Author: សឿន សំណាង

  • ដី​របស់​ព្រះ​ចន្ទ​អាច​ដាំ​រុក្ខជាតិ​បាន! អ្នកវិទ្យាសាស្ត្រ​ដាំ​រុក្ខជាតិ «ដុះ» ជា​លើកដំបូង​លើដី​របស់​ព្រះ​ចន្ទ

    ដី​របស់​ព្រះ​ចន្ទ​អាច​ដាំ​រុក្ខជាតិ​បាន! អ្នកវិទ្យាសាស្ត្រ​ដាំ​រុក្ខជាតិ «ដុះ» ជា​លើកដំបូង​លើដី​របស់​ព្រះ​ចន្ទ

    បើទោះជា​រុក្ខជាតិ​ដែល​ដាំ​លើដី​ព្រះ​ចន្ទ​លូតលាស់​យឺត​ជាង​ដី​របស់​ផែនដី ប៉ុន្តែ​នេះ​នៅតែ​ជា​ដំណឹង​ល្អ និង​ផ្ដល់​ក្ដីសង្ឃឹម​សម្រាប់​បេសកកម្ម​ស្រាវជ្រាវ​អវកាស​នាពេល​អនាគត។

    ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​ឧបត្ថម្ភ​ដោយ ណា​សា ក្រុម​អ្នកវិទ្យាសាស្ត្រ​អាច​ដាំ​រុក្ខជាតិ​ដុះ​នៅលើ​សំណាក​ដី​ដែល​យកមក​ពី​ឋាន​ព្រះ​ចន្ទ​កាលពី ៥០ ឆ្នាំមុន។ ជោគជ័យ​នេះ​មិន​ត្រឹម​តែមាន​ប្រយោជន៍​សម្រាប់​ការរុករក​នៅ​ទី​អវកាស​នោះទេ ប៉ុន្តែ វា​ក៏មាន​ប្រយោជន៍​ដល់​ការដាំ​ដំណាំ​នៅក្នុង​តំបន់​ដែល​មិនមាន​អំណោយផល​ល្អ​លើ​ផែនដី​ផងដែរ។

    ក្នុង​គម្រោង​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Florida បាន​ដាំ Arabidopsis Thaliana ដែលជា​សាខា​មួយ​នៃ​អម្បូរ​ស្ពៃខៀវ នៅលើ​សំណាក​ដី​ព្រះ​ចន្ទ ដែល​ត្រូវបាន​យកមក​កាន់​ផែនដី​ក្នុងអំឡុង​បេសកកម្ម​អវកាស Apollo ១១, ១២ និង ១៧។

    Anna-Lisa Paul ប្រធាន​មជ្ឈមណ្ឌល​អន្តរ​វិស័យ​ស្រាវជ្រាវ​បច្ចេកវិទ្យា​ជីវសាស្ត្រ និង​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Florida ដែលជា​អ្នក​ប្រធាន​គម្រោង​ខាងលើ​ឱ្យដឹងថា គ្រាប់ពូជ​បាន​ដុះ​ឡើង​ដោយ​ជោគជ័យ​នៅលើ​សំណាក​ដី​ព្រះ​ចន្ទ។

    «ក្រោយ​រយៈពេល ២ ថ្ងៃ ពួកវា​ចាប់ផ្ដើម​មានព​ន្ល​ក។ គ្រប់​គ្រាប់ពូជ សុទ្ធតែ​បាន​ដុះ​ពន្លក។ រុក្ខជាតិ​ទាំងនេះ បើ​ទោះ​ដាំ​លើដី​ព្រះ​ចន្ទ ឬ​សំណាក​ដី​ពី​ក​ម្អែ​ភ្នំភ្លើង​សម្រាប់​ប្រៀបធៀប សុទ្ធតែ​ដុះ​ដូចគ្នា​រហូតដល់​ថ្ងៃទី ៦» Paul សរសេរ​ដូច្នេះ។

    ប៉ុន្តែ នៅពេល​ប្រៀបធៀប គេ​ឃើញថា រុក្ខជាតិ​ដែល​ដាំ​លើដី​ព្រះ​ចន្ទ លូតលាស់​មិនបាន​ល្អ​ដូច​រុក្ខជាតិ​ដែល​ដាំ​លើដី​របស់​ផែនដី។ មកដល់​ថ្ងៃទី ១៦ គេ​ឃើញ​មានការ​ខុសប្លែកគ្នា​យ៉ាងច្បាស់​រវាង​រុក្ខជាតិ​ដាំ​លើដី​ព្រះ​ចន្ទ (រុក្ខជាតិ​ខាងស្ដាំ) និង​លើដី​ក​ម្អែ​ភ្នំភ្លើង (រុក្ខជាតិ​ខាងឆ្វេង)។

