Author: សឿន សំណាង

  • ប្រទេសចិន បាញ់បង្ហោះ​ដោយ​ជោគ​ជ័យ​ «រ៉ុក្កែត hybrid» ដំបូងបង្អស់របស់ខ្លួន

    ប្រទេសចិន បាញ់បង្ហោះ​ដោយ​ជោគ​ជ័យ​ «រ៉ុក្កែត hybrid» ដំបូងបង្អស់របស់ខ្លួន

    កាំជ្រួច Long March ៦A ដែល​ប្រើប្រាស់​រួមផ្សំ​រវាង​ឥន្ធនៈ​រាវ និង​រឹង បាន​ហោះហើរ​ដោយ​ជោគជ័យ​ជា​លើកដំបូង​កាលពី​ថ្ងៃទី ២៩ មីនា។

    យោងតាម Global Times រ៉ុក្កែត​ខាងលើ​ត្រូវបាន​បាញ់​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Taiyuan ក្នុង​ខេត្ត Shanxi ភាគ​ពាយព្យ​ប្រទេស​ចិន នាំ​ផ្កាយរណប ២ គ្រឿង​ឡើងទៅ​កាន់​គន្លង​គោចរ។ ការបាញ់​បង្ហោះ​នេះ​គឺជា​ការហោះហើរ​លើក​ទី ៤១២ របស់​ស្រ​ឡាយ​រ៉ុក្កែត Long March។

    Long March ត្រូវបាន​អភិវឌ្ឍ​ដោយ វិទ្យាស្ថាន​បច្ចេកវិទ្យា​អវកាស​សៀង​ហៃ (SAST) របស់​ក្រុមហ៊ុន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​អវកាស​ចិន (CASC)។

    Long March ៦A ដែលមាន​កម្ពស់ ៥០ ម៉ែត្រ និង​ទទឹង ៣.៣៥ ម៉ែត្រ​នេះ មាន ៣ កំណាត់​សម្រាប់​ការ​រុញច្រាន រួម​នឹង​ម៉ាស៊ីន​រុញច្រាន​ចំនួន ៤ ដែល​ភ្ជាប់​នឹង​ដងខ្លួន​ផ្នែក​ខាងក្រោម។

    CASC អះអាងថា នេះ​គឺជា​កំណែ «រ៉ុក្កែត hybrid» ដំបូង​របស់ ចិន ព្រោះថា វា​ប្រើប្រាស់​ទាំង​ឥន្ធនៈ​រាវ (អុកស៊ីសែន/ប្រេងកាត) ទាំង​ឥន្ធនៈ​រឹង។

  • អាម៉េរិក បណ្ដាក់ទុន​ច្រើន​ពាន់​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​អ៊ីដ្រូសែន សម្រាប់​ជំនួស​ប្រេង

    អាម៉េរិក បណ្ដាក់ទុន​ច្រើន​ពាន់​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​អ៊ីដ្រូសែន សម្រាប់​ជំនួស​ប្រេង

    សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​សន្តិសុខ​ថាមពល​ក្លាយជា​ប្រធានបទ​ក្ដៅ ដោយសារ​តម្លៃ​ប្រេង​ឡើងថ្លៃ​ខ្ពស់ នៅពេល​បស្ចិម​លោក​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ដូច្នេះ សហរដ្ឋ​អាម៉េរិក យល់ថា អ៊ីដ្រូសែន អាចជា​គន្លឹះ​សម្រាប់​ដោះស្រាយ​បញ្ហា​ថាមពល។

    កាលពី​ថ្ងៃទី ២៨ មីនា កិច្ចពិភាក្សា​នៅក្នុង​វេទិកា​ថាមពល​សកល របស់ ក្រុមប្រឹក្សា​អា​ត្ល​ង់​ទិ​ក ដែល​ត្រូវបាន​ធ្វើឡើង​នៅ ឌូ​បៃ នៃ អេ​មី​រ៉ា​ត​អារ៉ាប់​រួម ឧបសគ្គ និង​ឱកាស​ក្នុង​វិស័យ​ថាមពល​ត្រូវបាន​ជជែក​គ្នា​យ៉ាង​ផុសផុល។

