Author: សឿន សំណាង

  • រុស្ស៊ី​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​ពី​ឡុ​ត​ពីររូប​ក្នុង​ហេតុការណ៍​ធ្លាក់ UAV អាម៉េរិក​នៅ​សមុទ្រ​ខ្មៅ

    រុស្ស៊ី​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​ពី​ឡុ​ត​ពីររូប​ក្នុង​ហេតុការណ៍​ធ្លាក់ UAV អាម៉េរិក​នៅ​សមុទ្រ​ខ្មៅ

    ក្រសួងការពារជាតិ​រុស្ស៊ី Shoigu បានប្រគល់​រង្វាន់​ថ្នាក់ជាតិ​ដល់​ពី​ឡុ​តរបស់ Su-29 ព្រោះតែ​បាន «ទប់ស្កាត់​សកម្មភាព​បំពាន​របស់ UAV អាម៉េរិក»។

    «រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី Sergei Shoigu បានប្រគល់​រង្វាន់​ថ្នាក់ជាតិ​ដល់​អ្នកបើកបរ​យន្តហោះ​ចម្បាំង Su-29 ពីរ​នាក់ ជា​មនុស្ស​ដែល​បាន​រារាំង​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV) MQ-9 របស់​អាម៉េរិក​ដែល​បំពាន​ចូល​តំបន់​បិទ​ខ្ទប់​នៅក្នុង​យុទ្ធនាការ​នៅ​អ៊ុយ​ក្រែ​ន» ក្រសួងការពារជាតិ​រុស្ស៊ី​ប្រកាស​នា​ថ្ងៃនេះ​ដូច្នេះ។

    សេចក្ដីប្រកាស​នេះ​មិនបាន​ឱ្យដឹង​អំពី​អត្តសញ្ញាណ ក៏ដូចជា​រង្វាន់​ជាក់លាក់​ដែល​ពី​ឡុ​ត​ទាំងនេះ​ទទួលបាន​នោះទេ។

    កងទ័ព​រុស្ស៊ី​ក៏បាន​អះអាងថា ព្រំដែន​នៃ​តំបន់​ដែល​ត្រូវបាន​បិទ​ខ្ទប់​នេះ​ត្រូវបាន​ជូនដំណឹង​ដល់​គ្រប់​ប្រទេស​តាំងពី​មុន​រួចហើយ និង​គោរព​តាម​គោលការណ៍​អន្តរជាតិ។

    ទាក់ទិន​នឹង​ហេតុការណ៍​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី 14 មីនា បញ្ជាការដ្ឋាន​កងទ័ព​ប្រចាំ​អឺរ៉ុប​របស់​អាម៉េរិក មុន​នោះបាន​ឱ្យដឹងថា យន្តហោះ​ចម្បាំង Su-27 ពីរ​គ្រឿង​របស់​រុស្ស៊ី បាន​ហោះ​មក​ក្បែរ ហោះ​កាត់មុខ និង​បាញ់​ប្រេងសាំង​ទៅលើ UAV MQ-9 Reaper នៅលើ​តំបន់​សមុទ្រ​អន្តរជាតិ​កាលពី​ថ្ងៃទី 14 មីនា មុនពេល​យន្តហោះ Su-27 មួយគ្រឿង​ផ្សេងទៀត​ប៉ះទង្គិច​លើ​ស្លាប​កង្ហារ​របស់ UAV បង្ខំ​ឱ្យ​ទ័ពអាកាស​អាម៉េរិក​ទ​ម្លា​ក់ UAV ចូលក្នុង​សមុទ្រ។

    វីដេអូ​បង្ហាញ​ពី​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី ហោះ​កៀក​នឹង UAV របស់​អាម៉េរិក

    ចំណែក​មន្ទីរ​បញ្ច​កោណ​និយាយថា MQ-9 ពេលនោះ​កំពុង​ឈ្លបយកការណ៍​ដូច​ធម្មតា។ អាម៉េរិក​ប្រើប្រាស់ MQ-9 សម្រាប់​សកម្មភាព​ឈ្លបយកការណ៍ និង​វាយប្រហារ​គោលដៅ​លើដី។ យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​តែង​ហោះ​លើ​សមុទ្រ​ខ្មៅ​ដើម្បី​តាមដាន​កងទ័ព​រុស្ស៊ី។

    ក្រុមមន្ត្រី​រុស្ស៊ី​បាន​ច្រានចោល​ការចោទប្រកាន់​ពី​អាម៉េរិក និង​យល់ថា UAV របស់​អាម៉េរិក​ផ្លាស់ប្ដូរ​ទិសដៅ​រហ័ស និង​ធ្លា​ក់ដោយ​ឯកឯង​នៅពេល​បាត់បង់​ការគ្រប់គ្រង។ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អាម៉េរិក Anatoly Antonov អះអាងថា MQ-9 កំពុង​ប្រមូល​ទិន្នន័យ​ដើម្បី​បញ្ជូនទៅឱ្យ​អ៊ុយ​ក្រែ​ន មុនពេល​ត្រូវ​ធ្លាក់។

    វីដេអូ​បង្ហាញ​ពី​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី បាច់​ប្រេង​សំដៅ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាម៉េរិក

    នេះ​គឺជា​ការប៉ះទង្គិច​ផ្ទាល់​ជា​លើកដំបូង​រវាង​កងក​ម្លាំ​ង​រុស្ស៊ី និង​អាម៉េរិក រាប់​ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង​កាលពី​ខែកុម្ភៈ​ឆ្នាំ​កន្លង។ ហេតុការណ៍​នេះ​មិនបាន​ធ្វើឱ្យមាន​ការប្រឈមមុខ​ដាក់គ្នា​នៅ​កន្លែង​ជាក់ស្ដែង​បន្ទាប់​ទៀត​នោះទេ ប៉ុន្តែ​វា​ធ្វើឱ្យ​ទ័ពអាកាស​អាម៉េរិក​ខាតបង់​អស់យ៉ាង​តិច 30 លាន​ដុល្លារ​អាម៉េរិក នៅពេល MQ-9 Reaper បាន​បាត់​ខ្លួន​ទាំងស្រុង​ពី​អាកាស៕