    ក្រោយ​រយៈពេល ២០ ថ្ងៃ ក្រុម​អ្នកវិទ្យាសាស្ត្រ​ចាប់ផ្ដើម​ប្រមូល​ផល Arabidopsis មុនពេល​ពួកវា​ចេញ​ផ្កា។ ក្រោយមក​ពួកគេ​ក៏បាន​កិន​រុក្ខជាតិ​ទាំងនោះ​ដើម្បី​ពិនិត្យ RNA។ អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា រុក្ខជាតិ​ដែល​ដាំ​លើដី​ព្រះ​ចន្ទ មាន​លក្ខណៈ​ដូច​ទៅនឹង​រុក្ខជាតិ​ដែល​ដាំ​នៅក្នុង​តំបន់​ដែលមាន​សារធាតុ​ដែក ឬ​អំបិល​ច្រើន នៅលើ​ផែនដី។

    ប្រកាស​​របស់ ណា​សា បាប​ឱ្យដឹងថា លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​នឹង​បើកផ្លូវ​សម្រាប់​ការដាំ​ដំណាំ​លើ​ឋាន​ព្រះ​ចន្ទ​នាពេល​អនាគត។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ២៣ ខែ​ឧសភា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ២៣ ខែ​ឧសភា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ២២ ខែ​ឧសភា ២០២២ កម្ពុជា មិន​​មាន​​​ករណី​​​ជា​សះស្បើយ​ ​​អ្នក​វិជ្ជមានថ្មី និង​​អ្នក​ស្លាប់ថ្មី​​ ដោយ​សារ​​​កូវីដ-១៩ ​នោះ​ទេ។​

  • អាចម៍ផ្កាយ​ធំ​ជាង ៤ ដង ធៀប​នឹង​អគារ​កម្ពស់ ១០២ ជាន់ កំពុង​សំដៅ​មកកាន់​ផែនដី

    អាចម៍ផ្កាយ​ធំ​ជាង ៤ ដង ធៀប​នឹង​អគារ​កម្ពស់ ១០២ ជាន់ កំពុង​សំដៅ​មកកាន់​ផែនដី

    អាចម៍​មួយ​ដុំ​ដែលមាន​ទំហំ​ធំ​ជាង ៤ ដង ធៀប​នឹង​អគារ Empire State នៅ សហរដ្ឋ​អាម៉េរិក កំពុងតែ​ហោះ​តម្រង់​មកកាន់​ផែនដី ក្នុង​ល្បឿន ៧៦,០០០ គីឡូម៉ែត្រ/ម៉ោង។

    យោងតាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វត្ថុ​អវកាស​ក្បែរ​ផែនដី អាចម៍ផ្កាយ​ដែលមាន​ឈ្មោះថា ១៩៨៩ JA កំពុង​ហោះ​ឆ្ពោះ​មក​មកកាន់​ផែនដី ក្នុង​គម្លាត​ប្រហែល ៤ លាន​គីឡូម៉ែត្រ ជិត​ស្មើនឹង ១០ ដង នៃ​រយៈ​ចម្ងាយ​ធ​ម្យ​មរ​វាង​ផែនដី និង​ព្រះ​ចន្ទ។

    ដុំថ្ម​អវកាស​ដែលមាន​អង្កត់ផ្ចិត ១.៨ គីឡូម៉ែត្រ​នេះ គោចរ​ក្នុង​ល្បឿន ៧៦,០០០ គូ​ឡូ​ម៉ែត្រ/ម៉ោង លឿន​ជាង ២០ ដង ធៀប​នឹង​គ្រាប់កាំភ្លើង​ដែល​កំពុង​បង្កើនល្បឿន។ ១៩៨៩ JA អាច​បង្ក​មហន្តរាយ​ធំធេង​ចំពោះ​ផែនដី បើសិន​មានការ​ប៉ះទង្គិច។

    តាម​ការ​គណនា អាចម៍ផ្កាយ​មួយ​ដុំ​នេះ​មាន​ទំហំ​ធំ​ជាង ៤ ដង ធៀប​នឹង​អគារ Empire State នៅ New York សហរដ្ឋ​អាម៉េរិក។ Empire State គឺជា​អគារ​ដែលមាន ១០២ ជាន់ និង​កម្ពស់​សរុប ៣៨១ ម៉ែត្រ ហើយ​បើ​គិត​ទាំង​អង់​តែ​ន​ទៀត វា​មាន​កម្ពស់ ៤៤២ ម៉ែត្រ។

    អាចម៍​ផ្កាយ​ ១៩៨៩ JA នឹង​ហោះ​ចូល​មក​ជិត​ផែនដី​បំផុត​នៅ​ថ្ងៃទី ២៧ ឧសភា ២០២២​។ ទីភ្នាក់ងារ​អវកាស​អាម៉េរិក ណា​សា (NASA) ឱ្យដឹងថា ១៩៨៩ JA ត្រូវបាន​ចាត់​ចូលក្នុង «ក្រុម​វត្ថុ​អវកាស​ដែល​អាច​បង្ក​ហានិភ័យ» និង​ជា​អាចម៍ផ្កាយ​ធំជាងគេ​បង្អស់​ដែល​នឹង​ហោះ​មក​ជិត​ផែនដី​នៅក្នុង​ឆ្នាំនេះ។

