Author: សឿន សំណាង

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​ដើម​​ថ្ងៃទី ០៩ ខែ​សីហា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​ដើម​​ថ្ងៃទី ០៩ ខែ​សីហា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ២៥ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ០៨ ខែ​សីហា ២០២២ ក្នុង​នោះ​មាន​​​ករណី​ឆ្លង​ក្នុងសហគមន៍​ចំនួន​ ២៥ នាក់។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ៥៤ នាក់បានជាសះស្បើយ និង​​​​មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

  • កោះ​តៃវ៉ាន់ ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត ក្រោយ​លំ​ហាត់​ដ៏​ធំ​មិន​ធ្លាប់មាន​របស់ ចិនដីគោក

    កោះ​តៃវ៉ាន់ ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត ក្រោយ​លំ​ហាត់​ដ៏​ធំ​មិន​ធ្លាប់មាន​របស់ ចិនដីគោក

    កងកម្លាំងប្រដាប់អាវុធ​របស់ កោះ​តៃវ៉ាន់ បានចាប់ផ្ដើម​ធ្វើ​លំ​ហាត់​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​ថ្ងៃទី ០៩ សីហា ដោយ​ប្រើ​សេណារីយោ «កោះ​តៃវ៉ាន់​ត្រូវគេ​វាយប្រហារ» ដែល​សកម្មភាព​នេះ​កើតឡើងភ្លាមៗក្រោយពី​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​របស់ ទីក្រុង​ប៉េកាំង។

    លោក Lou Woei-jye អ្នកនាំពាក្យ​របស់ កងទ័ព​តៃវ៉ាន់ បាន​បញ្ជាក់ថា សមយុទ្ធ​នេះ​បានចាប់ផ្ដើម​នៅ​ទីក្រុង Pingtung វេលា​ម៉ោង ០០ និង ៤០ នាទី (ម៉ោង GMT) និង​បញ្ចប់​នៅវេលា​ម៉ោង ០១ និង ៣០ នាទី។

    ចិនដីគោក បានធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន​ពីមុនមក នៅ​ជុំវិញ កោះ​តៃវ៉ាន់ កាលពី​សប្ដាហ៍​កន្លង ដើម្បី​ឆ្លើយតប​នឹង​ដំណើរ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ របស់ ប្រធានសភា​ជាន់​ទាប​អាម៉េរិក លោកស្រី Nancy Pelosi។

    សមយុទ្ធ​យោធា​របស់ តៃវ៉ាន់ ដែល​ធ្វើឡើង​ពីថ្ងៃ​ទី ០៩ ដល់ ១១ សីហា នឹង​រួមមាន ការដាក់​ពង្រាយ​ទាហាន​រាប់រយ​នាក់ និង​ប្រព័ន្ធ​កាំភ្លើង​ធំ​ប្រហែល ៤០ គ្រឿង។

    លោក Lou ឱ្យដឹងថា សមយុទ្ធ​នេះ​គឺជា​កម្មវិធី​ទៀងទាត់​ដែល​ត្រូវបាន​រៀប​គម្រោង​ពីមុន និង​មិនមែន​ដើម្បី​ប្រតិកម្ម​ទៅនឹង​សមយុទ្ធ​យោធាថ្មីៗនេះ​របស់ ចិនដីគោក ឡើយ។

  • ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ អាច​ប្រឈម​នឹង​ជំនន់​ទឹក​ភ្លើង ចន្លោះ​ពីថ្ងៃ​ទី ១០ ដល់ ១២ សីហា

    ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ អាច​ប្រឈម​នឹង​ជំនន់​ទឹក​ភ្លើង ចន្លោះ​ពីថ្ងៃ​ទី ១០ ដល់ ១២ សីហា

    តាមរយៈ​សេចក្ដីជូនដំណឹង​ស្ដីពី ស្ថានភាព​ធាតុអាកាស ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម បានឱ្យដឹងថា នៅ​ចន្លោះ​ថ្ងៃទី ១០ និង​ទី ១៣ សីហា កម្ពុជា នឹង​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធា​ទាប ដែល​អូសបន្លាយ​កាត់​លើ​ភាគ​ខាងជើង​នៃ ប្រទេស​ថៃ ឡាវ និង វៀតណាម រួម​នឹង​ឥទ្ធិពល​ព្យុះ​ទី ៧ ដែលមាន​ឈ្មោះថា មូ​ឡេ​ន ដែល​កំពុង​ឆ្ពោះទៅ​ភាគ​ខាងជើង​នៃ ប្រទេស​វៀតណាម នៅ​ថ្ងៃទី ១១ សីហា។

