Author: សឿន សំណាង

  • ទាហាន​ពីររូប​ស្រលាញ់​មនុស្ស​ភេទ​ដូចគ្នា ត្រូវ​តុលាការ​កាត់ទោស​ដាក់ពន្ធនាគា​រ​ច្រើន​ខែ

    ទាហាន​ពីររូប​ស្រលាញ់​មនុស្ស​ភេទ​ដូចគ្នា ត្រូវ​តុលាការ​កាត់ទោស​ដាក់ពន្ធនាគា​រ​ច្រើន​ខែ

    ទាហាន​ឥណ្ឌូណេស៊ី 2 រូប ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ 7 ខែ ព្រោះ​តែមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មនុស្ស​ភេទ​ដូចគ្នា ជា​ប្រការ​ដែល​កងទ័ព​របស់​ប្រទេស​នេះ​ចាត់ទុកថា​ជាស​កម្ម​ភាពមិន​ត្រឹមត្រូវ។

    AFP កាលពី​ថ្ងៃទី 30 វិច្ឆិកា បាន​យោងតាម​សេចក្ដីសម្រេច​កាលពី​ថ្ងៃទី 09 វិច្ឆិកា 2022 របស់​តុលាការយោធា​នៃ ប្រទេស​ឥ​ណ្ឌ​ណេ​ស៊ី បានឱ្យដឹងថា ទាហាន 2 រូប​ដែលមាន​ទំនាក់ទំនង​ស្នេហា​នឹង​មនុស្ស​ភេទ​ដូចគ្នា​ត្រូវបាន​បណ្ដេញ​ចេញពី​ជួរ​កងទ័ព។ ទាហាន​ទាំង 2 នាក់​នេះ​បាន​ចូល​បម្រើកងទ័ព​កាលពី​ឆ្នាំ​កន្លង និង​ឈរជើង​នៅលើ​កោះ​ជ្វា (Java)។

    «ការដែល​ជនជាប់ចោទ​ប្រព្រឹត្ត​អំពើ​រួមភេទ​ជាមួយនឹង​មនុស្ស​ភេទ​ដូចគ្នា​គឺជា​រឿង​ដែល​មិន​សមស្រប។ ក្នុងនាម​ជា​ទាហាន ជនជាប់ចោទ​ត្រូវតែ​ជា​គំរូ​ល្អ​សម្រាប់​មនុស្ស​នៅ​ជុំវិញ។ សកម្មភាព​របស់​ជន​ជាប់ចោទ​បាន​ដើរ​ផ្ទុយទៅនឹង​ច្បាប់​រដ្ឋ ឬ​គ្រប់​បញ្ញត្តិ​ផ្នែក​សាសនា» សាលក្រម​តុលាការ​កម្រាស់ 60 ទំព័រ មាន​ឃ្លា​សរសេរ​ដូច្នេះ។

    តុលាការ​កំពូល​ឥណ្ឌូណេស៊ី បាន​ចុះផ្សាយ​អំពី​សាលក្រម​ខាងលើ​កាលពី​សប្ដាហ៍​កន្លង ប៉ុន្តែ​រហូតដល់​យប់​ថ្ងៃទី 29 វិច្ឆិកា ទើប​ហេតុការណ៍​នេះ​ត្រូវបាន​គេ​ដឹង​ច្រើន បន្ទាប់ពី​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក Detik។

    ប្រធាន​អង្គការ​លើកលែងទោស​អន្តរជាតិ​ឥណ្ឌូណេស៊ី Usman Hamid បាន​ចោទប្រកាន់​ក្រុមមន្ត្រី​នៅ ឥណ្ឌូណេស៊ី ថា ចេញ​សាលក្រម​ដែល​បង្ហាញ​អំពី​ការ​ស្អប់ខ្ពើម​ក្រុម​សំឡេង​ភាគតិច ក្នុងនោះ​មាន​ទាំង​សហគមន៍​ភេទ​ទី​បី (LGBTQ) ផងដែរ៕

  • ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ សម្ពោធជាផ្លូវការភោជនីយដ្ឋានបឺហ្គឺរ QB សាខា PPIU

    ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ សម្ពោធជាផ្លូវការភោជនីយដ្ឋានបឺហ្គឺរ QB សាខា PPIU

    នៅថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2022នេះ ក្រុមហ៊ុន ហ្វាន់ ហ្វូដ បានសម្ពោធជា​ផ្លូវការ​ភោជនីយដ្ឋាន បឺហ្គឺរ QB សាខាទី 2 នៅក្នុងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិជាន់ផ្ទាល់ដី។

    បើតាមប្រសាសន៍របស់ លោក ងន ដេវីដសំបូរ Managing Director របស់ក្រុមហ៊ុន​ហ្វាន់ ហ៊្វូដ បានប្រាប់ឱ្យដឹងថា “ភោជនីយដ្ឋាន QB-Quick Bites ជាភោជនីយដ្ឋានប៊ឺហ្គឺរ​ដែល​ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ ទើបតែបង្កើតថ្មី  ដែលអតិថិជនអាចទទួលបាននូវប៊ឺហ្គឺររសជាតិថ្មី ដែលជា​ប្រភេទប៊ឺហ្គឺរធ្វើពីសាច់គោអូស្ត្រាលីសុទ្ធ100%។ នៅ QB អតិថិជន អាចជ្រើសរើស​ប៊ឺហ្គឺរ​ជាច្រើន​រសជាតិ ដូចជា ប៊ឺហ្គឺរសាច់ជ្រូក ប៊ឺហ្គឺរសាច់បង្គា ប៊ឺហ្គឺរសាច់ក្តាម ប៊ឺហ្គឺរសាច់ទា និងប៊ឺហ្គឺរ​សាច់មាន់ជាដើម។ មិនតែប៉ុណ្ណោះភោជនីយដ្ឋានក៏ផ្តល់ជូននូវមាន់បំពងជាច្រើន​រសជាតិផងដែរ”។

