Author: សឿន សំណាង

  • កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មីជាង​ ១០ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ២៤ ខែមេសា ២០២២​

    កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មីជាង​ ១០ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ២៤ ខែមេសា ២០២២​

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ២៤ មេសា កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ចំនួន ១២ នាក់​ ដែល​សុទ្ធ​តែ​ជាប្រភេទ​ អូមីក្រុង​ និងសុទ្ធ​តែ​ជា​​​​​​ករណីឆ្លង​ក្នុង​សហគមន៍។

  • ឃ្លាំង​ប្រេង​របស់ រុស្ស៊ី នៅក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន ផ្ទុះ​ឆាបឆេះ​សន្ធោសន្ធៅ

    ឃ្លាំង​ប្រេង​របស់ រុស្ស៊ី នៅក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន ផ្ទុះ​ឆាបឆេះ​សន្ធោសន្ធៅ

    អគ្គិភ័យ​យ៉ាង​ធំ​បាន​កើតឡើង​នៅ​ព្រឹក​នេះ នៅឯ​ឃ្លាំង​ប្រេង​របស់ ប្រទេស​រុស្ស៊ី នាទី​ក្រុង Bryansk ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​អំពី​ការខូចខាត។

    «អង្គភាព​ស្ថានការណ៍​បន្ទាន់​បញ្ជាក់ថា​មាន​អគ្គិភ័យ» ការិយាល័យ​សារព័ត៌មាន​របស់​អាជ្ញា​ធរ​តំបន់ Bryansk ថ្ងៃទី ២៥ មេសា​នេះ ឱ្យដឹង​ដូច្នេះ ទាក់ទង​នឹង​ដំណឹង​ស្ដីពី​ករណី​ឆេះ​ឃ្លាំង​ប្រេង។ «អណ្ដាតភ្លើង​បាន​ផ្ទុះ​ឆេះ​ចេញពី​ធុង​ដាក់​ប្រេង»។

    ក្រុមមន្ត្រី​នៃ​ទីក្រុង Bryansk ដែលមាន​ចម្ងាយ​ពី​ព្រំដែន​ជាប់​នឹង អ៊ុយ​ក្រែ​ន ប្រហែល ១០០ គីឡូម៉ែត្រ បានទទួល​ព័ត៌មាន​ស្ដីពី​អគ្គិភ័យ​នៅវេលា​ម៉ោង ២ (ម៉ោង ៦ នៅ កម្ពុជា)។ កងកម្លាំង​ពន្លត់​អគ្គិភ័យ និង​ក្រុម​ជួយសង្គ្រោះ ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ និង​បាន​រាយការណ៍​ថា ឃ្លាំង​ប្រេង​កំពុង​ឆាបឆេះ។

    អង្គភាព​ស្ថានការណ៍​បន្ទាន់​នៅ​តំបន់ Bryansk មិនទាន់​ប្រកាស​ព័ត៌មាន​បន្ថែម​អំពី​ករណី​អគ្គិភ័យ​នេះ ហើយ​បច្ចុប្បន្ន ក្រុមមន្ត្រី​ក៏​មិនទាន់​ដឹង​ច្បាស់​ថា អគ្គិភ័យ​នេះ​មាន​ជាប់​ទាក់ទិន​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ឬ​យ៉ាងណា​នៅឡើយ​។

    កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​កន្លង ក្រុមមន្ត្រី​រុស្ស៊ី បានឱ្យដឹងថា ឧទ្ធម្ភាគចក្រ​របស់ អ៊ុយ​ក្រែ​ន បាន​បាញ់ប្រហារ​សំដៅលើ​អគារ​ស្នាក់នៅ​នានា និង​បណ្ដាលឱ្យមាន​អ្នករងរបួស ៧ នាក់ នៅ​តំបន់ Bryansk របស់ រុស្ស៊ី។

  • កម្ពុជា ពិចារណា​លើ​ការលើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស​នៅ​ទីសាធារណៈ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ

    កម្ពុជា ពិចារណា​លើ​ការលើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស​នៅ​ទីសាធារណៈ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ

    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី ២៥ មេសា នេះ បាន​ថ្លែងថា សម្ដេច​បាន​ស្នើឱ្យ​ក្រុមមន្ត្រី​សុខាភិបាល ពិចារណា​អំពី​ការដក​កាតព្វកិច្ច​ពាក់​ម៉ាស​នៅ​ទីសាធារណៈ ប៉ុន្តែ តម្រូវឱ្យ​ពាក់​ម៉ាស​នៅ​ទីកន្លែង​បិទ​ជិត។

    ការ​ថ្លែង​របស់​​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច​តេ​ជោ ហ៊ុន សែន នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់ និង​ទទួល​អំណោយ​ជា​វ៉ាក់សាំង​កូ​វីដ-១៩ AstraZeneca ពី​រដ្ឋាភិបាល និង​ប្រជាជន​របស់ សាធារណរដ្ឋ​អ៊ីតាលី កាលពី​ថ្ងៃទី ២៥ មេសា ឆ្នាំ​ ២០២២។

    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បញ្ជាក់ថា គេ​មិនត្រូវ​មើល​ឃើញតែ​បញ្ហា​សុខភាព​តែមួយ​មុខ​ទេ ប៉ុន្តែ ត្រូវ​មើលទៅ​លើ​បញ្ហា​សេដ្ឋកិច្ច សង្គម និង​ចិត្តសាស្ត្រ​របស់​ប្រជាជន​ផងដែរ។ សម្ដេច​ថា ការទិញ​ម៉ា​សម​កពាក់​ទៅតាម​កាតព្វកិច្ច គឺ​ត្រូវចំ​ណោ​យ​ប្រហែល ៣ លាន​ដុល្លារ​អាម៉េរិក/ខែ។ ម្យ៉ាង​ទៀត​ យោង​តាម​សម្ដេច​ «មួយ​រយៈ​ចុង​ក្រោយ​នេះ​ ករណី​ឆ្លង​កូវីដ-១៩ ​នៅ​ កម្ពុជា មាន​អត្រា​​ទាប​»​ ដែល​នេះ​អាច​ឱ្យ​គេ​ពិចារណា​អំពី​ការ​ដក​វិធានការ​ពាក់​ម៉ាស​នៅ​ក្នុង​ភូមិ​សាស្ត្រ និង​ទីកន្លែង​មួយ​ចំនួន​។

    សម្ដេច​បន្ថែមថា តាម​គំនិត​របស់លោក ការពាក់​ម៉ាស​នៅ​ទីសាធារណៈ​ខាងក្រៅ​អគារ គួរតែ​ទុកឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នកសម្រេច​ថា គួរ​ពាក់ ឬ​មិនគួរ​ពាក់ ចំណែក​នៅក្នុង​អគារ ការិយាល័យ​ដែលមាន​ម៉ាស៊ីនត្រជាក់ ទីកន្លែង​បិទ​ជិត គួរតែមាន​ការតម្រូវ​ឱ្យ​ពាក់​ម៉ាស។ ក៏ប៉ុន្តែ សម្ដេច​បញ្ជាក់ថា​នឹង​ទទួលយក​លទ្ធផល​នៃ​ការសម្រេច​នៅក្នុង​កិច្ចប្រជុំ​ល្ងាច​នេះ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងនោះ​មាន​ក្រសួងសុខាភិបាល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផងដែរ។

    ជាង​នេះ ប្រមុខ​រដ្ឋាភិបាល បាន​សង្កត់ធ្ងន់ថា អ្វីដែល​រដ្ឋាភិបាល​ចង់​បាន​គឺ​ការចាក​វ៉ាក់សាំង​ដូ​ស​ជំរុញ ហើយ​ដូ​ស​ទី ៣ នឹង​ក្លាយជា​កាតព្វកិច្ច។