    នៅក្នុង​អំឡុងពេល​នោះដែ​រ កម្ពុជា ក៏​នឹង​បន្ត​ទទួលរង​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី ដែល​បក់បោក​លើ​តំបន់​មាត់សមុទ្រ។

    នៅ​ចន្លោះ​ទី​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១២ សីហា តំបន់​មួយចំនួន​របស់ ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ អាច​ប្រឈម​នឹង​ជំនន់​ទឹក​ភ្លើង ដោយសារតែ​ភ្លៀង​ធ្លាក់​ច្រើន។ ដូច្នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​មាត់សមុទ្រ និង​តំបន់​ដែលមាន​ហានិភ័យ​ទទួលរង​ឥទ្ធិពល​អាក្រក់​ពី​អាកាសធាតុ​ខាងលើ សូមមេត្តា​ប្រុងប្រយ័ត្ន៕

  • រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា

    រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា

    [ភ្នំពេញ – ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ​ សែនសុខ។

    កម្មវិធីនេះត្រូវបានបែងចែកជា 2 ផ្នែក ពេលព្រឹកជាកម្មវិធីបើកបរសាកល្បង ដែលអតិថិជនទាំងអស់អាចអញ្ជើញចូលរួមបើកបរសាកល្បងជាមួយរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ជាមួយនឹងអ្នកជំនាញបច្ចេកទេស Ford និងទទួលបានការរៀនពីវគ្គបណ្តុះបណ្តាលស្តីពីការបើកបរដែលធ្វើឲ្យលោកអ្នកទទួលបានបទពិសោធន៏បើកបរដ៏ថ្មីស្រឡាងជាមួយនឹងបច្ចេកវិទ្យាយ៉ាងច្រើនលើសពីការរំពឹងទុក មិនតែប៉ុណ្ណោះអតិថិជនថែមទាំងមានឱកាសលេងហ្គេមដើម្បីទទួលបានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

    សម្រាប់កម្មវិធីពេលល្ងាចគឺជាពិធីសម្ពោធជាផ្លូវការនៃរថយន្តនេះដែលបានអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន Ford យ៉ាងច្រើ​នកុះកររហូតដល់ទៅជាង 2,000 នាក់ឯណោះ។

    ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានថ្លែងសុន្ទរកថានៅក្នុងអង្គពិធីនេះដែរ ដែលលោកបានមានប្រសាសន៍ថា៖ “ដោយមើលឃើញពីការគាំទ្រ និងការនិយមប្រើប្រាស់ពីសំណាក់អតិថិជនមកកាន់រថយន្ត SUV ប៉ុន្មានឆ្នាំចុងក្រោយនេះគួរឲ្យកត់សម្គាល់ ទើបក្រុមហ៊ុនសម្រេចនាំចូលនូវរថយន្ត SUV ​ជា​ច្រើន​ម៉ូឌែល​មក​ជាបន្តបន្ទាប់ ហើយក្នុងថ្ងៃនេះដែរយើងនឹងធ្វើការសម្ពោធដាក់លក់ជាផ្លូវការនៃរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ដែលជារថយន្ត Luxury Off-Road ដែលត្រូវបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង និងបច្ចេកវិទ្យាឆ្លាតលើសពីការរំពឹងទុក ពោលគឺការរចនារូបរាងផ្នែកខាងក្រៅយ៉ាងទាន់សម័យ និងការរចនាផ្នែកខាងក្នុងផ្តល់ជូននូវសុវត្ថិភាព ផាសុកភាព ប្រណិតភាពប្រៀបបានដូចជាជម្រកដ៏កក់ក្តៅមួយ ជាពិសេសស័ក្តិសមបំផុតសម្រាប់អតិថិជនដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង។”

    រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 គឺជារថយន្ត Luxury Off-Road SUV ដែលមានទាំងភាពប្រណិត ទំនើបទាន់សម័យ និងធន់រឹងមាំអាចបើកបរបានគ្រប់ស្ថានភាពផ្លូវដោយសារតែរថយន្តនេះបានបំពាក់មកជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាច្រើនលើសពីការរំពឹងទុកដូចជា៖

