Author: សឿន សំណាង

  • អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​នៅ​អង់គ្លេស ទិញ​ក្រុម​បី​សាច​ក្រហម Man United

    អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​នៅ​អង់គ្លេស ទិញ​ក្រុម​បី​សាច​ក្រហម Man United

    អ្នកមាន​ជាងគេ​នៅ​អង់គ្លេស Sir Jim Ratcliffe បាន​ចូល​រួមការ​ប្រជែង​ទិញ​ក្រុម​បី​សាច​ក្រហម Manchester United នេះ​បើតាម​សារព័ត៌មាន The Sun។

    ក្លឹប​ម្ចាស់​ទីលាន Old Trafford ត្រូវបាន​ប្រធាន Glazer ដាក់លក់​កាលពី​ខែវិច្ឆិកា 2022 ហើយថ្មីៗនេះ Ratcliffe បាន​បញ្ជាក់ថា លោក​កំពុង​ចូលរួម​ប្រជែង​ដើម្បី​ក្លាយជា​ម្ចាស់​ក្លឹប​នេះ។

    ទោះជា​យ៉ាងណាក៏ដោយ ការ​ទិញដូរ​អាចទៅរួច​លុះណាតែ Ratcliffe ហ៊ាន​ចំណាយ​ប្រាក់​មិន​ក្រោម 5 ពាន់​លាន​ផោន ដែល​ប្រហែល​នឹង 6 ពាន់​លាន​​ដុល្លារ​អាម៉េរិក ទៅឱ្យ​គ្រួសារ Glazer។

    មហាសេដ្ឋី Sir Jim Ratcliffe អ្នកមានជាងគេនៅអង់គ្លេស
  • ឥណ្ឌា​ទំនងជា​បានឈ្នះ​ចិន ក្លាយជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​លើ​ពិភពលោក

    ឥណ្ឌា​ទំនងជា​បានឈ្នះ​ចិន ក្លាយជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​លើ​ពិភពលោក

    ចំនួន​ប្រជាជន​របស់​ប្រទេស​ឥណ្ឌា មកដល់​ចុងឆ្នាំ 2022 ទំនង​ជាមាន​ច្រើនជាង​ប្រទេស​ចិន 5 លាន​នាក់ និង​ក្លាយជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​ជាងគេ​លើ​ពិភពលោក។

    យោងតាម​ការ​គណនារ​បស់ World Population Review (WPR) ដែលជា​អង្គការ​ឯករាជ្យ​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​សហរដ្ឋ​អាម៉េរិក ចំនួន​ប្រជាជន​ជន​នៅ​ឥណ្ឌា គិត​ត្រឹម​ចុងឆ្នាំ 2022 គឺ 1.417 ពាន់​លាន​នាក់ ខ្ពស់ជាង 5 លាន​នាក់ បើ​ធៀប​នឹង​ប្រទេស​ចិន។

    ឥណ្ឌា ប្រទេស​មាន​ប្រជាជន​ចំនួន​ពាក់កណ្ដាលដែល​​មាន​អាយុ​ក្រោម 30 ឆ្នាំ នឹង​ក្លាយជា​ខឿនសេដ្ឋកិច្ច​ធំ​មួយ​ដែល​រីកចម្រើន​លឿន​ជាងគេ​លើ​ពិភពលោក​ក្នុង​ប៉ុន្មាន​ឆ្នាំ​ទៀត។ ដើម្បី​ប្រើប្រាស់​ចំណុចខ្លាំង​ផ្នែក​ប្រជាសាស្ត្រ​នេះ ឥណ្ឌា​ត្រូវ​​ការ​​បង្កើត​ការងារ​ថ្មី​ដល់​ប្រជាជន​រាប់លាន​នាក់​ជា​រៀងរាល់ឆ្នាំ នៅពេលដែល​កសិករ​ជាច្រើន​បោះបង់​ស្រែចំការ។

    ចំណែក​អង្គការសហប្រជាជាតិ​វិញ បាន​គណនា​ឃើញថា ឥណ្ឌា​នឹង​ក្លាយជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​បង្អស់​នៅ​ចុងឆ្នាំ​នេះ។ ដោយសារតែ​ផលប៉ះពាល់​ពី​វិបត្តិ​សុខភាព ឆ្នាំ 2021 ឥណ្ឌា​មិនបាន​ប្រកាស​ទិន្នន័យ​ស្ដីពី​ការ​ជំរឿន​​ដែល​ធ្លាប់​ធ្វើឡើង​រៀងរាល់​មួយ​ទសវត្សរ៍​ម្ដង​នោះទេ។

    អង្គការសហប្រជាជាតិ​បាន​រកឃើញថា ជាង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​ដែល​គ្រោង​នឹង​កើនឡើង​នៅ​ទូទាំង​សកលលោក គិត​ចាប់ពី​ឆ្នាំ 2022 ដល់ 2050 គឺ​ភាគច្រើន​ប្រមូលផ្ដុំ​នៅក្នុង 8 ប្រទេស រួមមាន កុង​ហ្កោ អេ​ហ្ស៊ី​ប អេ​ត្យូ​ពី ឥណ្ឌា នី​ហ្សេ​រី​យ៉ា ប៉ា​គី​ស្ថាន ហ្វ៊ី​លី​ពី​ន និង​តង់សានី៕

