Author: សឿន សំណាង

  • «ហែក​គុក» នៅ ​កូ​ឡុំ​ប៊ី ​បណ្ដាល​ឱ្យ​​អ្នក​ទោស​ ​៥០ ​នាក់​​បាត់​​បង់​ជីវិត

    យោង​តាម​ AFP យ៉ាងហោចណាស់​មាន​អ្នកទោស ៤៩ នាក់ បាន​ស្លាប់ (សារព័ត៌មាន The Sun Daily ថា ៥១ នាក់ស្លាប់) និង​រាប់សិប​នាក់​ទៀត​រងរបួស​នៅពេល​ព្យាយាម​រត់គេច​ពី​ពន្ធនាគារ​នៅ​ទីក្រុង Tulua ភាគ​និរតី​ប្រទេស​កូ​ឡុំ​ប៊ី។

    កាលពី​ម្សិលមិញ មន្ត្រី​កូ​ឡុំ​ប៊ី បានឱ្យដឹងថា អំពើហិង្សា​បានកើត​ឡើង​នៅវេលា​ទៀបភ្លឺ ក្នុង​គ្រា​ដែល​អ្នកទោស​នាំគ្នា​ដុត​ពន្ធនាគារ ចំណែក​ក្រុម​សន្តិសុខ​ក៏​រក​វិធី​ទប់ស្កាត់។ អ្នកទោស​ប្រហែល ២០០ នាក់ កំពុង​ជាប់ឃុំ​នៅក្នុង​ទីតាំង​ដែល​អគ្គិភ័យ​ឆាបឆេះ។

    «បច្ចុប្បន្ន មនុស្ស​ចំនួន ៤៩ នាក់​បាន​ស្លាប់។ នេះ​ជា​តួលេខ​បឋម និង​អាចមាន​ការប្រែប្រួល» អ្នកនាំពាក្យ​មន្ទីរ​កែប្រែ និង​ពន្ធនាគារ​ជាតិ របស់ កូ​ឡុំ​ប៊ី បញ្ជាក់​ដូច្នេះ។

    ក្រុមមន្ត្រី​ពាក់ព័ន្ធ​និយាយថា ជនរងគ្រោះ​ជាច្រើន​បាន​ស្លាប់​ដោយសារ​ត្រូវ​ភ្លើង​ឆេះ ខណៈដែល​សាកសព​មួយចំនួន​មាន​ស្នាម​នៃ​អំពើហិង្សា។ មនុស្ស​ជាង ៥០ នាក់ ដែល​ត្រូវ​រងរបួស​នៅក្នុង​ហេតុការណ៍​ហែក​គុក ត្រូវបាន​បញ្ជូនទៅ​ព្យាបាល។

    នេះ​គឺជា​ករណី​អំពើហិង្សា​ក្នុង​ពន្ធនាគារ​ដ៏​អាក្រក់​បំផុត​នៅ កូ​ឡុំ​ប៊ី ក្នុងអំឡុងពេលថ្មីៗនេះ។ ប្រធានាធិបតី Ivan Duque បាន​បង្ហោះ​សារ​លើ Twitter អំពាវនាវ​ឱ្យមាន​ការជួយ និង​ចែករំលែក​ទុក្ខ​ជាមួយ​គ្រួសារ​ជនរងគ្រោះ ប៉ុន្តែ​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​នេះ។

    អំពើហិង្សា​ក្នុង​ពន្ធនាគារ​បង្ក​ដែល​ឱ្យមាន​មនុស្ស​ស្លាប់ មិនមែនជា​រឿង​កម្រ​នោះទេ​នៅ តំបន់​អាម៉េរិក​ឡាទីន។ នៅ ប្រទេស​អេក្វាទ័រ ដែលជា​អ្នកជិតខាង​របស់ កូ​ឡុំ​ប៊ី ក៏​ធ្លាប់មាន​ករណី​ហែក​គុក​ចំនួន ៦ លើក រាប់​ចាប់ពី​ដើមឆ្នាំ ២០២១ បណ្ដាលឱ្យ​មនុស្ស​ជិត ៤០០ នាក់ បាត់បង់​ជីវិត៕

    ពន្ធនាគារនៅទីក្រុង Tulua
  • វិបត្តិ​ថាមពល​នៅ​ទ្វីបអាស៊ី ៖ ប្រទេស​ស្រីលង្កា ផ្អាក​លក់​ប្រេងសាំង ខណៈ ឥណ្ឌា និង ប៉ា​គី​ស្ថាន មិនអាច​បើក​ម៉ាស៊ីនត្រជាក់​ពេល​មេឃ​ក្ដៅ​ខ្លាំង

    វិបត្តិ​ថាមពល​នៅ​ទ្វីបអាស៊ី ៖ ប្រទេស​ស្រីលង្កា ផ្អាក​លក់​ប្រេងសាំង ខណៈ ឥណ្ឌា និង ប៉ា​គី​ស្ថាន មិនអាច​បើក​ម៉ាស៊ីនត្រជាក់​ពេល​មេឃ​ក្ដៅ​ខ្លាំង

    ប្រទេស​ជាច្រើន​នៅ​តំបន់ អាស៊ី-ប៉ាស៊ីហ្វិក កំពុងតែ​ប្រឈម​នឹង​វិបត្តិ​ថាមពល​ដ៏​អាក្រក់​បំផុត​ក្នុងអំឡុង​ច្រើន​ឆ្នាំ​មកនេះ។ កាលពី​សប្ដាហ៍​កន្លង នាយករដ្ឋមន្ត្រី​ស្រីលង្កា Ranil Wickremesinghe ព្រមាន​ថា សេដ្ឋកិច្ច​ប្រទេស​នេះ «បាន​ដួលរលំ​ទាំងស្រុង​ហើយ»។

