Author: សឿន សំណាង

  • សហភាព​អឺរ៉ុប ត្រៀម​ផ្ដល់​ជំនួយ​ជិត ១.៥ ពាន់​លាន​ដុល្លារ​/ខែ ដល់​ អ៊ុយក្រែន

    សហភាព​អឺរ៉ុប ត្រៀម​ផ្ដល់​ជំនួយ​ជិត ១.៥ ពាន់​លាន​ដុល្លារ​/ខែ ដល់​ អ៊ុយក្រែន

    សហភាព​អឺរ៉ុប (EU) គ្រោង​នឹង​ផ្ដល់​ជំនួយ​ប្រហែល ១៧.៧ ពាន់​លាន​ដុល្លារ​ដល់ អ៊ុយក្រែន​ ក្នុង​ឆ្នាំ​ ២០២៣ ស្មើ​នឹងជិត​ ១.៥ ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ខែ​។

    ក្នុងសន្និសីទ​សារព័ត៌មាន​កាល​ពីថ្ងៃទី ២១ តុលា ប្រធាន​គណៈកម្មការ​អឺរ៉ុប Ursula von der Leyen បាន​ឱ្យ​ដឹង​ថា EU គ្រោង​នឹង​ «ផ្ដល់​ជំនួយ​ ១.៥ ពាន់​លាន​អឺរ៉ូ (១.៤៦ ពាន់​លាន​ដុល្លារ) ជា​រៀង​រាល់​ខែ​ដល់​ អ៊ុយក្រែន។

    «តួលេខ​សរុប​គឺ​ ១៨ ពាន់​លាន​អឺរ៉ូ (១៧.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក) សម្រាប់​ឆ្នាំ​ក្រោយ​ ជា​ទឹក​ប្រាក់​ដែល អ៊ុយក្រែន​ អាច​ជឿ​ជាក់ ហើយ​ក៏​ជា​ប្រភព​ហិរញ្ញវត្ថុ​ស្ថិរភាព​​ ដែល​គួរ​ទុក​ចិត្ត​ និង​​ព្យាករ​បាន​» លោក​ស្រី von der Leyen ថ្លែង​ដូច្នេះ​។

    លោក​ស្រី Leyen ក៏​បាន​ឱ្យ​ដឹង​ថា អ៊ុយក្រែន បាន​ស្នើ​ម្ចាស់​ជំនួយ​អន្តរជាតិ​ ផ្ដល់​ប្រភពម៉ាក្រូ​​សេដ្ឋកិច្ច​​ «ស្ថិរភាព គួរ​ជា​ទី​ទុក​ចិត្ត និង​អាច​ព្យាករ​ដឹង​បាន​»។

    សំណើ​របស់ ទីក្រុង​កៀវ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ស្ថានការណ៍​ដែល​សេដ្ឋកិច្ច​របស់ អ៊ុយក្រែន ត្រូវ​បំផ្លាញ​​ក្រោយ​រយៈ​ពេល​ ៨ ខែ​ដែល​​សង្គ្រាម​បាន​ផ្ទុះ​ឡើង​។ អ៊ុយក្រែន គណនា​ឃើញ​ថា ពួក​គេ​ត្រូវ​ការ​យ៉ាង​តិច​ ៣.៩ ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ខែ​ពី​ប្រភព​ឥណទាន​ ឬ​ជំនួយ​ដើម្បី​ធានា​ដំណើរ​ការ​ជា​មូលដ្ឋាន​របស់​រដ្ឋាភិបាល​។

    លោក​ស្រី Leyen បញ្ជាក់​ថា ទឹក​ប្រាក់​ទាំង​នេះ​នឹង​ត្រូវ​បានផ្ដល់​ដោយ​ សហភាព​អឺរ៉ុប អាម៉េរិក និង​បណ្ដា​អង្គការ​សេដ្ឋកិច្ច​អន្តរ​ជាតិ​ ហើយ​នឹង​​ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ អ៊ុយក្រែន ជា​ទម្រង់​សាច់​ប្រាក់​។

    ក្នុង​ប្រកាស​រួម​ក្រោយ​កិច្ច​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃទី ២១ តុលា ក្រុមមេដឹក​នាំ​របស់ EU បាន​ឱ្យ​ដឹង​ថា​នឹង​ប្រញាប់​ផ្ដល់​ ៣ ពាន់​លាន​អឺរ៉ូ (២.៩៣ ពាន់​លាន​ដុល្លារ​អាម៉េរិក) ដែល​ត្រូវ​បាន​សម្រេច​បែង​ចែក​ឱ្យ​ អ៊ុយក្រែន​ នា​ពេល​កន្លង​។

  • អគ្គិភ័យកំពុងឆាបឆេះ​ផ្ទះ​ច្រើន​ខ្នងនៅ​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ

    អគ្គិភ័យកំពុងឆាបឆេះ​ផ្ទះ​ច្រើន​ខ្នងនៅ​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ

    ករណីអគ្គិភ័យកំពុងឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅផ្លូវលេខ ៦៣​ កែងផ្លូវ ២៨២​ សង្កាត់បឹងកេងកងទី ១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ នាវេលា​ម៉ោង​ ៣ និង ៥០ នាទីរសៀល ថ្ងៃទី ២១​ ខែតុលា​ ឆ្នាំ ២០២២ នេះ​បើ​តាម​ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ។

    កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍​បន្ទាន់​។

    យោង​តាម​ ការ​ចែក​រំលែក​តាម​បណ្ដាញ​សង្គម និង​ទំព័រ​បណ្ដាញ​សង្គម​របស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ករណី​ឆេះ​អគារ​ និង​ផ្ទះ​ប្រមាណ​ពី ២ ទៅ ៣ ខ្នង​នេះ​ បណ្ដាល​មក​ពី​ការ​ឆេះ​រថយន្ត​មួយ​គ្រឿង​ដែល​នៅ​ក្បែរ​នោះ​។

  • គម្រោង​វិនិយោគ​ថ្មី​ចំនួន​ ៣ តម្លៃ​ជាង​ ១៤ លាន​ដុល្លារ​ ទទួលបាន​ការ​អនុម័ត​​ពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

    គម្រោង​វិនិយោគ​ថ្មី​ចំនួន​ ៣ តម្លៃ​ជាង​ ១៤ លាន​ដុល្លារ​ ទទួលបាន​ការ​អនុម័ត​​ពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

    គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោង​វិនិយោគថ្មី​ចំនួន​ ៣ ទៀត​ ជូនដល់ក្រុមហ៊ុន CHENG ZHEN YONG INDUSTRY, ក្រុម​ហ៊ុន XIN JIN HUA GARMENT និង​ក្រុម​ហ៊ុន SUCCESS METAL TECHNOLOGY។

    ការ​វិនិយោគ​លើ​គម្រោង​ថ្មី​របស់​បណ្ដា​ក្រុម​ហ៊ុន​ទាំង​នេះ រួមមាន​ដូច​ខាង​ក្រោម​ ៖

    ១-ក្រុមហ៊ុន CHENG ZHEN YONG INDUSTRY CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥.២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧២៣ កន្លែង។

    ២-ក្រុម​ហ៊ុន​ XIN JIN HUA GARMENT CO., LTD ៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,០៤១ កន្លែង។

    ៣-ក្រុម​ហ៊ុន SUCCESS METAL TECHNOLOGY CO., LTD. ៖ គម្រោងរោងចក្រស្ល និងកែច្នៃលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ស៊ីណូ មេធលលីក មេធៀរៀល, ខេត្តព្រះសីហនុ, ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ៣.៩ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០ កន្លែង។

    ទំហំ​សរុប​នៃ​ទឹក​ប្រាក់​វិនិយោគ​របស់​ក្រុម​ហ៊ុន​ទាំង​ ៣ ខាង​លើ​ ស្មើ​នឹង​ ១៤.១ លាន​ដុល្លារ​អាម៉េរិក ហើយ​គ្រោង​នឹង​​បង្កើត​ការ​ងារ​ថ្មី​នៅ កម្ពុជា បាន​ជាង ២,៥០០ កន្លែង​៕

  • ទ្រព្យ​សម្បត្តិ​សរុប​របស់​អ្នក​មាន​ជាង​គេ​ ១០០ នាក់​នៅ​ ឥណ្ឌា ឡើង​ដល់ ៨០០ ពាន់​លាន​ដុល្លារ​អាម៉េរិក

    ទ្រព្យ​សម្បត្តិ​សរុប​របស់​អ្នក​មាន​ជាង​គេ​ ១០០ នាក់​នៅ​ ឥណ្ឌា ឡើង​ដល់ ៨០០ ពាន់​លាន​ដុល្លារ​អាម៉េរិក

    យោង​តាម​បញ្ជី​កត់ត្រា​របស់ទស្សនាវដ្ដី Forbes ទ្រព្យ​សម្បត្តិ​សរុប​របស់​អ្នក​មាន​ជាង​គេ​ ១០០ នាក់​នៅ​ ប្រទេស​​ឥណ្ឌា បាន​កើន​ឡើង​ដល់ ៨០០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    នៅក្នុង​ប្រកាស​ថ្មី​បំផុត​របស់ Forbes Asia កាល​ពី​សប្ដាហ៍​មុន​ រូបិយប័ណ្ណ​រូពី​ឥណ្ឌា​ ដែល​ធ្លាក់​ថ្លៃ​នៅក្នុង​ប៉ុន្មាន​ខែកន្លង បាន​បង្ក​ផល​ប៉ះពាល់​ដល់​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​អ្នក​មាន​ជាង​គេ​នៅ ប្រទេស​ឥណ្ឌា។ ក៏ប៉ុន្តែ ការ​ធ្លាក់​ចុះ​របស់​ទ្រព្យ​សម្បត្តិ​នៃ​ក្រុម​អ្នក​មានមួយ​ចំនួន​​នេះ​ត្រូវ​បាន​ប៉ះប៉ូវ​ដោយ​ការ​កើន​ឡើង​នៃ​ទ្រព្យ​សរុប​របស់​មហា​សេដ្ឋី Gautam Adani នា​ពេល​កន្លង​ ដែល​បាន​នាំ​ឱ្យ​លោក​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី ១ នៅ​ ឥណ្ឌា​។