    ក្នុង​វេទិកា​នោះ លោកស្រី Anna Shpitsberg ដែលជា​ជំនួយ​ការរង​នៃ​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ផ្លាស់ប្ដូរ​ថាមពល​របស់ ក្រសួងការបរទេស​អា​ម៉េ​រិ​ក ឱ្យដឹងថា អង្គភាព​ពិសេស​អាម៉េរិក-សហភាព​អឺរ៉ុប នឹង​ផ្ដោត​សំខាន់​ទៅលើ​បណ្ដា​វិស័យ​ដូចជា ធានា​ប្រភព​ផ្គត់ផ្គង់ LNG (ឧស្ម័ន​ធម្មជាតិ​រាវ) ធានាថា បណ្ដា​ក្រុមហ៊ុន​ផលិត​របស់ អាម៉េរិក នឹង​បង្កើន​ប្រភព​ផ្គត់ផ្គង់​សម្រាប់​តំបន់ អឺរ៉ុប រហូតដល់​ឆ្នាំ ២០៣០។

    លោកស្រី Shpitsberg ក៏បាន​អះអាងថា ប្រការ​សំខាន់​នោះ​គឺថា នៅក្នុង​ដំណាក់កាល​ផ្លាស់ប្ដូរ​វិស័យ​ថាមពល គឺមាន​ការវិនិយោគ​ទៅលើ​ថាមពល អ៊ីដ្រូសែន។

    «យើង​មិនអាច​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​បច្ចេកវិទ្យា​មួយ ក៏ដូចជា​មិនអាច​ពឹង​ផ្អែកលើ​ប្រភព​ផ្គត់ផ្គង់​តែមួយ ដូច្នេះហើយ យើង​វិនិយោគ​ច្រើន​ទៅក្នុង​វិស័យ​ថាមពល​អ៊ីដ្រូសែន» លោកស្រី Shpitsberg បញ្ជាក់។

    មន្ត្រី​អាម៉េរិក រូបនេះ បាន​ហៅ អ៊ីដ្រូសែន ថា​ជា «បច្ចេកវិទ្យា​មួយ​ដែល​ផ្លាស់ប្ដូរ​ល្បែង​លេង» ព្រោះថា វា​អាច​ធ្វើជា​មូលដ្ឋាន​នៃ​នុយ​ក្លេ​អែរ សម្រាប់​ឧស្ម័ន និង​សម្រាប់​ថាមពល​កកើត​ឡើងវិញ។

    លោកស្រី Shpitsberg ថ្លែងថា «យើង​កំពុង​ប្រមូល​ធនធាន​ដែល​អាច​ប្រើប្រាស់​បាន សម្រាប់​ដំណាក់កាល​នៃ​ការផ្លាស់ប្ដូរ​ថាមពល។ នោះ​គឺជា​មូលហេតុ​ដែល​យើង​កំពុង​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​ទៅក្នុង​ការស្រាវជ្រាវ និង​អភិវឌ្ឍ​អ៊ីដ្រូសែន»។

    ថាមពល​អ៊ីដ្រូសែន អាច​ត្រូវបាន​ផលិត​តាម​វិធី​មួយចំនួន ក្នុងនោះ​ក៏មាន​វិធី​ប្រើប្រាស់​អគ្គិសនី​ដើម្បី​បំបែក​ទឹក​ទៅជា អុកស៊ីសែន និង អ៊ីដ្រូសែន។ បើសិន​អគ្គិសនី​ដែល​ប្រើ​ក្នុងការ​បំបែក​សមាសធាតុ​នោះ​មាន​ប្រភពពី​ថាមពលខ្យល់ ឬ​ព្រះអាទិត្យ នោះ អ៊ីដ្រូសែន នេះ ត្រូវបាន​ហៅថា ថាមពលបៃតង ឬ អ៊ីដ្រូសែន​កកើតឡើង​វិញ៕

