Author: សឿន សំណាង

  • Tom Cruise នៅ​តែចង់​ថត​ឈុត​ផ្សងគ្រោះថ្នាក់​ដល់​អាយុ 100 ឆ្នាំ

    Tom Cruise នៅ​តែចង់​ថត​ឈុត​ផ្សងគ្រោះថ្នាក់​ដល់​អាយុ 100 ឆ្នាំ

    កំពូល​តារា​សម្ដែង Tom Cruise និយាយថា នៅតែ​ចង់​សម្ដែង​ក្នុង​ឈុត​ឆាក​ផ្សងគ្រោះថ្នាក់ មានដូចជា​ការ​លោត​ចុះ​ពី​ភ្នំ​ជាដើម បើ​ទោះ​មាន​អាយុ 80 ឬ 100 ឆ្នាំ​ក៏ដោយ។

    ក្នុង​កម្មវិធី Jimmy Kimmel Live កាលពី​ថ្ងៃទី 26 កុម្ភៈ Tom Cruise ត្រូវបាន​គេ​សួរថា «តើ​នឹង​បន្ត​សម្ដែង​ក្នុង​ឈុត​ផ្សងគ្រោះថ្នាក់ លោត​ពី​ភ្នំ​ទៀត​ទេ នៅពេល​មាន​អាយុ 80 ឬ 100 ឆ្នាំ?»។

    លោក Tom Cruise ថ្លែងថា «នោះ​គឺជា​អ្វីដែល​ខ្ញុំ​ប៉ង។ ខ្ញុំ​បានធ្វើ​កិច្ចការ​នេះ​ពេញ​មួយជីវិត​ហើយ… ខ្ញុំ​ជា​ក្មេង​ដែល​ឡើងលើ​ដំបូលផ្ទះ​ពេល​មាន​អាយុ 4 ឆ្នាំ ព្រោះតែ​ចូលចិត្ត​មើល​មេឃ ពពក និង​ដួងតារា»។

    ក្នុងពេល​ថត​រឿង Mission: Impossible 7 លោក Tom Cruise និយាយថា គាត់​នៅតែ​សម្ដែង​ដោយផ្ទាល់​ខ្លួន​នូវ​ទិដ្ឋភាព​ផ្សងគ្រោះថ្នាក់ ដូចជា​បើក​ម៉ូតូ​ហោះ​ធ្លាក់​ទៅលើ​ជ្រោះ​ជ្រៅ​ជាដើម។ គាត់​ត្រូវ​សម្ដែង​សកម្មភាព​នេះ​រហូតដល់ 8 លើក។ «ខ្ញុំ​មាន​ពេល​តែ 6 វិនាទី​ប៉ុណ្ណោះ​ដើម្បី​បើក​ឆត្រ មុនពេល​ធ្លាក់​ដល់​ដី» Tom Cruise និយាយ​ដូច្នេះ។ ដើម្បី​ធ្វើបាន​ដូច្នេះ គាត់​ត្រូវ​ហាត់​សម​យ៉ាង​លំបាក ក្នុងនោះ​គាត់​បាន​លោក​ឆត្រយោង 13,000 លើក និង​រៀន​ប្រណាំង​ម៉ូតូ។ល។

    ឈុតឆាក​ផ្សងគ្រោះថ្នាក់ធំបំផុត​របស់ Tom Cruise ក្នុង​ពេល​ថត​រឿង Mission: Impossible – Dead Reckoning Part One

    ក្រុម​អ្នក​ផលិត​ភាពយន្ត​ក៏ត្រូវ​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​ធានាថា កំពូល​តារា​សម្ដែង​រូបនេះ​មិន​ជួប​គ្រោះថ្នាក់​ក្នុងពេល​ថត​រឿង។

    ក្នុង​អាជីព Tom Cruise តែង​សម្ដែង​ក្នុង​ឈុត​ផ្សងគ្រោះថ្នាក់​ដោយ​ខ្លួនឯង មិនចាំបាច់​មាន​អ្នក​សម្ដែង​ជំនួស។ គាត់​ធ្លា​ប់លោត​ពី​យន្តហោះ​ដែលមាន​កម្ពស់ 7,620 ម៉ែត្រ តោង​ឡើងក​ង្កេះ​ភ្នំ​កម្ពស់​ប្រហែល 610 ម៉ែត្រ និង​ឡើង​អគារ Burj Khalifa កម្ពស់​ជាង 518 ម៉ែត្រ។ កាលពី​ឆ្នាំ 2018 ពេល​ថត​រឿង Mission Impossible – Fallout គាត់​ត្រូវ​រងរបួស​ពេល​លោត​ពី​អគារ​មួយ​ទៅ​អគារ​មួយ។

    ក្នុង​វ័យ 60 ឆ្នាំ Tom Cruise នៅតែ​ហាត់ប្រាណ លើក​ដុំ​ដែក និង​ធ្វើ​ការហាត់​ខ្លាំង។ បច្ចុប្បន្ន គាត់​កំពុង​ថត​រឿង Mission: Impossible 8។ Tom Cruise ក៏មាន​គម្រោង​ថត​ភាពយន្ត​ដែលមាន​ទិដ្ឋភាព​អវកាស​ផងដែរ ដោយ​គាត់​នឹង​ដើរ​ក្នុង​អវកាស​ដូច​ទៅនឹង​អវកាស​ចរ​ចេញ​ជួសជុល​ស្ថានីយ​អវកាស​អន្តរជាតិ។ នេះ​បើតាម Cinemablend៕

  • TikTok របស់​ចិនជួប​គ្រោះ​ធំ! សេត​វិមាន​ចេញ​ឱសានវាទ​ស្ដីពី​ការ​លុប​បណ្ដាញ​សង្គម​នេះ​

    TikTok របស់​ចិនជួប​គ្រោះ​ធំ! សេត​វិមាន​ចេញ​ឱសានវាទ​ស្ដីពី​ការ​លុប​បណ្ដាញ​សង្គម​នេះ​