    Forbes Asia បាន​ឱ្យ​ដឹង​ថា ការ​កើន​ឡើង​នៃ​​ទ្រព្យ​សម្បត្តិ​សរុប​របស់​អ្នក​មាន​ជាង​គេ​ទាំង​ ១០០ នាក់​នៅ ឥណ្ឌា ភាគ​ច្រើន​អាស្រ័យ​លើ​កំណើន​ដ៏​ឆាប់​រហ័ស​នៃ​ទ្រព្យ​របស់​ មហា​សេដ្ឋី Gautam Adani។ ប្រការ​នេះ​បាន​កែប្រែ​លំដាប់​ចំណាត់​ថ្នាក់​អ្នក​មានជាង​គេ​នៅ ឥណ្ឌា ជា​លើក​ដំបូង​រាប់ចាប់​ពីឆ្នាំ ២០០៨​។

    បន្ទាប់ពី​ទ្រព្យ​បាន​កើន​ឡើងច្រើនជាង​មុន​ ៣ ដង​ក្នុង​ឆ្នាំ​ ២០២១ មហា​សេដ្ឋី Adani ក៏​បន្ត​ធ្វើ​ឱ្យ​ទ្រព្យ​នេះ​កើន​​ថែម​ ២ ដង​ទៀត​ចាប់​ពី​ដើម​ឆ្នាំ​រហូត​ដល់​បច្ចុប្បន្ន ដោយ​​​ឡើង​ដល់ ១៥០ ពាន់​លាន​ដុល្លារ​អាម៉េរិក​ នាំ​ឱ្យ​លោក​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី ២ ក្នុង​ពិភពលោក​។

    មហាសេដ្ឋី​លំដាប់​ទី ២ នៅ ឥណ្ឌា លោក Mukesh Ambani បច្ចុប្បន្ន​មាន​ទ្រព្យ​ ៨៨ ពាន់​លាន​ដុល្លារ​ ថយ​ចុះ​ ៥% ធៀប​នឹង​ឆ្នាំ​ ២០២១​។ អ្នកជំនួញ​ ២ រូប​ខាងលើ​​នេះ បច្ចុប្បន្ន​កាន់កាប់​ ៣០% នៅក្នុងទំហំ​​ទ្រព្យ​សរុប​របស់​អ្នក​មាន​ជាង​គេ​ទាំង ១០០ នាក់​នៅ ប្រទេស​ឥណ្ឌា​។

    ក្នុង​ប្រកាស​របស់​ខ្លួន Forbes Asia យល់​ថា ការ​ងើប​ឡើង​នៃ​តម្រូវ​ការ​ទីផ្សារ​ក្រោយ​វិបត្តិ​កូវីដ-១៩ របស់ ឥណ្ឌា បាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ និង​បង្កើន​តម្លៃ​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​មហា​សេដ្ឋី​ ទន្ទឹម​នឹង​ការ​ជួយ​ឱ្យ​ ឥណ្ឌា ក្លាយ​ជា​ខឿន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី ៥ ក្នុង​ពិភពលោក ដោយ​បាន​យក​ឈ្នះ​លើ​ ចក្រភព​អង់គ្លេស​៕

  • អាម៉េរិក ចំណាយ​រាប់​​ពាន់​លាន​ដុល្លារ​សម្រាប់​​វិស័យ​ផលិត​ថ្ម​រថយន្ត​អគ្គិសនី

    អាម៉េរិក ចំណាយ​រាប់​​ពាន់​លាន​ដុល្លារ​សម្រាប់​​វិស័យ​ផលិត​ថ្ម​រថយន្ត​អគ្គិសនី

    ដើម្បីធានា​ដល់​សមត្ថភាព​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ឧស្សាហកម្ម​ រដ្ឋាភិបាល​អាម៉េរិក ថ្មី​ៗ​នេះ​បាន​បញ្ចេញ​សកម្មភាព​គួរ​ឱ្យ​ចាប់​អារម្មណ៍​ នៅ​ពេល​ប្រកាស​កញ្ចប់​ជំនួយ​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​សម្រាប់​បណ្ដា​គម្រោង​ផលិត​ថ្ម​​រថយន្ត​អគ្គិសនី​ក្នុង​ស្រុក​។