  • គម្រោង​ស្ថាបនា​ព្រលានយន្តហោះ​អន្តរជាតិ​កោះរ៉ុង នឹង​ចំណាយ​ថវិកា 300 លាន​ដុល្លារ​អាម៉េរិក

    គម្រោង​ស្ថាបនា​ព្រលានយន្តហោះ​អន្តរជាតិ​កោះរ៉ុង នឹង​ចំណាយ​ថវិកា 300 លាន​ដុល្លារ​អាម៉េរិក

    នា​ថ្ងៃទី 18 មករា 2023 នេះ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល និង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌី​វេ​ឡូ​ប​មេន បានរៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់ និង​ទទួលស្គាល់​ផែនការមេ លើ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​អេកូ​ទេសចរណ៍​កោះរ៉ុង នៅ​តំបន់​អភិវឌ្ឍន៍​កោះរ៉ុង ខេត្ត​ព្រះសីហនុ។

    ពិធី​ចុះហត្ថលេខា​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​សណ្ឋាគារ Cambodiana ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល។

    យោងតាម​កិច្ចព្រមព្រៀង គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​កោះរ៉ុង (លំដាប់ 4 C) នឹង​ចំណាយ​ថវិកា​ប្រមាណ 300 លាន​ដុល្លារ និង​សាងសង់​ក្នុង​រយៈពេល 5 ឆ្នាំ។

  • ការ​​ស្ថាបនា​បណ្ដាញ​បំពង់​បង្ហូរ​អុកស៊ីសែន​លើ​ផ្ទៃ​ព្រះ​ចន្ទ កំពុង​ត្រូវ​បាន​ណា​សា​​ពិចារណា

    ការ​​ស្ថាបនា​បណ្ដាញ​បំពង់​បង្ហូរ​អុកស៊ីសែន​លើ​ផ្ទៃ​ព្រះ​ចន្ទ កំពុង​ត្រូវ​បាន​ណា​សា​​ពិចារណា

    (សហរដ្ឋ​អាម៉េរិក) – ណា​សា (NASA) កំពុង​ពិចារណា​លើ​ការប្រើប្រាស់​បណ្ដាញ​​បំពង់​បង្ហូរ​អុកស៊ីសែន​​ដើម្បី​នាំ​អុកស៊ីសែន​ទៅកាន់​ទីតាំងផ្សេងៗគ្នា​នៅ​ជុំវិញ​តំបន់​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ នៅក្នុង​បេសកកម្ម Artemis បន្ទាប់។

    Peter Curreri ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​របស់​ក្រុមហ៊ុន Lunar Resources Inc, បាន​អធិប្បាយ​លំអិត​អំពី​បញ្ហា​ចំពោះ​គម្រោង​ដឹក​អុកស៊ីសែន​ដោយ​រ៉ូ​បូត​ស្វ័យប្រវត្ត​បច្ចុប្បន្ន​របស់​ណា​សា។ Curreri បញ្ជូន​សំណើ​របស់​ខ្លួន​ទៅ​កាន់​ណាសា សម្រាប់​កម្មវិធី Innovative Advanced Concepts (NIAC) ដែល​អនុវត្ត​ដោយ​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​នេះ។ ក្រុម​របស់លោក Curreri ស្ថិតក្នុង​ចំណោម 14 ក្រុម​ដែល​ទទួលបាន​ថវិកា 175,000 ដុល្លារ ដើម្បី​អភិវឌ្ឍ​​គំនិត​របស់​ពួកគេ នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 17 មករា។

    បណ្ដាញ​បំពង់​បង្ហូរ​អុកស៊ីសែន​លើ​ផ្ទៃ​ព្រះ​ចន្ទ​នៅក្នុង​សំណើ​ដែលមាន​ឈ្មោះថា Lunar South Pole Oxygen Pipeline (LSPOP) ត​ភ្ជាប់​ជាមួយនឹង​មជ្ឈមណ្ឌល​រុករក​ទឹកកក​របស់​ណា​សា​នៅ​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ។ ទាំង​សហរដ្ឋ​អាម៉េរិក ចិន និង​រុស្ស៊ី សុទ្ធតែ​ផ្ដោតលើ​តំបន់​នេះ ដោយសារ​តែមាន​ផ្ទុក​ទឹកកក​ជាច្រើន រួម​នឹង​ធនធាន​ដទៃទៀត​នៅ​ខាងក្រោម​ស្រទាប​លើរបស់​ព្រះចន្ទ។ ទឹកកក​នោះ​នឹង​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​គម្រោង​នាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ ព្រោះ​អាច​ចម្រាញ់​ជា​ទឹក​ផឹក​បាន និង​អុកស៊ីសែន​ដើម្បី​ដកដង្ហើម ក៏​ដូច​ជា​ការ​​ធ្វើជា​ឥន្ធនៈ​សម្រាប់​រ៉ុក្កែត។