    លោក ងន ដេវីដសំបូរ បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ ក៏នៅ​មាន​ភោជនីយដ្ឋាន​ចំនួន4ទៀតដែលគ្រោងនឹងបើកក្នុងពេលឆាប់ៗខាងមុខនេះ ព្រមទាំងភោជនីយដ្ឋានជាច្រើនទៀតនៅក្នុងឆ្នាំ 2023។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏កំពុងសិក្សា ទៅលើការបង្កើតម៉ាកផ្សេងៗទៀត ដើម្បីផ្តល់ជូនមុខម្ហូបថ្មីដែលប្រកបដោយគុណភាព ប្រណីតភាព និងអនាម័យខ្ពស់ បង្កើតនូវបទពិសោធន៍ថ្មីៗក្នុងភោជនីយដ្ឋាន ជូនប្រជាជន​កម្ពុជា​យើងផងដែរ។

    ក្រុមហ៊ុនក៏មានសេវាកម្មរៀបចំម្ហូបអាហារដល់ទីតាំងជូនអតិថិជន (Catering Service) ផងដែរ ដែលមានមុខម្ហូបជាច្រើនជម្រើស ដូចជា ម្ហូបខ្មែរ ម្ហូបអឺរ៉ុប ម្ហូបជប៉ុន និងជាពិសេស​គឺ​ម្ហូប​ជប៉ុនដែលចម្អិនដោយចុងភៅផ្ទាល់​ ហៅថា “Teppanyaki at Home”។ ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ មាន​បទពិសោធន៍ផ្តល់សេវា Catering Service សម្រាប់កម្មវិធីតូចធំ ដែលអាចទទួល​ភ្ញៀវបាន​រហូត​ដល់ជាង 6000 នាក់។

    ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ ឯ.ក គឺជាក្រុមហ៊ុនមួយដែលមានចក្ខុវិស័យ “ក្លាយខ្លួនជាក្រុមហ៊ុន​នាំមុខគេនៅក្នុងវិស័យម្ហូបអាហារនៅប្រទេសកម្ពុជា រួមជាមួយនឹងការផ្តល់ជូននូវម្ហូប​អាហារ​ប្លែកៗ ក៏ដូចជាសេវាកម្មដ៏ល្អឥតខ្ចោះ”។

    ទីតាំងភោជនីយដ្ឋាន បឺហ្គឺរ QB សាខាទី 2 QB-Quick Bites សាខា PPIU ស្ថិតនៅជាន់ផ្ទាល់ដី ក្នុងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ លេខទូរស័ព្ទទំនាក់ទំនង៖ 085 333 128៕

  • គម្រោង​ផ្លូវ​ល្បឿន​លឿន 12 ខ្សែ ភ្ជាប់​ពី​ភាគ​ខាងជើង​មក​ភាគខាងត្បូង​របស់ វៀតណាម កំពុង​ត្រៀម​បើក​ការដ្ឋាន​សាងសង់

    គម្រោង​ផ្លូវ​ល្បឿន​លឿន 12 ខ្សែ ភ្ជាប់​ពី​ភាគ​ខាងជើង​មក​ភាគខាងត្បូង​របស់ វៀតណាម កំពុង​ត្រៀម​បើក​ការដ្ឋាន​សាងសង់

    ខែធ្នូ​ខាងមុខ វិស័យ​គមនាគមន៍​នៅ វៀតណាម នឹង​បើក​ការដ្ឋាន​អនុវត្ត​គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ឧត្ដរ-ទក្សិណ​ចំនួន 12 ខ្សែ សម្រាប់​ដំណាក់កាល 2021-2025។

    ក្រសួង​ដឹកជញ្ជូន​វៀតណាម កំពុងតែ​បង្ហើយ​នីតិវិធី​ដើម្បី​បើក​ការដ្ឋាន​សម្រាប់​កញ្ចប់​គ​ម្រោ​ង​ទាំង 12 ដែលជា​ផ្នែក​នានា​នៅក្នុង​គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ដែល​ត​ភ្ជាប់​ភាគ​ខាងជើង ភាគ​កណ្ដាល និង​ភាគខាងត្បូង ដំណាក់កាល 2021-2025 ដែលមាន​ទុនវិនិយោគ​សរុប 147,000,000,000,000 (147 ទ្រី​លាន) ដុង ដែល​ប្រហែល​នឹង 6 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    បណ្ដា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ខាងលើ​មាន​ប្រវែង​សរុប​ប្រមាណ 729 គីឡូម៉ែត្រ ដែល​អូសបន្លាយ​ពី​ភាគ​ខាងជើង មក​ភាគខាងត្បូង។ បច្ចុប្បន្ន ការងារ​វាយតម្លៃ និង​អនុម័ត​លើ​ឯកសារ​ស្ដីពី​បច្ចេកទេស ការប៉ាន់ប្រមាណ​តម្លៃ​សម្រាប់​កញ្ចប់​ដេញថ្លៃ​គម្រោង​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​រួចរាល់​ហើយ ដោយ​រង់ចាំតែ​ការកំណត់​ថ្ងៃ​សម្រាប់​ការដេញថ្លៃ​ការសាងសង់ និង​ការងារ​មួយចំនួន​តូច​ទៀត​ប៉ុណ្ណោះ។

