Author: សឿន សំណាង

  • អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ ស្នើឱ្យ កងទ័ព​រុស្ស៊ី ដកថយ

    អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ ស្នើឱ្យ កងទ័ព​រុស្ស៊ី ដកថយ

    លោក Antonio Guterres ដែលជា​អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ (UN) បានស្នើ​ឱ្យ​ទាហាន​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន «ត្រលប់​ចូល​បន្ទាយ» ទន្ទឹមនឹង​ការអំពាវនាវ​ឱ្យ​គ្រប់ភាគី ផ្ដល់​សន្តិភាព​ជូន​ប្រទេស​នេះ។

    ប្រកាស​ខាងលើ​របស់ អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ ត្រូវបាន​លើកឡើង ក្រោយពី រុស្ស៊ី បាន​រាំងខ្ទប់​សេចក្ដីសម្រេចចិត្ត​របស់ ក្រុមប្រឹក្សា​នៃ អង្គការសហប្រជាជាតិ ដែល​គ្រោង​នឹង​ថ្កោលទោស​ចំពោះ ទង្វើ​ឈ្លានពាន​របស់​ប្រទេស​នេះ លើ ប្រទេស​អ៊ុយ​ក្រែ​ន។

    ទាក់ទង​នឹង​ការ​លុកលុយ​របស់ កងទ័ព​រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន បច្ចុប្បន្ន បណ្ដា​ប្រទេស​កំពុងតែ​បញ្ចេញ​ប្រតិកម្មរៀងៗខ្លួន។ កា​ហ្សា​ក់​ស្ថាន បាន​បដិសេធ​ការចូលរួម​ធ្វើសង្គ្រាម​ជាមួយ រុស្ស៊ី ដើម្បី​ប្រឆាំង អ៊ុយ​ក្រែ​ន ហើយក៏​មិន​ទទួលស្គាល់​ឯករាជ្យ​នៅ Donetsk និង Luhansk ដែល រុស្ស៊ី បានទទួល​ស្គាល់​មុនគេ។ ប្រទេស​កា​ហ្សា​ក់​ស្ថាន គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត​មួយ​របស់ រុស្ស៊ី។

    អគ្គលេខាធិការ​នៃ អង្គការ​ណា​តូ លោក Jens Stoltenberg ប្រកាស​កាលពី​ថ្ងៃទី ២៥ កុម្ភៈ ថា ណា​តូ (NATO) បាន​បញ្ចេញ​កម្លាំង​ប្រតិកម្ម​របស់ខ្លួន (NATO Response Force-NRF) ដែលមាន​ទាហាន ៤០,០០០ នាក់ ទៅកាន់ អឺរ៉ុប​ខាងកើត ក្បែរ ប្រទេស​រុស្ស៊ី។

    ចំណែក​បណ្ដា​ប្រទេស​ដូចជា ឆែក, ប៉ូឡូញ និង ប៊ុលហ្គារី ក៏បាន​ប្រកាស​បិទ​ដែនអាកាស ចំពោះ​ជើងហោះហើរ​នានា​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី ដើម្បី​ឆ្លើយតប​នឹង​ការឈ្លានពាន​របស់​ប្រទេស​នេះ ទៅលើ អ៊ុយ​ក្រែ​ន។

    ប្រទេស​ក្វា​តេ​ម៉ា​ឡា កាលពី​ថ្ងៃទី ២៥ កុម្ភៈ ក៏បាន​ប្រកាសថា ប្រធានាធិបតី​ប្រទេស​នេះ បានចេញ​បញ្ជា​ឱ្យ​ដក​អគ្គរដ្ឋទូត​ប្រចាំ ប្រទេស​រុស្ស៊ី មកវិញ ទន្ទឹមនឹង​ការជំទាស់​នឹង​ទង្វើ​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន។ មុន​នោះ ប្រទេស​អាម៉េរិក​កណ្ដាល​មួយ​នេះ ក៏បាន​សម្ដែង​ការគាំទ្រ​ពេញទំហឹង ចំពោះ​បូរណភាព​ទឹកដី​របស់ អ៊ុយ​ក្រែ​ន។

  • ណា​តូ (NATO) បញ្ចេញ​ទ័ព ៤ ម៉ឺន​នាក់ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ទៅកាន់ អឺរ៉ុប​ខាងកើត