    ប្រធានាធិបតី ចូ​ បៃដិន កាល​ពី​ថ្ងៃទី ១៩ តុលា បាន​ថ្លែង​ថា នឹង​ផ្ដល់​កញ្ចប់​ថវិកា​ជំនួយ​តម្លៃ​ ២.៨ ពាន់​លាន​ដុល្លារ​ដើម្បី​ជំរុញ​សកម្មភាព​ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​នៅក្នុង​ ១២ រដ្ឋ​របស់​ប្រទេស​នេះ​។ ក្រុម​ហ៊ុន​ចំនួន ២០ ដែល​ត្រូវ​បាន​ជ្រើស​រើស​នឹង​ទទួល​បានជំនួយ​សម្រាប់​បណ្ដា​គម្រោង​ចម្រាញ់​ កែច្នៃ lithium, graphite និង​វត្ថុធាតុ​សំខាន់​ៗ​សម្រាប់​ការ​ផលិត​ថ្ម​រថយន្ត​អគ្គិសនី​។

    បណ្ដា​គម្រោង​ផលិត​គ្រឿង​បន្លាស់​ និង​បណ្ដាញ​ផ្គត់ផ្គង់​រ៉ែ​សំខាន់​ៗ​សម្រាប់​គម្រោង​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​ ក៏​នឹង​ទទួល​បាន​ជំនួយ​ខាងលើ​។ យោងតាម​ ក្រសួង​ថាមពល​អាម៉េរិក គម្រោង​នានា​នឹង​ជួយផ្គត់ផ្គង់​បរិមាណ​វត្ថុធាតុ​ដើម​នៅ​ក្នុង​ការ​​ផលិត​ថ្ម​​សម្រាប់​រថយន្ត​អគ្គិសនី​រាប់​សែន រហូត​ដល់​រាប់​លាន​គ្រឿង​ជា​រៀង​រាល់​ឆ្នាំ​។

    ប្រធានាធិបតី​អាម៉េរិក សង្កត់​ធ្ងន់​ថា «ប្រការ​នេះ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ព្រោះ​ថា អនាគត​របស់​វិស័យ​ឧស្សាហកម្ម​រថយន្ត​​គឺ​រថយន្ត​អគ្គិសនី និង​ថ្ម​ផ្ទុក​ថាមពល​ ដែល​ជា​ផ្នែក​ដ៏​សំខាន់​នៅ​ក្នុង​រថយន្ត​អគ្គិសនី​នោះ​»។

    ថ្មផ្ទុក​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី

    លោក Ryan Melsert នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន American Battery Technology និយាយ​ថា «សហរដ្ឋ​អាម៉េរិក ហាក់​មិន​មាន​វត្តមាន​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ផ្នែក​ lithium ដោយ​សារ​តែ​មាន​ចំណែក​តែ ១% នៅ​ក្នុង​បរិមាណ​សរុប​ទូទាំង​ពិភពលោក។ ក្រុម​អ្នក​ផលិត​រថយន្ត​ពិត​ជា​ត្រូវ​ការ​ចាំបាច​នូវ​វត្ថុ​ធាតុដើម​នេះ​»។

    គេហទំព័រ​ផ្នែក​រថយន្ត Autoblog បាន​ផ្សាយ​ថា ទីផ្សារ​ថ្ម​រថយន្ត​អគ្គិសនី​អាច​មាន​ទំហំ​ ៣៤០ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០៣០​។ បណ្ដា​ក្រុម​ហ៊ុន​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​កំពុង​តែ​ប្រកួត​ប្រជែង​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​ផលិត​ប្រភេទ​ថ្ម​អគ្គិសនី​ដែល​មាន​កម្លាំង​ខ្លាំង​ តម្លៃ​សម​ស្រប និង​អាច​កែច្នៃ​ឡើង​វិញ​បាន​ល្អ​។

    យោងតាម Reuters កាល​ពី​ខែ​ឧសភា ២០២២ រដ្ឋាភិបាល​របស់​លោក បៃដិន បាន​បែង​ចែក​ថវិកា​ជំនួយ​ជាង ៣ ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ផលិត​ថ្ម​រថយន្ត​អគ្គិសនី​។ សហរដ្ឋ​អាម៉េរិក បាន​អនុម័ត​កញ្ចប់​ថវិកា​ធំៗ​មួយ​ចំនួន​ដូច​ជា ច្បាប់​វិនិយោគ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​មាន​តម្លៃ​ខ្ទង់​ទ្រីលាន​ដុល្លារ​ ឬ​ច្បាប់​ស្ដី​ពី​ការ​កាត់​បន្ថយ​អតិផរណា​ជា​ដើម​។ គោល​ដៅ​នៃ​ការ​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារទៅ​លើ​វិស័យ​ផលិត​ថ្ម​រថយន្ត​អគ្គិសនី​របស់​ សហរដ្ឋ​អាម៉េរិក នោះ​គឺ​ នៅ​ឆ្នាំ​​ ២០៣០ សហរដ្ឋ​អាម៉េរិក នឹង​មាន​រថយន្ត​អគ្គិសនី​ចំនួន​ពាក់​កណ្ដាល​នៅ​ក្នុង​ចំណោម​រថយន្ត​សរុប​នៅ​ប្រទេស​នេះ​៕

