Author: សឿន សំណាង

  • ត្រូវបាន​ទ័ព​រុស្ស៊ី ឡោមព័ទ្ធ ទីក្រុង​របស់ អ៊ុយ​ក្រែ​ន សុំ​ជំនួយ

    ត្រូវបាន​ទ័ព​រុស្ស៊ី ឡោមព័ទ្ធ ទីក្រុង​របស់ អ៊ុយ​ក្រែ​ន សុំ​ជំនួយ

    អភិបាលក្រុង Mariupol អំពាវនាវ​សុំ​ជំនួយ និង​បើក​ច្រក​សម្រាប់​សកម្មភាព​មនុ​ស្ស​ធម៌ នៅពេល​ទីក្រុង​នេះ​កំពុង​ដាច់​ភ្លើង ទឹក និង​ស្បៀង ដោយសារ​ត្រូវ កងទ័ព​រុស្ស៊ី ឡោមព័ទ្ធ។

    Vadym Boychenko ដែលជា​អភិបាលក្រុង Mariupol នៅ​ភាគ​អាគ្នេយ៍​របស់ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ៤ មីនា បាន​អំពាវនាវ​សុំ​ជំនួយ​យោធា និង​ការបង្កើត​ច្រក​ទទួល​ជំនួយ​មនុស្សធម៌ នឹង​ជម្លៀស​មនុស្ស​មួយចំនួន​ក្នុងចំណោម​ប្រជាជន ៤០០,០០០ នាក់ ទៅរក​ទី​សុវត្ថិភាព បន្ទាប់ពី​ត្រូវ​ជាប់​ក្នុងការ​ឡោមព័ទ្ធ និង​ការវាយប្រហារ​អស់​រយៈពេល ៥ ថ្ងៃ ពី​ភាគី កងទ័ព​រុស្ស៊ី។

    «យើង​កំពុង​ត្រូវបាន​គេ​ប្រល័យ» Boychenko បាន​ថ្លែង​ដូច្នេះ​នៅលើ​កញ្ចក់​ទូរទស្សន៍ ដោយ​ចោទថា កម្លាំង​របស់ រុស្ស៊ី បាន​បាញ់​គ្រាប់​ប្លោង​មកលើ​ទីប្រជុំជន និង​មន្ទីរពេទ្យ។ «ពួកគេ​ចង់​លុបបំបាត់ Mariupol និង​ប្រជាជន​នៅក្នុង​ក្រុង»។

    មេបញ្ជាការរង​ម្នាក់​នៃ​អង្គភាព Azov របស់​កងទ័ព​ការពារជាតិ​អ៊ុយ​ក្រែ​ន ឱ្យដឹងថា កងទ័ព​អ៊ុយ​ក្រែ​ន កំពុង​រក្សាបាន​ជំហរ​នៅ​ចំពោះ​មុខការ​វាយ​សម្រុក​របស់ កងទ័ព​រុស្ស៊ី មកលើ​ក្រុង Mariupol ប៉ុន្តែ ត្រូវការ​ជំនួយ​ច្រើន។

    រុស្ស៊ី និង អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ៣ មីនា បាន​យល់ព្រម​បើក​ឱ្យមាន​ច្រក​សុវត្ថិភាព​សម្រាប់​ជំនួយ​មនុស្សធម៌ ដើម្បី​ផ្ដល់ឱកាស​ឱ្យ​ប្រជាជន​ភៀសខ្លួន ដែល​នេះ​គឺជា​លទ្ធផល​ជាក់ស្ដែង​ដំបូង បន្ទាប់ពី​ការចរចា ២លើក។

  • ពិធី​​បញ្ចុះ​បឋម​សិលា​​ការដ្ឋាន​​សាង​សង់​​លំនៅ​ឋាន​​បុស្បា

    ពិធី​​បញ្ចុះ​បឋម​សិលា​​ការដ្ឋាន​​សាង​សង់​​លំនៅ​ឋាន​​បុស្បា

    កាលពី​ថ្ងៃទី ១៩ កុ​ម្ភះ ឆ្នាំ ២០២២ មាន​ព្រឹត្តិការណ៍​ដ៏​រំភើប​និង​ជា​ពិធី​សិរី​សួស្តី​មួយ​បានកើត​ឡើង ដែលជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​នៃ​ការចាប់ផ្តើម​ឈានចូល​ប្រឡូក​លើ​វិស័យ​អចលនទ្រព្យ​ដែល​កំពុងមាន​សន្ទុះ​យ៉ាង​គួរអោយកត់សំគាល់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

    ក្រុមហ៊ុន​បុស្បា អ៊ិន​វេស​ម៉ិ​ន បាន​ប្រារព្ធ​រៀបចំឡើង​នូវ ពិធី​សិរី​សួស្តី​មង្គល​គឺ “ពិធី​បញ្ចុះបឋមសិលា​ការដ្ឋាន​សាងសង់​គម្រោង​លំនៅឋានបុស្បា” ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​ថ្មី សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ពី​សំណាក់​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​និង​ភ្ញៀវកិត្តិយស​ជាច្រើន រួមទាំង​ក្រុមការងារ​ក្នុង​ក្តី​សោមនស្ស​រីករាយ។

    ពិធី​ដ៏​ឱឡារិក​នេះ ត្រូវបាន​រៀបចំឡើង​តាំងពី​ម៉ោង៧ព្រឹក​តម​ក តាម​លំនាំ​ប្រពៃណី​ទំនៀម​ទំនៀមទម្លាប់ និង​ដំណាក់កាលសំខាន់ៗដូច ពិធី​ក្រុង​ពាលី ពិធីសូត្រមន្ត​ប្រស់ព្រំ​សុំ​សេចក្តីសុខ​សេចក្តីចម្រើន និង​បាន​ដង្ហែ​គ្រឿង​រណ្តាប់​លើ​អាសនៈ ឆ្ពោះទៅកាន់​រណ្តៅ​ជ័យ និង​ចុងក្រោយ​គឺ​ការអញ្ជើញ​ឡើងទៅ​កាន់​ឆាក​នៃ​ពិធី​ដើម្បី​ចុច​ប៊ូ​តុង​នៃ​ការចាប់ផ្តើម​បុកគ្រឹះ ដើម្បី​បើក​អោយមាន​ដំណើរការ​ការ​ដ្ឋា​ន​សាងសង់​ជា​ផ្លូវការ​នៃ​គម្រោង​លំនៅដ្ឋាន បុស្បា ទី១ ក្រោម​វត្តមាន​ពី​ថ្នាក់ដឹកនាំ និង​បុគ្គលសំខាន់ៗនៃ ក្រុមហ៊ុន​បុស្បា​អ៊ិន វេស មិន ព្រមជាមួយ​កិច្ច​ស្វាគមន៍​អំណរ​សាទរ​ដ៏​កងរំពង ពី​សំណាក់​ភ្ញៀវកិត្តិយស​ដែល​បាន​អញ្ជើញ​ចូលរួម​ផងដែរ ។

