Author: សឿន សំណាង

  • នាយករដ្ឋមន្ត្រី​ដើម​កំណើត​ឥណ្ឌា​ដំបូង​គេ​ និង​ជា​នាយក​រដ្ឋមន្ត្រី​ដែល​មាន​វ័យ​នៅ​ក្មែង​ជាង​គេ​បង្អស់​ក្នុង​រង្វង់​ 200 ​ឆ្នាំ​មក​នេះ ​របស់​ ចក្រ​ភព​អង់គ្លេស

    នាយករដ្ឋមន្ត្រី​ដើម​កំណើត​ឥណ្ឌា​ដំបូង​គេ​ និង​ជា​នាយក​រដ្ឋមន្ត្រី​ដែល​មាន​វ័យ​នៅ​ក្មែង​ជាង​គេ​បង្អស់​ក្នុង​រង្វង់​ 200 ​ឆ្នាំ​មក​នេះ ​របស់​ ចក្រ​ភព​អង់គ្លេស

    ក្នុង​វ័យ 42 ឆ្នាំ អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ Rishi Sunak ក្លាយជា​នាយករដ្ឋមន្ត្រី​របស់ អង់គ្លេស ដែលមាន​វ័យ​នៅ​ក្មែ​ង​ជាងគេ​បង្អស់​ក្នុង​រង្វង់ 200 ឆ្នាំ​មកនេះ។

    រសៀល​ថ្ងៃទី 24 តុលា (ពេលវេលា​ក្នុងស្រុក) ក្រោយពី រដ្ឋមន្ត្រី​ទទួលបន្ទុក​សភា​ជាន់​ទាប Penny Mordaunt ដកខ្លួន​ពី​ការ​ប្រជែង​ដណ្ដើម​កៅអី​ប្រធាន​បក្ស​អភិរក្ស អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ Rishi Sunak ក៏​ក្លាយជា នាយករដ្ឋមន្ត្រី​អង់គ្លេស (មិនទាន់​ផ្លូវការ) បន្ទាប់ ដោយមាន​ការគាំទ្រ​រប​ស់​តំណាងរាស្ត្រ 150 រូប​នៃ គណបក្ស​អភិរក្ស​នៅក្នុង​សភា។

    លោក Rishi Sunak នឹង​ក្លាយជា នាយករដ្ឋមន្ត្រី​អង់គ្លេស ដំបូង​គេ​ដែល​កាន់សាសនា​ហិណ្ឌូ ហើយក៏​ជា​នាយករដ្ឋមន្ត្រី​ស្បែក​ខ្មៅ​ដំបូង​គេ​របស់ ប្រទេស​អង់គ្លេស។ ក្នុង​វ័យ 42 ឆ្នាំ លោក Sunak គឺជា​បុគ្គល​វ័យក្មេង​បំផុត​ដែល​កាន់តំណែង​នាយករដ្ឋមន្ត្រី​អង់គ្លេស ក្នុង​រង្វង់ 200 ឆ្នាំ​មកនេះ។

    អាជីព​នយោបាយរបស់​លោក Rishi Sanak

    អតីតរដ្ឋមន្ត្រី​ក្រសួង​ហិញ្ញ​វត្ថុ Rishi Sanak ត្រូវបាន​គេ​ចាត់ទុកថា​ជា​តំណាងរាស្ត្រ​មួយរូប​ក្នុងចំណោម​តំណាងរាស្ត្រ​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​នៅ អង់គ្លេស ប៉ុន្តែ លោក​មិន​ធ្លាប់បាន​បង្ហើប​ឱ្យដឹង​អំពី​សម្បត្តិ​ផ្ទាល់ខ្លួន​ម្ដងណា​ឡើយ។

    លោក Rishi Sanak

    លោក Rishi Sanak ក្លាយជា​តំណាងរាស្ត្រ​បក្ស​អភិរក្ស កាលពី​ឆ្នាំ 2015។ ក្រោយ​ការធ្វើប្រជាមតិ​ស្ដីពី​ការចាកចេញ​ពី សហភាព​អឺរ៉ុប របស់ អង់គ្លេស លោក Rishi Sanak ក៏ត្រូវ​បានតែងតាំង​ជា​រដ្ឋមន្ត្រី​ជាន់​ទាប (រដ្ឋមន្ត្រី​មិន​ស្ថិតក្នុង​គណៈរដ្ឋមន្ត្រី) នៅក្នុង​រដ្ឋាភិបាល​រប​ស់​អតីត​នាយករដ្ឋមន្ត្រី Theresa May ហើយ​ក្រោយមក​ក៏បាន​ក្លាយជា រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ក្នុង​អាណត្តិ​របស់លោក Boris Johnson។

    ខែកក្កដា 2022 លោក Rishi Sanak បាន​លាលែង​ពី​តំណែង​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ជា​សកម្មភាព​ដែល​ត្រូវបាន​គេ​យល់ថា រួមចំណែក​ធ្វើឱ្យ​ធ្លាក់ចុះ​នូវ​ប្រជាប្រិយភាព​របស់​លោក Boris Johnson ក្នុងនាម​ជា​ប្រធាន​បក្ស​អភិរក្ស និង​ជា​នាយករដ្ឋមន្ត្រី។

    លោក Rishi Sunak គឺជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ក្នុង​អាណត្តិ​របស់លោក Boris Johnson