    ខែធ្នូ​ខាងមុខនេះ វិស័យ​គមនាគមន៍​វៀតណាម ក៏​នឹង​ជំរុញ​ដំណើរ​ការត្រៀម​សម្រាប់​ការបើក​ឱ្យប្រើ​ប្រាស់ ក៏ដូចជា​ការដាក់​ឱ្យប្រើ​ប្រាស់​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ជើង-ត្បូង​ចំនួន 3 ខ្សែ​នៅ​ភាគ​ខាងជើង ភាគ​កណ្ដាល ភាគខាងត្បូង​ផងដែរ៕

  • ​កិច្ច​សន្យា​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​​លើឋាន​ព្រះចន្ទ ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​អាម៉េរិក​

    ​កិច្ច​សន្យា​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​​លើឋាន​ព្រះចន្ទ ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​អាម៉េរិក​

    ណាសា (NASA) បាន​ប្រគល់​កិច្ច​សន្យា​តម្លៃ​ជិត 60 លាន​ដុល្លារ​ទៅ​ឱ្យ​ក្រុមហ៊ុន​ ICON ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់​ឋាន​ព្រះចន្ទ​។

    ក្នុង​កិច្ច​ប្រឹង​ប្រែង​ស្វែង​រក​ដំណោះ​ស្រាយជាក់ស្ដែង​ដើម្បី​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​ដែល​មាន​ភាព​រឹង​មាំ​នៅ​លើ​ដី​ឋាន​ព្រះចន្ទ ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (NASA) បាន​បង្កើន​កិច្ច​សហការ​ជាមួយ​នឹង ICON ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​សំណង់​​​មួយ​នៅរដ្ឋ Texas ដែល​មាន​ឈ្មោះ​ល្បី​ក្នុង​ការ​សាងសង់​ផ្ទះ​បោះ​ពុម្ព 3D ​អាច​ស្នាក់​នៅ​បានដំបូង​គេ​ នៅ សហរដ្ឋ​អាម៉េរិក កាល​ពី​ឆ្នាំ 2018។

    យោងតាម​ប្រកាស​កាល​ពី​ថ្ងៃទី 29 វិច្ឆិកា ណាសា បាន​ប្រគល់​កិច្ច​សន្យា​តម្លៃ 57.2 លាន​ដុល្លារ​ ដែល​មាន​សុពល​ភាព​ដល់​ឆ្នាំ 2028 ទៅ​ឱ្យ ICON ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ដែល​អាច​ជួយ​ដល់​សកម្មភាព​ស្ថាបនា​សេដ្ឋា​រចនា​សម្ព័ន្ធនៅ​លើ​ឋាន​ព្រះចន្ទ មាន​​ដូច​ជា ទីលាន​ចុះ​ចត បរិយា​កាស​សម្រាប់​ការ​រស់​នៅ និង​ផ្លូវ​ចរាចរណ៍​ជា​ដើម​។

    កិច្ច​សន្យា​ថ្មីនេះ​គឺជា​ការ​បន្ត​កិច្ច​ប្រឹង​ប្រែង​របស់ ICON ទៅតាម​កិច្ច​សន្យា​ផ្ទួន​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី ណាសា និង​ទ័ព​អាកាស​របស់ អាម៉េរិក​ ដែល​មាន​ឈ្មោះ​ថា ការ​ស្រាវជ្រាវ​ប្ដូរផ្លាស់​សហគ្រាស​ធុនតូច (SBIR)។ ក្នុង​ដំណាក់​កាល​មុន​នោះ SBIR បាន​ពិនិត្យ​លទ្ធភាព​​ប្រើ​ប្រាស់​បច្ចេកវិទ្យា​បោះពុម្ព​ 3D ក្នុង​បេសកកម្ម​អវកាស​ និង​រុករក​ចំណុច​ប្រហាក់​ប្រហែល​គ្នា​រវាង​កម្មវិធី​ ទម្រង់​នៅ​លើ​ផែនដី និង​ក្រៅ​ផែន​ដី​។

    ដំណាក់​កាល​ទី 3 របស់ SBIR នឹង​ផ្ដោត​ទៅលើ​ការ​អភិវឌ្ឍប្រព័ន្ធ​ស្ថាបនា​គម្រោង​ Olympus របស់ ICON ក្នុង​ការ​ប្រើប្រាស់​ធនធាន​ដែល​មាន​ស្រាប់​នៅ​លើឋានព្រះចន្ទ​ និង​ភព​ព្រះអង្គារ ធ្វើ​ជា​វត្ថុធាតុ​សម្រាប់​​ការ​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​បម្រើ​ដល់​​បេសកកម្ម​យូរអង្វែង​។

    ICON ក៏​ចូល​រួម​ការ​ប្រកួត​ «សាកល្បង​បរិស្ថាន​រស់​នៅ​បែប 3D» របស់ ណាសា ផងដែរ​។ ក្រុម​ហ៊ុន​នេះ​បាន​សហការ​ជាមួយ​សាលា​អណ្ដូងរ៉ែ​ Colorado នៅ សហរដ្ឋ​អាម៉េរិក ហើយ​ទទួល​បាន​ពាន​រង្វាន់​សម្រាប់​គំរូ​រចនា​សម្ព័ន្ធ​បោះ​ពុម្ព​ 3D ដែល​ត្រូវ​បាន​បញ្ជាក់​អំពី​កម្រិត​នៃ​ភាព​រឹងមាំ ប្រាកដ​ប្រជាជា​ដើម នៅ​ក្នុង​ស្ថានភាព​អាកាស​ធាតុ​អាក្រក់៕