    បណ្ដា​ប្រទេស​អ្នកមាន ដូចជា អូស្ត្រាលី ជាដើម ក៏​កំពុង​ប្រឈម​នឹង​ហានិភ័យ​ផ្នែក​សេដ្ឋកិច្ច នៅពេល​ប្រជាជន​ត្រូវ​ចំណាយ​ខ្ពស់ជាង​មុន​ទៅលើ​អគ្គិសនី។ តម្លៃ​អគ្គិសនី​នៅទីនេះ ក្នុង​ត្រីមាស​ដំបូង​បាន​កើន ១៤១% ធៀប​នឹង​ឆ្នាំ​កន្លង។ ប្រជាជន​នៅ អូស្ត្រាលី ត្រូវបាន​អាជ្ញាធរ​អំពាវនាវ​ឱ្យ​កាត់បន្ថយ​ការប្រើប្រាស់​អគ្គសិ​នី។

    ឥណ្ឌា ជាទី​ដែល​តម្រូវការ​ចំពោះ​ថាមពល​កំពុងតែ​កើនឡើង​យ៉ាងគំហុក គឺជា​ភ័ស្ដុតាង​ជាក់ស្ដែង​បំផុត​ដែល​បង្ហាញថា នេះ​គឺជា​វិបត្តិ​សកល មិនមែនជា​វិបត្តិ​កម្រិត​តំបន់​ឡើយ។ កាលពី​ថ្ងៃទី ២៨ មិថុនា ប្រទេស​នេះ​បានប្រកាសថា ក្រុមហ៊ុន​រ៉ែ​ធ្យូងថ្ម Coal India របស់​រដ្ឋ នឹង​នាំចូល​ធ្យូងថ្ម​ជា​លើកដំបូង​រាប់​ចាប់ពី​ឆ្នាំ ២០១៥ ដោយសារតែ​ខ្វះ​អគ្គិសនី​ទ្រង់ទ្រាយ​ធំ។

    តើ​មូលហេតុ​នៃ​វិបត្តិ​ថាមពល​គឺជា​អ្វី?

    បើទោះជា​បញ្ហា​របស់​ប្រទេសនីមួយៗមាន​ភាពខុសគ្នា ប៉ុន្តែ ទាំងអស់​សុទ្ធតែ​ទទួលរង​ផលប៉ះពាល់ផ្ទួនៗពី កូ​វីដ-១៩ និង សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។ នេះ​គឺជា​ព្រឹត្តិការណ៍​ដែល​កើតឡើងភ្លាមៗ ធ្វើឱ្យ​ផែនការ​សេដ្ឋកិច្ច​នានា​ត្រូវ​ប្រែប្រួល ក្រឡាប់ចាក់។ ចំណែក​មូលហេតុ​ឫសគល់​ផ្ទាល់​នៃ​វិបត្តិ​ថាមពល​នេះ បើ​យោងតាម​អ្នកជំនាញ នោះ​គឺ​បញ្ហា​អតុល្យភាព​រវាង​ប្រភព​ផ្គត់ផ្គង់ និង​តម្រូវការ។

    ហេតុអ្វី អាស៊ី ត្រូវ​ជួប​វិបត្តិ​ថាមពល​ធ្ងន់ធ្ងរ​ជាងគេ?

    បើទោះជា​តម្លៃ​ប្រេងសាំង និង​ឧស្ម័ន កើនឡើង​នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ ក្រុម​អ្នកជំនាញ​យល់ថា នៅមាន​មូលហេតុ​ជាច្រើន​ផ្សេងទៀត​ដែលនាំឱ្យ​សេដ្ឋកិច្ច​មួយចំនួន​នៅ អាស៊ី ត្រូវ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជា​គេ​បង្អស់។ «បើសិនជា​ប្រទេស​ដែល​ទើប​លេចធ្លោ​ដូច ស្រីលង្កា ដែល​ត្រូវ​នាំចូល​ទំនិញ ប្រេង​ឆៅ ឧស្ម័ន​ជាដើម នេះ​គឺ​ពិតជា​បញ្ហា​ត្រដាបត្រដួស» Mark Zandi ប្រធាន​ផ្នែក​សេដ្ឋកិច្ច​ប្រចាំ​ក្រុមហ៊ុន Moody’s Analytics ឱ្យដឹង​ដូច្នេះ និង​បន្តថា «អ្នក​ត្រូវ​ចំណាយ​ប្រាក់​ច្រើនជាង​មុន​ដើម្បី​ទិញ​ទំនិញ ខណៈដែល​របស់​ដែល​អាច​លក់បាន បែរជា​មិន​ឡើងថ្លៃ»។

    បណ្ដា​ប្រទេស​ក្រី​ក្រី ពិបាក​ប្រកួត​ជាមួយនឹង​គូប្រជែង​ដែលជា​អ្នកមាន។ ពួកគេ​កាន់តែ​ត្រូវ​នាំចូល​ច្រើន បញ្ហា​របស់​ពួកគេ​ក៏​កាន់​តែមាន​ភាព​ធ្ងន់ធ្ងរ នេះ​បើតាម Antoine Half អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ថាមពល​សកល នៃ សាកលវិទ្យាល័យ Columbia។

    លោក Antoine Half និយាយថា «នោះ​គឺជា​ករណី​របស់ ប្រទេស​ប៉ា​គី​ស្ថាន ហើយ​រួមទាំង ស្រីលង្កា ផងដែរ។ ពួកគេ​រង​ផលប៉ះពាល់​ពី​បញ្ហា​ទំនិញ​ឡើងថ្លៃ និង​ថែមទាំង​ទទួលរង​នូវ​បញ្ហា​នៃ​ប្រភព​ផ្គត់ផ្គង់។ ពួកគេ​ត្រូវ​ចំណាយ​ប្រាក់​ច្រើនជាង​មុន​ដើម្បី​ទិញ​ថាមពល»។