    លោក Rishi Sanak មានប្រៀប​នៅក្នុង​ការបោះឆ្នោត​នៅ​ជុំ​សមាជិក​បក្ស​ជា​តំណាងរាស្ត្រ ប៉ុន្តែ​ចាញ់​លោកស្រី Truss នៅក្នុង​ជុំ​ទី​ពីរ​ដែល​សមាជិក​បក្ស​នៅ​មូលដ្ឋាន​ជា​អ្នក​ជ្រើសរើស។ យ៉ាងនេះ​ក្ដី លោក Rishi Sanak បានបញ្ជាក់​ឱ្យឃើញថា កញ្ចប់​កាត់បន្ថយ​ពន្ធ​របស់​នា​យិ​កា​រដ្ឋមន្ត្រី Liz Truss បង្កឱ្យមាន​ភាពច្របូកច្របល់​ក្នុង​ទីផ្សារ​កាលពី​ខែកញ្ញា។ ជា​លទ្ធផល ក្រោយ​ការ​កាន់​កាន់អំណាច 44 ថ្ងៃ លោកស្រី Liz Truss ក៏បាន​សម្រេចចិត្ត​លាលែង​ពី​តំណែង​កាលពី​ថ្ងៃទី 20 តុលា។

    ពេលនេះ ភារកិច្ច​ធ្វើឱ្យ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ដែល​កំពុង​ស្មុគស្មាញ​របស់ អង់គ្លេស នឹងត្រូវ​ក្លាយជា​អ​ម្រែ​ក​ដ៏​ធ្ងន់​សម្រាប់​លោក លោក Rishi Sanak។

    ដំណើរការ​នៃ​ការប្រគល់អំណាច​នឹង​ចាប់ផ្ដើម​នៅពេល នាយិកា​រដ្ឋមន្ត្រី Liz Truss ចូលគាល់​មហាក្សត្រ Charles ទី​បី ដើម្បី​ចាកចេញ​ពី​តំណែង​ជា​ផ្លូវការ។ ក្រោយមក លោក Rishi Sanak នឹងត្រូវ​ចូលគាល់​មហាក្សត្រ​អង់គ្លេស ដើម្បី​ទទួល​ការតែងតាំង​ជា​នាយករដ្ឋមន្ត្រី។ ព្រឹត្តិការណ៍​នេះ​អាច​នឹង​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ថ្ងៃនេះ។

    លោក Rishi Sanak គឺជា​កូនប្រសា​របស់​មហាសេដ្ឋី​បច្ចេកវិទ្យា

    លោក Rishi Sanak និង​ភរិយា លោក​ស្រី Akshata Murthy រួម​នឹង​កូនៗ

    គ្រួសារ​របស់លោក Rishi Sanak បាន​ទៅ​រស់នៅក្នុង ប្រទេស​អង់គ្លេស ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៦។ ក្រោយពី​បានបញ្ចប់​ការសិក្សា​នៅ Oxford លោក Rishi Sanak ក៏​បន្ត​ការសិក្សា​នៅ Stanford ហើយ​នៅទីនេះ លោក​បាន​ជួបនឹង Akshata Murthy ដែលជា​កូនស្រី​របស់​មហាសេដ្ឋី​ឥណ្ឌា N. R. Narayana Murthy ស្ថាបនិក​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Infosys។ បច្ចុប្បន្ន Akshata Murthy គឺជា​ភរិយា​របស់ លោក Rishi Sanak។

    លោក Rishi Sanak និង​ភរិយា មានទ្រព្យ​ប្រមាណ 730 លាន​ផោន ច្រើនជាង​ជិត​ទ្វេដង ធៀប​នឹង​ទ្រព្យសម្បត្តិ​របស់​មហាក្សត្រ Charles ទី​បី និង​មហេសី Camila ដែលមាន​ប្រហែល​ពី ៣០០ លាន ទៅ ៣៥០ លាន​ផោន៕

  • ស្ថានភាព​ជំងឺ​កូវីដ-19 នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី 25 ខែ​​តុលា 2022

    ស្ថានភាព​ជំងឺ​កូវីដ-19 នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី 25 ខែ​​តុលា 2022

    កម្ពុជា បាន​រកឃើញអ្នកឆ្លងកូវីដ-19 ករណី​ថ្មី ចំនួន 0 នាក់ ក្នុង​អំឡុង​ 24 ម៉ោង​ នៃ​ថ្ងៃទី 24 ខែ​តុលា​ ឆ្នាំ​ 2022។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-19 ចំនួន 06 នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតត្រឹមព្រឹក ថ្ងៃទី 25 ខែតុលា ឆ្នាំ 2022 កម្ពុជា មាន​ អ្នក​ឆ្លងកូវីដ-១៩ សរុប ៖ 137,979 នាក់, អ្នកជាសះស្បើយសរុប​ ៖ 134,908 នាក់ និង​​អ្នកស្លាប់​សរុប​ ៖ 3,056 នាក់។

  • បាតុភូត​សូរ្យគ្រាស​នឹង​កើតឡើង​នៅថ្ងៃនេះ ដែលជា​លើកចុងក្រោយ​បង្អស់​ក្នុង​ឆ្នាំ 2022

    បាតុភូត​សូរ្យគ្រាស​នឹង​កើតឡើង​នៅថ្ងៃនេះ ដែលជា​លើកចុងក្រោយ​បង្អស់​ក្នុង​ឆ្នាំ 2022

    ព្រះ​ចន្ទ​នឹង​គោចរ​ពីមុខ​ព្រះអាទិត្យ​នៅ​ថ្ងៃទី 25 តុលា​នេះ បង្កើតបានជា​បាតុភូត​សូរ្យគ្រាស​មួយផ្នែក​ដែល​អាច​មើលឃើញ​នៅក្នុង​តំបន់​ជាច្រើន​របស់​ពិភពលោក។