  • ស្ដេច​កម្ទេច​សំណាញ់​ទី AFF Cup 2022 ត្រូវបាន​ដក​ពី​ក្រុម​ជម្រើសជាតិ​ថៃ

    ស្ដេច​កម្ទេច​សំណាញ់​ទី AFF Cup 2022 ត្រូវបាន​ដក​ពី​ក្រុម​ជម្រើសជាតិ​ថៃ

    គ្រូបង្វឹក Mano Polking ថ្មីៗនេះ​បានជ្រើសរើស​កីឡាករ​សម្រាប់​ក្រុម​ជម្រើសជាតិ​ថៃ​ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​ក្នុង​រដូវ FIFA Days នៅ​ខែមីនា​នេះ។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​គឺថា គ្រូបង្វឹក​ជនជាតិ​អាល្លឺម៉ង់​ដើមកំណើត​ប្រេ​ស៊ី​ល​រូបនេះ​បាន​ដកហូត​កីឡាករ​ជាច្រើន​នាក់​ដែល​ធ្លាប់ជា​ជើងឯក AFF Cup 2022។

    ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ បានសម្រេច​ជ្រើសរើស​កីឡាករ​ចំនួន 25 នាក់​ដើម្បី​ត្រៀមខ្លួន​ទៅ​ចូលរួម​ការប្រកួត​មិត្តភាព​អន្តរជាតិ​ដែល​នឹង​ធ្វើឡើង​នៅក្នុង​ខែមីនា​នេះ ក្នុងនោះ គ្រួ​បង្វឹក Mano Polking បាន​ជ្រើស​យក​កីឡាករ​ដែល​ធ្លាប់​ចូលរួម AFF Cup 2022 ត្រឹមតែ 9 នាក់​ប៉ុណ្ណោះ។

    ចំណែក​កីឡាករ​បង្គោល​ចំនួន​ពីររូប​របស់​ក្រុម​ជម្រើសជាតិ​ថៃ គឺ​ខ្សែប្រយុទ្ធ Teerasil Dangda និង​ខ្សែបម្រើ Sarach Yuyen សុទ្ធតែ​មិនត្រូវ​បានជ្រើសរើស។ Teerasil Dangda គឺជា​ស្ដេច​កម្ទេច​សំណាញ់​ទី​របស់ AFF Cup 2022។

    ក្រៅពីនេះ បញ្ជី​​ខាងលើ​ក៏មាន​ឈ្មោះ Chanathip Songkransin បើ​ទោះ «Messi ថៃ» រូបនេះ​ហាក់​មិនមាន​សកម្មភាព​លេចធ្លោ​នៅ​ជប៉ុន។ Chanathip Songkransin បច្ចុប្បន្ន​ទាត់​ឱ្យ​ក្លឹប Kawasaki Frontale របស់​ជប៉ុន និង​ជា​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​របស់​ថៃ។

    Theerathon Bunmathan (លេខ 3) នៅ​តែ​ជា​ប្រធាន​ក្រុម​របស់​ដំរីប្រយុទ្ធ​របស់​ថៃ

    គ្រូបង្វឹក Poking ឱ្យដឹងថា «…ខ្ញុំ​តែងតែ​ចង់​ជ្រើសរើស​កីឡាករ​ល្អ​បំផុត មិន​ត្រឹមតែ​ដោយសារ​កេរ្តិ៍ឈ្មោះ ឬ​សមត្ថភាព​នោះទេ តែ​គឺ​យោងទៅលើ​ស្ថាន​ភាព​កម្លាំងកាយ​របស់​ពួកគេ»។

    យោងតាម​កាលបរិច្ឆេទ ក្រុម​ជម្រើសជាតិ​ថៃ​នឹង​ប៉ះ​ក្រុម​របស់​​ស៊ី​រី ដែលជា​ក្រុម​ជាប់​ចំណាត់ថ្នាក់​លេខ 90 លើ​ពិភពលោក នៅ​ថ្ងៃ​សៅរ៍ ទី 25 មីនា​លើ​ទីលាន​របស់​កីឡដ្ឋាន Shabab Al Ahli (ឌូ​បៃ, អេ​មី​រ៉ា​ត​អារ៉ាប់​រួម-UAE)។ ក្រោយមក​ក្រុម​ថៃ​នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​របស់ UAE ក្នុង​​កីឡដ្ឋាន Al Nahyan (អា​ប៊ុ​យ​ដា​ប៊ី) នៅ​ថ្ងៃទី 28 មីនា 2023៕

  • ប៉ូលិស​អង់គ្លេស​ជិះសេះ​ដេញតាម​ពិន័យ​​អ្នក​បំពាន​ច្បាប់​ចរាចរណ៍

    ប៉ូលិស​អង់គ្លេស​ជិះសេះ​ដេញតាម​ពិន័យ​​អ្នក​បំពាន​ច្បាប់​ចរាចរណ៍

    មន្ត្រីប៉ូលិស​ជិះសេះ​ដេញតាម​រថយន្ត និង​ប្រាប់​ឱ្យ​ឈប់ បន្ទាប់ពី​បានឃើញ​ម្ចាស់​រថយន្ត​បើកបរ​បណ្ដើរ​និយាយ​ទូរស័ព្ទ​បណ្ដើរ រួច​ក៏បាន​ពិន័យ និង​ដក​ពិន្ទុ​ប័ណ្ណបើកបរ។

    កាលពី​ថ្ងៃទី 16 មីនា ទំព័រ Guardian ដកស្រង់​វីដេអូ​ពី​ទំព័រ​បណ្ដាញ​សង្គម​របស់​ក្រុមប៉ូលិស​ចរាចរណ៍ Avon និង Somerset (RPU) បង្ហាញថា មន្ត្រីប៉ូលិស​ពីររូប​ជិះសេះ​ដេញតាម​រថយន្ត​មួយគ្រឿង ក្រោយពី​មើលឃើញថា ម្ចាស់​ឡាន​និយាយ​ទូរស័ព្ទ​ពេល​កំពុង​បើកបរ។ RPU ឱ្យដឹងថា វីដេអូ​នេះ​ត្រូវបាន​ថត​ដោយ​កា​ម៉េ​រិ​ក​ដែល​បំពាក់​លើ​ខ្លួន​ប៉ូលិស និង​កា​ម៉េ​រិ​ក​សុវត្ថិភាព​ចរាចរណ៍​កាលពី​ថ្ងៃទី 07 មីនា។