    បន្ទាប់ពី​ពេលវេលា​ដ៏​ថ្លៃថ្លា​នៅលើ​ឆាក​កិត្តិយស​រួចមក ក៏បាន​ឈានចូល​ដល់​ពិធី​សំណេះសំណាល​និង​ការផ្តល់ជូន​បទ​បង្ហាញ​អំពី​គម្រោង លំនៅដ្ឋាន បុស្បា ទី១ ដោយ​លោកស្រី ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​បុស្បា​អ៊ិន វេស មិន “នាង ខូ​រី“ បាន​អញ្ជើញ​ថ្លែង​ជូន​នូវ​សន្ទរកថា​និង​ជា​កិច្ច​ស្វាគមន៍​នៃ​កម្ម​ពិធី​ដោយ​ប្រសាសន៍ថា៖

    ចក្ខុវិស័យ​របស់​លំនៅដ្ឋាន បុស្បា គឺ​ធ្វើជា​គោលដៅ​ដ៏​ចំបង​មួយ​សម្រាប់​បរិបទ​រស់​នៅ​ដ៏​ប្រសើរ​របស់​ប្រជាជន​កម្ពុជា និង​ពោរពេញ​ដោយ​ភាព​សុខដុម។ បេសកកម្ម​របស់​បុស្បា អ៊ិន​វេស​ម៉ិ​ន គឺ ខិតខំ​កសាង​នូវ​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត​រវាង​អតិថិជន និង ដៃគូ​សហការ​ការងារ​ទាំងអស់់ ហើយ​ផ្ដួចផ្ដើម​នូវ​គំនិត និង​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ឈានមុខ​គេ។

    លោកស្រី​ក៏បាន​លើកឡើង​ផងដែរ​ថា គម្រោង​ក៏​យកចិត្តទុកដាក់​លើ​ការរៀបចំ​អោយមាន ការិយាល័យ​អាជីវកម្ម​ខ្នាត​ធំ,តូច សួនច្បារ សួន​កម្សាន្ត​សម្រាប់​កុមារ កន្លែង​ហាត់ប្រាណ និង​សេវាសាធារណៈផ្សេងៗទៀត។ គម្រោង​លំនៅដ្ឋាន​នេះ​ផងដែរ គឺមាន​អំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ​ដ៏​ល្អ​នាពេល​អនាគត ដោយ​គម្រោង​ទាំងមូល​គឺ​នៅតាម​បណ្តោយ​ផ្លូវ ២០អា ទំហំ៥០ម៉ែត្រ ត​ភ្ជាប់​ផ្លូវជាតិ​លេខ២និង​លេខ៣, ផ្លូវ៦០ម៉ែត្រ​ដូចជា​ផ្លូវ​ក្រវ៉ាត់​ក្រុមទី៣ មហាវិថី​សម្តេច​តេ​ជោ​ហ៊ុនសែន និង​មាន ប្រព័ន្ធធារាសាស្ត្រ ផ្លូវ​និង​ប្រឡាយ​ទំហំ៣២ម៉ែត្រ​ជាច្រើន​ក្នុង​តំបន់។ លក្ខណៈពិសេស​ទាំងនេះ​គឺ​ពិត​ជាមាន​អំណោយផល​ល្អ​ដល់​ការរស់នៅ​និង​ប្រកប​អាជីវកម្ម​របស់​ប្រជាជន​យ៉ាងពិត​ប្រាកដ។

    ត្រឹមតែ​គម្រោង​លំនៅដ្ឋាន​ដ៏​សំបូរបែប​មួយ​មុខ​នោះ​គឺ ពុំទាន់​គ្រប់គ្រាន់​ឡើយ សម្រាប់​ការកសាង​សហគមន៍​ដ៏​សុខដុម សុខសាន្ដ និង​រឹងមាំ​មួយ ហេតុដូច្នេះ​ហើយ​ទើប បុស្បា អ៊ិន​វេស​ម៉ិ​ន បាន​ត្រៀម​រួចជាស្រេច ក្នុងការ​ពាំនាំ​មក​នូវ​ភាពងាយស្រួល​ទៅលើ​សេវា​ចំ​បាច់​នានា​ដើម្បី​បំពេញ​នូវ​តម្រូវការ​ក្នុង​បរិបទ​រស់នៅ​បែប​ទាន់សម័យ។ មិនតែប៉ុណ្ណោះ យើងខ្ញុំ​បាន​ប្ដេជ្ញា​ក្នុងការ​ពាំនាំ​នូវ អាជីវកម្ម និង​គ្រឹះស្ថានសំខាន់ៗដទៃទៀត ចូលមកក្នុង​សហគមន៍​នេះ។

    ពាក្យ​ថា​បុស្បា​មានន័យថា រាជ​នី​នៃ​សព្វ​ផ្កា​ទាំងពួង ដែល​តំណាង​ឲ្យ កិត្យានុភាព ភាពសុខដុមរមនា វិបុលភាព ផាសុកភាព និង​គុណភាព ទាំងនេះ​សុទ្ធសឹងតែ​ជា​គុណ​តម្លៃ​នៃ​ចក្ខុវិស័យ ទៅលើ​ការស្ថាបនា​លំនៅដ្ឋាន និង​សហគមន៍​របស់ បុស្បា អ៊ិន​វេស​ម៉ិ​ន។

    ដូចដែល​បាន​រៀបរាប់​ជូន​ខាងលើនេះ គម្រោង​ទាំងនេះ​គឺ​គ្រាន់តែ​ជា​ចំនុច​ចាប់ផ្ដើម​នៃ​ទស្សនវិស័យ​ប្រកបដោយ​និរន្ដរភាព​របស់​ក្រុមហ៊ុន បុស្បា អ៊ិន​វេស​ម៉ិ​ន។ យោងតាម​ចក្ខុវិស័យ​របស់​ស្ថាបនិក គឺ​លោកជំទាវ​អគ្គនាយិកា ម៉ឺន ស្រី​ណែ​ត “ក្រុមហ៊ុន បុស្បា អ៊ិន​វេស​ម៉ិ​ន នឹង​ខិតខំ​ឲ្យ​អស់ពី​កំលាំងកាយ​ចិត្ត​ក្នុងការ​អភិវឌ្ឍ​គម្រោង​ទាំងមូល ក្នុងន័យ​បង្កើតជា​ប្រយោជន៍​រួមមួយ​សម្រាប់​ការរស់នៅ​ដ៏​សុខដុម និង​ភាពងាយស្រួល​ដល់​ប្រជាជន​ក្នុង​តំបន់ និង មជ្ឈដ្ឋាន​ជុំវិញ។

  • Tiger Beer នាំមក​នូវ​ពិ​ព័រណ៌៍សិល្បៈ​គំនូរ​​ធំ​បំផុត​នៅ​ប្រទេស​កម្ពុជា

    Tiger Beer នាំមក​នូវ​ពិ​ព័រណ៌៍សិល្បៈ​គំនូរ​​ធំ​បំផុត​នៅ​ប្រទេស​កម្ពុជា

    (ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២)៖ ដើម្បី​ស្វាគមន៍ Year of the Tiger ស្រា​បៀរ​ថៃ​ហ្គឺ​រ បាន​នាំមក​ជូន​នូវ​កម្មវិធី ​Murals for Cambodia Festival ដោយ​សហការ​ជាមួយ FT Gallery និង FONKi។ Murals for Cambodia Festival ប្រារព្ធ​ឡើង​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី25 ដល់​ថ្ងៃទី27 ខែកុម្ភៈ កន្លងទៅនេះ ក្នុងនោះ​មានការ​តាំង​ពិ​ព័រណ៌​សិល្បៈ​ក្នុងស្រុក​ និង​អន្តរជាតិ ព្រមទាំង​ការប្រគំ​តន្ត្រី នៅ​មជ្ឈមណ្ឌល​ច្នៃប្រឌិត Factory Phnom Penh។