  • លិច​ទូក​ដឹក​ជន​ចំណាកស្រុក​នៅ​សមុទ្រ​របស់ ទុយ​នី​ស៊ី៖ ជិត ២០ នាក់​បាត់​បង់ជីវិត

    លិច​ទូក​ដឹក​ជន​ចំណាកស្រុក​នៅ​សមុទ្រ​របស់ ទុយ​នី​ស៊ី៖ ជិត ២០ នាក់​បាត់​បង់ជីវិត

    ប្រភពព័ត៌មាន​ពី អាហ្វ្រិក​ខាងជើង ឱ្យដឹងថា អាជ្ញាធរ​ទុយ​នី​ស៊ី កាលពី​ថ្ងៃទី ២៤ មេសា ប្រកាសថា បាន​រកឃើញ​សាកសព​របស់​ក្រុម​ជន​ចំណាក់ស្រុក​ចំនួន ១៧ នាក់ បន្ទាប់ពី​ទូក ៤ គ្រឿង ព្យាយាម​ឆ្លងកាត់ សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដើម្បី​ទៅកាន់ អឺរ៉ុប ត្រូវ​ជួបនឹង​គ្រោះ​ថ្នាក់លើ​សមុទ្រ។

    មន្ត្រី​តុលាការ​ក្នុង​តំបន់ ឱ្យដឹងថា ទូក «បណ្ដោះអាសន្ន​ដែលមាន​សភាព​ទ្រុឌទ្រោម» ទាំងនេះ ចេញដំណើរ​ក្នុង​ថ្ងៃទី ២២ ឬ ២៣ មេសា ពី​ទីក្រុង Sfax របស់ ទុយ​នី​ស៊ី នៅ​ឆ្នេរសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ។ សាកសព​ចំនួន ១៧ នាក់ ត្រូវបាន​គេ​ស្រង់​ឡើង​ក្នុងដំណាក់កាល​ដំបូង ប៉ុន្តែ​តួលេខ​នេះ​អាច​កើនឡើង​បន្តទៀត។

    ជនរងគ្រោះ​ដែល​បាន​រួច​ពី​ការស្លាប់​នៅក្នុង​ករណី​លិច​ទូក​នេះ​និយាយថា មនុស្ស​ប្រហែល​ពី ៣០ ទៅ ៣២ នាក់ ជិត​នៅលើ​ទូកនីមួយៗ ហើយ​ភាគច្រើន​ជា​ពលរដ្ឋ​មកពី តំបន់​អាហ្វ្រិក ក្បែរ សាហា​រ៉ា រួមមាន​ពលរដ្ឋ​រប​ស់ កូត​ឌី​វ័រ, ម៉ាលី និង សូ​ម៉ាលី។

    ប្រទេស​ទុយ​នី​ស៊ី និង​ប្រទេស​លី​ប៊ី គឺជា​ទីតាំង​ចេញដំណើរ​ដ៏​ពេញនិយម​របស់​ក្រុម​ជន​ចំណាកស្រុក​ដែលមាន​បំណង​ទៅកាន់​អឺរ៉ុប ពិសេស​គឺ អ៊ីតាលី។ ក៏ប៉ុន្តែ មធ្យោបាយ​ធ្វើដំណើរ​របស់​ពួកគេ​តែងតែ​ជា​ទូក ឬ​កប៉ាល់​ដែល​ស្ទើរតែ​មិនមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ឆ្លងកាត់​សមុទ្រ។

    អង្គការ​ចំណាកស្រុក​អន្តរជាតិ (IOM) ឱ្យដឹងថា មាន​មនុស្ស​ជិត ២,០០០ នាក់ បាន​លង់ទឹក​ស្លាប់ ឬ​បាត់​ខ្លួន​នៅ សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ក្នុង​ឆ្នាំ ២០២១ ច្រើនជាង​ឆ្ងាយ​ធៀប​នឹង ១,៤០១ នាក់ ក្នុង​ឆ្នាំ ២០២០។ នេះ​គឺជា​ផ្លូវ​ចំណាកស្រុក​ដែល​គ្រោះថ្នាក់​បំផុត​ក្នុង​ពិភពលោក ប៉ុន្តែ ក្រុមមនុស្ស​ដែល​សង្ឃឹមថា នឹងមាន​ជីវភាព​ល្អប្រសើរ​នៅពេល​ទៅដល់ អឺរ៉ុប មានការ​ផ្សេង​ព្រេង​កាន់តែច្រើនឡើង៕

  • រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន

    រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន

    ក្រុមមន្ត្រី​របស់ អ៊ុយ​ក្រែ​ន ប្រកាសថា ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ ទីក្រុង​កៀវ ខណៈដែល រដ្ឋធានី​វ៉ា​ស៊ី​ង​តោន មិនទាន់​បញ្ចេញ​ប្រតិកម្ម។