  • World Cup 2022 – នៅសល់​ 6 ក្រុម​ទៀត​ដែល​ត្រូវ​ឡើងទៅ​កាន់​វគ្គ 1/8

    World Cup 2022 – នៅសល់​ 6 ក្រុម​ទៀត​ដែល​ត្រូវ​ឡើងទៅ​កាន់​វគ្គ 1/8

    មកដល់​បច្ចុប្បន្ន មាន 10 ក្រុម​ហើយ​ដែល​ដណ្ដើមបាន​សំបុត្រ​ឡើងទៅ​កាន់​វគ្គ 1/8 របស់ World Cup 2022 នៅ ប្រទេស​កាតា ក្រោយពី​ការប្រកួត​មួយចំនួន​កាលពី​យប់​ថ្ងៃទី 30 វិច្ឆិកា ក្នុងនោះ​សាខា​ចំនួន 2 នៅ​វគ្គ 8 ក្រុម​នេះ​ត្រូវបាន​កំណត់​រួចហើយ។

    4 ពូ​ល​ដំបូង​បានបញ្ចប់​ដោយ​មិនបាន​បង្ក​ការភ្ញាក់ផ្អើល​ច្រើន។ ក្រុម​ខ្លាំង​ដូចជា ហូ​ឡង់ អង់គ្លេស អា​ហ្ស​ង់​ទីន និង បារាំង សុទ្ធតែ​ឈរ​កំពូល​តារាង។ សេ​ណេ​ហ្កា​ល់ សហរដ្ឋ​អាម៉េរិក ប៉ូឡូញ និង អូស្ត្រាលី ឈរលើ​ចំណាត់ថ្នាក់​លេខ 2 ក្នុង​ពូ​លនីមួយ។

    4 គូ​ដំបូង​នៅ​វគ្គ 1/8 ត្រូវបាន​កំណត់​រួចហើយ ក្នុងនោះ ហូ​ឡង់ នឹង​ប៉ះ សហរដ្ឋ​អាម៉េរិក, អា​ហ្ស​ង់​ទីន ប៉ះ អូស្ត្រាលី, អង់គ្លេស ប៉ះ សេ​ណេ​ហ្កា​ល់ និង បារាំង ត្រូវ​ទាត់​នឹង ប៉ូឡូញ។ បើសិន​បណ្ដា​ក្រុម​ដែល​ត្រូវបាន​វាយតម្លៃថា​ខ្លាំង​ជាង សុទ្ធតែ​ឈ្នះ នោះ World Cup 2022 អាច​នឹង​បានឃើញ ហូ​ឡង់ ប៉ះ អា​ហ្ស​ង់​ទីន និង អង់គ្លេស ប៉ះ បារាំង ក្នុង​វគ្គ 8 ក្រុម​បន្ទាប់​នេះ។

    4 ពូ​ល​ចុងក្រោយ​នឹងត្រូវ​ប្រកួត​ជា​បន្តបន្ទាប់​នៅ​យប់​ថ្ងៃទី 01 ធ្នូ និង 02 ធ្នូ ដើម្បី​រក 4 គូ​ទៀត​ឡើងទៅ​កាន់​វគ្គ 1/8។ ក្នុងនោះ ប្រេ​ស៊ី​ល និង ព័រទុយហ្កាល់ បាន​ប្រាកដថា​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល បើ​ទោះ​មិនទាន់​ដឹង​ច្បាស់​ថា នឹងត្រូវ​ឡើងទៅ​កាន់​សាខា​ណាមួយ​នៅ​វគ្គ 8 ក្រុម ព្រោះថា ពួកគេ​សុទ្ធតែ​ត្រូវការ​តែ​លទ្ធផល​ស្មើ​នៅ​ជុំ​ចុងក្រោយ ដើម្បី​នាំមុខគេ​នៅ​ពូ​ល G និង H។ ពេលនោះ ប្រេ​ស៊ី​ល នឹង​ធ្លាក់​ទៅក្នុង​សាខា​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែលមាន អា​ហ្ស​ង់​ទីន ចំណែក ព័រទុយហ្កាល់ នឹង​ស្ថិតក្នុង​សាខា​ដែលមាន អង់គ្លេស និង​បារាំង។

    មកដល់ពេលនេះ មាន 9 ក្រុម​ត្រូវបាន​ជម្រុះ​ពី World Cup 2022 និង 10 ក្រុម​បាន​បន្តដំណើរ។ នៅមាន 13 ក្រុម​​ទៀត​ដែល​ត្រូវ​ដណ្ដើម​សំបុត្រ​ចំនួន 6 ដែល​នៅ​សល់ ដើម្បី​ឡើងទៅ​កាន់​វគ្គ​ 8 ក្រុម​ ជា​វគ្គ​ជម្រុះ​ផ្ទាល់ (knock-out) ដែលមាន​អត្រា​ជិត​ស្មើនឹង មួយ​ទល់នឹង​មួយ។ អេ​ស្ប៉ា​ញ ក្រូ​អាត និង ម៉ា​រ៉ុ​ក សុទ្ធតែ​ត្រូវ​ការ​តែ​លទ្ធផល​ស្មើ​នៅ​ជុំ​ចុងក្រោយ​ដើម្បី​បន្តដំណើរ ចំណែក​បណ្ដា​ក្រុម​​ក្រៅពីនេះ​គឺ​ត្រូវតែ​ឈ្នះ ឬ​ឈ្នះ​ច្រើន​ទើប​អាច​ឡើងទៅ​វគ្គ​បន្ទាប់។

