ត្រូវបាន​ទ័ព​រុស្ស៊ី ឡោមព័ទ្ធ ទីក្រុង​របស់ អ៊ុយ​ក្រែ​ន សុំ​ជំនួយ

លោក Vadym Boychenko អភិបាលក្រុង Mariupol

អភិបាលក្រុង Mariupol អំពាវនាវ​សុំ​ជំនួយ និង​បើក​ច្រក​សម្រាប់​សកម្មភាព​មនុ​ស្ស​ធម៌ នៅពេល​ទីក្រុង​នេះ​កំពុង​ដាច់​ភ្លើង ទឹក និង​ស្បៀង ដោយសារ​ត្រូវ កងទ័ព​រុស្ស៊ី ឡោមព័ទ្ធ។

Vadym Boychenko ដែលជា​អភិបាលក្រុង Mariupol នៅ​ភាគ​អាគ្នេយ៍​របស់ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ៤ មីនា បាន​អំពាវនាវ​សុំ​ជំនួយ​យោធា និង​ការបង្កើត​ច្រក​ទទួល​ជំនួយ​មនុស្សធម៌ នឹង​ជម្លៀស​មនុស្ស​មួយចំនួន​ក្នុងចំណោម​ប្រជាជន ៤០០,០០០ នាក់ ទៅរក​ទី​សុវត្ថិភាព បន្ទាប់ពី​ត្រូវ​ជាប់​ក្នុងការ​ឡោមព័ទ្ធ និង​ការវាយប្រហារ​អស់​រយៈពេល ៥ ថ្ងៃ ពី​ភាគី កងទ័ព​រុស្ស៊ី។

«យើង​កំពុង​ត្រូវបាន​គេ​ប្រល័យ» Boychenko បាន​ថ្លែង​ដូច្នេះ​នៅលើ​កញ្ចក់​ទូរទស្សន៍ ដោយ​ចោទថា កម្លាំង​របស់ រុស្ស៊ី បាន​បាញ់​គ្រាប់​ប្លោង​មកលើ​ទីប្រជុំជន និង​មន្ទីរពេទ្យ។ «ពួកគេ​ចង់​លុបបំបាត់ Mariupol និង​ប្រជាជន​នៅក្នុង​ក្រុង»។

មេបញ្ជាការរង​ម្នាក់​នៃ​អង្គភាព Azov របស់​កងទ័ព​ការពារជាតិ​អ៊ុយ​ក្រែ​ន ឱ្យដឹងថា កងទ័ព​អ៊ុយ​ក្រែ​ន កំពុង​រក្សាបាន​ជំហរ​នៅ​ចំពោះ​មុខការ​វាយ​សម្រុក​របស់ កងទ័ព​រុស្ស៊ី មកលើ​ក្រុង Mariupol ប៉ុន្តែ ត្រូវការ​ជំនួយ​ច្រើន។

រុស្ស៊ី និង អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ៣ មីនា បាន​យល់ព្រម​បើក​ឱ្យមាន​ច្រក​សុវត្ថិភាព​សម្រាប់​ជំនួយ​មនុស្សធម៌ ដើម្បី​ផ្ដល់ឱកាស​ឱ្យ​ប្រជាជន​ភៀសខ្លួន ដែល​នេះ​គឺជា​លទ្ធផល​ជាក់ស្ដែង​ដំបូង បន្ទាប់ពី​ការចរចា ២លើក។

Advertisement