Author: សឿន សំណាង

  • កូរ៉េខាងជើង បាញ់​មីស៊ីល​ជា​បន្តបន្ទាប់​ដើម្បី​ធ្វើ​សមយុទ្ធ​នុយក្លេអែរ

    កូរ៉េខាងជើង បាញ់​មីស៊ីល​ជា​បន្តបន្ទាប់​ដើម្បី​ធ្វើ​សមយុទ្ធ​នុយក្លេអែរ

    KCNA បាន​ឱ្យ​ដឹង​ថា ការ​បាញ់​មីស៊ីល​ ៧ លើក​ ក្នុង​ ២ សប្ដាហ៍​កន្លង​របស់ កូរ៉េខាង​ជើង គឺ​សុទ្ធ​តែ​ជា​ការ​ធ្វើសមយុទ្ធ​ «នុយក្លេអែរយុទ្ធសាស្ត្រ» ក្រោម​ការ​តាម​ដាន​របស់​មេដឹក​នាំ​ គីម ជុងអុន។

    ទីក្រុង​សេអូល តូក្យូ និង វ៉ាស៊ីងតោន ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ បាន​បង្កើន​ការ​ធ្វើ​សមយុទ្ធ​រួមគ្នា​​នៅ​លើ​សមុទ្រ​ នាំ​ឱ្យ ទីក្រុង​ព្យុងយ៉ាង​ មាន​ការ​ខឹង​ខ្លាំង​ ដោយ​ចាត់​ទុក​ថា ទាំង​នោះគឺជា​ការ​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម​ឈ្លាន​ពាន​ ហើយ​បក​ស្រាយ​ថា ការ​បាញ់​មីស៊ីល​របស់​ខ្លួន​គឺជា​ «សមយុទ្ធ​ទប់​ទល់» ដ៏ចាំបាច់​។

    ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA បាន​ឱ្យដឹង​ថា ការ​បាញ់​មីស៊ីល​នា​ពេល​កន្លង​របស់​ ទីក្រុង​ព្យុងយ៉ាង គឺដើម្បី​ឆ្លើយ​តប​នឹង​សមយុទ្ធ​យោធា​រួម​រវាង កូរ៉េខាងត្បូង ជប៉ុន និង​ សហរដ្ឋ​អាម៉េរិក ហើយ​ថា ការ​ធ្វើ​សមយុទ្ធ​របស់​ កូរ៉េខាងជើង គឺ​សុទ្ធ​តែ​ជា​​ «ការ​ធ្វើ​ត្រាប់​សង្គ្រាម​ជាក់ស្ដែង»។

    «ប្រសិទ្ធភាព​ និង​សមត្ថភាព​ប្រយុទ្ធ​ជាក់ស្ដែង​របស់​កងកម្លាំង​យុទ្ធសាស្ត្រ​នុយក្លេអែរ​ ត្រូវ​បាន​ធ្វើ​ឡើង​ពេញលេញ​ នៅពេល​កងកម្លាំង​នេះ​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​វាយប្រហារ​ និង​កម្ទេច​គោលដៅ​នៅ​គ្រប់​ពេល​វេលា និង​ពី​គ្រប់​ទីតាំង​» KCNA ដកស្រង់​សម្ដី​របស់​លោក គីម ជុងអុន ឱ្យ​ដឹង​ដូច្នេះ​។ «បើទោះជាគូបដិបក្ខ​លើក​ឡើង​ជា​បន្តបន្ទាប់​អំពី​ការ​ចរចា យើង​ពុំ​មាន​អ្វីដែល​ត្រូវ​ពិភាក្សា​ និង​គិត​ថា ​មិន​ចាំបាច់​ក្នុងការ​​ធ្វើដូច្នេះ​»។

    កូរ៉េខាងជើង ក្នុង​រង្វង់ ២ សប្ដាហ៍​កន្លង​ បាន​ធ្វើ​ការ​បាញ់​មីស៊ីល​ ៧ លើក​ ហើយ​ករណី​ថ្មី​បំផុត​គឺ​កាលពី​ម្សិលមិញ​។

    សហរដ្ឋអាម៉េរិក និង​បណ្ដា​ប្រទេស​ជាសម្ព័ន្ធ​មិត្ត​ ថ្កោលទោស​ចំពោះ​ការ​បាញ់​មីស៊ីល​របស់ កូរ៉េខាងជើង ដោយ​ចាត់ទុក​ថា​ នោះ​គឺជា​សកម្មភាព​បង្ក​ហេតុ​ និង​បង្ក​អស្ថិរភាព​។ កូរ៉េខាង​ជើង និយាយ​ថា សកម្មភាព​របស់​ខ្លួន​គឺ​ដើម្បី​ឆ្លើយតប​នឹង​ការ​គំរាម​កំហែង​ផ្នែក​យោធា​ពី សហរដ្ឋ​អាម៉េរិក៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ០៨ ខែ​​តុលា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ០៨ ខែ​​តុលា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០៩ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ០៧ ខែ​តុលា​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ០៨ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតត្រឹមព្រឹក ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២២ កម្ពុជា មាន​ អ្នក​ឆ្លងកូវីដ-១៩ សរុប ៖ ១៣៧,៩២១ នាក់, អ្នកជាសះស្បើយសរុប​ ៖ ១៣៤,៧៩៤ នាក់ និង​​អ្នកស្លាប់​សរុប​ ៖ ៣,០៥៦ នាក់។