    យ៉ាង​ណា​ក៏​ដោយ​ ណា​សា ឱ្យដឹងថា អាចម៍ផ្កាយ​នេះ​នឹង​ហោះ​កាត់​ក្បែរ​ផែនដី​ដោយ​សុវត្ថិភាព ប៉ុន្តែ​នឹង​គោចរ​មក​ជិត​ផែនដី​ម្ដងទៀត​នៅ​ខែមិថុនា ២០៥៥។

  • អាម៉េរិក ខ្វះ​ម្សៅ​ទឹកដោះ​យ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ជូន​យន្តហោះ​យោធា​ទៅ​ដឹក​ទំនិញ​នេះ​​រាប់សិប​តោន​ពី អាល្លឺម៉ង់

    អាម៉េរិក ខ្វះ​ម្សៅ​ទឹកដោះ​យ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ជូន​យន្តហោះ​យោធា​ទៅ​ដឹក​ទំនិញ​នេះ​​រាប់សិប​តោន​ពី អាល្លឺម៉ង់

    យន្តហោះ​យោធា​មួយគ្រឿង​ដែល​ដឹក​ម្សៅ​ទឹកដោះ ៣៥ តោន ដំបូង បាន​ចុះចត​នៅ Indianapolis សហរដ្ឋ​អាម៉េរិក។

    យោងតាម Aljazeera យន្តហោះ​នេះ​ស្ថិតក្នុង​ក្របខណ្ឌ «យុទ្ធនាការ Fly Formula» របស់ រដ្ឋាភិបាល​អាម៉េរិក ដើម្បី​នាំចូល​ផលិតផល​ម្សៅ​ទឹកដោះ​ពី អឺរ៉ុប និង​ដោះស្រាយ​ស្ថានភាព​ខ្វះខាត​ទំនិញ​ប្រភេទ​នេះ​យ៉ាងធ្ងន់ធ្ងរ​នៅ សហរដ្ឋ​អាម៉េរិក។

    នេះ​គឺជា​ជើង​ដំបូង​ពី អឺរ៉ុប ដែល​ដឹក​ផលិតផល​ម្សៅ​ទឹកដោះ​សម្រាប់​កុមារ​ដែលមាន​បញ្ហា​ប្រតិកម្ម​ជាមួយនឹង​ប្រូតេអ៊ីន និង​ទឹកដោះគោ។ តាម​គម្រោង បរិមាណ​ទំនិញ​ខាងលើ​នឹង​ជួយ​កាត់បន្ថយ​បាន​មួយកម្រិត​ចំពោះ​កង្វះខាត​ដែល​កើតឡើង​កាន់តែ​ធ្ងន់ធ្ងរ​នៅ សហរដ្ឋ​អាម៉េរិក ដោយសារតែ​រោងចក្រ​ផលិត​ម្សៅ​ទឺ​ក​ដោះ​ក្នុងស្រុក​ធំ​បំផុត​ប្រចាំ​ប្រទេស​នេះ ត្រូវ​បិទទ្វារ​នៅ Michigan កាលពី​ខែកុម្ភៈ ព្រោះ​តែមាន​បញ្ហា​សុវត្ថិភាព។

    ទំនិញ​ជា​ម្សៅ​ទឹក​ដោះ ដែល​បាន​មក​ដល់​ Indianapolis

    មូល​ហេតុដែល​នាំឱ្យមាន​ជើងហោះហើរ​នៃ​យន្តហោះ​យោធា​អាម៉េរិក នេះ ក៏​ព្រោះតែ​ពុំមាន​ជើងហោះហើរ​ពាណិជ្ជ​កម្មណា​មួយ​ត្រូវបាន​ធ្វើឡើង​នៅ​ចុង​សប្ដាហ៍​កន្លង។

    សេត​វិមាន​ឱ្យដឹងថា ម្សៅ​ទឹកដោះ Nestle Health Science Alfamino Infant និង Alfamino Junior ចំនួន ១៣២ កោះធំ (pallet) នឹងត្រូវ​បាន​ដឹក​ពី​មូលដ្ឋានទ័ព Ramstein នៅ អាល្លឺម៉ង់ មកកាន់ សហរដ្ឋ​អាម៉េរិក។ ជា​សរុប ម្សៅ​ទឹកដោះ​សម្រាប់​កុមារ​ប្រតិកម្ម​នឹង​ប្រូតេអ៊ីន​របស់​ទឹកដោះគោ ប្រហែល ១.៥ លាន​កំប៉ុង នឹង​មក​ដល់ដៃ​អតិថិជន នៅ សហរដ្ឋ​អាម៉េរិក នៅក្នុង​សប្ដាហ៍​នេះ។

  • ប្រទេស​ដំបូង​ដែល​ប្រកាស «ធ្វើ​ច​ត្តា​ឡី​ស័ក» ចំពោះ​អ្នក​ឆ្លង​ជំងឺ​អុត​ស្វា (monkeypox)

    ប្រទេស​ដំបូង​ដែល​ប្រកាស «ធ្វើ​ច​ត្តា​ឡី​ស័ក» ចំពោះ​អ្នក​ឆ្លង​ជំងឺ​អុត​ស្វា (monkeypox)