    កម្មវិធី​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង ដោយមាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​​កុះករ។ ​ជា​​កិត្តិយស​ណាស់ សម្រាប់​ប្រទេស​កម្ពុជា​ដែល​បានទទួល​ស្វាគមន៍​វិចិត្រករ​ដែលមាន​​ទេព​កោសល្យ​​ដូចជា MAUY​​ & ​NAP​ MSV ​ដែល​មាន​​​វិចិត្រករ​ល្បី​មកពី​ប្រទេស​ថៃ TONES វិចិត្រករ​ជនជាតិ​ខ្មែរ​ដ៏​ល្បីល្បាញ​ទូទាំង​​ពិភព​លោក​​មក​ពី​ប្រទេស​ស្វី​ស KIMSAN SOU វិចិត្រករ​កម្ពុជា​វ័យក្មេង VENKS វិចិត្រករ​គំនូរជីវចល​របស់​ច​ក្រ​ភព​អង់គ្លេស YSK MIKE វិចិត្រករ​ក្នុងស្រុក រួមទាំង TWOONE វិចិត្រករ​តាម​ដង​វិថី​ជនជាតិ​ជប៉ុន​ដ៏​ល្បី Jean Baptiste Carraro វិចិត្រករ​ជនជាតិ​បារាំង​ដែលមាន​មូលដ្ឋាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​និង RYYSA សិល្បករ​ជនជាតិខ្មែរ-ហូ​ឡង់។ MAUY MSV ជា​វិចិត្រករ​ថៃ​ផ្នែក​គំនូរ​តាម​ដង​វិថី បានបង្ហាញ​ស្នាដៃ​របស់ខ្លួន​តាមរយៈ គំនូរ​រូប​ខ្លា​លើ​ជញ្ជាំង ដែលជា​គំនូរ​ធំជាងគេ​បំផុត​ក្នុង​កម្មវិធី​នេះ​ផងដែរ ដែលមាន​ទីតាំងនៅ​បរិវេណ Tiger Plaza, Factory Phnom Penh។

    ក្រៅពី​ផ្ទាំងគំនូរ និង​ការតាំង​ពិ​ព័រ​ណ៌សិល្បៈ ក៏មាន​ការប្រគំ​តន្ត្រី​ជាមួយនឹង​ការសំដែង​របស់ DJ និង​​ក្រុម Hip Hop ​យ៉ាង​​សំបូរ​បែប​​ដ៏​ល្អ​​បំផុត​​ប្រចាំ​​ប្រទេស​កម្ពុជា ក្នុងនោះ​រួមមាន កញ្ញា Nikki Nikki  តារាចំរៀង​ និង​អ្នកនិពន្ធ​បទ​ចម្រៀង Original Song រូបនេះ​បាន​បកស្រាយ​ចំរៀង​ស្នាដៃ​ថ្មី​របស់ខ្លួន។ បន្ថែមទៀត​នោះ​ក៏មាន​ការសំដែង​​រួមគ្នា​ជាមួយ កញ្ញា Marie Thach និង​សិល្បករ​ផ្សេងទៀត​ផងដែរ។ មិនតែប៉ុណ្ណោះ កញ្ញា Marie Thach ក៏បាន​បង្ហាញ​ពី​ជំនាញ DJ របស់គាត់​ជាមួយ​ស្ទីល​បែប House & Funk ដែល​ធ្វើឱ្យ​កម្មវិធី​កាន់តែ​សប្បាយរីករាយ​ថែម​មួយកំរិត​ទៀត។

    ស្វាគមន៍​ឆ្នាំ​ថ្មី Year of the Tiger! ពី Tiger Beer តែងតែ​លើកទឹកចិត្ត​ឱ្យ​​មនុស្ស​គ្រប់រូប បង្ហាញ​នូវ​ភាពជឿជាក់ និង​​បញ្ចេញ​​សក្ដានុពល​​របស់ខ្លួន។ អ្នកនាង គង់ សូ​រី​ដា Senior Brand Manager របស់ Tiger Beer បាន​មានប្រសាសន៍ថា “គោលបំណង​ធំ​បំផុត​របស់ Tiger Beer គឺ​ចង់​បំផុសគំនិត ឱ្យ​អ្នក​ទាំងអស់គ្នា​មាន​ក្តី​ស្រមៃ​ខ្ពស់ មាន​ទំនុកចិត្ត​លើ​ខ្លួនឯង និង​អបអរ​ភាពជឿជាក់​របស់ខ្លួន​ឯង។

    នៅក្នុង Year Of The Tiger ពួកយើង​មិន​គ្រាន់តែ​បំផុសគំនិត​ឱ្យ​មនុស្ស​គ្រប់រូប​បន្ត​ក្ដី​ស្រមៃ​របស់​ពួកគេ​នោះទេ ប៉ុន្តែ​លើសពីនេះ​យើង​នឹង​ជំរុញ​ភាពក្លាហាន​ដើម្បីឱ្យ​ពួកគេ​សម្រេច​នូវ​គោលដៅ​នោះ​អោយបាន។ Tiger ពិតជា​មាន​ក្ដី​សោមនស្ស​យ៉ាងខ្លាំង​ដែល​បាន​សហការ​ជាមួយ FONKi និង FT Gallery ដើម្បី​បង្កើត​កម្មវិធី​ដ៍៏អស្ចារ្យ​មួយ​នេះ​ឡើង ហើយនឹង​ទន្ទឹងរង់ចាំ​បន្ត​នូវ​ព្រឹត្តិការណ៍​សិល្បៈ និង​តន្ត្រី​បន្ថែមទៀត​ក្នុងពេលឆាប់ៗខាងមុខនេះ។

    អំពី Murals for Cambodia

    Murals for Cambodia គឺជា​ព្រឹត្តិការណ៍​ថ្មី​ប្រចាំឆ្នាំ​បន្ទាប់ពី​ការបើក​សម្ពោធ FT GALLERY កាលពី​ឆ្នាំមុន។​ FT​ GALLERY​ តែង​តែ​ប្រមូលផ្ដុំ​វិចិត្រករ​ក្នុងស្រុក និង​អន្តរជាតិ  ដែលមាន​កេរ្តិ៍ឈ្មោះល្បីៗមក​បង្ហាញ​ស្នាដៃ​ដ៏៏គួរឱ្យ​កោតសរសើរ​ជាច្រើន​នៅឯ​មជ្ឈមណ្ឌល​ច្នៃប្រឌិត​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ក្នុង ​Factory Phnom Penh។ តាមរយៈ​ព្រឹត្តិការណ៍​នេះដែរ FT Gallery ព្រមទាំង​អ្នក​គ្រប់​គ្រង់/សហ​ស្ថាបនិក FONKi នឹង​បង្កើត​ផ្ទាំងគំនូរធំៗ ព្រមទាំង​ផ្សព្វផ្សាយ​ទូទាំងប្រទេស​សម្រាប់​ឆ្នាំ​ខាងមុខនេះ​បន្តទៀត។