    ណា​តូ (NATO) បញ្ចេញ​ទ័ព ៤ ម៉ឺន​នាក់ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ទៅកាន់ អឺរ៉ុប​ខាងកើត

    អគ្គលេខាធិការ​នៃ អង្គការ​ណា​តូ Jens Stoltenberg ប្រកាស​កាលពី​ថ្ងៃទី ២៥ កុម្ភៈ ថា ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដែល ណា​តូ បាន​បញ្ចេញ​​កម្លាំង​ប្រតិកម្ម​របស់ ណា​តូ (NATO Response Force-NRF) ដែលមាន​ទាហាន ៤០,០០០ នាក់។

    លោក Jens Stoltenberg និយាយថា យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន គឺជា «វិបត្តិ​សន្តិសុខ​ធ្ងន់ធ្ងរ​បំផុត​ដែល​យើង​ត្រូវ​ប្រឈម​នៅ អឺរ៉ុប ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​កន្លងទៅនេះ»។ កម្លាំង NRF នឹង​ត្រូវបាន​ពង្រាយ «នៅលើ​ដីគោក លើ​សមុទ្រ និង​លើ​អាកាស» នៅ អឺរ៉ុប​ខាងកើត ក្នុង​បំណង​ការពារ​ជា​លក្ខណៈ​សមូហភាព។

    អគ្គលេខាធិការ​នៃ អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ក៏បាន​បន្ថែមថា ណា​តូ នឹង​ផ្ដល់​អាវុធ និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​បន្ថែ​ម​ទៀត ដល់ អ៊ុយ​ក្រែ​ន ទៅតាម​ការស្នើ​របស់រ​ដ្ឋា​ភិ​បាល​ប្រទេស​នេះ។

    បណ្ដា​ប្រទេស​ក្នុង​សម្ព័ន្ធមិត្ត​នៅ​ភាគ​ខាងកើត​នៃ​តំបន់​ដែល​គ្រប់គ្រង​ដោយ ណា​តូ ពិតជា​មានការ​បារម្ភ​ខ្លាំង នៅពេល​ស្ថិត​នៅក្បែរ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន និង​ក្បែរ​ព្រំដែន​របស់ រុស្ស៊ី។

    «ការវាយប្រហារ​របស់ រុស្ស៊ី ទៅលើ អ៊ុយ​ក្រែ​ន មិន​ត្រឹមតែ​ជាការ​វាយប្រហារ​ទៅលើ​តែ អ៊ុយ​ក្រែ​ន មួយ​មុខ​នោះទេ ប៉ុន្តែ វា​គឺជា​ការវាយប្រហារ​ទៅលើ​សណ្ដាប់ធ្នាប់​សន្តិសុខ​នៅ ទ្វីបអឺរ៉ុប ទាំងមូល» អគ្គលេខាធិការ​នៃ អង្គការ​ណា​តូ សង្កត់ធ្ងន់​ដូច្នេះ។

    ការដែល ណា​តូ បញ្ចេញ​ទ័ព​ប្រតិកម្ម ៤ ម៉ឺន​នាក់ ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​មេដឹកនាំ​របស់​អង្គការ​នេះ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​កាលពី​ថ្ងៃទី ២៥ កុម្ភៈ ដើម្បី​ពិភាក្សា​អំពី​សន្តិសុខ​នៅ អ៊ុយ​ក្រែ​ន។ ក្នុង​កិច្ចប្រជុំ​នេះ ក៏មាន​វត្តមាន​របស់​មន្ត្រី​មកពី ប្រទេស​ស្វ៊ី​ស និង ហ្វាំ​ង​ឡង់ ដែល​មិនមែនជា​សមាជិក​របស់ ណា​តូ ផងដែរ។

    ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ ក៏បាន​ថ្លែងថា នឹង​បញ្ជូន​ទ័ព ៧,០០០ នាក់ ទៀត​ទៅកាន់ ទ្វីបអឺរ៉ុប ដើម្បី​គាំទ្រ​ដល់ ណា​តូ។

  • រុស្ស៊ី និង អ៊ុយ​ក្រែ​ន កំពុង​ពិភាក្សា​អំពី​ពេលវេលា និង​ទីតាំង​បើក​កិច្ចចរចា ក្នុង​ពេល​​ការ​ប្រយុទ្ធ​គ្នា​​នៅ​សមរ​ភូមិ​នៅ​តែ​កើត​ឡើង​