    អាជ្ញាធរ​វាយតម្លៃ​ហានិភ័យ របស់ បែលហ្ស៊ិក បានប្រកាស​ធ្វើ​ច​ត្តា​ឡី​ស័ក ២១ ថ្ងៃ ចំពោះ​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​អុត​ស្វា (monkeypox)។

    ទីភ្នាក់ងារសារព័ត៌មាន RT កាលពី​ថ្ងៃទី ២២ ឧសភា ឱ្យដឹងថា ប្រកាស​ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅពេលដែល​ពលរដ្ឋ ៣ នាក់​របស់​ប្រទេស​នេះ ត្រូវបាន​ពិនិត្យឃើញថា មាន​ផ្ទុក​វីរុស​បង្ក​ជំងឺ​អុត​ស្វា ដែលជា​ជំងឺ​មួយ​បាន​បង្ហាញខ្លួន​នៅក្នុង​ប្រទេស​ជាង ១០ រួចមកហើយ​ក្នុង​សប្ដាហ៍​កន្លង។ ស្ថាប័ន​សុខាភិបាល​របស់ បែលហ្ស៊ិក បញ្ចេញ​ប្រកាស​នេះ​កាលពី​ថ្ងៃទី ២០ ឧសភា ២០២២។

    អ្នក​វីរុស​សាស្ត្រ Marc Van Ranst បានឱ្យដឹងថា បែលហ្ស៊ិក បាន​រកឃើញ​អ្នកជំងឺ​ទី ៤ ដែល​បាន​ឆ្លង​វីរុស​បង្ក​ជំងឺ​អុត​ស្វា។ លោក​បញ្ជាក់ថា ដូច​ទៅនឹង ៣ ករណី​មុន ករណី​ទី ៤ នេះ​មាន​ជាប់ទាក់ទង​នឹង​ព្រឹត្តិការណ៍​បុរស​ស្រលាញ់​ភេទ​ដូចគ្នា​អន្តរជាតិ Darklands ដែល​ត្រូវ​បានរៀបចំ​ធ្វើឡើង​កាលពីដើម​ខែឧសភា នៅ Antwerp។

    វិ​ជ្ជ​បណ្ឌិត Ranst និយាយថា «ប្រការ​សំខាន់​គឺថា អ្នក​ទាំងឡាយ​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍ Darklands ត្រូវតែ​យកចិត្តទុកដាក់​ទៅលើ​រាល់​អាការ​ដែល​កើត​ឡើងលើ​ខ្លួន​ពួកគេ»។

    ស្ថានភាព​នេះ​បង្ហាញថា ជំងឺ​ផ្ទុះឡើង​ក្នុង​ទ្រង់ទ្រាយ​កាន់តែ​ធំ។ ជំងឺ​អុត​ស្វា តែង​ជាសះស្បើយ​ដោយ​ឯកឯង​ក្នុង​រង្វង់ ២-៣ សប្ដាហ៍។ ជំងឺ​នេះ ភាគច្រើន​បង្ហាញ​វត្ត​មាននៅ អាហ្វ្រិក​ខាងលិច និង អាហ្វ្រិក​កណ្ដាល។

    យោងតាម អង្គការ​សុខភាព​ពិភពលោក (WHO) ជំងឺ​អុត​ស្វា មិន​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស។ វីរុស​នេះ​ឆ្លង​នៅពេល​មនុស្ស​ប៉ះពាល់​គ្នា​យូរ​ជាមួយនឹង​របួស ធាតុ​រាវ​របស់​រាងកាយ តំណក់ទឹក​ផ្លូវដង្ហើម ឬ​ស​ម្ភ​រ​ដែលមាន​ផ្ទុក​វីរុស ដូចជា ភួយ​ខ្នើយ​ជាដើម។ អាការ​ដំបូង​នៃ​ជំងឺ​អុត​ស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើម​កូនកណ្ដុរ ឈឺ​ខ្នង និង​សាច់ដុំ ក្រោយមក​ក៏​ចេញ​ពងមាន​ខ្ទុះ​លើ​ស្បែក​នៅត្រង់​មុខ ដៃ និង​កន្លែង​ជាច្រើន​ទៀត​របស់​រាងកាយ។ រោង​សញ្ញា​ចាប់ផ្ដើម​បង្ហាញខ្លួន​ក្នុង​រង្វង់​ពី ១ ទៅ ២ សប្ដាហ៍ រាប់​ចាប់ពី​ពេល​ឆ្លង​វីរុស។

  • ថ្ងៃទី ៨៨ នៃ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន៖ ទីក្រុង​កៀវ ប្រកាសថា មិន​ព្រម​ចុះចាញ់ រុស្ស៊ី ជាដាច់ខាត

    ថ្ងៃទី ៨៨ នៃ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន៖ ទីក្រុង​កៀវ ប្រកាសថា មិន​ព្រម​ចុះចាញ់ រុស្ស៊ី ជាដាច់ខាត

