Author: សឿន សំណាង

  • ប្រធានាធិបតី​រុស្ស៊ី ថា បើ​ចង់បាន​សន្តិភាព​នៅ អ៊ុយ​ក្រែ​ន ត្រូវតែ​បំពេញ​លក្ខខណ្ឌ​ចំនួន ៣

    ប្រធានាធិបតី​រុស្ស៊ី ថា បើ​ចង់បាន​សន្តិភាព​នៅ អ៊ុយ​ក្រែ​ន ត្រូវតែ​បំពេញ​លក្ខខណ្ឌ​ចំនួន ៣

    នៅពេល​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​បារាំង កាលពី​ថ្ងៃទី ២៨ កុម្ភៈ មេដឹកនាំ​របស់ រុស្ស៊ី បានលើកឡើង​នូវ​លក្ខខណ្ឌ​ចំនួន ៣ ដែល អ៊ុយ​ក្រែ​ន ត្រូវតែ​ធ្វើតាម បើសិន​ចង់បាន​សន្តិភាព។

    ក្រោយ​ជំនួប​តាម​ទូរស័ព្ទ រវាង ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន និង ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង កាលពី​ថ្ងៃទី ២៨ កុម្ភៈ វិមាន​ក្រឹម​ឡាំង ប្រកាសថា លោក ពូ​ទីន និយាយថា រុស្ស៊ី «ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការចរចា​ជាមួយ​តំណាង​របស់ អ៊ុយ​ក្រែ​ន»។

    ប៉ុន្តែ លោក ពូ​ទីន បញ្ជាក់ថា ដំណោះស្រាយ​សន្តិភាព​នឹង​អាច​ទទួលយកបាន លុះត្រាតែ «ផលប្រយោជន៍​ផ្នែក​សន្តិសុខ​ស្របច្បាប់​របស់ រុស្ស៊ី ត្រូវបាន​រាប់បញ្ចូល​ដោយ​មិនមាន​លក្ខខណ្ឌ» ក្នុងនោះ​មាន​ទាំង «ការទទួលស្គាល់​អធិប​តេ​យ្យ​ភាព​របស់ រុស្ស៊ី ចំពោះ​ឧបទ្វីប Crimea, សម្រេច​ភារកិច្ច​មិន​ពង្រីក​ទ័ព និង ការផ្ដាច់​ហ្វា​ស៊ី​ស​និយម ពី ប្រទេស​អ៊ុយ​ក្រែ​ន ក៏ដូចជា​ធានា​នូវ​ស្ថានភាព​អព្យាក្រឹត​របស់ ទីក្រុង​កៀវ»។

    ផែនទី​ឧបទ្វីប​ Crimea

    វិមាន​អេ​លី​សេ (Elysee) របស់ បារាំង ក៏​បានចេញ​សេចក្ដីប្រកាស ក្រោយពី​ជំនួប​ជាមួយ​មេដឹកនាំ​របស់ រុស្ស៊ី ថា លោក​ប្រធានាធិបតី ម៉ា​ក្រុង «រំលឹក​ឡើងវិញ​អំពី​សំណើ​របស់​សហគមន៍​អន្តរជាតិ» ដែលថា រុស្ស៊ី ត្រូវ​បញ្ចប់​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន និង​អំពាវនាវ​ឱ្យ​ឈប់​បាញ់​ជាបន្ទាន់។

    លោក ម៉ា​ក្រុង ក៏បាន​លើកសំណើ​មួយចំនួន ក្នុងនោះ ជាពិសេស រុស្ស៊ី ត្រូវតែ​គោរព​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​ដែនដី​នៅ អ៊ុយ​ក្រែ​ន។ លោក​ក៏​អំពាវនាវ​ឱ្យ «បញ្ឈប់​រាល់​សកម្មភាព​វាយប្រហារ​តាម​អាកាស និង​ការបាញ់​សំដៅ​ប្រជាជន​ស៊ីវិល» រួម​នឹង «ការរក្សា​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល» និង «ធ្វើឱ្យមាន​សន្តិសុខ​ដល់​បណ្ដា​ផ្លូវសំខាន់» រួមទាំង​ផ្លូវ​នៅ​ភាគខាងត្បូង​នៃ ក្រុង​កៀវ ផងដែរ។

  • ជីវភាព​ក្នុង​បន្ទប់​លាក់ខ្លួន​ក្រោម​ដី​របស់ ប្រជាជន​អ៊ុយ​ក្រែ​ន ពេល កងទ័ព​រុស្ស៊ី ចូល​ឈ្លានពាន

    ជីវភាព​ក្នុង​បន្ទប់​លាក់ខ្លួន​ក្រោម​ដី​របស់ ប្រជាជន​អ៊ុយ​ក្រែ​ន ពេល កងទ័ព​រុស្ស៊ី ចូល​ឈ្លានពាន

    រាល់​សកម្មភាព​នៃ​ការរស់នៅ តាំងពី​ការហូបចុក ដេក​ពួន និង​ការព្យាបាល​ជំងឺ​របស់ ប្រជាជន​អ៊ុយ​ក្រែ​ន ត្រូវបាន​ធ្វើឡើង​នៅក្នុង​បន្ទប់​លាក់ខ្លួន​ក្រោម​ដី ក្នុង​គ្រា​ដែលមាន​សំឡេង​ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន​អំពី​ការវាយប្រហារ​តាម​អាកាស។