    • ម៉ាស៊ីនម៉ាស៊ូត 0L Bi-Turbo ជំនាន់ថ្មី ដែលត្រូវអភិវឌ្ឍន៍ និងកែប្រែបន្ថែមឲ្យកាន់តែមានកម្លាំងខ្លាំង និងស្ងាត់ជាងមុន
    • ប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី 10 វគ្គអូតូ (E-Shifter) ដែលនេះគឺជាលើកដំបូងដែល Ford បានបំពាក់ប្រអប់លេខជាប្រភេទអេឡិចត្រូនិចបែបនេះនៅលើរថយន្ត SUV នេះ ដែលប្រអប់លេខនេះមិនត្រឹមតែការរចនាស្រស់ស្អាតដូចរថយន្តស្ព័រប៉ុណ្ណោះទេ តែថែមទាំងមានមុខងារយ៉ាងច្រើនសម្បូរបែបដូចជា៖ ការចូលលេខរលូន និងធូរជាងមុន ការដំណើរការដោយស្វ័យប្រវត្តជាមួយនឹងប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត 0 ជំនាន់ថ្មី និងសុវត្ថិភាពខ្ពស់បំផុតនោះគឺ នៅពេលដែលលោកអ្នកបានពន្លត់ម៉ាស៊ីនដោយមិនបានចូលលេខទៅ P ប្រអប់លេខនឹងធ្វើការចូលលេខទៅលេខ P ដោយខ្លួនឯងដើម្បីធានាជូននូវសុវត្ថិភាពពេលចតរថយន្ត
    • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត 0 ជំនាន់ថ្មី (Active Park Assist 2.0) ដែលរថយន្តនឹងដំណើរការចូលចតដោយស្វ័យប្រវត្តដោយលោកអ្នកគ្រាន់តែចុចនូវប៊ូតុងមួយតែប៉ុណ្ណោះ នោះរថយន្តនឹងធ្វើការចូលចតដោយស្វ័យប្រវត្ត ពោលគឺវាជួយបង្វិលចង្កូត ដំណើរការហ្វ្រាំង និងហ្គ៊ែរ និងប្រអប់លេខក៏នឹងធ្វើការចូលលេខខ្លួនឯង ដោយពុំចាំបាច់មានការចូលរួមពីអ្នកបើកបរឡើយ
    • ជាប្រព័ន្ធថ្មីស្រឡាងដែលមានបំពាក់លើតែរថយន្ត Ford Everest នោះគឺប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តក្រោយពេលមានការប៉ះទង្គិច (Post-Impact Braking) ដែលជំនូយក្នុងការចាប់ហ្រ្វាំងក្រោយមានការប៉ះទង្គិច ដោយការពាររថយន្តលោកអ្នកមិនឲ្យរ៉េទៅប៉ះរថយន្តដ៏ទៃទៀត
    • កុងទ័រឌីជីថលថ្មីស្រឡាងទំហំរហូតដល់ 4 អ៊ីញ (12.4” Digital Instrument Cluster)ដែលនូវផ្តល់ទិន្នន័យយ៉ាងលម្អិតពីរថយន្ត
    • អេក្រង់ Touchscreen បញ្ឈរធំចំកណ្តាលទំហំ 12 អ៊ីញ (12-Inch Infotainment Screen) ផ្តល់នូវរូបភាពរស់រវើក
    • ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត (360o Camera Split-View Display)
    • ប្រព័ន្ធបើកឃ្លុបក្រោយដោយគ្រាន់តែគ្រវាសជើង (Hands-Free Liftgate)
    • បូករួមជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀតដែល Ford បានបំពាក់នៅលើរថយន្ត SUV ដ៏ប្រណិតមួយនេះ

    គួរបញ្ជាក់ផងដែរថាសម្រាប់ទីផ្សារប្រទេសកម្ពុជា Ford Cambodia ប្រកាសបើកទទួលការកក់ជាផ្លូវការជាមួយនឹងរថយន្ត Ford Everest Sport ស៊េរីថ្មីឆ្នាំ 2023 ជាមួយនឹងតម្លៃជាង 6 ម៉ឺនដុល្លា និងរថយន្ត Ford Everest Titanium ស៊េរីថ្មីឆ្នាំ 2023 ជាមួយនឹងតម្លៃជាង 7 ម៉ឺនដុល្លា សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

    • អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
    • អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
    • អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
    • អគារតាំងបង្ហាញរថយន្ត Ford Trade-In ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 077 722 999
    • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
    • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883។

     

  • កោះ​តៃវ៉ាន់ កំពុង​ត្រៀមខ្លួន​សម្រាប់​ជីវភាព​រស់នៅក្នុង​បន្ទប់ក្រោមដី​ពេល​មាន​សង្គ្រាម

    កោះ​តៃវ៉ាន់ កំពុង​ត្រៀមខ្លួន​សម្រាប់​ជីវភាព​រស់នៅក្នុង​បន្ទប់ក្រោមដី​ពេល​មាន​សង្គ្រាម

    អាជ្ញាធរ​កោះ​តៃវ៉ាន់ កំពុងតែ​ត្រៀម​បន្ទប់ក្រោមដី​សម្រាប់​ប្រជាជន​រស់នៅ​បណ្ដោះអាសន្ន ក្នុងករណី ចិនដីគោក វាយប្រហារ​តាមផ្លូវ​អាកាស សំដៅ ចិនតៃវ៉ាន់។

    បណ្ដា​បន្ទប់​លាក់ខ្លួន​ក្រោម​ដី​របស់ កោះ​តៃវ៉ាន់ មួយចំនួនធំ​ត្រូវបាន​កែប្រែ​ពីសា​ល ឬ​ទីលាន​ដាក់​រថយន្ត​ក្រោម​ដី ស្ថានីយ​រថភ្លើង​អគ្គិសនី​ក្រោម​ដី ឬ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រោម​ដី។ បន្ទប់​ស្នាក់​នៅក្រោម​ដី​ទាំងនេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​ពីលើ​ក​អាកាស​របស់ កងទ័ព​រំដោះប្រជាជន​ចិន ខណៈ​ដែល​ភាព​តាន​តឹង​រវាង​ ចិន​ដីគោក ចិន​តៃវ៉ាន់ និង សហរដ្ឋ​អាម៉េរិក កំពុង​កើន​ឡើង​ខ្ពស់។

    បច្ចុប្បន្ន កោះ​តៃវ៉ាន់ មាន​មូលដ្ឋាន​លាក់ខ្លួន​ក្រោម​ដី​ជាង ៤,៦០០ កន្លែង នៅ​ទូទាំង​កោះ ដែល​នេះ​អាចដាក់​មនុស្ស​បាន ១២ លាន​នាក់។

    រូបភាព​ខ្លះៗ​ស្ដីពី​ការ​ហាត់​ស៊ាំ និង​ទិដ្ឋភាព​នៃ​បន្ទប់ សាល​សុវត្ថិភាព​ក្រោម​ដី នៅ កោះតៃវ៉ាន់ ៖

  • Zaporizhzhia ចុះហត្ថលេខា​លើ​បទបញ្ជា​ធ្វើ​ប្រជាមតិ​ស្ដីពី​ការ «បង្រួបបង្រួម​ទៅក្នុង​ទឹកដី​រុស្ស៊ី»

    Zaporizhzhia ចុះហត្ថលេខា​លើ​បទបញ្ជា​ធ្វើ​ប្រជាមតិ​ស្ដីពី​ការ «បង្រួបបង្រួម​ទៅក្នុង​ទឹកដី​រុស្ស៊ី»

    មេដឹកនាំ​តំបន់ Zaporizhzhia ដែល​ត្រូវបាន​លើក​បន្តុប​ដោយ រុស្ស៊ី កាលពី​ថ្ងៃទី ០៨ សីហា បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ណែនាំ​ពី​ការធ្វើប្រជាមតិ​ស្ដីពី​ការបង្រួបបង្រួម​ទៅក្នុង សហព័ន្ធរុស្ស៊ី។

    លោក Yevgeny Balitsky មេដឹកនាំ​អាជ្ញាធរ​ដែល​ស្និទ្ធ​នឹង រុស្ស៊ី នៅ​តំបន់ Zaporizhzhia បានប្រកាស​ចាប់ផ្ដើម​ដំណើរការ​នេះ​នៅក្នុង​វេទិកា​គាំទ្រ រុស្ស៊ី ដែលមាន​ឈ្មោះថា «យើង​រួម​ដំណើរ​ជាមួយ​ប្រទេស​រុស្ស៊ី» ដែល​ត្រូវបាន​ធ្វើឡើង​នៅតំបន់ Melitopol ជាទី​ក្រុង​ធំជាងគេ​ដែល រុស្ស៊ី បាន​ចូល​កាន់កាប់​នៅ Zaporizhzhia។