    អ៊ុយ​ក្រែ​ន ទាត់ចោល​បទបញ្ជា​ឈប់​បាញ់ ឬ​ការធ្វើសម្បទាន​ទឹកដី​ណាមួយ​ចំពោះ រុស្ស៊ី ជាដាច់ខាត នៅពេលដែល មូ​ស្គូ បង្កើន​ការវាយប្រហារ​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​ប្រទេស​នេះ។

    គោលជំហរ​របស់ ទីក្រុង​កៀវ កាន់តែ​មានការ​ប្ដេជ្ញា​ខ្ពស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ នៅពេលដែល រុស្ស៊ី ជួប​ឧបសគ្គ​នៅ​តំបន់​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន ហើយ​ក្រុមមន្ត្រី​ប្រទេស​នេះ​ព្រួយបារម្ភ​ថា ពួកគេ​អាច​ត្រូវ​បង្ខំ​ឱ្យ​បោះបង់​ទឹកដី​មួយចំនួន​ដើម្បី​ប្ដូរ​យក​កិច្ចព្រមព្រៀង​សន្តិភាព។

    «សង្គ្រាម​ត្រូវតែ​បញ្ចប់​ដោយ អ៊ុយ​ក្រែ​ន យកមក​វិញ​នូវ​បូរណភាព និង​អធិបតេយ្យភាព​ទឹកដី​ទាំងស្រុង» ប្រធានការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Andriy Yermak បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Twitter កាលពី​ថ្ងៃទី ២២ ឧសភា ២០២២។

    Mykhailo Podolyak អ្នកចរចា​ថ្នាក់​កំពូល និង​ជាទី​ប្រឹក្សា​របស់​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី កាលពី​ថ្ងៃទី ២១ ឧសភា បាន​ទាត់ចោល​លទ្ធភាព​ដែលថា អ៊ុយ​ក្រែ​ន ធ្វើ​សម្បទាន​ទឹកដី ក៏ដូចជា​ការអំពាវនាវ​ឱ្យ​ឈប់​បាញ់​ជាបន្ទាន់ ដោយ​ថ្លែងថា ប្រការ​ទាំងនោះ​គឺ​មានន័យថា កងទ័ព​រុស្ស៊ី នឹង​ស្ថិតនៅក្នុង​តំបន់​នានា​នៃ​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ដែល​ពួកគេ​កំពុង​កាន់កាប់ នេះ​គឺជា​ប្រការ​ដែល ទីក្រុង​កៀវ មិនអាច​ទទួលយកបាន។

    «កងកម្លាំង​រុស្ស៊ី ត្រូវតែ​ចាកចេញ​ពី​ទឹកដី ហើយ​ក្រោយមក ដំណើរការ​សន្តិភាព​អាច​ត្រូវបាន​ត​ភ្ជាប់​ឡើងវិញ» Podolyak ប្រាប់​សារព័ត៌មាន Reuters ដូច្នេះ និង​បញ្ជាក់ថា ការធ្វើសម្បទាន​នឹងមិន​មាន​ប្រសិទ្ធភាព ព្រោះថា រុស្ស៊ី នឹង​ឆ្លៀ​ក​យក​ឱកាស​នោះ​ដើម្បី​ពង្រឹង​ខ្លួន​ឱ្យ​ខ្លាំងក្លា​ជាង​មុន។

  • ខាតបង់​ប្រាក់​ខ្ទង់ពាន់​លាន​ដុល្លារ ព្រោះតែ​វិនិយោគ​ទៅលើ​ប្រាក់​ឌីជីថល Luna មហាសេដ្ឋី​នេះ រអ៊ូ​ថា «ក្រ​ទៀតហើយ»

    ខាតបង់​ប្រាក់​ខ្ទង់ពាន់​លាន​ដុល្លារ ព្រោះតែ​វិនិយោគ​ទៅលើ​ប្រាក់​ឌីជីថល Luna មហាសេដ្ឋី​នេះ រអ៊ូ​ថា «ក្រ​ទៀតហើយ»

    ខ្ទង់​វិនិយោគ​ទៅលើ Luna របស់​ក្រុមហ៊ុន Binance បាន​ធ្លា​ក់ដាំ​ក្បាល​ចុះ​ដោយ​មិនអាច «ចាប់​ឃាត់» បាន ធ្វើឱ្យ​ពួកគេ​ខាតបង់​អស់ ១.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក កាលពី​ខែ​កន្លង។

    កាលពី​ថ្ងៃទី ១៧ ឧសភា មហាសេដ្ឋី Changpeng Zhao ដែលជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ផ្សារ​ជួញដូរ​ប្រាក់​ឌីជីថល​គ្រីប​តូ Binance បាន​ចែករំលែក​អត្ថបទ​ព័ត៌មាន​មួយ​របស់ Fortune នៅលើ Twitter ផ្ទាល់ខ្លួន អម​ជាមួយនឹង​មតិ​ថា «Poor again» (ក្រ​ទៀតហើយ)។