    សេត​វិមាន​បានចេញ​កាលបរិច្ឆេទ 30 ថ្ងៃ​ដើម្បីឱ្យ​ស្ថាប័នរដ្ឋ​ស្វែងរក និង​ធានាថា​មិនមាន​កម្មវិធី TikTok នៅលើ​ឧបករណ៍ និង​ប្រព័ន្ធ​នានា​របស់​រដ្ឋាភិបាល​ស​ហ​ព័ន្ធ។

    ដើម្បី​ធានា​សុវត្ថិភាព​ចំពោះ​ទិន្នន័យ​របស់​សហរដ្ឋ​អាម៉េរិក ស្ថាប័នរដ្ឋ​ទាំងអស់​ត្រូវតែ​លុប TikTok ចេញពី​ទូរស័ព្ទ និង​ប្រព័ន្ធ​នានា ទប់ស្កាត់​បណ្ដាញ​អ៊ី​ន​ធើ​ណិ​តទៅ​កាន់​បណ្ដាញ​សង្គម​នេះ។ នេះ​បើតាម Shalanda Young ប្រធានការិយាល័យ​គ្រប់គ្រង និង​ថវិកា​របស់​សហរដ្ឋ​អាម៉េរិក (OMB) ឱ្យដឹង​កាលពី​ថ្ងៃទី 27 កុម្ភៈ។

    បទបញ្ជា​នេះ​មិន​អនុវត្ត​ចំពោះ​សកម្មភាព​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ ការអនុវត្ត​ច្បាប់ សន្តិសុខ​ជាតិ ប៉ុន្តែ​ត្រូវការ​ការអនុញ្ញាត​ពី​ប្រធាន​ស្ថាប័ន។ ចំណែក​ស្ថាប័ន​ដែល​មិន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​អាម៉េរិក និង​ប្រជាជន​មិន​រង​ឥទ្ធិពល​ពីបទ​បញ្ជា​ថ្មី​នេះ​ទេ។

    ប្រធាន​អង្គភាព​ការពារ​ទិន្នន័យ​សហព័ន្ធ Chris DeRusha បាន​ថ្លែងថា បទបញ្ជា​នេះ «ស្ថិតក្នុង​ការសន្យា​រប​ស់​វ៉ា​ស៊ី​ង​តោន​ស្ដីពី​ការការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ក៏ដូចជា​ឯកជន​ភាព សន្តិសុខសម្រាប់​ប្រជាពលរដ្ឋ​អាម៉េរិក»។

    ក្រុមហ៊ុន TikTok មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ​ចំពោះ​អនុស្សរណៈ​របស់ OMB។ ByteDance ដែលជា​ក្រុមហ៊ុនមេ​របស់ TikTok កន្លងមក​ធ្លាប់បាន​បដិសេធ​ច្រើនដង​ចំពោះ​ការ​ចោទថា​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ដើម្បី​តាមដាន​ពលរដ្ឋ​អាម៉េរិក និង​យល់ថា បណ្ដា​ព័ត៌មាន​មិន​ពិត​បណ្ដាលឱ្យមាន​ការព្រួយបារម្ភ​កើនឡើង។

    កាលពី​ខែធ្នូ 2022 សភា​អាម៉េរិក​បានអនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការហាម​បុគ្គលិក​រដ្ឋ​ប្រើប្រាស់ TikTok នៅលើ​ឧបករណ៍​នានា​របស់​រដ្ឋាភិបាល។ ថ្ងៃនេះ គណៈកម្មការ​កិច្ចការបរទេស​របស់​សភា​ជាន់​ទាប​អាម៉េរិក​នឹង​បោះឆ្នោត​អនុម័ត​សេចក្ដីព្រាងច្បាប់​មួយ​ដែល​អនុញ្ញាតិ​ឱ្យ​ប្រធានាធិបតី បៃ​ដិ​ន មាន​សិទ្ធិ​ហាម TikTok នៅលើ​ឧបករណ៍​ទាំងអស់​នៅ​សហរដ្ឋ​អាម៉េរិក៕

  • ការ​ស្រាវជ្រាវ​បង្ហាញ​ថា ទម្លាប់​​ដេក​ដែល​ត្រឹម​ត្រូវ​នឹង​ជួយ​ឱ្យ​អាយុ​វែង​ថែម​ 5 ឆ្នាំ

    ការ​ស្រាវជ្រាវ​បង្ហាញ​ថា ទម្លាប់​​ដេក​ដែល​ត្រឹម​ត្រូវ​នឹង​ជួយ​ឱ្យ​អាយុ​វែង​ថែម​ 5 ឆ្នាំ

    (សហរដ្ឋ​អាម៉េរិក) – ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​គោរព​តាម​ទម្លាក់​ដេក​ 8 ម៉ោង​/ថ្ងៃ ងាយ​ដេក​លក់ អារម្មណ៍​ល្អ​ពេល​ក្រោក​ពី​ដេក និង​មិន​លេប​ថ្នាំ​ជា​ដើម អាច​ជួយបង្កើន​អាយុ​បាន 5 ឆ្នាំ​បន្ថែម​ទៀត​។

    លទ្ធផល​នៃការ​សិក្សា​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​អធិប្បាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់សាកល​វិទ្យាល័យ​បេះដូង​អាម៉េរិក កាល​ពី​ថ្ងៃទី 23 កុម្ភៈ 2023​។

    វេជ្ជបណ្ឌិត Frank Qian មក​ពី​មជ្ឈមណ្ឌល​សុខាភិបាល​ Beth Israel Deaconess និង​ជា​វេជ្ជបណ្ឌិត​ប្រចាំ​សាលា​ពេទ្យ Harvard បាន​ឱ្យ​ដឹង​ថា ទម្លាប់​ដេក​ដ៏​ល្អ​នឹង​ជួយ​ឱ្យ​គ្រប់​គ្នា​រស់​បាន​យូរ​។ «បើសិន​អាច​កែ​លំអ​ដំណេក​ឱ្យ​បានគ្រប់​ជ្រុង​ជ្រោយ​ និង​ដឹង​ច្បាស់​អំពី​ស្ថាន​ភាព​ពិបាក​ដេក​ យើង​នឹង​អាច​ទប់ស្កាត់​បាន​នូវ​ករណី​ឆាប់​ស្លាប់​» លោក​វេជ្ជបណ្ឌិត Frank Qian ថ្លែង​ដូច្នេះ​។