    កាល​ពីមួយ​សប្ដាហ៍​មុន ស្រីលង្កា ឱ្យដឹងថា ពួកគេ​នៅសល់​ប្រេង​ដែល​អាច​ប្រើប្រាស់​បានតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ ចំណែក ប៉ា​គិ​ស្ថាន វិញ ក៏ត្រូវ​បន្ថយ​ថ្ងៃ​ធ្វើការ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ឥន្ធនៈ។

    នៅ អូស្ត្រាលី ស្ថានភាព​នៃ​បញ្ហា​ថាមពល​ក៏​មិនល្អ​ប៉ុន្មាន​ដែរ។ ប្រជាជន​របស់​ប្រទេស​នេះ ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​សន្សំសំច័យ​អគ្គិសនី។ រដ្ឋមន្ត្រីក្រសួង​ថាមពល Chris Bowen ថ្មីៗនេះ​បាន​ស្នើឱ្យ​បណ្ដា​គ្រួសារ​នៅក្នុង​រដ្ឋ New South Wales ឈប់​ប្រើប្រាស់​អគ្គិសនី ២ ម៉ោង រៀងរាល់​យប់។

    បញ្ហា​ធំ​ជាង​វិបត្តិ​ថាមពល​កំពុង​រង់ចាំ​នៅខាងមុខ

    ដោយសារតែ​បញ្ហា​ខ្វះ​អគ្គិសនី ប្រទេស​ជាច្រើន​ត្រូវ​វិល​ទៅរក​ការផលិត​ដោយ​ប្រើប្រាស់​ប្រភេទ​វត្ថុ​ធាតុ​ដែល​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន ដូចជា​ធ្យូងថ្ម​ជាដើម។

    នៅ អូស្ត្រាលី ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​អគ្គិសនី អាជ្ញាធរ​បានស្នើ​ឱ្យ​រោងចក្រ​ផលិត​អគ្គិសនី​ទាំងអស់ បង្កើន​ផលិតភាព ក្នុងនោះ​បូករួម​ទាំង​រោងចក្រ​ប្រើ​ធ្យូងថ្ម​ផងដែរ។ នៅ ឥណ្ឌា ធ្យូងថ្ម​បង្កើតបាន​ថាមពល ៧០% សម្រាប់​មនុស្ស ១.៣ ពាន់​លាន​នាក់​របស់​ប្រទេស​នេះ ដូច្នេះ ឥណ្ឌា ក៏បាន​សម្រេចចិត្ត​នាំចូល​ធ្យូងថ្ម​បន្ថែមទៀត។

    ក្រុម​អ្នកជំនាញ​និយាយថា បើសិន​បណ្ដា​ប្រទេស​នៅតែ​ប្រើប្រាស់​ធ្យូងថ្ម នោះ​ក្នុង​រយៈពេល​ពី ១ ទៅ ២ ឆ្នាំ​ខាងមុខ សង្គ្រាម​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ​នឹងត្រូវ​ដើរ​ថយក្រោយ៕

  • បាញ់សម្លាប់​បុគ្គលិក​ភោជនីយដ្ឋាន ព្រោះតែ​រឿង​នំប៉័ង​ និង​ទឹក​ខ្ទិះ

    បាញ់សម្លាប់​បុគ្គលិក​ភោជនីយដ្ឋាន ព្រោះតែ​រឿង​នំប៉័ង​ និង​ទឹក​ខ្ទិះ

    (សហរដ្ឋ​អាម៉េរិក)-បន្ទាប់ពី​បាន​ចោទ​បុគ្គលិក​ថា បានដាក់​ទឹកខ្ទិះ​ច្រើនពេក​ទៅលើ​នំប៉័ង បុរស​ជា​ជនសង្ស័យ បាន​ដក​កាំភ្លើង​បាញ់សម្លាប់​មនុស្ស​នៅក្នុង​ភោជនីយដ្ឋាន Subway នៅ​ទីក្រុង Atlanta។

    ជនសង្ស័យ​អាយុ ៣៦ ឆ្នាំ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅក្បែរ​ភោជនីយដ្ឋាន Subway ក្នុង​ទីក្រុង Atlanta បន្ទាប់ពី​បាន​បង្កហេតុ​ខាងលើ នេះ​បើតាម​ស្នងការរង​ប៉ូលិស Charles Hampton Jr. ដែល​បាន​ប្រាប់​កាលពី​ថ្ងៃទី ២៧ មិថុនា។ «នេះ​គឺជា​រឿង​ដ៏​សោកសៅ ដែល​មិនគួរ​កើតឡើង​សោះ» លោក Hampton ថ្លែង​ដូច្នេះ។

    ប៉ូលិស​ឱ្យដឹងថា ជនសង្ស័យ​បាន​ជជែក​តវ៉ា​ជាមួយ​ស្ត្រី ២ រូប​ដែលជា​បុគ្គលិក​របស់​ភោជនីយដ្ឋាន Subway កាលពី​ល្ងាច​ថ្ងៃទី ២៦ មិថុនា មុនពេល​បាញ់ប្រហារ បណ្ដាលឱ្យ​ជនរងគ្រោះ​ម្នាក់​បាត់បង់​ជីវិត និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ។

    «ពិតជា​ឈឺចិត្ត​ណាស់​នៅពេល​ដឹងថា ស្ត្រី​ជា​បុគ្គលិក វ័យ ២៦ ឆ្នាំ បាន​បាត់​បង់ជីវិត» លោក Hampton រៀបរាប់។ «ខ្ញុំ​ខឹង​ណាស់ នៅពេល​បុគ្គល​ម្នាក់​ដែលមាន​អាវុធ មាន​សិទ្ធិ​សម្រេច​បាញ់សម្លាប់​អ្នកដទៃ​ដើម្បី​ដោះស្រាយ​ទំនាស់​ទាក់ទង​នឹង​នំប៉័ង​មួយ​ដុំ»។

