Author: សឿន សំណាង

  • ភាពយន្ត​​​ដំបូង​គេ​លើ​លោក​ដែល​ថត​នៅ​ទី​អវកាស​​​ បញ្ចេញ Trailer ហើយ​!

    ភាពយន្ត​​​ដំបូង​គេ​លើ​លោក​ដែល​ថត​នៅ​ទី​អវកាស​​​ បញ្ចេញ Trailer ហើយ​!

    ក្រុម​ផលិតករ​ភាពយន្ត​របស់​រុស្ស៊ី បាន​បញ្ចេញ​ទិដ្ឋភាពដំបូងៗរបស់​ភាពយន្ត​រឿង «The Challenge» ដែលជា​ភាពយន្ត​ដំបូងគេ​​ត្រូវបាន​ថត​នៅក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។

    Trailer នេះ​បង្ហាញ​ទិដ្ឋភាព និង​ស្ថានការណ៍​មួយចំនួន​ទាក់ទង​នឹង​លោកស្រី​វេជ្ជបណ្ឌិត Zhenya (សម្ដែង​ដោយ Peresild)។ លោកស្រី​ទទួល​ភារកិច្ច​ក្នុងការ​វះកាត់​បេះដូង​ឱ្យ​អ្នក​អវកាស​មួយរូប (សម្ដែង​ដោយ Oleg Novitskiy) នៅ​ទី​អវកាស ព្រោះ​អវកាសចរ​នេះ​​មិនអាច​ត្រលប់​មកកាន់​ផែនដី​ដើម្បី​ទទួល​ការព្យាបាល។

    យោងតាម CNN ភាពយន្ត «The Challenge» ដែល​នឹងត្រូវ​ចាក់​បញ្ចាំង​នៅ​រោងកុន​ក្នុង​ខែមេសា​ខាងមុខ ត្រូវបាន​ផលិត​ដោយ​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos សហការ​ជាមួយ​ស្ថានីយទូរទស្សន៍ Channel One និង​ផលិតកម្ម​ភាពយន្ត Yellow, Black and White។

    អ្នកដឹកនាំ​រឿង Klim Shipenko និង​តារា​សម្ដែង Yulia Peresild រួម​នឹង​អ្នក​អវកាស Anton Shkaplerov បាន​ជិះ​យានអវកាស​ហោះ​ទៅកាន់ ISS កាលពី​ខែតុលា 2021 និង​ថត​ឈុត​ឆាក​នានា​នៅលើ​រយៈកម្ពស់ 400 គីឡូ​ម៉ែត្រធៀប​នឹង​ផ្ទៃផែនដី និង​ចំណាយ​ពេល​អស់​ 12 ថ្ងៃ។ ក្រោយមក យាន Soyuz MS-18 បាន​ដឹក​ក្រុម​អវកាស​ចរ​ចុះមក​កាន់​តំបន់​ដាច់ស្រយាល​មួយ​នៅ​កា​ហ្សា​ក់​ស្ថាន។ Peresild ធ្លាប់បាន​និយាយថា នាង​មិន​អី​ទេ សុខភាព​ធម្មតា ប៉ុន្តែ «រាងកាយ​ហាក់​មិនទាន់​សម្រប​ខ្លួន​បានល្អ​ទៅនឹង​អ្វីដែល​កំពុង​កើតឡើង»។

    Trailer របស់​ភាព​យន្ត​​រឿង «The Challenge»

    ទីភ្នាក់ងារ​អវកាស​រុស្ស៊ី បានឱ្យដឹងថា ការផលិត​ភាពយន្ត​នេះ​គឺ​ក្នុង​បំណង​ជួយ​ឱ្យ​យុវវ័យ​ចាប់អារម្មណ៍​លើ​វិស័យ​អវកាស​ចរណ៍។

    កន្លងមក ធ្លាប់មាន​វីដេអូ​ខ្លី​មួយចំនួន​ត្រូវបាន​ថត​ក្នុង ISS ក៏ដូចជា​ភាពយន្ត​ដែលមាន​បញ្ចូល​ទិដ្ឋភាព​នៃ​ទី​អវកាស។ ក៏ប៉ុន្តែ «The Challenge» ត្រូវបាន​ទទួលស្គាល់ថា​ជា​ភាពយន្ត​ខ្នាត​វែង​ដំបូង​ដែល​ថត​នៅ​ទី​អវកាស។ «The Challenge» គឺជា​គម្រោង​ភាពយន្ត​ដំបូង​គេ​ដែលមាន​តារា​សម្ដែង និង​អ្នក​ដឹក​រឿង​ត្រូវបាន​នាំទៅ​ថត​នៅ​ទី​អវកាស។ នៅ​សហរដ្ឋ​អាម៉េរិក Tom Cruise បច្ចុប្បន្នក៏​កំពុង​ថត​ឈុត​ឆាក​សម្រាប់​គម្រោង​ភាពយន្ត​មួយ​ដែល​ស្រដៀង​ទៅនឹង «The Challenge» ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន SpaceX របស់​មហាសេដ្ឋី Elon Musk៕