    យោង​តាម​ Raj Dasgupta សាស្ត្រាចារ្យ​រង​ផ្នែក​វេជ្ជសាស្ត្រ​ប្រចាំ​មហា​វិទ្យាល័យ Keck នៃ​សាកលវិទ្យាល័យ California ខាង​ត្បូង ក្រៅ​ពី​ការ​ដេក​គ្រប់​គ្រាន់ និង​មាន​គុណភាព​ គ្រប់​គ្នា​ក៏​គួរ​រក្សា​ទម្លាប់ដេក ពេល​វេលា​ដេក និង​រយៈ​ពេល​ដេក​ឱ្យ​បាន​ស៊ីចង្វាក់គ្នា​។ នេះ​គឺជា​ទម្លាប់​ដែល​ជួយ​កាត់បន្ថយ​ការ​កើត​ជំងឺ​បេះដូង​។

    លទ្ធផល​នៃការ​ស្រាវជ្រាវនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​វិភាគ​ទិន្នន័យ​ពី​តារា​ង​​ចម្លើយ​ដែល​​បាន​មក​ពី​អ្នក​ស្ម័គ្រ​ចិត្ត​ជាង 172,000 នាក់​ រាប់​ចាប់​ពី​ឆ្នាំ 2013 ដល់ 2018​។ នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ស្ទង់មតិ​​ថ្នាក់​ជាតិ​ស្ដីពីសុខភាព​ដែល​អនុវត្ត​ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​ទប់​ស្កាត់​ជំងឺ​ឆ្លង​ (CDC) និង​មជ្ឈមណ្ឌល​ជាតិ​​ស្ថិតិ​សុខាភិបាល​​របស់សហរដ្ឋ​អាម៉េរិក​។

    ការ​សិក្សា​ស្រាវជ្រាវ​ក៏​បាន​បង្ហាញថា បុរស​ដែល​បាន​គោរព​អនុវត្ត​ទម្លាប់​ដេក​ត្រឹម​ត្រូវ​ មាន​អាយុ​វែង​ជាង​ 4.7 ឆ្នាំ​ ធៀប​នឹង​មនុស្ស​ដែល​មិន​មាន​ទម្លាប់​ដេក​ល្អ​។ ចំណែក​ស្ត្រីវិញ តួលេខ​នេះ​មាន​កម្រិត​ទាប​ជាង​ឆ្ងាយ (2.4 ឆ្នាំ)៕

  • កប៉ាល់​បើកបរ​ស្វ័យប្រវត្ត​ដំណើរការ​ដោយ​អ៊ីដ្រូសែន​រាវ​ដំបូង​គេ​លើ​ពិភពលោក

    កប៉ាល់​បើកបរ​ស្វ័យប្រវត្ត​ដំណើរការ​ដោយ​អ៊ីដ្រូសែន​រាវ​ដំបូង​គេ​លើ​ពិភពលោក

    ក្រុមហ៊ុន HI-FIVED របស់​អង់គ្លេស ទើបតែ​ទទួលបាន​ថវិកា​ឧបត្ថម្ភ 6.46 លាន​ដុល្លារ​អាម៉េរិក​ពី​រាជរដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ​កប៉ាល់​អ៊ីដ្រូសែន ក្នុង​បំណង​បន្សាប​កាបូន​នៅក្នុង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក។

    យោងតាម​ការ​ពិពណ៌នា​នៅលើ​គេហទំព័រ​របស់ HI-FIVED កប៉ាល់​ដែលមាន​ឈ្មោះថា H-USV នឹង​អាច​ផ្ទុកទំនិញ​បាន 4.5 តោន ផ្លាស់​ទី​ក្នុង​ល្បឿន 7.4 គីឡូម៉ែត្រ/ម៉ោង ហើយ​អាចធ្វើ​ដំណើរ​ជា​បន្ត​បន្ទាប់ពី 40 ទៅ 60 ថ្ងៃ។ នេះ​គឺជា​កប៉ាល់​បើកបរ​ស្វ័យប្រវត្ត​ដំណើរការ​ដោយ​អ៊ីដ្រូសែន​រាវ​ដំបូង​គេ​លើ​ពិភពលោក។ ការប្រើប្រាស់​អ៊ីដ្រូសែន​ធ្វើជា​ឥន្ធនៈ​នឹង​ជួយ​កាត់បន្ថយ​បរិមាណ​ឧ​ស្ម័យ​កាបូន​បាន​រហូតដល់ 99.1% នៅក្នុង​វិស័យ​ដឹកជញ្ជូន។ នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 27 កុម្ភៈ 2023។

    H-USV ប្រើប្រាស់​សេន​សឺរ​បរិស្ថាន និង​បញ្ញា​សិប្បនិម្មិត​ដើម្បី​វិភាគ​ទិន្នន័យ ស្វែងរក​ការគំរាមកំហែង ឬ​ឧបសគ្គ​ និង​សម្រេចចិត្ត​ក្នុង​ពេលវេលា​ជាក់ស្ដែង។

    ក្រុមហ៊ុន Unitrove មាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ Leceister ដែលជា​សមាជិក​មួយរ​បស់ HI-FIVED នឹង​ផ្គត់ផ្គង់​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​សម្រាប់​កប៉ាល់ H-USV ដើម្បី​អភិវឌ្ឍ​ផ្លូវ​គមនាគមន៍​បៃតង​រវាង​ទីក្រុង Aberdeen នៅ​ស្កុ​តឡែ​ន និង​ប្រជុំ​កោះ Orkney និង Shetland ដែលមាន​ចម្ងាយ​ពី​ដីគោក​របស់​ស្កុ​តឡែ​ន​ប្រហែល 9.6 គីឡូម៉ែត្រ។