    បច្ចុប្បន្ន សមត្ថកិច្ច​មិនទាន់​ប្រកាស​អំពី​អត្តសញ្ញាណរ​បស់ជនស​ង្ស័​យ​នៅឡើយ ដោយសារតែ​កំពុង​ស៊ើបអង្កេត។

    Willie Glenn ម្ចាស់​ភោជនីយដ្ឋាន​ខាងលើ​និយាយថា ពិតជា​ឈឺចាប់​ណាស់ នៅពេល «មាន​មនុស្ស​បាញ់ប្រហារ​អ្នកដទៃ ដោយ​គ្រាន់​តែមាន​ទឹកខ្ទិះ​ម៉ា​យូ​ណេ​ស​ច្រើនពេក​នៅលើ​នំប៉័ង។

    ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត របស់ អាម៉េរិក (FBI) កាលពីដើម​ខែឧសភា បានប្រកាស​ទិន្នន័យ​មួយ​បង្ហាញថា សហរដ្ឋ​អាម៉េរិក មាន​ករណី​ផ្ទុះអាវុធ​ចំនួន ៦១ លើក ក្នុង​ឆ្នាំ ២០២១ ខ្ពស់បំផុត​ក្នុងអំឡុង​ជាង ២០ ឆ្នាំ​មកនេះ បណ្ដាលឱ្យ​មនុស្ស ១០៣ នាក់​បាត់​បង់ជីវិត និង ១៤០ នាក់ រងរបួស។

  • កសិដ្ឋាន​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់ ផលិត​អគ្គិសនី​បាន ១ ពាន់​លាន​គីឡូវ៉ាត់ម៉ោង

    កសិដ្ឋាន​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់ ផលិត​អគ្គិសនី​បាន ១ ពាន់​លាន​គីឡូវ៉ាត់ម៉ោង

    (ប្រទេស​ចិន)-ដោយមាន​សមត្ថភាព​ដំឡើង​សរុប ១.‌១ GW កសិដ្ឋាន​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​នៅលើ​លម្ហ​សមុទ្រ Rudong នៅពេល​ដំណើរការ​ពេញលេញ អាច​ផលិត​អគ្គិសនី​បាន ២.៤ ពាន់​លាន​គីឡូវ៉ាត់ម៉ោង ជា​រៀងរាល់ឆ្នាំ។

    គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​នៅលើ​សមុទ្រ​ដំបូង​របស់ ទ្វីបអាស៊ី ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ជូន​អគ្គិសនី​ចរន្តជាប់​ប្រកបដោយ​ភាពបត់បែន​ខ្ពស់​នេះ ផលិត​អគ្គិសនី​បាន​ជាង ១ ពាន់​លាន​គីឡូវ៉ាត់ម៉ោង​រួចហើយ រាប់​ចាប់តាំងពី​បាន​ដំណើរការ​ដំបូង​កាលពី​ខែធ្នូ ២០២១។

    គម្រោង Rudong អាចជួយ​ដល់​កម្លាំង​ប្រតិកម្ម ជា​អ្វីដែល​បច្ចុប្បន្ន​គឺជា​បច្ចេកវិទ្យា​សំខាន់​នៅក្នុង​ការតភ្ជាប់​បណ្ដាញ​អគ្គិសនី​ថ្មី និង​ធ្វើឱ្យ​បណ្ដាញ​អគ្គិសនី​មាន​តុល្យភាព។

    ដើម្បី​បំប្លែង​អគ្គិសនី​ដែល​បានមកពី​កម្លាំង​ខ្យល់ ឱ្យទៅជា​អគ្គិសនី​ចរន្តជាប់ និង​បញ្ជូន​ចូលមក​កាន់​ដីគោក​ចម្ងាយ​ប្រហែល ១០០ គីឡូម៉ែត្រ កសិដ្ឋាន​អគ្គិសនី​នេះ​ប្រើប្រាស់​ប្រព័ន្ធ​បំប្លែង​មួយ​ដែលមាន​ទម្ងន់ ២២,០០០ តោន និង​កម្ពស់​ស្មើនឹង​អគារ ១៥ ជាន់ មាន​កម្លាំង​បញ្ជូន ១,១០០ MW។ បច្ចុប្បន្ន នេះ​គឺជា​ប្រព័ន្ធ​បំប្លែង​អគ្គិសនី​នៅលើ​លម្ហ​សមុទ្រ​ដែលមាន​កម្លាំង​ខ្លាំង​បំផុត​ក្នុង​ពិភពលោក។

    កសិដ្ឋាន​អគ្គិសនី Rudong រួមមាន ៣ តំបន់ ៖ 300 MW H8, 400 MW H6 និង 400 MW H10។ នៅពេល​ដំណើរការ​ពេញលេញ វា​អាច​ផលិត​អគ្គិសនី​បាន ២.៤ ពាន់​លាន​គីឡូវ៉ាត់ម៉ោង ជា​រៀងរាល់ឆ្នាំ នេះ​បើតាម​ក្រុមហ៊ុន​ចិន China Three Gorges។