  • U-20 ចិន «តស៊ូ» ជិត​ 10 ឆ្នាំ ទើប​ឆ្លង​ផុត​វគ្គ​សន្សំ​ពិន្ទុ និង​ឡើង​ដល់​​វគ្គ 8 ក្រុម​ចុង​ក្រោយ​នៅ​ U-20 អាស៊ី

    U-20 ចិន «តស៊ូ» ជិត​ 10 ឆ្នាំ ទើប​ឆ្លង​ផុត​វគ្គ​សន្សំ​ពិន្ទុ និង​ឡើង​ដល់​​វគ្គ 8 ក្រុម​ចុង​ក្រោយ​នៅ​ U-20 អាស៊ី

    ជា​លើក​ដំបូង​ហើយ​ក្រោយ​រយៈ​ពេល 9 ឆ្នាំ ដែល​ក្រុម​កីឡាបាល់​ទាត់​វ័យ​ក្រោម​ម្ភៃ​ឆ្នាំ​របស់​ចិន ដណ្ដើម​បាន​ជោគ​ជ័យ​ ដោយ​ឆ្លង​ផុត​វគ្គ​សន្សំពិន្ទុ​ និង​បាន​ចូលដល់​វគ្គ​ជម្រុះ​ផ្ទាល់ (knock-out) នៅ​ពាន​រង្វាន់​ជើង​ឯក​ U-20 អាស៊ី​ 2023​ (2023 AFC U-20 Asian Cup)។

    នៅ​ក្នុង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា «ឡើងដល់​វគ្គ ¼ ហើយ! សម្រាប់​បាល់​ទាត់​ចិន នេះ​គឺជា​ពន្លឺ​ដ៏​មាន​តម្លៃ​ក្នុង​រាត្រី​ងងឹត» នៅ​លើ​ទំព័រ Sina របស់​ចិន​ អ្នក​និពន្ធ​បាន​វាយ​តម្លៃ​អំពី​ក្រុម​ជម្រើស​ជាតិ U-20 ចិន​ និង​ផ្ដល់​យោបល់​ដើម្បី​ជួយ​ឱ្យ​ក្រុម​នេះមាន​ប្រៀប​ជាង​គូ​ប្រកួត​នៅ​ក្នុង​វគ្គ 8 ក្រុម​ចុង​ក្រោយ​។

    «…ការ​ណ៍​ដែល​ U-20 ចិន ឡើង​ដល់​វគ្គ ¼ គឺជា​រឿង​ដ៏គួរ​ឱ្យ​ត្រេកអរ​។ ក្រោយ​អវត្តមាន​​រយៈ​ពេល​ 9 ឆ្នាំ​ពេញ U-20 ចិន បាន​ឆ្លង​ផុត​វគ្គ​សន្សំ​ពិន្ទុ​ ប៉ុន្តែ អ្នក​គាំទ្រ​ពុំ​មាន​ការ​ជឿ​ជាក់​នៅ​ពេល​ធ្លាក់​ទៅ​ក្នុង​ «ពូលមរណៈ» (ពូល​ដែល​មាន​ក្រុម​ខ្លាំង) នៅបួន​គូ​​ចុងក្រោយ​»។

    សារព័ត៌មាន​ Sina ក៏​បាន​ចង្អុល​បង្ហាញ​កត្តា​សំខាន់​ដែល​នឹង​ជួយ​ឱ្យ U-20 ចិន ដោះ​ស្រាយ​សម្ពាធ​នៅ​ពេល​ប្រឈម​នឹង​ U-20 កូរ៉េខាងត្បូង​ នៅ​ក្នុង​វគ្គ​ ¼។ Sina បាន​​សរសេរ​លើក​តម្កើង​អ្នក​ចាំទី Li Hao ថា ក្នុង​បី​ប្រកួត​នៅ​វគ្គ​សន្សំពិន្ទុ អ្នក​ចាំ​ទី​រូប​នេះ​បាន​ជួយ​សង្គ្រោះ​ក្រុម​របស់​ខ្លួនបាន​ជោគ​ជ័យ​​រហូត​ដល់ 22 លើក។

    នៅ​ក្នុង​ការ​ប្រកួត​បន្ទាប់​ U-20 ចិននឹង​ត្រូវ​ប្រឈម​នឹង​ការ​វាយ​លុក​ខ្លាំង​ក្លា​ពី​ U-20 កូរ៉េខាងត្បូង ប៉ុន្តែ​ពេល​នោះ​ អ្នក​ចាំទី Li Hao នឹង​មាន​តួនាទី​ច្រើន​នៅ​ក្នុង​ការ​សម្រេច​លើ​លទ្ធផល​ឈ្នះ-​ចាញ់​ នេះ​បើ​តាម​ទំព័រ Sina។