    ​កប៉ាល់ H-USV ដំបូង​ៗ​ត្រូវបាន​គេ​គ្រោង​នឹង​ប្រគល់ឱ្យ​ដៃ​គូ​សហការ​ចាប់​ពី​ឆ្នាំ 2024។ រាជ​រដ្ឋាភិបាល​អង់គ្លេស​កំ​ពុង​រក​វិធី​ដើម្បី​ផលិត​អ៊ីដ្រូសែន​ស្អាត​ជាង​បច្ចុប្បន្ន តាមរយៈ​ការ​ស្រូប​ទាញយក​កាបូន​ដែល​បំ​ភាយ​ចេញពី​ការផលិត​អ៊ីដ្រូសែន ឬ​ប្រើប្រាស់​ទឹកជា​ប្រភព​សម្រាប់​ចម្រាញ់ ជំនួស​ឱ្យ​ឧស្ម័ន​ធម្មជាតិ៕

  • មេដឹកនាំ​គាំទ្រ​រុស្ស៊ី​បំផុត​នៅ EU បារម្ភ​ពី​លទ្ធភាព​ដែល​អឺរ៉ុប​បញ្ជូន​ទ័ព​ទៅកាន់​អ៊ុយ​ក្រែ​ន

    មេដឹកនាំ​គាំទ្រ​រុស្ស៊ី​បំផុត​នៅ EU បារម្ភ​ពី​លទ្ធភាព​ដែល​អឺរ៉ុប​បញ្ជូន​ទ័ព​ទៅកាន់​អ៊ុយ​ក្រែ​ន

    នាយករដ្ឋមន្ត្រី Orban ឱ្យដឹងថា ហុង​គ្រី​ប្ដេជ្ញា​ដោះស្រាយ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ដោយ​សន្តិវិធី និង​សម្ដែង​ការព្រួយបារម្ភ​ចំពោះ​ប្រទេស​មួយចំនួន​នៅក្នុង​សហភាព​អឺរ៉ុប ដែល​អាច​នឹង​បញ្ជូន​ទ័ព​ទៅកាន់​សមរភូមិ។

    «អឺរ៉ុប​ទាំងមូល​កំពុង​ធ្លាក់​ជាបណ្ដើរៗទៅក្នុង​សង្គ្រាម នៅពេល​បណ្ដាល​ប្រទេស​របស់​សហភាព​អឺរ៉ុប (EU) កំពុង​បញ្ជូន​រថក្រោះ និង​ពិនិត្យ​លទ្ធភាព​ផ្គត់ផ្គង់​យន្តហោះ​ចម្បាំង​ទៅឱ្យ​អ៊ុយ​ក្រែ​ន» នាយករដ្ឋមន្ត្រី​ហុង​គ្រី Viktor Orban ថ្លែង​នៅ​ចំពោះមុខ​សភា​កាលពី​ថ្ងៃទី 27 កុម្ភៈ​ដូច្នេះ។ លោក​បន្តថា បើសិន​ស្ថានការណ៍​នៅតែ​បន្ត​វិ​វត្ត​បែបនេះ នឹងមាន​ប្រទេស​ខ្លះ​ចង់​បញ្ជូន​ទ័ព​ទៅកាន់​អ៊ុយ​ក្រែ​ន។

    លោក Orban អះអាងថា រដ្ឋាភិបាល​របស់​លោក​ប្ដេជ្ញាចិត្ត​ដោះស្រាយ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ដោយ​សន្តិវិធី និង​អំពាវនាវ​ដល់​សមាជិក​សភា ចូលរួម​គាំទ្រ​និន្នាការ​នេះ។

    «ពួកគេ​ចង់​អូស​ពួកយើង​ទៅក្នុង​សង្គ្រាម​នេះ…។ យើង​ត្រូវការ​បទបញ្ជា​ឈប់​បាញ់ និង​ការចរចា​រក​សន្តិភាព។ នេះ​គឺជា​មូលហេតុ​ដែល​ហុង​គ្រី​ប្ដេជ្ញា​អំពាវនាវ​រក​សន្តិភាព​នៅលើ​ឆាក​អន្តរជាតិ» លោក Orban បន្ថែម​ដូច្នេះ។

    លោក Orban ចង់ឱ្យ​ហុង​គ្រី​ឈរ​នៅក្រៅ​សង្គ្រាម និង​មិន​ផ្ដល់​អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន ហើយ​លោក​ក៏​សម្ដែង​ការគាំទ្រ​ចំពោះ​ផែនការ​សន្តិភាព​សម្រាប់​អ៊ុយ​ក្រែ​ន​ដែល​ស្នើឡើង​ដោយ​ប្រទេស​ចិន។

    កាលពី​ថ្ងៃទី 24 កុម្ភៈ ប្រទេស​ចិន​បានប្រកាស​ឯកសារ 12 ចំណុច​ស្ដីពី​សង្គ្រាម​រវាង​រុស្ស៊ី-អ៊ុយ​ក្រែ​ន ក្នុងនោះ​ក៏បាន​អំពាវនាវ​ដល់​ភាគី​ជម្លោះ​ចូល​តុ​ចរចា​ឡើងវិញ។ រុស្ស៊ី​បាន​សាទរ​ចំពោះ​សំណើ​នេះ ខណៈដែល​អាម៉េរិក​យល់ថា ចិន​មិនមាន​អ​ព្យា​ក្រឹ​ត​ភាព​គ្រប់គ្រាន់​ក្នុងការ​ធ្វើជា​អ្នក​ផ្សះផ្សា។

    លោក Orban ត្រូវបាន​គេ​មើលឃើញថា​ជា​មេដឹកនាំ​ដែល​គាំទ្រ​រុស្ស៊ី​បំផុត​នៅក្នុង​ចំណោម​ប្រទេស​ចំនួន 27 ដែលជា​សមាជិក​របស់ EU។ កន្លងមក លោក Orban ធ្លាប់បាន​ប្រកាសថា សហភាព​អឺរ៉ុប​នឹង​បំផ្លាញ​ខ្លួនឯង​ព្រោះតែ​ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី៕