    យោងតាម Curreri គម្រោង​ដំបូង​របស់​ពួកគេ​គឺ​ការស្ថាបនា​បណ្ដាញ​បំពង់​បង្ហូរ​មួយ​ប្រវែង 5 គីឡូម៉ែត្រ​ដើម្បី​នាំ​អុកស៊ីសែន​ពី​កន្លែង​ផលិត ទៅកាន់​រោងចក្រ​រក្សា​អុកស៊ីសែន​ដែល​នៅក្បែរ​មូលដ្ឋាន​ហោះហើរ​លើ​ព្រះ​ចន្ទ។ បើសិនជា​ត្រូវបាន​ណា​សា​យល់ព្រម​ប្រើ​ប្រាស់​​​គម្រោង LSPOP សម្រាប់​បេសកកម្ម Artemis បំពង់​បង្ហូរ​នេះ​នឹង​ត្រូវបាន​ផលិត​ទៅតាម​ដំណាក់កាល​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ មុនពេល​ដំឡើង​ជា​បណ្ដាញ​ពេញ​លេញ​។ បំពង់​ទាំងនេះ​អាច​ត្រូវបាន​ផលិត​ពី​អា​លុយ​មី​ញូ​ម ដែលជា​វត្ថុ​ធាតុ​មាន​ច្រើន​នៅ​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ៕

  • សំបុត្រ​ពិសេស​ចូល​ទស្សនា Messi ប៉ះ​នឹង Ronaldo ត្រូវបាន​ទិញ​ក្នុងតម្លៃជិត 3 លាន​ដុល្លារ​អាម៉េរិក

    សំបុត្រ​ពិសេស​ចូល​ទស្សនា Messi ប៉ះ​នឹង Ronaldo ត្រូវបាន​ទិញ​ក្នុងតម្លៃជិត 3 លាន​ដុល្លារ​អាម៉េរិក

    (អា​រ៉ា​ប៊ី​សា​អូឌីត) – អ្នកជំនួញ Mushraf Al Ghamdi បានឈ្នះ​ក្នុងការ​ដេញថ្លៃ​សំបុត្រ​ពិសេស​ចូល​ទស្សនា​ការប្រកួតរ​វាង PSG និង Saudi All-Star ដែលមាន​ការចូលរួម​របស់​កំពូល​តារាបាល់ទាត់ Messi និង Ronaldo។

    «សូម​អបអរសាទរ។ សំបុត្រ​មនុស្សធម៌ «Above Imagination» លក់​ដេញថ្លៃ​បាន​ខ្ពស់បំផុត​គឺ 10 លាន​រី​យ៉ា​ល (ប្រហែល​នឹង 2.7 លាន​ដុល្លារ​អាម៉េរិក) ហើយ​ត្រូវបាន​ទិញ​ដោយ​អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ Mushraf Al Ghamdi» មេដឹកនាំ​ក្នុង​វិស័យ​កំសាន្ត​របស់​អា​រ៉ា​ប៊ី​សា​អូឌីត Turki Al Sheikh ប្រកាស​នៅលើ Twitter កាលពី​ថ្ងៃទី 17 មករា។

    Mushraf Al Ghamdi ដែលជា​អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ​នៅ អា​រ៉ា​ប៊ី​សា​អូឌីត បាន​នាំមុខគេ​ក្នុងការ​ដេញថ្លៃ​ដែល​បានចាប់ផ្ដើម​តាំង​ពីមួយ​សប្ដាហ៍​មុន។ ទឹកប្រាក់​ដែល​បាន​ពី​ការលក់​សំបុត្រ​ពិសេស​នេះ​នឹងត្រូវ​បាន​ផ្ទេរ​ទៅឱ្យ​អង្គការ​មនុស្សធម៌ Ehsan របស់​រដ្ឋាភិបាល​ប្រទេស​នេះ។

    ទន្ទឹមនឹង​ការចូលរួមចំណែក​ក្នុង​កិច្ចការ​មនុស្សធម៌ សំបុត្រ​ពិសេស​នេះ​ក៏​នឹង​អនុញ្ញាតឱ្យ​ម្ចាស់​កម្មសិទ្ធិ​ចូល​ទស្សនាការ​ប្រកួត​ពី​ជ្រុង​មួយ​យ៉ាង​ពិសេស។ ក្រោយពី​ការប្រកួត​បានបញ្ចប់ ម្ចាស់​សំបុត្រ​ថែមទាំង​មាន​សិទ្ធិ​ចូលទៅ​កាន់​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ជួប Messi និង Ronaldo ទៀតផង។

    ការប្រកួត​មិត្តភាព​រវាង PSG និង Saudi All-Star នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 19 មករា ក្នុង​កីឡដ្ឋាន King Fahd នៅ​រាជធានី​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត។ នេះ​គឺជា​ការ​ប៉ះគ្នា​ដំបូង​របស់ Messi ដែលជា​កំពូល​កីឡាករ​របស់​ក្លឹប PSG និង Ronaldo កំពូល​កីឡាករ​របស់ Saudi All-Star រាប់​ចាប់ពី​ឆ្នាំ 2020។ PSG នឹង​ទទួលបាន 10 លាន​ដុល្លារ​អាម៉េរិក ពី​ការប្រកួត​មិត្តភាព​នេះ។

