Author: សឿន សំណាង

  • ប្រធានាធិបតីអ៊ុយក្រែន ផ្ញើសារទៅកាន់ស្ត្រីជាម្ដាយទាំងឡាយរបស់ ទាហានរុស្ស៊ី

    ប្រធានាធិបតីអ៊ុយក្រែន ផ្ញើសារទៅកាន់ស្ត្រីជាម្ដាយទាំងឡាយរបស់ ទាហានរុស្ស៊ី

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី បាន​អំពាវ​ឱ្យ​ស្ត្រី​ជា​ម្ដាយ​របស់ ទា​ហា​រុស្ស៊ី ស្វែងរក​វិធី​ដើម្បី​ទប់ស្កាត់​កូនប្រុស​របស់​ពួកគេ ដែល​ត្រូវបាន​បញ្ជូន​ឱ្យមក​ចូលរួម​ធ្វើសង្គ្រាម​ប្រឆាំង អ៊ុយ​ក្រែ​ន។

    «ជាថ្មី​ម្ដងទៀត ខ្ញុំ​ចង់​និយាយ​អំពី​ប្រការនេះ​ជាមួយ​ស្ត្រី​ជា​ម្ដាយ​ទាំងឡាយ​នៅ រុស្ស៊ី ពិសេស​គឺ​អ្នក​ម្ដាយ​របស់​ទាហាន​ជាប់​កាតព្វកិច្ច។ សូមកុំ​បណ្ដោយឱ្យ​កូន​របស់​គ្រប់គ្នា ទៅធ្វើ​សង្គ្រាម​នៅ​បរទេស» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មឿ ហ្សេ​ឡែ​ន​ស្គី ថ្លែង​ដូច្នេះ​នៅក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​លើ Telegram នា​ថ្ងៃនេះ។

    «សូម​ពិនិត្យមើល តើ​កូន​របស់​គ្រប់គ្នា​កំពុងស្ថិត​នៅទីណា។ ហើយ​បើសិន​សង្ស័យថា កូន​របស់ខ្លួន​អាច​ត្រូវបាន​បញ្ជូន​មកកាន់ អ៊ុយ​ក្រែ​ន សូម​ធ្វើ​សកម្ម​ភាពជា​ប្រញាប់។ អ៊ុយ​ក្រែ​ន មិនដែល​ចង់ឱ្យមាន​សង្គ្រាម​ដ៏​ឃោរឃៅ​នេះឡើយ ប៉ុន្តែ ចាំបាច់​ត្រូវតែ​ការពារ​ខ្លួន​ឱ្យដល់​ទីបំផុត» លោក ហ្ស​ឡែ​ស្គី បញ្ជាក់។

    ព័ត៌មាន​ខាងលើ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី កងទ័ព​អ៊ុយ​ក្រែ​ន ប្រកាសថា បាន​ចាប់ខ្លួន ទាហាន​រុស្ស៊ី រាប់សិប​នាក់ ដែល​កំពុង​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។ អ៊ុយ​ក្រែ​ន ក៏បាន​ប្រកាស​លេខ​ទូរស័ព្ទ និង​អ៊ីម៉េល របស់ ទាហាន​រុស្សី ទាំងនោះ​ផងដែរ ដើម្បីឱ្យ​ក្រុមគ្រួសារ​អាចទាក់ទង​បាន។

  • រុស្ស៊ី ថា កម្លាំង​ផ្ដាច់ខ្លួន ដណ្ដើមបាន​ទីក្រុង​មួយទៀត​របស់ អ៊ុយ​ក្រែ​ន

    រុស្ស៊ី ថា កម្លាំង​ផ្ដាច់ខ្លួន ដណ្ដើមបាន​ទីក្រុង​មួយទៀត​របស់ អ៊ុយ​ក្រែ​ន

    ក្រសួងការពារជាតិ​រុស្ស៊ី បានប្រកាសថា កងទ័ព​សាធារណរដ្ឋ​ប្រជាមានិត Donetsk ដណ្ដើមបាន​ទីក្រុង Volnovakha នៅ​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន ក្រោយ​ការប្រយុទ្ធ​គ្នា​អស់​រយៈពេល​ជាង ២ សប្ដាហ៍។

    ឧ​ត្ត​ម​សេនីយ៍​ទោ Igor Konashenkov អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី កាលពី​ថ្ងៃទី ១១ មីនា បានប្រកាសថា ក្រុម​ទាហាន​របស់​សាធារណរដ្ឋ​ប្រជាមានិត Donetsk បាន «រំដោះ» ទីក្រុង Volnovakha និង​តំបន់​ប្រជុំជន​មួយចំនួន​នៅ​ជុំវិញ​ទីក្រុង​នេះ។ សាធារណរដ្ឋ​ប្រជាមានិត Donetsk ត្រូវបាន​ផ្ដាច់ខ្លួន និង​បង្កើតឡើង​នៅ​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន ហើយ​ទើប​ត្រូវបាន រុស្ស៊ី ទទួលស្គាល់​កាលពីពេលថ្មីៗនេះ។