    Sina បាន​បន្ថែម​ថា U-20 ចិន ត្រូវ​តែ​លេង​ឱ្យ​ដូច​ទៅ​នឹង​របៀប​​ដែល​គ្រូបង្វឹក​ជនជាតិកូរ៉េខាងត្បូង Park Hang-seo ធ្លាប់​ដឹក​នាំ​កូន​សិស្ស​លេង​នៅ​អាស៊ី។ ប៉ុន្តែ បើ​សិន​បញ្ចេញ​កម្លាំង​សុទ្ធ​សាធ​​ដើម្បី​ប្រជែង​ជាមួយ U-20 កូរ៉េខាងត្បូង នោះ​មិន​យូរ​មិន​ឆាប់​ ភាព​ខុស​គ្នា​អំពី​សមត្ថភាព​ផ្ទាល់​ខ្លួន​រវាង​ក្រុម​ទាំង​ពីរ​នឹង​លេច​ឡើង​យ៉ាង​ច្បាស់ ហើយ​ពេល​នោះ U-20 ចិន ប្រាកដ​ជា​​ចាញ់។

    នៅក្នុង​វគ្គ​បួន​ក្រុម​ចុងក្រោយ​របស់ U-20 អាស៊ី 2023 នេះ រួមមាន អ៊ីរ៉ង់-អ៊ីរ៉ាក់, អ៊ុយ​បេ​គី​ស្ថាន-អូស្ត្រាលី, កូរ៉េខាងត្បូង-ចិន និង ជប៉ុន-ហ្ស៊​កដា​នី ដែល​គូ​ទីមួយ និង​ទី​ពីរ​ត្រូវ​ប្រកួត​នៅ​ថ្ងៃទី 11 មីនា ចំណែក​គូ​ទី​បី និង​ទី​បួន​ត្រូវ​ប្រកួត​ក្នុង​ថ្ងៃទី 12 មីនា 2023៕

  • «រថយន្ត​អគ្គិសនី​​បើក​បរ​ស្វ័យ​ប្រវត្ត​តម្លៃ​ទាប» ​របស់ Elon Musk ជិត​​​បង្ហាញខ្លួន

    «រថយន្ត​អគ្គិសនី​​បើក​បរ​ស្វ័យ​ប្រវត្ត​តម្លៃ​ទាប» ​របស់ Elon Musk ជិត​​​បង្ហាញខ្លួន

    Elon Musk បានឱ្យដឹងថា ម៉ូ​ដែល​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​ដែល​ជិត​បង្ហាញ​វត្តមាន​របស់ Tesla នឹង​បំពាក់​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្ត។

    ក្រោយពី​ត្រូវបាន​មហាសេដ្ឋី​អាម៉េរិក​ប្រកាស​លើកដំបូង​កាលពី​ឆ្នាំ 2020 Tesla ក៏បាន​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​តម្លៃ​ទាប ហើយ​វា​​ក៏​​ជិត​ត្រូវបាន​បង្ហាញខ្លួន​ ជាមួយនឹង​តម្លៃ​ប្រហែល 2.5 ម៉ឺន​ដុល្លារ​អាម៉េរិក។

    ថ្មីៗនេះ លោក Musk បាន​រម្លឹក​ដល់​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​បំពាក់​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្ត នៅក្នុង​កិច្ច​សម្ភាស​មួយ​នៅ​សន្និសីទ Morgan Stanley។ លោក Musk ថា «មាន​គម្រោង​លំអិត​មួយ​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​តូច​ជាង និងមាន​​ការចំណាយ​ក្នុងការ​ផលិត​ទាប​ជាង​ពាក់កណ្ដាល​ធៀប​នឹង Model 3។ រថយន្ត​នោះ​នឹង​បំពាក់​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្ត»។

    រថយន្តអគ្គិសនី​តម្លៃ​ទាប​បើកបរ​ដោយ​ស្វ័យ​ប្រវត្ត​របស់ Tesla នឹង​មាន​តម្លៃ​ប្រហែល 25,000 ដុល្លារ​អាម៉េរិក

    ក្រោយមក លោក Musk បន្ត​និយាយថា រថយន្ត​ខាងលើនេះ​នឹង​អាច​បើកបរ​បាន​ពី 50 ទៅ 60 ម៉ោង/សប្ដាហ៍ យូរ​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ពី 10 ទៅ 12 ម៉ោង​របស់​រថយន្ត​​អគ្គិសនី​ដឹក​អ្នកដំណើរ​នាបច្ចុប្បន្ន៕

  • គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ថ្មី​ពីរ​កន្លែង​នឹង​បង្កើត​ការងារ​ជិត​បី​ពាន់​កន្លែង

    គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ថ្មី​ពីរ​កន្លែង​នឹង​បង្កើត​ការងារ​ជិត​បី​ពាន់​កន្លែង

    គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​វិនិយោគ​ចំនួន​ពីរ បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែល​គ្រោង​នឹង​បង្កើត​ការងារ​ថ្មី​ប្រមាណ​ជាង 2,900 កន្លែង នៅ​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ដោយមាន​ទុន​សរុប​ប្រមាណ 10.2 លាន​ដុល្លារ​អាម៉េរិក។