    បាតុភូត​សូរ្យគ្រាស​នេះ​នឹង​ចាប់ផ្ដើម​កើតឡើង​បន្តិចម្ដងៗនៅក្នុង​ពេលវេលាផ្សេងៗគ្នា​អាស្រ័យ​លើ​តំបន់នីមួយៗ ដោយ​ចាប់​ផ្ដើមដំបូង​នៅវេលា​ម៉ោង 8 និង 58 នាទី ថ្ងៃទី 25 តុលា ហើយ​ក្រោយមក​នឹង​ឡើងដល់​កម្រិត​កំពូល​នៅវេលា​ម៉ោង 11 និង​បញ្ចប់​នៅ​ម៉ោង 13 ម៉ោង UTC ពោលគឺ​ម៉ោង 15 និង 58 នាទី ដល់​ម៉ោង 18 និង 20 នាទី​នៅ កម្ពុជា។

    គន្លង​ដើរ​របស់​ស្រមោល​ព្រះ​ចន្ទ​នឹង​ចាប់ផ្ដើម​ពី​ភាគ​ខាងកើត​របស់ Greenland ហើយ​គ្របដណ្ដប់​លើ អ៊ី​ស្លង់ ទាំងមូល មុនពេល​ឆ្លងកាត់​បណ្ដា​ប្រទេស​ស្ទើរតែ​ទាំងអស់​នៅ អឺរ៉ុប (លើកលែងតែ ព័រ​ទុយ​ហ្គា​ល និង​ភាគ​ខាងលិច/ត្បូង របស់ អេ​ស្ប៉ា​ញ), ភាគ​ឦសាន​ទ្វីបអាហ្វ្រិក និង​ភាគច្រើន​នៃ​តំបន់​អាស៊ី​ខាងលិច/អាស៊ី​កណ្ដាល។

    ចំណែកទឹកដី​របស់ កម្ពុជា វិញ ពិតជា​គួរឱ្យ​ស្ដាយ ព្រោះថា​នឹងមិន​បានឃើញ​បាតុភូត​សូរ្យគ្រាស​លើក​នេះឡើយ។

  • គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​ កំពុង​​ត្រូវ​​បាន​​ពន្លឿន​​ដំណើរ​​ការ​​អនុវត្ត​

    គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​ កំពុង​​ត្រូវ​​បាន​​ពន្លឿន​​ដំណើរ​​ការ​​អនុវត្ត​

    គណៈកម្មការ​អន្តរក្រសួង និង​ក្រុមហ៊ុន CRBC ជួបពិភាក្សា​គ្នា​អំពី​ការជំរុញ​ដំណើរការ​អនុវត្ត​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត ក្រោម​ការដឹកនាំ​របស់ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    កាលពី​ថ្ងៃទី 24 តុលា​កន្លងទៅ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈកម្មការ​ចូលរួម​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) អំពី គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត។

    យោងតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កិច្ចប្រជុំ​នេះ​បាន​ពិនិត្យ និង​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​ក្របខណ្ឌ និង​កំពុង​ពិនិត្យ​ជំរុញ​ការចរចា កិច្ចសន្យា​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន (PPP) សម្រាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​បាវិត។ កិច្ចពិភាក្សា​នេះ​នឹង​ជួយ​ជំរុញ​ដំណើរការ​នានា​ដើម្បី​ឈានទៅ​បើក​ការដ្ឋាន​សាងសង់​នាពេលឆាប់ៗខាងមុខ៕

    ផែនទី​ គម្រោង​សាង​សង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
  • ឆេះ​នាវាទេសចរណ៍​ឥណ្ឌូណេស៊ី ធ្វើ​ឱ្យ​មនុស្ស​ជាង​ 10 នាក់​បាត់បង់ជីវិត

    ឆេះ​នាវាទេសចរណ៍​ឥណ្ឌូណេស៊ី ធ្វើ​ឱ្យ​មនុស្ស​ជាង​ 10 នាក់​បាត់បង់ជីវិត

    នាវាទេសចរណ៍​មួយ​គ្រឿង​ដែល​ដឹក​ភ្ញៀវ​ និង​ក្រុម​នាវិក​ 254 នាក់ បាន​ឆាប​ឆេះ​នៅ​លើ​សមុទ្រ​របស់ ឥណ្ឌូណេស៊ី បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច 14 នាក់​។

    នាវា​ KM Express Cantika 77 កាល​ពី​ថ្ងៃទី 24 តុលា បាន​កើត​មាន​អគ្គិភ័យ​នៅ​ពេល​ធ្វើ​ដំណើរ​ពី​ទីក្រុង Kupang ខេត្ត Nusa Tengara ខាង​កើត ឆ្ពោះ​ទៅ​កាន់​ទីរួម​ស្រុក Kalabahi នៅ​លើ​កោះ​ Alor។ អណ្ដាត​ភ្លើង​បាន​ឆាប​ឆេះ​ចេញពី​ជាន់​ខាង​លើ​បង្អស់​របស់​នាវា​ បណ្ដាល​ឱ្យ​ភ្ញៀវ​ជា​ច្រើន​នាក់​​ត្រូវ​លោត​ចូលទៅ​ក្នុង​សមុទ្រ​។

    ក្រុម​មន្ត្រី​ក្នុង​តំបន់​បាន​បញ្ជូន​កប៉ាល់​សង្គ្រោះ​ជា​ច្រើន​គ្រឿង​ទៅ​កាន់​កន្លែង​កើត​ហេតុ​ ខណៈ​កប៉ាល់​របស់​ប្រជា​នេសាទ​ក៏​ចេញ​ទៅ​ជួយ​។