  • កងទ័ព​អាម៉េរិក បញ្ជូន​សុនក​យន្ត ទៅ​ជួយ​ដោះ និង​បំផ្លាញ​មីន នៅ អ៊ុយ​ក្រែ​ន

    កងទ័ព​អាម៉េរិក បញ្ជូន​សុនក​យន្ត ទៅ​ជួយ​ដោះ និង​បំផ្លាញ​មីន នៅ អ៊ុយ​ក្រែ​ន

    កងទ័ព​សហរដ្ឋ​អាម៉េរិក បាន​បញ្ជូន​សុនក​រ៉ូ​បូត​ទំនើប ទៅកាន់ អ៊ុយ​ក្រែ​ន ដើម្បី​ជួយ​ដល់​អង្គការ​មនុស្សធម៌​មួយ នៅក្នុង​ដំណើរការ «រៀបចំ បោសសម្អាត» សមរភូមិ​នៅតាម​តំបន់​ជុំវិញ រដ្ឋធានី​កៀវ។

    យោងតាម​បណ្ដាញសារព័ត៌មាន RT (រុស្ស៊ី) លោក Chris Whatley នាយក​ប្រតិបត្តិ​របស់ HALO Trust ដែលជា​អង្គការ​ដោះ និង​បំផ្លាញ​មីន មាន​មូលដ្ឋាន​នៅ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា ពួកគេ​នឹង​ប្រើប្រាស់​សុនក​យន្ត Spot របស់​ក្រុមហ៊ុន Boston Dynamics ដើម្បី​ដោះមីន គ្រាប់កាំភ្លើង​ត្បាល់ និង​គ្រឿង​អាវុធ​មិនទាន់​ផ្ទុះ នៅក្នុង​តំបន់​ដែល​ធ្លាប់​ត្រូវបាន​គ្រប់គ្រង​ដោយ កម្លាំង​រុស្ស៊ី នៅ​ជុំវិញ រដ្ឋធានី​កៀវ។

    លោក Whatley បាន​បង្ហើប​ឱ្យដឹងថា ក្នុងការ​សាកល្បង​កាលពី​ឆ្នាំ​កន្លង សុនក​យន្ត Spot បានបង្ហាញ​ប្រសិទ្ធិ​ខ្ពស់​ក្នុង​ភារកិច្ច​ដោះមីន​ខ្នាតតូច ដែល​ងាយ​ផ្ទុះ។

    ក្នុង​សារ​អេឡិចត្រូនិក​មួយ​ដែល​បាន​ផ្ញើ​ទៅកាន់ Foreign Policy ប្រធាន​ផ្នែក​សារព័ត៌មាន និង​ទីផ្សារ​របស់​ក្រុមហ៊ុន Boston Dynamics បាន​ទទួលស្គាល់ថា « Spot គឺជា​ឧបករណ៍​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​មនុស្ស​ពី​ការគំរាមកំហែង និង​តែង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​គ្រប់គ្រង​វត្ថុ​ធាតុ​ដែល​អាច​បង្ក​គ្រោះថ្នាក់»។ ក៏ប៉ុន្តែ Boston Dynamics បានលើកឡើង​នូវ​លក្ខខណ្ឌ និង​យន្តការ​សម្រាប់​ទប់ស្កាត់ «ការធ្វើ​អា​វុ​ធូប​នីយកម្ម​ចំពោះ​រ៉ូ​បូត Spot ក្នុង​គោលដៅ​បង្ក​គ្រោះថ្នាក់ ឬ​ការគំរាមកំហែង»។

    ភាគី​ខាង​រុស្ស៊ី ក៏​កំពុង​ធ្វើ​សកម្មភាព​ដោះមីន​នៅក្នុង​បណ្ដា​តំបន់​របស់ Donbass។ កាលពី​ខែមីនា ប្រធាន​អង្គភាព​ស្ថានការណ៍​បន្ទាន់​របស់​ក្រុម​ផ្ដាច់ខ្លួន​នៅ Donetsk បានឱ្យដឹងថា ត្រូវ​ចំណាយពេល​ប្រហែល ១០ ឆ្នាំ ដើម្បី​ដោះមីន​ដែល អ៊ុយ​ក្រែ​ន បាន​បន្សល់ទុក​នៅក្នុង​តំបន់​ដែល​ពួកគេ​កំពុង​កាន់កាប់៕

    សុនកយន្ត Spot របស់​ក្រុម​ហ៊ុន Boston Dynamics
  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ២៨ ខែ​មិថុនា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ២៨ ខែ​មិថុនា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ២៧ ខែ​មិថុនា ២០២២ កម្ពុជា ​​មិន​មាន​​​ករណី​​​ជា​សះស្បើយថ្មី​​, មិន​មាន​ករណី​​​​​​​វិជ្ជមានថ្មី និង​​មិន​មាន​ករណី​​​​ស្លាប់ថ្មី​​ ដោយ​សារ​​​កូវីដ-១៩ ​នោះទេ។

    នេះ​គឺជា​ថ្ងៃទី ៥២ ហើយ ដែល​ កម្ពុជា មិន​មាន​ករណី​វិជ្ជមាន​ថ្មី​នឹង​ជំងឺ​កូវីដ-១៩​។

  • មនុស្ស​ជាង ២៦០ បាន​ស្លាប់ និង​រងរបួស ក្នុងករណី​ធ្លាយ​ឧស្ម័ន​ពុល​នៅ ហ្ស៊​កដា​នី

    មនុស្ស​ជាង ២៦០ បាន​ស្លាប់ និង​រងរបួស ក្នុងករណី​ធ្លាយ​ឧស្ម័ន​ពុល​នៅ ហ្ស៊​កដា​នី

    មនុស្ស​យ៉ាងតិច ១០ នាក់​បាន​ស្លាប់ និង​ជាង ២៥០ រងរបួស បន្ទាប់ពី​កើតមាន​ហេតុការណ៍​ធ្លាយ​ឧស្ម័ន​ពុល ក្ល​រី​ន ពី​កប៉ាល់​ដឹក​ប្រេង​ឧស្ម័ន​នៅឯ​កំពង់ផែ Aqaba របស់ ប្រទេស​ហ្ស៊​កដា​នី។