    Volnovakha ជាទី​ក្រុង​ដែលមាន​ផ្ទៃក្រឡា​ប្រហែល ២១ គីឡូម៉ែត្រ និង​មាន​ប្រជាជន​សរុប​ជិត ២២,០០០ នាក់ ហាក់​ត្រូវបាន​ឡោមព័ទ្ធ​តាំងតែ​ពីថ្ងៃ​ដែល រុស្ស៊ី ចាប់ផ្ដើម​យុទ្ធនាការ​យោធា នៅ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ។ ការប្រយុទ្ធ​ដណ្ដើម​កាន់កាប់​ទីក្រុង​នេះ កើតឡើង​យ៉ាង​ខ្លាំងក្លា នៅ​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ។

    ឧ​ត្ត​ម​សេនីយ៍ Konashenkov បន្ថែមថា បច្ចុប្បន្ន កម្លាំង​ផ្ដាច់ខ្លួន Donetsk សម្រុក​ទៅមុខ​បាន​ប្រហែល ៦ គីឡូម៉ែត្រ​ទៀត និង​បន្ត​ឡោមព័ទ្ធ Mariupol ជាទី​ក្រុង​នៅ​ភាគខាងត្បូង ធៀប​នឹង​ទីក្រុង Volnovakha របស់ អ៊ុយ​ក្រែ​ន។

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​ ហ្សេឡែនស្គី​ កាលពី​ថ្ងៃទី ១១ មីនា ថ្លែងថា ក្បួន​រថយន្ត​ជំនួយ​មនុស្សធម៌ មិនអាច​ចូលទៅក្នុង​ទីក្រុង Volnovakha ប៉ុន្តែ មិនបាន​ទទួលស្គាល់ថា ទីក្រុង​នេះ​ត្រូវបាន​ធ្លាក់​ទៅលើ​ដៃ​របស់​កងទ័ព​ផ្ដាច់ខ្លួន Donetsk នោះទេ។

  • កងកម្លាំង​រុស្ស៊ី ចាប់ខ្លួន​អភិបាលក្រុង​របស់ អ៊ុយ​ក្រែ​ន

    កងកម្លាំង​រុស្ស៊ី ចាប់ខ្លួន​អភិបាលក្រុង​របស់ អ៊ុយ​ក្រែ​ន

    ទាហាន​រុស្ស៊ី បាន​ចាប់ខ្លួន Ivan Fedorov ដែលជា​អភិបាលក្រុង Melitopol ខណៈ​កម្លាំង​ផ្ដាច់ខ្លួន​នៅ Luhansk ចោទ​អភិបាល​រូបនេះ​ថា ប្រព្រឹត្ត​អំពើ​ភេរវកម្ម។

    «យោងតាម​ព័ត៌មាន​ដំបូង លោក Ivan Fyodorov អភិបាលក្រុង Melitopol ត្រូវបាន​ទាហាន​រុស្ស៊ី ចាប់ខ្លួន​ប្រហែល ១ ម៉ោង​មុននេះ» Kyrylo Tymoshenko ដែលជា​អនុប្រធាន​ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ថ្ងៃនេះ បានឱ្យដឹង​ដូច្នេះ។

    មូលហេតុ​ដែលនាំឱ្យ​លោក Fedorov ត្រូវបាន​ក្រុម​ទាហាន​រុស្ស៊ី ចាប់ខ្លួន គឺ​ដោយសារ​លោក «មិន​ព្រម​សហការ»។ «ពេល​កំពុង​ត្រូវបាន​ចាប់ខ្លួន ក្នុង​ការិយាល័យ​របស់​លោក Fedorov នៅមាន ទង់ជាតិ​អ៊ុយ​ក្រែ​ន នៅឡើយ» លោក Anton Gerashchenko ទីប្រឹក្សា​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អ៊ុយ​ក្រែ​ន អះអាង​ដូច្នេះ។

    ក្រោយ​ការចាប់ខ្លួន​លោក Fedorov ចៅក្រម​តុលាការខេត្ត Luhansk ដែលជា​តំបន់​ផ្ដាច់ខ្លួន​នៅ ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន បានប្រកាសថា លោក Fedorov បាន​បំពាន​ច្បាប់​ប្រឆាំង​ភេរវកម្ម និង​កំពុង​ត្រូវបាន​ស៊ើបអង្កេត។

    ចំណែក ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន បាន​ចោទថា ការចាប់ខ្លួន​អភិបាលក្រុង Melitopol គឺជា «អំពើ​ចាប់ជំរិត និង​រំលោភច្បាប់​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ»។

    បច្ចុប្បន្ននេះ ទីក្រុង Melitopol កំពុង​ត្រូវបាន​គ្រប់គ្រង​ដោយ កងទ័ព​រុស្ស៊ី។ ភាគី​រុស្ស៊ី មិនទាន់មាន​ការអធិប្បាយ​អ្វី​ទាក់ទង​នឹង​ការចោទប្រកាន់​ពី ភាគី​អ៊ុយ​ក្រែ​ន នៅឡើយ ក្នុងករណី​ខាងលើ។

  • ជប៉ុន ផ្ដល់​ប្រាក់​ជំនួយ​ដល់​និស្សិត​បរទេស​ដែល​ជួប​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ

    ជប៉ុន ផ្ដល់​ប្រាក់​ជំនួយ​ដល់​និស្សិត​បរទេស​ដែល​ជួប​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ

    រាជរដ្ឋាភិបាល​ជប៉ុន ផ្ដល់ប្រាក់​ជំនួយ​ដល់​និស្សិត​អន្តរជាតិ​ជួប​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​ម្នាក់ ៨៦០ ដុល្លារ​អាម៉េរិក នៅពេល​ពួកគេ​ចូលមក​សិក្សា​នៅ​ប្រទេស​នេះ នៅក្នុង​ខែមីនា។

    សារព័ត៌មាន NHK កាលពី​ថ្ងៃទី ១០ មីនា បានឱ្យដឹងថា និស្សិត​គ្រប់រូប​ដែល​ចូលមក​សិក្សា​ក្នុង ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃនេះ​ដល់​ចុងខែ នឹង​ទទួលបាន​ជំនួយ​ជា​ប្រាក់ ១០០,០០០ យ៉េន (៨៦០ ដុល្លារ​អាម៉េរិក) បើសិន​ជាមាន​លក្ខខណ្ឌ​គ្រប់គ្រាន់។ ខ្ទង់​ជំនួយ​នេះ​ត្រូវបាន​ប្រគល់ជូន​និស្សិត​ដែល​ជួប​ការលំបាក​ផ្នែក​សេដ្ឋកិច្ច ដោយសារតែ​ពិបាក​រក​ការងារ​បន្ថែម ព្រោះ​ផលប៉ះពាល់​ពី កូ​វីដ-១៩ ឬ​មូលហេតុផ្សេង។

    ជប៉ុន បាន​បន្ធូរបន្ថយ​វិធានការ​រឹតបន្តឹង​ព្រំដែន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល ចាប់ពី​ថ្ងៃទី ១ មីនា ដោយ​អនុញ្ញាតឱ្យ​ជនបរទេស​មិនមែនជា​ទេសចរ ចូលមក​ប្រទេស​នេះ។

    ប្រាក់​ជំនួយ ៨៦០ ដុល្លារ/និស្សិត​ម្នាក់​ខាងលើនេះ នឹងត្រូវ​បាន​ផ្ទេរ​ទៅឱ្យ​និស្សិត​នៅ​ចុងខែ​នេះ ក្រោយពី​ក្រុមមន្ត្រី​ជប៉ុន បាន​ពិនិត្យ​ពាក្យ​ចុះឈ្មោះ​រួចរាល់។

    ជប៉ុន បច្ចុប្បន្ន មាន​គម្រោង​អនុញ្ញាតឱ្យ​និស្សិត​បរទេស​ប្រហែល ១០,០០០ នាក់ ចូលមក​ប្រទេស​នេះ​ជា​រៀងរាល់​សប្ដាហ៍ នៅក្នុង​ផែនការ​គោលដៅ​ទទួល​និស្សិត ១១០,០០០ នាក់ ដែល​ធ្លាប់​ត្រូវបាន​ជប៉ុន​បដិសេធ ព្រោះ​វិបត្តិ​សុខភាព។ គម្រោង​នេះ​នឹង​ត្រូវបាន​អនុវត្ត​ចាប់ពី​ពាក់កណ្ដាល​ខែមីនា នៅពេល​វិធានការ​រឹតបន្តឹង​ព្រំដែន​ត្រូវបាន​បន្ធូរបន្ថយ​ជា​បន្ត៕

  • ទ្វីបអាស៊ី អាច​ទិញ​ប្រេង​របស់ ប្រទេសរុស្ស៊ី បាន​ប៉ុន្មាន?

    ទ្វីបអាស៊ី អាច​ទិញ​ប្រេង​របស់ ប្រទេសរុស្ស៊ី បាន​ប៉ុន្មាន?

    តម្រូវការ​ពី ទ្វីបអាស៊ី ដែលជា​ទីផ្សារ​ធំ​លំដាប់​ជួរមុខ​របស់​ពិភពលោក បច្ចុប្បន្ន​មាន​សារសំខាន់​ខ្លាំង​ចំពោះ ទីក្រុង​មូ​ស្គូ ក្នុងពេលដែល​ប្រេង​របស់ រុស្ស៊ី ត្រូវបាន​លោកខាងលិច​បដិសេធ។

    ពីរ​សប្ដាហ៍ បន្ទាប់ពី រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន សំណួរ​សំខាន់​ដែល​កាន់តែ​ទទួលបាន​ចំណាប់អារម្មណ៍ នោះ​គឺថា តើ​ទ្វីបអាស៊ី អាច​ទិញ​ប្រេង​ពី រុស្ស៊ី បាន​ប៉ុន្មាន? ស្រប​ពេលដែល អាម៉េរិក និង អង់គ្លេស បានប្រកាស​ហាម​ការនាំ​ចូល​ប្រេង​របស់ រុស្ស៊ី ក្នុង​គ្រា​ដែល​ក្រុមហ៊ុន​ប្រេងធំៗនៅ អឺរ៉ុប តាំងពី Shell, TotalEnergies, BP រហូតដល់ Eni បាន​ផ្អាក​ការទិញ​ផលិត​របស់ រុស្ស៊ី។ ដូច្នេះ ចំណាប់អារម្មណ៍​ក៏ត្រូវ​បាន​បង្វែង​ទៅរក​ទីផ្សារ​បន្ទាប់​របស់ ប្រេង​រុស្ស៊ី។