    ប្រជា​ការពារ​ស្ម័គ្រចិត្ត​របស់ អ៊ុយ​ក្រែ​ន កំពុង​ឈាន​ជើង​ចុះ​មកកាន់​បន្ទប់​លាក់ខ្លួន​ក្រោម​ដី​កាលពី​ថ្ងៃទី ២៨ កុម្ភៈ នៅពេល​សំឡេង​ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន​អំពី​លទ្ធភាព​នៃ​ការកើតមាន​ការប្រយុទ្ធ​គ្នា​ក្នុង​តំបន់​មួយ​របស់ រដ្ឋធានី​កៀវ ជាទី​ដែល​ក្រុម​ស្ម័គ្រចិត្ត និង​ទាហាន​អ៊ុយ​ក្រែ​ន កំពុង​ត្រៀម​រួចរាល់​ដើម្បី​ប្រយុទ្ធ។

    Nastya អាយុ ២៤ ឆ្នាំ ជា​អ្នកស្ម័គ្រចិត្ត​ម្នាក់ កំពុង​ជក់បារី​នៅ​ខាងក្រោម​ច្រកចូល​របស់​បន្ទប់​លាក់ខ្លួន​ក្រោម​ដី នៅក្នុង​មូលដ្ឋាន​មួយ នា រដ្ឋធានី​កៀវ កាលពី​ថ្ងៃទី ២៨ កុម្ភៈ។ ក្រុម​អ្នកស្ម័គ្រចិត្ត​នេះ​ត្រូវបាន​បណ្ដុះបណ្ដាល​ផ្នែក​យោធា​នៅ​មូលដ្ឋានទ័ព និង​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចូល​សមរភូមិ។

    ស្ត្រី​ជនជាតិ​អ៊ុយ​ក្រែ​ន កំពុង​រៀបចំ​អាហារ​សម្រាប់​កងកម្លាំង​ប្រជាជន​ស្ម័គ្រចិត្ត នៅក្នុង​បន្ទប់​លាក់ខ្លួន​ក្រោម​ដី។

    ប្រជាជន​នៅ Sievierodonetsk ខេត្ត Luhansk ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន នាំគ្នា​ចុះ​លាក់ខ្លួន​ក្នុង​បន្ទប់ក្រោមដី ក្នុង​គ្រា កងទ័ព​រុស្ស៊ី និង​ទាហាន​របស់​ក្រុម​ផ្ដាច់ខ្លួន​ដែល​គាំទ្រ​ដោយ រុស្ស៊ី កំពុង​ផ្លោង​គ្រាប់​យ៉ាង​ខ្លាំងក្លា​មកលើ​តំបន់​នេះ កាលពី​ថ្ងៃទី ២៨ កុម្ភៈ។

    ខាងក្នុង​បន្ទប់​លាក់ខ្លួន​ក្រោម​ដី​របស់​ប្រជាជន​នៅ Sievierodonetsk ក្នុង​ខេត្ត Luhansk ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន។

    ក្មេងៗ ត្រូវបាន​ព្យាបាល​ជំងឺ និង​របួស នៅ​បន្ទប់ក្រោមដី​របស់​មន្ទី​រ​ពេទ្យ​មួយ ជាទី​ដែល​ត្រូវបាន​ប្រើ​ប្រាប់​សម្រាប់​លាក់ខ្លួន និង​គេច​ពី​គ្រាប់បែក នៅ រដ្ឋធានី​កៀវ។

    កុមារ​មាន​ជំងឺមហារីក កំពុង​អង្គុយ​និយាយ​គ្នា​លេង​នៅក្នុង​បន្ទប់ក្រោមដី​មួយ​របស់​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺមហារីក នៅ រដ្ឋធានី​កៀវ។

    នៅឯ Ternopil ទីក្រុង​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន បន្ទប់​ដាក់​ផ្នូរខ្មោច​ក្រោម​ដី​របស់​វិហារ​សាសនា​មួយ ដែលជា​ស្ថាបត្យកម្ម​ពី​សតវត្សរ៍​ទី ១៨ បច្ចុប្បន្ន​បានក្លាយ​ជា​ជម្រក​លាក់ខ្លួន​សម្រាប់​ប្រជាជន នៅពេល​មានការ​បាញ់​គ្នា​រវាង ទាហាន​រុស្ស៊ី និង ទាហាន​អ៊ុយ​ក្រែ​ន។

    Ternopil ស្ថិតនៅ​ចម្ងាយ​ពី Lviv ប្រហែល ១២៨ គីឡូម៉ែត្រ ទៅ​ទិសខាងកើត និង​ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន-ប៉ូឡូញ ដែលមាន​ចម្ងាយ​ពី​សមរភូមិ​ក្ដៅ​រាប់រយ​គីឡូម៉ែត្រ ប៉ុន្តែ ក៏​នៅតែ​ស្ថិតក្នុង​រង្វង់​ប្រតិបត្តិការ​នៃ មី​ស៊ី​ល របស់ រុស្ស៊ី។

    ស្ត្រី​ម្នាក់​កំពុង​សូត្រធម៌​នៅក្នុង​បន្ទប់​លាក់ខ្លួន​ក្រោម​ដី នៅ Ternopil ដែលជា​ទីក្រុង​មួយ​នៅ​ភាគ​ខាងលិច​របស់ អ៊ុយ​ក្រែ​ន។