    រុស្ស៊ី និង អ៊ុយ​ក្រែ​ន កំពុង​ពិភាក្សា​អំពី​ពេលវេលា និង​ទីតាំង​បើក​កិច្ចចរចា ក្នុង​ពេល​​ការ​ប្រយុទ្ធ​គ្នា​​នៅ​សមរ​ភូមិ​នៅ​តែ​កើត​ឡើង​

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី (Zelensky) និង​សម​ភាគី​រុស្ស៊ី លោក ពូ​ទីន ត្រូវបាន​គេ​ជឿ កំពុង​ជជែក​គ្នា​អំពី​ទីតាំង និង​ពេលវេលា​សម្រាប់​បើក​កិច្ចចរចា ក្នុង​បំណង​ដោះស្រាយ​វិបត្តិ​បច្ចុប្បន្ន។

    ក៏ប៉ុន្តែ ទន្ទឹមនឹង​ការជជែក​ខាងលើ កងទ័ព​ភាគី​ទាំងពីរ នៅតែ​ប្រយុទ្ធ​គ្នា​ក្នុង​សមរភូមិ ហើយ រុស្ស៊ី អាច​នឹង​ចូល​កាន់កាប់ រដ្ឋធានី​កៀវ របស់ អ៊ុយ​ក្រែ​ន នៅថ្ងៃនេះ។ នេះ​បើតាម​ការព្រមាន​របស់​មេដឹកនាំ​នៃ ប្រទេស​អ៊ុយ​ក្រែ​ន។ យ៉ាងនេះ​ក្ដី លោក ហ្សេ​ឡែ​ន​ស្គី បញ្ជាក់ថា អ៊ុយ​ក្រែ​ន ជិត​ទទួលបាន​ជំនួយ​ពី​បរទេស ក្នុងនោះ​មាន សហរដ្ឋ​អាម៉េរិក ជាដើម។

    នៅឯ​សមរភូមិ កងទ័ព​អ៊ុយ​ក្រែ​ន បាន​កម្ទេច​ស្ពាន​ចំនួន ២ កន្លែង ដែលជា​ផ្លូវ​ចូលមក​កាន់​រដ្ឋធានី ដែល​នេះ​ទំនងជា​យុទ្ធសាស្ត្រ​ថ្មី ជួយ​ឱ្យ អ៊ុយ​ក្រែ​ន អាច​ការពារ​រដ្ឋធានី ពី​ការ​លុកលុយ​របស់ រុស្ស៊ី។ ទី​ប្រសព្វ​គ្នា​ចំនួន ២ របស់​វិថី នៅ​ជាយ​ភាគ​ខាងជើង និង​ខាងលិច​របស់​រដ្ឋធានី ត្រូវបាន​បំផ្លាញ ដើម្បី​បង្អាក់ដំណើរ​សម្រុកចូល​របស់ កងកម្លាំង​រុស្ស៊ី។ នេះ​បើតាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​អាម៉េរិក New York Times។

  • អាម៉េរិក ចង់​ចំណាយ ៦.៤ ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន

    អាម៉េរិក ចង់​ចំណាយ ៦.៤ ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន

    សេត​វិមាន កាលពី​ថ្ងៃទី ២៥ កុម្ភៈ បានស្នើ​ឱ្យ​សភា អនុម័ត​ខ្ទង់​ថវិកា​ជំនួយ ៦.៤ ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​នៅ អ៊ុយ​ក្រែ​ន បន្ទាប់ពី រុស្ស៊ី បើក​ការឈ្លានពាន​ប្រទេស​នេះ។

    នៅក្នុង​ខ្ទង់​ជំនួយ​ខាងលើ ២.៩ ពាន់​លាន​ដុល្លារ នឹងត្រូវ​បានផ្ដល់​ជា​ជំនួយ​ផ្នែក​មនុស្សធម៌ និង ៣.៥ ពាន់​លាន​ដុល្លារ​សម្រាប់​ក្រសួងការពារជាតិ នេះ​បើតាម​សារព័ត៌មាន Reuters ដកស្រង់​សម្ដី​របស់​មន្ត្រី​រដ្ឋាភិបាល​អាម៉េរិក។