    «រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក Antony Blinken និង រដ្ឋមន្ត្រី​ការពារជាតិ លោក​ Lloyd Austin កំពុង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី។ សង្ឃឹមថា ភាគី​ទាំងពីរ​នឹង​ឯកភាពគ្នា​លើ​បញ្ហា​បង្កើន​ជំនួយ» Oleksiy Arestovych ទីប្រឹក្សា​របស់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ថ្លែង​លើ​កញ្ចក់​ទូរទស្សន៍​កាលពី​ម្សិលមិញ។

    មន្ត្រី​របស់ អ៊ុយ​ក្រែ​ន ខាងលើ​ក៏​បាន​​អំពាវនាវ​ដល់​លោកខាងលិច ផ្ដល់ជំនួយ​ផ្នែក​សព្វាវុធ​បន្ថែមទៀត​ដល់​ប្រទេស​នេះ។

    លោក Antony Blinken និង​លោក Lloyd Austin

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី ក្នុង​ថ្ងៃ​ដដែល ក៏បាន​បង្ហោះ​សារ​មួយ​នៅលើ Twitter បញ្ជាក់ថា «ប្រជាជន​អ៊ុយ​ក្រែ​ន កំពុង​សាមគ្គី​គ្នា» ហើយ​ទំនាក់ទំនង​រវាង អ៊ុយ​ក្រែ​ន-អាម៉េរិក កំពុង «ជិតស្និទ្ធ​ជាងពេលណាៗទាំងអស់»។

    សេត​វិមាន មិនទាន់​បញ្ជាក់​អំពី​ព័ត៌មាន​ខាងលើ ក្នុងពេលដែល ក្រសួងការបរទេស​អា​ម៉េ​រិ​ក និង មន្ទីរ​បញ្ច​កោណ បដិសេធ​ការស្នើ​ឱ្យធ្វើ​អធិប្បាយ​លើ​រឿងនេះ។

    បើសិនជា​ដំណឹង​ខាងលើ​ត្រូវបាន​បញ្ជាក់ថា​មាន​ពិត នោះ​វា​នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​ថ្នាក់ខ្ពស់​បំផុត​របស់​ក្រុមមន្ត្រី​អាម៉េរិក ដែល​បានមក​កាន់ អ៊ុយ​ក្រែ​ន បន្ទាប់ពី រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន កាលពី​ពីរ​ខែ​មុន៕

  • បាតុករ​ឡោមព័ទ្ធ​គេហដ្ឋាន​របស់ នាយករដ្ឋមន្ត្រី​ស្រីលង្កា

    បាតុករ​ឡោមព័ទ្ធ​គេហដ្ឋាន​របស់ នាយករដ្ឋមន្ត្រី​ស្រីលង្កា

    និស្សិត​រាប់ពាន់​នាក់មក​ពី​សាកលវិទ្យាល័យ​ស្រីលង្កា នាំគ្នា​ទៅកាន់​គេហដ្ឋាន​របស់ នាយករដ្ឋមន្ត្រី Mahinda Rajapaksa ស្នើឱ្យ​លោក​ចុះ​ចេញពី​តំណែង ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​មាន​សភា​ព​ធ្ងន់ធ្ងរ។

    ហ្វូង​បាតុករ​កាលពី​ថ្ងៃទី ២៤ មេសា បាន​ព្យាយាម​ផ្ដួលរំលំ​របង​ការពារ​ជុំវិញ​តំបន់​គេហដ្ឋាន​របស់ នាយករដ្ឋមន្ត្រី​ស្រីលង្កា Mahinda Rajapaksa នៅ​ទីក្រុង​កូឡុំបូ បន្ទាប់ពី​ក្រុមប៉ូលិស​បាន​ដំឡើង​របង​រាំងខ្ទប់​ដងផ្លូវ​ជាច្រើន​នៅ​ជុំវិញ​រដ្ឋធានី ដើម្បី​រារាំង​ពួកគេ​ពី​ការប្រមូល​កម្លាំង​ជាមួយនឹង​ក្រុមបាតុករ​នៅក្នុង​តំបន់ផ្សេង។