    ក្នុងពេល​លាក់ខ្លួន​ក្នុង​បន្ទប់ក្រោមដី ប្រជាជន​ភាគច្រើន​ផ្ញើ​សារ​ជជែក​ជាមួយ​មិត្តភក្ដិ និង​ញាតិ​របស់​ពួកគេ ឬ​អាន​សៀវភៅ និង​សូត្រធម៌​ជាដើម៕

  • អ៊ុយ​ក្រែ​ន ស្នើឱ្យ​បង្កើត​តំបន់​ហាម​ហោះហើរ​ទាំងស្រុង​ចំពោះ រុស្ស៊ី

    អ៊ុយ​ក្រែ​ន ស្នើឱ្យ​បង្កើត​តំបន់​ហាម​ហោះហើរ​ទាំងស្រុង​ចំពោះ រុស្ស៊ី

    អ៊ុយ​ក្រែ​ន បាន​អំពាវនាវ​ឱ្យមាន «ការបិទ​ទាំងស្រុង​នូវ​ដែនអាកាស ចំពោះ​មី​ស៊ី​ល យន្តហោះ និង​ឧទ្ធម្ភាគចក្រ​របស់ រុស្ស៊ី» នោះ​បើតាម Ukrinform។

    «យើង​ត្រូវការ​ពិនិត្យ​លទ្ធភាព​នៃ​ការបង្កើត​តំបន់​ហាម​ហោះហើរ​ទាំងស្រុង​ចំពោះ មី​ស៊ី​ល យន្តហោះ និង​ឧទ្ធម្ភាគចក្រ​របស់ រុស្ស៊ី» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ថ្លែង​ដូច្នេះ។

    សហរដ្ឋ​អាម៉េរិក បាន​ដកចេញ​នូវ​លទ្ធភាព​នៃ​ការបញ្ជូន​ទ័ព​ទៅកាន់ អ៊ុយ​ក្រែ​ន ដើម្បី​តតាំង​នឹង កងទ័ព​រុស្ស៊ី។ ក្រុមមន្ត្រី​អាម៉េរិក ក៏មាន​ការបារម្ភ​អំពី​ភាព​តានតឹង​រវាង អាម៉េរិក និង រុស្ស៊ី ដែលជា​មហា​អំ​ណាយ​នុយ​ក្លេ​អែរ ធំជាងគេ​បំផុត​ក្នុង​ពិភពលោក។

    ​ទីប្រឹក្សា​ផ្នែក​សារព័ត៌មាន​របស់ សេតវិមាន​ លោកស្រី Jen Psaki បាន​ថ្លែងថា ការបង្កើត​តំបន់​ហាម​ហោះហើរ​នៅ អ៊ុយ​ក្រែ​ន ទាមទារ​ឱ្យ អាម៉េរិក បញ្ជូន​ទ័ព​ទៅ​អនុវត្ត ប៉ុន្តែ ប្រការនេះ​អាចជា​ការប្រយុទ្ធ​ផ្ទាល់ ហើយ​អាចមាន​ហានិភ័យ​ក្លាយជា​សង្គ្រាម​ធំ​រវាង រុស្ស៊ី និង អាម៉េរិក។ ប្រការនេះ​គឺជា​រឿង​ដែល អាម៉េរិក មិនមាន​ផែនការ​ចូលរួម​នោះទេ។

    ប៉ុន្មាន​ថ្ងៃ​មកនេះ សហភាព​អឺរ៉ុប បាន​ហាម​ការហោះហើរ​នៅលើ​ដែនអាកាស​របស់​ពួកគេ ចំពោះ​យន្តហោះ​របស់ រុស្ស៊ី ក្រោយពី​ប្រទេស​នេះ បាន​ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន។ សហភាព​អឺរ៉ុប ក៏​ហាម​បណ្ដា​ក្រុមហ៊ុន​របស់ EU ផ្គត់ផ្គង់​យន្តហោះ​ស៊ីវិល និង​គ្រឿងបន្លាស់​ដល់ សហព័ន្ធរុស្ស៊ី ផងដែរ។

    ឆ្លើយតប​នឹង EU អាជ្ញាធរ​រុស្ស៊ី បាន​កាត់បន្ថយ​សកម្ម​ភាព​របស់​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រទេស​ចំនួន ៣៦ ដែល​ហោះហើ​ក្នុង​ទឹកដី រុស្ស៊ី។

  • ៨ ប្រទេស​ក្នុង​សហភាព​អឺរ៉ុប ស្នើឱ្យ​ផ្ដល់​ឋានៈ​ជា​បេក្ខភាព​សមាជិក​ដល់ អ៊ុយ​ក្រែ​ន

    ៨ ប្រទេស​ក្នុង​សហភាព​អឺរ៉ុប ស្នើឱ្យ​ផ្ដល់​ឋានៈ​ជា​បេក្ខភាព​សមាជិក​ដល់ អ៊ុយ​ក្រែ​ន

    ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ចំនួន ៨ នៃ សហភាព​អឺរ៉ុប (EU) ក្នុងនោះ​ក៏មាន សាធារណរដ្ឋ​ឆែក ផងដែរ កាលពី​ម្សិលមិញ បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​របស់ EU ផ្ដល់​ឋានៈ​ជា​បេក្ខភាព​សមាជិក​ដល់ ប្រទេស​អ៊ុយ​ក្រែ​ន ជាបន្ទាន់ និង​ចាប់ផ្ដើម​កិច្ចចរចា​ជំហាន​បន្ទាន់។