    អំពី Tiger Beer

    Tiger Beer មាន​ដើមកំណើត​នៅ​ប្រទេស​សិង្ហ​បុរី ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ 1932។ Tiger Beer គឺជា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ ដែលសព្វថ្ងៃនេះ ឈរ​នៅ​លំដាប់​លេខ​មួយ​ក្នុង​អាស៊ី និង​ជា​ម៉ាក​ផលិតផល​ដែលមាន​ភាព​រីកចម្រើន​លឿន​ជាងគេ​បំផុត។ Tiger Beer មាន​លក់​នៅលើ​ទីផ្សារ​ជាង 50 ប្រទេស នៅ​​ទូទាំង​ពិភព​លោក។ ការ​ជម្នះ​គ្រប់បែបយ៉ាង​ដើម្បី​ផលិត​ចេញ​នូវ​សមិទ្ធិផល​ដ៏​ល្អឥតខ្ចោះ​ដែលមាន​រសជាតិ​ដិតជាប់​ ​និង​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ។ Tiger បាន​រកឃើញ​នូវ​វិធី​ដែល​អាច​នាំ​អ្នក​ទៅកាន់​ភាពស្រស់​ស្រាយ​ថ្មី​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក ហើយ Tiger ក៏បាន​សម្រេច​អ្វី​ដែល​គ្រប់គ្នា​គិតថា​ មិនអាច​ទៅរួច​ជាច្រើន​ទសវត្សរ៍​មកហើយ។

  • ក្រុមហ៊ុន​​អាកាស​ចរណ៍ ​ថៃ​​វៀត​​ចេ​ត​​(Thai ​Vietjet)​ បាន​​បើក​ជើង​ហោះ​ហើរ​​ត្រង់​​ពី ​ភ្នំពេញ​ -​ បាងកក

    ក្រុមហ៊ុន​​អាកាស​ចរណ៍ ​ថៃ​​វៀត​​ចេ​ត​​(Thai ​Vietjet)​ បាន​​បើក​ជើង​ហោះ​ហើរ​​ត្រង់​​ពី ​ភ្នំពេញ​ -​ បាងកក

    (បាងកក, ៤ មីនា ២០២២) – ការរៀបចំ​រចនាសម្ព័ន្ធ​ក្នុង​តំបន់ ក្រុមហ៊ុន​អាកាសចរណ៍ ថៃ​វៀត​ចេ​ត​ បានប្រកាស​​បើក​ជើងហោះហើរ​ថ្មី ពី​រាជធានី​ភ្នំពេញ​ទៅ​ទីក្រុង​បាងកក ដែលជា​រាជធានី​នៃ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ នេះ​តទៅ។

    លោក Woranate Laprabang ដែលជា​នាយក​ប្រតិបត្តិ នៅ​ក្រុមហ៊ុន​អាកាសចរណ៍ ថៃ​វៀត​ចេ​ត​ បាន​មានប្រសាសន៍ថា ពួកយើង​ពិតជា​រីករាយ​ដែល​បាន​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​ថៃ និង ប្រទេស​កម្ពុជា ហើយ​បាន​ផ្តល់ឱកាស​ឱ្យ​​ប្រជាជន​ថៃ​បាន​ហោះហើរ​ទៅ​ប្រទេស​កម្ពុជា ក៏ដូចជា​ស្វាគមន៍​អ្នកដំណើរ​ និង​អ្នកជំនួញ​នៃ​ប្រទេស​កម្ពុជា​ មក​ទស្សនា​និង​ទទួលយក​បទពិសោធន៍​ពី​ភាពស្រស់ស្អាត​នៃ​ប្រទេស​ថៃ បន្ទាប់ពី​ការរីក​រាលដាល​ពី​ជំងឺ​ទូទាំង​សាកល​អស់​រយៈពេល​យូរ​មកហើយ។ ជើងហោះហើរ​ទៅកាន់​គោលដៅ​ប្រទេស​ទាំង២នេះ ក៏​ជា​ចំណែក​មួយ​ដែល​អាចជួយ​​ឱ្យ​​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ទាំង២ មាន​ភាពប្រសើរ​ឡើងវិញ និង ធ្វើអោយ​តម្រូវការ​នៃ​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​មានការ​កើនឡើង ព្រមទាំង​ជំរុញឱ្យ​​មាន​ទំនាក់​ទ​នង​ផ្នែក​ទេសចរណ៍​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២ ផងដែរ ដើម្បី​បញ្ជាក់​ពី​គោលដៅ​ក្នុងការ​ពង្រីក​បណ្តាញ​ទំនាក់ទំនង និង​បំពេញតម្រូវការ​របស់​ភ្ញៀវ​ទេស​ចរណ៍។

    ជើងហោះហើរ​អន្តរជាតិ​ថ្មី​រវាង ភ្នំពេញ – បាងកក (សុវណ្ណ​ភូមិ) នឹង​ដំណើរការ ១សប្តាហ៍ ៣ដង នៅ​រៀងរាល់ថ្ងៃ​ច័ន្ទ ថ្ងៃ​ពុធ និង ថ្ងៃ​សុក្រ ជាមួយនឹង​រយៈពេល​ហោះហើរ ១ម៉ោង១០នាទី។ អ្នក​អាច​ស្វែងរក​កាលវិភាគ​ហោះហើរ ក្នុង​តារាង​ខាងក្រោម៖

    លើសពីនេះទៅទៀត ជើងហោះហើរ​ថ្មី ពី​រាជធានី​ភ្នំពេញ​ទៅ​ទីក្រុង​បាងកក រួម​ជាមួយនឹង​បណ្តាញ​របស់​ក្រុមហ៊ុន ថៃវៀត​ចេ​ត បាន​បន្ថែម​កាលវិភាគ​ជើងហោះហើរ​រវាង បាងកក-ហូជីមិញ សរុប​រហូត​ដល់៦ដង​ក្នុង ១សប្តាហ៍ ដើម្បី​ផ្តល់ជូន​នូវ​ជម្រើស​ដ៏​ល្អ​បំផុត​ដល់​ភ្ញៀវ​ក្នុងប្រទេស​ទាំង២នេះ។ ក្នុង​រយៈពេល​ខាងមុខ​នេះ ក្រុមហ៊ុន​អាកាស​ចរណ៍ ថៃវៀត​ចេ​ត សង្ឃឹមថា នឹង​អាច​ពង្រីក និង​បន្ថែម​បណ្តាញ​ជើងហោះហើរ​អន្តរជាតិ​របស់ខ្លួន ទៅកាន់​គោលដៅ​ជាច្រើន​បន្ថែមទៀត ជាពិសេស​នៅក្នុង​តំបន់ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ដូចជា ប្រទេស​វៀតណាម ប្រទេស​សិង្ហ​បុរី កោះ​តៃវ៉ាន់។ល។