    Saudi All-Star គឺជា​ក្រុមបាល់ទាត់​ចម្រុះ​រវាង​ក្លឹប​ធំជាងគេ​​ពីរ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត គឺ Al Nassr និង Al Hilal។ Ronaldo នឹង​ធ្វើជា​ប្រធាន​ក្រុម​កីឡាករ​របស់​ក្រុមចម្រុះ​នេះ៕

  • អូស្ត្រាលី៖ យន្តហោះ​ដឹក​មនុស្ស​ជាង 100 នាក់ ផ្ដល់​សញ្ញា​សុំ​ជួយសង្គ្រោះ​បន្ទាន់

    អូស្ត្រាលី៖ យន្តហោះ​ដឹក​មនុស្ស​ជាង 100 នាក់ ផ្ដល់​សញ្ញា​សុំ​ជួយសង្គ្រោះ​បន្ទាន់

    ជើងហោះហើរ​លេខ QF144 ដឹក​មនុស្ស​ជាង 100 នាក់ ហោះ​ពី Auckland ប្រទេស​នូ​វែ​ល​សេ​ឡង់ បាន​បញ្ចេញ​សញ្ញា​សុំ​ជួយសង្គ្រោះ​នៅពេល​ត្រៀម​ចុះចត​លើ​ព្រលានយន្តហោះ Sydney។

    អ្នកនាំពាក្យ​មួយរូប​របស់​ផ្នែក​សង្គ្រោះបន្ទាន់​នៅឯ​ព្រលានយន្តហោះ Sydney បានឱ្យដឹងថា អង្គភាព​នេះ​កំពុងធ្វើការ​ប្រតិកម្ម​ចំពោះ​ជើងហោះហើរ​របស់​ក្រុមហ៊ុន Qantas Airways ដែល​ត្រូវបាន​គេ​ដឹងថា មាន​ដឹក​អ្នកដំណើរ​ជាង 100 នាក់​មកពី​នូ​វែ​ល​សេ​ឡង់ បន្ទាប់ពី​ទទួលបាន​សញ្ញា​ពី​យន្តហោះ​នេះ។

    យន្តហោះ​នេះ​បាន​ចាក​ចេញ​ពី Auckland ប្រទេស​នូ​វែ​ល​សេ​ឡង់ នៅ​ថ្ងៃ​នេះ នឹង​គ្រោង​ចុះ​ចត​នៅ Sydney នៅវេលា​ម៉ោង 11 និង 28 នាទី​ (ម៉ោង​នៅ​កម្ពុជា)។ យោង​តាម​សារព័ត៌មាន​ Franceinfo យន្តហោះ​ Boeing 737-800 ខាងលើ​ បាន​ចុះ​ចត​ដោយ​សុវត្ថិភាព​។

    ទូរទស្សន៍​លេខ 9 របស់​ប្រទេស​អូស្ត្រាលី បាន​ផ្សាយ​ថា មូលហេតុ​អាច​បណ្ដាលមកពី​បញ្ហា​ម៉ាស៊ីន​របស់​យន្តហោះ៕

  • ឥណ្ឌូណេស៊ី​ជិត​ទទួលបាន​ការវិនិយោគ​ពីក្រុម​ហ៊ុនអាម៉េរិក Tesla និងក្រុម​ហ៊ុន​ចិន BYD

    ឥណ្ឌូណេស៊ី​ជិត​ទទួលបាន​ការវិនិយោគ​ពីក្រុម​ហ៊ុនអាម៉េរិក Tesla និងក្រុម​ហ៊ុន​ចិន BYD

    មន្ត្រី​ឥណ្ឌូណេស៊ី បាន​បង្ហើប​ឱ្យដឹងថា ប្រទេស​នេះ​កំពុង​បង្ហើយ​កិច្ចការ​សម្រាប់​កិច្ចព្រមព្រៀង​ជាមួយ BYD (ចិន) និង Tesla (អាម៉េរិក) ក្នុងការ​វិនិយោគ​លើ​ការបង្កើត​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅទីនេះ។

    លោក Luhut Pandjaitan រដ្ឋមន្ត្រីក្រសួង​កិច្ចការ​សមុទ្រ និង​វិនិយោគ​របស់​ឥណ្ឌូណេស៊ី បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា «បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនីធំៗរបស់​ពិភពលោក​នឹង​មក​បណ្ដាក់ទុន​នៅទីនេះ។ ក្រុមហ៊ុន BYD លេខ​មួយ​លើ​ពិភពលោក Tesla លេខ​ពីរ រួម​នឹង Hyundai ជាដើម សុទ្ធតែ​កំពុង​បង្ហើយ​កិច្ចការ​សម្រាប់​កិច្ចព្រមព្រៀង​ជាមួយ​ឥណ្ឌូណេស៊ី»។ BYD កាលពី​ឆ្នាំ​កន្លង បាន​យកឈ្នះ​លើ Tesla ហើយ​ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ធំជាងគេ​លើ​ពិភពលោក​ស្ដីពី​បរិមាណ​រថយន្ត​ដែល​បាន​លក់​ចេញ។