    «លោក​ដឹង​ហើយ​ថា មិនត្រូវ​ប្រើប្រាស់​ទូរស័ព្ទ​ក្នុងពេល​បើកបរ» ស្ត្រី​ជា​មន្ត្រីប៉ូលិស​ល្បាត​និយាយ​នៅពេល​ឡាន​ឈប់​លើ​ដងផ្លូវ​មួយ​នៅក្នុង​ទីរួមស្រុក Tauton, Somerset។

    ប៉ូលិសចរាចរណ៍​សេះនៅ​អង់គ្លេស

    អ្នកបើកបរ​ត្រូវបាន​ប៉ូលិស​ធ្វើ​កំណត់ហេតុ និង​ពិន័យ​ជា​ប្រាក់ 200 ផោន (242 ដុល្លារ​អាម៉េរិក) ទន្ទឹមនឹង​ការដក 6 ពិន្ទុ​នៅលើ​ប័ណ្ណបើកបរ។ RPU ឱ្យដឹងថា ចាប់ពី​ដើមឆ្នាំ 2021 មកដល់​បច្ចុប្បន្ន តំបន់ Avon និង Somerset មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាង 4,500 ករណី។

    ចាប់ពី​ខែមីនា 2022 ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត កុំព្យូទ័រ ឬ​ឧបករណ៍​ទាំងឡាយណា​ដែល​អាច​ផ្ញើ និង​ទទួល​ទិន្នន័យ​ ពេល​កំពុង​បើកបរ​រថយន្ត ឬ​ម៉ូតូ​នៅ​ប្រទេស​អង់គ្លេស សុទ្ធតែ​ត្រូវបាន​ចាត់ទុកថា​ខុសច្បាប់។

    អ្នក​ដែល​ល្មើស​នឹង​ច្បាប់​ខាងលើ​អាច​ត្រូវបាន​ពិន័យ​ជា​ប្រាក់​ឡើងដល់ 1,000 ផោន ទន្ទឹមនឹង​ការដក 6 ពិន្ទុ ឬ​ត្រូវ​ដកហូត​ប័ណ្ណបើកបរ៕

  • ណា​សា (NASA) បញ្ចេញ​​ផែនទី​ស្ដី​ពី​​ទឹក​នៅលើ​ដី​របស់​​ឋាន​ព្រះ​ចន្ទ

    ណា​សា (NASA) បញ្ចេញ​​ផែនទី​ស្ដី​ពី​​ទឹក​នៅលើ​ដី​របស់​​ឋាន​ព្រះ​ចន្ទ

    ទិន្នន័យ​ពី​តេ​ឡេ​ស្កុប SOFIA ដែល​បាន​ឈប់​ដំណើរការ​របស់​ណា​សា បាន​ជួយ​បង្កើត​ផែនទី​លម្អិត​ដំបូង​ស្ដីពី​វត្តមាន​ទឹក​នៅលើ​ដី​រប​ស់​ព្រះ​ចន្ទ។

    ផែនទី​ដែល​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​ភព កាលពី​ថ្ងៃទី 15 មីនា នាំមក​នូវ​ការយល់ដឹង​ស៊ីជម្រៅ​អំពី​ការ​ចល័ត​របស់​ទឹក​លើ​ផ្ទៃដី​ឋាន​ព្រះ​ចន្ទ និង​ផ្ដល់​ទិន្នន័យ​សំខាន់​សម្រាប់​បេសកកម្ម Artemis នាពេលខាងមុខ​របស់​ណា​សា។

    ផែនទី​ថ្មី​នេះ​គ្របដណ្ដប់​ប្រហែល ¼ នៃផ្នែក​ដែល​បែរ​មក​រក​ផែនដី​របស់​​​ព្រះ​ចន្ទ​ បូករួម​ទាំង​ប៉ូល​ខាងត្បូង​របស់​វា​ផងដែរ។

    តេ​ឡេ​ស្កុប SOFIA របស់​ណា​សា បាន​ឈប់​ដំណើរការ​តាំងពី​ឆ្នាំ 2022 ដោយសារ​កង្វះ​ហិរញ្ញវត្ថុ។ ឧបករណ៍​នេះ​ត្រូវបាន​បំពាក់​លើ​យន្តហោះ Boeing 747 និង​ហោះ​ដល់​កម្ពស់ 12,800 ម៉ែត្រ ដើម្បី​គេច​ពី​ចំហាយ​ទឹក​នៅលើ​ផែនដី ដែលជា​វត្ថុ​រារាំង​ពន្លឺ​អ៊ី​ន​ហ្វ្រា​រ៉េ​ដដែល​តេ​ឡេ​ស្កុប​ត្រូវការ​ស្រូបយក។

    វីដេអូ​បង្ហាញ​ផែនទី​ស្ដី​ពី​​ទឹក​នៅលើ​ដី​របស់​​ឋាន​ព្រះ​ចន្ទ

    ផែនទី​ថ្មី​ខាងលើនេះ​នឹង​ជួយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំណត់​តំបន់​ដែល​សមស្រប​សម្រាប់​ការស្ថាបនា​មូលដ្ឋាន ជាទី​ដែល​អាច​ចម្រាញ់​ទឹក​ទៅជា​អុកស៊ីសែន​សម្រាប់​ការ​​ដកដង្ហើម និង​ការ​ប្រើ​ប្រាស់របស់​​​​ម៉ាស៊ីន​រ៉ុក្កែត​នៅ​លើ​ឋាន​ព្រះចន្ទ​៕

  • រំលង​ចោល Mbappe ក្លឹប Real Madrid នឹង​ទិញ​ខ្សែប្រយុទ្ធ​ដទៃ​ដ៏​គួរឱ្យភ្ញាក់ផ្អើល?