    «ខ្ញុំ​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​សម្រាប់​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​ត្រៀម​សម្រាប់​ការធ្វើប្រជាមតិ​ស្ដីពី​កា​រប​ម្រួ​ប​បង្រួម​តំបន់ Zaporizhzhia ទៅក្នុង​ទឹកដី រុស្ស៊ី» លោក Yevgeny និយាយ​ដូច្នេះ។

    សេចក្ដីសម្រេច​ស្ដីពី​ការធ្វើប្រជាមតិ​នេះ​ក៏​ធ្លាប់​ត្រូវបាន​លោក Vladimir Rogov ដែលជា​សមាជិក​ម្នាក់​នៅ​ក្នុង​ក្រុមប្រឹក្សា​យោធា-ស៊ីវិល Zaporizhzhia ប្រកាស​នាពេល​កន្លង។ មុន​នោះ មន្ត្រី​រូបនេះ​និយាយថា ប្រជាជន​តំបន់ Zaporizhzhia និង រុស្ស៊ី គឺជា «ប្រជាជាតិ​តែមួយ»។

    បច្ចុប្បន្ន ផ្ទៃដី​ប្រមាណ ២/៣ នៅ​តំបន់ Zaporizhzhia របស់ អ៊ុយ​ក្រែ​ន កំពុង​ត្រូវបាន​គ្រប់គ្រង​ដោយ រុស្ស៊ី។ អ៊ុយ​ក្រែ​ន និង​បណ្ដា​ប្រទេស​លោកខាងលិច ប្រកាសថា ការធ្វើប្រជាមតិ​ណាមួយ​នៅក្នុង​តំបន់​ដែល រុស្ស៊ី កំពុងកាន់​កាប់​នៅ អ៊ុយ​ក្រែ​ន គឺ​សុទ្ធតែជា​អំពើ​ខុសច្បាប់៕

  • ទាហាន​រុស្ស៊ី ប្រហែល ៨០,០០០ នាក់ បាន​ស្លាប់ និង​រងរបួស ក្នុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    ទាហាន​រុស្ស៊ី ប្រហែល ៨០,០០០ នាក់ បាន​ស្លាប់ និង​រងរបួស ក្នុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    ក្រសួងការពារជាតិ​អាម៉េរិក កាលពី​ថ្ងៃទី ០៨ សីហា បាន​ប៉ាន់ប្រមាណ​ឃើញថា ទាហាន​រុស្ស៊ី ប្រហែល ៨០,០០០ នាក់ បាន​ស្លាប់ និង​របួស​ក្នុង​សង្គ្រាម​ដែល​អូសបន្លាយ​ពេល​ជិត ៦ ខែ​កន្លង​នៅ អ៊ុយ​ក្រែ​ន។

    នេះ​គឺជា​លើកដំបូង​ហើយ​ដែល កងទ័ព​អាម៉េរិក លើកឡើង​នូវ​ការប៉ាន់ស្មាន​ស្ដីពី​ចំនួន​ទាហាន​របស់ រុស្ស៊ី ដែល​បាន​រងរបួស និង​ស្លាប់​នៅ អ៊ុយ​ក្រែ​ន។

    ថ្លែង​នៅ​ចំពោះមុខ​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃទី ០៨ សីហា អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក Colin Kahl បានឱ្យដឹងថា យោងតាម​ការប៉ាន់ស្មាន​របស់ សហរដ្ឋ​អាម៉េរិក ទាហាន​រុស្ស៊ី ចន្លោះ​ពី ៧០,០០០ ទៅ ៨០,០០០ នាក់ បាន​ស្លាប់ និង​រងរបួស​នៅ អ៊ុយ​ក្រែ​ន។ បណ្ដា​ប្រទេស​លោកខាងលិច ជឿថា រុស្ស៊ី បាន​បញ្ជូនទាហាន​ប្រហែល ១៥០,០០០ នាក់ ទៅកាន់​តំបន់​ក្បែរ​ព្រំដែន​ជាមួយ អ៊ុយ​ក្រែ​ន មុនពេល​បើក​យុទ្ធនាការ​យោធា​ពិសេស​កាលពី​ថ្ងៃទី ២៤ កុម្ភៈ។