  • មហា​សេដ្ឋី អ៊ីឡុន ម៉ាស លើក​សំណើ​សម្រាប់​ដោះ​ស្រាយ​ភាព​តាន​តឹង​នៅ​ «ច្រក​សមុទ្រ​តៃវ៉ាន់»

    មហា​សេដ្ឋី អ៊ីឡុន ម៉ាស លើក​សំណើ​សម្រាប់​ដោះ​ស្រាយ​ភាព​តាន​តឹង​នៅ​ «ច្រក​សមុទ្រ​តៃវ៉ាន់»

    មហា​សេដ្ឋី​ អ៊ីឡុន ម៉ាស យល់​ថា ភាព​តាន​តឹង​រវាង​ ចិន​ដីគោក និង​ កោះតៃវ៉ាន់ អាច​ត្រូវ​បាន​ដោះ​ស្រាយ​ បើ​សិន​កោះ​នេះ​ប្រគល់​សិទ្ធិ​គ្រប់​គ្រង​មួយ​ចំនួន​ទៅ​ឱ្យ​ ទីក្រុង​ប៉េកាំង​។

    «អាច​រកឃើញ​រូបមន្ត​តំបន់​រដ្ឋបាល​ពិសេស​សម្រាប់ តៃវ៉ាន់។ នោះ​គឺជា​សំណើ​សមស្រប​ ប៉ុន្តែ​មិន​អាច​បំពេញ​ចិត្ត​គ្រប់​គ្នា​» មហា​សេដ្ឋី​លំដាប់​លេខ​ ១ ពិភពលោក​លោក អ៊ីឡុន ម៉ាស ឆ្លើយ​តប​នឹង​សំណួរ​ស្ដីពី​ស្ថានការណ៍​ចិន របស់ Financial Times ក្នុង​កិច្ច​សម្ភាស​ដែល​បាន​ផ្សាយ​កាល​ពី​ថ្ងៃទី ០៧ តុលា​។

    យោង​តាម​លោក ម៉ាស ដំណោះ​ស្រាយ​នេះ​អាច​ទៅ​រួច​ ហើយ​ភាគី​ទាំង​ពីរ​អាច​មាន​កិច្ច​ព្រម​ព្រៀង​ «ធូរស្រាល» ជាង បើ​ធៀប​នឹង​ករណី ហុងកុង​។

    លោក ម៉ាស យល់​ថា «ស្ថានការណ៍​ជម្លោះ​ទាក់ទង​នឹង​ តៃវ៉ាន់ គឺជា​រឿង​មិន​អាច​គេច​ផុត» ប៉ុន្តែ លោក​មិន​បាន​បកស្រាយ​លម្អិត​។ លោក​ ម៉ាស ព្រមាន​ថា សេណារីយ៉ូ​នោះ​នឹង​បង្ក​ផល​ប៉ះពាល់​ធំធេង​ដល់​ក្រុម​ហ៊ុន​ Tesla របស់​លោក រួម​នឹង​បណ្ដា​ក្រុម​ហ៊ុន​អាម៉េរិក​​ និង​ខឿន​សេដ្ឋកិច្ច​នានា​ក្នុង​ពិភពលោក​។

    ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla របស់​មហា​សេដ្ឋី​ អ៊ីឡុន ម៉ាស កំពុង​ដំណើរ​ការ​រោង​ចក្រ​ធំ​មួយ​នៅ​ ទីក្រុង​សៀងហៃ​ ប្រទេស​ចិន​។ ឆ្នាំ​ ២០២១ រោង​ចក្រ​នេះ​ផលិត​រថយន្ត​អគ្គសនី​ប្រមាណ​ពាក់​កណ្ដាល​ ធៀប​នឹងបរិមាណ​​រថយន្ត Tesla សរុប​ដែលត្រូវ​​បាន​ប្រគល់​ដល់​ដៃ​អតិថិជន​នៅ​ទូទាំង​ពិភពលោក​។

    សំណើ​ថ្មី​នេះ​របស់​លោក អ៊ីឡុន​ ម៉ាស ត្រូវ​បាន​លើក​ឡើង​ក្រោយ​ពី​លោក​បាន​ស្នើ​ឱ្យ​ ទីក្រុង​កៀវ ធ្វើ​សម្បទាន​​ ឧបទ្វីប​​គ្រីមៀ (Crimea) ទៅ​ឱ្យ​ ទីក្រុង​មូស្គូ និង​ធ្វើ​ប្រជាមតិ​ឡើង​វិញ​ក្រោម​​ការ​គ្រប់គ្រង​របស់​ អង្គការ​សហប្រជាជាតិ​ ចំពោះ​ ៤ ខេត្ត​របស់ អ៊ុយក្រែន ដែល​ទើប​ត្រូវ​បាន​ រុស្ស៊ី រឹប​អូស​ ហើយ​ អ៊ុយក្រែន ត្រូវតែ​រក្សា​អព្យាក្រឹត​ភាព​ផ្នែក​នយោបាយ​ការ​បរទេស​​។ សំណើ​នេះ​របស់លោក ម៉ាស បាន​រង​ការ​រិះ​គន់​យ៉ាង​ធ្ងន់​ធ្ងរ​។