  • រក្សាទុក​មេជីវិត​របស់​កូនប្រុស​​ទោលដែល​បាន​ស្លាប់ ដើម្បី​មាន​ចៅ​បន្ត​ពូជ​នឹង​គេ

    រក្សាទុក​មេជីវិត​របស់​កូនប្រុស​​ទោលដែល​បាន​ស្លាប់ ដើម្បី​មាន​ចៅ​បន្ត​ពូជ​នឹង​គេ

    (អ៊ីស្រាអែល)-លោក Baruch រក្សាទុក​មេជីវិត​របស់​កូន​ប្រុស​ទោល​ Amit Ben Ygal ដែលជា​ទាហាន​ម្នាក់​បាន​ស្លាប់​នៅ​ក្នុងតំបន់ West Bank កាល​ពី​ ២ ឆ្នាំ​មុន ដោយ​សង្ឃឹម​ថា នឹង​មាន​ចៅ​នឹង​គេ​។

    «Amit គឺជា​អ្វី​ៗ​គ្រប់​យ៉ាង​របស់​ខ្ញុំ» លោក Baruch អាយុ ៥៣ ឆ្នាំ និយាយ​អំពី​កូន​ប្រុស​តែ​មួយ​គត់​របស់​លោក​។ «ខ្ញុំ​ចង់​មាន​ភាព​សប្បាយ​រីក​រាយ​ក្នុង​ឆាក​ជីវិត​ឡើង​វិញ។ កងទ័ព​អ៊ីស្រាអែល គួរ​តែ​ជួយ​ខ្ញុំ​ឱ្យ​បាន​ក្លាយ​ជា​ជី​តា​នឹង​គេ»។

    Amit អាយុ ២១ ឆ្នាំ បាន​បាត់បង់ជីវិត​បន្ទាប់​ពី​ត្រូវ​ ជនជាតិ​ប៉ាលេស្ទីន​ គប់​ដុំ​ថ្ម​ចំក្បាល​ក្នុង​ពេល​ចូល​រួម​យុទ្ធ​នាការ​​របស់​ កងទ័ព​អ៊ីស្រាអែល នៅ West Bank កាល​ពី​ខែ​ឧសភា ២០២០​។ លោក Baruch បាន​យក​មេជីវិត​របស់​កូន​ប្រុស​គាត់​​ក្នុង​រង្វង់ ៧២ ម៉ោង ក្រោយ​ពី​ Amit បាន​ស្លាប់​ ជា​ពេល​វេលា​គ្រប់​គ្រាន់​ល្មម​សម្រាប់​បង្កក​ និង​អាច​បង្ក​កំណើត​ក្នុង​បំពង់​ពិសោធន៍​។

    លោក Baruch ដែល​ជា​ឪពុក​របស់​ Amit Ben Ygal

    លោក Baruch ចង់​ប្រើប្រាស់​មេជីវិត​របស់​កូន​ដើម្បី​មាន​ចៅ​នឹង​គេ តាម​រយៈ​ការ​ពពោះ​ស្ម័គ្រ​ចិត្ត​របស់​ស្ត្រី​ម្នាក់​ ប៉ុន្តែ​មិន​អាច​ធ្វើ​បាន ដោយ​សារ​ថា ច្បាប់​របស់ អ៊ីស្រាអែល​ មិន​ទាន់​អនុញ្ញាត​ឱ្យ​ធ្វើ​បែប​នេះ​។ ច្បាប់​របស់ អ៊ីស្រាអែល បច្ចុប្បន្ន​កំណត់​ថា មាន​តែ​ភរិយា​របស់​ទាហាន​ដែល​បាន​ស្លាប់​នៅ​ពេល​កំពុង​បំពេញ​បេសក​កម្ម​តែ​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​ប្រើប្រាស់​មេជីវិត​​​ដើម្បី​បង្ក​កំណើត​ក្នុង​បំពង់​ពិសោធន៍​ (IVF)។