    បេសក​កម្ម​សង្គ្រោះ​បាន​ជួយ​ជីវិត​មនុស្ស 241 នាក់ ក្នុង​ចំណោមភ្ញៀវ​ និង​ក្រុម​នាវិក​​ 254 នាក់​ ​ដែល​ស្ថិត​នៅ​លើ​នាវា​ ខណៈ​ដែល​ «មនុស្ស 13 នាក់​បាន​ស្លាប់» នេះ​បើ​តាម AFP ដក​ស្រង់​សម្ដី​របស់​ Isyak Nuka ប្រធាន​មន្ទីរ​ដឹក​ជញ្ជូន​ខេត្ត Nusa Tenggara ខាង​កើត​។ ទំព័រ​ Nusadaily បាន​ឱ្យ​ដឹង​ថា តួលេខ​អ្នក​ស្លាប់​ក្នុង​ហេតុ​ការណ៍​នេះ​មាន​ចំនួន​ 14 នាក់​។

    សមត្ថកិច្ច​របស់ ឥណ្ឌូណេស៊ី កំពុង​ស្រាវ​ជ្រាវ​រក​មូលហេតុ​នៃ​គ្រោះ​ថ្នាក់​នេះ​។ ព័ត៌មាន​ដំបូង​បាន​ឱ្យ​ដឹង​ថា នាវា KM Express Cantika 77 មាន​សមត្ថភាព​ផ្ទុក​មនុស្ស 250 នាក់​។

  • រុស្ស៊ី «កាក់​កប» ក្នុងការ​លក់​ប្រេង​ឧស្ម័ន​ បើ​ទោះ​រង​ទណ្ឌកម្ម​ពី​បស្ចិម​លោក

    រុស្ស៊ី «កាក់​កប» ក្នុងការ​លក់​ប្រេង​ឧស្ម័ន​ បើ​ទោះ​រង​ទណ្ឌកម្ម​ពី​បស្ចិម​លោក

    វិធានការ​​ទណ្ឌកម្ម​ដែល​​បណ្ដា​ប្រទេស​លោក​ខាង​លិច ដាក់​ទៅលើ​ រុស្ស៊ី ហាក់​មិន​ទាន់​មាន​ប្រសិទ្ធភាព​ ដោយ​សារ​តែ​ប្រេង​ឧស្ម័ន​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ 155 ពាន់​លាន​ដុល្លារ​អាម៉េរិក ដល់​ ទីក្រុង​មូស្គូ។

    បន្ទាប់​ពី​ រុស្ស៊ី បាន​ចូល​ឈ្លាន​ពាន​លើ​ អ៊ុយក្រែន កាល​ពី​ថ្ងៃទី 24 កុម្ភៈ សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធ​មិត្ត​ ក៏​ចាប់​ផ្ដើម​ដាក់​ទណ្ឌកម្ម​លើវិស័យ​ថាមពល​របស់​ រុស្ស៊ី​ ដោយ​សង្ឃឹម​ថា នឹង​អាច​កាត់​ផ្ដាច់​ប្រភព​ចំណូល​ដ៏​ធំ​ធេង​ពី​ប្រេង​ឧស្ម័ន​របស់​ប្រទេស​នេះ​។

    ប្រធានាធិបតី​អាម៉េរិក ចូ បៃដិន បាន​ចេញ​បទ​បញ្ជា​ហាម​ការ​នាំ​ចូល​ផលិត​ផល​ប្រេង​សាំង ឧស្ម័ន​ធម្មជាតិ​រាវ (LNG) និង​បណ្ដា​ផលិត​ផល​ធ្យូង​ថ្ម​របស់ រុស្ស៊ី ចាប់តាំង​ពី​ថ្ងៃទី 08 មីនា​។ សហភាព​អឺរ៉ុប (EU) ដែល​ជា​ទីផ្សារ​ធំ​នៃ​ថាមពល​របស់​ ទីក្រុង​មូស្គូ បាន​ប្រកាស​ផ្អាក​នាំចូល​ប្រេង​ឆៅ​មួយ​ភាគ​របស់ រុស្ស៊ី ចាប់​ពី​ខែ​ធ្នូ និង​បណ្ដា​ផលិត​ផល​ប្រេង​កែច្នៃ​នៅ​ពីរ​ខែ​បន្ទាប់​នោះ​។

    ការ​នាំ​ចេញ​ប្រេង​ឆៅ​របស់​ រុស្ស៊ី ដោយ​កប៉ាល់​ មានទំនោរ​ថយចុះ​ក្នុង​ដំណាក់​កាល​ពី​ខែ​ឧសភាដល់​ខែ​កក្កដា នេះ​បើ​តាម​ទិន្នន័យ​របស់​ក្រុម​ហ៊ុន KPLER។ ចំណែក​ S&P Global Insights វិញ បាន​ឱ្យ​ដឹង​ថា ក្នុង​ពាក់​កណ្ដាល​ដើម​ខែកញ្ញា ការ​នាំចេញ​ប្រេង​របស់ រុស្ស៊ី តាម​រយៈ​កប៉ាល់ ស្ថិត​នៅ​ក្នុង​បរិមាណ​ 3.03 លាន​ធុង​/ថ្ងៃ​ ថយ​ចុះ​ប្រហែល 314,000 ធុង​ ធៀប​នឹង​ខែ​សីហា​ និង​ជា​បរិមាណ​ទាប​បំផុត​រាប់​ចាប់​ពី​សង្គ្រាម​នៅ​ អ៊ុយក្រែន​ ផ្ទុះ​ឡើង​។

    ក៏ប៉ុន្តែ ប្រេង​រ៉ែ មិន​មែន​ជា​ប្រភព​ថាមពល​តែ​មួយ​គត់​ដែល​ រុស្ស៊ី មាន ហើយ​ សហរដ្ឋ​អាម៉េរិក និង​ សហភាព​អឺរ៉ុប ក៏​មិន​មែន​ជា​ទីផ្សារ​ធំ​តែ​មួយ​សម្រាប់​ផលិត​ផលិត​នេះ​។ ផលិត​ផល​ប្រេង​សាំង​នាំ​ចេញ​នៅ​តែ​មានស្ថិរភាព​ ហើយ​ រុស្ស៊ី ក៏​នៅ​មាន​ LNG ធ្យូង​ថ្ម និង​ថាមពល​នុយក្លេអែរ​។

    មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថាមពល​ និង​បរិយាកាស​ស្អាត បាន​ឱ្យ​ដឹង​ថា បើ​ទោះ​ជា​រង​ទណ្ឌកម្ម​ទ្រង់​ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ពីមុន​ពី​ លោក​ខាង​លិច ប៉ុន្តែ រុស្ស៊ី នៅ​តែ​រក​ចំណូល​បាន​ជាង 155 ពាន់​លាន​ដុល្លារ​ ពី​ការ​នាំចេញ​ឥន្ធនៈ​ហ្វូស៊ីល​ ចាប់​ពី​ខែ​កុម្ភៈ​ដល់​ខែ​កញ្ញា។ ជាង 80 ពាន់​លាន​ដុល្លារ​នៅ​ក្នុង​នោះ​គឺ​បាន​មក​ពី​អតិថិជន​នៅ អឺរ៉ុប​។ មក​ដល់​ចុង​ខែ​កញ្ញា ប្រាក់​ចំណូល​បាន​ពី អឺរ៉ុប របស់ រុស្ស៊ី បាន​កើន​ឡើង​ដល់​ 98 ពាន់​លាន​ដុល្លារ​ ប្រហែល​ 255 លាន​ដុល្លារ​/​ថ្ងៃ​។

    រុស្ស៊ី បាន​បញ្ចុះ​តម្លៃ​ប្រេង​ប្រហែល​ 30 ដុល្លារ​/ធុង​ ធៀប​នឹង​ប្រេង Brent ដើម្បី​ទាក់​ទាញ​អតិថិជន​​ ធ្វើ​ឱ្យ​ប្រេង​របស់​ រុស្ស៊ី កាន់​តែ​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​បណ្ដា​ប្រទេស​ក្រីក្រ និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត មានដូចជា ចិន ឥណ្ឌា តួកគី ស្រីលង្កា ប៉ាគីស្ថាន ឬ ​បង់ក្លាដែស។ល។

  • ខ្មាន់​កាំភ្លើង​ម្នាក់​​បាញ់រះ​ក្នុងសាលា​រៀន​នៅ សហរដ្ឋ​អាម៉េរិក ធ្វើ​ឱ្យ​មនុស្ស​ច្រើន​នាក់​បាត់​បង់ជីវិត

    ខ្មាន់​កាំភ្លើង​ម្នាក់​​បាញ់រះ​ក្នុងសាលា​រៀន​នៅ សហរដ្ឋ​អាម៉េរិក ធ្វើ​ឱ្យ​មនុស្ស​ច្រើន​នាក់​បាត់​បង់ជីវិត

    ជនដៃដល់​បាន​បាញ់​សម្លាប់​មនុស្ស​ពីរ​នាក់​ និង​បង្ក​របួស​ស្នាម​ដល់​មនុស្ស​ច្រើន​នាក់​នៅ​ឯសាលា​រៀន​មួយ​​ក្នុង​រដ្ឋ Missouri សហរដ្ឋ​អាម៉េរិក មុន​ពេល​ប្រយុទ្ធ​ជា​មួយ​ក្រុម​ប៉ូលិស​ និង​ត្រូវ​បាន​កម្ចាត់​។

    ករណី​បាញ់​រះ​នេះ​កើត​ឡើង​នៅ​ឯវិទ្យាល័យ​​​សិល្បៈ​ទស្សនីយភាព​ និង​សម្ដែង​​ (CVPA) ក្នុង​ទីក្រុង St. Louis នៃ​រដ្ឋ Missouri សហរដ្ឋ​អាម៉េរិក កាល​ពី​ព្រឹក​ថ្ងៃទី ២៤ តុលា នៅ​ពេល​ជន​ដៃដល់​ប្រើ​ប្រាស់​កាំភ្លើង​វែង​បាញ់​ប្រហារ​ទៅ​លើ​មនុស្ស​ម្នា​។

    ស្នងការ​ប៉ូលិស​ក្រុង St. Louis លោក Michael Sack បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ និង​បាន​ប្រយុទ្ធ​ជាមួយ​ខ្មាន់​កាំភ្លើង​។ ជន​សង្ស័យ​ត្រូវ​គ្រាប់​ និង​បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​។

    ជនរងគ្រោះ​ ៨ នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​ ក្នុង​នោះ​មាន​នារី​ពេញ​វ័យ​ម្នាក់ និង​សិស្ស​ស្រី​ម្នាក់​ត្រូវ​បាន​បញ្ជាក់​ថាបាន​ស្លាប់​បន្ទាប់​ពី​ទៅ​ដល់​មន្ទីរពេទ្យ​។ លោក Sack ឱ្យ​ដឹង​ថា ពួក​គេ​បាន​ស្លាប់​ដោយ​សារ​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​។

    អត្តសញ្ញាណ​ជន​សង្ស័យ​មិន​ទាន់​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​នៅឡើយ​ ប៉ុន្តែ ក្រុមមន្ត្រី​និយាយ​ថា ខ្មាន់​កាំភ្លើង​មាន​អាយុ​ជាង ២០ ឆ្នាំ​ និង​មិន​ទាន់​ដឹង​ច្បាស់​អំពី​មូលហេតុ​នៅ​ពី​ក្រោយ​អំពើ​បាញ់​ប្រហារ​នេះ​៕

  • ឈុត​ហោះហើរ​សង្គ្រោះ​បន្ទាន់ ល្បឿន​ ១៣៦ គីឡូម៉ែត្រ​/ម៉ោង (វីដេអូ)

    ឈុត​ហោះហើរ​សង្គ្រោះ​បន្ទាន់ ល្បឿន​ ១៣៦ គីឡូម៉ែត្រ​/ម៉ោង (វីដេអូ)