    រំលង​ចោល Mbappe ក្លឹប Real Madrid នឹង​ទិញ​ខ្សែប្រយុទ្ធ​ដទៃ​ដ៏​គួរឱ្យភ្ញាក់ផ្អើល?

    ការ​ទិញយក​តារាបាល់ទាត់ Kylian Mbappe គឺ​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​សម្រាប់ Real Madrid ហើយ​ពួកគេ​ក៏​គិតដល់​គោលដៅ​ផ្សេង​ដែលមាន​ប្រសិទ្ធភាព​ជាង​នេះ។

    ក្នុង​បណ្ដា​រដូវ​កាល​ទិញដូរ​កីឡាករ​បាល់ទាត់​កន្លង​ទៅ Kylian Mbappe តែងតែ​ជា​គោលដៅ​សំខាន់ និង​លេចធ្លោ​របស់ Real Madrid ហើយ​មានពេលខ្លះ ក្លឹប​នេះ​វិះ​នឹង​ទទួលបាន​ហត្ថលេខា​របស់​កំពូល​ខ្សែប្រយុទ្ធ​បារាំង ។ ប៉ុន្តែ ចុងក្រោយ Mbappe ក៏​ជ្រើសរើស PSG កាលពី​ឆ្នាំ 2022។

    ទោះជា​បាន​បរាជ័យ Real Madrid ក៏មិនដែល​បោះបង់​គោលដៅ​មួយ​នេះឡើយ ពិសេស​គឺ​នៅពេល​មាន​ដំណឹង​ថា Mbappe មិន​សប្បាយចិត្ត និង​ចង់​ចាក​ចេញពី PSG។ ក៏ប៉ុន្តែ តម្លៃ​ខ្លួន​ខ្ពស់​របស់ Mbappe បូករួម​នឹង​ការប្រឹងប្រែង​ចងជើង​កីឡាករ​របស់​ក្លឹប PSG ធ្វើឱ្យ Real ត្រូវ​ងាក​ទៅរក​គោលដៅ​ផ្សេង ក្នុង​គ្រា​ដែល​ក្លឹប​នេះ​ត្រូវការ​ខ្សែប្រយុទ្ធ​មក​ជំនួស Karim Benzema ដែល​មាន​​អាយុ​កាន់តែច្រើន។

    យោងតាម​ប្រភពព័ត៌មាន​របស់​ទំព័រ Fichajes ក្លឹប Real Madrid កំពុង​យកចិត្តទុកដាក់​លើ Romelu Lukaku។ គ្រូបង្វឹក Carlo Ancelotti ត្រូវបាន​គេ​ជឿថា កំពុង​ពិនិត្យ​លទ្ធភាព​ទិញ​កំពូល​ថ្វី​ជើង​ជនជាតិ​បែលហ្ស៊ិក​រូប​នេះ​ ដើម្បី​បន្ថែម​កម្លាំង​ឱ្យ Benzema។

    បច្ចុប្បន្ន កីឡាករ Lukaku កំពុងទាត់ឱ្យ Inter Milan ក្នុងទម្រុងឱ្យខ្ចីពី Chelsea

    បច្ចុប្បន្ន កីឡាករ Lukaku កំពុង​ទាត់​ឱ្យ Inter Milan ក្នុង​ទម្រុង​ឱ្យ​ខ្ចី​ពី Chelsea។ មុន​នោះ ខ្សែប្រយុទ្ធ​វ័យ 29 ឆ្នាំ​រូបនេះ បាន​ចាក​ចេញពី Inter Milan ទៅកាន់ Chelsea ក្នុងតម្លៃ​ខ្លួន 115 លាន​អឺរ៉ូ។ ក៏ប៉ុន្តែ ឆ្លងកាត់​ការប្រកូន​មួយ​រដូវ​កាល Chelsea ក៏​បន្ត​លក់ Lukaku ឱ្យ Inter Milan ក្នុង​ទម្រង់​ឱ្យ​ខ្ចី។

    ថ្មីៗនេះទៀត​ ប្រធាន​ក្លឹប Inter Milan ក៏​បានប្រកាសថា នឹង​សង​កីឡាករ​ Lukaku ទៅឱ្យ​ក្លឹប​ Chelsea វិញ ក្រោយ​រដូវ​កាល 2022/2023 បានបញ្ចប់។

    ដោយសារតែ​បញ្ហា​ខាងលើ​នេះហើយ ទើប​លទ្ធភាព​នៃ​ការ​ទិញយក Lukaku ពី Inter Milan ឬ​ពី Chelsea របស់ Real Madrid អាច​កើតឡើង៕

  • ប្រទេស​ចិន​បង្ហាញ​ «រថយន្ត​អគ្គិសនី​ឆ្លាត​វៃដឹកទំនិញ​​​ធុន​ធ្ងន់​» ជា​លើកដំបូង

    ប្រទេស​ចិន​បង្ហាញ​ «រថយន្ត​អគ្គិសនី​ឆ្លាត​វៃដឹកទំនិញ​​​ធុន​ធ្ងន់​» ជា​លើកដំបូង

    ប្រទេស​ចិន​មាន​ផែនការ​ធ្វើឱ្យ​ផ្លូវគោក​លែងមាន​ការ​បំ​ភាយ​ឧស្ម័ន​កាបូន ដោយ​ការជំរុញ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី។

    រថយន្ត​ឆ្លាតវៃដឹកទំនិញ​ធុន​ធ្ងន់​​ដំណើរការ​ដោយ​អគ្គិសនី​ដំបូង​គេ​របស់​ប្រទេស​ចិន ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​រថភ្លើង CRRC ត្រូវបាន​បើកបរ​ចេញពី​រោងចក្រ​នៅ​ទីក្រុង Datong ខេត្ត Shanxi។ នេះ​បើតាម​សារព័ត៌មាន​ចិន Xinhua ចុះផ្សាយ​កាលពី​ថ្ងៃទី 16 មីនា 2023។