    វគ្គ 8 ក្រុម​ចុង​ក្រោយ​ (ពាក្យ TBD ឬ To Be Declared មាន​ន័យថា មិន​ទាន់​ដឹង​)

    2 ក្រុម​ដែល​ត្រូវបាន​វាយតម្លៃ​ខ្ពស់ កំពុង​តែមាន​ហានិភ័យ​ត្រូវ​ជម្រុះ នោះ​គឺ អាល្លឺម៉ង់ និង បែលហ្ស៊ិក។ អាល្លឺម៉ង់ ត្រូវការ​ឈ្នះ ក្រូ​អាត នៅ​ជុំ​ចុងក្រោយ ហើយ​សង្ឃឹមថា ជប៉ុន នឹងមិន​ឈ្នះ អេ​ស្ប៉ា​ញ។ ចំណែក បែលហ្ស៊ិក វិញ ត្រូវតែ​ឈ្នះ ក្រូ​អាត ដើម្បី​បាន​ចូល​វគ្គ 1/8។

    ពិន្ទុ​របស់​បណ្ដា​ក្រុម​នៅ​ពូ​ល G និង H កំពុងតែ​ដូចគ្នា ហើយ​គូប្រកួត ស៊ែ​ប៊ី – ស្វ៊ី​ស និង ហ្កា​ណា – អ៊ុយ​រូ​ហ្កា​យ នៅ​ពូ​លនីមួយៗនឹងមាន​អំណាច​ច្រើន​ក្នុងការ​កំណត់​ទៅលើ​ដំណើរ​បន្ទាប់​របស់​ពួកគេ។ ក្រុម​ដែល​ឈ្នះ​ក្នុង 2 គូ​នេះ នឹងមាន​ឱកាស​ច្រើន​ក្នុង​ការឡើង​ទៅកាន់​វគ្គ​ជម្រុះ​ផ្ទាល់។ ព្រោះថា គូប្រកួត​ក្រៅពីនេះ គឺ ប្រេ​ស៊ី​ល និង ព័រទុយហ្កាល់ សុទ្ធតែ​ពី​បាក​ចាញ់៕

  • ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃថ្មី​សម្រាប់​ការ​លក់រាយប្រេងឥន្ធនៈ តាមស្ថានីយ​ទូទាំង​ប្រទេស

    ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃថ្មី​សម្រាប់​ការ​លក់រាយប្រេងឥន្ធនៈ តាមស្ថានីយ​ទូទាំង​ប្រទេស

    នាព្រឹក​ថ្ងៃទី 01 តុលា 2022 នេះ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី 01 ដល់ 10 ធ្នូ 2022។

    យោងតាមសេចក្ដី​ប្រកាស​ថ្មី​នេះ ប្រេងសាំងធម្មតាត្រូវលក់តម្លៃ 4,200 រៀល/លីត្រ (ចុះ 150 រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ 4,650 រៀល/លីត្រ (ចុះ 350 រៀល)។

  • សហរដ្ឋ​អាម៉េរិក ចំណាយ​ជាង 1 ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​មី​ស៊ី​ល NASAMS ឱ្យ អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក ចំណាយ​ជាង 1 ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​មី​ស៊ី​ល NASAMS ឱ្យ អ៊ុយ​ក្រែ​ន

    កងទ័ពជើងគោក​អាម៉េរិក ប្រគល់​កិច្ចព្រមព្រៀង​តម្លៃ​ជាង 1 ពាន់​លាន​ដុល្លារ​ឱ្យ​ក្រុមហ៊ុន Raytheon ដើម្បី​ផលិត​ប្រព័ន្ធ​ការពារ​ដែនអាកាស NASAMS ចំនួន 6 គ្រឿង សម្រាប់​ផ្គត់ផ្គង់​ឱ្យ ទីក្រុង​កៀវ។

    មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី 30 វិច្ឆិកា បានប្រកាសថា កងទ័ពជើងគោក​អាម៉េរិក បានប្រគល់​កិច្ចព្រមព្រៀង​តម្លៃ 1.2 ពាន់​លាន​ដុល្លារ​ទៅឱ្យ​ក្រុមហ៊ុន​ការពារជាតិ Raytheon ដើម្បី​ផលិត និង​ផ្គត់ផ្គង់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​រយៈ​ចម្ងាយ​មធ្យម NASAMS អម​ជាមួយនឹង​ការហ្វឹកហ្វឺន និង​ជួយ​ដល់​ផ្នែក​ដឹកជញ្ជូន​សម្រាប់​កងទ័ព​របស់ ប្រទេស​អ៊ុយ​ក្រែ​ន។

    ប្រព័ន្ធ NASAMS ចំនួន 6 គ្រឿង​នេះ ស្ថិតក្នុង​កញ្ចប់​ជំនួយ​ទី 5 ដែលមាន​តម្លៃ​សរុប 2.98 ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​ស្ថិតក្នុង​គំនិត​ផ្ដួចផ្ដើម​ជំនួយ​យោធា​សម្រាប់ អ៊ុយ​ក្រែ​ន (USAI)។ មូលនិធិ USAI ដែល​ត្រូវបាន​បង្កើតឡើង​ដោយ សភា​អាម៉េរិក នេះ អនុញ្ញាតឱ្យ ប្រធានាធិបតី ចូ បៃ​ដិ​ន ទិញ​អាវុធ​ពី​បណ្ដា​ក្រុមហ៊ុន​ការពារជាតិ ជំនួស​ឱ្យ​ការយក​ពី​ឃ្លាំង​របស់ សហរដ្ឋ​អាម៉េរិក ដើម្បី​ផ្ដល់ឱ្យ អ៊ុយ​ក្រែ​ន។