    ក្រុមហ៊ុន​អាកាសចរណ៍ ថៃ វៀត​ចេ​ត មាន​យន្តហោះ​សម្រាប់​ដឹក​អ្នកដំណើរ​រហូត​ដល់ ១៦ គ្រឿង ដែល​ក្នុងនោះ​មាន Airbus A320-200 ចំនួន ១០ គ្រឿង, Airbus A321-200 ចំនួន ៦ គ្រឿង ជាមួយនឹង ភាគរយ​នៃ​អត្រា​ការអនុវត្ត​ទាន់ពេលវេលា (OTP) រហូតដល់ ៩៧.២៩% ភាពជឿជាក់​នៃ​បច្ចេកទេស ៩៩.៧៣% និង មាន​អ្នកដំណើរ​សរុប​ជិត ១១ លាន​នាក់ បន្ថែម​ជាមួយនឹង​ការបន្ត​ពង្រីក​បណ្តាញ​របស់ខ្លួន​ក្នុងកំឡុងពេល​នៃ​ការរីក​រាល​ដាល​​នៃ​ជំងឺ​កូ​វីដ-១៩ បានធ្វើអោយ​ក្រុមហ៊ុន ថៃ វៀត​ចេ​ត ជោគជ័យ​ដោយ​ទទួលបាន​ពានរង្វាន់​ជា “ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​មានតម្លៃ​ទាប​ដែល​រីកលូតលាស់​លឿន​បំផុត​ប្រចាំឆ្នាំ” (The Fastest Growing Low-cost Carrier of the 2020) ពី​ទស្សនា​វដ្ដី Global Business Outlook 2020។ ក្រុមហ៊ុន ថៃ វៀត​ចេ​ត ក៏បាន​ទទួល​ពានរង្វាន់​ជា​ក្រុមហ៊ុន​អាកាសចរណ៍ ដែលមាន​បាហុនិការ​រួសរាយ រាក់ទាក់​ជាងគេ (Most Passenger-Friendly Cabin Crew – 2021) ពី​ទស្សនាវដ្ដី International Finance ដោយ​សង្កត់ធ្ងន់​លើ​ជំហរ​របស់ខ្លួន​ជា “ក្រុមហ៊ុន​អាកាសចរណ៍​នៃ​បដិសណ្ឋារកិច្ច” ដោយ​ពង្រឹង​តម្លៃ​ស្នូល​នៃ មិត្តភាព និង ភាពសប្បាយ​រីករាយ រួមជាមួយ​នឹង សុវត្ថិភាព ពេលវេលា និង តម្លៃ​សមរម្យ។

    ទីក្រុង​ភ្នំពេញ​គឺជា​រាជធានី​នៃ​ប្រទេស​កម្ពុជា ដែល​ពោរពេញ​ទៅដោយ​ទេសភាព​ដ៏​ស្រស់ស្អាត​ជាច្រើន និង កន្លែង​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ មានដូចជា ព្រះបរមរាជវាំង​ដ៍​អស្ចារ្យ សារមន្ទី​រជាតិ​ដែលជា​កន្លែង​ថែរក្សា និង ប្រមូលផ្តុំ​សិល្បៈ​គ្រប់​ទម្រង់​របស់​ខ្មែរ និង​រូបចម្លាក់​ច្រើនជាងគេ​លើ​សកលលោក រួមទាំង​មាន​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​ផងដែរ។ ចំណែកឯ​ទីក្រុង​បាំង​កក​វិញ មាន​ទេសភាព​ដ៏​ស្រស់ស្អាត​របស់​ទូក​ទេសចរ​ណ៏​នៅតាម​ដង​ទន្លេ ចៅ ប្រា​យ៉ា ព្រះ​បរម​មហារាជ​វាំង​ដ៏​ស្អាត​អស្ចារ្យ និង​មាន​ផ្សារ​រាត្រី​អ៊ូរ​អរ​ជាច្រើន។

    អំពី​ ក្រុមហ៊ុន ថៃ វៀត​ចេ​ត (Thai Vietjet)

    ក្រុមហ៊ុន ថៃ វៀត​ចេ​ត បាន​បង្កើតឡើង​ក្នុង​ឆ្នាំ២០១៤ ហើយ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន វៀត​ចេ​ត អ៊ែរ ដើម្បី​ពង្រីក​បណ្តាញ​ហោះហើរ​របស់ខ្លួន និង​ផ្តល់ឱកាស​កាន់តែច្រើន​ស​ម្រា​ប់​អ្នកធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ និង​ប្រទេស​ជាច្រើន​ទៀត​ប្រកបដោយ​សេវាកម្ម​រួសរាយ​រាក់ទាក់ និង​សប្បាយរីករាយ។ ដោយ​ផ្តោតលើ​សមត្ថភាព​គ្រប់គ្រង​ការចំណាយ ប្រតិបត្តិ​ការដែល​ប្រកបដោយ​ប្រសិទ្ធភាព និង​ការអនុវត្ត​របស់​ក្រុមហ៊ុន​អាកាសចរណ៍ យើង​អាច​ផ្តល់ជូន​នូវ​ការហោះហើរ​ដោយ​សន្សំសំចៃ និង​តម្លៃ​ដែល​អាច​ផ្លាស់ប្ដូរ​ទៅតាម​កាលទេសៈ ព្រមទាំង​សេវាកម្ម​ជាច្រើន​ទៀត​ដើម្បី​សម្រប​តាម​តម្រូវការ​របស់​អតិថិជន។

    ថៃ វៀត​ចេ​ត ទទួលបាន​ពានរង្វាន់ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ដែលមាន​តម្លៃ​ទាប​និង​រីកលូតលាស់​លឿន​បំផុត​នៃ​ឆ្នាំ២០២០ ដោយ​ទស្សនា​វ​ដ្តី Global Business Outlook។ ក្រុមហ៊ុន​កំពុង​បន្ត​ពង្រីក​បណ្តាញ​ហោះហើរ​របស់ខ្លួន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ក៏ដូចជា​ពង្រីក​ងារ​ជា​ក្រុមហ៊ុន​ក្មេង​ជាងគេ​ដែលមាន​យន្តហោះទំនើបៗ ដោយមាន​យន្តហោះ Airbus A320 និង A321។  ថ្មីៗនេះ ក្រុមហ៊ុន​អាកាសចរណ៍ ថៃ វៀត​ចេ​ត ក៏បាន​ទទួល​ពានរង្វាន់​ជា​ក្រុមហ៊ុន​អាកាសចរណ៍ ដែលមាន​បាហុនិការ​រួសរាយ រាក់ទាក់​ជាងគេ ពី​ទស្សនាវដ្ដី International Finance ដោយ​សង្កត់ធ្ងន់​លើ​ជំហរ​របស់ខ្លួន​ជា “ក្រុមហ៊ុន​អាកាសចរណ៍​នៃ​បដិសណ្ឋារកិច្ច” ដោយ​ពង្រឹង​តម្លៃ​ស្នូល​នៃ មិត្តភាព និង​ភាពសប្បាយ​រីករាយ រួមជាមួយ​នឹង សុវត្ថិភាព ពេលវេលា និង តម្លៃ​សមរម្យ។