    រថយន្ត​ដឹកទំនិញ​ឆ្លាត​វៃ​នេះ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ពី​ថ្ម ឬ​ដោយ​ការភ្ជាប់​ជាមួយនឹង​បណ្ដាញ​អគ្គិសនី​តាមរយៈ​ខ្សែភ្លើង​នៅ​ពីលើ។ គុណសម្បត្តិ​ធំ​បំផុត​របស់​រថយន្ត​នេះ​គឺអាច​បញ្ចូល​ថាមពល​អគ្គិសនី​ក្នុងពេល​ធ្វើដំណើរ។ ជាង​នេះ វា​ក៏​អាច​ផលិត​ថាមពល​អគ្គិសនី​តាមរយៈ​ការចាប់​ហ្វ្រាំង​ក្នុងពេល​បើកបរ​ផងដែ​រ។

    CRRC បានឱ្យដឹងថា រថយន្ត​អគ្គិសនី​ដឹកទំនិញ​ធុន​ធ្ងន់​ឆ្លាត​វៃ​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ដឹកជញ្ជូន​ផ្លូវ​ឆ្ងាយ ហើយ​ក្នុង​អនាគត វា​ក៏​អាច​នឹងមាន​មុខងារ​បើ​កបរ​ស្វ័យប្រវត្ត​ទៀតផង។

    វីដេអូ​បង្ហាញ​អំពី «រថយន្ត​អគ្គិសនី​ឆ្លាត​វៃដឹកទំនិញ​​​ធុន​ធ្ងន់​» របស់​ចិន​

    ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន ដែលជា​ឧស្ម័ន​ធ្វើឱ្យ​ផែនដី​ឡើងក​ម្ដៅ ប្រទេច​ចិន​កំពុង​ផ្ដោតលើ​ការរក​ដំណោះស្រាយ​ក្នុង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​គោក។

    អង្គការ​ថាមពល​អន្ត​រ​ជាតិ (IEA) ឱ្យដឹងថា ការដឹកជញ្ជូន​បំ​ភាយ​ឧស្ម័ន 26% នៅ​ទូទាំង​សកលលោក និង​ពន្យា​ករ​ថា អគ្គិសនី​ភាវូបនីយកម្ម​នឹង​ក្លាយជា​និន្នាការ​អភិវឌ្ឍ​ក្នុងពេល​អនាគត ហើយ​ថា ដល់​ឆ្នាំ 2050 រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ប្រមាណ 36% នឹង​ដំណើរការ​ដោយ​អគ្គិសនី។

    យោងតាម​ការពិសោធ រថយន្ត​ដឹកទំនិញ​ដើរ​ដោយ​អគ្គិសនី សន្សំសំចៃ​ថាមពល​បាន​ច្រើនជាង​ពីរដង​ធៀប​នឹង​រថយន្ត​ប្រើ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត៕

  • ខេត្ត​​មួយ​របស់​វៀតណាម ចង់​បង្កើត​ «មជ្ឈមណ្ឌល​ស្រាវជ្រាវ​បច្ចេកវិទ្យា​អវកាស»

    ខេត្ត​​មួយ​របស់​វៀតណាម ចង់​បង្កើត​ «មជ្ឈមណ្ឌល​ស្រាវជ្រាវ​បច្ចេកវិទ្យា​អវកាស»

    មេដឹកនាំ​ខេត្ត​ប៊ិ​ញ​ឌិ​ញ (Binh Dinh) ស្នើ​ដល់​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​វៀតណាម គាំទ្រ​ដល់​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​របស់​ខេត្ត​នេះ ឱ្យទៅជា​កន្លែង​ស្រាវជ្រាវ​បច្ចេកវិទ្យា​អវកាស។

    នេះ​គឺជា​សំណើ​មួយ​របស់​ក្រុមប្រឹក្សា​ខេត្ត​ប៊ិ​ញ​ឌិ​ញ ដែល​បានស្នើ​ដល់​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការរក​ដំណោះស្រាយ និង​គោលនយោបាយ​គាំទ្រ​ការអភិវឌ្ឍ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ក្នុង​តំបន់ ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី 13 មីនា 2023។

    នៅក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​នវានុវត្តន៍​របស់​ខេត្ត​ប៊ិ​ញ​ឌិ​ញ ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2015 នេះ មាន​ទីតាំង​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ស្ថានីយ​សង្កេត​តារា អគារ​ចក្រវាល និង​សារមន្ទីរ​វិទ្យាសាស្ត្រ​ជាដើម។ល។ នេះ​គឺជា​កន្លែង​ប្រារព្ធ​កម្មវិធី​ទេសចរណ៍​វិទ្យាសាស្ត្រ​ដំបូង​គេ​នៅ​ប្រទេស​វៀតណាម។

    យោងតាម​មេដឹកនាំ​ខេត្ត​ប៊ិ​ញ​ឌិ​ញ ក្រោយពី​មាន​សេចក្ដីសម្រេចចិត្ត​ស្ដីពី​យុទ្ធសាស្ត្រ​អភិវឌ្ឍ និង​អនុវត្ត​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​អវកាស​ត្រឹម​ឆ្នាំ 2023 ដែល​មេដឹកនាំ​វៀតណាម​ចុះហត្ថលេខា​កាលពី​ឆ្នាំ 2021 ក្រុមប្រឹក្សា​ខេត្ត​ប៊ិ​ញ​ឌិ​ញ​ក៏បាន​រៀប​ផែនការ​បង្កើត​កិច្ច​សហ​ប្រិប​ត្តិ​ការ​ជាមួយ​ស្ថាប័ន​អវកាស​អន្តរជាតិ​មួយចំនួន រួមមាន​ជាអាទិ៍ ទីភ្នាក់ងារ​អវកាស​ជប៉ុន (JAXA), អាម៉េរិក (NASA), បារាំង (ONERA និង CNES) ជាដើម ដើម្បី​ជួយ​ដល់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​នវានុវត្តន៍​របស់​ខេត្ត​នេះ រៀបចំ​កម្មវិធី​ពិព័រណ៍​ទាក់ទង​នឹង​វិស័យ​អវកាស និង​វិទ្យាសាស្ត្រ​អវកាស ក្នុង​បំណង​ផ្សព្វផ្សាយ​ចំណេះដឹង​នេះ​ដល់​សាធារណជន និង​កុមារ​ដែល​ស្រលាញ់​វិទ្យាសាស្ត្រ។