    ក្រុមហ៊ុន​វិនិយោគ​ថ្មី​ទាំងនេះ​រួមមាន៖

    ក្រុមហ៊ុន DUN TAI GARMENT (CAMBODIA) CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ 3 ភូមិ​ព្រៃ​ស្រួល ឃុំ​ពោធិ៍​អង្ក្រង ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.1 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,326 កន្លែង។

    ក្រុមហ៊ុន PRECLO (CAMBODIA) CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.1 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,639 កន្លែង។

  • ចានគោម​ក្នុង​រជ្ជកាល​ស្ដេច ឈៀន ឡុង ត្រូវបាន​កំណត់​តម្លៃ​ជាង 20 លាន​ដុល្លារ​អាម៉េរិក

    ចានគោម​ក្នុង​រជ្ជកាល​ស្ដេច ឈៀន ឡុង ត្រូវបាន​កំណត់​តម្លៃ​ជាង 20 លាន​ដុល្លារ​អាម៉េរិក

    ចានគោម​ដែលមាន​រូប​សត្វ​ត្រចៀកកាំ​ក្នុងសម័យ​អធិរាជ ឈៀន ឡុង របស់​ប្រទេស​ចិន បង្ហាញខ្លួន​នៅក្នុង​ទីផ្សារ​លក់​ដេញថ្លៃ និង​ត្រូវ​បានកំណត់​តម្លៃ​ឡើងដល់​ជាង 25 លាន​ដុល្លារ​អាម៉េរិក។

    យោងតាម The Value ស្នាដៃ​សិប្បកម្ម​ដែល​នឹង​ត្រូវបាន​ដាក់លក់​ដេញថ្លៃ​នៅ​ថ្ងៃទី 08 មេសា 2023 ខាងមុខ គឺជា «វត្ថុ​ពិសេស» ក្នុងចំណោម​វត្ថុ​បុរាណ​នៅក្នុង​ឱកាស​ខួប 50 ឆ្នាំ​នៃ​ការបង្កើត​ក្រុមហ៊ុន Sotheby’s Hong Kong។

    ក្រោយ​រយៈពេល 17 ឆ្នាំ វត្ថុ​បុរាណ​ដែល​បង្ហាញខ្លួន​ក្នុង​ទីផ្សារ​លើក​នេះ​ត្រូវបាន​គេ​សង្ឃឹមថានឹង​ក្លាយជា​វត្ថុ​បុរាណ​ចិន​ធ្វើ​ពី​សេ​រ៉ា​មិច​មានតម្លៃ​ថ្លៃ​ជាងគេ។ អ្នកជំនាញ​និយាយថា តម្លៃ​របស់​ចានគោម​នេះ បច្ចុប្បន្ន​ខ្ពស់ជាង 200 លាន​ដុល្លារ​ហុងកុង (ជាង 25 លាន​ដុល្លារ​អាម៉េរិក)។

    កាលពី​ឆ្នាំ 2006 ចាន​នេះ​ត្រូវបាន​អ្នកជំនួញ​ម្នាក់​នៅ​ហុងកុង​ទិញ​ក្នុងតម្លៃ 151 លាន​ដុល្លារ​ហុងកុង (19.2 លាន​ដុល្លារ​អាម៉េរិក) និង​ក្លាយជា​វត្ថុ​បុរាណ​ធ្វើ​ពី​សេ​រ៉ា​មិច​សម័យ​រាជវង្ស​ឈី​ង​របស់​ចិន​មានតម្លៃ​ខ្ពស់​ជាងគេ និង​ជា​ស្នាដៃ​សិល្បៈ​ទ្វីបអាស៊ី​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​នាពេលនោះ។ បច្ចុប្បន្ន កំណត់ត្រា​ស្ដីពី​ផលិតផល​សេ​រ៉ា​មិច​ចិន​មានតម្លៃ​ខ្ពស់បំផុត​បាន​ទៅលើ​ថូ​សម័យ​ស្ដេច ឈៀន ឡុង ដោយ​ត្រូវបាន​លក់​ក្នុងតម្លៃ 327 លាន​ដុល្លារ​ហុងកុង (41.6 លាន​ដុល្លារ​អាម៉េរិក) កាលពី​ឆ្នាំ 2021។

    អធិរាជ​ ឈៀន ឡុង សោយរាជ្យនៅប្រទេស​ចិនពីឆ្នាំ 1735 ដល់ 1796 ដូច្នេះ​​ចាន​នេះមាន​អាយុ​កាល​ប្រហែល​ពី 226 ឆ្នាំ​ដល់ 287 ឆ្នាំ​។ ចានគោម​សម័យ​ស្ដេច ឈៀន ឡុង មាន​រូប​ផ្កា​អាល​មិន (អាល​ម៉ុង-almond), ផ្ការាំង​រាសី និង​សត្វ​ត្រចៀកកាំ ចំណែក​ម្ខាង​ទៀត​មាន​កំណាព្យ​ពីរ​ឃ្លា។

