន​បម្រុង​នៅ អ៊ុយ​ក្រែ​ន នឹង​ត្រូវបាន​ប្រមូល។

    កម្លាំង​ការពារ​ព្រំដែន​របស់ អ៊ុយ​ក្រែ​ន ឱ្យដឹងថា ពលរដ្ឋ​ដែលមាន​អាយុ​ពី ១៨ ដល់ ៦០ ឆ្នាំ ត្រូវបាន​ហាម​ចាក​ចេញពី​ប្រទេស​ក្នុងអំឡុង ៩០ ថ្ងៃ​ខាងលើ។ ប្រធានាធិបតី Zelensky មុន​នោះ​ក៏បាន​ប្រកាសថា នឹង​ផ្ដល់​អាវុធ​ដល់ ពលរដ្ឋ​អ៊ុយ​ក្រែ​ន ទាំងអស់ ដែល​ត្រូវការ។ លោក​ក៏បាន​ប្រកាស​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ រុស្ស៊ី ផងដែរ។

    ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃទី ២៤ កុម្ភៈ បានប្រកាស​បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន ក្រោម​ហេតុផល​ថា «ប្រទេស» នៅ​តំបន់​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន បានស្នើ​សុំ​ជំនួយ​យោធា។

    កងទ័ព​រុស្ស៊ី បាន​សម្រុកចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន ពី​ច្រើន​ទិស ខណៈ​កងកម្លាំង​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ក៏​បើក​ការវាយប្រហារ​សំដៅ​តំបន់​ដែល​កំពុង​គ្រប់គ្រង​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​ដណ្ដើមបាន​ទីរួមស្រុក​ចំនួន ២ នៅ Luhansk។

    អ៊ុយ​ក្រែ​ន​ប្រកាសថា មនុស្ស ១៣៧ នាក់​បាន​ស្លាប់ និង ៣១៦ នាក់ រងរ​បួង បន្ទាប់ពី រុស្ស៊ី បាន​បើក​ការវាយលុក។ ជនភៀសខ្លួន​របស់ អ៊ុយ​ក្រែ​ន កំពុងរ​ត់ទៅ​ប្រទេសជិតខាង ហើយ អាម៉េរិក ក៏បាន​ប្រកាស​ទទួលយក​ជនភៀសខ្លួន​ទាំងនោះ។

     

  • រុស្ស៊ី ប្រកាសថា យុទ្ធនាការ​យោធា​ថ្ងៃ​ដំបូង​នៅ អ៊ុយ​ក្រែ​ន ទទួលបាន​ជោគជ័យ

    រុស្ស៊ី ប្រកាសថា យុទ្ធនាការ​យោធា​ថ្ងៃ​ដំបូង​នៅ អ៊ុយ​ក្រែ​ន ទទួលបាន​ជោគជ័យ

    ក្រសួងការពារជាតិ​រុស្ស៊ី ប្រកាសថា បាន​កម្ទេច​គោលដៅ​លើដី​ចំនួន ៨៣ កន្លែង នៅ អ៊ុយ​ក្រែ​ន ក្នុងនោះ​រួមមាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា និង​យន្តហោះ​ជាច្រើន​គ្រឿង​ផងដែរ។

    ប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ២៤ កុម្ភៈ ដោយ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី ឧ​ត្ត​ម​សេនីយ៍​ទោ Igor Konashenkov។

    Igor Konashenkov បញ្ជាក់ថា ក្នុងចំណោម​នោះ មាន ព្រលានយន្តហោះ​យោធា​ចំនួន ១១ កន្លែង, ទីបញ្ជាការ​យោធា​ចំនួន ៣ កន្លែង, មូលដ្ឋាន​ទ័ពជើងទឹក ១ កន្លែង, ប្រព័ន្ធ​រ៉ា​ដា​នៃ​ប្រព័ន្ធ​ការពារ​ដែនអាកាស S-៣០០ និង Buk-M១ ចំនួន ១៨ កន្លែង។

    ក្រៅពីនេះ យន្តហោះ​ចម្បាំង Su-២៧ ២ គ្រឿង, Su-២៤ ២ គ្រឿង, ឧទ្ធម្ភាគចក្រ ១ គ្រឿង និង យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) ៤ គ្រឿង របស់​កងទ័ព​អ៊ុយ​ក្រែ​ន ក៏ត្រូវ​បាន​កម្ទេច​នៅក្នុង​ការវាយប្រហារ​ដោយ​រ៉ុក្កែត របស់ រុស្ស៊ី ក្នុង​ថ្ងៃ​ឈ្លានពាន​ដំបូង។

    ក្រោម​ការជួយ​គាំទ្រ​ពី កងទ័ព​រុស្ស៊ី កម្លាំង​ផ្ដាច់ខ្លួន Donetsk (DPR) និង Luhansk (LPR) បាន​ទម្លុះ​ស្រទាប់​ការពារ​នៅ​ជួរមុខ​របស់ អ៊ុយ​ក្រែ​ន និង​បាន​រុលចូល​ក្នុង​ទឹកដី​ប្រទេស​នេះ ពី ៦ ទៅ ៨ គីឡូម៉ែត្រ បន្ថែមទៀត គិតពី​សមរភូមិ​ក្ដៅ។