    មន្ត្រី​មកពី​ការិយាល័យ​គ្រប់គ្រង និង​ថវិកា​សេត​វិមាន បាន​និយាយថា៖ «ក្នុងការ​ពិភាក្សាថ្មីៗនេះ​ជាមួយ​ក្រុម​អ្នកតាក់តែង​ច្បាប់ រដ្ឋាភិបាល​បានកំណត់​ថា ត្រូវការ​ផ្ដល់ជំនួយ​ម​នុស្ស​ធម៌ សន្តិសុខ និង​សេដ្ឋកិច្ច បន្ថែមទៀត ដល់ អ៊ុយ​ក្រែ​ន ក៏ដូចជា​ដៃគូ​សហការ​នៅ អឺរ៉ុប​កណ្ដាល»។

    ទាក់ទង​នឹង​បញ្ហា​ជំនួយ​ខាងលើ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Zelensky កាលពី​ព្រលប់​ថ្ងៃទី ២៥ កុម្ភៈ ក៏​ឱ្យដឹង​ដែរ​ថា លោក​បាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​ប្រទេស​មួយចំនួន ដូចជា អាម៉េរិក, អាល្លឺម៉ង់, បារាំង, ហូ​ឡង់ ជាដើម និង​បាន​មូលមតិ​គ្នា​ថា អ៊ុយ​ក្រែ​ន នឹង​ទទួលបាន «ជំនួយ​ច្រើនជាង​មុន»។

  • ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ព្រមាន​អំពី «រាត្រី​លំបាក​បំផុត» ចំពោះ​រដ្ឋធានី

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ព្រមាន​អំពី «រាត្រី​លំបាក​បំផុត» ចំពោះ​រដ្ឋធានី

    លោក Zelensky ព្រមាន​ថា រុស្ស៊ី នឹង​ប្រើប្រាស់​កម្លាំង​សរុប​នៅក្នុង​យប់​នេះ និង​អំពាវនាវ​ឱ្យមាន​តស៊ូ​ប្រកបដោយ​ភាពរឹងមាំ។

    «យប់​នេះ​នឹង​ជាយ​ប់​លំបាក​បំផុត។ សត្រូវ​នឹង​ប្រើប្រាស់​កម្លាំង​សរុប។ យើង​ត្រូវតែ​ឈរ​ឱ្យ​នឹង។ យប់​នេះ​នឹងមាន​ការលំបាក​ខ្លាំង ប៉ុន្តែ អរុណរះ​នឹង​មកដល់» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky ថ្លែង​កាលពី​ព្រលប់​ថ្ងៃទី ២៥ កុម្ភៈ ពី រដ្ឋធានី​កៀវ។

    លោក Zelensky ឱ្យដឹងថា ទីក្រុង​ជាច្រើន​របស់ អ៊ុយ​ក្រែ​ន កំពុង​រង​ការវាយប្រហារ ដូចជា Chernihiv, Sumy, Kharkov ហើយ​លោក​ក៏បាន​អំពាវនាវ​ឱ្យមាន​ការយកចិត្តទុកដាក់​ជាពិសេស​ទៅលើ ទីក្រុង​កៀវ។ លោក​ថា កងទ័ព​រុស្ស៊ី កំពុង​សម្រុកចូល​កៀក​រដ្ឋធានី ពី​ទិស​ខាងជើង និង​ខាងកើត។

    លោក Zelensky ក៏​ឱ្យដឹង​ដែរ​ថា លោក​បាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​ប្រទេស​មួយចំនួន ដូចជា អាម៉េរិក, អាល្លឺម៉ង់, បារាំង, ហូ​ឡង់ ជាដើម និង​បាន​មូលមតិ​គ្នា​ថា អ៊ុយ​ក្រែ​ន នឹង​ទទួលបាន «ជំនួយ​ច្រើនជាង​មុន»។

    «ខ្ញុំ​សូម​អរគុណ​ដល់​មេដឹកនាំ​នានា ពិសេស​គឺ ប្រធានាធិបតី​អាម៉េរិក បៃ​ដិ​ន» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ថ្លែង​ដូច្នេះ។

    ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន កាលពី​ថ្ងៃទី ២៤ កុម្ភៈ បាន​បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន ដើម្បី «បំបាត់​ការពង្រីក​កម្លាំងយោធា​នៅ អ៊ុយ​ក្រែ​ន» ព្រោះ​តែមាន​អារម្មណ៍​ថា មិនមាន​សុវត្ថិភាព​នៅ​ចំពោះមុខ «ការគំរាមកំហែង​ជាប្រចាំ ពី សំណាក់ អ៊ុយ​ក្រែ​ន»។