    ចាន ឬ​សម្ភារៈ​សេ​រ៉ា​មិច គឺជា​របស់​ដែល​ធ្វើ​ពី​ដីឥដ្ឋ​កា​អូ​លី​នី​ត (Kaolinite) ដោយ​វា​ត្រូវបាន​គេ​ដុត​ក្នុង​កម្ដៅ​ចាប់ពី 1,200 អង្សា​សេ​ដល់ 1,400 អង្សា​សេ។

  • ចិន​ប្រគល់​កប៉ាល់​ដឹក​កុងតឺន័រ​ធំ​ជាង​ទីលាន​បាល់ទាត់​បួន​ដង​ដល់​អតិថិជន

    ចិន​ប្រគល់​កប៉ាល់​ដឹក​កុងតឺន័រ​ធំ​ជាង​ទីលាន​បាល់ទាត់​បួន​ដង​ដល់​អតិថិជន

    ប្រទេស​ចិន​កាលពី​ម្សិលមិញ​បានប្រគល់​កប៉ាល់​ដឹក​កុងតឺន័រ​ខ្នាត​យក្ស​ថ្មី​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​នៅ​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដែលមាន​ទីស្នាក់ការ​នៅ​ប្រទេស​ស្វ៊ី​ស។

    កប៉ាល់​ដែល​អាច​ផ្ទុកទំនិញ​បាន 24,116 TEU នេះ ត្រូវបាន​ប្រគល់​នៅ​សៀង​ហៃ​កាលពី​ថ្ងៃទី 09 មីនា 2023។ កប៉ាល់​នេះ​មាន​ឈ្មោះថា Mediterranean Tessa និង​មាន​បណ្ដោយ 399.99 ម៉ែត្រ ខណៈ​ផ្ទៃក្រឡា​នៃ​ជាន់​របស់​វា ធំ​ជាង​បួន​ដង​ធៀប​នឹង​ទីលាន​បាល់ទាត់ ហើយ​អាច​ដឹកទំនិញ​បាន 240,000 តោន។

    កប៉ាល់ Mediterranean Tessa ត្រូវបាន​ប្រគល់ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ (MSC) ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស។ Mediterranean Tessa គឺជា​កប៉ាល់​មួយ​ក្នុងចំណោម​កប៉ាល់​ដឹក​កុងតឺន័រ​ធំជាងគេ​លើ​ពិភពលោក។ កប៉ាល់​នេះ​នឹង​ដឹកជញ្ជូន​ទំនិញ​ទៅមក​រវាង​ទ្វីបអាស៊ី និង​អឺរ៉ុប។

    ទំព័រ CGTN របស់​ចិន​ បាន​ផ្សាយ​ថា នេះ​គឺជា​កប៉ាល់ដឹក​កុងតឺន័រ​ធំជាង​គេ​លើពិភពលោក

    កប៉ាល់ Mediterranean Tessa បំពាក់​បច្ចេកវិទ្យាទំនើបៗចុងក្រោយ។ វា​អាច​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​បាន​ពី​បី​ទៅ​បួន​ភាគរយ ដែល​ស្មើនឹង 6,000 តោន/ឆ្នាំ ហើយ​អាច​ដឹកទំនិញ​ច្រើន​ប្រភេទ៕

  • លី​ទុយ​អា​នី ថា រុស្ស៊ី​អាចធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ «ពីរ​ឆ្នាំ​បន្ថែមទៀត»

    លី​ទុយ​អា​នី ថា រុស្ស៊ី​អាចធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ «ពីរ​ឆ្នាំ​បន្ថែមទៀត»

    ប្រធាន​អង្គភាព​ស៊ើបការណ៍​សម្ងាត់​របស់​ក​ង​ទ័ព​ប្រទេស​លី​ទុយ​អា​នី និយាយថា រុស្ស៊ី​មាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​រក្សា​យុទ្ធនាការ​យោធា​ពិសេស​របស់ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​ដូច​បច្ចុប្បន្ន​ចំនួន​ពីរ​ឆ្នាំ​បន្ថែមទៀត។

    «ប្រភពធនធាន​នានា​ដែល​​​រុស្ស៊ី​កំពុងមាន ​គឺ​គ្រប់គ្រាន់​ដើម្បី​អាច​បន្តធ្វើ​សង្គ្រាម​ខ្លាំងក្លា​ដូច​បច្ចុប្បន្ន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៀត» ប្រធាន​អង្គភាព​ស៊ើប​ការណ៍សម្ងាត់​របស់​កងទ័ព​លី​ទុយ​អា​នី Elegijus Paulavicius ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី 09 មីនា​ដូច្នេះ។ «ពេលវេលា​ដែល​រុស្ស៊ី​អាច​អូសបន្លាយ​សម្រាប់​ការធ្វើ​សង្គ្រាម​នេះ​នឹង​អាស្រ័យ​លើ​ការជួយជ្រោមជ្រែង​ពី​បណ្ដា​ប្រទេស មានដូចជា អ៊ីរ៉ង់ និង​កូរ៉េខាងជើង​ជាដើម»។