    ក្នុងអំឡុង​ពេលនេះ តម្រូវការ​ពី អាស៊ី ដែលជា​ទីផ្សារ​នាំចូល​ប្រេង​លំដាប់​កំពូល​របស់​ពិភពលោក ពិសេស​គឺ ប្រទេស​ចិន គឺ​ពិត​ជាមាន​សារសំខាន់​សម្រាប់ រុស្ស៊ី។

    ក្នុង​សេណា​រី​យ៉ោ «តំបន់​នេះ​ទិញ តំបន់​នោះ​មិន​ទិញ» ជា​លទ្ធផល​ចុងក្រោយ អាច​គ្រាន់តែ​ជាការ​ប្ដូរ​ទិស​នៃ​លំហូរ​ប្រេង​តែប៉ុណ្ណោះ។ ឧទាហរណ៍ ទ្វីបអាស៊ី ទិញ​ប្រេង​ពី រុស្ស៊ី ច្រើនជាង​មុន ខណៈ អឺរ៉ុប ងាក​ទៅ​ទិញ​ប្រេង​របស់​បណ្ដា​ប្រទេស​នៅ មជ្ឈិមបូព៌ា។ ដូច្នេះ ការដាក់ទណ្ឌកម្ម​រប​ស់ បស្ចិម​លោក នឹងមិន​បង្ក​ការខូចខាត​ធ្ងន់​ធ្ងន់​ដល់ រុស្ស៊ី និង​ប្រភព​ផ្គត់ផ្គង់​ទូទាំង​សកលលោក។

    រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov ក៏មាន​ទំនុកចិត្ត ប្រទេស​នេះ​អាច​លក់​ប្រេង​របស់ខ្លួន​បាន​។ «បើសិន​ចង់​ស្វែងរក​វិធីសាស្ត្រ​មក​ជំនួស ពួកគេ​បន្តធ្វើ​ចុះ។ យើង​នឹងមាន​ទីផ្សារ​ផ្សេង​ដើម្បី​ផ្គត់ផ្គង់។ យើង​មាន​រួចហើយ» លោក Lavrov បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ តួ​ក​គី កាលពី​ថ្ងៃទី ១០ មីនា ដូច្នេះ។

    ចន្លោះប្រហោង​នៃ​តម្រូវការ​ប្រេង

    ក្រុម​អ្នក​ជំ​នួញ​នៅ អាស៊ី និង អឺរ៉ុប ឱ្យដឹងថា បច្ចុប្បន្ននេះ ហាក់​ឆាប់​ពេក​នៅពេល​និយាយថា អ្នកទិញ​នៅ អាស៊ី អាច​​បំពេញ​ចន្លោះប្រហោង​នៃ​តម្រូវ​ការ​ប្រេង​ ដែល អឺរ៉ុប បាន​បន្សល់ទុក​ដែរ ឬទេ។ បណ្ដា​ក្រុមហ៊ុន កំពុងតែ​ចរចា​ដោយ​សម្ងាត់ ហើយ​អ្នកទិញ​ក៏មាន​ការប្រុងប្រយ័ត្ន។ បច្ចុប្បន្ន មិនទាន់មាន​ទណ្ឌកម្ម​ណាមួយ​ដែល​ដាក់​ផ្ទាល់​ទៅលើ​ការជួញដូរ​បែបនេះ។

    ក៏ប៉ុន្តែ យោងតាម​ក្រុម​អ្នករកស៊ី​ខាង​ប្រេង ការរៀបចំ​ប្រភព​ហិរញ្ញវត្ថុ​ដើម្បី​ទៅ​ទិញ​ក៏​កំពុង​ក្លាយជា​បញ្ហា​ចោទ ដោយសារ​ទណ្ឌកម្ម​សំដៅលើ រុស្ស៊ី។ ការដែល Shell កាលពី​សប្ដាហ៍​មុន​ត្រូវ​រង​ការរិះគន់ នៅពេល​ទិញ​ប្រេង ១០០,០០០ តោន ពី រុស្ស៊ី ក៏​បាន​ធ្វើឱ្យ​ក្រុមហ៊ុន​នេះ​រារែក។

    បច្ចុប្បន្ន បណ្ដា​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​នៅ អាស៊ី ក្នុងនោះ​មាន​ទាំង​ក្រុមហ៊ុន​របស់ ចិន ជាដើម ដែល​ស្ថិតក្នុង​ក្រុម​អ្នកទិញ​ប្រេង​ច្រើន​បំផុត​ពី រុស្ស៊ី ក៏​មិនទាន់​ពិចារណា​ក្នុង​ការទិញ​ប្រេង​​បន្ថែម​ពី មូ​ស្គូ នៅឡើយ។