    «ពួកលោក​អាច​រាំងខ្ទប់​ផ្លូវ ប៉ុន្តែ​មិនអាច​ទប់ស្កាត់​ការតស៊ូ​របស់​ពួកយើង រហូតដល់​រដ្ឋាភិបាល​ទាំងមូល​ត្រូវ​ចុះ​ចេញពី​តំណែង» បាតុករ​ជា​និស្សិត​ម្នាក់​និយាយ​ដូច្នេះ។

    កម្លាំង​ដែល​ត្រូវ​ប្រឈម​នឹង​ហ្វូង​បាតុករ​គឺ ក្រុមប៉ូលិស​ប្រឆាំង​កុបកម្ម​ដែលមាន​ខែល​ការពារ មាន​តួនាទី​ទប់ស្កាត់​បាតុករ​ចូលទៅ​ក្បែរ​ផ្ទះ​របស់​ប្រធានាធិបតី។ បាតុករ​មួយចំនួន​កាន់​បដា​ដែល​សរសេរថា «ចុះ​ចេញពី​តំណែង​ភ្លាម​ទៅ Gota»។ Gota គឺជា​រហ័ស​នាម​របស់​ប្រធានាធិបតី Gotabaya Rajapaksa ដែលជា​ប្អូនប្រុស​របស់​នាយករដ្ឋមន្ត្រី Mahinda។

    ប៉ូលិស​បានឱ្យដឹងថា លោក Mahinda មិន​ស្ថិតនៅ​ក្នុងផ្ទះ​នាពេលនោះ ហើយ​ក្រុមបាតុករ​ក៏បាន​រំសាយ​ដោយ​សន្តិវិធី។

    ក្នុង​រយៈពេល​ជាង ២ សប្ដាហ៍​មកនេះ បាតុករ​រាប់ពាន់នាក់​នាំគ្នា​បោះជំរំ​ប្រចាំថ្ងៃ​នៅ​ខាងក្រៅ​ការិយាល័យ​ប្រធានាធិបតី Gotabaya Rajapaksa ស្នើឱ្យ​លោក និង​បងប្រុស ចុះ​ចេញពី​តំណែង។ នៅក្នុង​បាតុកម្ម​នានា​នៅ​ទូទាំងប្រទេស គេ​ឃើញ​មាន​ហ្វូង​បាតុករ​ព្យាយាម​សម្រុកចូល​ផ្ទះ និង​កន្លែងធ្វើការ​រប​ស់​ក្រុម​មេដឹកនាំ​រដ្ឋាភិបាល។

    មនុស្ស​ម្នាក់​ត្រូវបាន​បាញ់សម្លាប់​នៅពេល​ប៉ូលិស​ផ្ទុះអាវុធ​រាំងខ្ទប់​ផ្លូវ​ក្នុង​ទីរួមស្រុក​ភាគ​កណ្ដាល Rambukkana កាលពី​សប្ដាហ៍​កន្លែង ដែល​នេះ​គឺជា​ករណី​ស្លាប់​ដំបូង រាប់​ចាប់តាំងពី​បាតុកម្ម​បាន​ផ្ទុះឡើង។

    ស្ថានភាព​ដាច់​ភ្លើង​ក្នុង​រយៈពេល​យូរ អតិផរណា​កើនឡើង​ខ្ពស់ និង​បញ្ហា​ខ្វះ​ឥន្ធនៈ​ធ្ងន់ធ្ងរ រួម​នឹង​បញ្ហា​ជាច្រើន​ផ្សេងទៀត ជា​កត្តា​ធ្វើឱ្យ​ប្រជាជន​របស់ ប្រទេស​ស្រីលង្កា ខកចិត្ត។

    កាលពី​ថ្ងៃទី ១២ មេសា ស្រីលង្កា បានប្រកាស​ក្ស័យធន។ សេដ្ឋកិច្ច​ត្រូវ​ដួលរលំ បន្ទាប់ពី​បាត់បង់​ចំណូល​ពី​បរទេស និង​ចំ​ណួ​លពី​វិស័យ​ទេសចរណ៍។

    រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់ ស្រីលង្កា Ali Sabry កំពុង​ស្ថិតនៅ រដ្ឋធានី​វ៉ា​ស៊ី​ង​តោន ដើម្បី​ពិភាក្សា​អំពី​កញ្ចប់​ជំនួយ​របស់ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។ លោក​បាន​ព្រមាន​ថា ស្ថានភាព​សេដ្ឋកិច្ច​របស់ ស្រីលង្កា អាច​នឹង​អាក្រក់​ជាង​បច្ចុប្បន្ន៕

  • អគ្គិភ័យ​មួយ​កើតឡើង​នៅក្នុង​សង្កាត់​បឹង​កេងកង​ទី១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ

    អគ្គិភ័យ​មួយ​កើតឡើង​នៅក្នុង​សង្កាត់​បឹង​កេងកង​ទី១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ

    នៅវេលា​ម៉ោងជាង ១០ ព្រឹក ថ្ងៃទី ២៣ មេសា ២០២២ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​មួយកន្លែង​ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ ៦៣ កែង​ផ្លូវ​លេខ ២៧៨ ក្នុង​សង្កាត់​បឹង​កេងកង​ទី១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

    កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍ ក្រោយពី​ទទួលបាន​ដំណឹង​នេះ​ភ្លាម។

    សមត្ថកិច្ច​ត្រូវ​វាយ​ទម្លុះ​បង្អួច​ដើម្បី​អាច​ចូល​ពន្លត់​អគ្គិភ័យ​នៅ​ខាងក្នុង​ផ្ទះ។ ប្រភពព័ត៌មាន​ឱ្យដឹងថា ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ គឺជា​កន្លែង​កាត់​ដែរ​សម្លៀកបំពាក់​ដែលមាន​ឈ្មោះថា បញ្ញា​ម៉ូត​កាត់ដេរ។

    រដូវ​ក្ដៅ​គឺជា​ពេល​វេលា​ដែល​តែង​កើត​មាន​គ្រោះ​អគ្គិភ័យ​ជា​ញឹក​ញាប់ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទាំង​អស់ ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ពិសេស​គឺ​ភ្លើង​ចង្ក្រាន ភ្លើង​ធូប​ទៀន និង​ខ្សែ​ភ្លើង​ដែល​មាន​សភាព​ចាស់។ល។

  • កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មីជិត ៣០ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ២២ ខែមេសា ២០២២​

    កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មីជិត ៣០ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ២២ ខែមេសា ២០២២​

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ២២ មេសា កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ចំនួន ២៨ នាក់​ ដែល​សុទ្ធ​តែ​ជាប្រភេទ​ អូមីក្រុង​ និងសុទ្ធ​តែ​ជា​​​​​​ករណីឆ្លង​ក្នុង​សហគមន៍។

  • ហេតុអ្វី Tesla មាន​តម្លៃ​​​មូលធន​​ទីផ្សារ​​​​ឡើង​ដល់​​ជាង ​១​ ទ្រី​លាន​​ដុល្លារ ​គ្រា​​ដែល​​ចំនួន​​រថយន្ត​​​បាន​​លក់​​ចេញ​​មិន​​ដល់​ ១ ​លាន​​គ្រឿង​/​ឆ្នាំ?

    ហេតុអ្វី Tesla មាន​តម្លៃ​​​មូលធន​​ទីផ្សារ​​​​ឡើង​ដល់​​ជាង ​១​ ទ្រី​លាន​​ដុល្លារ ​គ្រា​​ដែល​​ចំនួន​​រថយន្ត​​​បាន​​លក់​​ចេញ​​មិន​​ដល់​ ១ ​លាន​​គ្រឿង​/​ឆ្នាំ?

    បច្ចុប្បន្ន មូលធន​ទីផ្សារ (market capitalization) របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla មានតម្លៃ​រហូតដល់​ជាង ១លាន​លាន (១,០០០,០០០,០០០,០០០ ឬ ១ ទ្រី​លាន) ដុល្លារ​អាម៉េរិក ខ្ពស់ជាង ៣ ដង ធៀប​នឹង​ក្រុមហ៊ុន Toyota។