    លោក អ៊ីឡុន ម៉ាស (Elon Musk) បច្ចុប្បន្ន​គឺជា​មហា​សេដ្ឋី​លំដាប់​លេខ ១ ​ក្នុងពិភពលោក ដោយ​មាន​ទ្រព្យ​ជាង ២២០ ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ​បើ​តាម​តារាង​ចំណាត់​ថ្នាក់​មហា​សេដ្ឋីរបស់​ទស្សនាវដ្ដី​ពាណិជ្ជកម្ម Forbes៕

  • ថ្មផ្ទុក​អគ្គិសនី​ដែល​អាច​ឱ្យ​ឡាន​រត់បាន​ចម្ងាយ​ ៦៣០ គីឡូម៉ែត្រ​ ក្រោយ​បញ្ចូល​ថាមពល​ម្ដង

    ថ្មផ្ទុក​អគ្គិសនី​ដែល​អាច​ឱ្យ​ឡាន​រត់បាន​ចម្ងាយ​ ៦៣០ គីឡូម៉ែត្រ​ ក្រោយ​បញ្ចូល​ថាមពល​ម្ដង

    ក្រុម​អ្នកវិទ្យា​សាស្ត្រ​បាន​អភិវឌ្ឍ​ថ្មផ្ទុក​អគ្គិសនី​មួយ​ប្រភេទ​ដែល​មាន​ដង់ស៊ីតេ​ថាមពល​ខ្ពស់​ជាង​ ៤០% ធៀប​នឹង​បណ្ដា​ប្រភេទ​ថ្ម​ផ្ទុក​អគ្គិសនី​មុន​ៗ​។

    វិស័យ​ឧស្សាហកម្ម​ថ្មផ្ទុក​អគ្គិសនី​ក្នុង​ស្រុក​របស់ កូរ៉េខាងត្បូង បាន​កំណត់​គោលដៅ​ស្វែង​រក​វិធី​ថ្មី​ដើម្បី​បង្កើន​សមត្ថភាព​ផ្ទុក​អគ្គិសនី​របស់​ថ្ម​ ដោយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ឬ​វត្ថុធាតុ​ anode ផ្សេង​ទៀត​។

    ក៏ប៉ុន្តែ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅសាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ Pohang (POSTECH) និង​វិទ្យាស្ថាន​ជាតិ​វិទ្យា​សាស្ត្រ និង​បច្ចេកវិទ្យា Ulsan (UNIST) បាន​អភិវឌ្ឍ​ថ្ម​ lithium ដែល​មិន​ប្រើប្រាស់​វត្ថុ​ធាតុ anode ដែល​អាច​ប្រើ​បាន​យូរ​ជាង​មុន បន្ទាប់​ពី​បញ្ចូល​ថាមពល​ម្ដង នេះ​បើតាម Science Daily ចេញផ្សាយ​កាលពី​ថ្ងៃទី ០៦ តុលា។ លទ្ធផល​នៃការ​ស្រាវជ្រាវ​នេះ ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ​នៅ​​លើទំព័រ​ទស្សនាវដ្ដី Advanced Functional Materials។

    ថ្មផ្ទុក​អគ្គិសនី​ថ្មី​នេះ​មាន​ដង់ស៊ីតេ​ថាមពល​កម្រិត​ ៩៧៧ Wh/លីត្រ ខ្ពស់​ជាង ៤០% ធៀប​នឹង​បណ្ដា​ប្រភេទ​ថ្ម​បច្ចុប្បន្ន​ (៧០០ Wh/លីត្រ)​។ ប្រការ​នេះ​មាន​ន័យ​ថា ថ្មថ្មី​នេះ​អាច​អនុញ្ញាត​ឱ្យ​រថយន្ត​ធ្វើដំណើរ​បាន​ ៦៣០ គីឡូម៉ែត្រ​ បន្ទាប់​ពី​បាន​បញ្ចូល​ថាមពល​ម្ដង​។ ជាង​នេះ​ ក្រុម​អ្នកស្រាវជ្រាវ​ខាង​លើ​ក៏​បាន​រក​ឃើញ​វិធី​ធ្វើ​ឱ្យ​ថ្មី​ផ្ទុក​អគ្គិសនី​នេះ​​​មាន​អាយុកាល​វែង​ជាង​មុន​ផងដែរ​។

  • ក្រុម​ហ៊ុន​មេ​របស់ TikTok ខាត​ជាង​ ៧ ពាន់​លាន​ដុល្លារ​អាម៉េរិក កាល​ពី​ឆ្នាំ​មុន