  • ទីផ្សារ​ថ្ងៃទី ៣០ មីនា៖ តម្លៃ​ប្រេង មាស និង​ធញ្ញជាតិ​មួយចំនួន បន្ត​ធ្លាក់​ថ្លៃ

    ទីផ្សារ​ថ្ងៃទី ៣០ មីនា៖ តម្លៃ​ប្រេង មាស និង​ធញ្ញជាតិ​មួយចំនួន បន្ត​ធ្លាក់​ថ្លៃ

    ក្នុងការ​ជួញដូរ​កាល​ពីថ្ងៃ​ទី ២៩ មីនា តម្លៃ​របស់​ទំនិញ​ជាច្រើន​មុខ ចាប់ពី ប្រេង មាស អា​លុយ​មី​ញូ​ម ស្ករ និង​កៅស៊ូ ជាដើម បន្ត​នាំគ្នា​ធ្លាក់​ថ្លៃ ដោយសារតែ​វឌ្ឍនភាព​នៃ​ការចរចា​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន។

    ប្រេង​ធ្លាក់​ថ្លៃ ២ ដុល្លារ

    បញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ២៩ មីនា ប្រេង​ឆៅ Brent ធ្លាក់​ថ្លៃ ២.២៥ ដុល្លារ ឬ ២% ចុះមក​នៅត្រឹម ១១០.២៣ ដុល្លារ/ធុង​បារ៉ែល ខណៈ​ប្រេង WTI ធ្លាក់​ថ្លៃ ១.៧២ ដុល្លារ ឬ ១.៦% ចុះមក​នៅត្រឹម ១០៤.២៤ ដុល្លារ/ធុង។ ក្នុងការ​ជួញដូរ​នោះ ពេលខ្លះ​ប្រេង​ទាំងពីរ​ប្រភេទ​ខាងលើ បាន​ធ្លាក់​ថ្លៃ​ប្រហែល ៧%។

    មាស​ធ្លាក់​ថ្លៃ​ច្រើន​ភាគរយ

    មាស​ប្រគល់​ភ្លាម ថយចុះ ០.៤% មក​នៅត្រឹម ១,៩១៦.២៨ ដុល្លារ/អោន (១ អោន (oune) ស្មើនឹង​ជិត ៨.៣ ជី) ខណៈ​មាស​អាម៉េរិក កាលបរិច្ឆេទ​ក្នុង​ខែមេសា ធ្លាក់​ថ្លៃ ១.៤% មក​នៅត្រឹម ១,៩១២.២ ដុល្លារ/អោន។

    មូលហេតុ​ដែលនាំឱ្យ​លោហធាតុ​មានតម្លៃ​ត្រូវ​ធ្លាក់​ថ្លៃ​ដូចខាងលើ គឺ​ដោយសារ​វឌ្ឍនភាព​គួរឱ្យ​មាន​ក្ដីសង្ឃឹម​នៃ​ការចរចា​សន្តិភាព​ដែល​នឹង​អាច​បញ្ចប់សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន នាពេលខាងមុខ។

    ក្រៅពី​ប្រេង និង​មាស នៅមាន​កសិផល​មួយចំនួន ក៏​ធ្លាក់​ថ្លៃ ដូចជា កៅស៊ូ​ជប៉ុន ស្ករ សណ្ដែកសៀង ពោត និង​ស្រូវ​សាលី លើកលែងតែ​កាហ្វេ​ប្រភេទ​ខ្លះ៕

  • (វីដេអូ)-រ៉ូ​បូត​នេះ អាចធ្វើ​ត្រាប់​តាម​គ្រប់​កាយវិការ​ស្មុគស្មាញ​របស់​មនុស្ស

    (វីដេអូ)-រ៉ូ​បូត​នេះ អាចធ្វើ​ត្រាប់​តាម​គ្រប់​កាយវិការ​ស្មុគស្មាញ​របស់​មនុស្ស

    (ជប៉ុន)- EVAL-០៣ មាន​សមត្ថភាព​ធ្វើ​ត្រាប់​តាម​គ្រប់​កាយវិការ​ដែល​មនុស្ស​បានធ្វើ​នៅ​ចំពោះមុខ​វា ទៅតាម​ពេលវេលា​ជាក់ស្ដែង ព្រមទាំង​រក្សា​លំនឹង​បាន​យ៉ាង​ល្អ។