  • Cristiano Ronaldo មិន​បោះឆ្នោត​ជ្រើសរើស​បេក្ខភាព The Best FIFA 2022

    Cristiano Ronaldo មិន​បោះឆ្នោត​ជ្រើសរើស​បេក្ខភាព The Best FIFA 2022

    Ronaldo គឺជា​ប្រធាន​ក្រុម​កីឡាករ​ជម្រើសជាតិ​ព័រទុយហ្កាល់ ប៉ុន្តែ​មិនបាន​បោះឆ្នោត​ជ្រើសរើស​បេក្ខភាព​សម្រាប់ The Best FIFA 2022 ដោយ​ទុក​តួនាទី​នេះ​ឱ្យ​អនុប្រធាន​ក្រុម Pepe ទៅវិញ។

    យោងតាម​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ដែល​ត្រូវបាន FIFA ប្រកាស​កាលពី​ព្រលប់​ថ្ងៃទី 27 កុម្ភៈ 2023 Ronaldo ជា​លើកដំបូង​ដែល​មិន​ចូលរួម​បោះឆ្នោត​ជ្រើសរើស The Best។ តាមច្បាប់ ក្រុមបាល់ទាត់​ជម្រើសជាតិ​នៃ​ប្រទេសនីមួយៗត្រូវ​មាន​​គ្រូបង្វឹក ប្រធាន​ក្រុម និង​អ្នកយកព័ត៌មាន បោះឆ្នោត​ជ្រើសរើស The Best។ Ronaldo គឺជា​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​ដែល​ចូលរួម​ប្រកួត​នៅ World Cup 2022 ប៉ុន្តែ​អ្នក​ដែលទទួល​បាន​​សិទ្ធិ​បោះឆ្នោត​គឺ Pepe (Kepler Laveran de Lima Ferreira ComM) ដែលជា​អនុប្រធាន។

    មេ​ប្រយោគម្នាក់ៗត្រូវតែ​ជ្រើសរើស​កីឡាករ 3 រូប​ពី​តារាង​បេក្ខភាព 14 រូប​ដែល​ត្រូវបាន​ប្រកាស​មុន​នោះ ដោយ​តម្រូវឱ្យ​ដាក់ពិន្ទុ 5, 3 និង 1 ពិន្ទុ។ Ronaldo ក៏​មិនមាន​ឈ្មោះ​នៅក្នុង​ក្រុម​បេក្ខភាព​នេះដែរ។

    កីឡាករ​ដែល Pepe ជ្រើសរើស​គឺ Kylain Mbappe, Luka Modric និង Karim Benzema។ ប្រធាន​គ្រូបង្វឹក​ថ្មី​របស់​ព័រទុយហ្កាល់ Roberto Martinez បានជ្រើសរើស Lionel Messi, Kevin de Bruyne និង Mbappe។

    Messi ជា​លើក​ទី​ពីរ​ដែល​ដណ្ដើម​បាន​ពាន់រង្វាន់​កីឡាករ​ឆ្នើម​បំផុត The Best របស់ FIFA ដោយ​ទទួលបាន​ពិន្ទុ​ច្រើន​លើសលុប​ជាងគេ។ ចំណែក Mbappe ឈរ​លំដាប់​លេខ 2 និង Benzema ឈរ​លំដាប់​លេខ 3។

    ពានរង្វាន់ The Best ត្រូវបាន​ប្រគល់​ចាប់ពី​ឆ្នាំ 2016 ក្នុងនោះ Ronaldo ដណ្ដើមបាន 2 លើកដំបូង​គេ។ រីឯ​កីឡាករ 2 រូប​ទៀត​ដែល​ទទួលបាន The Best ចំនួន 2 លើក​ដូចគ្នា គឺ Lewandowsky និង Messi៕

  • Lionel Messi ទទួលបាន​ពានរង្វាន់ The Best FIFA 2022

    Lionel Messi ទទួលបាន​ពានរង្វាន់ The Best FIFA 2022

    (បារាំង) – យកឈ្នះ​លើ Kylian Mbappe និង Karim Benzema កំពូល​តារាបាល់ទាត់​វ័យ 36 ឆ្នាំ Lionel Messi ដណ្ដើមបាន​ពានរង្វាន់ The Best របស់ FIFA ជា​លើក​ទី​ពីរ​កាលពី​ព្រលប់​ថ្ងៃទី 27 កុម្ភៈ 2023។

    «ពាន់រង្វាន់​នេះ ខ្ញុំ​ទុក​សម្រាប់​មិត្ត​រួម​ក្រុម ជំនួស​ឱ្យ​ពាក្យ​អរគុណ​ចំពោះ​អ្វីដែល​ពួកគេ​ធ្វើបាន» Messi ថ្លែង​ដូច្នេះ​បន្ទាប់ពី​បានទទួល​ពានរង្វាន់​ពី​ប្រធាន FIFA លោក Gianni Infantino។ «តំណែង​ជើងឯក World Cup គឺជា​ប្រកាស​អស្ចារ្យ​បំផុត​ចំពោះ​ខ្ញុំ​នៅក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់»។

    ចុងបញ្ចប់​នៃ​ការ​ថ្លែងការណ៍​កាលពី​វេលា​ម៉ោងជាង 22 (ម៉ោង​នៅ​បារី​ស) Messi ថែមទាំង​និយាយប្រាប់​កូនប្រុស​ទាំង 3 ដែល​អង្គុយ​លើ​កៅអី​សម្រាប់​ភ្ញៀវ​នៅ​​ខាងមុខ​ថា «Thiago, Mateo, Ciro ដល់ពេល​ទៅ​គេង​ហើយ»។

    ពានរង្វាន់​ថ្មី​នេះ​បាន​ជួយ​ឱ្យ Messi មានពាន The Best ចំនួន 2 ដែល​ស្មើនឹង Cristiano Rolando និង Robert Lewandowski។ បើ​គិត​ទាំង​ពានរង្វាន់​នានា​ដែល​ផ្ដល់​ដោយ FIFA ចាប់ពី​ឆ្នាំ 1991 កំពូល​កីឡាករ​អា​ហ្ស​ង់​ទីន​រូបនេះ​មានពាន​សរុប​ឡើងដល់ 7 ក្នុង​គ្រា​ដែល Ronaldo ទទួល​បានតែ 5 ប៉ុណ្ណោះ។