    ក៏ប៉ុន្តែ ក្រុម​មន្ត្រី​របស់ អ៊ីស្រាអែល កំពុងតែ​ដាក់​សេចក្ដី​ព្រាង​ច្បាប់​មួយ​ដែល​ពង្រីក​សិទ្ធិ​នេះ​សម្រាប់​ឪពុក​ម្ដាយ​របស់​ទាហាន​។ សកម្មជន​ម្នាក់​និយាយ​ថា អ៊ីស្រាអែល គួរ​តែ​ «អនុវត្ត​កាតព្វកិច្ច​មនុស្ស​ធម៌» ចំពោះ​គ្រួសារ​ដែល​មាន​កូន​ស្លាប់​នៅ​ក្នុង​ជួរ​កងទ័ព​។

    Amit Ben Ygal បាន​ស្លាប់​កាល​ពី​ឆ្នាំ​ ២០២០

    លោក Baruch និង​ភរិយា​បាន​លែង​លះ​គ្នា​តាំង​ពី​យូរ​ ហើយ​ Amit គឺជា​កូន​ប្រុសតែ​មួយ​គត់​របស់​គាត់​។ ឪ​ពុក​ និង​កូន​​​បាន​រស់​នៅ​ជុំ​គ្នា​នៅ​ Ramat Gan ជាយ​ក្រុង Tel Aviv។ លោក Baruch នៅ​តែ​មិន​អាច​ជឿ​បាន​សោះ​ថា កូន​ប្រុស​របស់​គាត់​បាន​បាត់បង់ជីវិត​។ គាត់​និយាយ​ថា «បើ​សិន​ជា​មាន​ចៅ​​មុនពេល​ស្លាប់ ខ្ញុំ​អាច​ស្លាប់​ដោយ​សប្បាយ​ចិត្ត​ហើយ»។

    លោក Baruch និងកូនប្រុសទោស Amit Ben Ygal កាលពីនៅរស់

    តំណាង​រាស្ត្រ​ Zvi Hauser បាន​បង្កើត​សេចក្ដី​ព្រាង​ច្បាប់​ «បន្តវេន» ដើម្បី​ជួយ​ឱ្យ​បំណង​របស់​លោក Baruch បាន​ក្លាយ​ជា​រឿង​ស្រប​ច្បាប់​។ លោក Hauser យល់​ថា ប្រទេស​អ៊ីស្រាអែល ជំពាក់​បំណុល​គ្រួសារ​ទាហាន​។

    តំណាង​រាស្ត្រ​ Zvi Hauser

    សេចក្ដី​ព្រាង​ច្បាប់​ «បន្តវេន» របស់លោក Hauser ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដំបូង​កាល​ពី​ខែ​មុន​ ប៉ុន្តែ នឹង​​ត្រូវ​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ពីរ​ជុំ​ទៀត បន្ទាប់​ពី​សភា​ថ្មី​របស់ អ៊ីស្រាអែល ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​ក្រោយ​៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ២១ ខែ​​តុលា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ២១ ខែ​​តុលា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ២០ ខែ​តុលា​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ០៩ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតត្រឹមព្រឹក ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ កម្ពុជា មាន​ អ្នក​ឆ្លងកូវីដ-១៩ សរុប ៖ ១៣៧,៩៧៩ នាក់, អ្នកជាសះស្បើយសរុប​ ៖ ១៣៤,៨៧០ នាក់ និង​​អ្នកស្លាប់​សរុប​ ៖ ៣,០៥៦ នាក់៕

  • តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២

    តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២

    ក្រសួងពាណិជ្ជកម្ម​កម្ពុជា នា​ព្រឹក​ថ្ងៃទី ២១ តុលា ២០២២ នេះ បាន​ចេញ​​សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃ​លក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២។

    ក្នុង​សេចក្ដី​ជូន​ដំណឹង​នេះ តម្លៃ​សាំងធម្មតា​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លក់ ៤ ២៥០ រៀល/លីត្រ និងម៉ាស៊ូតត្រូវ​លក់​ ៥ ២០០ រៀល​ ក្នុង​ ១ លីត្រ។

    ដូច្នេះ ប្រេងសាំង​ដែល​លក់​ចាប់ពីថ្ងៃទី ២១-៣១ ខែតុលា ឆ្នាំ ២០២២ នឹង​ស្ថិត​នៅ​ក្នុង​តម្លៃ​ដដែល ខណៈ​ដែល​ប្រេង​ម៉ាស៊ូត ឡើង​ថ្លៃ​ ៥០ រៀល ធៀប​នឹង​ការ​កំណត់​កន្លង​មក​របស់​ ក្រសួង​ពាណិជ្ជកម្ម​។

  • រថយន្ត​ដឹក​ប្រេង​សាំង​​បុក​ស្ពាន​អាកាស បណ្ដាល​ឱ្យ​ផ្ទុះ​ឆេះ​ផ្ទះ​ប្រជាជន​នៅ ម៉ិកស៊ិក (វីដេអូ)