    កាលពី​សប្ដាហ៍​កន្លង ប្រភពព័ត៌មាន​របស់ Bloomberg បានឱ្យដឹងថា Tesla និង​ឥណ្ឌូណេស៊ី កំពុង​ចរចា​គ្នា​អំពី​ការសាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន 1 លាន​គ្រឿង​ជា​រៀងរាល់ឆ្នាំ។ បើសិនជា​កិច្ចព្រមព្រៀង​ខាងលើ​ត្រូវបាន​ចុះហត្ថលេខា នោះ​នឹង​ជា​រោងចក្រ​ទី​បី​របស់ Tesla ដែល​ស្ថិតនៅ​ខាងក្រៅ​សហរដ្ឋ​អាម៉េរិក បន្ទាប់ពី​រោងចក្រ​នៅ​ប្រទេស​ចិន និង​អាល្លឺម៉ង់។

    លោក Luhut Pandjaitan រដ្ឋមន្ត្រីក្រសួង​កិច្ចការ​សមុទ្រ និង​វិនិយោគ​របស់​ឥណ្ឌូណេស៊ី

    ឥណ្ឌូណេស៊ី តាំងពី​យូរ​មកហើយ បាន​អញ្ជើញ Tesla មក​បណ្ដាក់ទុន។ ប្រធានាធិបតី Joko Widodo បាន​ទៅ​ជួប CEO របស់ Tesla លោក Elon Musk កាលពី​ខែឧសភា 2022 និង​សម្រេចបាន​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​នី​កែ​លត​ម្លៃ 5 ពាន់​លាន​ដុល្លារ​អាម៉េរិក​កាលពី​ខែសីហា​ឆ្នាំ​កន្លង។ កាលណោះ លោក Widodo ក៏​ឱ្យដឹងថា ចង់ឱ្យ Tesla មក​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ។

    ឥណ្ឌូណេស៊ី កំពុង​ជំរុញ​ការវិនិយោគ​ទៅលើ​ការផលិត​ថ្ម​ផ្ទុក​អគ្គិសនី និង​រថយន្ត​អគ្គិសនី​ក្នុងប្រទេស​ដើម្បី​ប្រើប្រាស់​ប្រភពធនធាន​នី​កែ​ល​ដ៏​សម្បូរបែប​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព។

    ក្រុមហ៊ុន​កូរ៉េខាងត្បូង Hyundai បាន​សម្ពោធ​រោងចក្រ​នៅ​ឥណ្ឌូណេស៊ី កាលពី​ខែឧសភា​ឆ្នាំ​កន្លង ដើម្បី​ផលិត​រថយន្ត​អគ្គិសនី។ ចំណែក SGMW Motor Indonesia ដែលជា​ក្រុមហ៊ុន​បណ្ដាក់ទុន​រួម​រវាង SAIC Motor, General Motors និង Wuling Motor Holdings ក៏បាន​សាងសង់​បណ្ដា​រោងចក្រ​ដំឡើងរថយន្ត​អគ្គិសនី​នៅ​ឥណ្ឌូណេស៊ី​ផងដែរ។

    ឥណ្ឌូណេស៊ី​គឺជា​ច្រក​ចេញ​ដើម្បី​ឱ្យ​​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​ អាច​ចូលទៅ​កាន់​ទីផ្សារ​អាស៊ីអាគ្នេយ៍​ដែលមាន​ប្រជាជន​ជាង 675 លាន​នាក់។ ក៏ប៉ុន្តែ ទីនេះ​គឺជា​ទីផ្សារ​ដែល​លំបាក​សម្រាប់​អ្នក​ផលិត​រថយន្តប្រណិតៗ ដោយសារ​ថា រថយន្ត​ដែលមាន​តម្លៃ​ក្រោម 20,000 ដុល្លារ​អាម៉េរិក មាន​ចំណែក​ធំជាងគេ​នៅក្នុង​បរិមាណ​រថយន្ត​ដែល​បាន​លក់​ចេញ៕

  • ក្រុម​កំពូល​អ្នកមាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ សូមឱ្យ​ «យកពន្ធ​លើ​ទ្រព្យសម្បត្តិ​របស់​ពួក​យើង»

    ក្រុម​កំពូល​អ្នកមាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ សូមឱ្យ​ «យកពន្ធ​លើ​ទ្រព្យសម្បត្តិ​របស់​ពួក​យើង»

    សមាជិក​ជាង 200 នាក់​របស់​ក្រុម​កំពូល​អ្នកមាន បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បណ្ដា​ប្រទេស «យកពន្ធ​លើ​យើងខ្ញុំ​ជាបន្ទាន់» ដើម្បី​ដោះស្រាយ​គ្រោះ​ទុរភិក្ស។