    ប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈចម្ងាយមធ្យម NASAMS

    មកដល់ពេលនេះ មិនទាន់​ដឹង​ច្បាស់​ថា ប្រព័ន្ធ​ទាំងនេះ​នឹងត្រូវ​បញ្ចេញ និង​ប្រគល់ឱ្យ អ៊ុយ​ក្រែ​ន នៅពេលណា​នៅឡើយ។

    សហរដ្ឋ​អាម៉េរិក គឺជា​ភាគី​ដែល​ផ្ដល់ជំនួយ​យោធា​ច្រើនជាងគេបង្អស់​សម្រាប់ អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​អាវុធ​ធុន​ធ្ងន់​ដូចជា ប្រព័ន្ធ​រ៉ុក្កែត HIMARS, កាំភ្លើង​ធំ M777 និង​មី​ស៊ី​ល​ការពារ​ដែនអាកាស NASAMS ជាដើម។ ក្រសួងការបរទេស​អា​ម៉េ​រិ​ក ឱ្យដឹងថា ជំនួយ​សរុប​របស់ អាម៉េរិក សម្រាប់ អ៊ុយ​ក្រែ​ន រាប់​ចាប់ពី​ខែមករា 2021 គឺ​ប្រហែល 19.7 ពាន់​លាន​ដុល្លារ៕

  • អាម៉េរិក ថា មេដឹកនាំភេរវកម្ម IS ត្រូវ​ក្រុម​បះបោរ​នៅ​ប្រទេស​ស៊ី​រី សម្លាប់

    អាម៉េរិក ថា មេដឹកនាំភេរវកម្ម IS ត្រូវ​ក្រុម​បះបោរ​នៅ​ប្រទេស​ស៊ី​រី សម្លាប់

    កងទ័ព​អាម៉េរិក ឱ្យដឹងថា មេដឹកនាំ IS ឈ្មោះ Abu al-Hassan al-Hashemi al-Quraishi ត្រូវបាន​សម្លាប់​ដោយ​ក្រុម​បះបោរ​នៅ ប្រទេស​ស៊ី​រី កាលពី​ពាក់កណ្ដាល​ខែតុលា 2022។

    អ្នកនាំពាក្យ​របស់ កងទ័ព​អាម៉េរិក កាលពី​ថ្ងៃទី 30 វិច្ឆិកា បានឱ្យដឹងថា មេដឹកនាំ​ក្រុម​ភេរវ​ករ​រដ្ឋ​អ៊ីស្លាម (IS) ឈ្មោះ Abu al-Hassan al-Hashemi al-Quraishi ត្រូវបាន​សម្លាប់​នៅក្នុង​យុទ្ធនាការ​យោធា​របស់ កងទ័ព​សេរី​ស៊ី​រី (FSA) តាំងពី​ខែតុលា នៅឯ​ខេត្ត Daraa។ អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា ពុំមាន​ទាហាន​របស់ សហរដ្ឋ​អាម៉េរិក ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ទេ។

    មុន​នោះ អ្នកនាំពាក្យ​របស់ ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាម៉េរិក John Kirby និយាយថា ទីក្រុង​វ៉ា​ស៊ី​ង​តោន សាទរ​ចំពោះ​ព័ត៌មាន​ដែលថា មេដឹកនាំ​ម្នាក់ទៀត​របស់ IS ត្រូវបាន​កម្ចាត់ ប៉ុន្តែ នឹង​នៅតែ​តាមដាន​ព័ត៌មាន​ជា​បន្ត។

    IS មុន​នោះ​ក៏បាន​ប្រកាសថា មេដឹកនាំ​កំពូល Abu al-Hassan ត្រូវបាន​សម្លាប់​នៅក្នុង​ការប្រយុទ្ធ​ជាមួយ «សត្រូវ​របស់​ព្រះ​អម្ចាស់» ប៉ុន្តែ មិនបាន​លើកឡើង​អំពី​ពេលវេលា និង​ស្ថានភាពស្ដីពី​ការ​ស្លាប់​របស់​​មេដឹកនាំ​នេះ​។

    ក្រុម IS បន្ថែមថា ពួក​គេ​បានជ្រើសរើស Abu al-Husayn al-Husayni al-Qurashi ជា​មេដឹកនាំ​ថ្មី​ទី 4 និង​អំពាវនាវ​ដល់​សមាជិក​ទាំងអស់ មាន​ភក្ដីភាព​ចំពោះ​មេដឹកនាំ​ថ្មី។ បច្ចុប្បន្ន​មិនទាន់មាន​ព័ត៌មាន​ស្ដីពី Abu al-Husayn នៅឡើយ។

    FSA គឺជា​ក្រុម​បះបោរ​ប្រដាប់អាវុធ​នៅ ស៊ី​រី ដែល​គាំទ្រ​ដោយ តួ​ក​គី ដើម្បី​ទប់ស្កាត់​ការគ្រប់គ្រង​ទឹកដី​ពី​សំណាក់​កងជីវពល​ជនជាតិ​ឃឺ​ដ និង​រារាំង​ជនភៀសខ្លួន​ពី ស៊ី​រី ចូល​ទឹកដី​តួ​ក​គី។ ក្រុម FSA ត្រូវបាន រដ្ឋាភិបាល​ស៊ី​រី និង រុស្ស៊ី ចាត់ទុកជា​ក្រុម​ភេរវកម្ម។