    បច្ចុប្បន្ន​ក្រុមហ៊ុន ថៃ វៀត​ចេ​ត ប្រទេស​ថៃ​បាន​ប្រតិបត្តិការ​ជើងហោះហើរ​ក្នុងស្រុក​ចំនួន ១៤ ជើង ក្នុងនោះ​​រួម​មាន​​ជើង​ហោះ​ហើរ​​ពី​ទីក្រុង​បាងកក (សុវណ្ណ​ភូមិ) ទៅ ឈៀង​ម៉ៃ ឈៀង​រ៉ៃ ភូ​កេ​ត ក្រា​ប៊ី អ៊ូ​ដន​ថា​នី ហាត​យ៉ៃ ខន​ខេន ណា​ខន​ស៊ី ថា​ម៉ា​រ៉ាត់ អ៊ូ​បន់ រ៉ាត់​ឆា​ថា​នី និង ស៊ូ​រ៉ាត់ ថា​នី។ ចំណែកឯ​ជើងហោះហើ​រឆ្ល​ង​តំបន់​មាន ពី​ភូ​កេ​តទៅ​ឈៀង​រ៉ៃ ឈៀង​ម៉ៃ និង អ៊ូ​ដុន ថា​នី រួមទាំង​ជើងហោះហើរ​ត្រង់​ពី ហាត់​យ៉ៃ ទៅ ឈៀង​រ៉ៃ ផងដែរ។ ក្រុមហ៊ុន​ក៏​កំពុងតែ​ពង្រីក​បណ្តាញ​ហោះហើរ​អន្តរជាតិ​របស់ខ្លួន​យ៉ាងសកម្ម​ទៅកាន់​គោលដៅ​ជាច្រើន​នៅ​ទូទាំង​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​ភ្ជាប់​ប្រទេស​ថៃ​ជាមួយ វៀតណាម តៃវ៉ាន់ សិង្ហ​បុរី និង​គោលដៅ​កំពូល​ផ្សេងទៀត​នៅក្នុង​តំបន់។

    សម្រាប់​ពត៌មាន​បន្ថែម www.vietjetair.com

    ទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ

    Thai Vietjet Air Joint Stock Company Limited

    Siwarut Mongpra (Ruch): [email protected] / +6689 738 3364

    Piyawat Chuangsri (Kodak): [email protected] / +6699 075 5969

  • ចំណុច​ខ្មៅ​ (Umbra) ប៉ុន​ផែនដី បង្ហាញខ្លួន​នៅលើ​ផ្ទៃ​របស់​ព្រះអាទិត្យ

    ចំណុច​ខ្មៅ​ (Umbra) ប៉ុន​ផែនដី បង្ហាញខ្លួន​នៅលើ​ផ្ទៃ​របស់​ព្រះអាទិត្យ

    តេ​ឡេ​ស្កុប​ស្រាវជ្រាវ​ព្រះអាទិត្យ​ធំ​បំផុត​ក្នុង​ពិភពលោក ថត​បាន​ចំណុច​ខ្មៅ​ដ៏​មហិមា​ដែល​បង្ហាញខ្លួន​នៅលើ​ព្រះអាទិត្យ​កាលពី​ចុងខែ​កុម្ភៈ។

    កែវយឹត​ព្រះអាទិត្យ Daniel K. Inouye នៅ Hawaii អាច​ប្រមូល​ទិន្នន័យ​វិទ្យាសាស្ត្រ​ដ៏​មានតម្លៃ​ស្ដីពី​ព្រះអាទិត្យ ដោយ​មិនបាច់​ហោះ​ទៅកាន់​ទី​អវកាស។

    ស្ថានីយ​ជាតិ​សង្កេត​ព្រះអាទិត្យ (NSO) កាលពី​ថ្ងៃទី ១ មីនា បាន​ចែករំលែក​លើ​បណ្ដាញ​សង្គម​នូវ​រូបថត​ស្ដីពី​ចំណុច​ខ្មៅ​លើ​ព្រះអាទិត្យ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ដែល​ថត​បាន​ដោយ​កែវយឹត Daniel K. Inouye។ អង្កត់ផ្ចិត​នៃ​តំបន់​ងងឹត​របស់​ចំណុច​ខ្មៅ​លើ​ព្រះអាទិត្យ (humbra) ជិត​ស្មើនឹង​អង្កត់ផ្ចិត​របស់​ផែនដី នេះ​បើតាម​ការឱ្យ​ដឹង​របស់ NSO។

    ចំណុច​ខ្មៅលើព្រះអាទិត្យ​ (Umbra) ដែល​ កែវយឹតសង្កេត​ព្រះអាទិត្យ Daniel K. Inouye ថត​បាន​ និង​ត្រូវ​ស្ថានីយជាតិសង្កេតព្រះអាទិត្យ (NSO) ចែក​រំលែក​កាលពីថ្ងៃទី ១ មីនា

    Daniel K. Inouye ត្រូវបាន​បង្កើតឡើង​ដោយ​ប្រើប្រាស់​ទុន​ពី​មូលនិធិ​វិទ្យាសាស្ត្រ​ជាតិ​អាម៉េរិក (USNSF)។ ឧបករណ៍​នេះ បានចាប់ផ្ដើម​ដំណើរការ​ដំបូង​កាលពី​ខែកុម្ភៈ ២០២២។ នេះ​គឺជា​តេ​ឡេ​ស្កុប​ស្រាវជ្រាវ​ព្រះអាទិត្យ​ធំ​បំផុត​ក្នុង​ពិភពលោក។ វា​ត្រូវបាន​បង្កើតឡើង​ដើម្បី​ថត​បាន​រូបភាព​ច្បា​ស់ក​ម្រិ​ត​ខ្ពស់​អំពី​ព្រះអាទិត្យ ជាមួយនឹង​ភាព​លម្អិត​មិន​ធ្លាប់មាន​ពីមុនមក។

    កែវយឹត Daniel K. Inouye អាច​ថតរូប​ភាព​ដែលមាន​អង្កត់ផ្ចិត​ត្រឹមតែ ២០ គីឡូម៉ែត្រ។ វា​នឹង​ជួយ​ក្រុម​អ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវ និង​ព្យាករ​អំពី​បាតុភូត​នានា​របស់​ព្រះអាទិត្យ​ដែល​អាច​ជះ​ផលប៉ះពាល់​ដល់​ផែនដី។

  • ក្រសួងការពារជាតិ​រុស្ស៊ី និង​សហរដ្ឋ​អាម៉េរិក ត​ភ្ជាប់​ខ្សែ​ទូរស័ព្ទ​ទាន់​ហេតុការណ៍

    ក្រសួងការពារជាតិ​រុស្ស៊ី និង​សហរដ្ឋ​អាម៉េរិក ត​ភ្ជាប់​ខ្សែ​ទូរស័ព្ទ​ទាន់​ហេតុការណ៍

    ក្រសួងការពារជាតិ​អាម៉េរិក បាន​បង្កើត​ខ្សែ​ទូរស័ព្ទ​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ក្រសួងការពារជាតិ​រុស្ស៊ី ​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ជុំវិញ​បញ្ហា​នៅ អ៊ុយ​ក្រែ​ន។

    ការសម្រេចចិត្ត​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ១ មីនា របស់ ក្រសួងការពារជាតិ​រុស្ស៊ី និង​សហរដ្ឋ​អាម៉េរិក គឺ​ក្នុង​បំណង​បញ្ចៀស «ការ​គណនា​ខុស» ទៅលើ​ហេតុការណ៍​យោធា និង​ការឡើង​កំដៅ​នៃ​ភាព​តានតឹង​រវាង​បណ្ដា​ប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន នេះ​បើតាម​ការឱ្យ​ដឹង​កាលពី​ថ្ងៃទី ៣ មីនា របស់​មន្ត្រីជាន់ខ្ពស់​មួយរូប នៅ មន្ទីរ​បញ្ច​កោណ។