    (អង់គ្លេស)-ឈុត​ហោះហើរ​​របស់​ក្រុមហ៊ុន Gravity Industries បំពាក់​ម៉ាស៊ីន​យន្តហោះ​​ខ្នាត​តូច​ ជួយ​ឱ្យ​បុគ្គលិក​សង្គ្រោះ​ហោះទៅ​កាន់​កន្លែង​កើត​ហេតុ​ក្នុង​រយៈ​ពេល​ខ្លី​បំផុត​។

    ឈុត​ហោះ​ហើរ​នេះ​ជួយ​ធ្វើ​ឱ្យ​គំនិត​ស្ដីពី «Iron Man» ក្លាយ​ជា​ការ​ពិត​។ នៅក្នុង​វីដេអូ​នេះ ក្រុម​បុគ្គលិក​សង្គ្រោះ​ផ្នែក​សុខាភិបាល​របស់ Gravity Industries ​កំពុង​តែ​ហ្វឹក​ហាត់​ដើម្បី​អាច​ចូល​រួម​បេសក​កម្ម​ជួយ​សង្គ្រោះ​នៅ​លើ​ផ្ទៃ​សមុទ្រ ឬ​លើ​ភ្នំ មិន​ថា​មាន​ភ្លៀង ឬ​ខ្យល់​ខ្លាំង​។

    «មក​ដល់​ពេល​នេះ នៅ​ពេល​ពួក​យើង​ពិត​ជា​អាច​ទៅ​ដល់​ទីតាំង​ជនរងគ្រោះ​នៅ​លើ​ចង្កេះ​ភ្នំ​នៅ Cumbria គឺ​ពិត​ជារឿង​​អស្ចារ្យ» Jamie Walsh បុគ្គលិក​សង្គ្រោះ​ដែល​បាន​ប្រើ​ប្រាស់​ឈុត​ហោះ​ហើរ​នេះ​និយាយ​ដូច្នេះ​ និង​បន្ថែម​ថា «ថ្ងៃនេះ​ (០៥ តុលា ២០២២) ពិត​ជា​ថ្ងៃ​សំខាន់ ពេលដែល​​អាច​ធ្វើ​បាន​កិច្ច​ការ​នោះនៅ​ក្នុង​ពេល​មាន​ភ្លៀង​ខ្យល់​ពិបាក​ខ្លាំង​ ព្រោះ​ថា នៅ Cumbria មេឃមាន​ភ្លៀង​ខ្យល់ច្រើន​ណាស់។ គ្រប់​យ៉ាង​ពិត​ជា​ល្អ​ណាស់​»។

    ឈុត​ហោះហើរ​របស់ Gravity Industries ​បំពាក់​ម៉ាស៊ីនយន្តហោះខ្នាត​តូច​ចំនួន ២ គ្រឿង​នៅ​ស្លាប​ទាំង​សង​ខាង​ និង​ម៉ាស៊ីន​ចំនួន ៣ ទៀត​នៅ​ក្នុង​កាបូប​ស្ពាយ​ពីក្រោយ​ខ្នង​។ វា​អនុញ្ញាត​ឱ្យ​បុគ្គលិក​សង្គ្រោះអាច​​ហោះ​ហើរ​បាន​ជាង ១៣៦ គីឡូម៉ែត្រ​/ម៉ោង​។ ឈុត​នេះ​អាច​ហោះ​កម្ពស់ ៧៥០ ម៉ែត្រ ដោយ​ប្រើ​ពេល​តែ​ ៣ នាទី និង ៤០ វិនាទី​ប៉ុណ្ណោះ​៕

  • កម្មវិធីការបើកបរសាកល្បងរថយន្ត Ford ស៊េរីថ្មីឆ្នាំ 2023

    កម្មវិធីការបើកបរសាកល្បងរថយន្ត Ford ស៊េរីថ្មីឆ្នាំ 2023

    [ភ្នំពេញ – ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២២] ក្រុមហ៊ុន អ អិ​ម អេ (ខេ​ម​បូ​ឌា) – RMA Cambodia ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត Ford មកកាន់​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា បានរៀបចំ​កម្មវិធី​ការបើកបរ​សាកល្បង​ដ៏​ពិសេស​ខ្នាត​ធំ​ជាមួយ​រថយន្ត Ford ស៊េរី​ឆ្នាំ 2023 ដែល​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី22 និង​ថ្ងៃទី23 ខែ តុលា ឆ្នាំ 2022 វេលា​ម៉ោង 9:00 ព្រឹក រហូតដល់​ម៉ោង 4:00 ល្ងាច នៅ​បរិវេណ​សណ្ឋាគារ ហ្គា​ឌិន​ស៊ី​ធី (ផ្លូវ​លី​យ៉ុង​ផាត់) ដោយមាន​អតិថិជន និង​ភ្ញៀវកិត្តិយស​ចូលរួម​ប្រមាណ​ជាង 500 នាក់។