    រ៉ូ​បូត EVAL-០៣ អាចធ្វើ​ត្រាប់​តាម​សកម្មភាព​របស់​មនុស្ស​គឺ​ដោយសារ​មាន​កាមេរ៉ា​ដែល​ផ្ដិត​យក​រូបភាព​ទៅតាម​ពេលវេលា​ជាក់ស្ដែង ដែល​នេះ​បង្ហាញថា បច្ចេកវិទ្យា​រ៉ូ​បូត បាន​រីកចម្រើន​ខ្លាំង​នៅក្នុង​ការបញ្ចេញ​កាយវិការ។

    ការរាំរែក​គឺជា​សកម្មភាព​ដែល​ពិបាក​ក្នុង​ការធ្វើ​ត្រាប់​តាម​ឱ្យបាន​ល្អ ព្រោះថា ចលនា​ស្មុគស្មាញ​សុទ្ធតែ​ត្រូវ​កើត​ឡើង​​ប្រកប​ដោយ​​ភាព​ស៊ីចង្វាក់។

    រ៉ូ​បូត​រាង​មនុស្ស EVAL-០៣ មាន​កម្ពស់​ជាង ៣០ ស.ម និង​មាន​សន្លាក់​ចំនួន ២៦ កន្លែង ព្រមទាំង​មាន​បំពាក់​អង្គ​ញាណ​ដែល​អាច​កំណត់​ចំណុចកណ្ដាល​នៃ​ទម្ងន់​នៅត្រង់​បាតជើង។ វា​អាច​រក្សា​លំនឹង​បាន​យ៉ាង​ល្អ នៅពេល​កំពុង​ធ្វើ​ត្រាប់​តាម​កា​វិការ​របស់​មនុស្ស។

    EVAL-០៣ ត្រូវបាន​ក្រុមហ៊ុន Sony Interactive Entertainment ដាក់​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​មួយ​នៅ រាជធានី​តូ​ក្យូ នៃ ប្រទេស​ជប៉ុន។ ព្រឹត្តិការណ៍​តាំងពិព័រណ៍​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ១៨ មីនា កន្លងទៅ មាន​រ៉ូ​បូត​ចំនួន ១៣០ គ្រឿង​បាន​ចូលរួម ក្នុងនោះ​មាន​ប្រភេទផ្សេងៗគ្នា​រហូតដល់ ៩០ ឯណោះ។

  • អភិបាលរងក្រុង​ព្រៃនគរ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ព្រឹក​មិញ បាន​បាត់​បង់​ជីវិត

    អភិបាលរងក្រុង​ព្រៃនគរ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ព្រឹក​មិញ បាន​បាត់​បង់​ជីវិត

    (វៀតណាម)-លោក ឡេ ហួ ប៊ិ​ញ អាយុ ៥២ ឆ្នាំ ដែលជា​អភិបាល​រក​ក្រុង​ព្រៃនគរ បាន​បាត់​បង់ជីវិត​នៅ​ថ្ងៃត្រង់ ទី ២៩ មីនា ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​លើ​ផ្លូវ​ល្បឿន​លឿន ពេល​កំពុង​ជិះ​រថយន្ត​ទៅ​បំពេញ​ការ​ងារ​។

    រថយន្ត​ដឹក​អភិបាលរងក្រុង​ហូជីមិញ (ព្រៃនគរ/សៃ​ហ្គ​ន) បាន​ក្រឡាប់​នៅលើ​ផ្លូវ​ល្បឿន​លឿន​ពី ក្រុង​ព្រៃនគរ ទៅកាន់ ខេត្ត​ឡុង​អាន នៅវេលា​ម៉ោង ៧និង២០នាទី ព្រឹក​ថ្ងៃទី ២៩ មីនា នេះ​បើតាម​ប្រភពព័ត៌មាន​ពី Vnexpress។