    រថយន្ត​ដឹក​ប្រេង​សាំង​​បុក​ស្ពាន​អាកាស បណ្ដាល​ឱ្យ​ផ្ទុះ​ឆេះ​ផ្ទះ​ប្រជាជន​នៅ ម៉ិកស៊ិក (វីដេអូ)

    អគ្គិភ័យ​ធំ​មួយ​បាន​កើត​ឡើង​បង្ក​ឱ្យ​មាន​សំឡេង​ផ្ទុះជា​ច្រើន​​គួរ​ឱ្យ​ភ័យ​ខ្លាច​ នៅ​ពេល​រថយន្ត​ដឹក​ប្រេង​សាំង​មួយ​គ្រឿង​បាន​បុក​ទៅ​នឹង​ស្ពាន​ឆ្លង​ផ្លូវ​នៅ​ទីក្រុង Aguascalientes ប្រទេស​ម៉ិកស៊ិក នាំ​ឱ្យ​អាជ្ញាធរ​ឈ្លៀស​​ប្រជា​ជន​ក្នុង​តំបន់​។

    ក្រុម​មន្ត្រី​នៅ ទីក្រុង Aguascalientes ភាគ​កណ្ដាល​នៃ ប្រទេស​ម៉ិកស៊ិក បាន​ឱ្យ​ដឹង​ថា ករណី​គ្រោះ​ថ្នាក់​ខាងលើ​នេះ​កើត​ឡើង​ក្នុង​ថ្ងៃទី ២១ តុលា នៅ​ពេល​រថយន្ត​ដឹក​ប្រេងសាំង​មួយគ្រឿងបាន​បុក​ស្ពាន​អាកាស​ឆ្លង​ផ្លូវ​ដែក​ បណ្ដាល​ឱ្យ​មាន​អណ្ដាត​ភ្លើង​សន្ធោសន្ធៅ ឆេះ​រាល​ដាល​ដល់ផ្ទះ​ជា​ច្រើន​ខ្នង​ដែល​​​នៅ​ក្បែរ​នោះ​។

    ប្រធាន​អាជ្ញាធរ​គ្រប់​គ្រង​អគ្គិភ័យ​របស់ទីក្រុង Aguascalientes លោក Miguel Murillo បាន​និយាយ​ថា មនុស្ស​ប្រហែល​ពី ៨០០ ទៅ ១,០០០ នាក់ ត្រូវ​បាន​ឈ្លៀស​ទៅ​រក​កន្លែង​សុវត្ថិភាព​។ ជនរង​គ្រោះ ១២ នាក់​ត្រូវ​បាន​សង្គ្រោះ​ពី​ផ្ទះ​ដែល​កំពុង​ឆាប​ឆេះ ប៉ុន្តែ ពុំ​មាន​អ្នក​ណា​ម្នាក់​បាត់បង់ជីវិត​។

    សមត្ថកិច្ច​នៅ Aguascalientes បាន​ឱ្យ​ដឹង​ថា អ្នក​បើកបរ​រថយន្ត​ដែល​បាន​បង្ក​​​គ្រោះ​ថ្នាក់​ខាងលើ​ត្រូវ​បាន​ប៉ូលិស​​ចាប់​ខ្លួន​ ក្រោយ​ពី​​ហេតុការណ៍​នេះ​បាន​កើត​ឡើង។

    https://www.youtube.com/watch?v=RsbdEPJJ7NE

  • ឥណ្ឌូណេស៊ី រកឃើញ​ថ្នាំ​​មាន​សារធាតុ​បង្ក​​របួស​តម្រង​នោមស្រួច​ស្រាវ​​​ ដែល​បណ្ដាល​ឱ្យ​កុមារ​រាប់​សិប​នាក់​បាត់បង់ជីវិត​

    ឥណ្ឌូណេស៊ី រកឃើញ​ថ្នាំ​​មាន​សារធាតុ​បង្ក​​របួស​តម្រង​នោមស្រួច​ស្រាវ​​​ ដែល​បណ្ដាល​ឱ្យ​កុមារ​រាប់​សិប​នាក់​បាត់បង់ជីវិត​

    ឥណ្ឌូណេស៊ី បាន​ផ្អាក​បណ្ដោះ​អាសន្ន​ការ​លក់​រាល់​ឱសថ​ប្រភេទ​ស៊ីរ៉ូ និង​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ថ្នាំ​ស៊ីរ៉ូ​ paracetamol ដែល​ប្រើ​ប្រាស់​ក្នុង​ប្រទេស​។