    ការប្រុងប្រយ័ត្ន

    យោងតាម​បណ្ដា​ក្រុមហ៊ុន​គក់​ជេរ​ផ្នែក​ដឹកជញ្ជូន​តាមផ្លូវ​ទឹក ថ្មីៗនេះ​មិនទាន់មាន​កប៉ាល់​ខ្នាត​ធំ​ណាមួយ​ត្រូវបាន​ជួល​ដើម្បី​ដឹក​ប្រេង Urals មកកាន់ អាស៊ី។

    Unipec ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់ Sinopec Group (ចិន) បាន​កក់​កប៉ាល់ Agios Fanourios I មួយគ្រឿង​កាលពី​ចុងខែ​មុន​ដើម្បី​ដឹក​ប្រេង Urals នៅក្នុង​ខែមីនា មកកាន់ ប្រទេស​ចិន។ ប៉ុន្តែ ដំណើរការ​នៃ​ការបញ្ជាទិញ មិនទាន់បាន​សម្រេច​ជា​ស្ថាពរ​នៅឡើយ។

    Unipec ធ្លាប់ជា​អតិថិជន​មួយ​ក្នុងចំណោម​អ្នកទិញ​ប្រេងធំៗចំនួន ៥ របស់​ប្រេង Urals ក៏ប៉ុន្តែ នោះ​គឺជា​សម័យមុន​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    តម្លៃ​ប្រេង​ស្ថិតនៅក្នុង​កម្រិត​ខ្ពស់ ហើយ​លទ្ធភាព​ដែល​មបស្ចិ​ម​លោក​ដាក់ទណ្ឌកម្ម​បន្ថែម កំពុង​ធ្វើឱ្យ​បណ្ដា​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​ឯកជន​នៅ ប្រទេស​ចិន ពិបាក​រៀបចំ​ទុន។ ចំណាយ​ដែល​ទាក់ទង​នឹង រុស្ស៊ី ក៏​កើនឡើង​ខ្ពស់​ខ្លាំង នាំឱ្យ​ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​កាន់តែ​លំបាក។ ដូច្នេះ ជំនួស​ឱ្យ​ការទិញ​ប្រេង​របស់ រុស្ស៊ី ក្រុមហ៊ុន​នានា​កំពុង​ពិចារណា​កាត់បន្ថយ​បរិមាណ​ប្រេង​ឆៅ​ដែល​ពួកគេ​អាច​ចាត់ការបាន​ នេះ​បើតាម Bloomberg។

    ឥណ្ឌា ដែល​ជា​ប្រទេស​មិនទាន់​រិះគន់​លើ រុស្ស៊ី ទាក់ទង​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បច្ចុប្បន្ន សកម្មភាព​ទិញ​ប្រេង Urals ក៏​លែង «អ៊ូអរ» ដូច​មុន។

    ការប្រុងប្រយ័ត្ន​នេះ​ត្រូវ​បានបង្ហាញ​កាន់តែច្បាស់ តាមរយៈ​តម្លៃ​ប្រេង​ឆៅ​ពី​ភាគ​ខាងកើត​របស់ រុស្ស៊ី។ កាលពីដើម​សប្ដាហ៍​នេះ ប្រេង Sokol ប្រគល់​ក្នុង​ខែឧសភា ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ទាប​ជាង ១៤ ដុល្លារ ក្នុង ១ ធុង បើ​ធៀប​នឹង​តម្លៃ​ប្រេង​នៅ ឌូ​បៃ។ កាលពី​ដើមខែ​នេះ ប្រេង Sokol មាន​តម្លៃ​ថ្លៃ​ជាង​ប្រេង​នៅ ឌូ​បៃ ជាង ១ ដុល្លារ​អាម៉េរិក ឯណោះ​៕

  • កូវីដ-១៩! កម្ពុជា រកឃើញអ្នកឆ្លងថ្មី ជាង ២០០ នាក់ និង​ស្លាប់​ម្នាក់​​ទៀត​ ក្នុង​អំឡុង ២៤ ម៉ោង​នៃ​ថ្ងៃទី ១០ មីនា

    កូវីដ-១៩! កម្ពុជា រកឃើញអ្នកឆ្លងថ្មី ជាង ២០០ នាក់ និង​ស្លាប់​ម្នាក់​​ទៀត​ ក្នុង​អំឡុង ២៤ ម៉ោង​នៃ​ថ្ងៃទី ១០ មីនា

    ក្នុង​ចំណោម​អ្នក​វិជ្ជមាន​ថ្មី​ទាំង​ ២៣៧ នាក់ មានករណីឆ្លង​ក្នុង​សហគមន៍ ២០៧ នាក់ និង​អ្នកដំណើរពីបរទេស ៣០ នាក់ ដែល​ទាំង​អស់​សុទ្ធ​តែ​ជា​ករណី អូមីក្រុង។

  • (វីដេអូ)-អ៊ុយ​ក្រែ​ន បញ្ចេញ​វីដេអូ «វាយឆ្មក់​លើ​ក្បួន​យាន​យោធា​រុស្ស៊ី»

    (វីដេអូ)-អ៊ុយ​ក្រែ​ន បញ្ចេញ​វីដេអូ «វាយឆ្មក់​លើ​ក្បួន​យាន​យោធា​រុស្ស៊ី»