    នៅក្នុង​លិខិត​រួមមួយ មេដឹកនាំ​របស់​ប្រទេស​ចំនួន ៨ រួមមាន ប៊ុលហ្គារី ឆែក អេ​ស្តូ​នី លេ​ទុយ​អា​នី ប៉ូឡូញ ស្លូ​វ៉ា​គី និង ស្លូ​វេ​នី បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​របស់ សហភាព​អឺរ៉ុប បង្ហាញ​ការគាំទ្រ​ផ្នែក​នយោបាយ​ចំពោះ អ៊ុយ​ក្រែ​ន និង​អនុញ្ញាតឱ្យ​ប្រទេស​ជា​សមាជិក អនុវត្ត​ជំហាន​បន្ទាប់​ដើម្បី​ប្រគល់​ឋានៈ​ជា​បេក្ខភាព​ដល់ អ៊ុយ​ក្រែ​ន ជាបន្ទាន់ ហើយ​ចាប់ផ្ដើម​ដំណាក់កាល​ចរចា​នៅក្នុង​ការដាក់បញ្ចូល អ៊ុយ​ក្រែ​ន ទៅក្នុង​សម្ព័ន្ធភាព​នេះ។

    មុន​នោះ ក្នុង​ថ្ងៃ​ដដែល ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី បានស្នើ​ឱ្យ EU ធ្វើការ​ទទួលយក អ៊ុយ​ក្រែ​ន ជាបន្ទាន់ តាមរយៈ​លិខិតស្នើ​សុំចូល​ជា​សមាជិក​របស់ EU។ លោក ហ្សេ​ឡែ​ន​ស្គី យល់ថា «អ៊ុយ​ក្រែ​ន ស័ក្ដិសម ហើយ​ប្រការ​នោះ​ពិតជា​អាច​កើតឡើង»។

    នាយករដ្ឋមន្ត្រី​របស់ ប្រទេស​ឆែក Petr Fiala បាន​គាំទ្រ​ការស្នើសុំ​របស់ អ៊ុយ​ក្រែ​ន ប៉ុន្តែ នោះ​គ្រាន់តែ​ជា​ម្ចាស់ឆ្នោត​មួយ​ប៉ុណ្ណោះ​នៅក្នុង សហភាព​អឺរ៉ុប។ ក្រុម​អ្នកជំនាញ​យល់ថា អ៊ុយ​ក្រែ​ន មិនទាន់មាន​លក្ខណៈ​គ្រប់គ្រាន់​ដែល​អាចឆ្លើយតប​នឹង​លក្ខខណ្ឌ​របស់ EU ក្នុងនោះ​មាន​ទាំង​អំពើពុករលួយ​ជាដើម។

  • ក្បួន​រថយន្តយោធា​ប្រវែង​ប្រហែល​ ៦៤ គីឡូម៉ែត្រ របស់ រុស្ស៊ី កំពុង​ចូលមក​កៀក​រដ្ឋធានី​របស់ អ៊ុយ​ក្រែ​ន

    ក្បួន​រថយន្តយោធា​ប្រវែង​ប្រហែល​ ៦៤ គីឡូម៉ែត្រ របស់ រុស្ស៊ី កំពុង​ចូលមក​កៀក​រដ្ឋធានី​របស់ អ៊ុយ​ក្រែ​ន

    រូបភាព​ពី​ផ្កាយរណប​បង្ហាញថា ក្បួន​រថយន្តយោធា​រុស្ស៊ី បន្ត​ប​ន្ទុ​យ​គ្នា​ប្រវែង​ប្រហែល ៦៤ គីឡូម៉ែត្រ កំពុង​ចូលមក​ជិត រដ្ឋធានី​កៀវ វែង​ជាង ២ ដង ធៀប​នឹង​ប្រវែង​នៅក្នុង​រូប​ដែល​ថត​បាន​មុន​នោះ។

    Maxar Technologies កាលពី​ចុង​ថ្ងៃទី ២៨ កុម្ភៈ បាន​បង្ហោះ​រូបថត​ពី​ផ្កាយរណប​បង្ហាញថា ក្បួន​រថយន្តយោធា​រុស្ស៊ី ដែល​រួមមាន រថពាសដែក រថក្រោះ កាំភ្លើង​ធំ រួម​នឹង​សម្ភារៈ​យោធាផ្សេងៗ បាន​ចល័ត​មកដល់​ជាយក្រុង​កៀវ របស់ អ៊ុយ​ក្រែ​ន។

    Maxar ឱ្យដឹងថា រូបភាព​ពី​ផ្កាយរណប​ដែល​ពួកគេ​ថត​បាន​នាពេលថ្មីៗបំផុត​នេះ បង្ហាញថា ក្បួន​រថយន្តយោធា​រុស្ស៊ី បន្តកន្ទុយ​គ្នា​ប្រវែង ៦៤ គីឡូម៉ែត្រ ក្នុងនោះ ក្បាល​របស់​វា​ស្ថិតនៅ​មូលដ្ឋាន​ទ័ពអាកាស Antonov ដែលមាន​ចម្ងាយ​ប្រហែល ២៧ គីឡូម៉ែត្រ ពី រដ្ឋធានី​កៀវ ខណៈដែល​កន្ទុយ​របស់​វា​នៅឯ​ភាគ​ខាងជើង​នៃ​តំបន់ Pribyrsk។