    ក្រុម​ចារកម្ម​របស់លោក​ខាងលិច​កន្លងមក​ធ្លាប់បាន​និយាយថា អ៊ីរ៉ង់ និង​កូរ៉េខាងជើង​កំពុង​ផ្គត់ផ្គង់​អាវុធ​ឱ្យ​រុស្ស៊ី ប៉ុន្តែ​ទីក្រុង​តេ​ហេ​រ៉ង់ និង​ព្យុងយ៉ាង​បាន​ច្រានចោល​ការចោទប្រកាន់​នេះ។

    ទណ្ឌកម្ម​នានា​របស់​ប​ស្ចិ​ម​លោក​មិនទាន់​ជះឥទ្ធិពល​ដល់​ប្រភព​ហិរញ្ញវត្ថុ​របស់​រុស្ស៊ី​សម្រាប់​យុទ្ធនាការ​យោធា។ រុស្ស៊ី​បាន​ប្រើប្រាស់ «ស្ថាប័ន​អន្តរការី​ជាច្រើន» ដើម្បី​មាន​បច្ចេកវិទ្យា​ដែល​រង​ទណ្ឌកម្ម។ កងទ័ព​រុស្ស៊ី​ក៏​ត្រូវបាន​កែ​សម្រួល​ដើម្បី​អាច​ប្រឈមមុខ​នឹង​លោកខាងលិច​ក្នុង​រយៈពេល​យូរ ព្រមទាំង​ នឹង​បង្កើត​វត្ត​មាននៅ​សមុទ្រ​បាល​ទិច។ នេះ​បើតាម​លោក Paulavicius។

    ក្រុមមន្ត្រី​រុស្ស៊ី​មិនទាន់​មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទង​នឹង​ការអះអាង​របស់​លោក Paulavicius ខាងលើ។

    លី​ទុយ​អា​នី​ក៏បាន​ចោទថា ក្រុមចោរ​អ៊ី​ន​ធើ​ណិ​ត​ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​រុស្ស៊ី និង​ចិន បាន​ព្យាយាម​ចូល​គ្រប់គ្រង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​រដ្ឋាភិបាល​ប្រទេស​នេះ​នៅក្នុង​ឆ្នាំ 2020។

    លី​ទុយ​អា​នី​មាន​ព្រំដែន​ជាប់​នឹង Kaliningrad ដែលជា​ទឹកដី​ឯនាយសមុទ្រ​របស់​រុស្ស៊ី

    ក្រោយ​ត្រូវ​លី​ទុយ​អា​នី​ចោទប្រកាន់ ប្រទេស​ចិន​មិនទាន់មាន​ការឆ្លើយតប​នៅឡើយ។ ប៉ុន្តែ ភាគី​រុស្ស៊ី​វិញ ធ្លាប់បាន​ទាត់ចោល​ការអះអាង​នេះ​ជាច្រើនលើក។

    លី​ទុយ​អា​នី​មាន​ព្រំដែន​ជាប់​នឹង Kaliningrad ដែលជា​ទឹកដី​ឯនាយសមុទ្រ​របស់​រុស្ស៊ី ហើយក៏​ជា​កន្លែង​ដែលមាន​ទីស្នាក់ការ​កណ្តា​ល​នៃ​កង​នាវាចរ​ណ៍​បាល់​ទិ​ក​របស់​កងទ័ពជើងទឹក​រុស្ស៊ី​ផងដែរ​។ លី​ទុយ​អា​នី​កំពុង​បារម្ភ​ចំពោះ​សន្តិសុខ​ជាតិ បន្ទាប់ពី​រុស្ស៊ី​បាន​បើក​ការឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​កាលពី​ខែកុម្ភៈ 2022។

    លី​ទុយ​អា​នី​គឺជា​សមាជិក​មួយ​របស់​សហភាព​អឺរ៉ុប​ដែល​រិះគន់​រុស្ស៊ី​ខ្លាំងជាងគេ ខណៈដែល​ទំនាក់ទំនង​រវាង​ប្រទេស​នេះ និង​ចិន​មាន​ភាព​តានតឹង​ចាប់ពី​ឆ្នាំ 2021 បន្ទាប់ពី ទីក្រុង​វីលនីញូស អនុញ្ញាតឱ្យ​ទីក្រុង​តៃប៉ិ​បើក​ការិយាល័យ​តំណាង​ការទូត​លើទឹក​ដី​ខ្លួន៕

  • អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Yassin ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​ប្រាស់​​អំណាច​ខុសច្បាប់

    អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Yassin ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​ប្រាស់​​អំណាច​ខុសច្បាប់

    ក្នុង​សវនាការ​នៅ​កូ​ឡា​ឡាំ​ពួ លោក Muhyiddin Yassin ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​អំណាច​ហួស​ដែន​កំណត់​ចំនួន​បួន​ករណី និង​ពីរ​ករណី​ទៀត​ទាក់ទិន​នឹង​ការលាង​លុយ។