    ក្រុម​មហាសេដ្ឋី និង​សេដ្ឋី​ដែលមាន​សមាជិក 205 រូប ក្នុងនោះ​មាន​ទាំង​អ្នក​ស្នង​មរតក​ក្រុមហ៊ុន Disney មហា​សេដ្ឋិនី Abigail Disney និងលោក Mark Ruffalo ដែលជា​តារា​សម្ដែង​ក្នុង​តួអង្គ Huk ជាដើម កាលពី​ថ្ងៃទី 17 មករា បានប្រកាស​អំពាវនាវ​ដល់​ក្រុម​មេដឹកនាំ​ពិភពលោក និង​ក្រុម​មេដឹកនាំ​ដែល​កំពុង​ប្រជុំ​នៅឯ​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) នៅ Davos ប្រទេស​ស្វ៊ី​ស ប្រញាប់​ចេញ​ផែនការ​យកពន្ធ​លើ​ទ្រព្យសម្បត្តិ​ដើម្បី​ដោះស្រាយ​បញ្ហា «វិសមភាព​ធ្ងន់ធ្ងរ» ក្នុងសង្គម។

    «ការការពារ​ប្រជាធិបតេយ្យ ការកសាង​កិច្ចសហប្រតិបត្តិការ ទាមទារ​ឱ្យមាន​សកម្មភាព​ដើម្បី​ស្ថាបនា​សេដ្ឋកិច្ច​ស្មើភាព​គ្នា​ចាប់ពីពេលនេះ។ នេះ​មិនមែនជា​បញ្ហា​ដែល​ត្រូវ​ទុកឱ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​ដោះស្រាយ​ឡើយ។ ពេលនេះ​គឺជា​ពេលដែល​ត្រូវ​ដោះស្រាយ​បញ្ហា​កំពូល​អ្នកមាន ជា​ពេល​ដែល​ត្រូវ​​យកពន្ធ​លើ​អ្នកមានកំពូលៗ»។

    ក្នុង​លិខិត​ដែលមាន​ចំណងជើង​ថា «ផលវិបាក​របស់​ភាព​មានបាន​កម្រិត​កំពូល» ក្រុម​សេដ្ឋី និង​មហាសេដ្ឋី​មកពី 13 ប្រទេស​បានឱ្យដឹងថា «ក្នុង​ប្រវត្តិសាស្ត្រ 5 ទសវត្សរ៍​កន្លង គឺជា​រឿងរ៉ាវ​ស្ដីពី​ភាពមានបាន​ដែល​មិនបាន​សាយភាយ​ទៅដល់​កន្លែង​ដទៃ ប៉ុន្តែ​វា​បន្ត​បាចសាច​ទៅលើ​ពួកគេ​ដដែល។ ក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ និន្នាការ​នេះ​បាន​បង្កើនល្បឿន​គួរឱ្យកត់សម្គាល់។ ដំណោះស្រាយ​នៅពេលនេះ​គឺថា អស់លោក​ដែលជា​អ្នកតំណាង​នៅ​ទូទាំង​សកលលោក ត្រូវតែ​យកពន្ធ​លើ​យើងខ្ញុំ ដែលជា​ក្រុម​កំពូល​អ្នកមាន និង​ត្រូវធ្វើ​ពី​ពេលនេះ»។

    មហាសេដ្ឋិនី Abigail Disney និងលោក Mark Ruffalo ដែលជាតារាសម្ដែងក្នុងតួអង្គ Huk ក៏ស្ថិតក្នុងក្រុមអ្នកមានដែលបានអំពាវនាវឱ្យយកពន្ធលើទ្រព្យសម្បត្តិរបស់ក្រុមកំពូលអ្នកមាន

    ក្រុម​អ្នកមាន​ខាងលើ​ព្រមាន​ថា បើ​មិន​ធ្វើ​សកម្មភាព​ទេ នោះ​មហន្តរាយ​នឹង​កើតឡើង។ «មាន​ភាព​តានតឹង​ជាច្រើន​ដែល​សង្គម​ត្រូវ​រង​ផលប៉ះពាល់ មាន​ឪពុកម្ដាយ​ជាច្រើន​បាន​​ត្រឹមតែ​មើលកូនៗស្រេកឃ្លាន គ្រា​ដែល​ក្រុម​អ្នកមានកំពូលៗសម្លឹងមើល​ទ្រព្យសម្បត្តិ​របស់​ពួកគេ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ …ដល់​ពេលដែល​ត្រូវធ្វើ​សកម្មភាព​ហើយ។»។