    នៅក្នុង​កម្មវិធី​បើកបរ​សាកល្បង​នេះ ក៏មាន​ការដាក់​តាំង​បង្ហាញ​រថយន្ត​Ford ស៊េរី​ឆ្នាំ 2023គ្រប់​ម៉ូ​ដែល​ទាំងអស់​ដូចជា​រថយន្ត Ford Ranger XL, រថយន្ត​Ford Ranger XLT, រថយន្ត​Ford Ranger Wildtrak, រថយន្ត​Ford Everest, និង​រថយន្ត​Ford Ranger Raptor ដែលមាន​ការតុបតែង​លំអ និង​រៀបចំ​សកម្មភាពផ្សេងៗជាច្រើន​សម្រាប់​អតិថិជន​ធ្វើការ​កម្សាន្ត​នៅក្នុង​កម្មវិធី​នេះ។ ហើយ​អ្វីដែល​ពិសេស​នោះ​គឺ ការបើកបរ​សាកល្បង​រថយន្ត​Ford ស៊េរី​ឆ្នាំ 2023 ទៅលើ​គ្រប់​ស្ថានភាព​ផ្លូវ​ទាំងអស់​ដែលមាន​ដូចជា៖ ការបើកបរ​លើផ្លូវ​ធ​ម្ម​តា(On-Road Highway) ការបើកបរ​លើ​ឧបសគ្គ​ល្បឿន​យឺត (Low-Speed Off-Road) ដែលមាន​ឧបសគ្គ​ដូចជា ផ្លូវ​រអិល ផ្លូវ​ភក់ ផ្លូវ​ថ្ម​គ្រួស ផ្លូវ​គ្រលុក​ផុង ផ្លូវ​ចុះ​ចំណោត​ខ្លាំង ផ្លូវ​ខ្សាច់ និង​ផ្លូវ​ចុះ​ទឹក​រហូតដល់​ជម្រៅ 800mm ដោយ​ធ្វើការ​បង្ហាញ និង​ពន្យល់​លម្អិត​អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​សុវត្ថិភាព និង​មុខងារ​បច្ចេកវិទ្យាទំនើបៗចុងក្រោយនីមួយៗដែល​បំពាក់​ក្នុង​រថយន្ត Next-Generation Ford ស៊េរី​ឆ្នាំ 2023នេះ ផងដែរ។

    អ្វីដែល​កាន់តែ​អស្ចារ្យ​នោះ​គឺ ការបើកបរ​សាកល្បង​លើផ្លូវ​ឧបសគ្គ​ល្បឿន​លឿន (High-Speed Off-Road Performance) ដោយ​ប្រើប្រាស់​មុខងារ Baja Mode របស់​រថយន្ត​Ford Ranger Raptor ស៊េរី​ថ្មី​ឆ្នាំ 2023 ដែល​មិន​ធ្លាប់មាន​ពីមុនមក និង​មិនមាន​រថយន្ត​ដទៃ​អាច​ធ្វើបាន​នោះឡើយ ដោយ​អតិថិជន​ទទួលបាន​បទពិសោធន៍​ថ្មី​ដ៏​អស្ចារ្យ​ក្នុង​រថយន្ត Ford Ranger Raptor ស៊េរី​ឆ្នាំ 2023 ដែល​បើកបរ​ជាមួយ​អ្នកជំនាញ​បរទេស​សញ្ជាតិ​អូស្ត្រាលី  កាណាដា និង​ថៃ ជាដើម ដែលជា​អ្នកឯកទេស និង​មានបទពិសោធន៍​បើកបរ​យូរ​ឆ្នាំ ដើម្បីអោយ​អតិថិជន​ទទួលបាន​នូវ​បទពិសោធន៍​មួយ​ដ៏​ថ្មី​ភ្លែ​ក និង​អស្ចារ្យ​មិន​ធ្លាប់មាន​ពីមុនមក។

    លើសពីនេះទៅទៀត អាហារសម្រន់ និង​ភេសជ្ជៈ​ជាច្រើន​មុខ​បានរៀបចំ​សម្រាប់​អតិថិជន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​នៅក្រោម​តង់​ដ៏​ធំ​ទូលាយ​ងាយស្រួល​ក្នុងការ​ជួបជុំគ្នា ទំនាក់ទំនង​គ្នា និង​ថែមទាំង​មាន​កន្លែង​ក​ម្បា​ន្ត​របស់​កុមារតូចៗដែល​បង្កើន​នូវ​បរិយាកាស​សប្បាយរីករាយ​សម្រាប់​ក្រុមគ្រួសារ​អតិថិជន និង​ភ្ញៀវកិត្តិយស​ជាច្រើន​ទៀត​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ។

    រាល់​អតិថិជន​ដែល​បាន​ចូលរួម​កម្មវិធី​បើកបរ​សាកល្បង​រថយន្ត Ford ទាំងអស់​នឹង​ទទួលបាន​សំបុត្រ​ចូល​ទស្សនា​សួនសត្វ​ភ្នំពេញ​សា​ហ្វា​រី ឬ សួន​ទឹក​ហ្គា​ឌិន​ស៊ី​ធី និង​វត្ថុ​អនុស្សាវរីយផ្សេងៗជាច្រើន​ទៀត។ សម្រាប់​ការចុះឈ្មោះ​បើកបរ​សាកល្បង និង ទទួលយក​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​ពី​រថយន្ត Ford ស៊េរី​ឆ្នាំ 2023 សូម​ទំនាក់ទំនង​ទៅកាន់​លេខ​ទូរស័ព្ទ 078 333 748 និង 016 333 785

  • កាន់​តំណែង​នាយក​រដ្ឋមន្ត្រីអង់គ្លេស​​ ៤៤ ថ្ងៃ តែ​លោក​ស្រី Truss ទទួល​ប្រាក់​ឧបត្ថម្ភ​ ១២៩ ០០០ ​ដុល្លារ​/ឆ្នាំ​ ពេញ​មួយ​ជីវិត ៖ បក្ស​ប្រឆាំង​ជំទាស់

    កាន់​តំណែង​នាយក​រដ្ឋមន្ត្រីអង់គ្លេស​​ ៤៤ ថ្ងៃ តែ​លោក​ស្រី Truss ទទួល​ប្រាក់​ឧបត្ថម្ភ​ ១២៩ ០០០ ​ដុល្លារ​/ឆ្នាំ​ ពេញ​មួយ​ជីវិត ៖ បក្ស​ប្រឆាំង​ជំទាស់