    យោងតាម លោក Colin Kahl បើទោះជា​បាន​រង​ការខាតបង់​ធ្ងន់ធ្ងរ​ដូច្នេះ ប៉ុន្តែ រុស្ស៊ី នៅតែ​មិនអាច​សម្រេចបាន​គោលដៅ​ដែល​បានដាក់​ចេញ​ក្នុង​គ្រា​ដំបូង នោះ​គឺ​ការប្ដូរ​ផ្លាស់​រដ្ឋាភិបាល​ទីក្រុង​កៀវ និង​ការ​ប្រែក្លាយ អ៊ុយ​ក្រែ​ន ទៅជា​ប្រទេស​លែងមាន​ឯករាជ្យភាព និង​បូរណភាព​ទឹកដី។

    កាលពី​ខែ​មុន ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាម៉េរិក William Burns ក៏​ធ្លាប់បាន​លើកឡើងថា សហរដ្ឋ​អាម៉េរិក ប៉ាន់ប្រមាណ​ឃើញថា ទាហាន​រុស្ស៊ី ១៥,០០០ នាក់​បាន​ស្លាប់ និង​ប្រហែល ៤៥,០០០ នាក់​ផ្សេង​ទឿ​បាន​រងរបួស ក្នុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    ការប៉ាន់ស្មាន​របស់ ក្រសួងការពារជាតិ​អាម៉េរិក ត្រូវ​បានប្រកាស​ដំណាលគ្នា​នឹង​ការ​ផ្ដល់ជំនួយ​ផ្នែក​យោធា​តម្លៃ ១ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន។

  • អគ្គិភ័យ​នៅឯ​ឃ្លាំង​ផ្ទុក​ឥន្ធនៈ​របស់ គុយបា បន្ត​ឆេះ​រាលដាល​ដល់​អាង​ផ្ទុក​ទី​បី

    អគ្គិភ័យ​នៅឯ​ឃ្លាំង​ផ្ទុក​ឥន្ធនៈ​របស់ គុយបា បន្ត​ឆេះ​រាលដាល​ដល់​អាង​ផ្ទុក​ទី​បី

    អគ្គិភ័យ​នៅឯ​ឃ្លាំង​ផ្ទុក​ឥន្ធនៈ​មួយ​នៅក្នុង​ខេត្ត Matanzas របស់ ប្រទេស​គុយបា កាលពី​ថ្ងៃទី ០៨ សីហា បាន​បន្ត​ឆេះ​រាលដាល​ដល់​អាង​ផ្ទុក​ទី​បី និង​បន្ត​គំរាមកំហែង​ដល់​អាង​ផ្ទុក​ដទៃទៀត​ដែល​នៅក្បែរនោះ។

    យោងតាម​ព័ត៌មាន​ពី​ក្រុមមន្ត្រី​នៅក្នុង​ខេត្ត Matanzas អណ្ដាតភ្លើង​ពី​អាង​ផ្ទុក​ទី​ពីរបាន​ឆេះ​រាលដាល​ដល់​អាង​ផ្ទុក​ទី​បី និង​កំពុង​គំរាមកំហែង​ដល់​អាង​ផ្ទុក​ទី​បួន។

    មុន​នោះ អគ្គិភ័យ​នៅឯ​អាង​ផ្ទុក​ឥន្ធនៈ​ទីមួយ​ដែល​កើតឡើង​ដោយសារ​រន្ទះបាញ់​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​កន្លង ត្រូវបាន​ពន្លត់​រួចរាល់។ គិត​មកដល់​បច្ចុប្បន្ន មាន​មនុស្សម្នា​ក់បាន​ស្លាប់, ១២៥ នាក់រ​ងរ​បួង និង ១៤ នាក់​បាត់​ខ្លួន។

    មនុស្ស​ជាង ៥,០០០ នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​តំបន់​សុវត្ថិភាព ហើយ​ប្រជាជន​ត្រូវបាន​ណែនាំ​ឱ្យ​ពាក់​ម៉ាស ឬ​នៅ​ក្នុងផ្ទះ​ដើម្បី​ចៀសវាង​ផ្សែង​ពុល។