    ក្រុម​ហ៊ុន​មេ​របស់ TikTok ខាត​ជាង​ ៧ ពាន់​លាន​ដុល្លារ​អាម៉េរិក កាល​ពី​ឆ្នាំ​មុន

    ByteDance ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់ TikTok មាន​ការ​​​ខាត​បង់​ជាង​ ៣ ដង​ក្នុង​ឆ្នាំ​កន្លង​ ឡើង​ដល់ ៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយ​សារ​ការ​ចំណាយ​ច្រើន​ដើម្បីការ​​រីក​ចម្រើន​។

    Wall Street Journal ដកស្រង់​របាយការណ៍​ហិរញ្ញវត្ថុ​ផ្ទៃ​ក្នុង​របស់ ByteDance ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​កន្លង ខ្ទង់​ខាត​បង់​របស់​ក្រុម​ហ៊ុន​នេះ​គឺ ៧.១៥ ពាន់​លាន​ដុល្លារអាម៉េរិក​ ខ្ពស់​ជាង​ ៣ ដង ធៀប​នឹង​ ២.១២ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២០​។

    ទោះជា​យ៉ាង​ណា​ក៏ដោយ ByteDance រក​បាន​ប្រាក់ចំណេញ​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​ ២០២២​។ នេះ​គឺជា​សញ្ញា​បង្ហាញ​ថា ក្រុម​ហ៊ុន​បច្ចេកវិទ្យា​នេះ​ជិត​ដល់​ដំណាក់​កាល​មាន​ប្រាក់​ចំណេញ​ច្រើន​ ក្រោយ​ពី​ខាត​បង់​អស់​ច្រើន​ឆ្នាំ​។

    ByteDance កម្រ​នឹង​ចែករំលែក​អំពី​ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​ខ្លួន​។ របាយការណ៍​ខាងលើ​នេះ​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​បុគ្គលិក​កាលពី​ខែ​សីហា​ ២០២២ ក្នុង​នោះ​មាន​ទាំង​ទិន្នន័យ​ពី​ឆ្នាំ​ ២០២០, ២០២១ និង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​ ២០២២​។

    របាយការណ៍​ខាងលើ​បង្ហាញ​ថា ប្រាក់​ចំណូល​របស់ ByteDance កើន​ជិត​ ៨០% ឡើង​ដល់ ៦១.៧ ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០២១​។ ក៏ប៉ុន្តែ ការ​ចំណាយ​របស់​ពួក​គេ​ក៏​កើន​ឡើង​ខ្ពស់​ ដោយ​សារ​ផ្ដោត​ទៅ​លើ​កំណើននៃ​ការ​រីក​ចម្រើន​​របស់​ក្រុម​ហ៊ុន​។ ប្រាក់​ចំណាយ​សម្រាប់​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​ (R&D) គឺ ១៤.៦ ពាន់​លាន​ដុល្លារ​។ ចំណាយ​សម្រាប់​ការ​ផ្សព្វផ្សាយ​ និង​ការ​លក់​គឺ​ ១៩.២ ពាន់​លាន​ដុល្លារ​។ ការ​ចំណាយ​ដទៃ​ទៀត​គឺ ២៧.៤ ពាន់​លាន​ដុល្លារ​។

    ត្រីមាស​ដំបូង​ឆ្នាំ​នេះ​ ប្រាក់​ចំណូល​របស់​ ByteDance សម្រេច​បាន ១៨.៣ ពាន់​លាន​ដុល្លារ​ កើន​ ៥៤% ធៀប​នឹង​ឆ្នាំ​កន្លេង​។ ការ​ចំណាយ​ដែល​ត្រូវ​បាន​កាត់​បន្ថយ​ បាន​ជួយ​ឱ្យ​ពួក​គេ​មាន​ប្រាក់​ចំណេញ​មុន​បង់​ពន្ធ៕

  • គោលនយោបាយ​ «លើក​ទឹក​ចិត្ត​​រថយន្ត​អគ្គិសនី» របស់​​ ​ប្រទេស​ថៃ ទទួល​បាន​ចំណាប់​អារម្មណ៍​ច្រើន​ពី​អ្នក​វិនិយោគ​

    គោលនយោបាយ​ «លើក​ទឹក​ចិត្ត​​រថយន្ត​អគ្គិសនី» របស់​​ ​ប្រទេស​ថៃ ទទួល​បាន​ចំណាប់​អារម្មណ៍​ច្រើន​ពី​អ្នក​វិនិយោគ​

    ក្រោយ​ពី​ ប្រទេស​ថៃ ប្រកាស​គោលនយោបាយ​លើក​ទឹក​ចិត្ត​សម្រាប់​វិស័យ​រថយន្ត​អគ្គិសនីកាលពី​ដើម​ឆ្នាំ​ ពេល​នេះ​មាន​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​កំពុង​តែ​ផ្ដោត​លើ​ការ​ដំឡើង​រថយន្ត​អគ្គិសនី ការ​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​ និង​ការ​សាងសង់​ស្ថានីយបញ្ចូល​ថាមពល​ថ្ម​អគ្គិសនី​សម្រាប់​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ​។