    FIFA ជ្រើសរើស​បេក្ខភាព The Best 2022 ដោយ​យោងទៅលើ​សមិទ្ធផល​ចាប់ពី​ថ្ងៃទី 08 សីហា 2021 ដល់ 18 ធ្នូ 2022។ ក្នុងអំឡុង​ពេលនោះ Messi ស៊ុត​បញ្ចូល​ទី​បាន 45 គ្រាប់ និង​បង្ក​ឱកាស​រកបាន​គ្រាប់​បាល់​ចំនួន 34 លើក​ នៅក្នុង 74 ប្រកួត រួម​នឹងការ​​ដណ្ដើមបាន​ជើងឯក World Cup 2022, ពានរង្វាន់​បាល់ទាត់​អន្តរទ្វីប (CONMEBOL–UEFA Cup of Champions) ដែល​​​អា​ហ្ស​ង់​ទីន​ដណ្ដើម​បាន​, Ligue 1 និង​ពានរង្វាន់​បាល់ទាត់​បារាំង (Trophée des Champions) ដែល​ PSG ដណ្ដើម​បាន​ ក៏ដូចជា​ពានរង្វាន់​បាល់​មាស World Cup 2022៕

  • សហរដ្ឋ​អាម៉េរិក​ផ្ដល់ជំនួយ​បន្ថែម​ជាង 1.2 ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក​ផ្ដល់ជំនួយ​បន្ថែម​ជាង 1.2 ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក​ប្រកាសថា ប្រទេស​នេះ​ផ្ដល់​ថវិកា​ជាង 1.2 ពាន់​លាន​ដុល្លារ​បន្ថែមទៀត​ដើម្បី​ជួយ​ឱ្យ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​អាច​បន្តធ្វើ​សកម្មភាព។

    «ជំនួយ​សេដ្ឋកិច្ច​ពី​យើង​កំពុង​ជួយ​ឱ្យ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​ស្ថាប័នសំខាន់ៗរក្សា​សកម្មភាព​នៅក្នុង​ស្ថានការណ៍​ពិសេស» រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក Janet Yellen កាលពី​ថ្ងៃទី 27 កុម្ភៈ ប្រកាស​ដូច្នេះ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​រដ្ឋធានី​កៀវ។ ក្រៅពីនេះ ខ្ទង់​ជំនួយ​នេះ​ក៏​ជួយ​ឱ្យ​អ៊ុយ​ក្រែ​ន​បើក​ប្រាក់ខែ​ជូន​មន្ត្រី​រដ្ឋការ គ្រូបង្រៀន និង​បុគ្គលិក​ពន្លត់​អគ្គិភ័យ​ផងដែរ។

    លោកស្រី Yellen ឱ្យដឹងថា ជំនួយ​សម្រាប់​អ៊ុយ​ក្រែ​ន​តម្លៃ 1.25 ពាន់​លាន​ដុល្លារ​នេះ គឺជា​ខ្ទង់​ដំបូង​ក្នុង​កញ្ចប់​ជំនួយ​តម្លៃ 10 ពាន់​លាន​ដុល្លារ​ដែល​អាម៉េរិក​នឹង​ផ្ដល់ឱ្យ​ទីក្រុង​កៀវ​នា​ប៉ុន្មាន​ខែ​ខាងមុខ។ សហរដ្ឋ​អាម៉េរិក​គឺជា​ប្រទេស​ផ្ដល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​យោធា​ច្រើនជាងគេ​ដល់​អ៊ុយ​ក្រែ​ន នៅក្នុង​រយៈពេល​ជាង​មួយឆ្នាំ​កន្លង ដោយ​វា​បាន​ឡើងដល់​ជិត 50 ពាន់​លាន​ដុល្លារ។

    លោកស្រី Yellen បញ្ជាក់ថា សហរដ្ឋ​អាម៉េរិក​នៅក្នុង​ឆ្នាំនេះ​នឹង​ផ្ដោតទៅលើ​ការទប់ស្កាត់​អំពើ​គេច​ទណ្ឌកម្ម​ពី​លោកខាងលិច​របស់​រុស្ស៊ី។

    អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន Emine Dzheppar កាលពី​ថ្ងៃទី 25 កុម្ភៈ 2023 បានឱ្យដឹងថា ប្រទេស​នេះ​បាន​ខាតបង់​សរុប​គិត​ជា​ទឹកប្រាក់​គឺ​ឡើង​ជិត​ដល់ 138 ពាន់​លាន​ដុល្លារ ក្នុងនោះ​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​គឺ 35.6 ពាន់​លាន​ដុល្លារ និង​ផ្ទះសំបែង 54 ពាន់​លាន​ដុល្លារ​ ដោយសារ​សង្គ្រាម​បច្ចុប្បន្ន៕

  • ភាពយន្ត​រឿង «Missing» ប្រាប់ថា ព័ត៌មាន​សម្ងាត់​របស់​អ្នក «អាច​ត្រូវគេ​លួចបាន​ដោយ​ងាយ»

    ភាពយន្ត​រឿង «Missing» ប្រាប់ថា ព័ត៌មាន​សម្ងាត់​របស់​អ្នក «អាច​ត្រូវគេ​លួចបាន​ដោយ​ងាយ»

    និស្សិត​ស្រីម្នាក់​ឈ្មោះ June ប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ និង​កុំព្យូទ័រ​យួរដៃ​ភ្ជាប់​អ៊ី​ន​ធើ​ណិ​ត​ដើម្បី​ស្វែងរក​ម្ដាយ​ដែល​បាន​បាត់​ខ្លួន​នៅពេល​ដើរទេស​ចរណ៍​នៅ​បរទេស​ក្នុង​ភាពយន្ត​ថ្មី​មួយ​ដែលមាន​ចំណងជើង​ថា «Missing»។