    Maxar ក៏បាន​មើលឃើញ​ផ្សែង​បាញ់​ចេញពីផ្ទះ និង​អគារ​ជាច្រើន​នៅ​ភាគ​ខាងជើង និង​ភាគ​ពាយព្យ​របស់ Ivankiv ដែល​ស្ថិត​នៅក្បែរ​ដងផ្លូវ​នានា​ដែល​ក្បួនទ័ព​រុស្ស៊ី កំពុង​ឆ្លងកាត់។ ប៉ុន្តែ មិនទាន់​ដឹង​អំពី​មូល​ហេតុដែល​នាំឱ្យមាន​ផ្សែង​ទាំងនោះ​នៅឡើយ។

    អង្គភាព​ទ័ពជើងគោក​មួយចំនួន រួម​នឹង​បណ្ដា​ឧទ្ធម្ភាគចក្រ​វាយប្រហារ ក៏​បង្ហាញខ្លួន​នៅឯ​ភាគខាងត្បូង​នៃ ប្រទេស​បេឡា​រូស ចម្ងាយ​ពី​ព្រំដែន​អ៊ុយ​ក្រែ​ន មិន​ដល់ ៣២ គីឡូម៉ែត្រ។

    CNN ដកស្រង់​សម្ដី​របស់​ក្រុមមន្ត្រី​សេត​វិមាន ឱ្យដឹងថា ពួកគេ​កំពុង​តាមដាន​ស្ថានការណ៍​យ៉ាង​យកចិត្តទុកដាក់ និង​មានការ​ព្រួយបារម្ភ​អំពី​ការកើនឡើង​នៃ​អំពើហិង្សា ក៏ដូចជា​ការខាតបង់​អាយុជីវិត​ប្រជាជន​ស៊ីវិល​ផងដែរ។

  • អ៊ុយ​ក្រែ​ន អនុញ្ញាតឱ្យ​អ្នកទោស​ចូលរួម​ប្រយុទ្ធ ដើម្បី​លុបលាង​ទោស

    អ៊ុយ​ក្រែ​ន អនុញ្ញាតឱ្យ​អ្នកទោស​ចូលរួម​ប្រយុទ្ធ ដើម្បី​លុបលាង​ទោស

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី បានឱ្យដឹងថា អ្នកទោស​ដែលមាន​ជំនាញ​ផ្នែក​យោធា​នឹង​ត្រូវបាន​លើកលែងទោស បើសិនជា​យល់ព្រម​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការឈ្លានពាន​របស់ រុស្ស៊ី។

    «ជនជាតិ​អ៊ុយ​ក្រែ​ន ដែលមាន​បទពិសោធន៍​ក្នុងការ​ប្រយុទ្ធ​នឹងត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ ហើយ​អាច​លុបលាង​ទោស​របស់ខ្លួន​នៅឯ​សមរភូមិ​ដែល​ក្ដៅ​បំផុត។ ប្រការ​ដែល​សំខាន់បំផុត​នៅពេលនេះ​គឺ​ការការពារ»។ លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី បាន​ថ្លែង​កាលពី​ថ្ងៃទី ២៨ កុម្ភៈ​ដូច្នេះ។

    លោក ហ្សេ​ឡែ​ន​ស្គី ថា នេះ​គឺជា​ការសម្រេចចិត្ត​ដ៏​លំបាក បើ​និយាយ​អំពី​សីលធម៌ ប៉ុន្តែ អ្វីដែល​ចាំបាច់​នាបច្ចុប្បន្ន នោះ​គឺ​ការការពារ អ៊ុយ​ក្រែ​ន។ លោក​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ទាំងអស់ «លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​ប្រទេសជាតិ»។

    សមរភូមិ​ក្ដៅ​នៅ​ អ៊ុយក្រែន

    «ពេលនេះ យើងម្នាក់ៗគឺជា​ទាហាន។ ហើយ​ខ្ញុំ​ជឿជាក់ថា យើង​នឹង​ដណ្ដើមបាន​ជ័យជំនះ» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន អះអាង​បន្ថែម។

    ជាង​នេះ លោក ហ្សេ​ឡែ​ន​ស្គី ក៏បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​លើកលែង​ទិដ្ឋាការ​ទាំងអស់ សម្រាប់​ជនបរទេស​​ទាំង​ឡាយ​ណា​​ដែលមាន​បំណង​ចូលរួម​ជាមួយ «អង្គភាព​ការពារ​អន្តរជាតិ» ដែល​ទើប​ត្រូវបាន អ៊ុយ​ក្រែ​ន បង្កើតឡើង ដើម្បី​ប្រយុទ្ធ​តតាំង​ប្រឆាំង រុស្ស៊ី។ បទបញ្ជា​នេះ​មាន​សុពលភាព​ចាប់ពី​ថ្ងៃទី ១ មីនា និង​អូសបន្លាយ​រហូតដល់​ពេល អ៊ុយ​ក្រែ​ន បញ្ចប់​ការអនុវត្ត​ច្បាប់អាជ្ញាសឹក។