    ទូរទស្សន៍​ហ្ស៊​កដា​នី កាលពី​យប់​ថ្ងៃទី ២៧ មិថុនា បានឱ្យដឹងថា កប៉ាល់​ដឹក​ឧស្ម័ន​ខាងលើ​បាន​ជួប​ឧបទ្ទវហេតុ​ក្នុងពេល​កំពុង​លើកដាក់​ទំនិញ ធ្វើឱ្យ​ធ្លាយ​ឧស្ម័ន​នៅឯ​កំពង់ផែ Aqaba។ ហេតុការណ៍​កើតឡើង​បន្ទាប់ពី​ធុង​ផ្ទុក​ឧស្ម័ន​ក្ល​រី​ន​មួយ​បាន​ធ្លាក់​ពី​ខ្សែ​ដងសន្ទូច និង​បាន​ផ្ទុះ​នៅលើ​កប៉ាល់​ដែល​កំពុង​ចត។

    បន្ទាប់ពី​បាន​ផ្ទុះ ឧស្ម័ន​ពណ៌​លឿង​ក៏បាន​សាយភាយ​ពាសពេញ​ទីតាំង​របស់​ក​ប៉ាល់ និង​តំបន់​ជុំវិញ នាំឱ្យ​សមត្ថកិច្ច​បិទ​ខ្ទប់​តំបន់​នេះ និង​ជម្លៀស​ប្រជាជន​ចេញពី​តំបន់​គ្រោះថ្នាក់។

    ប្រធាន​មន្ទីរពេទ្យ​តំបន់ Aqaba បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ក្នុង​តំបន់​ជុំវិញ​កំពង់ផែ បិទទ្វារ​នៅក្នុង​ផ្ទះ​ដើម្បី​ជៀស​ពី​ឧស្ម័ន​ពុល។ នាយករដ្ឋមន្ត្រី​ហ្ស៊​កដា​នី Bishr Al-Khasawneh បាន​ទៅដល់​ទីក្រុង Aqaba ក្រោយពី​ហេតុការណ៍​បានកើត​ឡើង និង​បាន​ណែ​នាំឱ្យ​បង្កើត​ក្រុម​ស៊ើបអង្កេត​មួយ​ដែល​ដឹកនាំ​ដោយ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ឧបទ្ទវ​ហេតុនេះ។

    យោងតាម អង្គការ​សុខភាព​ពិភពលោក ឧស្ម័ន​ក្ល​រី​ន (chlorine gas) ដែលមាន​ពណ៌​លឿង មាន​ក្លិន​ឆួល​ដូច​ទៅនឹង​ថ្នាំ​សម្អាត​បន្ទប់ទឹក ហើយ​ធ្ងន់​ជាង​ខ្យល់​ប្រហែល ៣ ដង និង​ប្រមូលផ្ដុំ​នៅ​ទី​ទំនាប មិន​បង្ក​ជាការ​ផ្ទុះ ប៉ុន្តែ ជួយ​បង្កើន​សមត្ថភាព​ផ្ទុះ​របស់​វត្ថុ​ធាតុ​ដទៃ។ ឧស្ម័ន​ក្ល​រី​ន អាចធ្វើឱ្យ​រលាក​ស្បែក នៅពេល​ស្ថិត​នៅក្បែរ​វា ឬ​នៅ​កន្លែង​ដែលមាន​ផ្សែង​របស់​ឧស្ម័ន​នេះ។

  • រថភ្លើង​ធ្លាក់​ពី​ផ្លូវដែក បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ និង​រងរបួស​រាប់​សិប​នាក់

    យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ ៣ នាក់ បាន​ស្លាប់ និង​ ៥០ នាក់​រង​របួស ​បន្ទាប់​ពី​រថភ្លើង​ដឹក​អ្នក​ដំណើរ​មួយ​ខ្សែ​បាន​ជួប​គ្រោះ​ថ្នាក់​ និង​ធ្លាក់​ចេញពី​ផ្លូវដែក​នៅ​ក្នុង​រដ្ឋ Missouri សហរដ្ឋ​អាម៉េរិក កាលពី​ម្សិល​មិញ​​។

    រថភ្លើង​ Amtrak កំពុង​ធ្វើ​ដំណើរ​ពីទីក្រុង​ Los Angeles ទៅ​កាន់ Chicago ក៏ស្រាប់​តែ​បុក​ចាំ​រថយន្ត​ដឹក​កាក​សំណល់​មួយ​គ្រឿង ហើយ​ក៏​បាន​ធ្លាក់​ចេញពី​ផ្លូវ​ដែក​នៅ​ក្នុង​រដ្ឋ Missouri កាលពី​ថ្ងៃទី ២៧ មិថុនា​។ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ ៣ នាក់ បាន​ស្លាប់ និង​ ៥០ នាក់​រង​របួស​ នៅ​ក្នុង​ចំណោម​អ្នក​ដំណើរ​ចំនួន ២៤៣ នាក់​ និង​ក្រុម​បុគ្គលិក​ ១២ ​នាក់​។

    បច្ចុប្បន្ន គណៈកម្មការជាតិ​​សុវត្ថិភាព​ចរាចរណ៍​​របស់ សហរដ្ឋ​អាម៉េរិក កំពុង​បន្ត​ប្រមូលទិន្នន័យ​ទាក់​ទិន​នឹង​ហេតុការណ៍​គ្រោះ​ថ្នាក់​នេះ​។