    «Missing» គឺជា​ខ្សែភាពយន្ត​របស់​​ផលិត​ករភាពយន្ត​មួយក្រុម​ដែល​ធ្លាប់បាន​ទទួលជោគជ័យ​ជាមួយនឹង​គម្រោង​ភាពយន្ត «Searching (2018)» នោះ​គឺ Aneesh Chaganty, Will Merrick និង Nick Johnson។ សាច់រឿង​របស់ «Missing» និយាយ​ពី​សិ​ស្ស​ស្រី​ម្នាក់​ឈ្មោះ June Allen (សម្ដែង​ដោយ Storm Reid) រើ​ទៅ​រស់នៅក្នុង​ទីក្រុង Los Angeles ជាមួយ​ម្ដាយ Grace Allen (Nia Long) បន្ទាប់ពី​ឪពុក​នាង​បាន​ស្លាប់។ នៅពេល​ជិត​ពេញវ័យ June ប្រែជា​មិន​ស្និទ្ធស្នាល​ជាមួយ​ញាតិសន្ដាន ហើយ​ពេលវេលា​ភាគច្រើន​របស់​នាង​គឺ​ការ​នៅ​ជាមួយ​មិត្ត​ភ័ក្ដិ និង​ឧបករណ៍​បច្ចេកវិទ្យា។

    ថ្ងៃមួយ Grace Allen មាន​មិត្ត​ប្រុស​ថ្មី​ឈ្មោះ Kevin (Ken Leung) តាមរយៈ​អែប​ណាត់គ្នា។ អ្នក​ទាំងពីរ​សម្រេចចិត្ត​ធ្វើដំណើរ​ទេសចរណ៍​នៅ Colombia ហើយក៏​បាន​បាត់​ខ្លួន។ នៅផ្ទះ​ម្នាក់ឯង June ចាប់ផ្ដើម​តាមដាន ស្រាវជ្រាវ​លើ​អ៊ី​ន​ធើ​ណិ​ត​ដោយ​ការ​លួច​ចូល​គណនី​បណ្ដាញ​សង្គម​របស់​ម្ដាយ និង Kevin ដើម្បី​ស្វែងរក​ទីតាំង​ដែល​ពួកគេ​បាន​ទៅ។ June ក៏បាន​រកឃើញ​អាថ៌កំបាំង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ទាក់ទង​នឹង​អតីតកាល​របស់​គ្រួសារ​នាង។

    ភាព​យន្តនេះ​បង្ហាញ​ពី​បច្ចេកវិទ្យា​ដែល​មនុស្ស​កំពុង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ

    ដូច​ទៅនឹង «Searching» ភាគ​យន្ត​រឿង «Missing» បន្ត​នាំមក​នូវ​រឿងរ៉ាវ​គួរ​ភ្ញាក់ផ្អើល​ជាច្រើន​ទាក់ទង​នឹង​បច្ចេកវិទ្យា ក៏ដូចជា​បញ្ហា​ពិបាក​ដោះស្រាយ​ជាច្រើន។ ក្រុម​អ្នក​ផលិត​រឿង​បាន​បញ្ចូល​កត្តា​បច្ចេកវិទ្យា​ទៅក្នុង​សាច់រឿង​ប្រកបដោយ​ភាព​ប្រទាក់ក្រឡា។ ទស្សនិកជន​នឹង​បានឃើញ​​សប​វ៉ែ​រ និង​កម្មវិធី​ដែល​គេ​ប្រើ​រាល់ថ្ងៃ ក្នុងនោះ​មាន​ទាំង Facebook, Instagram ឬ​ជំនួយការ​និម្មិត Siri ជាដើម​នៅក្នុង​ខ្សែភាពយន្ត​នេះ។ June អាច​តាមដាន​ម្ដាយ​​នាង​ដោយការ​​ប្រើប្រាស់​ប្រព័ន្ធ​កាមេរ៉ា​សន្តិសុខ ឬ​តារាង​ស្ថិតិ​នៃ​​ទីតាំង​ដែល​បាន​ដើរ​ឆ្លងកាត់​របស់ Google Maps។

    ក្រៅពី​រឿងរ៉ាវ​បំបែកសំណុំរឿង​របស់ June សាច់រឿង​ក៏​ទាក់ទាញ​ចំណាប់អារម្មណ៍​ផងដែរ​ដោយមាន​ខ្លឹមសារ​ស្ដីពី​ការការពារ​ទិន្នន័យ និង​សុវត្ថិភាព​លើ​អ៊ី​ន​ធើ​ណិ​ត។ ដោយ​គ្រាន់តែ​ប្រើប្រាស់​កុំព្យូទ័រ និង​ទូរស័ព្ទ​ឆ្លាត​វៃ June អាច​ចូល​គណនី​អ៊ី​មេ​ល បណ្ដាញ​សង្គម​របស់​ម្ដាយ​នាង និង Kevin បាន​ដោយ​ងាយ។ ទស្សនិកជន​នឹង​ភ្ញាក់ផ្អើល​នៅពេល​ដឹងថា ព័ត៌មាន​សម្ងាត់​​ផ្ទាល់ខ្លួន​ងាយ​នឹង​ត្រូវគេ​លួចបាន​ បើសិន​មិន​យកចិត្តទុកដាក់​លើ​ការការពារ។

    រឿង «Missing» ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ក្រុម​អ្នកវាយតម្លៃ​អន្តជាតិ

    ក្រុម​អ្នក​ផលិត​បានទទួល​ជោគជ័យ​ក្នុងការ​អូសបន្លាយ​ការចង់​ដឹង​របស់​ទស្ស​និក​ជន​ដោយ​ការបង្កើត​បញ្ហា​ពិបាក​ដោះស្រាយ។ June អាច​តាមរក​ដាន​​ម្ដាយ​នាង​ដោយ​ការ​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​តែប៉ុណ្ណោះ។ ដូច្នេះ ចំណុច​ដ៏​តូច​មួយ​ក៏​ត្រូវបាន​ក្រុម​អ្នកដឹកនាំ​រឿង​ធ្វើ​ឱ្យទៅជា​តម្រុយ​សំខាន់​ដើម្បី​ស្វែងរក។