    បើទោះជា​មានការ​ប្រែប្រួល​ឡើង-ចុះ​ច្រើន​ នាពេលថ្មីៗនេះ ប៉ុន្តែ តម្លៃ​ភាគហ៊ុន​របស់ Tesla បាន​លោត​ឡើង​ខ្ពស់ ក្នុង​ល្បឿន​យ៉ាង​លឿន​ពេញ​មួយឆ្នាំ ២០២១ និង​ក្លាយជា​អ្នក​ផលិត​រថយន្ត​មានតម្លៃ​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភព​លោក ជាមួយនឹង​តម្លៃ​មូលធន​ទីផ្សារ​ឡើងដល់​ជាង ១ ទ្រី​លាន​ដុល្លារ​អាម៉េរិក។ តួលេខ​នេះ​ខ្ពស់ជាង​ជិត ៣ ដង ធៀប​នឹង​តម្លៃ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត Toyota និង​ក្ដោប​ក្ដោប​ចំណែក​ទីផ្សារ​រហូតដល់ ៣៥% ធៀប​នឹង​តម្លៃ​មូលធន​ទីផ្សារ​សរុបរ​បស់​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្តផ្សេងៗនៅ​ទូទាំង​សកលលោក។

    ភាគហ៊ុន​របស់ Tesla គួរតែ​មានតម្លៃ​ដូច្នេះ ឬ​អត់? ជាទូទៅ ករណី​ដែល​តម្លៃ​ភាគហ៊ុន​កើនឡើង​ត្រង់​ទៅលើ​ដូច្នេះ គឺ​តែងតែមាន​អត្រាកំណើន​ខ្ពស់​ខ្លាំង​ជាច្រើន​ឆ្នាំ រួមជាមួយ​នឹង​អត្រា​ប្រាក់ចំណេញ​លើ​រថយន្តនីមួយៗ ខ្ពស់ជាង​ឆ្ងាយ​ធៀប​នឹង​ក្រុមហ៊ុន​ដទៃ។ ក៏ប៉ុន្តែ ចំពោះ Tesla វិញ អត្រា P/E (តម្លៃ​ភាគហ៊ុន/ចំណូល) កំពុងស្ថិត​នៅក្នុង​កម្រិត ២០៥.៨ នេះ​បើតាម​ការ​គណនា​ប៉ាន់ស្មាន​ស្ដីពី​លទ្ធផល​ជំនួញ​ឆ្នាំ ២០២២។ ចំណែក Toyota ដែលមាន​លទ្ធផល​ជំនួញ​ល្អ​បំផុត​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​បុរាណ មាន​អត្រា P/E ត្រឹមតែ ៩.៩៨ ប៉ុណ្ណោះ។

    កាលពី​ឆ្នាំ ២០២១ ក្នុង​កម្មវិធី Fast Money របស់ CNBC Adam Jonas ដែលជា​អ្នកវិភាគ និង​ជា​ភ្ញៀវ​អញ្ជើញ​មកពី Morgan Stanley បានបង្ហាញ​អំពី​ការយល់ឃើញ​របស់ខ្លួន​ចំពោះ​ភាគហ៊ុន Tesla ដែល​ការបកស្រាយ​របស់គាត់ ពិតជា​ធ្វើឱ្យ​យើង «ភ្លឺភ្នែក»។ អ្នកវិភាគ​រូបនេះ​និយាយថា កម្រិត​ខ្ពស់​នៃ​តម្លៃ​របស់ Tesla មិន​ស្ថិតនៅលើ​លទ្ធផល​ជំនួញ​នាបច្ចុប្បន្ន​នោះទេ ប៉ុន្តែ​វា​ស្ថិតនៅត្រង់​ការរំពឹងទុក​របស់​ទីផ្សារ ស្ដីពី​អនាគត​ធំធេង​របស់​ក្រុមហ៊ុន​នេះ ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ខាងមុខ។

    Jonas បាន​ព្យាករ​ថា តម្លៃ​ភាគហ៊ុន​របស់ Tesla ក្នុង​ឆ្នាំ ២០៣០ នឹង​ឡើងដល់ ១,០១៥ ដុល្លារ/ហ៊ុន គ្រា​ដែល Tesla អាច​នឹង​ផលិត​រថយន្ត​អគ្គិសនី​បាន ៥.៨ លាន​គ្រឿងក្នុង​ឆ្នាំ​នោះ។