    ក៏ប៉ុន្តែ កងទ័ព​រុស្ស៊ី ក៏​ទទួលរង​ការខូចខាត​ផងដែរ​នៅក្នុង​ថ្ងៃ​ដំបូង​នៃ​ការ​លុកលុយ​របស់ខ្លួន។ យន្តហោះ​ចម្បាំង Su-២៥ ១ គ្រឿង របស់ រុស្ស៊ី បាន​ធ្លាក់​ក្នុង​ទឹកដី អ៊ុយ​ក្រែ​ន ដោយសារ​កំហុស​បច្ចេក​ទេស។ យន្តហោះ​ដឹកជញ្ជូន​សម្ភារៈ​យោធា An-២៦ ១ គ្រឿង ធ្លាក់​នៅក្នុង​ខេត្ត Voronezh ជាប់​ព្រំដែន​ជាមួយ អ៊ុយ​ក្រែ​ន បណ្ដាលឱ្យ​ក្រុម​ហោះហើរ​បាត់បង់​ជីវិត​ទាំងអស់។ រុស្ស៊ី មិនទាន់​ប្រកាស​អំពី​តួលេខ​ទាហាន​របស់ខ្លួន ដែល​បាន​ស្លាប់ ឬ​រងរបួស​ក្នុង​បេសកកម្ម​នេះ​នៅឡើយ។

  • ប្រធានាធិបតី​អ៊ុយ​ក្រែ​ន អំពាវនាវ​​ឱ្យ​​ប្រជាជន​ក្នុង​ស្រុក​ សាមគ្គីគ្នា ចូល​សមរភូមិ ក្នុង​​គ្រា​រដ្ឋធានី​កៀវ កំពុង​រង​ការវាយប្រហារដោយ​គ្រាប់​រ៉ុក្កែត

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន អំពាវនាវ​​ឱ្យ​​ប្រជាជន​ក្នុង​ស្រុក​ សាមគ្គីគ្នា ចូល​សមរភូមិ ក្នុង​​គ្រា​រដ្ឋធានី​កៀវ កំពុង​រង​ការវាយប្រហារដោយ​គ្រាប់​រ៉ុក្កែត

    ករណី​ផ្ទុះ​មួយ​បាន​លាន់​ឡើង​នៅក្នុង រដ្ឋធានី​កៀវ ប្រទេស​អ៊ុយ​ក្រែ​ន នៅវេលា​ថ្ងៃត្រង់ (ម៉ោង ១៧ ល្ងាច នៅ ភ្នំពេញ) នេះ​បើតាម Reuters។

    មុន​នោះ​ក៏មាន​ករណី​ផ្ទុះអាវុធ​ជាច្រើនលើក​ផងដែរ​នៅ​រដ្ឋធានី​របស់ អ៊ុយ​ក្រែ​ន។ ក្រុមមន្ត្រី​នៃ​ក្រសួងមហាផ្ទៃ​អ៊ុយ​ក្រែ​ន បានឱ្យដឹងថា ទីបញ្ជាការ​យោធា​នៅ​ទីក្រុង​មួយចំនួន រួមទាំង កៀវ ក៏ត្រូវ​រង​ការវាយប្រហារ​ដោយ​រ៉ុក្កែត។

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន មុននេះ បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ទូទាំងប្រទេស សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ការពារ​ទឹកដី។ លោក Zelensky ថ្លែងថា អាជ្ញាធរ​អ៊ុយ​ក្រែ​ន នឹង​ផ្ដល់​អាវុធ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ដែលមាន​បំណង​ចូល​ការពារ​ទឹកដី។

    ទន្ទឹម​នឹង​នេះ​ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ក៏បាន​អំពាវនាវ​ដល់​ប្រជាជន​នៅ ប្រទេស​រុស្ស៊ី ឱ្យចេញ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​សង្គ្រាម​ផងដែរ។

  • អ៊ុយ​ក្រែ​ន ប្រកាស​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ រុស្ស៊ី

    អ៊ុយ​ក្រែ​ន ប្រកាស​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ រុស្ស៊ី

    «យើង​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ រុស្ស៊ី» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Zelensky ថ្លែង​ដូច្នេះ នៅក្នុង​វីដេអូ​មួយ​ដែល​បាន​ផ្សាយ​កាលពីពេលថ្មីៗនេះ បន្ទាប់ពី រុស្ស៊ី បើក​ការឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។

    នេះ​គឺជា​ការផ្ដាច់​ទំនាក់ទំនង​ការទូត​ជា​លើកដំបូង​រវាង ទីក្រុង​មូ​ស្គូ និង ទីក្រុង​កៀវ រាប់​ចាប់តាំងពី សម័យ​សូ​វៀត ដូ​ល​រលំ កាលពី​ឆ្នាំ ១៩៩១។

    នៅឯ​សមរភូមិ​ឯណោះ​វិញ រុស្ស៊ី បានប្រកាស​ការពារ​ក្រុម​ផ្ដាច់ខ្លួន DPR និង LNR ដោយ​ប្រើ​គ្រាប់​រ៉ុក្កែត ហើយ​ថា កម្លាំង​របស់​ក្រុម​ផ្ដាច់ខ្លួន​បាន​ទម្លុះ​កម្លាំង​ស្រួច​របស់ អ៊ុយ​ក្រែ​ន។

    ជំនួយការ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Oleksiy Arestovych បានឱ្យដឹងថា៖ «ខ្ញុំ​បានទទួល​ដំណឹង​ថា ទាហាន​ជាង ៤០ នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់រ​ងរ​បួង។ ពលរដ្ឋ​ស៊ីវិល​អ៊ុយ​ក្រែ​ន ១០ នាក់ ក៏បាន​បាត់បង់​ជីវិត»។