    នា​ថ្ងៃទី 10 មីនា អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Muhyiddin Yassin បាន​ចូល​បង្ហាញខ្លួន​នៅ​តុលាការ​មួយ​ក្នុង​រាជធានី​កូ​ឡា​ឡាំ​ពួ ហើយ​លោក​ក៏​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើប្រាស់​អំណាច និង​លាង​លុយ​ខុស​ច្បាប់ ទាក់ទិន​នឹង​បណ្ដា​គម្រោង​ដែល​បាន​អនុវត្ត​ក្នុងពេល​លោក​​កំពុង​កាន់អំណាច។

    នៅក្នុង​សវនាការ​នៅ​កូ​ឡា​ឡាំ​ពួ លោក Muhyiddin Yassin ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​អំណាច​ហួស​ដែន​កំណត់​ចំនួន​បួន​ករណី ទាក់ទិន​នឹង​ប្រា​ក់ជាង 232 លាន​រីង​ហ្គី​ត (51.4 លាន​ដុល្លារ​អាម៉េរិក) និង​ពីរ​ករណី​ទៀត​ដែល​ទាក់ទិន​នឹង​ការលាង​លុយ 195 លាន​រីង​ហ្គី​ត (ជាង 43 លាន​ដុល្លារ​អាម៉េរិក)។

    ក៏ប៉ុន្តែ លោក Yassin បាន​ច្រានចោល​ការចោទប្រកាន់ ហើយ​កន្លងមក លោក​ធ្លាប់​​បាន​និយាយថា ការចោទប្រកាន់​ទាំងនេះ​គឺមាន​ចរិត​នយោបាយ។

    ទោះជា​យ៉ាងណាក៏ដោយ បើសិន​ត្រូវបាន​ផ្ដន្ទាទោស​ពីបទ​លាង​លុយ លោក Yassin អាច​នឹងត្រូវ​ជាប់ពន្ធ​នាគារ 15 ឆ្នាំ។ ចំណែក​ទោស​ប្រើ​អំណាច​ខុសច្បាប់​វិញ​អាច​ត្រូវ​ជាប់ពន្ធនាគារ 20 ឆ្នាំ។ ទន្ទឹមនឹង​ការជាប់​ពន្ធនាគារ លោក Yassin ក៏​អាច​ត្រូវបាន​ពិន័យ​ជា​ប្រាក់​យ៉ាងច្រើន​ផងដែរ។

    លោក Yassin ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី 09 មីនា នៅពេល​លោក​បាន​ទៅ​បង្ហាញខ្លួន​នៅឯ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី (MACC) ទាក់ទង​នឹង Jana Wibawa ដែលជា​កម្មវិធី​ទប់ទល់​នឹង​បញ្ហា​ក្នុង​​សម័យ​កូ​វីដ។ ប៉ុន្តែ ក្នុង​ថ្ងៃ​ដដែល លោក Yassin ក៏ត្រូវ​បាន​ដោះលែង។

    លោក Muhyiddin Yassin គឺជា​មេដឹកនាំ​របស់​បក្ស​សាមគ្គី​ជនជាតិ​ម៉ា​ឡេ​ក្នុងស្រុក (Bersatu)។ លោក​គឺជា​អ្នក​ដែល​ទើប​ត្រូវបាន​ចាប់ខ្លួន​ចុងក្រោយ ទាក់ទិន​នឹង​កម្មវិធី Jana Wibawa។ មុន​នោះ MACC បាន​បង្កក​គណនី​រប​ស់ប​ក្ស Bersatu។

    នៅក្នុង​ខែកុម្ភៈ 2023 មេដឹកនាំ​ពីររូប​ផ្សេងទៀត​របស់​បក្ស Bersatu ត្រូវបាន​តុលាការ​ម៉ាឡេស៊ី​ចោទប្រកាន់​ពីបទ​ពុករលួយ ទាក់ទិន​នឹង​គម្រោង​ដែលមាន​ជាប់ពាក់​ព័ន្ធ៕

  • សង្គ្រាម​តម្លៃ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ចិន​ឡើង​កម្ដៅ​ខ្លាំង ពេល BYD បញ្ចុះតម្លៃ​ដើម្បី​សងសឹក

    សង្គ្រាម​តម្លៃ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ចិន​ឡើង​កម្ដៅ​ខ្លាំង ពេល BYD បញ្ចុះតម្លៃ​ដើម្បី​សងសឹក

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន BYD បានប្រកាស​បញ្ចុះតម្លៃ​សម្រាប់​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដែល​លក់ដាច់​បំផុត​របស់ខ្លួន​នៅក្នុង​ខែមីនា 2023។