    គោលនយោបាយ​លើក​ទឹក​ចិត្ត​ដែល​​រួម​មាន ការ​កាត់បន្ថយ​អត្រាពន្ធ ការ​បង្កើន​ជំនួយ​ដល់​អ្នកប្រើប្រាស់ និង​អ្នក​ផលិត​​ជា​ដើម​ខាងលើ​នេះ​របស់​ ប្រទេស​ថៃ​ កំពុង​តែ​ទាក់​ទាញ​ការ​វិនិយោគ​​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។ ក្នុង​នោះ ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​ជាតិ​របស់ ប្រទេស​ថៃ (PTT) ក៏កំពុង​តែ​កំណត់​គោល​ដៅ​ក្លាយជា​អ្នក​ផលិត​សំខាន់​មួយ​ក្នុង​វិស័យ​ឧស្សាហ​កម្ម​រថយន្ត​អគ្គិសនី (EV)។

    ប្រធាន​ និង​ជា​នាយកប្រតិបត្តិ​របស់ PPT លោក Auttapol Rerkpiboon បាន​ឱ្យ​ដឹង​ថា បណ្ដា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ PTT កំពុង​ជំរុញ​គម្រោង​ទាំង​ឡាយ​ដែល​ទាក់​ទង​នឹង​រថយន្ត​អគ្គិសនី​ ពិសេស​គឺជា​បណ្ដា​គម្រោង​ដែល​មាន​កិច្ច​សហការប្រតិបត្តិ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ដើម្បី​អនុវត្ត​គម្រោង​ដំឡើង​រថយន្ត​អគ្គិសនី​ ពង្រីក​ស្ថានីយ​បញ្ចូល​ថាមពល​ និង​ផ្ដល់​សេវាកម្ម​ជួល​រថយន្ត​អគ្គិសនី​។

    PTT កំពុង​សហការ​ជាមួយ​ Hon Hai Precision Industry Co, ដែល​ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេឡិច​ត្រូនិច​ពហុជាតិ​ និង​មាន​ទីស្នាក់ការ​កណ្ដាល​នៅ កោះតៃវ៉ាន់ និង​ត្រូវ​​គេ​ស្គាល់​ថា​ Foxconn ដើម្បី​បង្កើត​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ ដោយ​មាន​ទុន​វិនិយោគ​ចាប់​ពី ១ ទៅ ២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ នៅ​ក្នុង​តំបន់​របៀង​សេដ្ឋកិច្ច​ភាគ​ខាង​កើត​របស់ ប្រទេស​ថៃ​។

    លោក Auttapol Rerkpiboon និយាយ​ថា មូលដ្ឋាន​នេះ​នឹង​ដើរ​តួនាទី​ជួយ​ដល់​បណ្ដា​ក្រុមហ៊ុន​បរទេស​ដែល​មាន​បំណង​ដំឡើង​រថយន្ត​អគ្គិសនី​នៅ​ ប្រទេស​ថៃ​ ជំនួស​ឱ្យ​ការ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​បង្កើត​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​យីហោ​ថ្មី​។

    សកម្មភាព​ផលិត​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​ PTT-Foxconn គ្រោង​នឹង​ចាប់​ផ្ដើម​ពី​ឆ្នាំ ២០២៤ និង​អាច​ដំឡើង​បាន​ ៥ ម៉ឺន​គ្រឿង​ជា​រៀង​រាល់​ឆ្នាំ​ នៅ​ក្នុង​ឆ្នាំ​ ២០៣០​។

    ក្រៅ​ពី​ការ​ផលិត​ ឬ​ដំឡើង​រថយន្ត​អគ្គិសនី ក្រុម​ហ៊ុន PTT ក៏កំពុង​តែ​អភិវឌ្ឍ​ផ្នែក​ពាណិជ្ជកម្ម​លើ​ថ្ម​ផ្ទុក​អគ្គិសនី​ តាម​រយៈ​កិច្ច​សហការ​ជាមួយ​បណ្ដា​ក្រុម​ហ៊ុន​ផលិត​ថ្ម​អគ្គិសនី ក៏ដូចជា​ការ​ស្រាវជ្រាវ អភិវឌ្ឍ​ដើម្បី​កែលំអ​បច្ចេកវិទ្យា​ថ្ម​។

    PTT នឹង​ផលិត​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​ ដោយ​ការ​ប្រើប្រាស់បច្ចេកវិទ្យា​របស់​ 24M Technologies Inc ដែលជា​ក្រុមហ៊ុន​មួយ​របស់ សហរដ្ឋ​អាម៉េរិក៕

  • ខ្មាន់កាំភ្លើងញៀនថ្នាំម្នាក់ ប្រុង​នឹង​សម្រុក​ចូល​សាលា​រៀន​ «យក​តម្រាប់​តាមអំពើឃោរឃៅដែលបានសម្លាប់មនុស្សជាង ៣០ នាក់នៅ ​ប្រទេស​ថៃ» ត្រូវ​​ប៉ូលិស​​ចាប់​​ខ្លួន