    គ្រោះ​ថ្នាក់​រថភ្លើង​ខាងលើ​បាន​កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​រថភ្លើង​ដឹក​អ្នក​ដំណើរ​មួយ​ខ្សែ​​ផ្សេង​ទៀត​របស់ Amtrak បាន​បុក​ចំ​រថយន្ត​មួយ​គ្រឿង​នៅ​ក្នុង​រដ្ឋ California សហរដ្ឋ​អាម៉េរិក ​បណ្ដាល​ឱ្យ​មនុស្ស​ ៣ នាក់​ បាត់បង់ជីវិត​។

  • មហាសេដ្ឋី​មានទ្រព្យ​ច្រើនជាងគេ​នៅ អ៊ុយ​ក្រែ​ន ដាក់ពាក្យ​ប្ដឹង​ប្រឆាំង រុស្ស៊ី

    មហាសេដ្ឋី​មានទ្រព្យ​ច្រើនជាងគេ​នៅ អ៊ុយ​ក្រែ​ន ដាក់ពាក្យ​ប្ដឹង​ប្រឆាំង រុស្ស៊ី

    មហាសេដ្ឋី Rinat Akhmetov ដាក់ពាក្យ​បណ្ដឹង​ទៅកាន់ តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប ទាមទារ​ឱ្យ រុស្ស៊ី សង​ការ​ខូច​ ខាត​​រាប់​ពាន់​លាន​ដុល្លារ ព្រោះតែ​បាន​បំផ្លាញ​រោងចក្រ​ដែកថែប Azovstal នៅ Mariupol ។

    លោក Rinat Akhmetov ម្ចាស់​កម្មសិទ្ធិ​នៃ​រោងចក្រ​ផលិត​ដែកថែប Azovstal នៅ​ទីក្រុង Mariupol ជាទី​ដែល ទាហាន​របស់ អ៊ុយ​ក្រែ​ន បាន​ក្រាញននៀល​អស់​ជាច្រើន​សប្ដាហ៍ ក្នុងការ​ទប់ទល់​នឹង​ការវាយប្រហារ​របស់ រុស្ស៊ី បានដាក់​ពាក្យបណ្ដឹង ប្រឆាំងនឹង ទីក្រុង​មូ​ស្គូ «ដោយសារតែ​បាន​រំលោភ​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ» របស់លោក នេះ​បើតាម​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសម្បត្តិ SCM របស់​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​នៅ អ៊ុយ​ក្រែ​ន។

    SCM កាលពី​ថ្ងៃទី ២៧ មិថុនា បានឱ្យដឹងថា លោក Akhmetov ក៏បាន​ស្នើឱ្យ តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប ចេញ​សាលក្រម «ទប់ស្កាត់ រុស្ស៊ី ចូលរួម​ធ្វើ​សកម្មភាព​បិទ​ខ្ទប់, ឆក់​ប្លន់, ដឹកជញ្ជូន, បំផ្លាញ​ធញ្ញជាតិ និង​ដែកថែប» ដែល​ផលិត​ដោយ​ក្រុមហ៊ុន​របស់គាត់។

    «សកម្មភាព​របស់ កងកម្លាំង​រុស្ស៊ី ដែល​ធ្វើ​ចំពោះ អ៊ុយ​ក្រែ​ន និង​ប្រជាជន​របស់​យើង​គឺមាន​សភាព​ធ្ងន់ធ្ងរ ហើយ​ពួកគេ​ត្រូវតែ​ទទួលខុសត្រូវ» SCM នាំពាក្យ​លោក Akhmetvo ថ្លែង​ដូច្នេះ។

    រោង​ចក្រ Azovstal ត្រូវ​បាន​បំផ្លាញ​គ្មាន​សល់

    ពាក្យបណ្ដឹង​របស់ មហាសេដ្ឋី​ខាងលើ បាន​ចោទប្រកាន់ រុស្ស៊ី ថា «បាន​លួច» ផលិតផល​ដូចជា ធញ្ញជាតិ និង​ដែកថែប​ជាដើម ធ្វើឱ្យ​តម្លៃ​ឡើង​ខ្ពស់ បណ្ដាលឱ្យ​ប្រជាជន​នៅ​ទូទាំង​សកលលោក​ធ្លាក់​ទៅក្នុង​គ្រោះ​ទុរភិក្ស។

    ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​របស់ វិមាន​ក្រឹម​ឡាំង Dmitry Peskov ឱ្យដឹងថា រុស្ស៊ី បាន​ដកខ្លួន​ចេញពី តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប ដូច្នេះ​នឹងមិន​ទទួលរង​ឥទ្ធិពល​ពី​ស្ថាប័ន​នេះ​ទៀត​ទេ។

    លោក Akhmetov គឺជា​អ្នកមាន​ជាងគេ​បង្អស់​នៅ អ៊ុយ​ក្រែ​ន ដោយមាន​ទ្រព្យសកម្ម ១៥.៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ ២០១៣ នេះ​បើតាម Forbes។ ក៏ប៉ុន្តែ បណ្ដាញ​ពាណិជ្ជកម្ម​របស់លោក បាន​រង​ការខូចខាត​ជា​ដំណំ​នៅក្នុង​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន ក៏ដូចជា​ការប្រយុទ្ធ​គ្នា​អស់​ជាច្រើន​ឆ្នាំ​នៅ​តំបន់​ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន។

    មហាសេដ្ឋី​ខាងលើ កាលពី​ខែ​កន្លង​បានឱ្យដឹងថា ក្រុមហ៊ុន​ផលិត​ដែកថែប​ធំ​បំផុត​នៅ អ៊ុយ​ក្រែ​ន គឺ Metinvest របស់លោក ត្រូវ​ខាតបង់​អស់ពី ១៧ ទៅ ២០ ពាន់​លាន​ដុល្លារ ដោយសារ រុស្ស៊ី បាន​វាយប្រហារ​លើ​បណ្ដា​រោងចក្រ​ផលិត​ដែកថែប​នៅ Mariupol។ លោក Akhmetov និយាយថា ខ្ទង់​ប្រាក់​សំណង​ជាក់លាក់​សម្រាប់​ការខូចខាត​នឹងត្រូវ​បានប្រកាស​នៅពេល​ក្រោយ៕