    Matanzas គឺជា​កំពង់ផែ​ធំ​បំផុត​នៅ គុយបា ស្ដីពី​ការទទួល​ប្រេង​ឆៅ និង​ឥន្ធនៈ​ដែល​នាំចូល​ពី​បរទេស។ ប្រេង​ឆៅ​ធន់​ធ្ងន់ ក៏ដូចជា​ប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូត របស់ គុយបា ភាគច្រើន​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ផលិត​អគ្គិសនី​សម្រាប់​តម្រូវការ​​នៅ​ក្នុងស្រុក៕

     

  • សហរដ្ឋ​អាម៉េរិក បន្ត​ផ្ដល់ជំនួយ ៥.៥ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក បន្ត​ផ្ដល់ជំនួយ ៥.៥ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក នឹង​បន្ត​ផ្ដល់ជំនួយ​ជា​ថវិកា និង​យោធា ៥.៥ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​នឹង​វិបត្តិ​នាបច្ចុប្បន្ន។

    យោងតាម ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ ខ្ទង់​ថវិកា ៤.៥ ពាន់​លាន​ដុល្លារ នឹងត្រូវ​បាន​ប្រើប្រាស់​សម្រាប់​តម្រូវការ​បន្ទាន់​របស់ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន រួមមាន ការទូទាត់​ប្រាក់ខែ​ចូលនិវត្តន៍ របប​សន្តិសុខ​សង្គម និង​ការថែទាំ​សុខភាព។ ចំណែក ១ ពាន់​លាន​ដុល្លារ​ទៀត​គឺជា​ជំនួយ​យោធា​សម្រាប់ អ៊ុយ​ក្រែ​ន។

    ដូច្នេះ ជំនួយ​ដែល សហរដ្ឋ​អាម៉េរិក បានផ្ដល់​ឱ្យ អ៊ុយ​ក្រែ​ន គិត​ចាប់តាំងពី រុស្ស៊ី បើក​ការឈ្លានពាន បាន​កើន​ឡើងដល់ ៨.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ខ្ទង់​ជំនួយ​នេះ​នឹង​ត្រូវបាន​ប្រគល់ឱ្យ អ៊ុយ​ក្រែ​ន ទៅតាម​ដំណាក់កាល ក្នុងនោះ ដំណាក់កាល​ដំបូង​គឺ ៣ ពាន់​លាន​ដុល្លារ នៅក្នុង​ខែ​នេះ។

    ខ្ទង់​ជំនួយ​ថ្មី​នេះ​ស្ថិតក្នុង​កញ្ចប់​ជំនួយ ៤០ ពាន់​លាន​ដុល្លារ សម្រាប់ អ៊ុយ​ក្រែ​ន ដែល សភា​អាម៉េរិក បានអនុម័ត​រួចហើយ​កាលពី​ខែឧសភា​កន្លងទៅ៕

  • អាស៊ាន (ASEAN) ប្រារព្ធ​ព្រឹត្តិ​ការណ៍​អបអរសាទរទិវា ៥៥ ឆ្នាំនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍

    អាស៊ាន (ASEAN) ប្រារព្ធ​ព្រឹត្តិ​ការណ៍​អបអរសាទរទិវា ៥៥ ឆ្នាំនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍

    ថ្ងៃនេះ (០៨ សីហា) នៅឯ​ទីស្នាក់ការ​កណ្ដាល​នៃ លេខាធិការដ្ឋាន​អាស៊ាន (ASEAN) នៅ រដ្ឋធានី​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី ព្រឹត្តិការណ៍​អបអរសាទរ​ទិវា​អាស៊ាន ០៨/សីហា ១៩៦៧ – ០៨ សីហា ២០២២ ត្រូវ​បានរៀបចំ​ធ្វើឡើង​យ៉ាង​អធិកអធម។

    ក្រោយ​រយៈពេល ២ ឆ្នាំ ដែល​ព្រឹត្តិការណ៍​អបអរសាទរ​ទិវា​អាស៊ាន ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោមរូបភាព​ប្រយោល តាម​ប្រព័ន្ធ​វីដេអូ ព្រោះតែ កូ​វីដ-១៩ ឆ្នាំនេះ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោមរូបភាព​ធម្មតា​ឡើងវិញ។

    ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ចាប់ផ្ដើម​ដោយ​កម្មវិធី​តន្ត្រី វប្បធម៌ សម្ដែង​ដោយ​សិល្បករ សិល្បការិនី​ល្បីឈ្មោះ​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ក្នុងនោះ​ក៏មាន​ការសម្ដែង​របស់​វិចិត្រករ​គំនូរ​ខ្សាច់ ជនជាតិ​ឥណ្ឌូណេស៊ី Vina Candrawati ផងដែរ។

    ថ្លែង​ក្នុង​ព្រឹត្តិការណ៍​នេះ អគ្គលេខាធិការ​អាស៊ាន Lim Jock Hoi សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍​អបអរសាទរ​ដែល​ប្រារព្ធ​ឡើង​ដោយផ្ទាល់ ក្រោយ​រយៈពេល ២ ឆ្នាំ​ដោយសារ​ជំងឺ​រាតត្បាត​សកល បានបង្ហាញ​នូវ​ការប្រឹងប្រែង​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ក្នុងការ​យកឈ្នះ​លើ​ជំងឺ​រាតត្បាត ដើម្បី​នាំ​ជីវភាព​ត្រលប់មក​ធម្មតា​វិញ។

    ក្នុង​រយៈពេល ៥៥ ឆ្នាំ​នៃ​ការរីកចម្រើន អាស៊ាន ត្រូវបាន​បង្ហាញថា​ជា​រូបមន្ត​សហប្រតិបត្តិការ​ក្នុង​តំបន់​មួយ​ដែល​ទទួលបាន​ជោគជ័យ​នៅលើ​ពិភពលោក កសាង​សហគមន៍​មួយ​ដែល​នាំមក​នូវ​ឱកាស​ដល់​ប្រជាជន​គ្រប់រូប។ អាស៊ាន កំពុង​ក្លាយជា​ខឿនសេដ្ឋកិច្ច​សកម្ម ដោយ​មានការ​ព្យាករ​ថា​នឹងមាន​កំណើនសេដ្ឋកិច្ច​វិជ្ជមាន​ក្នុងឆ្នាំនេះ និង​ឆ្នាំ​បន្ទាប់។ ប្រទេស​មហាអំណាច​ជាច្រើន​ដែល​នៅ​ខាងក្រៅ​តំបន់​នេះ កំពុងតែ​ផ្ដល់​តម្លៃ​សំខាន់​ដល់​តួនាទី​របស់ អាស៊ាន។

    អគ្គលេខាធិការ Lim Jock Hoi ក៏បាន​អះអាង​អំពី​វិស័យ​អាទិភាព​សម្រាប់​ពេលខាងមុខ​របស់ អាស៊ាន៖ «បណ្ដា​ប្រទេស​ជា​សមាជិក​របស់ អាស៊ាន ត្រូវការ​ជំរុញ​សមាហរណកម្ម និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ធានា​នូវ​តួនាទី​ជា​ស្នូល និង​សាមគ្គីភាព​របស់ អាស៊ាន នៅក្នុង​រចនាសម្ព័ន្ធ​តំបន់ និង​សកលលោក ជំរុញ​ទំនាក់ទំនង​ជាមួយ​ដៃគូ រួមគ្នា​រីកចម្រើន។ អាស៊ាន ក៏ត្រូវ​ការជំរុញ​លើ​ការអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ចំពោះ​សេដ្ឋកិច្ច​ឌីជីថល ការកែលម្អ​សមត្ថភាព​ប្រកួតប្រជែង និង​ប្រភព​ទុន​ក្នុង​តំបន់ បើកឱកាស​ឱ្យមាន​ការចូលរួម​ពី​មនុស្ស​ជំនាន់​ថ្មី នៅក្នុង​ការកំណត់​គោលនយោបាយ ការកសាង​សហគមន៍​អាស៊ាន​បៃតង និង​ទូលំទូលាយ។

    ជាមួយនឹង​ប្រធានបទ «រួមគ្នា​កាន់តែ​រឹងមាំ» របស់​ឆ្នាំនេះ អាស៊ាន ជាថ្មី​ម្ដងទៀត បាន​បញ្ជូន​សារ​យ៉ាង​ខ្លាំងក្លា​ស្ដីពី​ស្មារតី​សាមគ្គី បញ្ចេញ​កម្លាំង​ជា​ក្រុម ដើម្បី​ដោះស្រាយ​បញ្ហា​ដែលមាន​នាបច្ចុប្បន្ន៕