    ខ្ទង់​វិនិយោគ​ទៅលើ Luna របស់​ក្រុមហ៊ុន Binance បាន​ធ្លា​ក់ដាំ​ក្បាល​ចុះ​ដោយ​មិនអាច «ចាប់​ឃាត់» បាន ពី ១.៦ ពាន់​លាន​ដុល្លារ​កាលពី​ខែ​កន្លង មក​នៅត្រឹម ២,២០០ ដុល្លារ នៅក្នុង​សប្ដាហ៍​នេះ។ កាលពី​ថ្ងៃទី ១៩ ឧសភា រូបិយប័ណ្ណ​ឌីជីថល Luna ត្រូវបាន​គេ​ជួញដូរ​ក្នុងតម្លៃ ០.០០០១៤៦៨ ដុល្លារ/កាក់។

    ក្នុងអំឡុង ២ សប្ដាហ៍​កន្លង Luna បាន​ធ្លាក់​ថ្លៃ​ខ្លាំង​ដោយ​មិនអាច​ទប់​បាន បន្ទាប់ពី token (មុខងារ​បង្កើត​កូដ​សម្ងាត់​ប្រើ​ម្ដង) TerraUSD (UST) បាត់បង់​តុល្យភាព​ជាមួយនឹង​ប្រាក់​ដុល្លារ​អាម៉េរិក។ យោងតាម Business Insider តម្លៃ​របស់ token ទាំងពីរ​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ម៉ត់ចត់​នឹង​គ្នា។ ក្រុម​អ្នកវិនិយោគ​ប្រញាប់​លក់​ចោល​នៅពេល​តម្លៃ​របស់ TerraUSD ថយចុះ នាំឱ្យ​កើតមាន​ការដួលរលំរ​បស់ Luna។ ការដែល TerraUSD និង Luna ធ្លាក់​ថ្លៃ​ដោយ​សេរី បានធ្វើឱ្យ​ពួកវា​បាត់បង់​តម្លៃ​អស់​ជាង ៥០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    កាលពីមុន​នោះ Zhao ឱ្យដឹងថា Binance កាន់កាប់ ១៥ លាន token Luna បន្ទាប់ពី​បាន​វិនិយោគ​ទៅលើ​បណ្ដាញ Terra កាលពី​ឆ្នាំ ២០១៨។

    ក៏ប៉ុន្តែ ការបញ្ចេញមតិ​ថា «ក្រ​ទៀតហើយ» របស់លោក Zhao ប្រហែល​គ្រាន់តែ​ជាការ​លេងសើច​ប៉ុណ្ណោះ ព្រោះថា បច្ចុប្បន្ន បុរស​នេះ​នៅតែ​ជា​មហាសេដ្ឋី ដោយមាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៧.៤ ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ស្ថិត​ក្នុងចំណោម​កំពូល​អ្នកមាន​ទាំង ១០០ របស់​ពិភពលោក។

    យ៉ាងណាក៏ដោយ កាលពី​ខែ​កន្លង Forbes ឱ្យដឹងថា Zhao ឈរ​លំដាប់​ទី ១៩ ក្នុងចំណោម​មហាសេដ្ឋី​ពិភពលោក ដោយមាន​ទ្រព្យ ៦៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ដូច្នេះ អាច​និយាយបានថា បច្ចុប្បន្ន Zhao កំពុង​ធ្លាក់ខ្លួន «ក្រ» ជាង បើ​ធៀប​នឹង​ខែ​មុន។

  • ប្រទេស​ចិន អាច​ទិញ​ប្រេង​តម្លៃ​ថោក​​ក្នុង​បរិមាណ​ច្រើន​ពី រុស្ស៊ី ដើម្បី​បន្ថែម​ទៅក្នុង​ឃ្លាំង​យុទ្ធសាស្ត្រ

    ប្រទេស​ចិន អាច​ទិញ​ប្រេង​តម្លៃ​ថោក​​ក្នុង​បរិមាណ​ច្រើន​ពី រុស្ស៊ី ដើម្បី​បន្ថែម​ទៅក្នុង​ឃ្លាំង​យុទ្ធសាស្ត្រ

    ក្រុមមន្ត្រី​ចិន ត្រូវបាន​គេ​ជឿថា កំពុង​ចរចា​ជាមួយ​ក្រុមមន្ត្រី​នៅ មូ​ស្គូ ដើម្បី​ទិញ​ប្រេង​ក្នុងតម្លៃ​ទាប​ពី ប្រទេស​រុស្ស៊ី សម្រាប់​បន្ថែម​ទៅក្នុង​ឃ្លាំង​យុទ្ធសាស្ត្រ។