    ក៏ប៉ុន្តែ លោក ឡាំ ហាយ​ហ្សា​ង (Lam Hai Giang) អភិបាលរង​ខេត្ត​ប៊ិ​ញ​ឌិ​ញ​បាន​ស្នើឱ្យ​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​វៀតណាម យកចិត្តទុកដាក់​បន្ថែ​ម​ទៀត​ដើម្បី​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ខាងលើ​ឱ្យទៅជា​មូលដ្ឋាន​សម្រាប់​ការសិក្សា​ស្រាវជ្រាវ អភិវឌ្ឍ និង​ប្រើប្រាស់​បច្ចេកវិទ្យា​អវកាស។

    មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​នវានុវត្តន៍​របស់​ខេត្ត​ប៊ិ​ញ​ឌិ​ញ
    នៅ​ខាង​ក្នុងមជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​នវានុវត្តន៍​របស់​ខេត្ត​ប៊ិ​ញ​ឌិ​ញ
    តេឡេស្កុប​ទំនើប​ខាង​ក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​នវានុវត្តន៍​របស់​ខេត្ត​ប៊ិ​ញ​ឌិ​ញ
  • 10 គ្រូ​សារ​ដែល​មានទ្រព្យ​​សម្បត្តិ​ច្រើនជាងគេបង្អស់​នៅ​ទ្វីបអាស៊ី

    10 គ្រូ​សារ​ដែល​មានទ្រព្យ​​សម្បត្តិ​ច្រើនជាងគេបង្អស់​នៅ​ទ្វីបអាស៊ី

    គ្រួសារ Ambani នៅ​ប្រទេស​ឥណ្ឌា ​បាន​ក្លាយជា​អ្នកមាន​ជាងគេ​នៅ​ទ្វីបអាស៊ី​ជាលើក​ទី​បួន​ ដោយមាន​ទ្រព្យ​សរុប​ច្រើនជាង 79 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    យោងតាម​ស្ថិតិ​របស់​ទំព័រ Bloomberg Billionaires Index ទ្រព្យសម្បត្តិ​របស់ 20 គ្រួសារ​ដែលមាន​ជាងគេ​នៅ​អាស៊ី​ក្នុងឆ្នាំនេះ​បាន​ថយចុះ​ 17.7 ពាន់​លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ​កន្លង មក​នៅត្រឹម 478.1 ពាន់​លាន​ដុល្លារ។ មូលហេតុ​សំខាន់​ដែល​នាំ​ឱ្យ​មាន​ការ​ថយ​ចុះ​នេះ​គឺ​ដោយសារ​ទ្រព្យ​របស់ 5 គ្រួសារ​នៅ​ឥណ្ឌា បាន​ថយចុះ​សរុប 17.1 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ឆ្នាំនេះ គ្រូសារ​លោក Mukesh Ambani ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ជា​លើក​ទី​បួន។ បន្ទាប់មក​គឺ​គ្រួសារ Hartono និងគ្រួសារ​ Kwok។

    ខាងក្រោម​នេះ​គឺជា​គ្រួសារ​​ទាំង​ 10 មាន​ជាងគេ​បង្អស់​នៅ​ទ្វីបអាស៊ី​ក្នុង​ឆ្នាំ 2023 ៖

    10- Lee

    លោក Jay Y. Lee ប្រធានក្រុមហ៊ុន Samsung Electronics
    • ក្រុមហ៊ុន៖ Samsung
    • ទីស្នាក់ការ​កណ្ដាល៖ កូរ៉េខាងត្បូង
    • ជំនាន់​អ្នកគ្រប់គ្រង​ក្រុមហ៊ុន៖ 3
    • ទ្រព្យ៖ 18.5 ពាន់​លាន​ដុល្លារ​អាម៉េរិក

    9- Tsai

    លោក Daniel Tsai កូនប្រុសរបស់ Tsai Wan-tsai គ្រប់គ្រងក្រុមហ៊ុន Fubon Financial
    • ក្រុមហ៊ុន៖ Cathay Financial, Fubon Financial
    • ទីស្នាក់ការ​កណ្ដាល៖ កោះ​តៃវ៉ាន់
    • ជំនាន់​អ្នកគ្រប់គ្រង​ក្រុមហ៊ុន៖ 3
    • ទ្រព្យ៖ 21.4 ពាន់​លាន​ដុល្លារ​អាម៉េរិក

    8- Pao/Woo

    លោក Pao Yeu-Kong
    • ក្រុមហ៊ុន៖ BW Group, Wheelock
    • ទីស្នាក់ការ​កណ្ដាល៖ ហុងកុង (ប្រទេស​ចិន)
    • ជំនាន់​អ្នកគ្រប់គ្រង​ក្រុមហ៊ុន៖ 3
    • ទ្រព្យ៖ 22.6 ពាន់​លាន​ដុល្លារ​អាម៉េរិក

    7- Cheng

    លោក Henry Cheng ប្រធានក្រុមហ៊ុន New World Development
    • ក្រុមហ៊ុន៖ New World Development, Chow Tai Fook
    • ទីស្នាក់ការ​កណ្ដាល៖ ហុងកុង (ប្រទេស​ចិន)
    • ជំនាន់​អ្នកគ្រប់គ្រង​ក្រុមហ៊ុន៖ 4
    • ទ្រព្យ៖ 25.9 ពាន់​លាន​ដុល្លារ​អាម៉េរិក

    6- Yoovidhya

    លោក Saravoot Yoovidhya នាយកប្រតិបត្តិរបស់ TCP Group
    • ក្រុមហ៊ុន៖ TCP Group
    • ទីស្នាក់ការ​កណ្ដាល៖ ប្រទេស​ថៃ
    • ជំនាន់​អ្នកគ្រប់គ្រង​ក្រុមហ៊ុន៖ 2
    • ទ្រព្យ៖ 27.4 ពាន់​លាន​ដុល្លារ​អាម៉េរិក