    ក្រោយ​ការប្រកាស​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន លោក ពូ​ទីន និង ប្រទេស​រុស្ស៊ី ក៏​ចាប់ផ្ដើម​ទទួលរង​ការដាក់ទណ្ឌកម្ម​ពី​លោកខាងលិច ក៏ដូចជា​មហា​អំ​ណាយ​មួយចំនួន​ក្នុង​ពិភពលោក។

  • កងទ័ព​រុស្ស៊ី សម្រុកចូល រដ្ឋធានី​កៀវ របស់​ អ៊ុយក្រែន ពី ២ ទិស

    កងទ័ព​រុស្ស៊ី សម្រុកចូល រដ្ឋធានី​កៀវ របស់​ អ៊ុយក្រែន ពី ២ ទិស

    កងទ័ព​អ៊ុយ​ក្រែ​ន បានឱ្យដឹងថា កងទ័ព​រុស្ស៊ី កំពុង​សម្រុកចូល ទីក្រុង​កៀវ ពី​ទិស​ខាងជើង និង​ទិសឦសាន ធ្វើឱ្យមាន​ការបារម្ភ​កាន់តែខ្លាំង​ថា រដ្ឋធានី អាច​ធ្លាក់​ទៅក្នុង​ដៃ ទ័ព​រុស្ស៊ី។

    យោងតាម អ៊ុយ​ក្រែ​ន កងទ័ព​របស់ រុស្ស៊ី កំពុង​ព្យាយាម​ឆ្លងកាត់​ទីក្រុង Chernigiv នៅ​ភាគ​ខាងជើង ជាទី​ដែល​ពួកគេ​ត្រូវបាន​រារាំង​ដោយ កងទ័ព​អ៊ុយ​ក្រែ​ន ដើម្បី​សម្រុកចូល​រដ្ឋធានី។

    ទន្ទឹមនឹងនេះ កងទ័ព​រុស្ស៊ី ក៏​កំពុង​សម្រុក​ចូលកាន់រ​ដ្ឋ​ធានី​របស់ អ៊ុយ​ក្រែ​ន ពី​ទីក្រុង Konotop ពី​ទិសខាងកើត​នៃ ក្រុង​កៀវ ផងដែរ។

     

  • ទ័ព​រុស្ស៊ី សម្រុកចូល​រដ្ឋធានី មន្ត្រី​អ៊ុយ​ក្រែ​ន អំពាវនាវ​ឱ្យ រុស្ស៊ី ចូល​តុ​ចរចា

    ទ័ព​រុស្ស៊ី សម្រុកចូល​រដ្ឋធានី មន្ត្រី​អ៊ុយ​ក្រែ​ន អំពាវនាវ​ឱ្យ រុស្ស៊ី ចូល​តុ​ចរចា

    ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​អំពាវនាវ​ឱ្យមាន​កិច្ចចរចា​ជាមួយ មូ​ស្គូ បើសិនជា​អាច នៅក្នុង​ស្ថានការណ៍​ដែល​កងទ័ព​រុស្ស៊ី កំពុង​សម្រុកចូល រដ្ឋធានី​របស់ អ៊ុយ​ក្រែ​ន។

    «យើង​ចង់បាន​សន្តិភាព។ គួរតែមាន​កិច្ចចរចា បើសិនជា​អាច។ បើសិន ទីក្រុង​មូ​ស្គូ យល់ព្រម​ចរចា រួមទាំង​បញ្ហា​ដែល​ស្នើឱ្យ អ៊ុយ​ក្រែ​ន នៅ​ជា​អព្យាក្រឹត​ជាមួយ ណា​តូ យើង​នឹងចូលរួម» លោក Mykhailo Podolyak ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ថ្លែង​ដូច្នេះ។

    លោក Mykhailo Podolyak បន្ថែមថា៖ «ការត្រៀម​ជាស្រេច​ដើម្បី​ចរចា​គឺជា​ផ្នែក​មួយ​នៅក្នុង​ការស្វែងរក​សន្តិ​ភាព​យូរអង្វែង​របស់​យើង»