    មូលហេតុ​ដែលនាំឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបាន​សមត្ថកិច្ច​ស​ន្និ​ដ្ឋា​ន​ថា ដោយសារ​បែក​កង់​ក្រោយ ធ្វើឱ្យ​រថយន្ត​ជ្រុល​ទៅបុក​រនាំង​ខណ្ឌ​ចែកផ្លូវ ហើយ​ក្រោយមក​ក៏​ក្រឡាប់​ដេក​ចំហៀង។ នៅក្នុង​រថយន្ត​ជួប​គ្រោះថ្នាក់​នេះ មាន​ដឹក​មនុស្ស ៣ នាក់ ក្នុងនោះ​មាន អភិបាលរងក្រុង​ព្រៃនគរ លោក ឡេ ហួ ប៊ិ​ញ ផងដែរ។

    លោក ឡេ ហួ ប៊ិញ អាយុ ៥២ ឆ្នាំ អភិបាលរកក្រុងព្រៃនគរ (ហូជីមិញ/សៃហ្គន)

    លោក ប៊ិ​ញ រងរបួស​ធ្ងន់ធ្ងរ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត ព្រោះ​នៅពេល​ត្រូវបាន​នាំ​ចូលដល់​មន្ទីរពេទ្យ លោក​ស្ថិតក្នុង​ស្ថានភាព​គ្មាន​ដង្ហើម និង​បេះដូង​ឈប់​ដើរ ចំណែក​មនុស្ស ២ នាក់​ទៀត រងរបួស​ស្រាល។

    ហូជីមិញ ឬ​ព្រៃនគរ​ គឺជា​ទីក្រុង​ធំ​ជាង​គេ​បង្អស់​ និង​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​របស់​ ប្រទេស​វៀត​ណាម។ ទីក្រុង​នេះ​មាន​ប្រជាជន​រស់​នៅ​ប្រមាណ ៩ លាន​នាក់​ នៅ​ឆ្នាំ​ ២០១៩។

    មុន​ពេល​ជនជាតិ​វៀតណាម​ មក​តាំង​ទីលំនៅ​ក្នុង​សតវត្សរ៍​ទី ១៧ ទីក្រុង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​​ នគរភ្នំ ចេនឡា និង​ កម្ពុជា​៕

  • ពិភពលោក​ទំនង​ជា​នឹង​​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា «សល់» វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩

    ពិភពលោក​ទំនង​ជា​នឹង​​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា «សល់» វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩

    ក្រោយ​មួយរយៈ​ពេលដែល​បណ្ដា​ក្រុមហ៊ុន​ឱសថធំៗ ប្រជែង​គ្នា​ក្នុង​ការផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ វី​ស័​យ​វ៉ាក់សាំង​សកល​បច្ចុប្បន្ន ហាក់​កំពុង​ឈរ​នៅ​ចំពោះមុខ​ស្ថានភាព​តម្រូវការ​ទីផ្សារ​ថយចុះ​ខ្លាំង។

    បើទោះជា​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ អាចជួយ​រក្សា​ឱ្យមាន​តម្រូវការ​នៃ​ការប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ក្នុង​ពិភពលោក ប៉ុន្តែ ស្ថានភាព​ខ្វះខាត​វ៉ាក់សាំង​ដែល​អូសបន្លាយ​ពេញ​មួយឆ្នាំ ២០២១ លែងមានទៀតហើយ។ ផ្ទុយទៅវិញ លទ្ធភាព​នៃ​ការ​សល់​វ៉ាក់សាំង​គឺមាន​ខ្ពស់​ខ្លាំងណាស់។