    អ៊ុយក្រែន ថា ទាហានរុស្ស៊ី ជាង ៥,០០០ នាក់ បានស្លាប់

    ប្រកាស​ទាំងឡាយ​ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅពេល​កម្លាំង​ទ័ព​របស់ រុស្ស៊ី កំពុង​បង្កើន​ការឡោមព័ទ្ធ​បណ្ដា​ទីក្រុងធំៗរបស់ អ៊ុយ​ក្រែ​ន និង​ចូល​ក្បែរ រដ្ឋធានី​កៀវ ខណៈ​កិច្ចចរចា​លើកដំបូង​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន ត្រូវបាន​បញ្ចប់​ដោយ​មានការ​សន្យាថា នឹង​បន្ត​ការចរចា គ្រា​ដែល អ៊ុយ​ក្រែ​ន ថា ទាហាន​រុស្ស៊ី ជាង ៥,០០០ នាក់ បាន​ស្លាប់ និង រថក្រោះ​ជិត ២០០ គ្រឿង, យន្តហោះ​ចម្បាំង ២៩ គ្រឿង, ឧទ្ធម្ភាគចក្រ​ជិត ៣០ គ្រឿង រួម​នឹង​រថពាសដែក​ជាង ៨០០ គ្រឿង របស់ កងទ័ព​រុស្ស៊ី ត្រូវបាន​កម្ទេច​នៅ​សមរភូមិ។

  • ប្រាក់​រូ​ប្ល (ruble) របស់ រុស្ស៊ី ធ្លាក់​ថ្លៃ​មិន​ធ្លាប់មាន រដ្ឋាភិបាល​ដំឡើង​ការប្រាក់​ឡើងដល់ ២០%

    ប្រាក់​រូ​ប្ល (ruble) របស់ រុស្ស៊ី ធ្លាក់​ថ្លៃ​មិន​ធ្លាប់មាន រដ្ឋាភិបាល​ដំឡើង​ការប្រាក់​ឡើងដល់ ២០%

    រូបិយវត្ថុ​ក្នុងស្រុក​របស់ រុស្ស៊ី មានពេលខ្លះ​ធ្លាក់​ថ្លៃ ៤០% ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក កាលពី​ព្រឹក​នេះ ក្រោយពី អាម៉េរិក និង អឺរ៉ុប កាត​ផ្ដាច់​ធនាគារធំៗរបស់ រុស្ស៊ី ចេញពី​បណ្ដាញ SWIFT។

    ក្នុងការ​ជួញដូរ​ព្រឹក​មិញ ប្រាក់​រូ​ប្ល​រុស្ស៊ី មានពេលខ្លះ​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ១១៧.៧៥ រូ​ប្ល សម្រាប់​ប្ដូរ​យក ១ ដុល្លារ​អាម៉េរិក ថយចុះ ៤០% ពី ៨៣.៧៥ រូ​ប្ល​រុស្ស៊ី កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន នេះ​បើតាម​ទិន្នន័យ​របស់ Bloomberg។

    មូលហេតុ​នៃ​ការធ្លាក់​ថ្លៃ​នេះ​គឺ​ដោយសារ សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប រួម​នឹង កាណាដា កាលពី​សប្ដាហ៍​កន្លង បាន​យល់​ស្របគ្នា​ក្នុងការ​កាត់​ធនាគារធំៗមួយចំនួន​របស់ រុស្ស៊ី ចេញពី SWIFT (Society of Worldwide Interbank Financial Telecommunication) ដែលជា​បណ្ដាញ​ទូរគមនាគមន៍​ហិរញ្ញវត្ថុ នៃ​ធនាគារ​ទូទាំង​ពិភពលោក។ ប្រព័ន្ធ SWIFT នេះ​មាន​ស្ដង់ដារ​តែមួយ ដែលមាន​សុវត្ថិភាព​ខ្ពស់បំផុត​នៅក្នុង​ការផ្ទេរ និង​ទទួល​ប្រាក់​ពី​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​ជាង ១១,០០០ ក្រុមហ៊ុន នៅក្នុង​ប្រទេស និង​ដែនដី​ជាង ២០០ របស់​ពិភពលោក។

    ដើម្បី​ប៉ះប៉ូវ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការធ្លាក់​ថ្លៃ​របស់ ប្រាក់​រូ​ប្ល​រុស្ស៊ី ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក រួម​នឹង​បញ្ហា​អតិផរណា ធនាគារជាតិ​រុស្ស៊ី បាន​ដំឡើង​ការប្រាក់​មូលដ្ឋាន​ពី ៩.៥% ឡើងដល់ ២០% ក្នុង​គ្រា​តម្លៃ​ប្រា​ក់រូ​ប្ល​រុស្ស៊ី ធ្លាក់​ថ្លៃ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន​ពីមុនមក។

    ចំណែក​តម្លៃ​ប្រេង​បាន​កើនឡើង​កាលពី​ព្រឹក​នេះ ក្នុង​គ្រា​ដែល​អ្នកវិនិយោគ​មានការ​បារម្ភ​អំពី​ប្រភព​ផ្គត់ផ្គង់ ព្រោះតែ​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន។ តម្លៃ​ប្រេង Brent ឡើងដល់ ១០៥ ដុល្លារ​អាម៉េរិក/ធុង​បារ៉ែល នៅពេល​ចាប់ផ្ដើម​ការជួញដូរ ដែល​តួលេខ​នេះ​ខ្ពស់ជាង​ប្រហែល ៧ ដុល្លារ បើ​ធៀប​នឹង​សប្ដាហ៍​កន្លង៕

  • រុស្ស៊ី ប្រកាសថា ខ្លួន​វាយយក​បាន​ទីក្រុង​ចំនួន ២ និង​មានប្រៀប​ជាង អ៊ុយ​ក្រែ​ន នៅលើ​ផ្ទៃ​អាកាស

    រុស្ស៊ី ប្រកាសថា ខ្លួន​វាយយក​បាន​ទីក្រុង​ចំនួន ២ និង​មានប្រៀប​ជាង អ៊ុយ​ក្រែ​ន នៅលើ​ផ្ទៃ​អាកាស