    IS បាន​រង​ការវាយប្រហារ​ខ្លាំងក្លា​ចាប់តាំងពី Abu Bakr al-Baghdadi ដែលជា​ស្ថាបនិក​របស់​ក្រុម​នេះ​ត្រូវបាន​កម្ចាត់​នៅក្នុង​ការ​វាយឆ្មក់​របស់ អាម៉េរិក នៅ Idlib កាលពី​ឆ្នាំ 2019។ តាំងពី​ពេល​បាត់បង់​មូលដ្ឋាន​ចុងក្រោយ​នៅ​តំបន់​សមុទ្រ​ខ្សាច់​នៅ​ភាគ​ខាងកើត​របស់ ប្រទេស​ស៊ី​រី កាលពី​ខែ មីនា 2019 ទាហាន​របស់ IS ក៏បាន​ដកថយ​ទៅ​លាក់ខ្លួន​ក្នុង​សមុទ្រ​ខ្សាច់ ហើយ​ពេលខ្លះ​ក៏​ចេញមក​វាយឆ្មក់​លើ​កង​កម្លាំង​របស់ ជនជាតិ​ឃឺ​ដ និង រដ្ឋាភិបាល​ស៊ី​រី៕

  • រោងចក្រ​ផលិត​បាល់​មួយ​លាន​គ្រាប់​សម្រាប់​ជាវ​ត្ថុ​អនុស្សាវរីយ៍ World Cup 2022

    រោងចក្រ​ផលិត​បាល់​មួយ​លាន​គ្រាប់​សម្រាប់​ជាវ​ត្ថុ​អនុស្សាវរីយ៍ World Cup 2022

    បើទោះជា​ក្រុមបាល់ទាត់​ជម្រើសជាតិ​មិនបាន​ចូលរួម​ទាត់​នៅ World Cup 2022 ប៉ុន្តែ ឥណ្ឌូណេស៊ី នៅតែ​ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​នៅពេល​ផលិត​បាល់ Al Rihla (ដែលជា​បាល់​ផ្លូវការ​សម្រាប់​ការប្រកួត​នៅ World Cup 2022) ចំនួន 1 លាន​គ្រាប់​សម្រាប់​ជា​អនុស្សាវរីយ៍។

    កំណែ​ចម្លង​ជា​អនុស្សាវរីយ៍​របស់​បាល់ Al Rihla កំពុងតែ​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន PT Global Way នៅ Madiun ខេត្ត​ជ្វា​ខាងកើត នៃ ប្រទេស​ឥណ្ឌូណេស៊ី។

    ខេត្ត​ខាងលើ​គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​រួមចំណែក​ជាង 15% ទៅក្នុង GDP របស់ ឥណ្ឌូណេស៊ី ដោយមាន​ភាពល្បីល្បាញ​ក្នុង​វិស័យ​ឧស្សាហកម្ម​ធុន​ធ្ងន់​ដូចជា ការសាងសង់​កប៉ាល់ ផលិត​ស៊ីម៉ង់ និង​ក្រដាស់​ជាដើម។ល។

    កាលពី​ឆ្នាំ 2019 PT Global Way បានចាប់ផ្ដើម​បើក​រោងចក្រ​ផលិត​បាល់ Al Rihla នៅ ខេត្ត​ជ្វា​ខាងកើត និង​រើស​កម្មករ 2,000 នាក់។ គម្រោង​នេះ​បានរួម​ចំណែក​ជួយ​ឱ្យ​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​កើនឡើង 3.34% ក្នុងដំណាក់កាល 2020-2021 នេះ​បើតាម Ahmad Dawami ដែលជា​មន្ត្រី​មួយរូប​នៅ Madiun។

    Dawami ឱ្យដឹងថា បាល់​អនុស្សាវរីយ៍​ប្រហែល 1 លាន​គ្រាប់​ត្រូវបាន​រោងចក្រ​របស់ PT Global Way ផលិត និង​នាំចេញ​ទៅកាន់ ប្រេ​ស៊ី​ល, សហរដ្ឋ​អាម៉េរិក, អាល្លឺម៉ង់, អារ៉ាប់​រួម ក្នុង​ព្រឹត្តិការណ៍ World Cup 2022 នៅ ប្រទេស​កាតា។

    បាល់ Al Rihla នៅ World Cup 2022

    រោងចក្រ​នេះ​បានផ្ដល់​ការងារ​រាប់ពាន់​កន្លែង​សម្រាប់​កម្មករ​វ័យក្មេង នៅពេល​សេដ្ឋកិច្ច​របស់ ឥណ្ឌូណេស៊ី ក៏ដូចជា​ពិភពលោក កំពុង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​រាតត្បាត​សកល និង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    គ្រាប់​បាល់ Al Rihla ដែល​មានន័យថា «ការធ្វើដំណើរ» នៅក្នុង​ភាសា​អារ៉ាប់ គឺជា​សមិទ្ធផល​បច្ចេក​វិទ្យា​របស់ Adidas។ ក្រុមហ៊ុន​អាល្លឺម៉ង់​នេះ បាន​ផ្គត់ផ្គង់​បាល់​សម្រាប់ World Cup ចាប់តាំងពី​ឆ្នាំ 1970។ Al Rihla គឺជា​បាល់​ផ្លូវការ​ទី 14 របស់ World Cup៕