  • អ៊ុយ​ក្រែ​ន ចោទថា រុស្ស៊ី បង្កើន​ទ័ព​នៅ បេឡា​រូស

    អ៊ុយ​ក្រែ​ន ចោទថា រុស្ស៊ី បង្កើន​ទ័ព​នៅ បេឡា​រូស

    អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​ន បានឱ្យដឹងថា រុស្ស៊ី កំពុង​ប្រើប្រាស់​ព្រលានយន្តហោះ Gomel នៅ ប្រទេស​បេឡា​រូស ដើម្បី​បញ្ជូន​ទ័ព​មក​វាយប្រហារ​លើ រដ្ឋធានី​កៀវ។

    មូលហេតុ​ដែល រុស្ស៊ី ប្រើប្រាស់​ព្រលានយន្តហោះ Gomel នៅ បេឡា​រូស នេះ គឺ​ដោយសារ​ព្រលានយន្តហោះ​យោធា Antonov នៅ​តំបន់ Gostomel ជាយក្រុង​កៀវ របស់ អ៊ុយ​ក្រែ​ន បាន​រង​ខូចខាត​ធ្ងន់ធ្ងរ។

    «ដើម្បី​គំរាមកំហែង​ប្រជាជន​អ៊ុយ​ក្រែ​ន សត្រូវ​កំពុងតែ​ជ្រើសរើស​វិធី​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្ទះសំបែង​របស់​ប្រជាជន​ស៊ីវិល» អគ្គបញ្ជាការដ្ឋាន​នៃ​កងទ័ព​ជាតិ​អ៊ុយ​ក្រែ​ន បានប្រកាស​ដូច្នេះ​នៅលើ Facebook។

    ទីតាំង​នៃ​ព្រលានយន្តហោះ Gomel នៅ បេឡារូស
  • ប្រជាជន​នៅ បស្ចិម​លោក ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​ការឈ្លានពាន​របស់ រុស្ស៊ី មកលើ អ៊ុយ​ក្រែ​ន

    ប្រជាជន​នៅ បស្ចិម​លោក ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​ការឈ្លានពាន​របស់ រុស្ស៊ី មកលើ អ៊ុយ​ក្រែ​ន

    ប្រជាជន​នៅក្នុង​បណ្ដា​ប្រទេស​លោកខាងលិច ដូចជា អង់គ្លេស បារាំង និង សហរដ្ឋ​អាម៉េរិក នាំគ្នា​ចេញ​ធ្វើបាតុកម្ម​ប្រឆាំង បន្ទាប់ពី រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធា លុកលុយ ប្រទេស​អ៊ុយ​ក្រែ​ន។

    បាតុកម្មនៅ​ អូស្ត្រាលី នាថ្ងៃនេះ

    ប្រធានាធិបតី ពូ​ទីន កាលពី​ថ្ងៃទី ២៤ កុម្ភៈ បានប្រកាស​បញ្ជូន​ទ័ព​ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន ដោយ​យល់ថា រុស្ស៊ី មិនមាន​អារម្មណ៍​សុវត្ថិភាព មិនអាច​រីកចម្រើន ឬ​មានជីវិត នៅ​ចំពោះមុខ​ការគំរាមកំហែង​ជា​ច្រ​ចាំ​ពី អ៊ុយ​ក្រែ​ន។

    បាតុកម្មនៅ​ រុស្ស៊ី កាល​ពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២

    ក្រោយ​ការប្រកាស​របស់លោក ពូ​ទីន ប្រជាជន​នៅក្នុង​ប្រទេស​ជាច្រើន នៅ​បស្ចិម​លោក និង​នៅ អាស៊ី ដូចជា ជប៉ុន និង រុស្ស៊ី ជាដើម បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​សង្គ្រាម។

    បាតុកម្មនៅ​ លីទុយអានី (២៤ កុម្ភៈ)

    នៅ រុស្ស៊ី បាតុកម្ម​ប្រឆាំង​ការឈ្លានពាន​របស់ រុស្ស៊ី ទៅលើ អ៊ុយ​ក្រែ​ន ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ២៤ កុម្ភៈ ប៉ុន្តែ ត្រូវ​ប្រឈមមុខ​ជាមួយ​ក្រុម​ប៉ុ​លិ​ស។ រុស្ស៊ី ហាម​ធ្វើបាតុកម្ម​ដោយ​ចិត្ត​ឯង​ក្នុង​ទ្រង់ទ្រាយ​ធំ អ្នករំលោភ​ច្បាប់​នេះ​អាច​ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ។ Washington Post ដកស្រង់​ប្រភពព័ត៌មាន​ពី អង្គការសិទ្ធិមនុស្ស OVD-Info ឱ្យដឹងថា មនុស្ស​ជាង ១,៧០០ នាក់ នៅក្នុង​ទីក្រុង​យ៉ាងតិច ៤៧ នៅ រុស្ស៊ី ត្រូវបាន​ចាប់ខ្លួន។