    កាល​ពី​ថ្ងៃទី ២០ តុលា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ឥណ្ឌូណេស៊ី លោក Budi Guandi Sadikin ឱ្យ​ដឹង​ថា ថ្នាំប្រភេទ​​ស៊ីរ៉ូ​​មួយ​ចំនួន​នៅ ឥណ្ឌូណេស៊ី មាន​ផ្ទុក​សមាសធាតុ​ដែល​ទាក់​ទង​នឹង​ជំងឺ​តម្រង​នោម​ស្រួច​ស្រាវ​ ធ្វើ​ឱ្យ​កុមារ​ជា​ច្រើន​សិប​នាក់​បាត់បង់ជីវិត​។ ការ​សន្និដ្ឋាន​នេះ​ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី ​ក្រុម​មន្ត្រី​ឥណ្ឌូណេស៊ី បើក​ការ​ស្រាវជ្រាវ​អំពី​ការ​កើន​ឡើង​ខ្ពស់​នៃ​ករណី​ជំងឺ​ដែល​ទាក់​ទិន​នឹង​របួស​តម្រង​នោម​ភ្លាមៗ​បណ្ដាល​ឱ្យ​កុមារ​ ៩៩ នាក់​ស្លាប់​នៅ​ក្នុង​ឆ្នាំ​នេះ​។

    ឥណ្ឌូណេស៊ី បាន​ផ្អាក​បណ្ដោះ​អាសន្ន​ការ​លក់​រាល់​ឱសថ​ប្រភេទ​ស៊ីរ៉ូ និង​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ថ្នាំ​ស៊ីរ៉ូ​ paracetamol ដែល​ប្រើ​ប្រាស់​ក្នុង​ប្រទេស​​សម្រាប់​​ព្យាបាល​អាការ​ក្ដៅ​ខ្លួន​នៅ​លើ​កុមារ​ ដែល​មាន​ផ្ទុក​សារធាតុ diethylene glycol និង ethylene glycol។

    ចំណែក​ រដ្ឋាភិបាល​នៃ​ ប្រទេស​ហ្កំប៊ី វិញ ក៏​កំពុង​តែ​ស្រាវជ្រាវ​លើ​ករណី​ស្លាប់​ដោយ​សារ​របួស​តម្រង​នោម​ស្រួច​ស្រាវ​នៅ​លើ​កុមារ​ ដែលបាន​ប្រើប្រាស់​ថ្នាំ​ស៊ីរ៉ូ​ paracetamol ក្រៅ​ពី​​​មាន​ករណី​ស្លាប់​ ៧០ នាក់​នៅ​ប្រទេស​នេះ​។ ថ្នាំ​ស៊ីរ៉ូ​នេះ​ត្រូវ​បាន​ផលិត​ដោយ​ក្រុម​ហ៊ុន Maiden Pharmaceuticals Ltd ដែល​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​ ញូវដែលី ប្រទេស​ឥណ្ឌា​។

    ការិយាល័យ​ក្រុម​ហ៊ុន Maiden Pharmaceuticals Ltd នៅ ញូវដែលី ប្រទេស​ឥណ្ដា កាល​ពី​ថ្ងៃទី ០៦ តុលា ២០២២

    អាជ្ញាធរ​ឥណ្ឌា បាន​ឱ្យ​ដឹង​ថា ក្រសួង​សុខាភិបាល​ប្រទេស​នេះ​កំពុង​ស្រាវជ្រាវ​លើ​ផលិត​ផល​ឱសថ​របស់​ក្រុមហ៊ុន Maiden Pharmaceuticals ដើម្បី​ស្វែង​រក​ការ​ពិត​។

    យោងតាម​ រដ្ឋមន្ត្រី​ Sadikin សារធាតុ ethylene glycol និង diethylene glycol ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ផលិត​ផល​ដែល​រកឃើញ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ជំងឺ​មួយ​ចំនួន​។ លោក Sadikin ថ្លែង​ថា «ប្រភេទ​ស៊ីរ៉ូ​មួយ​ចំនួន​ដែល​អ្នក​ជំងឺ​អាយុក្រោម​ ៥ ឆ្នាំ ដែល​​មាន​របួស​តម្រង​នោម​ស្រួច​ស្រាវ​ប្រើប្រាស់​ ត្រូវ​បាន​បញ្ជាក់​ថា មាន​ផ្ទុក​ ethylene glycol និង diethylene glycol។

    គិត​ត្រឹម​ថ្ងៃទី ២០ តុលា ឥណ្ឌូណេស៊ី បាន​រកឃើញ​ករណី​របួស​តម្រង​នោម​​ភ្លាមៗ​ចំនួន ២០៦ នាក់​ ក្នុង​នោះ​មាន ៩៩ នាក់​បាន​ស្លាប់​ នៅ​ក្នុង​ឆ្នាំ​នេះ​។ លោក​ Sadikin បញ្ជាក់​ថា តួលេខ​ពិត​ប្រាកដ​អាច​ខ្ពស់​ជាង​ ធៀប​នឹង​របាយការណ៍​នេះ៕