    Bloomberg ដកស្រង់​ប្រភពព័ត៌មាន​អនាមិក ឱ្យដឹងថា ការចរចា​ត្រូវបាន​ធ្វើឡើង​ក្នុង​ថ្នាក់​រដ្ឋាភិបាល​រវាង ទីក្រុង​ប៉េកាំង និង មូ​ស្គូ ប៉ុន្តែ បណ្ដា​ក្រុមហ៊ុន​ប្រេង ទំនងជា​មិនបាន​ចូលរួម​ផ្ទាល់​ក្នុងការ​ចរចា​នេះ​ទេ។ ប្រការនេះ​បង្ហាញថា ចិន កំពុងតែ​បង្កើន​កិច្ចសហការ​ប្រតិបត្តិ​ក្នុង​វិស័យ​ថាមពល​ជាមួយ រុស្ស៊ី ក្នុង​គ្រា​ដែល លោកខាងលិច ស្វែងរក​វិធី​ហាមឃាត់​ការនាំ​ចូល​ប្រេង​ពី រុស្ស៊ី ដោយសារតែ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    ប្រេង​បាន​ឡើងថ្លៃ​ខ្ពស់​ក្នុងឆ្នាំនេះ ក្រោយពី រុស្ស៊ី បើក​ការឈ្លានពាន​លើ​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ប៉ុន្តែ តម្លៃ​ប្រេង​ឆៅ​របស់ រុស្ស៊ី បែរជា​ធ្លាក់​ថ្លៃ ព្រោះតែ អតិថិជន​ជាច្រើន​មិន​ចង់​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​បស្ចិម​លោក។ ប្រការនេះ​បាន​ជួយ​ឱ្យ ចិន អាច​ទិញ​ប្រេង​ពី រុស្ស៊ី ក្នុង​តម្លៃថោក សម្រាប់​បន្ថែម​ទៅក្នុង​ឃ្លាំង​យុទ្ធសាស្ត្រ។

    «ចិន និង រុស្ស៊ី ចូលរួម​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ធម្មតា ក្នុង​ក្របខណ្ឌ​គោរព​គ្នា ស្មើភាព​គ្នា និង​ផលប្រយោជន៍​រួមគ្នា» អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Wang Wenbin ប្រកាស​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី ២០ ឧសភា មួយថ្ងៃ​បន្ទាប់ពី​ព័ត៌មាន​ទាក់ទង​នឹង​ការចរចា​ទិញ​ប្រេង​ខាងលើ​ត្រូវបាន​ចុះផ្សាយ​ដោយ Bloomberg។

    ចិន មិនបាន​ប្រកាស​ឱ្យដឹង​អំពី​ទំហំ​នៃ​ឃ្លាំង​ប្រេង​យុទ្ធសាស្ត្រ​របស់ខ្លួន​នោះទេ ប៉ុន្តែ ក្រុមហ៊ុន​ប្រឹក្សា​យោបល់​មួយចំនួន វិភាគ​រូបភាព​បាន​ពី​ផ្កាយរណប បាន​សន្និដ្ឋានថា ប្រទេស​នេះ​មានលទ្ធភាព​រក្សា​ប្រេង​ជាង ១ ពាន់​លាន​ធុង​ក្នុង​ឃ្លាំង​យុទ្ធសាស្ត្រ និង​ពាណិជ្ជកម្ម៕

  • WHO កោះប្រជុំ​បន្ទាន់​ព្រោះតែ​ជំងឺ​អុត​ស្វា (monkeypox)

    WHO កោះប្រជុំ​បន្ទាន់​ព្រោះតែ​ជំងឺ​អុត​ស្វា (monkeypox)

    អង្គការ​សុខភាព​ពិភពលោក (WHO) បើក​កិច្ចប្រជុំ​បន្ទាន់​ដើម្បី​ពិភាក្សា​អំពី​រលក​នៃ​ការផ្ទុះ​ឆ្លង​ជំងឺ​អុត​ចម្លែក​ម្យ៉ាង​ដែល​ហៅថា អុត​ស្វា (monkeypox) ក្នុង​គ្រា​ដែល​នៅ អឺរ៉ុប ករណី​ឆ្លង​ជំងឺ​នេះ​អាច​ឡើងដល់​ជាង ១០០ នាក់​ទៅហើយ។

    កិច្ចប្រជុំ​ខាងលើ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ២០ ឧសភា ដោយ​ក្រុមប្រឹក្សា​យុទ្ធសាស្ត្រ​និង​បច្ចេកទេស​ស្ដីពី​ការគំរាមកំហែង​ក្នុង​ការឆ្លង​រាលដាល​ដែល​អាច​ក្លាយជា​ជំងឺ​រាតត្បាត ឬ​ជំងឺ​រាតត្បាត​សកល (STAG-IH) នៃ អង្គការ​សុខភាព​ពិភពលោក។

    STAG-IH មាន​ភារកិច្ច​ផ្ដល់យោបល់​អំពី​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ទូទាំង​សកលលោក ប៉ុន្តែ​ស្ថាប័ន​នេះ​មិន​ទទួលខុសត្រូវ​ក្នុងការ​ប្រកាស​ស្ថានការណ៍​អាសន្ន​អំពី​សុខភាព​សាធារណៈ​នោះទេ។ ការប្រកាស​ស្ថានការណ៍​អាសន្ន គឺជា​ស្ថានការណ៍​អាសន្ន​កម្រិត​ខ្ពស់បំផុត​របស់ WHO ដែល​បច្ចុប្បន្ន​ត្រូវបាន​ធ្វើឡើង​ចំពោះ កូ​វីដ-១៩។

