រុស្ស៊ី «កាក់​កប» ក្នុងការ​លក់​ប្រេង​ឧស្ម័ន​ បើ​ទោះ​រង​ទណ្ឌកម្ម​ពី​បស្ចិម​លោក

វិធានការ​​ទណ្ឌកម្ម​ដែល​​បណ្ដា​ប្រទេស​លោក​ខាង​លិច ដាក់​ទៅលើ​ រុស្ស៊ី ហាក់​មិន​ទាន់​មាន​ប្រសិទ្ធភាព​ ដោយ​សារ​តែ​ប្រេង​ឧស្ម័ន​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ 155 ពាន់​លាន​ដុល្លារ​អាម៉េរិក ដល់​ ទីក្រុង​មូស្គូ។

បន្ទាប់​ពី​ រុស្ស៊ី បាន​ចូល​ឈ្លាន​ពាន​លើ​ អ៊ុយក្រែន កាល​ពី​ថ្ងៃទី 24 កុម្ភៈ សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធ​មិត្ត​ ក៏​ចាប់​ផ្ដើម​ដាក់​ទណ្ឌកម្ម​លើវិស័យ​ថាមពល​របស់​ រុស្ស៊ី​ ដោយ​សង្ឃឹម​ថា នឹង​អាច​កាត់​ផ្ដាច់​ប្រភព​ចំណូល​ដ៏​ធំ​ធេង​ពី​ប្រេង​ឧស្ម័ន​របស់​ប្រទេស​នេះ​។

ប្រធានាធិបតី​អាម៉េរិក ចូ បៃដិន បាន​ចេញ​បទ​បញ្ជា​ហាម​ការ​នាំ​ចូល​ផលិត​ផល​ប្រេង​សាំង ឧស្ម័ន​ធម្មជាតិ​រាវ (LNG) និង​បណ្ដា​ផលិត​ផល​ធ្យូង​ថ្ម​របស់ រុស្ស៊ី ចាប់តាំង​ពី​ថ្ងៃទី 08 មីនា​។ សហភាព​អឺរ៉ុប (EU) ដែល​ជា​ទីផ្សារ​ធំ​នៃ​ថាមពល​របស់​ ទីក្រុង​មូស្គូ បាន​ប្រកាស​ផ្អាក​នាំចូល​ប្រេង​ឆៅ​មួយ​ភាគ​របស់ រុស្ស៊ី ចាប់​ពី​ខែ​ធ្នូ និង​បណ្ដា​ផលិត​ផល​ប្រេង​កែច្នៃ​នៅ​ពីរ​ខែ​បន្ទាប់​នោះ​។

ការ​នាំ​ចេញ​ប្រេង​ឆៅ​របស់​ រុស្ស៊ី ដោយ​កប៉ាល់​ មានទំនោរ​ថយចុះ​ក្នុង​ដំណាក់​កាល​ពី​ខែ​ឧសភាដល់​ខែ​កក្កដា នេះ​បើ​តាម​ទិន្នន័យ​របស់​ក្រុម​ហ៊ុន KPLER។ ចំណែក​ S&P Global Insights វិញ បាន​ឱ្យ​ដឹង​ថា ក្នុង​ពាក់​កណ្ដាល​ដើម​ខែកញ្ញា ការ​នាំចេញ​ប្រេង​របស់ រុស្ស៊ី តាម​រយៈ​កប៉ាល់ ស្ថិត​នៅ​ក្នុង​បរិមាណ​ 3.03 លាន​ធុង​/ថ្ងៃ​ ថយ​ចុះ​ប្រហែល 314,000 ធុង​ ធៀប​នឹង​ខែ​សីហា​ និង​ជា​បរិមាណ​ទាប​បំផុត​រាប់​ចាប់​ពី​សង្គ្រាម​នៅ​ អ៊ុយក្រែន​ ផ្ទុះ​ឡើង​។

ក៏ប៉ុន្តែ ប្រេង​រ៉ែ មិន​មែន​ជា​ប្រភព​ថាមពល​តែ​មួយ​គត់​ដែល​ រុស្ស៊ី មាន ហើយ​ សហរដ្ឋ​អាម៉េរិក និង​ សហភាព​អឺរ៉ុប ក៏​មិន​មែន​ជា​ទីផ្សារ​ធំ​តែ​មួយ​សម្រាប់​ផលិត​ផលិត​នេះ​។ ផលិត​ផល​ប្រេង​សាំង​នាំ​ចេញ​នៅ​តែ​មានស្ថិរភាព​ ហើយ​ រុស្ស៊ី ក៏​នៅ​មាន​ LNG ធ្យូង​ថ្ម និង​ថាមពល​នុយក្លេអែរ​។

មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថាមពល​ និង​បរិយាកាស​ស្អាត បាន​ឱ្យ​ដឹង​ថា បើ​ទោះ​ជា​រង​ទណ្ឌកម្ម​ទ្រង់​ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ពីមុន​ពី​ លោក​ខាង​លិច ប៉ុន្តែ រុស្ស៊ី នៅ​តែ​រក​ចំណូល​បាន​ជាង 155 ពាន់​លាន​ដុល្លារ​ ពី​ការ​នាំចេញ​ឥន្ធនៈ​ហ្វូស៊ីល​ ចាប់​ពី​ខែ​កុម្ភៈ​ដល់​ខែ​កញ្ញា។ ជាង 80 ពាន់​លាន​ដុល្លារ​នៅ​ក្នុង​នោះ​គឺ​បាន​មក​ពី​អតិថិជន​នៅ អឺរ៉ុប​។ មក​ដល់​ចុង​ខែ​កញ្ញា ប្រាក់​ចំណូល​បាន​ពី អឺរ៉ុប របស់ រុស្ស៊ី បាន​កើន​ឡើង​ដល់​ 98 ពាន់​លាន​ដុល្លារ​ ប្រហែល​ 255 លាន​ដុល្លារ​/​ថ្ងៃ​។

រុស្ស៊ី បាន​បញ្ចុះ​តម្លៃ​ប្រេង​ប្រហែល​ 30 ដុល្លារ​/ធុង​ ធៀប​នឹង​ប្រេង Brent ដើម្បី​ទាក់​ទាញ​អតិថិជន​​ ធ្វើ​ឱ្យ​ប្រេង​របស់​ រុស្ស៊ី កាន់​តែ​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​បណ្ដា​ប្រទេស​ក្រីក្រ និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត មានដូចជា ចិន ឥណ្ឌា តួកគី ស្រីលង្កា ប៉ាគីស្ថាន ឬ ​បង់ក្លាដែស។ល។

Advertisement