     

  • រុស្ស៊ី ព្រមាន​ថា សង្គ្រាមលោកលើកទីបី​នឹង​កើតឡើង បើសិន ណា​តូ វាយប្រហារ គ្រី​មៀ

    រុស្ស៊ី ព្រមាន​ថា សង្គ្រាមលោកលើកទីបី​នឹង​កើតឡើង បើសិន ណា​តូ វាយប្រហារ គ្រី​មៀ

    អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី Medvedev ព្រមាន​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក​របស់ ណា​តូ (NATO) ថា នឹង​ជាការ​ប្រកាសសង្គ្រាម​ជាមួយ រុស្ស៊ី បើសិន​វាយប្រហារ​លើ គ្រី​មៀ (Crimea) នាំឱ្យ​កើត​សង្គ្រាមលោកលើកទីបី។

    «ចំពោះ​យើង គ្រី​មៀ គឺជា​ផ្នែក​មួយ​របស់ រុស្ស៊ី និង​ជា​រៀងរហូត។ រាល់​ការប្រឹងប្រែង​ដើម្បី​រំលោភ​លើ គ្រី​មៀ សុទ្ធតែជា​ការប្រកាសសង្គ្រាម​ជាមួយ​ប្រទេស​របស់​យើង» អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី Dmitry Medvedev អះអាង​ដូច្នេះ​កាលពី​ថ្ងៃទី ២៧ មិថុនា។

    លោក Medvedev សង្កត់ធ្ងន់ថា «បើសិន​ការវាយប្រហារ​ត្រូវបាន​ធ្វើឡើង​ដោយ​សមាជិក​ណាមួយ​រប​ស់ ណា​តូ​ នោះ​មាន​ន័យ​ថា សង្គ្រាម​កើតឡើង​ជាមួយនឹង អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO / ​North Atlantic ​Treaty ​Organization) ​ទាំងមូល ហើយ​នោះ​គឺជា​សង្គ្រាមលោកលើកទីបី។ វា​គឺជា​គ្រោះមហន្តរាយ​មួយ​យ៉ាងពិត​ប្រាកដ»។

    អតីត​ប្រធានាធិបតី​រុស្ស៊ី រូបនេះ ក៏បាន​បញ្ជាក់ថា បើសិន ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត ចូល​ជា​សមាជិក​របស់ ណា​តូ នោះ រុស្ស៊ី នឹង​រឹតបន្តឹង​ព្រំដែន និង «ត្រៀម​សម្រាប់​ជំហាន​ឆ្លើយតប»។

    «ប្រការ​នោះ​អាច​រួមមាន​ទាំង​លទ្ធភាព​នៃ​ការបំពាក់​មី​ស៊ី​ល​ល្បឿន​ជាង​សំឡេង Iskander នៅ​ពីមុខ​ច្រកចូល​របស់​ពួកគេ​តែម្ដង» លោក Medvedev ព្រមាន​ដូច្នេះ។

    ឧបទ្វីប​គ្រី​មៀ ត្រូវបាន រុស្ស៊ី រឹបអូស​យកទៅ​ធ្វើជារ​បស់​ខ្លួន​ក្រោយ​ការធ្វើប្រជាមតិ​កាលពី​ឆ្នាំ ២០១៤។ អ៊ុយ​ក្រែ​ន មិន​ទទួលយក​ប្រការនេះ និង​ចាត់ទុកថា គ្រី​មៀ ត្រូវបាន រុស្ស៊ី កាន់កាប់​ដោយ​ខុសច្បាប់។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី កាលពី​ដើមខែ​នេះ បានប្រកាសថា នឹង​វាយ​ដណ្ដើមយក Donbass នៅ​ភាគ​ខាងកើត និង​ឧបទ្វីប​គ្រី​មៀ មកវិញ​ឱ្យបាន។

    សម្ដី​របស់លោក Medvedev ត្រូវបាន​លើកឡើង​មួយថ្ងៃ​បន្ទាប់ពី​ក្រុមមន្ត្រី​នៅ​តំបន់ គ្រី​មៀ ឱ្យដឹងថា កងកម្លាំង​អ៊ុយ​ក្រែ​ន បាន​វាយប្រហារ​លើ​ទីតាំង​ខួង​យក​ប្រេង Tavrida នៅ​តំបន់​សមុទ្រ​របស់ គ្រី​មៀ។

    អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២០ មិថុនា បាន​វាយប្រហារ​លើ​ទីតាំង​ខួង​យក​ប្រេង​នៅក្នុង​ដែនទឹក​របស់ គ្រី​មៀ ដោយ​ជឿថា រុស្ស៊ី បំពាក់អាវុធ​ការពារ​ដែនអាកាស រ៉ា​ដា និង​កម្លាំងប្រដាប់អាវុធ​នៅ​ទីនោះ។ មេដឹកនាំ​របស់ គ្រី​មៀ បានឱ្យដឹងថា មនុស្ស ៧ នាក់​បាន​បាត់​ខ្លួន ក្រោយពី​មានការ​វាយប្រហារ, ប្រព័ន្ធ​ខួង​ប្រេង​ចំនួន ៣ បាន​រង​ការខូចខាត ក្នុងនោះ​មាន Tavrida ផងដែរ។ ក្រោយមក អគ្គិភ័យ​ក៏បាន​លេប​ត្របាក់​ប្រព័ន្ធ​ខួង​ប្រេង BK-1 អស់ទាំង​ស្រុង៕