    ខ្មាន់កាំភ្លើងញៀនថ្នាំម្នាក់ ប្រុង​នឹង​សម្រុក​ចូល​សាលា​រៀន​ «យក​តម្រាប់​តាមអំពើឃោរឃៅដែលបានសម្លាប់មនុស្សជាង ៣០ នាក់នៅ ​ប្រទេស​ថៃ» ត្រូវ​​ប៉ូលិស​​ចាប់​​ខ្លួន

    ប៉ូលិស​ថៃ បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​មាន​កាំភ្លើង​ ២ ដើម និង​មាន​បំណង​សម្រុក​ចូល​ទៅ​កាន់​សាលា​រៀន​នៅ Ron Phibun ដើម្បី​ចាប់​ជំរិត​កូន​ប្រុស​។

    បុរស​ម្នាក់​ឈ្មោះ​ Theerapong អាយុ​ ៣៤ ឆ្នាំ​ កាល​ពី​ថ្ងៃទី ០៧ តុលា ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​សាលា​រៀន​មួយ​ក្នុង​ភូមិ Moo 1 ស្រុក Ron Phibun ខេត្ត Nakhon Si Thammarat ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​ នេះ​បើ​តាម​មេដឹកនាំ​ការិយាល័យ​ស៊ើប​អង្កេត​ Jirabhop Bhuridej។

    លោក Jirabhop បាន​ឱ្យ​ដឹង​ថា Theerapong ត្រូវ​បាន​ក្រុម​ប៉ូលិស​រារាំង​នៅ​មុន​ពេល​ប្រុង​កាន់​កាំភ្លើង​សម្រុក​ចូល​ទៅ​ក្នុង​សាលា​រៀន​​ក្នុង​បំណង​ចាប់​ជំរិត​កូនប្រុស​អាយុ​ ៧ ឆ្នាំ​។

    មុន​ពេល​កើត​ហេតុ​ប៉ុន្មាន​នាទី កម្លាំង​ប៉ូលិស​បាន​ទទួល​ព័ត៌មាន​អំពី​សកម្មភាព​គួរ​ឱ្យ​សង្ស័យ​របស់ Theerapong នៅ​ខាង​ក្រៅសាលា​រៀន​។ ក្រុម​ប៉ូលិស​ល្បាត​ស្ម័គ្រ​ចិត្ត​ដែល​កំពុងល្បាត​ក្បែរ​នោះ​ក៏​ប្រញាប់​មក​កាន់​សាលារៀននេះ​​។

    ពេល​មក​ដល់ ប៉ូលិស​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង​ដែល​គួរ​ឱ្យ​សង្ស័យ​ ចត​នៅ​ខាង​មុខ​សាលា។ ពេល​ប៉ូលិស​ចូល​ទៅក្បែរ​ ភ្លាម​នោះ Theeapong បាន​ថយ​រថយន្ត​ បុក​ទៅ​លើ​រថយន្ត​ប៉ូលិស​ដែល​កំពុង​រារាំង​នៅ​ខាង​ក្រោយ​ រួច​ក៏​បង្កើន​ល្បឿន​ទៅបុក​រថយន្ត​របស់​ប៉ូលិស​មួយ​គ្រឿង​ផ្សេង​ទៀត​ដែល​នៅ​ខាងមុខ​។ បន្ទាប់​មក Theeapong ក៏​ចេញពី​ក្នុង​ឡាន​ និង​ដក​កាំភ្លើង​ខ្លី​មកកាន់ មុននឹង​ត្រូវ​ក្រុម​ប៉ូលិស​ចាប់​បាន​។

    ក្រោយ​ពី​ត្រួតពិនិត្យ ប៉ូលិស​បាន​រកឃើញ​ថ្នាំញៀន ១៧ គ្រាប់,​ កាំភ្លើង​ខ្លី​ ១ ដើម, កាំភ្លើង​វែង​ ១ ដើម​ និង​គ្រាប់​កាំភ្លើង​ ៥៥ គ្រាប់​។ នៅ​លើ​រថយន្ត​ក៏​មាន​មនុស្ស​ម្នាក់​ឈ្មោះ Chavalit អាយុ ៣៣ ឆ្នាំ ត្រូវ​ជា​មិត្ត​របស់ Theerapong។

    Theerapong បាន​សារភាព​ថា មុននោះ​ខ្លួន​បាន​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​។ ដោយ​សារ​តានតឹង​ពេក បុរស​នេះ​ក៏​ពឹង​មិត្ត​ភក្ដិ​មក​កាន់​សាលា​រៀន​ដើម្បី​ទទួល​កូន​។ ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ប្រើប្រាស់​ថ្នាំ​ញៀន​។

    អាណាព្យាបាល​សិស្ស​ ក្រោយ​ពី​បាន​ដឹង​ដំណឹង​នេះ​ ម្នាក់ៗ​សុទ្ធ​តែ​​មាន​ការ​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង​ និង​​ប្រញាប់​មក​សាលា​រៀន​ទទួល​កូន​ទៅ​ផ្ទះ​។