    លោកស្រី Truss មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពេញ​មួយ​ជីវិត​ ១២៩ ០០០ ដុល្លារ​/​ឆ្នាំ បើ​ទោះជា​កាន់​តំណែង​នាយករដ្ឋមន្ត្រី​អង់គ្លេស​ បាន​តែ​ ៤៤ ថ្ងៃ​ ដែល​ប្រការ​នេះ​ធ្វើ​ឱ្យ​សាធារណមតិ​មាន​ភាព​ចម្រូង​ចម្រាស។

    នាយិការដ្ឋមន្ត្រី​អង់គ្លេស លោក​ស្រី Liz Truss ប្រកាស​លា​លែង​ពី​តំណែង​កាល​ពី​ថ្ងៃទី ២០ តុលា ក្រោយ​ការ​កាន់​តំណែង​នេះ​បាន​ ៤៤ ថ្ងៃ​ ក្នុង​ស្ថាន​ភាព​ដែល​លោក​ស្រី​ត្រូវ​រង​សម្ពាធ​ខ្លាំង​។ បើ​ទោះជា​កាន់​តំណែង​ក្នុង​រយៈ​ពេល​ខ្លី​ លោក​ស្រី Truss នៅ​តែ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ PDCA ១១៥ ០០០ ផោន​ (ជាង ១២៩ ០០០ ដុល្លារ​អាម៉េរិក) ជា​រៀង​រាល់​ឆ្នាំ​ ពេញ​មួយ​ជីវិត​។

    ព័ត៌មាន​ខាងលើ​បាន​ធ្វើ​ឱ្យ​មាន​ភាព​ចម្រូង​ចម្រាស​​ក្នុង​សាធារណមតិ​ ពិសេស​គឺ​ពី​គណបក្ស​ប្រឆាំង​។ ពួក​គេ​យល់​ថា ខ្ទង់​ប្រាក់​ឧបត្ថម្ភ​នេះ​ច្រើន​ជាង​ប្រាក់​បៀវត្សរ៍​ដែល​លោក​ស្រី Truss ទទួល​បាន​​ក្នុងពេល​កាន់​តំណែង​នេះ​ទៅ​ទៀត​។ មតិ​ផ្សេង​ទៀត​លើក​ជា​សំណួរ​ថា ខ្ទង់​ប្រាក់​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​គោលដៅ​ល្អ​ជាង​នេះ​បាន​ដែរ​ ឬ​ទេ​។

    «លោកស្រី​មិន​គួរ​ទទួល​យក​ប្រាក់​នោះ។ កាន់​តំណែង​បានតែ ៤៤ ថ្ងៃ លោកស្រី​មិន​ទាន់​មានសិទ្ធិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ ហើយ​គួរ​តែ​បដិសេធ» Keir Starmer មេបក្ស​សាធារណរដ្ឋ​ បាន​ប្រាប់ BBC កាល​ពីថ្ងសទី ២១ តុលា​ដូច្នេះ​។

    Ed Davey ដែល​ជា​ប្រធាន​គណបក្ស​ប្រជា​ធិបតេយ្យ​សេរី ក៏​យល់​ឃើញ​ដូចទៅ​នឹង​ការ​លើក​ឡើង​របស់​​ Keir Starmer ផងដែរ​។

    «បច្ចុប្បន្ន ក្នុង​ចំណោម​មន្ត្រី​ ៥ រូប​គឺ​មាន​ ១ រូប​ត្រូវ​ទៅ​រក​កន្លែង​ឧបត្ថម្ភ​អាហារ​, ៣៥% ហូប​មិន​គ្រប់​គ្រាន់​។ ពិត​ជា​ចម្លែក​ណាស់ បើ​សិន​លោក​ស្រី Truss អាច​ទទួល​បាន​អត្ថប្រយោជន៍​នេះ» Mark Serwotka អគ្គលេខា​នៃ​សម្ព័ន្ធ​សេវាកម្ម​ពាណិជ្ជកម្ម​ និង​សាធារណៈ​ ដែល​ជា​អង្គការ​តំណាង​មន្ត្រី​រាជការ​ថ្លែង​បែប​នេះ​ និង​បាន​អំពាវនាវ​ឱ្យ​ នាយក​រដ្ឋមន្ត្រី​បន្ទាប់​របស់ អង់គ្លេស​ ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រី​រាជការ​ដើម្បី​ទប់​ទល់​នឹង​អតិផរណា។

    លោក​ស្រី Truss បច្ចុប្បន្ន​មិន​ទាន់​មាន​ការ​អធិប្បាយ​អ្វី​ទាក់​ទង​នឹង​ខ្ទង់​ប្រាក់​ឧបត្ថម្ភ​ និង​ភាព​ចម្រូង​ចម្រាស​ខាងលើ​នៅឡើយ​។

    PDCA គឺជា​កម្មវិធី​របស់​ រាជរដ្ឋាភិបាល​អង់គ្លេស​ ត្រូវ​បាន​អនុវត្ត​តាំង​​ពី​ឆ្នាំ​ ១៩៩១ ក្នុងបំណង​ «ជួយ​ឱ្យ​អតីត​នាយក​រដ្ឋមន្ត្រី​អាច​បន្តសកម្មភាព​សាធារណ»។ ខ្ទង់​ប្រាក់​ PDCA នេះ​ត្រូវ​បាន​ផ្ដល់​ដោយ​យោង​ទៅ​តាម​ការ​ចំណាយ​ផ្លូវ​ការ​ជាក់ស្ដែង ដូច​ជា ថ្លៃ​ជួល​ការិយាល័យ​ ប្រាក់​ខែ​សម្រាប់​បុគ្គលិក​ជំនួយ​ការ​ ឬ​ថ្លៃ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​​​ក្នុង​នាម​ជា​អតីត​នាយករដ្ឋមន្ត្រី​៕