    បាតុកម្មនៅ សហរដ្ឋ​អាម៉េរិក (២៤ កុម្ភៈ)

    ក្រុម​ប្រទេស​បស្ចិម​លោក ក្នុងនោះ​មាន អាម៉េរិក ជាដើម បាន​រិះគន់ថា រុស្ស៊ី វាយប្រហារ​លើ អ៊ុយ​ក្រែ​ន ដោយ​មិន​សម​ហេតុផល។ ក៏ប៉ុន្តែ សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត​ណា​តូ អះអាងថា មិន​ចូលរួម​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន នោះឡើយ។

    បាតុកម្ម​នៅ អូទ្រីស (២៤ កុម្ភៈ)
    បាតុកម្ម​នៅ បារាំង (២៤ កុម្ភៈ)
    បាតុកម្ម​នៅ អេស្ប៉ាញ (២៤ កុម្ភៈ)
    បាតុករ​ជា​ជនជាតិ​អ៊ុយក្រែន នៅ ប្រទេស​ស៊ីលី (២៤ កុម្ភៈ)
    ឯកអគ្គរដ្ឋទូតបារាំង (ឆ្វេង), ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ (ស្ដាំ), ឯកអគ្គរដ្ឋទូតរងអ៊ុយក្រែន (កណ្ដាល) នៅ អ៊ីតាលី ចេញគាំទ្រ អ៊ុយក្រែន កាលពីម្សិលមិញ
  • រុស្ស៊ី នឹង​បញ្ជូនទាហាន​ឆត្រយោង​ទៅកាន់​រោងចក្រ​ថាមពល​នុយ​ក្លេ​អែរ របស់ អ៊ុយ​ក្រែ​ន

    រុស្ស៊ី នឹង​បញ្ជូនទាហាន​ឆត្រយោង​ទៅកាន់​រោងចក្រ​ថាមពល​នុយ​ក្លេ​អែរ របស់ អ៊ុយ​ក្រែ​ន

    ក្នុង​គ្រា​ដែលមាន​ការប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាងជើង​នៃ​រដ្ឋធានី​កៀវ មុននេះ រុស្ស៊ី បានប្រកាសថា នឹង​បញ្ជូន​ទ័ព​ទៅ​ការពារ​រោងចក្រ​ថាមពល​នុយ​ក្លេ​អែរ Chernobyl។

    អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី ថ្ងៃនេះ បានប្រកាសថា រុស្ស៊ី នឹង​បញ្ជូន​ទ័ព​ឆត្រយោង​ទៅកាន់​តំបន់​ភាគ​ខាងជើង​អ៊ុយ​ក្រែ​ន ដើម្បី​ការពារ​រោងចក្រ​ថា​ល​ពល​នុយ​ក្លេ​អែរ Chernobyl ដែល​ពួកគេ​ដណ្ដើមបាន។ មន្ត្រី​រូបនេះ​បន្ថែមថា សារធាតុ​វិទ្យា​សកម្ម​នៅទីនេះ ស្ថិតក្នុង​កម្រិត​ធម្មតា។

    អ្នកយកព័ត៌មាន​រប​ស់ AFP ប្រចាំ រដ្ឋធានី​កៀវ បាន​រាយការណ៍​ថា មាន​សំឡេង​ផ្ទុះ និង​ការប្រយុទ្ធ​គ្នា​នៅក្នុង​ខណ្ឌ Obolonsky ស្ថិតក្នុង​ភាគ​ខាងជើង​របស់ រដ្ឋធានី​កៀវ ក្នុងពេលដែល​ប្រជាជន​នាំគ្នារ​ត់ទៅ​លាក់ខ្លួន។ ពេលនេះ កងទ័ព​អ៊ុយ​ក្រែ​ន កំពុងស្ថិត​នៅក្បែរ​រប​ង​រដ្ឋធានី។