    បច្ចុប្បន្ន បើ​ទោះ​បរិមាណ​រថយន្ត​របស់ Tesla មិនទាន់​ឡើងដល់​កម្រិត​ដែល Jonas បាន​ព្យាករ​ក៏ពិតមែន ប៉ុន្តែ តម្លៃ​ភាគហ៊ុន​របស់ Tesla បាន​ឡើងដល់ ១,០០៨.៧ ដុល្លារ/ហ៊ុន​រួចទៅហើយ៕

  • បារាំង ដឹកជញ្ជូន​អាវុធ​ធុន​ធ្ងន់ ឱ្យ អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​នឹង រុស្ស៊ី

    បារាំង ដឹកជញ្ជូន​អាវុធ​ធុន​ធ្ងន់ ឱ្យ អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​នឹង រុស្ស៊ី

    ប្រធានាធិបតី Macron ប្រកាសថា បារាំង ដឹកជញ្ជូន​កាំភ្លើង​ធំ CAESAR និង​​មីស៊ីល​​ប្រឆាំង​រថក្រោះ ឱ្យ អ៊ុយ​ក្រែ​ន ប៉ុន្តែ​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ចំនួន​អាវុធ​នេះ​ទេ។

    ប្រធានាធិបតី​បារាំង លោក Emmanuel Macron កាលពី​ថ្ងៃទី ២២ មេសា ថ្លែងថា បារាំង «កំពុង​ផ្គត់ផ្គង់​ឧបករណ៍សំខាន់ៗ តាំងពី​​មីស៊ីល​​ប្រឆាំង​រថក្រោះ MILAN ដល់​កាំភ្លើង​ធំ​បំពាក់​លើ​រថយន្ត CAESAR» ឱ្យ អ៊ុយ​ក្រែ​ន។

    «ខ្ញុំ​គិតថា យើង​ត្រូវតែ​បន្ត​ដើរ​លើផ្លូវ​នេះ ប៉ុន្តែ ត្រូវ​ដឹង​អំពី​បន្ទាត់​ក្រហម​ដែលថា យើង​នឹងមិន​ក្លាយជា​ភាគី​មួយ​នៃ​សង្គ្រាម» លោក Macron បាន​ប្រាប់​សារព័ត៌មាន Ouest-France ដូច្នេះ។

    កាំភ្លើង​ធំ​បំពាក់​លើ​រថយន្ត CAESAR

    លោក Macron បន្ថែមថា ទាហាន​អ៊ុយ​ក្រែ​ន ប្រមាណ ៤០ នាក់ នឹង​បាន​ហ្វឹកហាត់​ក្នុងការ​គ្រប់គ្រង​អាវុធ​ថ្មី​នេះ​នៅ ប្រទេស​បារាំង ចាប់ពី​ថ្ងៃទី ២៣ មេសា។ ចំណែក រដ្ឋមន្ត្រី​ការពារជាតិ​បារាំង Florence Parly ក្រោយមក​ក៏បាន​បញ្ជាក់ថា ប្រទេស​នេះ​នឹង​ផ្ទេរ «កាំភ្លើង​ធំ CAESAR មួយចំនួន រួម​នឹង​គ្រាប់កាំភ្លើង​រាប់ពាន់​គ្រាប់» ឱ្យ អ៊ុយ​ក្រែ​ន។

    មីស៊ីលប្រឆាំង​រថក្រោះ Milan

    វិមាន​អេ​លី​ស៊ី បាន​បដិសេធ​ការ​បង្ហើប​ឱ្យដឹង​អំពី​ចំនួន​អាវុធ​ដែល​នឹងត្រូវ​ផ្ទេរ​ឱ្យ អ៊ុយ​ក្រែ​ន ព្រោះ​មិន​ចង់​ធ្វើឱ្យ​បែកការណ៍ ប៉ុន្តែ បាន​ប្រាប់ថា មីស៊ីល​​ប្រឆាំង​រថក្រោះ MILAN ត្រូវបាន​បញ្ជូនទៅ​កាន់​អ៊ុយ​ក្រែ​ន រួចហើយ ចំណែក​កាំភ្លើង​ធំ នឹងត្រូវ​បាន​ដឹក​ទៅ​ប្រគល់ឱ្យ ទីក្រុង​កៀវ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។