    យោងតាម​ក្រុមហ៊ុន​វិភាគ Airfinity វ៉ាក់សាំង​កូ​វីដ-១៩ ជាង ៩ ពាន់​លាន​ដូ​ស អាច​ត្រូវបាន​ផលិត​រួចហើយ​ក្នុង​ឆ្នាំ ២០២២ ប៉ុន្តែ តម្រូវការ​នឹង​ថយចុះ​ក្នុង​រង្វង់​ពី ២.២ ទៅ ៤.៤ ពាន់​លាន​ដូ​ស/ឆ្នាំ រាប់​ចាប់ពី​ឆ្នាំ ២០២។

    មកដល់​បច្ចុប្បន្ន វ៉ាក់សាំង​ជាង ១១ ពាន់​លាន​ដូ​ស ត្រូវបាន​ចាក់​នៅ​ទូទាំង​សកលលោក ក្នុងនោះ អត្រា​នៃ​ការចាក់​កំពុង​កើនឡើង​តែ​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ។ បន្ទាប់ពី​បាន​ដោះស្រាយ​បញ្ហា​ខ្វះ​វ៉ាក់សាំង​ក្នុង​ឆ្នាំ ២០២១ កូ​វ៉ា​ក់ (COVAX) ដែលជា​គំនិត​ផ្ដួចផ្ដើម​ដើម្បី​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​បណ្ដា​ប្រទេស​ក្រីក្រ របស់ អង្គការ​សុខភាព​ពិភពលោក បង្ហាញថា បរិមាណ​វ៉ាក់សាំង​ដែល​នៅក្នុង​ឃ្លាំង​បច្ចុប្បន្ន មាន​ច្រើនជាង​តម្រូវការ។

    បញ្ហា​ខាងលើនេះ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិមាណ​ផលិតផល​លក់​ចេញ របស់ បណ្ដា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដូចជា Pfizer និង AstraZeneca ក៏ដូចជា​បណ្ដា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ផ្គត់ផ្គង់​ក្នុងស្រុក ដូចជា ឥណ្ឌា ឬ ឥណ្ឌូណេស៊ី។ តម្លៃ​ភាគហ៊ុន​របស់​បណ្ដា​ក្រុមហ៊ុន​អភិវឌ្ឍ និង​ផលិត​វ៉ាក់សាំងល្បីៗ ក៏​ធ្លាក់ចុះ ខណៈដែល​វិធានការ​ទប់ស្កាត់​ការឆ្លង​វីរុស​នៅលើ​ពិភពលោក ក៏​ត្រូវបាន​បន្ធូរបន្ថយ​ជា​បន្តបន្ទាប់។

    មូលហេតុ​ចម្បង​បង្អស់​ដែលនាំឱ្យ​ថយចុះ​នូវ​តម្រូវការ​នៃ​ការប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ នោះ​គឺ​ការយល់ឃើញថា វីរុស​បំប្លែង​ខ្លួន អូ​មី​ក្រុង មិន​បង្ក​អាការ​ធ្ងន់ធ្ងរ​ដល់​អ្នកជំងឺ ហើយ​វ៉ាក់សាំង​ក៏​មិនអាច​ទប់ស្កាត់​ការឆ្លង​វីរុស​បាន ដោយ​គ្រាន់តែ​អាច​ទប់​មិនឱ្យ​ជំងឺ​ប្រែជា​ធ្ងន់ធ្ងរ៕

  • BA.២ ក្លាយជា​វីរុស​បំប្លែង​ខ្លួន​ថ្មី​ចម្បង​ដែល​បង្កឱ្យមាន​ជំងឺ​កូ​វីដ-១៩ នៅ​ទូទាំង​សកលលោក

    BA.២ ក្លាយជា​វីរុស​បំប្លែង​ខ្លួន​ថ្មី​ចម្បង​ដែល​បង្កឱ្យមាន​ជំងឺ​កូ​វីដ-១៩ នៅ​ទូទាំង​សកលលោក

    «កូនចៅ» សែស្រឡាយ BA.២ របស់ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង នៃ វីរុស SARS-CoV-២ (កូ​វីដ-១៩) បច្ចុប្បន្ន​គឺជា​មូលហេតុ​ចម្បង​ដែលនាំឱ្យ​មាន​ជំងឺ​កូ​វីដ-១៩ នៅលើ​ពិភពលោក ពិសេស​គឺ​នៅ អឺរ៉ុប និង អាស៊ី ធ្វើឱ្យមាន​ការបារម្ភ​អំពី​លទ្ធភាព​នៃ​ការផ្ទុះ​ឆ្លង​រាលដាល​ជាថ្មី​នៅ សហរដ្ឋ​អាម៉េរិក។