    លិខិត​ខាងលើ​ត្រូវបាន​លើកឡើង​នៅពេល​មាន​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ជិត 2/3 នៃ​ទ្រព្យសម្បត្តិ​ដែល​ទើប​រកបាន​ចាប់តាំងពី​កូ​វីដ-19 ផ្ទុះឡើង គឺជា​កម្មសិទ្ធិ​របស់ មនុស្ស 1% លើ​ផែនដី​ ដែលជា​អ្នកមាន​ជាងគេ។ អង្គការ​មនុស្សធម៌ Oxfam ឱ្យដឹងថា ក្រុម​អ្នកមានកំពូលៗរកបាន​ទ្រព្យ​ថ្មី 26 ទ្រី​លាន (26,000,000,000,000) ​ដុល្លារ​អាម៉េរិក គិត​ត្រឹម​ចុងឆ្នាំ 2021។ តួលេខ​នេះ​ស្មើនឹង 63% ក្នុងចំណោម​ទ្រព្យ​ថ្មី​សរុប​ដែល​ទើប​រកបាន ហើយ​ទ្រព្យ​ក្ដៅ​ពីនេះ​គឺជា​កម្មសិទ្ធិ​របស់​មនុស្ស 99% នៅលើ​ផែនដី។

    Oxfam បន្តថា ការកើនឡើង​នៃ​​ទ្រព្យសម្បត្តិ​របស់​ក្រុម​អ្នកមាន​កម្រិត​កំពូល​គឺ​អម​ជាមួយនឹង​ការកើនឡើង​នៃ​គ្រោះ​ទុរភិក្ស។ អង្គការ​នេះ​ក៏បាន​អំពាវនាវ​ឱ្យមាន​ការយកពន្ធ​លើ​ក្រុម​កំពូល​អ្នកមាន​ផងដែរ។ យោងតាម Oxfam បើសិនជា​យកពន្ធ 5% លើ​​ទ្រព្យ​សម្បត្តិ​របស់​សេដ្ឋី និង​មហាសេដ្ឋី​នៅលើ​ពិភពលោក គេ​អាច​ប្រមូលបាន​ប្រាក់ 1.7 ទ្រី​លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ គ្រប់គ្រាន់​សម្រាប់​ការជួយ​ដល់​ដល់​មនុស្ស 2 ពាន់​លាន​នាក់​ដែល​កំពុង​អត់ឃ្លាន និង​ផ្ដល់ជំនួយ​ដល់​បណ្ដា​មូលនិធិ​មនុស្សធម៌​នានា​ដើម្បី​បញ្ចប់​គ្រោះ​ទុរភិក្ស៕

  • អូស្ត្រាលីចំណាយជិតពីរពាន់លានដុល្លារអាម៉េរិក ដើម្បីទិញឧទ្ធម្ភាគចក្រផលិតដោយ Lockheed Martin

    អូស្ត្រាលីចំណាយជិតពីរពាន់លានដុល្លារអាម៉េរិក ដើម្បីទិញឧទ្ធម្ភាគចក្រផលិតដោយ Lockheed Martin

    ក្រសួងការពារជាតិ​អូស្ត្រាលី ប្រកាសថា ចំណាយ​ប្រាក់ 1.96 ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​ឧទ្ធម្ភាគចក្រ​ពហុមុខ​ងា​រ​របស់​សហរដ្ឋ​អាម៉េរិក Black Hawk ចំនួន 40 គ្រឿង។

    កាលពី​ថ្ងៃទី 17 មករា ក្រសួងការពារជាតិរ​បស់​អូស្ត្រាលី បានប្រកាសថា នឹង​ទិញ​ឧទ្ធម្ភាគចក្រ UH-60M Black Hawk របស់​ក្រុមហ៊ុន​អាម៉េរិក Lockheed Martin ចំនួន 40 គ្រឿង​ ដើម្បី​ជំនួស​ក្រុម​ហោះហើរ MR-90 Taipan ដែល​ផលិត​ដោយ​ក្រុមហ៊ុន Airbus របស់​អឺរ៉ុប។

    ឧ​ត្ត​ម​សេនីយ៍ Jeremy King ទទួលខុសត្រូវ​ផ្នែក​សព្វាវុធ​នៃ​ក្រសួងការពារជាតិ​អូស្ត្រាលី ឱ្យដឹងថា នេះ​គឺជា​ការ​ទិញដូរ​ដ៏​សំខាន់​ដើម្បី​បម្រើ​ដល់​តម្រូវការ​ជា​យុទ្ធ​សស្ត្រ​របស់​កងកម្លាំងប្រដាប់អាវុធ។ «Black Hawk គឺជា​មូលដ្ឋាន​ដែល​ត្រូវបាន​អភិវឌ្ឍ​ពេញលេញ​ដ៏​​គួរឱ្យ​​ទុកចិត្តបាន ធ្លាប់​ត្រូវបាន​សាកល្បង និង​ត្រូវបាន​គាំទ្រ​ដោយ​បណ្ដាញ​ផ្គត់ផ្គង់​សាកល​យ៉ាង​មាំមួន» លោក Jeremy King អះអាង​ដូច្នេះ។

    កងទ័ព​អូស្ត្រាលី​កំពុង​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ Taipan ចំនួន 47 គ្រឿង ហើយ​គ្រោង​នឹង​បន្ត​ប្រើប្រាស់​រហូតដល់​ឆ្នាំ 2037។ ប៉ុន្តែ កន្លងមក​ឧទ្ធម្ភាគចក្រ​នេះ​ជួប​បញ្ហា​ជា​ញឹកញាប់ និង​ត្រូវបាន​ផ្អាក​ការប្រើប្រាស់​ច្រើនដង​ដើម្បី​ការពារ​សុវត្ថិភាព។