    ឧត្តមសេនីយ៍​ Jirabhop និយាយ​ថា សកម្មភាព​របស់ Theerapong គឺ​ជា​ការ​ធ្វើ​ត្រាប់​តាម​អំពើ​ឃោរឃៅ​​ដែល​ទើប​តែ​កើត​ឡើង​កាល​ពី​ថ្ងៃទី ០៦ តុលា​ នៅ​មជ្ឈមណ្ឌល​កុមារ​ ក្នុង​ស្រុក Na Klang ខេត្ត Nong Bua Lamphu ដែល​បាន​បណ្ដាល​ឱ្យ​មនុស្ស ៣៧ នាក់ ក្នុង​នោះ​មាន​កុមារ ២៣ នាក់ ត្រូវ​បាត់បង់ជីវិត​៕

  • គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់​ថ្មី​​មួយ​ទៀត ទទួល​បាន​ការ​អនុម័ត​ពី​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

    គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់​ថ្មី​​មួយ​ទៀត ទទួល​បាន​ការ​អនុម័ត​ពី​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

    សំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន CONCEPT CREATOR FASHION (CAMBODIA) CO., LTD ត្រូវ​បាន​អនុម័តចុះបញ្ជីគម្រោងវិនិយោគ​​រួច​ហើយ​ពី​ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

    យោង​តាម​ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោង​ខាងលើ​នេះ នឹង​មានទីតាំងវិនិយោគស្ថិតនៅអគារ A ភូមិត្រពាំងភ្លូ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

    ក្រុម​ប្រឹក្សា​អភិវឌ្ឍកម្ពុជា បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន CONCEPT CREATOR FASHION (CAMBODIA) CO., LTD គ្រោង​នឹង​​បណ្ដាក់​ទុនវិនិយោគប្រមាណ ៥.៨ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៤៤១ កន្លែង៕

  • អ៊ីតាលី បញ្ជូន​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង​ ទៅបណ្ដេញ​យន្តហោះ​យោធា​រុស្ស៊ី ពីដែន​អាកាស​របស់ ​ណាតូ

    អ៊ីតាលី បញ្ជូន​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង​ ទៅបណ្ដេញ​យន្តហោះ​យោធា​រុស្ស៊ី ពីដែន​អាកាស​របស់ ​ណាតូ

    ទ័ព​អាកាស​អ៊ីតាលី បាន​បញ្ជូន​ក្រុម​យន្តហោះ​ចម្បាំង​បន្ទាន់​ទៅ​បណ្ដេញ​យន្តហោះ​​យោធា​របស់​ រុស្ស៊ី ដោយ​ចោទ​ថា បាន​រំលោភ​លើ​ដែន​អាកាស​របស់ ប្រទេស​ប៉ូឡូញ និង​ ស៊ុយអែត​។

    «ក្រុម​យន្តហោះ​ចម្បាំង Typhoon របស់ អ៊ីតាលី ដែល​ចូលរួម​បេសក​កម្ម​ការ​ពារ​ដែន​អាកាស​របស់ ប៉ូឡូញ បាន​ហោះហើរ​ជា​បន្ទាន់​ទៅ​រារាំង​យន្តហោះ​ចម្បាំង​ ៤ គ្រឿង​របស់ រុស្ស៊ី ដែល​ចូល​មក​ដែន​អាកាស​ប្រទេស​នេះ​ និង​ ស៊ុយអែត​ បង្ខំ​ឱ្យ​ពួកគេ​ត្រលប់​ចូលកាន់​ដែន​អាកាស Kaliningrad» ទ័ព​អាកាស​អ៊ីតាលី ប្រកាស​លើ Twitter កាល​ពីថ្ងៃទី ០៥ តុលា អម​ជាមួយ​នឹង​រូប​ភាព​បង្ហាញ​អំពី​យន្តហោះចម្បាំង Typhoon យ៉ាងតិច ៣ គ្រឿង កំពុង​ត្រៀម​ហោះឡើង​។

    ក្រសួង​ការ​ពារជាតិរបស់ ប្រទេស​​រុស្ស៊ី មិន​ទាន់​មាន​ការ​អធិប្បាយ​អ្វីនៅឡើយ​ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើ​។

    ហេតុការណ៍​នេះ​កើតឡើង​ក្នុង​គ្រាដែល​ភាព​តាន​តឹង​រវាង​ រុស្ស៊ី និង​លោក​ខាងស្ថិត​នៅ​ក្នុង​កម្រិត​ខ្ពស់​ ដោយ​សារ​សង្គ្រាម​នៅ អ៊ុយក្រែន​៕

  • អូស្ត្រាលី​ ចង់​ដាំរុក្ខជាតិ​​នៅ​លើឋាន​ព្រះចន្ទ នៅ​ឆ្នាំ ២០២៥​ ដើម្បី​ទ្រទ្រង់​ជីវិត​មនុស្ស​