    5- Chearavanont

    លោក Dhanin Chearavanont
    • ក្រុមហ៊ុន៖ Charoen Pokphand Group
    • ទីស្នាក់ការ​កណ្ដាល៖ ប្រទេស​ថៃ
    • ជំនាន់​អ្នកគ្រប់គ្រង​ក្រុមហ៊ុន៖ 4
    • ទ្រព្យ៖ 28.2 ពាន់​លាន​ដុល្លារ​អាម៉េរិក

    4- Mistry

    ក្រុមគ្រួសារ​របស់​លោក Mistry
    • ក្រុមហ៊ុន៖ Shapoorji Pallonji Group
    • ទីស្នាក់ការ​កណ្ដាល៖ ឥណ្ឌា
    • ជំនាន់​អ្នកគ្រប់គ្រង​ក្រុមហ៊ុន៖ 5
    • ទ្រព្យ៖ 28.4 ពាន់​លាន​ដុល្លារ​អាម៉េរិក

    3- Kwok

    បងប្អូន​ទាំង​បី​របស់​គ្រួសារ​ត្រកូល Kwok
    • ក្រុមហ៊ុន៖ Sun Hung Kai Properties
    • ទីស្នាក់ការ​កណ្ដាល៖ ហុងកុង (ប្រទេស​ចិន)
    • ជំនាន់​អ្នកគ្រប់គ្រង​ក្រុមហ៊ុន៖ 3
    • ទ្រព្យ៖ 34.8 ពាន់​លាន​ដុល្លារ​អាម៉េរិក

    2- Hartono

    លោក Michael Bambang Hartono
    • ក្រុមហ៊ុន៖ Djarum, Bank Central Asia
    • ទីស្នាក់ការ​កណ្ដាល៖ ឥណ្ឌូណេស៊ី
    • ជំនាន់​អ្នកគ្រប់គ្រង​ក្រុមហ៊ុន៖ 3
    • ទ្រព្យ៖ 38.8 ពាន់​លាន​ដុល្លារ​អាម៉េរិក

    1-Ambani

    លោក Mukesh Ambani (ឆ្វេង) និង​លោក​ Anil Ambani
    • ក្រុមហ៊ុន៖ Reliance Industries
    • ទីស្នាក់ការ​កណ្ដាល៖ ឥណ្ឌា
    • ជំនាន់​អ្នកគ្រប់គ្រង​ក្រុមហ៊ុន៖ 3
    • ទ្រព្យ៖ 79.3 ពាន់​លាន​ដុល្លារ​អាម៉េរិក
  • បាល់​ទាត់​នៅ Europa League ៖ 8 ក្រុម​​ចុង​ក្រោយ​ដែល​ឡើងដល់​វគ្គ ¼

    បាល់​ទាត់​នៅ Europa League ៖ 8 ក្រុម​​ចុង​ក្រោយ​ដែល​ឡើងដល់​វគ្គ ¼

    ក្រោយ​ការ​ប៉ះគ្នា​ប្រកបដោយ​ភាព​ទាក់ទាញ​នៅក្នុង​ការប្រកួត​នានា​នៅ​ជើង​ទី​ពីរ​វគ្គ 1/8 ក្នុង​រដូវ​កាល​នេះ Europa League ក៏​កំណត់​បាន 8 ក្រុម​ចុង​ក្រោយ​​ដែល​នឹងត្រូវ​ប្រកួត​នៅ​វគ្គ ¼ ក្នុង​នោះ​ក៏​មាន​ Man United។

    វេលា​ទៀបភ្លឺ​ថ្ងៃទី 17 មីនា (វេលា​នៅ​កម្ពុជា) ការប្រកួត​ចុងក្រោយ​នានា​ក្នុង​ក្របខណ្ឌ​ជើង​ទី​ពីរ​នៅ Europa League 2022/2023 ត្រូវបាន​ធ្វើឡើង​​ជាមួយនឹង​ការរំភើប​រីករាយ និង​ទុក្ខសោក​លាយឡំ​គ្នា​សម្រាប់​តំណាង​ពីរ​ក្រុម​របស់​អង់គ្លេស។

    ក្នុងការ​ប្រកួត​រវាង Real Betis (អេ​ស្ប៉ា​ញ) និង Man United (អង់គ្លេស) គេ​ឃើញថា រហូតដល់​នាទី​ទី 50 របស់​​​តង់​ទី​ពីរ ទើប Man United រកបាន​មួយ​គ្រាប់ ហើយក៏​ជា​គ្រាប់​បាល់​ដែល​បញ្ចប់​ក្ដីសង្ឃឹម​របស់​ក្រុម​តំណាង​អេ​ស្ប៉ា​ញ ដោយ​លទ្ធផល 1-0។

    ជារួម ក្រុម​របស់​គ្រូបង្វឹក Erik ten Hag បាន​យកឈ្នះ​លើ​គូប្រជែង​សរុប 5-1 បន្ទាប់ពី​ការប្រកួត​ពីរលើក ដូច្នេះ Man United ក៏បាន​ឡើង​ទៅ​​វគ្គ ¼ នៅ Europa League។

    ចំណែក​ការប្រកួត​រវាង Arsenal (អង់គ្លេស) និង Sporting Lisbon (ព័រទុយហ្កាល់) វិញ Arsenal អស់​ឱកាស​បន្តដំណើរ​នៅ Europa League ក្នុង​រដូវ​កាល​នេះ ដោយបាន​ទទួល​បរាជ័យ​ក្នុង​លទ្ធផល​សរុប 3-3 (ចាញ់ 3-5 ក្នុងការប្រកួត​​ស៊ុត​ប៉េ​ណាំង​ទី)។

    ក្រោយ​ការប្រកួត​នានា​ក្នុង​វគ្គ 1/8 ពាន​រង្វាន់ Europa League បាន​រកឃើញ 8 ក្រុម​ចុងក្រោយ​ដែល​ត្រូវ​ឡើងទៅ​វគ្គ ¼។ 8 ក្រុម​ចុង​ក្រោយនេះ​រួមមាន Man United, Sporting Lisbon, Sevilla, Feyenoord, Juventus, Leverkusen, Roma, Union St.Gilloise។