  • Messi ក្ដៅក្រហាយ​ចិត្ត​ព្រោះតែ​ទាត់​បាល់​ពិន័យ​ប៉េណាំងទី​មិនបាន​ជោគជ័យ

    Messi ក្ដៅក្រហាយ​ចិត្ត​ព្រោះតែ​ទាត់​បាល់​ពិន័យ​ប៉េណាំងទី​មិនបាន​ជោគជ័យ

    Lionel Messi មិន​ពេញចិត្ត​ជាមួយនឹង​ខ្លួនឯង​នៅពេល​បរាជ័យ​ក្នុងការ​ទាត់​បាល់​ពិន័យ​ប៉េ​ណាំង​ទី ក្នុងការ​ប្រកួត​ដែល អា​ហ្ស​ង់​ទីន ឈ្នះ ប៉ូឡូញ 2-0 នៅ​ពូ​ល C របស់ World Cup 2022 កាលពី​ថ្ងៃទី 30 វិច្ឆិកា។

    «ខ្ញុំ​ក្ដៅចិត្ត​ណាស់​ព្រោះតែ​ទាត់​ឱ្យ​ខូច​បាល់​ប៉េ​ណាំង​ទី» Messi ថ្លែង​ដូច្នេះ​នៅក្នុង​ការសម្ភាស​ក្រោយ​ការប្រកួត។ «ប៉ុន្តែ ក្រុម​ទាំងមូល​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងក្លា​បន្ទាប់ពី​កំហុស​របស់ខ្ញុំ។ ពួកយើង​ដឹងថា នៅពេល​រកបាន​គ្រាប់​បាល់​ដំបូង ការប្រកួត​នឹង​ផ្លាស់ប្ដូរ ហើយ ប៉ូឡូញ នឹងត្រូវ​លេង​បើកចំហ​ជាង»។

    Messi គឺជា​កីឡាករ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ World Cup ដែល​ត្រូវបាន​អ្នកចាំទី​រារាំង​បានសម្រេច​រហូតដល់​ទៅ 2 ដង នៅក្នុង​ការទា​ត់បាល់​ពិន័យ។ ម្ចាស់​គ្រាប់​បាល់​មាស​ចំនួន 7 នេះ បាន​បំបែក​ឯកទគ្គកម្ម​ដ៏​ក្រៀមក្រំ​នេះ​នៅ​នាទី​ទី 37 ក្នុងការ​ប្រកួត​ជាមួយ ប៉ូឡូញ។ នេះ​គឺជា​ការ​ទាត់​ខូច​បាល់​ពិន័យ​ប៉េ​ណាំង​ទី​ទី​ពីរ​ក្នុងចំណោម​បាល់​ពិន័យ​ចំនួន 3 ដែល Messi បាន​ទាត់​នៅ​រដូវ​កាល​នានា​របស់ World Cup។

    ការប្រកួត​ជុំ​ចុងក្រោយ​នៃ​ពូ​ល C កាលពី​ថ្ងៃទី 30 វិច្ឆិកា គឺជា​ការប្រកួត​ទី 22 របស់ Messi នៅ World Cup ហើយ​នេះ​នាំឱ្យ​គាត់​ក្លាយជា​កីឡាករ​ដែល​បាន​ចូលរួម​ច្រើន​ប្រកួត​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ World Cup។

    ថ្វីបើ Messi ទាត់​បាល់​ពិន័យ​ប៉េ​ណាំង​ទី​មិនបាន​សម្រេច ប៉ុន្តែ បាល់ 2 គ្រាប់​ដែល​រកបាន​ដោយ Alexis MacAllister និង Julian Alvarez បាន​ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ឈ្នះ ប៉ូឡូញ 2-0 កាលពី​យប់​ម្សិលមិញ ដូច្នេះ ក្រុម​នេះ​ក៏បាន​ឡើងទៅ​កាន់​វគ្គ 1/8 ក្នុងនាម​ជា​ក្រុម​គ្រប់គ្រង​ពូ​ល C។

    https://www.youtube.com/watch?v=_u4iHItlxM0

    នៅ​ជុំ​ជម្រុះ​ដំបូង​នៃ​វគ្គ 1/8 អា​ហ្ស​ង់​ទីន នឹងត្រូវ​ជួប អូស្ត្រាលី ដែលជា​ក្រុម​ឈរ​ចំណាត់ថ្នាក់​ទី 2 នៅក្នុង​ពូ​ល D។ Messi យល់ថា នេះ​នឹង​ជាការ​ប្រកួត​លំបាក​សម្រាប់​គាត់ និង​ក្រុម​របស់គាត់។

    បើសិនជា​ឈ្នះ អូស្ត្រាលី នៅ​វគ្គ 1/8 អា​ហ្ស​ង់​ទីន នឹងត្រូវ​ប៉ះ​ជាមួយ​ក្រុម ហូ​ឡង់ ឬ សហរដ្ឋ​អាម៉េរិក នៅ​វគ្គ 8 ក្រុម។ អាម៉េរិក មិនទាន់​ត្រូវបាន​ចាត់ទុកថា​ជា​គូប្រជែង​ស្មើមុខស្មើមាត់​ជាមួយនឹង អា​ហ្ស​ង់​ទីន ខណៈដែល ហូ​ឡង់ បានបង្ហាញ​របៀប​លេង​ដែល​មិន​គួរឱ្យ​ចាប់អារម្មណ៍​នៅ World Cup 2022៕