    អូស្ត្រាលី​ ចង់​ដាំរុក្ខជាតិ​​នៅ​លើឋាន​ព្រះចន្ទ នៅ​ឆ្នាំ ២០២៥​ ដើម្បី​ទ្រទ្រង់​ជីវិត​មនុស្ស​

    អូស្ត្រាលី នា​ថ្ងៃទី ០៧ តុលា​នេះ បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ផែនការ​នាំ​យក​គ្រាប់​ពូជរុក្ខ​ជាតិ​​ឡើង​ទៅដាំ​លើ​ដី​​ឋាន​ព្រះចន្ទ​ ដែល​ពួក​គេ​ជឿថា អាច​ជួយ​បង្កើត​ដែនដី​អាណានិគម​នៅទីនោះ​នាពេល​អនាគត​។

    អ្នកវិទ្យាសាស្ត្រ​ Brett Williams មក​ពី​សាកល​វិទ្យា​ល័យ​បច្ចេកវិទ្យា​ Queensland (QUT) បាន​ឱ្យ​ដឹង​ថា គ្រាប់​ពូជរុក្ខជាតិ​​ដែលដាក់​នៅក្នុង​ប្រអប់ខ្យល់​ពិសេស​នឹង​ត្រូវ​បាន​ដឹក​​ទៅ​កាន់​ឋាន​ព្រះចន្ទ​ដោយ​យាន​អវកាស​ Beresheet 2 នៅក្នុងបេសក​កម្ម​ឯកជន​របស់ អ៊ីស្រាអែល នៅ​ឆ្នាំ​ ២០២៥។

    ក្រោយ​ពី​បាន​ចុះ​ចត គ្រាប់​ពូជ​ទាំង​នេះ​នឹង​ត្រូវ​បានស្រោច​ទឹក​ និង​តាម​ដាន​សញ្ញា​នៃ​ការ​ដុះ​ពន្លត ក៏ដូចជា​ការ​រីក​លូត​លាស់​ តាម​រយៈ​កាមេរ៉ា និង​អង្គញាណ​​ដែល​បំពាក់​ទៅជាមួយ​ ហើយ​ក្រោយ​មក​ ទិន្នន័យ​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​មក​កាន់​ផែនដី​។

    Williams ថ្លែង​ថា «ប្រភេទ​រុក្ខជាតិ​​នឹង​ត្រូវ​បាន​ជ្រើស​រើស​យ៉ាង​ម៉ត់ចត់​ដោយ​យោង​ទៅ​តាម​សមត្ថភាព​ទប់ទល់​នឹង​លក្ខខណ្ឌ​អាក្រក់​ និង​ល្បឿន​នៃ​ការ​ដុះ​ពន្លក​របស់​ពួក​វា​»។

    «ស្មៅ​រស់​ឡើង​វិញ​» របស់ អូស្ត្រាលី ក៏​ស្ថិត​ក្នុង​ចំណោម​ជម្រើស​របស់​ក្រុម​អ្នកវិទ្យា​សាស្ត្រ​ខាងលើ​។ រុក្ខជាតិ​នេះ​អាច​រក្សា​ជីវិត​ដោយ​មិន​បាច់​មាន​ទឹក​ នៅ​ក្នុង​ស្ថានភាព​ «ដេក» នេះ​បើតាមអ្នកវិទ្យា​សាស្ត្រ​ Williams។ «សូម្បី​តែ​បាត់បង់ទឹក​ ៩៥% ស្មៅ​នេះ​នៅ​តែ​រស់​បាន​បើ​ទោះ​វា​ដូច​បាន​ងាប់​​ទៅ​ហើយ​ ប៉ុន្តែ កោសិកា​របស់​ពួក​វា​នឹង​លូត​លាស់​ឡើង​វិញ នៅ​ពេល​មានទឹក​»។

    គម្រោង​នេះ​គឺជា​ជំហាន​ដំបូង​ដើម្បី​ឆ្ពោះទៅ​រក​ការ​ដាំ​រុក្ខជាតិ​ធ្វើ​ជា​អាហារ​ ថ្នាំ​ពេទ្យ និង​ផលិត​អុកស៊ីសែន​ ដែល​ជា​កត្តា​សំខាន់​ដើម្បី​ទ្រទ្រង់​ជីវិត​របស់​មនុស្ស​នៅ​លើឋាន​ព្រះចន្ទ​ នេះ​បើតាម​សាកលវិទ្យាល័យជាតិ​អូស្ត្រាលី (ANU)។

    ក្រុម​ហ៊ុន​អវកាស Lunaria One កំពុង​​ដំណើរ​ការ​គម្រោង​ខាង​លើ​នេះ​ ដោយ​មាន​ការ​ជួយ​គាំទ្រ​របស់​ក្រុម​អ្នកវិទ្យា​សាស្ត្រ​មក​ពីសាកលវិទ្យា​ជា​ច្រើន​មាន​ដូច​ជា​ QUT, ANU, RMIT, Ben Gurion រួម​នឹង​ស្ថាប័ន​សំខាន់​ៗ​មួយចំនួន​ទៀត​៕