    យោងតាម​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (UEFA) ក្រោយ​ចប់​វគ្គ 1/8 នៅ Europa League ពិធី​ចាប់ឆ្នោត​សម្រាប់​វគ្គ ¼ នឹងត្រូវ​បានធ្វើ​នៅ​ថ្ងៃទី 17 មីនា 2023 នេះ៕

  • អាម៉េរិក​មាន​​ប្រតិកម្ម​ចំពោះ​ករណី «​ប៉ូឡូញ​​ផ្ដល់​​យន្តហោះ​ចម្បាំង​ឱ្យ​អ៊ុយ​ក្រែ​ន»

    អាម៉េរិក​មាន​​ប្រតិកម្ម​ចំពោះ​ករណី «​ប៉ូឡូញ​​ផ្ដល់​​យន្តហោះ​ចម្បាំង​ឱ្យ​អ៊ុយ​ក្រែ​ន»

    មន្ត្រី​សេត​វិមាន​និយាយថា ករណី​ប៉ូឡូញ​ផ្ដល់​ជំនួយ​ជា​​យន្តហោះ MiG-20 ទៅឱ្យ​អ៊ុយ​ក្រែ​ន មិន​ប៉ះពាល់​ដល់​ការ​គណនា​របស់​អាម៉េរិក ​ទាក់ទិន​នឹង​ជំនួយ​ផ្នែក​យោធា។

    លេខា​សារព័ត៌មាន​ប្រចាំ​សេត​វិមាន Karine Jean-Pierre កាលពី​ថ្ងៃទី 16 មីនា បានឱ្យដឹងថា ប្រទេស​ប៉ូឡូញ​បាន​ជូនដំណឹង​ដល់​សហរដ្ឋ​អាម៉េរិក​ស្ដីពី​ការសម្រេចចិត្ត​ផ្ដល់ជំនួយ​ជា​យន្តហោះ​ចម្បាំង​ទៅឱ្យ​អ៊ុយ​ក្រែ​ន។ លោកស្រី​ថ្លែងថា វ៉ា​ស៊ី​ង​តោន​នឹង​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​សម្ព័ន្ធមិត្ត និង​ដៃគូ​សហការ​នានា​នៅក្នុង​កិច្ចប្រឹងប្រែង​ជួយ​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន។

    ចំណែក​អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ John Kirby បាន​អះអាងថា ការវិវត្ត​ថ្មី​នេះ «មិនបាន​កែប្រែ​ការ​គន់គូរ​របស់​អាម៉េរិក» ស្ដីពី​បញ្ហា​ផ្ដល់​ជំ​នួយ​ជា​យន្តហោះ​ចម្បាំង F-16 ដល់​អ៊ុយ​ក្រែ​ន។

    ថ្នាក់ដឹកនាំ​អាម៉េរិក រហូតមកដល់​ពេលនេះ​នៅតែ​មិនទាន់​យល់ព្រម​ផ្ដល់​យន្តហោះ​ចម្បាំង​ទៅឱ្យ​អ៊ុយ​ក្រែ​ន បើ​ទោះ​បានផ្ដល់​ជំនួយ​ជា​អាវុធ​ធុន​ធ្ងន់​ច្រើន​ប្រភេទ​ដល់ទី​ក្រុង​កៀវ​រួច​ហើយក៏​ដោយ។

    ទាក់ទង​នឹង​ករណី​ប៉ូឡូញ​ផ្ដល់ជំនួយ MiG-29 ដល់​អ៊ុយ​ក្រែ​ន រដ្ឋមន្ត្រីការបរទេស​អាម៉េរិក Antony Blinken ក៏បាន​សង្កត់ធ្ងន់ថា នេះ​គឺជា​គោលនយោបាយ​ដោយឡែក​របស់​ប្រទេស​នីមួយៗ។

    ប្រធានាធិបតី​ប៉ូឡូញ លោក Andrzej Duda បានឱ្យដឹងថា ប្រទេស​នេះ​មាន​យន្តហោះ​ចម្បាំង MiG-29 ពី 10 ទៅ 20 គ្រឿង។ ប៉ូឡូញ​នឹង​ផ្ទេរ​ទៅឱ្យ​អ៊ុយ​ក្រែ​ន​ចំនួន​បួន​គ្រឿង​ដំបូង។ យន្តហោះ MiG-29 ក្រៅពីនេះ កំពុង​ត្រូវបាន​ត្រៀម ថែទាំ ហើយ​អាច​នឹង​ត្រូវបាន​ផ្ដល់​​ឱ្យ​អ៊ុយ​ក្រែ​ន​ជា​បន្តបន្ទាប់ ដោយ​ប្រើពេល​ពី 4-6 សប្ដាហ៍។

    រដ្ឋមន្ត្រី​ការពារជាតិ Mariusz Blaszczak ថ្លែងថា ប៉ូឡូញ​ចង់​ផ្ទេរ​យន្តហោះ​ចម្បាំង​ទៅឱ្យ​អ៊ុយ​ក្រែ​ន​តាមរយៈ​យន្តការ​សម្ព័ន្ធមិត្ត ក្នុងនោះ​មាន​ស្លូ​វ៉ា​គី​រួចទៅហើយ។ ចំនួន​សមាជិក​នៃ​សម្ព័ន្ធ​មិត្ត​ដែល​ផ្ដល់ជំនួយ​ជា​យន្តហោះ​ចម្បាំង​នេះ​អាច​កើនឡើង​នៅពេល​អនាគត។

    ក្រោយពី​ផ្ដល់​ MiG-29 ទៅឱ្យ​អ៊ុយ​ក្រែ​ន ទ័ពអាកាស​ប៉ូឡូញ​នឹងធ្វើ​ទំនើបកម្ម​ឡើងវិញ ដោយ​ប្រើប្រាស់​យន្តហោះ​ចម្បាំង FA-50 របស់​កូរ៉េខាងត្បូង និង​​ក្រោយមក​គឺ F-35 ទិញ​ពី​សហរដ្ឋ​អាម៉េរិក៕