    យោងតាម អង្គការ​សុខភាព​ពិភពលោក (WHO) វ៉ា​រ្យ៉​ង់ BA.២ បច្ចុប្បន្ន បង្កឱ្យមាន​ករណី​ឆ្លង ៨៦% ក្នុងចំណោម​ករណី​ឆ្លង​កូ​វីដ-១៩ សរុប ដែល​ត្រូវបាន​វិភាគ​ហ្សែ​ន។ AB.២ មាន​សមត្ថភាព​ឆ្លង​រាលដាល​លឿន​ជាង​ឆ្ងាយ ធៀប​នឹង «បងប្អូន​បង្កើត» របស់​វា គឺ BA.១ និង BA.១.។ ក៏ប៉ុន្តែ មកដល់ពេលនេះ ភ័ស្ដុតាង​នានា​បាន​បង្ហាញថា BA.២ អាច​នឹងមិន​បង្ក​អាការ​ធ្ងន់ធ្ងរ។

    វ៉ាក់សាំង​នានា មិនសូវមាន​ប្រសិទ្ធភាព​ចំពោះ BA.២ បើ​ធៀប​ទៅនឹង​បណ្ដា​វ៉ា​រ្យ៉​ង់មុនៗ ដូចជា Alpha ឬ វីរុស​ដើម SARS-CoV-។ BA.២ ត្រូវបាន​គេ​ហៅថា វ៉ា​រ្យ៉​ង់ «បំបាំងកាយ» ព្រោះថា ពិបាក​ក្នុង​ការរកឃើញ​វា។ BA.២ រួម​នឹង «បងប្អូន» របស់​វា​មួយ​ផ្សេងទៀត គឺ BA.៣ ដែលជា​វីរុស​កំពុង​បង្ហាញខ្លួន​កាន់តែច្រើន អាច​ត្រូវបាន​រកឃើញ​នៅពេល​វិភាគ​ហ្សែ​ន​តែប៉ុណ្ណោះ ហើយ​នេះ​គឺជា​ប្រការ​ដែល​មិនមែន​ប្រទេស​ណា​ក៏មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​វិភាគ​ទ្រង់ទ្រាយ​ទូទៅ​នោះដែរ។

    បញ្ហា​ខាងលើនេះ​បញ្ជាក់ថា វីរុស​កូ​វីដ-១៩ នៅតែ​អាច​បង្កឱ្យមាន​ករណី​ឈឺ​ធ្ងន់ និង​ស្លាប់​ជា​បន្តទៀត ពិសេស​ចំពោះ​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ និង​អ្នក​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង៕

  • កូវីដ-១៩ នៅ​ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី ជាង ៣០ នាក់ទៀត ក្នុង​ថ្ងៃទី ២៨ មីនា​ ២០២២

    កូវីដ-១៩ នៅ​ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី ជាង ៣០ នាក់ទៀត ក្នុង​ថ្ងៃទី ២៨ មីនា​ ២០២២

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​នឹង​ កូវីដ-១៩ ចំនួន ៣៩ នាក់ មាន​ ករណីឆ្លងសហគមន៍ ៣៨ នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​ ១ នាក់ ដែល​ទាំង​អស់​សុទ្ធ​តែ​វិជ្ជមាន​នឹង​ អូមីក្រុង។

     

  • ផ្អាក​ចរាចរណ៍​ជា​បណ្តោះ​អាសន្ន​នៅ​ឯ​ស្ពាន​អាកាស​ និង​ផ្លូវ​ក្រោម​ដី​ចោម​ចៅ​ នៅ​ថ្ងៃ​ទី ​៣១​ ខែ​មីនា