    ក្រសួងការពារជាតិ​រុស្ស៊ី បានប្រកាសថា កងទ័ព​រុស្ស៊ី បច្ចុប្បន្ន​វាយយក​បាន​ទីក្រុង Berdyansk និង Enerhodar ព្រមទាំង​មានប្រៀប​ជាង កងទ័ព​អ៊ុយ​ក្រែ​ន នៅលើ​អាកាស។

    ព័ត៌មាន​ខាងលើ​គឺជា​ប្រកាស​នា​ថ្ងៃនេះ​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី Igor Konashenkov។ អ្នកនាំពាក្យ​នេះ​ក៏បាន​និយាយថា ពួកគេ​បាន​គ្រប់គ្រង​តំបន់​ជុំវិញ​រោងចក្រ​ថាមពល​នុយ​ក្លេ​អែរ Zaporizhzhya ប៉ុន្តែ ភាគី​ខាង​អ៊ុយ​ក្រែ​ន ភ្លាមនោះ​ក៏បាន​បដិសេធ។

    រុស្ស៊ី ថែមទាំង​ប្រកាសថា ប្រជាជន​ក្នុង រដ្ឋធានី​កៀវ អាច​ចាក​ចេញពី​ទីក្រុង​ដោយ​សេរី។ ប៉ុន្តែ ក្រសួងមហាផ្ទៃ​របស់ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៧ កុម្ភៈ រាយការណ៍​ថា ប្រជាជន​ប្រមាណ ៣៥២ នាក់ បាន​ស្លាប់ ក្នុងនោះ​មាន​កុមារ ១៤ នាក់ និង​មនុស្ស​ជាង ១,៦៨0 នាក់ បាន​រងរបួស ក្នុងនោះ​មាន​ក្មេង​ចំនួន ១១៦ នាក់ ក្រោយពី រុស្ស៊ី បាន​បញ្ឆេះ​សង្គ្រាម។

    ទាហានរុស្ស៊ី នៅ​រោង​ចក្រ​ថាមពល​នុយក្លេអែរ Chernomyl ក្នុងតំបន់ Pripyat កាលពីថ្ងៃទី ២៦ កុម្ភៈ

    សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត បានដាក់​ទណ្ឌកម្ម​លើ រុស្ស៊ី និង​កំពុង​ញាប់ដៃ ញាប់ជើង ក្នុងការ​ផ្ដល់​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន។ កាលពី​ថ្ងៃទី ២៦ កុម្ភៈ បស្ចិម​លោក​បានសម្រេច​កាត់ផ្ដាច់​ធនា​ការធំៗមួយចំនួន​របស់ រុស្ស៊ី ចេញពី​ប្រព័ន្ធ​ទូរគមនាគមន៍​ហិរញ្ញវត្ថុ​នៃ​ធានា​គារ​ទូទាំង​សកលលោក (SWIFT) ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ។

    រុស្ស៊ី ឈ្លានពាន​ អ៊ុយក្រែន ពី​ច្រើន​ទិស

    ថ្ងៃនេះ គណៈប្រតិភូ​របស់ អ៊ុយ​ក្រែ​ន បានធ្វើ​ដំណើរ​ទៅដល់ ប្រទេស​បេឡា​រូស ដើម្បី​ចាប់ផ្ដើម​កិច្ចចរចា​ជាមួយ ភាគី​រុស្ស៊ី។ តំណាង​របស់ រុស្ស៊ី និយាយថា រាល់​ការព្រមព្រៀង​គឺ​សុទ្ធតែ​ត្រូវ​ផ្អែកលើ​ផលប្រយោជន៍​របស់​ប្រទេស​ទាំងពីរ។

  • បស្ចិម​លោក កំពុង​ «ដុត​ដៃ ដុត​ជើង» ​ផ្ដល់​អាវុធ​ដល់ អ៊ុយ​ក្រែ​ន ដើម្បី​ប្រឆាំង​ការឈ្លានពាន​របស់ រុស្ស៊ី

    បស្ចិម​លោក កំពុង​ «ដុត​ដៃ ដុត​ជើង» ​ផ្ដល់​អាវុធ​ដល់ អ៊ុយ​ក្រែ​ន ដើម្បី​ប្រឆាំង​ការឈ្លានពាន​របស់ រុស្ស៊ី

    ក្រោយ​មានការ​រិះគន់​ច្រើន​ថា «បោះបង់» អ៊ុយ​ក្រែ​ន ប្រទេស​ជាច្រើន​នៅ​លោកខាងលិច បាននាំគ្នា​ផ្ដល់ជំនួយ​ជា​អាវុធ​ដល់ រដ្ឋធានី​កៀវ ជា​បន្តបន្ទាប់ ក្នុង​គ្រា​ដែល រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ជិត​បើក​កិច្ចចរចា។

    ប្រធាន​គណៈកម្មការ​អឺរ៉ុប Ursula von der Leyen កាលពី​ថ្ងៃទី ២៧ កុម្ភៈ ប្រកាសថា សហភាព​អឺរ៉ុប (EU) បានសម្រេច​ថា​នឹង​ចំណាយ ៥០០ លាន​ដុល្លារ ដើម្បីឱ្យ​សមាជិក​ទាំងឡាយ ទិញ និង​ប្រគល់​អាវុធ​ដល់ អ៊ុយ​ក្រែ​ន។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល EU បានសម្រេច​ដូច្នេះ​នៅក្នុង​ប្រវត្តិសាស្ត្រ។