    UH-60 Black Hawk គឺជា​ឧទ្ធម្ភាគចក្រ​ដឹកជញ្ជូន​យុទ្ធសាស្ត្រ​ដែល​ត្រូវបាន​សហរដ្ឋ​អាម៉េរិក​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ជួរ​កងទ័ព​តាំងពី​ឆ្នាំ 1979។ វា​អាច​ហោះហើរ​ក្នុង​ល្បឿន 295 គីឡូម៉ែត្រ/ម៉ោង និង​អាច​ហោះ​កម្ពស់ 5.8 គីឡូម៉ែត្រ។ កំណែថ្មីៗរបស់ Black Hawk ក៏​ត្រូវបាន​អភិវឌ្ឍ​សម្រាប់​កងទ័ព​អាម៉េរិក ក៏ដូចជា​សម្រាប់​ការនាំចេញ​ទៅកាន់​ប្រទេស​ជាច្រើន​លើ​ពិភពលោក៕

  • ស្ត្រី​វ័យ​ចំណាស់​ជាងគេ​បង្អស់​​លើ​ពិភព​លោក បាន​ទទួល​​មរណភាព​ហើយ

    ស្ត្រី​វ័យ​ចំណាស់​ជាងគេ​បង្អស់​​លើ​ពិភព​លោក បាន​ទទួល​​មរណភាព​ហើយ

    បូជា​ចា​រ្យ​ជនជាតិ​បារាំង លោក​យាយ​ Lucile Randon ដែលជា​ស្ត្រី​មួយរូប​ត្រូវបាន​គេ​ជឿថា មាន​វ័យ​ចំណាស់​​ជាងគេ​លើ​ពិភពលោក បានទទួល​មរណភាព​ក្នុង​ជន្មាយុ 118 ឆ្នាំ ពេល​កំពុង​សម្រាន្ត​នៅឯ​មជ្ឈមណ្ឌល​ចាស់ជរា។

    លោកយាយ Lucile Randon កើត​ឆ្នាំ 1904 នៅ Ales ភាគខាងត្បូង​ប្រទេស​បារាំង។ នេះ​គឺជា​ឆ្នាំ​ដែល New York សម្ពោធ​ផ្លូវ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​ដំបូង ខណៈ​​ពានរង្វាន់​ប្រណាំង​កង់​ប្រចាំឆ្នាំ Tour de France ទើបតែ​ប្រារព្ធ​ឡើង​បាន​មួយ​រដូវ​កាល។

    ការ​បួងសួង និង​ការ​ទៅសួរសុខទុក្ខ​ប្រជាជន​គឺជា​សកម្មភាព​ប្រចាំថ្ងៃ​របស់លោក​យាយ Lucile Randon ពេល​រស់នៅក្នុង​មជ្ឈមណ្ឌល​ចាស់ជរា​នៅ Toulon។

    បើទោះជា​ពិការភ្នែក និង​ត្រូវ​ជិះរទេះ​រុញ ប៉ុន្តែ​លោកយាយ Lucile Randon នៅតែ​យកចិត្តទុកដាក់​ដល់​ជន​ចាស់ជរា​ដទៃ ព្រោះថា នោះ​គឺជា​សុភមង្គល​របស់លោក​យាយ។ កាលពី​ឆ្នាំ 2021 លោកយាយ Lucile Randon បាន​ក្លាយជា​និមិត្តរូប​នៃ​ក្ដីសង្ឃឹម​របស់​មនុស្ស​នៅលើ​ពិភពលោក បន្ទាប់ពី​បាន​យកឈ្នះ​លើ​ជំងឺ​កូ​វីដ-19។

    លោកយាយ Lucile Randon ពេល​មាន​ជំងឺ​កូវីដ-19

    នៅពេល​ត្រូវបាន​សួរ​អំពី​អាថ៌កំបាំង​ដែល​ជួយ​ឱ្យ​មាន​អាយុ​យឺនយូរ លោកយាយ Lucile Randon ប្រាប់​ថា «គេ​និយាយថា ការ​ធ្វើការ​អាច​ប៉ះពាល់​ដល់​សុខភាព ប៉ុន្តែ​សម្រាប់​ខ្ញុំ ការធ្វើការ​បាន​ជួយ​ឱ្យ​ខ្ញុំ​រស់​បានយូរ»។ លោកយាយ​ឱ្យដឹងថា នៅតែ​ធ្វើការ​ពេល​មាន​អាយុ 108 ឆ្នាំ។

    លោកយាយ Lucile Randon តែងតែ​បដិសេធ​សំណើសុំ​ពិនិត្យ DNA និង​មានប្រសាសន៍ថា «មានតែ​ព្រះអម្ចាស់​​ប៉ុណ្ណោះទើប​ដឹង» អំពី​អាថ៌កំបាំងជួយ​ឱ្យ​​​លោកយាយ​មាន​អាយុ​យឺនយូរ៕