    កងទ័ព​អ៊ុយ​ក្រែ​ន បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញ​អំពី​ទិដ្ឋភាព​ក្បួន​រថពាសដែក​ដែល​ត្រូវបាន​គេ​អះអាងថា​ជា​របស់ រុស្ស៊ី ត្រូវបាន​វាយឆ្មក់ និង​រង​ការខូចខាត​ធ្ងន់ធ្ងរ​នៅ ជាយក្រុង​កៀវ។

    វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​ដោយ​កងទ័ព​របស់ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ១០ មីនា បង្ហាញថា ក្បួន​រថពាសដែក និង​រថក្រោះ ត្រូវ​រង​ការវាយប្រហារ​ជា​បន្តបន្ទាប់​នៅលើ​ដងផ្លូវ​មួយ។ អ៊ុយ​ក្រែ​ន និយាយថា ក្បួនទ័ព​ដែល​រង​ការវាយប្រហារ​នេះ គឺជា​របស់ កងទ័ព​រុស្ស៊ី ប៉ុន្តែ មិនទាន់​ឱ្យដឹង​ច្បាស់​អំពី​ទីតាំង​សមរភូមិ​នៅឡើយ។

    វីដេអូ​នេះ​ត្រូវបាន​បញ្ចូល​សំឡេង​ដែល​ទំនងជា​ការទាក់ទងរ​វាង​មន្ត្រី​យោធា​រុស្ស៊ី ជាមួយនឹង​ថ្នាក់លើ និង​ត្រូវបាន អ៊ុយ​ក្រែ​ន ស្ទាក់​ស្ដាប់​បាន។ «យើង​បាន​បាត់បង់​កងពល ៦» មន្ត្រី​យោធា​នេះ ប្រាប់​មេបញ្ជាការ​របស់ខ្លួន។ «ខ្ញុំ​មិនអាច​រាយការណ៍​អំពី​កងពល ។ ខ្ញុំ​កំពុង​ប្រមូល​ព័ត៌មាន។ ខូចខាត​ច្រើនណាស់។ ផ្នែក​ខាងមុខ​របស់​ក្បួន​យាន​យោធា​ត្រូវបាន​វាយឆ្មក់។ ប្រធាន​កងពល​បាន​បាត់បង់​ជីវិត»។

    កងទ័ព​អ៊ុយ​ក្រែ​ន និយាយថា មេបញ្ជាការ​នៃ​កងពល​លេខ៦ របស់ កងទ័ព​រុស្ស៊ី បាន​ស្លាប់​ក្នុងករណី​វាយឆ្មក់ ក្នុងពេលដែល​សារព័ត៌មាន​អ៊ុយ​ក្រែ​ន ផ្សាយ​ថា មេបញ្ជាការ​អាចជា​វរ​សេនីយ៍​ឯក Andrei Zakharov ប៉ុន្តែ ព័ត៌មាន​នេះ​មិនទាន់​ត្រូវបាន​ផ្ទៀងផ្ទាត់​នៅឡើយ។

    ទំព័រ​ស៊ើបអង្កេត Bellingcat ឱ្យដឹងថា កំណត់​បាន​នូវ​ទីតាំង​នៃ​ករណី​វាយឆ្មក់​ក្នុង​វីដេអូ​នេះ។ ហេតុការណ៍​កើតឡើង​នៅ​ទីប្រជុំជន​មួយ ក្បែរផ្លូវ E៩៥ ដែលមាន​ចម្ងាយ​ពី រដ្ឋធានី​កៀវ ប្រហែល ៣៥ គីឡូម៉ែត្រ ទៅ​ទិសខាងកើត។

  • អ៊ុយ​ក្រែ​ន៖ ប្រភព​ថវិកា​សម្រាប់​ការស្ដារ​ប្រទេស​ឡើងវិញ នឹង​បានមកពី រុស្ស៊ី

    អ៊ុយ​ក្រែ​ន៖ ប្រភព​ថវិកា​សម្រាប់​ការស្ដារ​ប្រទេស​ឡើងវិញ នឹង​បានមកពី រុស្ស៊ី

    នៅពេល​ត្រូវបាន​សួរ​អំពី​ប្រភព​ហិរញ្ញវត្ថុ​សម្រាប់​ការស្ដារ​ប្រទេស​ឡើងវិញ ក្រោយពី​ការចូល​ឈ្លានពាន​ទឹកដី ពី​សំណាក់​កងទ័ព​របស់ រុស្ស៊ី ទីប្រឹក្សា​សេដ្ឋកិច្ច​របស់ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ថ្លែងថា មួយផ្នែក​នឹង​បានមកពី​ទ្រព្យសម្បត្តិ​របស់ រុស្ស៊ី។

    ទ្រព្យសម្បត្តិ​របស់ រុស្ស៊ី ដែល​កំពុង​ត្រូវបាន​បង្កក​នៅ​ពាសពេញ​ពិភពលោក ក្រោម​ការដាក់ទណ្ឌកម្ម​របស់​បស្ចិម​លោក ក្នុងនោះ​មាន​ទាំង​ទ្រព្យ​របស់ទ្រព្យ​សម្បត្តិរ​បស់​ធនាគារជាតិ​រុស្ស៊ី នៅ​បរទេស នឹងត្រូវ​បាន​រឹបអូស​យកមក​ធ្វើជា​ថវិកា​ដើម្បី​ស្ដារ​ប្រទេស​អ៊ុយ​ក្រែ​ន នេះ​បើតាមលោក Oleg Ustenko ដែលជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន។

    ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​អន​ឡាញ​មួយ​ដែល​រៀបចំ​ដោយ វិទ្យាស្ថាន​អន្តរជាតិ​សេដ្ឋកិច្ច Peterson លោក Ustenko ក៏បាន​បញ្ជាក់ថា ទ្រព្យសម្បត្តិ​របស់​ក្រុម​មហាសេដ្ឋី​រុស្ស៊ី ដែល​ត្រូវបាន​បង្ក​កនៅ​ជុំវិញ​ពិភពលោក ក៏​អាច​ត្រូវបាន​ផ្ទេរ​ចូល មូលនិធិ​ស្ដារ​ប្រទេស​អ៊ុយ​ក្រែ​ន ផងដែរ។

  • អ៊ុយ​ក្រែ​ន បាន​​ខាត​បង់​​ទ្រព្យ​សម្បត្តិច្រើន​ដល់​​កម្រិត​ណា ​ចាប់​តាំង​ពី ​រុស្ស៊ី ​បាន​​ចូល​​ឈ្លាន​ពាន?

    អ៊ុយ​ក្រែ​ន បាន​​ខាត​បង់​​ទ្រព្យ​សម្បត្តិច្រើន​ដល់​​កម្រិត​ណា ​ចាប់​តាំង​ពី ​រុស្ស៊ី ​បាន​​ចូល​​ឈ្លាន​ពាន?

    ទីប្រឹក្សា​សេដ្ឋកិច្ច​របស់ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន បានឱ្យដឹងថា រយៈពេល ២ សប្ដាហ៍​ដែល​រង​ការឈ្លានពាន​ពី ប្រទេស​រុស្ស៊ី អ៊ុយ​ក្រែ​ន ត្រូវ​ខាតបង់​យ៉ាងតិច ១០០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    Oleg Ustenko ដែលជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskiy) កាលពី​ថ្ងៃទី ១០ មីនា ថ្លែងថា ជម្លោះ​ប្រដាប់អាវុធ​ដែល​បង្កឡើង​ដោយ រុស្ស៊ី ថែមទាំង​បានធ្វើឱ្យ​ក្រុមហ៊ុន​របស់ អ៊ុយ​ក្រែ​ន ប្រមាណ ៥០% ត្រូវ​បិទទ្វារ​ទាំងស្រុង ក្នុង​គ្រា​ដែល​ពាក់កណ្ដាល​ទៀត ត្រូវ​ដំណើរការ​ក្រោម​ផលិតភាព។

    ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​អន​ឡាញ​មួយ​ដែល​រៀបចំ​ដោយ វិទ្យាស្ថាន​អន្តរជាតិ​សេដ្ឋកិច្ច Peterson លោក Ustenko ក៏បាន​បញ្ជាក់ថា តួលេខ​​នៃ​​ការ​ខាត​បង់​ ១០០ ពាន់​លាន​ដុល្លារ​នេះ ទើបតែ​ជាការ «ប៉ាន់ស្មាន» ដំបូង ប៉ុណ្ណោះ ដែល​រួមមាន​​ការ​ខូច​ខាត​​ទាក់​ទង​​នឹង​ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ សម្ភារៈ និង​ទ្រព្យសម្បត្តិ​រូបី​ផ្សេងទៀត។

    យោងតាម​លោក Ustenko ថវិកាបម្រុង​របស់ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន បច្ចុប្បន្ន មាន​ប្រហែល ២៧.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ថយចុះ​បន្តិច ធៀប​នឹង​ជិត ៣០ ពាន់​លាន​ដុល្លារ នៅមុន​សង្គ្រាម​ជាមួយ រុស្ស៊ី។

  • ​នាវាមុជទឹកដំបូង​របស់ ប្រទេស​ថៃ ជួប​ការ​លំបាក ព្រោះ​ អាល្លឺម៉ង់ មិន​ព្រម​ផ្គត់​ផ្គង់ម៉ាស៊ីន​ ឱ្យ​ ចិន

    ​នាវាមុជទឹកដំបូង​របស់ ប្រទេស​ថៃ ជួប​ការ​លំបាក ព្រោះ​ អាល្លឺម៉ង់ មិន​ព្រម​ផ្គត់​ផ្គង់ម៉ាស៊ីន​ ឱ្យ​ ចិន

    នាវាមុជទឹក S២៦T ដំបូង​របស់ ប្រទេស​ថៃ កំពុង​ត្រូវបាន​សាងសង់​ដោយ​ពុំមាន​ម៉ាស៊ីន ព្រោះតែ អាល្លឺម៉ង់ បដិសេធ​ការបញ្ជូន​សម្ភារ​មកឱ្យ ចិន។