    «នៅក្នុង​ដំណាក់កាល​នេះ ហានិភ័យ​ទំនងជា​នៅ​ទាប​នៅឡើយ» មន្ត្រីជាន់ខ្ពស់​មួយរូប​របស់ សហរដ្ឋ​អាម៉េរិក បាន​អះអាង​ដូច្នេះ ទាក់ទិន​នឹង​ជំងឺ​អុត​ស្វា (monkeypox)។

    កិច្ច​ប្រជុំ​បន្ទាន់​របស់ WHO នេះ​ កើត​ឡើង​បន្ទាប់​ពី​ អឺរ៉ុប សង្ស័យ​ថា មាន​ការ​ឆ្លង​ជំងឺ​នេះ​ជាង​ ១០០ ករណី​ ក្នុង​ប្រទេស​ចំនួន ៩ គឺ​ បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ប៉ូឡូញ អេស្ប៉ាញ ស៊ុយអែត និង​ អង់គ្លេស។

    ក្រៅ​ពី​តំបន់​អឺរ៉ុប ជំងឺ​អុតស្វា​ នេះ ក៏​ត្រូវ​បាន​គេ​រកឃើញ​មាន​នៅ​ សហរដ្ឋ​អាម៉េរិក កាណាដា និង​ អូស្ត្រាលី ផងដែរ​។

  • យន្តហោះ «Made in China» ត្រៀម​ប្រគល់ដល់ដៃ​អតិថិជន៖ Boeing និង Airbus មាន​គូប្រជែង​ថ្មី!

    យន្តហោះ «Made in China» ត្រៀម​ប្រគល់ដល់ដៃ​អតិថិជន៖ Boeing និង Airbus មាន​គូប្រជែង​ថ្មី!

    បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​មកពី​ជុំវិញ​ពិភពលោក បាន​បញ្ជា​ទិញ​យន្តហោះ​ផលិត​នៅ ប្រទេស​ចិន ចំនួន ៨១៥ គ្រឿង ដែល​នេះ​គឺជា​ការ​បំបែក​ស្ថានភាព​ផ្ដាច់មុខ​របស់ Boeing និង Airbus។

    យោងតាម​សារព័ត៌មាន Yahoo យន្តហោះ C៩១៩ របស់​ក្រុមហ៊ុន Comac ដែល​ផលិត​នៅ ប្រទេស​ចិន ទើបតែ​បានបញ្ចប់​ការហោះហើរ​សាកល្បង​ដំបូង មុនពេល​ត្រូវបាន​ប្រគល់ដល់ដៃ​អតិថិជន​ដំបូង​នៅ សៀង​ហៃ នាពេលខាងមុខ។ នេះ​គឺជា​ការបោះ​ជំហាន​ថ្មី​មួយ​ក្នុង​ការដែល​ក្រុមហ៊ុន​ចិន ឆ្ពោះទៅរក​ការផ្គត់ផ្គង់​យន្តហោះ​ពាណិជ្ជកម្ម ជំនួស​ឱ្យ យន្តហោះ​ប្រភេទ ៧៣៧ របស់ Boeing និង A៣២០ របស់ Airbus ក្នុង​ទីផ្សារ​អាកាសចរណ៍​ពិភពលោក។

    Commercial Aircraft Corp របស់ ចិន (Comac) បានបញ្ចប់​ការហោះហើរ​សាកល្បង​រយៈ​ពេល ៣ ម៉ោង នៅឯ សៀង​ហៃ កាលពី​ចុង​សប្ដាហ៍​កន្លង នេះ​បើតាម​សារព័ត៌មាន​ក្នុងស្រុក​របស់​ប្រទេស​នេះ។

    ជោគជ័យ​នៃ​ការហោះហើរ​សាកល្បង​នេះ​គឺជា​ចលករ​មួយ​ដ៏​ធំ​សម្រាប់ Comac។ ក្រុមហ៊ុន​នេះ​បច្ចុប្បន្ន​ទទួលបាន​ការ​បញ្ជា​ទិញ​ចំនួន ២៨ លើក សម្រាប់ ៨១៥ គ្រឿង នៃ​យន្តហោះ​ប្រភេទ C៩១៩។

    ក្រុមហ៊ុន​អាកាសចរណ៍​ចិន China Eastern បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​ទទួលយក​យន្តហោះ C៩១៩ ចំនួន ៥ គ្រឿង​ដំបូង ក្នុងតម្លៃ ៩៩ លាន​ដុល្លារ/គ្រឿង ទៅតាម​កិច្ចព្រមព្រៀង​កាលពី​ឆ្នាំ ២០២១។ ក្រុមហ៊ុន​អាកាសចរណ៍​ធំជាងគេ​លំដាប់​ទី ៣ របស់ ចិន នេះ គ្រោង​នឹង​ប្រើប្រាស់​យន្តហោះ​របស់ Comac សម្រាប់​ទីផ្សារ​ក្នុងស្រុក៕