    ការបញ្ចុះ​តម្លៃ​របស់ Tesla កាលពីដើម​ឆ្នាំនេះ ប្រាកដជា​បាន​ជះឥទ្ធិពល​ដល់ទី​ផ្សា​រនា​នា​លើ​ពិភពលោក ប៉ុន្តែ ចិន​គឺជា​ទីផ្សារ​ដែល​រង​ផលប៉ះពាល់​ខ្លាំងជាងគេ ព្រោះតែ Tesla កំពុងស្ថិត​ក្នុងការ​ប្រកួត​ប្រជែង​ជាមួយ BYDដើម្បី​ដណ្ដើម​តំណែង​លេខ​មួយ​ស្ដីពី​ម៉ាក​រថយន្ត​ដែល​លក់ដាច់​ជាងគេ។

    ក្រោយ​ការលក់​បញ្ចុះតម្លៃ​របស់ Tesla នៅ​ទីផ្សារ​ចិន ការបញ្ជាទិញ​រថយន្ត BYD ក៏បាន​ថយចុះ​ខ្លាំង ហើយ​ពេលនេះ ក្រុមហ៊ុន​ចិន​មួយ​នេះ​ត្រូវ​បង្ខំចិត្ត​លក់​បញ្ចុះតម្លៃ​ដើម្បី​សងសឹក។ BYD បាន​បញ្ចេញ​កម្មវិធី​ប​ញ្ចុះ​តម្លៃ​សម្រាប់​អតិថិជន​ដែល​បញ្ជា​ទិញ​រថយន្ត​អគ្គិសនី​ប្រភេទ​សេ​ដាន BYD Seal ឬ SUV Song Plus។

    BYD បានប្រកាស​ពី​ការលក់​បញ្ចុះតម្លៃ​នេះ​កាលពី​ម្សិលមិញ​នៅលើ​ទំព័រ​បណ្ដាញ​សង្គម Weibo។ ពួកគេ​និយាយថា ចាប់ពី​ថ្ងៃទី 10 មីនា​រហូតដល់​ចុងខែ​នេះ អតិថិជន​អាច​សន្សំសំច័យ​ប្រា​ក់បាន 988 ដុល្លារ​អាម៉េរិក នៅពេល​ទិញ​រថយន្ត Song Plus ឬ 1,276 ដុល្លារ នៅពេល​ទិញ​រថយន្ត Seal ដោយ​តម្រូវឱ្យ​កក់ 12.64 ដុល្លារ​អាម៉េរិក​នៅក្នុង​អំឡុងពេល​លក់​បញ្ចុះតម្លៃ​ខាងលើ៕

  • ផ្លាកលេខ​យានយន្ត​ពិសេស​ផ្ទាល់ខ្លួន​មានតម្លៃ​កាន់តែ​ទាប ពេល​មាន​ចំនួន​ខ្ទង់​កាន់តែច្រើន

    ផ្លាកលេខ​យានយន្ត​ពិសេស​ផ្ទាល់ខ្លួន​មានតម្លៃ​កាន់តែ​ទាប ពេល​មាន​ចំនួន​ខ្ទង់​កាន់តែច្រើន

    លេខ​ពិសេស​ផ្ទាល់ខ្លួន​ជា​ជម្រើស​មួយ​បន្ថែម​សម្រាប់​អ្នក​ដែល​ចង់បាន​ផ្លាកលេខ​ជា​ឈ្មោះ​ផ្ទាល់ខ្លួន និង​អាច​ប្រើ​បាន​ត្រឹម 8 ខ្ទង់។ នេះ​បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ក្រសួង​សាធារណការ បានឱ្យដឹងថា លេខ​ពិសេស​ផ្ទាល់ខ្លួន មានតម្លៃ​ចាប់ពី​ពីរលាន​រៀល​ឡើងទៅ ចំពោះ​លេខ 8 ខ្ទង់ ក្នុងនោះ លេខ​ដូចជា «KANHA.11» មានតម្លៃ 3,321,600 រៀល។ ចំណែក​លេខ​រាជធានី-ខេត្ត​ទូទៅ នៅតែ​ដំណើរ​ការធម្មតា និង​មិន​តម្រូវឱ្យ​ផ្លាស់ប្តូរ​ឡើយ ខណៈ​តម្លៃ​ក៏​នៅ​ធម្មតា។

    ជាង​នេះ ក្រសួង​សាធារណការ​ក៏មាន​លេខ​បញ្ចុះតម្លៃ​ទៀតផង។ លេខ​ដែល​ត្រូវ​បញ្ចុះតម្លៃ រួមមាន៖ ថយ​មួយ​ស៊េរី ចុះថ្លៃ 50%, ថយ​ពីរ​ស៊េរី ចុះថ្លៃ 75%, ថយ​បី​ស៊េរី ចុះថ្លៃ 90%, ថយ​បួន​ស៊េរី ចុះ​តម្លៃ 95% និង​ថយ​ចាប់ពី​ប្រាំ​ស៊េរី​ឡើងទៅ បញ្ចុះតម្លៃ 100%។

    ដើម្បី​ដឹង​ពី​តម្លៃ ឬ​ទិញ​លេខ​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​យានយន្ត សូម​ចូលទៅ​កាន់​ទំព័រ https://vehicle.mpwt.gov.kh របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។