    Yutthapong Charathien តំណាងរាស្ត្រ​បក្ស ភឿ​ថៃ កាលពី​ចុងខែ​មុន​បានឱ្យដឹងថា រោងចក្រ​សាងសង់​កប៉ាល់​ចិន កំពុង​ជួប​ការលំបាក​នៅក្នុង​ការប្រឹងប្រែង​ទិញ​គ្រឿង​ម៉ាស៊ីន​ម៉ា​ស៊ូ​ត ពី​ក្រុមហ៊ុន MTU របស់ អាល្លឺម៉ង់ បង្ក​ហានិភ័យ​យឺតយ៉ាវ​ក្នុងការ​ប្រគល់​នាវាមុជទឹក S២៦T ដែលមាន​តម្លៃ ៤០៨ លាន​ដុល្លារ ឱ្យ ប្រទេស​ថៃ។

    «ហេតុអ្វី ថៃ មិន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ដែល​អាច​ផលិត​ដោយផ្ទាល់​ខ្លួន​នូវ​គ្រឿង​ម៉ាស៊ីន​សម្រាប់​នាវាមុជទឹក? ហេតុអ្វី កងទ័ពជើងទឹក​ថៃ នៅតែ​រំពឹង​លើ​គម្រោង​ទិញ​នាវាមុជទឹក ២ គ្រឿង​ទៀត ខណៈដែល​គ្រឿង​ដំបូង​នៅ​មិនទាន់មាន​គ្រឿង​ម៉ាស៊ីន? ខ្ញុំ​យល់ថា កិច្ចព្រមព្រៀង​នេះ​មិនមាន​តម្លាភាព» Yutthapong Charathien តំណាងរាស្ត្រ​បក្ស ភឿ​ថៃ ថ្លែង​ដូច្នេះ។

    តំណាងរាស្ត្រ​រូបនេះ​ក៏បាន​ព្រមាន​អំពី​លទ្ធភាព​ដែល​នាវាមុជទឹក S២៦T របស់ ថៃ នឹងត្រូវ​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​របស់ ចិន ជំនួស​ឱ្យ​ផលិតផល​របស់ អាល្លឺម៉ង់ ដូចដែល​បាន​ព្រមព្រៀង។

    មន្ត្រី​អនុព័ន្ធយោធា​របស់ អាល្លឺម៉ង់ ប្រចាំ​ប្រទេស​ថៃ Philipp Doert សង្កត់ធ្ងន់ថា ក្រុង​បែរ​ឡាំង បដិសេធ​នាំចេញ​គ្រឿង​ម៉ាស៊ីន MTU ព្រោះតែ​វា​នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុង​ផលិតផល​យោធា​របស់ ទីក្រុង​ប៉េកាំង។ «ចិន មិនបាន​សួរ​យោបល់ ឬ​ទាក់ទង អាល្លឺម៉ង់ មុនពេល​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ប្រទេស​ថៃ ក្នុងនោះ​មាន​ប្រការ​ដែល​ចែងថា បំពាក់​គ្រឿង​ម៉ាស៊ីន របស់ អាល្លឺម៉ង់» លោក Philipp ថ្លែង​ដូច្នេះ។

    រាជរដ្ឋាភិបាល​ថៃ កាលពី​ឆ្នាំ ២០១៦ បាន​យល់ព្រម​លើ​គម្រោង​ចំណាយ ៣៦ ពាន់​លាន​បាត (១.១ ពាន់​លាន​ដុល្លារ) ក្នុង​រយៈពេល ១១ ឆ្នាំ ដើម្បី​ទិញ​នាវាមុជទឹក S២៦T របស់ ចិន។ កិច្ចព្រមព្រៀង​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ ២០១៧ ក្រោយពី រដ្ឋាភិបាល​ថៃ បានអនុម័ត​ថវិកា ៤៤០ លាន​ដុល្លារ សម្រាប់​ទិញ​នាវាមុជទឹក ១ គ្រឿង​ដំបូង។ នាវា​នេះ​បានចាប់ផ្ដើម​សាងសង់​កាលពី​ឆ្នាំ ២០១៨ ហើយ​គ្រោង​នឹង​ប្រគល់ឱ្យ ថៃ ក្នុង​ឆ្នាំ ២០២៤។

    ឆ្នាំ ២០២០ សភា​ថៃ បានអនុម័ត​បញ្ជា​ទិញ​នាវាមុជទឹក​ចិន ២ គ្រឿង​ទៀត ក្នុងតម្លៃ ២២.៥ ពាន់​លាន​បាត (៧២៤ លាន​ដុល្លារ)។ ប៉ុន្តែ ឥរិយាបថ​នេះ ទទួលបាន​ការជំទាស់​ពី ប្រជាជន ព្រោះ​កាលនោះ ថៃ កំពុង​ជួប​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ ព្រោះតែ កូ​វីដ-១។

    ថ្មីៗនេះ កងទ័ព​ថៃ បាន​ពន្យារ​សំណើ​ចំណាយ​ថវិកា​សម្រាប់​នាវាមុជទឹក ២ គ្រឿង​បន្ទាប់ ដោយ​លើក​មូល​ហេតុ្ថា «ស្ថានភាព​សេដ្ឋកិច្ច​ថៃ» មិនទាន់មាន​អំណោយផល៕