    រឿង «Missing» ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ក្រុម​អ្នកវាយតម្លៃ​អន្តជាតិ ដោយ​ទទួលបាន​ពិន្ទុ 86% ក្នុងចំណោម​ការវាយតម្លៃ​សរុបចំនួន 110 លើក នេះ​បើតាម Rotten Tomatoes។ ភាគច្រើន​យល់ថា ក្រុម​អ្នក​ផលិត​ជោគជ័យ​ក្នុងការ​ធ្វើឱ្យ​ទស្សនិកជន​ត្រូវផ្ដោត​អារម្មណ៍​តាមដាន និង​រង់ចាំ​ការ​ស្រាយ​អាថ៌កំបាំង។ ក៏ប៉ុន្តែ អ្នកវាយតម្លៃ​ខ្លះ​​យល់ថា ចង្វាក់​ប្រទាក់ក្រឡា​គ្នា​នៅ​ក្នុង​​ភាពយន្ត​នេះ «លឿន​ពេក» ហើយ​សាច់រឿង​នៅមាន​ចន្លោះប្រហោង​មួយចំនួន៕

  • មន្ត្រី​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ថា ករណី​ស្លាប់​របស់​កុមារី​ឆ្លង​ជំងឺ​ផ្ដាសាយ H5N1 មិនមែន​ជាការ​កំរាម​កំហែង​តិច​តូច

    មន្ត្រី​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ថា ករណី​ស្លាប់​របស់​កុមារី​ឆ្លង​ជំងឺ​ផ្ដាសាយ H5N1 មិនមែន​ជាការ​កំរាម​កំហែង​តិច​តូច

    អម្បូរ​រ​វីរុស​ផ្តាសាយ​បក្សី H5N1 ដែល​បាន​បណ្តាលឱ្យ​កុមារី​ម្នា​ក់នៅ​ខេត្តព្រៃវែង​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​កន្លង រួម​នឹង​ការឆ្លង​រាលដាល​នាពេល​កន្លង មិនមែន​ជាការ​កំរាម​កំហែង​តិចតួច​ឡើយ នេះ​បើតាម មន្ត្រីជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ។

    អម្បូរ​វីរុស​ផ្តាសាយ​បក្សី H5N1 (clade 2.3.2.1c) នេះ គឺជា​វីរុស​ដែល​បាន​សិក្សា​រកឃើញ​នៅក្នុង​ចំណោម​បក្សី​ស្រុក និង បក្សី​ព្រៃ​ក្នុងប្រទេស​កម្ពុជា ក្នុងអំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​ការតាមដាន ស្រាវជ្រាវ​លើ​ករណី​ជំងឺ​នេះ​គឺ​នៅតែ​បន្ត នេះ​បើតាម​មន្ត្រី​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC)។

    លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​កម្ពុជា បាន​ថ្លែ​អថា លទ្ធផល​តេស្ត​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ និង​វិទ្យាស្ថាន​សុខភាព​សាធារណៈ ទៅលើ​សំណាក់​សរុប​ចំនួន 29 ដែលជា​អ្នក​ប៉ះពាល់​នឹង​អ្នកស្លាប់​ដោយសារ​វីរុស H5H1 កាលពី​យប់​ថ្ងៃទី 25 កុម្ភៈ បង្ហាញថា អវិជ្ជមាន​ទាំងអស់។

    CDC កំពុង​ស្រាវជ្រាវ​រក​ប្រភព​របស់​វីរុស ហើយ​មិនទាន់​រកឃើញ​សញ្ញា​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស ខណៈដែល​អង្គការ​សុខ​ភាព​ពិភពលោក​ក៏​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ដើម្បី​តាមដាន​ករណី​ឆ្លង​វីរុស​នេះ។

    លោក Erik Karlsson អនុប្រធាន​ផ្នែក​វីរុស​សាស្ត្រ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា «បើ​ទោះ​វា (វីរុស H5N1) ធ្លាប់បាន​ឆ្លងទៅ​មនុស្ស​ក្នុង​អតីតកាល ក្រុមមន្ត្រី​ជំនាញ​ក៏​មិន​ធ្លាប់​រកឃើញ​ករណី​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស»។ ប៉ុន្តែ​លោក​ថា ប្រការនេះ​មិនមែន​មានន័យថា ការ​កំរាម​កំហែង​របស់​វីរុស​នេះ​គឺមាន​តិចតួច​នោះទេ»។

    ជំងឺផ្ដាសាយបក្សី​គឺជា​ជំងឺឆ្លង​នៅក្នុង​ចំណោម​សត្វ​ស្លាប បង្កឡើង​ដោយ​វីរុស​ផ្ដាសាយ​ប្រភេទ A។ ជំងឺ​នេះ​ត្រូវបាន​រកឃើញ​ដំបូង​នៅ​អ៊ីតាលី កាលពី​ជាង 100 ឆ្នាំមុន ហើយក៏​បាន​ឆ្លង​រាលដាល​ពាសពេញ​ពិភពលោក។

    ក្រសួងសុខាភិបាល​កម្ពុ​ជា កាលពី​ថ្ងៃទី 23 កុម្ភៈ បានប្រកាសថា បាន​រកឃើញ​ជំងឺផ្តាសាយបក្សី H5N1 ចំនួន​មួយ​ករណី ដែល​បាន​ឆ្លង​ទៅលើ​កុមារី​ម្នាក់​អាយុ​ជាង 11 ឆ្នាំ រស់នៅក្នុង​ភូមិ​រលាំង ឃុំ​រំលេច ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ក្រោយពី​បានធ្វើ​តេស្ត​លើ​វត្ថុ​សំណាក។ កុមារី​រូបនេះ​ក្រោយមក​ក៏បាន​បាត់បង់​ជីវិត​កាលពី​ថ្ងៃទី 22 កុម្ភៈ៕