    ផ្អាក​ចរាចរណ៍​ជា​បណ្តោះ​អាសន្ន​នៅ​ឯ​ស្ពាន​អាកាស​ និង​ផ្លូវ​ក្រោម​ដី​ចោម​ចៅ​ នៅ​ថ្ងៃ​ទី ​៣១​ ខែ​មីនា

    រដ្ឋបាល​រាជធានី​ភ្នំ​ពេញ នា​ព្រឹក​ថ្ងៃទី ២៩ មីនា ២០២២ បាន​ចេញ​សេចក្ដី​ប្រកាស​​ព័ត៌មាន​មួយ​ស្ដីពី​ ការ​ផ្អាកចរាចរណ៍​ជា​បណ្តោះអាសន្នចំពោះ​ដំណើរ​ឆ្លងកាត់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅថ្ងៃទី ៣១ ខែមីនា ដើម្បីរៀបចំពិធី​សម្ពោធ​បើក​ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនា​សម្ព័ន្ធ​នេះ​។

    ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ គឺជា​គម្រោង​របស់ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ទទួល​ម៉ៅការ​សាងសង់​ដោយ ក្រុមហ៊ុន​វិនិយោគទុន​អានិកជន​កម្ពុជា(OCIC)។ គម្រោង​នេះ ប្រើប្រាស់​រយៈពេល​សាងសង់ ៣០ខែ និង​ចំណាយ​ថវិកា ប្រមាណ ២២ លាន​ដុល្លារ​អាម៉េរិក។

    គម្រោង​ខាងលើនេះ នឹង​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ក្រោម​អធិបតីភាព នៃ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក្រោយពី​ដាក់ឱ្យ​ធ្វើដំណើរ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន បាន​ច្រើន​ថ្ងៃ​កន្លង។

  • វ៉ាក់សាំង​ច្រើន​លាន​ដូ​ស ដែលជា​ជំនួយ​របស់ ប្រទេស​ចិន បាន​ដឹក​មកដល់ កម្ពុជា កាលពី​ព្រឹក​មិញ

    វ៉ាក់សាំង​ច្រើន​លាន​ដូ​ស ដែលជា​ជំនួយ​របស់ ប្រទេស​ចិន បាន​ដឹក​មកដល់ កម្ពុជា កាលពី​ព្រឹក​មិញ

    វ៉ាក់សាំង​ចំនួន ៥ លាន​ដូ​ស ដែលជា​ជំនួយ​របស់ ប្រទេស​ចិន ត្រូវបាន​ដឹក​មកដល់ ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ២៩ មីនា ២០២២ នេះហើយ។

    វ៉ាក់សាំង​ដែល​ទើប​មកដល់​ថ្មី​នេះ ស្ថិត​ក្នុងចំណោម​វ៉ាក់សាំង ២០ លាន​ដូ​ស ដែល ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង បានប្រកាស​ផ្តល់ជូន កម្ពុជា កាលពី​ថ្ងៃទី ១៨ ខែមីនា ក្នុងជំនួប​តាម​ទូរស័ព្ទ​ជាមួយ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា។

    គិត​មកដល់​បច្ចុប្បន្ន ប្រទេស​ចិន បានផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ដល់ កម្ពុជា សរុប​ចំនួន ២៨,៧២៤,៨០០ ដូ​ស រួចហើយ ដែល​ក្នុងនោះ មាន ២០ លាន​ដូ​ស ជា​ជំនួយ​ថ្មី។

    ដោយមាន​វ៉ាក់សាំង​ជា​ជំនួយ​របស់ ចិន ក៏ដូចជា​ជំនួយ​របស់​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក និង​វ៉ាក់សាំង​ដែលជា​ការបញ្ជាទិញ​រប​ស់ រាជរដ្ឋាភិបាល មកដល់ពេលនេះ កម្ពុជា បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ដែលមាន​អាយុ​ចាប់ពី ៣ ឆ្នាំ​ឡើងទៅ បាន​ជាង ៩២% ធៀប​នឹង​ចំនួន​ប្រជាជន​សរុប។