    តំណាង​ជាន់ខ្ពស់​ផ្នែក​គោលនយោបាយ​ការបរទេស និង​សន្តិសុខ​របស់ EU លោក Josep Borrell ក៏បាន​ឱ្យដឹងថា សហភាព​អឺរ៉ុប នឹង​បញ្ជូន​យន្តហោះ​ចម្បាំង​ឱ្យទៅ កងទ័ព​អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​នឹង កងទ័ព​ឈ្លានពាន​រុស្ស៊ី។

    ដា​ណឺ​ម៉ាក និង ស្វ៊ី​ស ប្រកាសថា នឹង​ផ្ដល់​អាវុធ​ប្រឆាំង​រថក្រោះ ជិត ៨,០០០ ដើម រួម​នឹង​សម្ភារៈ​យោធា​ជាច្រើន​ទៀត ដល់ អ៊ុយ​ក្រែ​ន។ ការផ្ដល់​ជំនួយ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី អាល្លឺម៉ង់ កាលពី​ដើមខែ​នេះ​ត្រូវបាន​រិះគន់ថា បានផ្ដល់​ជំនួយ​ជា​មួក​ដែក​ប្រហែល​តែ ៥,០០០ ដល់ អ៊ុយ​ក្រែ​ន ធ្វើឱ្យ Vitali Klitschko ដែលជា​អភិបាលរដ្ឋ​ធានី​កៀវ «មិនអាច​ចេញ​ស្ដី​បាន»។

    ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​នោះ នៅពេល​មានការ​ប្រឹងប្រែង​ផ្នែក​ការទូត បារាំង អាល្លឺម៉ង់ និង​ប្រទេស​ជាច្រើន​នៅ​បស្ចិម​លោក នៅតែមាន​ការរារែក​ក្នុងការ​បញ្ជូន​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន ព្រោះ​ខ្លាច​ធ្វើឱ្យ វិមាន​ក្រឹម​ឡាំង កាន់តែ​ក្ដៅក្រហាយ។

    ក៏ប៉ុន្តែ ក្រោយពី​លោក ពូ​ទីន បានប្រកាស​សង្គ្រាម គ្រប់យ៉ាង​ក៏បាន​ប្ដូរផ្លាស់។ កាលពី​ថ្ងៃទី ២៦ កុម្ភៈ អាល្លឺម៉ង់ និយាយថា នឹង​ផ្ដល់​អាវុធ​ប្រឆាំង​រថក្រោះ​ចំនួន ១,០០០ ដើម និង មី​ស៊ី​ល ស្ពាយ​លើ​ស្មា ៥០០ ដើម ដល់ អ៊ុយ​ក្រែ​ន។ បារាំង ក៏​កំពុងផ្ដល់​អាវុធ​ការពារ​បន្ថែមទៀត ដល់ ទីក្រុង​កៀវ។

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ហ្សេ​ឡែ​ន​ស្គី ថ្លែងថា ប្រទេស​ជា​ដៃគូ កំពុង​បញ្ជូន​អាវុធ​មកឱ្យ អ៊ុយ​ក្រែ​ន ដើម្បី​ប្រឆាំងនឹង​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី។ «អាវុធ និង​សម្ភារៈ​យោធា​ពី​បណ្ដា​ដៃ​ជា​គូ​សហការ កំពុងធ្វើដំណើរ​មកកាន់ អ៊ុយ​ក្រែ​ន។ សម្ព័ន្ធមិត្ត​ប្រឆាំង​សង្គ្រាម​កំពុងដំណើរការ»។

    បែលហ្ស៊ិក ក្រោយមក​ក៏បាន​ប្រកាស​ជញ្ជូន​កាំភ្លើងយន្ត ២,០០០ ដើម និង​ឥន្ធនៈ ៣,៨០០ តោន ដល់​កងទ័ព​អ៊ុយ​ក្រែ​ន។ ចំណែក ហូ​ឡង់ ក៏បានផ្ដល់​កាំភ្លើង​បាញ់រះ និង​មួក​ដែក ខណៈដែល មី​ស៊ី​ល​ស្ពាយ​លើ​ស្មា Stinger នឹងត្រូវ​បានប្រគល់​ក្នុង​ពេកឆាប់ៗនេះ។

    សាធារណរដ្ឋ​ឆែក ក៏​ផ្ដល់​កាំភ្លើងខ្លី ៣០,០០០ ដើម, កាំភ្លើង​វែង ៣,០០០ ដើម, កាំភ្លើងយន្ត ៣,០០០ ដើម រួម​នឹង​កាំភ្លើង​បាញ់រះ​រាប់សិប​ដើម និង​គ្រាប់កាំភ្លើង​ប្រហែល ១ លាន​ប្រអប់​ផងដែរ ដល់ អ៊ុយ​ក្រែ​ន។

    អាម៉េរិក កំពុងផ្ដល់​សម្ភារៈ​យោធា​ដែលមាន​តម្លៃ ៣៥០ លាន​ដុល្លារ ដល់ ទីក្រុង​កៀវ ខណៈដែល អង់គ្លេស ថា បាន​ត្រៀម​ជាស្រេច​ដើម្បី​ផ្ដល់ជំនួយ​យោធា​បន្ថែម​ដល់ អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​អាវុធ​ធុន​ធ្ងន់​ទៀតផង។