    ក្រសួង​ការ​ពារ​ជាតិ​សហរដ្ឋអាម៉េរិក

    ក្នុង​ថ្ងៃ​ដដែល រដ្ឋមន្ត្រីការបរទេស​អាម៉េរិក Antony Blinken ក៏បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​សម​ភាគី​អ៊ុយ​ក្រែ​ន លោក Dmytro Kuleba ទាក់ទង​នឹង​ការផ្ដល់​ជំនួយ​ផ្នែក​សន្តិសុខ សេដ្ឋកិច្ច និង​ជនភៀសខ្លួន​​នៅ​ អ៊ុយក្រែន​ ផងដែរ​។

    ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី

    សកម្មភាព​ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​គ្រា​ដែល ប្រតិភូ​អ៊ុយ​ក្រែ​ន និង រុស្ស៊ី បានបញ្ចប់​កិច្ចចរចា​ជុំ​ទី ២ និង​យល់ព្រម​គាំទ្រ​លើ​គំនិត​ផ្ដួចផ្ដើម​​ស្ដីពី​ការបង្កើត​ច្រក​សុវត្ថិភាព​មនុស្សធម៌ ​សម្រាប់​ប្រជាជន​ស៊ីវិល និងកិច្ច​ព្រម​ព្រៀង​​ឈប់​បាញ់​ជាក់​លាក់​។

  • រុស្ស៊ី ផ្ដល់​សំណង​ជូន​គ្រួសារ​ទាហាន​រុស្ស៊ី ដែល​បាន​ស្លាប់ និង​របួស នៅ អ៊ុយ​ក្រែ​ន

    រុស្ស៊ី ផ្ដល់​សំណង​ជូន​គ្រួសារ​ទាហាន​រុស្ស៊ី ដែល​បាន​ស្លាប់ និង​របួស នៅ អ៊ុយ​ក្រែ​ន

    ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន បានឱ្យដឹងថា គ្រួសារ​របស់ ទាហាន​រុស្ស៊ី ដែល​ស្លាប់​នៅ អ៊ុយ​ក្រែ​ន នឹង​ទទួលបាន ៧ លា​នរូ​ប្ល​រុស្ស៊ី ចំណែក​ទាហាន​ដែល​រងរបួស នឹង​ទទួលបាន​សំណង​តិចជាង​នេះ​ពាក់កណ្ដាល។

    ថ្លែង​នៅក្នុង​កិច្ចប្រជុំ​របស់ ក្រុមប្រឹក្សាសន្តិសុខ កាលពី ថ្ងៃទី ៣ មីនា ប្រធានាធិបតី ពូ​ទីន ឱ្យដឹងថា គ្រួសារ​របស់ ទាហាន​រុស្ស៊ី ដែល​បាន​ស្លាប់​នៅ អ៊ុយ​ក្រែ​ន នឹង​ទទួលបាន​សំណង​ជាង ៧ លា​នរូ​ប្ល​រុស្ស៊ី (ជិត ៥៦,០០០ ដុល្លារ​អាម៉េរិក) ពី​រដ្ឋាភិបាល​រុស្ស៊ី។

    លោក ពូ​ទីន ក៏បាន​បន្ថែមថា ទាហាន​រុស្ស៊ី ដែល​រងរបួស និង​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ម្ដង ចំនួន ៣ លា​នរូ​ប្ល​រុស្ស៊ី (ជិត ២៨,០០០ ដុល្លារ​អាម៉េរិក) ចំណែក​ទាហាន​ដែល​ត្រូវ​ពិការ​ជា​រៀងរហូត នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពេញ​មួយជីវិត។

    «ប្រជាជន​រុស្ស៊ី និង​ប្រជាជន​អ៊ុយ​ក្រែ​ន គឺជា​ជនជាតិ​តែមួយ ខ្ញុំ​នឹងមិន​បោះបង់​ប្រការនេះ​ជាដាច់ខាត» ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បញ្ជាក់​ដុ​ច្នេះ។

  • ខ្លាច ​រុស្ស៊ី​ ពេក ប្រទេស​ហ្ស​ក​ហ្ស៊ី និង ម៉ុ​ល​ដាវី សុំចូល​ជា​សមាជិក​របស់ សហភាព​អឺរ៉ុប (EU)

    ខ្លាច ​រុស្ស៊ី​ ពេក ប្រទេស​ហ្ស​ក​ហ្ស៊ី និង ម៉ុ​ល​ដាវី សុំចូល​ជា​សមាជិក​របស់ សហភាព​អឺរ៉ុប (EU)

    រដ្ឋាភិបាល​របស់​ប្រទេស ២ នៅ អឺរ៉ុប​ខាងកើត គឺ ហ្ស​ក​ហ្ស៊ី (Georgia អតីត Gruzia) និង ម៉ុ​ល​ដាវី (Moldova) បានដាក់​លិខិតស្នើ​សុំចូល​ជា​សមាជិក​របស់ សហភាព​អឺរ៉ុប ក្រោយពី សភា​អឹ​រ៉ុ​ប បាន​គាំទ្រ​សំណើ​ដូចគ្នានេះ​របស់ អ៊ុយ​ក្រែ​ន។

    «ថ្ងៃនេះ យើង​បានដាក់​ពាក្យស្នើសុំ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប (EU)» នាយករដ្ឋមន្ត្រី Irakli Garibashvili កាលពី​ថ្ងៃទី ៣ មីនា បានប្រកាស​ដូច្នេះ​ក្រោយពី​បាន​ចុះហត្ថលេខា​លើ​លិខិត​ស្នើសុំ។ «ហ្ស​ក​ហ្ស៊ី គឺជា​ប្រទេស​អឺរ៉ុប ហើយនឹង​បន្ត​មានការ​រួមចំណែក​ដែលមាន​តម្លៃ​ក្នុងការ​ការពារ និង​អភិវឌ្ឍ​ទ្វីប​នេះ»។

    ការសម្រេចចិត្ត​ខាងលើ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​បក្ស​កាន់អំណាច​នៅ ហ្ស​ក​ហ្ស៊ី ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ បាន​រង​សម្ពាធ​ខ្លាំង​ពី​ក្រុមប្រឆាំង ដោយ​ស្នើឱ្យ​រដ្ឋាភិបាល​របស់​នា​យក​រដ្ឋមន្ត្រី Garibashvili យក​គំរូ​តាម អ៊ុយ​ក្រែ​ន ក្រោយពី ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បានទទួល​ការគាំទ្រ​ច្រើន​នៅពេល​លោក​បានដាក់​ពាក្យ​សុំចូល​ជា​សមាជិក EU។

    ប្រធានាធិបតី​ម៉ុលដាវី លោក​ស្រី Maia Sandu (ស្ដាំ) និង​​ប្រធានាធិបតី​អ៊ុយក្រែន លោក​ ហ្សេឡែនស្គី កាលពី​ខែ​កញ្ញា ២០២១

    ហ្ស​ក​ហ្ស៊ី មាន​ប្រជាជន​សរុប ៣.៧ លាន​នាក់ ភាគ​ខាងលិច​ជាប់​នឹង​សមុទ្រ​ខ្មៅ ភាគ​ខាងជើង និង​ខាងកើត​ជាប់​នឹង រុស្ស៊ី ចំណែក​ភាគខាងត្បូង​ជាប់​នឹង តួ​ក​គឺ និង អា​មេ​នី រីឯ​ភាគខាងត្បូង​ជាប់​នឹង អា​ស៊ែ​បៃ​ហ្ស​ង់។

    នៅក្នុង​ថ្ងៃ​ដដែល ប្រធានាធិបតី​របស់ ប្រទេស​ម៉ុ​ល​ដាវី (Moldova) លោក​ស្រី​ Maia Sandu ក៏បាន​ប្រកាសថា ប្រទេស​នេះ​បាន​ចុះហត្ថលេខា​លើ​លិខិតស្នើ​សុំចូល​ជា​សមាជិក​របស់ EU ផងដែរ។

    ប្រទេស​ម៉ុ​ល​ដាវី មាន​ប្រជាជន​សរុប​ជិត ២.៦ លាន​នាក់។ ប្រទេស​នេះ​មាន​ព្រំដែន​ខាងលិច​ជាប់​នឹង រូ​ម៉ា​នី ចំណែក​ភាគ​ខាងជើង ខាងកើត និង​ខាងត្បូង​ជាប់​នឹង អ៊ុយ​ក្រែ​ន។

    ថ្មីៗនេះ អ៊ុយ​ក្រែ​ន បានដាក់​ពាក្យ​សុំចូល​ជា​សមាជិក​របស់ EU ហើយ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ពី សភា​អឺរ៉ុប។ លោក ហ្សេ​ឡែ​ន​ស្គី បានស្នើ​ឱ្យមាន​ការដាក់​បញ្ចូល អ៊ុយ​ក្រែ​ន ទៅក្នុង សហភាព​អឺរ៉ុប ជាបន្ទាន់ ដោយ​មូល​ហេតុថា ប្រទេស​នេះ​កំពុង​រង​ការឈ្លានពាន​ពី កងទ័ព​រុស្ស៊ី។

  • អគ្គិភ័យ​ឆាបឆេះ​នៅ​រោងចក្រ​អគ្គិសនី​ថាមពល​នុយ​ក្លេ​អែរ​ធំ​បំផុត របស់ អ៊ុយ​ក្រែ​ន

    អគ្គិភ័យ​ឆាបឆេះ​នៅ​រោងចក្រ​អគ្គិសនី​ថាមពល​នុយ​ក្លេ​អែរ​ធំ​បំផុត របស់ អ៊ុយ​ក្រែ​ន

    វេលា​ទៀបភ្លឺ​ថ្ងៃទី ៤ មីនា​នេះ មាន​ហេតុការណ៍​អគ្គិភ័យ​មួយ​បានកើត​ឡើង​នៅឯ​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អែរ​ធំ​បំផុត​នៅ អ៊ុយ​ក្រែ​ន បន្ទាប់ពី​វា​ត្រូវបាន កងកម្លាំង​រុស្ស៊ី ឡោមព័ទ្ធ។

    «ក្រោយពី​មានការ​បាញ់ប្រហារ​ជា​បន្តបន្ទាប់​ទៅលើ Zaporizhzhia ដែលជា​រោងចក្រ​អគ្គិសនី​ថាមពល​នុយ​ក្លេ​អែរ​ធំ​បំផុត​នៅ អ៊ុយ​ក្រែ​ន ទីតាំង​នេះ​ក៏បាន​ឆាបឆេះ» អភិបាលក្រុង Eneerhodar លោក Dmytro Orlov បាន​សរសេរ​នៅលើ Telegram នា​ថ្ងៃនេះ។

    លោក​អភិបាលក្រុង​ខាងលើ​បាន​ហៅ​ករណីនេះ​ថា ជា «ការគំរាមកំហែង​ដល់​សន្តិសុខ​ពិភពលោក» ប៉ុន្តែ មិនទាន់បាន​ផ្ដល់ព័ត៌មាន​លំអិត​នៅឡើយ។

    រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន លោក Dmytro Kuleba ក៏បាន​ឱ្យដឹង​ដែរ​ថា «កងទ័ព​រុស្ស៊ី បាន​បាញ់​កាំជ្រួច​ពី​គ្រប់​ទិស​សំដៅលើ​រោងចក្រ Zaporizhzhia»។ លោក​ព្រមាន​ថា បើសិនជា​រោងចក្រ​នេះ​ផ្ទុះ នោះ​ការខូចខាត​នឹង​ធំ​ជាង ១០ ដង ធៀប​នឹង​គ្រោះមហន្តរាយ Chernobyl។

    ទាក់ទង​នឹង​បញ្ហា​អគ្គិភ័យ​នៅ​រោងចក្រ​ខាងលើ ភាគី​រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​ឆ្លើយតប​ណាមួយ​នៅឡើយ។

  • ភាគហ៊ុន​ធនាគារ Sberbank របស់​ រុស្ស៊ី​ ថយចុះ​ ៩៥%​ នៅ​លើ​​ផ្សារ​ហ៊ុន​ក្រុង​ឡុង​ដ៍

    ភាគហ៊ុន​ធនាគារ Sberbank របស់​ រុស្ស៊ី​ ថយចុះ​ ៩៥%​ នៅ​លើ​​ផ្សារ​ហ៊ុន​ក្រុង​ឡុង​ដ៍

    (អង់គ្លេស)-ភាគហ៊ុន​របស់ ធានា​គារ​រុស្ស៊ី Sberbank បាន​ថយចុះ ៩៥% នៅលើ​ផ្សារ​ហ៊ុន​ក្រុង​ឡុង​ដ៍ (London) នៅក្នុង​ថ្ងៃ​ពុធ (ថ្ងៃ​ព្រហស្បតិ៍ នៅ កម្ពុជា) និង​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ​ទាប​បំផុត បន្ទាប់ពី​ធនាគារ​នេះ​ប្រកាស​ដកខ្លួន​ពី ទីផ្សារ​អឺរ៉ុប។

    ក្រុមហ៊ុន​ផ្ដល់ប្រាក់​កម្ចី​ធំ​បំផុត​របស់ រុស្ស៊ី ឱ្យដឹងថា ពួកគេ​មានការ​បារម្ភ​អំពី​សុវត្ថិភាព​របស់​បុគ្គលិក និង​ទ្រព្យសម្បត្តិ​របស់​ពួកគេ​នៅ អឺរ៉ុប។

    ធនាគារកណ្ដាល​របស់ អឺរ៉ុប បានចេញ​បញ្ជា​ឱ្យ​បិទទ្វារ​បណ្ដា​សាខា​នៅ អឺរ៉ុប របស់ Sberbank នេះ​បើតាម​ការ​ឱ្យដឹងពី​អាជ្ញាធរ​គ្រប់គ្រង​ទីផ្សារ​ហិរញ្ញវត្ថុ​របស់ អូទ្រីស។ ប្រការនេះ​បង្ហាញថា Sberbank ដួលរលំ ឬ​មាន​ហានិភ័យ​ដួលរលំ ក្រោយពី​ការឈ្លានពាន​របស់ រុស្ស៊ី លើ អ៊ុយ​ក្រែ​ន បាន​បង្កឱ្យមាន​វិបត្តិ​ធ្ងន់ធ្ងរ។

    ភាគហ៊ុន​របស់​ធនាគា​រ Sberbank បញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃ​ពុធ មានតម្លៃ​ទាប​ជាង ៧៨% នៅ​ផ្សារ​ហ៊ុន​ក្រុង​ឡុង​ដ៍។ ធនាគារ​នេះ​បាន​បាត់បង់​តម្លៃ ៩៩.៩% ចាប់ពី​ដើមឆ្នាំ​រហូតដល់​បច្ចុប្បន្ន។